បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាដ៏មានសារសំខាន់ នៅរថ្ងៃទី ២៨ កញ្ញា ដដែលនេះរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។
ក្នុងនាមកម្ពុជាជាអនុប្រធាន នៃមហាសន្និបាតអ.ស.ប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដែលបង្ហាញអោយពិភពលោកបានឃើញនឹងដឹងកាន់តែច្បាស់ថា ប្រជាជាតិកម្ពុជាកំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជាគឺជាករណីជោគជ័យដ៏សំខាន់មួយ ដែលប្រទេសនេះពីមុនធ្លាប់ត្រូវបានញាំញីដោយសង្រ្គាម ហើយដែលពេលនេះសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។
កម្ពុជាពីមុនជាប្រទេសមួយ ដែលគេធ្លាប់ស្គាល់ថាជាវាលពិឃាត ជាតំបន់អសន្តិសុខដោយសារជម្លោះប្រដាប់អាវុធ និងកំណប់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេស ដែលមានសេដ្ឋកិច្ចអន់ថយផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង។ ប៉ុន្តែកម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញនិងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ និងទាក់ទាញបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសនាំចេញនូវស្បៀងអាហារ។ ទន្ទឹមនឹងនេះគឺកម្ពុជាមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អលឿន និងជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោកដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ចំពោះការបោះឆ្នោតជាតិកន្លងទៅថ្មីៗនេះគឺបានធ្វើឡើងដោយសេរី ហើយគ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែងឡើយ។
រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះនូវ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលត្រូវបានធ្វើជាតូបនីយកម្មពេញលេញហើយយើងនឹងប្រើប្រាស់គោលដៅទាំងអស់នេះ ដើម្បីតម្រង់ទិសគោលនយោបាយនិងផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់កម្ពុជា។ កម្ពុជាគឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាពចំពោះនិម្មាបនកម្មសន្តិភាព និងសន្តិសុខ របស់អង្គការសហប្រជាជាតិ។ ជាក់ស្តែងរយៈពេល១២ឆ្នាំកន្លងមកនេះកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ទៅបំពេញប្រតិបត្តិការ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលពុំធ្លាប់មានពីមុនមក ដោយតួអង្គមិនមែន រដ្ឋបានបង្កសង្គ្រាមពួកគេវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់យើងបណ្ដាលឲ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ យើងជំពាក់គុណដ៏ធំធេងចំពោះពលីកម្មរបស់វីរៈបុរសថែរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិយើងទាំងអស់នេះ។ យ៉ាងណាក្តីមរណភាព និងពលិកម្មរបស់ពួកគេ ពុំបានកែប្រែនូវការប្ដេជ្ញាចិត្តរបស់យើងក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាធាតុផ្សំសំខាន់មួយទៀត សម្រាប់ជោគជ័យ នៃរបៀបវារៈឆ្នាំ២០៣០ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ និងមិនបែកខ្ញែកពីសំណាក់សហគមន៍សកល។ កម្ពុជាគាំទ្រពេញទំហឹងចំពោះភាពជាអ្នកដឹកនាំជាសកល របស់អង្គការសហប្រជាជាតិ ព្រមទាំងប្ដេជ្ញាអនុវត្តនូវការទទួលខុសត្រូវរួមរបស់យើង ក្នុងកិច្ចការប្រឹងប្រែង កសាងសង្គមមួយ នៃមនុស្សជាតិប្រកបដោយសន្តិភាព សមធម៌ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕