សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍

នៅរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី ១ខែតុលាឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ជាលទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែនឃើញថាទទួលបានលទ្ធផលគួរជាទីមោទនភាពក្រែងលែងសម្រាប់ប្រជាជាតិទាំងមូលក្នុងការបង្ហាញទៅដល់ពិភពលោកអោយបានដឹង។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងថ្លែងសេចក្តីថ្លែងការណ៍សំខាន់មួយតំណាងអោយប្រទេសកម្ពុជាដែលផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ
ថ្នាក់ដឹកនាំសំខាន់លើពិភពលោកដូចជា លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត ដែលរាល់ជំនួបទាំងអស់ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែរឹងមាំបង្កើននូវការរីកចម្រើនសំរាប់ប្រទេស តាមរយៈការទាក់ទាញវិនិយោគិនបន្ថែមមកកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជួបបងប្អូនពលរដ្ឋខ្មែររស់នៅអាមរិក និងកាណាដាផងដែរ ដែលពួកគាត់បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យប្រទេសជាតិកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ