បន្ទាប់មកនៅព្រឹកថ្ងៃទី៧ ខែតុលា ដដែលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទស្សនាកំពង់ផែអន្តរជាតិ យូកូហាម៉ា ក្នុងទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ដែលជាកំពង់ផែនក្នុងតឺន័រទឹកជ្រៅមួយរបស់ប្រទេសជប៉ុន។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមជួយរៀបចំការ អភិវឌ្ឍកំពង់ផែស្វយ័តព្រះសីហនុ តាមរយៈការរៀបចំប្រព័ន្ធគយ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
ក្នុងដំណើរទស្សនកិច្ចកំពង់ផែយូកូហាម៉ា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានតាមដានយ៉ាងយកចិត្តទុកដាក់ ពីការឧទ្ទេសនាមពីខ្សែសង្វាក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងកំពង់ផែ ពិសេសការលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងមន្រ្តីថ្នាក់ ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ា ជាមួយនិងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ដោយសារតែប្រទេសជប៉ុនគឺជាប្រទេសដែនកោះ ទំនិញគ្រប់សារពើត្រូវបានធ្វើការនាំចេញ និងនាំចូលស្ទើរ៩៩%។ កំពង់ផែនអន្តរជាតិយូកូហាម៉ា គឺជាកំពង់ផែយុទ្ធសាស្រ្តដ៏សំខាន់នៅជប៉ុន ដែលមានការទុកដាក់ទំនិញ កុងតឺន័រ រថយន្តលំដាប់ទី២ក្នុងប្រទេសជប៉ុន ពិសេសជាកន្លែងសម្រាប់នាវាចរណ៍ផងដែរ។ ទីក្រុងយូកូហាម៉ាមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះមានកំពុងផែទឹកជ្រៅបំផុតចំនួន១។ កំពង់ផែនកុងតឺន័រ យូកូហាម៉ា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដែលមានផ្ទៃដីទំហំជាង៣២ម៉ឺនហិចតា ដែលមានភារកិច្ចទុកដាក់ និងនាំចេញនាំចូលដ៏សំខាន់របស់ប្រទេសជប៉ុន។
សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កំពង់ផែអន្តរជាតិយូកូហាម៉ា ដែលបានអនុញ្ញាតឲ្យរូបសម្តេច និងគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់ថ្នាក់ដឹកនាំ កំពង់ផែអន្តរជាតិយូកូហាម៉ា បន្តការយកចិត្តទុកដាក់ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ និង ថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ សំដៅធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្លាយទៅជាកំពង់ផែ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានការប្រកួតប្រជែងជាមួយ និងបណ្តាកំពង់ផែ នៃប្រទេសក្នុងតំបន់ និងអន្តរជាតិ។
សូមបញ្ជាក់ដែរថា នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចំរើនរបស់ប្រទេសកម្ពុជា ប្រទេសជប៉ុនបានបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការ នៃការពង្រឹងសុខសន្តិភាព និងឯកភាពជាតិរបស់កម្ពុជា នឹងក៏ជាដៃគូដ៏សំខាន់ ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ចាប់តាំងពី ខែធ្នូ ឆ្នាំ២០១៣ ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានតម្លើងឋានៈ នៃទំនាក់ទំនងរបស់ខ្លួនក្លាយទៅជាដៃគូយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹង និងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែមានកម្រិតខ្ពស់ និងប្រកបដោយចីរភាព តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការបង្កើនវិនិយោគទុនរបស់ជប៉ុននៅកម្ពុជា។
សូមបញ្ជាក់ថា ប្រទេសជប៉ុនមានផ្ទៃក្រឡាទំហំ៣៧៧ពាន់៩១៥គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅសរុបជាង១២៧លាន២៥៣ពាន់នាក់។ កំណើនផលិតផលក្នុងស្រុក២,២% ក្នុងឆ្នាំ២០១២ ជាមួយគ្នានេះផលិតផលសរុបសំរាប់មនុស្សម្នាក់ ៣៦ ៩០០ដុល្លាក្នុងឆ្នាំ២០១២។ ផលិតផលតាមវិស័យ ក្នុងនោះកសិកម្មមាន១,១% ឧស្សាហកម្មមាន២៦,៣% និងសេវាកម្មមាន៧២,៥%។ នៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី៩ ខែមករាឆ្នាំ១៩៥៣។ នៅឆ្នាំ១៩៩២ ជប៉ុនបានបើកស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះកម្ពុជាក៏បានបើកស្ថានទូតនៅទីក្រុងតូក្យូ ឡើងវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៤។ ជាមួយគ្នានេះ ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា ជប៉ុន។ ជាមួយ និងជោគជ័យនៃទំនាក់ទំនងការទូត ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានធ្វើការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់បំផុត សំរាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕