សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញទស្សនាមណ្ឌលសម្អាតទឹកលូ ក្នុងទីក្រុងតូក្យូ

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា និង គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូវការហើយ នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ នៅព្រឹក​ថ្ងៃទី​៧ ​តុលា​នេះ ដោយចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​លើតំបន់ និង​មជ្ឈ​មណ្ឌល​សំខាន់ៗ​ចំនួន ក្នុង​ទីក្រុង​តូក្យូ និងទីក្រុង​យូកូ​ហាម៉ា ខេត្តកាណា​ហ្កាវ៉ា ក្នុងនោះទី១ សម្តេច​តេជោ ​នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូអញ្ជើញ​ទស្សនា​មជ្ឈ​មណ្ឌល​សំអាត​ទឹកលូ ទី២​អញ្ជើញ​ទស្សនា​កំពង់​ផែ​កុង​តឺន័រ​អន្តរ​ជាតិ​យូកូហាម៉ា និងទី៣​អញ្ជើញ ទស្សនាគ​ម្រោង​អភិវឌ្ឍ​​តំបន់​មីណា​តូមីរ៉ាយ ទីក្រុង​យូកូហាម៉ា ខេត្តកាណា​ហ្កាវ៉ា ប្រទេសជប៉ុន។

នៅមជ្ឈម​ណ្ឌល​សំអាត ទឹកលូ ក្នុងទីក្រុងតូក្យូ វត្តមាន​នៃការអ​ញ្ជើញ​ដល់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ត្រូវបានការ ធ្វើគារ​វកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅ​បំផុត ពី​សំណាក់ថ្នា​ក់ដឹក​នាំ នៃមជ្ឈម​ណ្ឌល​សំអាត​ទឹកលូ។ សម្តេចតេជោនិងគណៈ​ប្រតិភូ បានតាមដាន​ស្តាប់យក​​ចិត្តទុក​ដាក់ ពី​ការ​ធ្វើ​បទ​បង្ហាញ​ពីសំ​ណាក់​ថ្នាក់ដឹក​នាំ​មជ្ឈមណ្ឌល ស្តីពីគម្រោង​នៃការ​ផលិត​ទឹកស្អាត​ក្នុងទីក្រុង​តូក្យូ ពិសេស​ការ​ធ្វើ ប្រ​ព្រឹត្ត​កម្ម​ទឹកក​ខ្វក់​សម្រាប់​បម្រើ​ឲ្យសេចក្តី​ត្រូវការ​ប្រចាំថ្ងៃ របស់ប្រជា​ពល​រដ្ឋក្នុង​ទីក្រុង​តូក្យូ។ ជាមួយ​និង​ការ​ធ្វើប​ទ​បង្ហាញ​​នោះ​ដែរ ថ្នាក់​ដឹក​នាំម​ជ្ឈម​ណ្ឌលក៏​បាន​ជំរាប​ជូនស​ម្តេច​តេជោដែរថា មជ្ឈ​មណ្ឌល​កំពុង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ និង​ប្រទេស​កម្ពុជា ក្នុងការ​នាំយក​នូវ​​បច្ចេក​វិទ្យា ដ៏​ទំនើប​នេះ ទៅ​កាន់​​ប្រទេស​​កម្ពុជា ដើម្បីធ្វើ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​មួយ​ចំនួន គឺ​ដើម្បីបម្រើ​ឲ្យ​សេច​ក្តី ត្រូវ​ការ​និង​ការ​ប្រើ​ប្រាស់ របស់ប្រជាជន​កម្ពុជា ពិសេស​ការកាត់​បន្ថយ​លើហានិភ័យ នៃសុខភាព របស់ប្រជាជន​កម្ពុជា។

សូមបញ្ជាក់ថា ទីក្រុងយូកូហាម៉ា នៃខេត្តកាណាហ្កាវ៉ា ជាទីក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​លំដាប់​ទី២ របស់​ប្រទេស​ជប៉ុន ដោយមាន​ប្រជាជន​រស់នៅ​ចំនួន​ជាង​​៣​លាន​​៧សែននាក់ ដែលស្ថិត​នៅ​​ភាគ​ខាង​ត្បូង ចម្ងាយ​ប្រមាណ​៤៥គីឡូមែត្រ ពីទីក្រុងតូក្យូ ស្ថិត​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វីក។ ទីក្រុង​នេះគឺជាទីក្រុង​កំពង់ផែន​របស់​​ប្រទេស​ជប៉ុន​ដំបូង​គេបង្អស់ ដែលបាន​​បើក​ចំហរ សម្រាប់​ពាណិ​ជ្ជកម្ម​ក្រៅប្រទេស នៅឆ្នាំ​១៨៥៩ ហើយបច្ចុប្បន្ន​ឈរនៅ​លំដាប់​ទី៣១ ដែល​តភ្ជាប់​ជាមួយ​ប្រទេស​និងតំបន់​ជាង​៦០ ជា​ពិសេស​ជាមួយ​​សហ​រដ្ឋអា​មេរិក-ចិន-អាស៊ីអាគ្នេយ៍ និង​មជ្ឈឹមបូព៌ា។ ជា​មណ្ឌល​បោះ​ឆ្នោត​របស់ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការ​បរទេស​ជប៉ុន បច្ចុប្បន្ន​ទីក្រុង​យូកូហា​ម៉ា មាន​ឆាយ​ណា​ថោន​ធំ និង​ស្រស់​ស្អាត​​ជាងគេ។ មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​របស់​ទីក្រុង​យូកូហា​ម៉ា មានដូច​ជាការ​ដឹក​ជញ្ជូន​តាម​​ផ្លូវទឹក ជីវ​បច្ចេក​វិទ្យា ឧស្សាហកម្ម​អេឡិចត្រូនិក កាស៊ីណូ ទេសចរណ៍ រោង​ចក្រ​ផលិត​សំបក​​រថ​យន្ត​​យូកូហាម៉ា។ សម្ព័ន្ធមេត្រីភាព​ជាមួយ​កម្ពុជា ខេត្តកា​ណា​ហ្កាវ៉ា បានចុះ​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​​ខេត្ត​សៀ​មរាប នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅប្រទេសជប៉ុន។  យូកូហាម៉ា គឺជាទីក្រុង​​ក្តី​​សុបិន្ត​សម្រាប់​ប្រជាជន​​ជប៉ុន​ទាំងអស់ ក៏ដូចជាប្រជាពល​រដ្ឋក្នុង​តំបន់​​របស់​ខ្លួន ដែល​មាន​​មោទន​ភាព​ក្នុង​ការ​រស់​នៅ​ ពី​ព្រោះ​វាមិនគ្រាន់​តែល្បីល្បាញ​ថា ជាទីក្រុង​​ទេស​ចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​​ជាទីក្រុង​អាជីវកម្ម និង​​វប្បធម៌​ផងដែរ។ សហគ្រាស​បរទេសជា​ច្រើន បានបង្កើតសាខារ​បស់​ខ្លួន​នៅទី​ក្រុងនេះ ដោយ​ទាញ​យក​ផលប្រយោជន៍ពេញ​លេញ ពីកំពង់ផែ​​យូកូហាម៉ា ដែលជា​កំពង់​​ផែ​អន្តរជាតិ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ