សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅគោរពវិញ្ញាណក្ខន្តសព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​បណ្តា​មេដឹក​នាំនិង​គណៈ​ប្រតិភូ នៃប្រទេស​ជា​មិត្ត​នានា​​របស់​វៀតណាម ចំនួន១១​​​ប្រទេស​​ផ្សេងទៀត រួមមានប្រទេស​ឡាវ សឹង្ហបុរី ម៉ូ​សំប៊ិច បេឡារ៉ុស សាធារណ​រដ្ឋ​កូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បាន​​អញ្ជើញទៅដល់​ទីក្រុង​ហា​ណូយ សាធារណ​រដ្ឋ​​សង្គម​និយ​ម​វៀត​ណាម​ហើយ កាលពីព្រឹកថ្ងៃទី​២៦កញ្ញា ដើម្បីអញ្ជើញ​គោរពវិញ្ញាណ​ក្ខន្តសព ឯកឧត្តម​ប្រធាន​រដ្ឋវៀតណាម  ត្រាន់ ដាយក្វាង ដែលបាន​ទទួលមរណភាព កាលពីវេលាម៉ោង​១០​និង​៥នាទី ព្រឹក​ថ្ងៃទី​២១ កញ្ញា កន្លង​ទៅថ្មី​ៗ​នេះ ក្នុង​ជន្មាយុ​៦១ឆ្នាំ ដោយ​​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ ។

សព​របស់​ឯកឧត្តម​ប្រធានរដ្ឋ​វៀតណាម បានប្រារព្វ​ពិធី​តម្កល់ជា​ផ្លូវការរយៈ​ពេល​២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧កញ្ញា នៅបញ្ជាកា​រដ្ឋាន​កងទ័ពប្រ​ជាជន​វៀតណាម ក្នុង​ទីក្រុង​ហាណូយ ដើម្បី​​អនុញ្ញាត​ឲ្យគណៈ​ប្រតិភូ​បរទេស​នានា អញ្ជើញចូលគោរ​ព​វិញ្ញាណក្ខន្ធសព។ នៅចំពោះ​មុខ​មជ្ឈូស​សព​ ដែល​ប្រារព្វ​ពិធី​តម្កល់​ជាផ្លូវការ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​​ជាន់ខ្ពស់​របស់ព្រះ​រា​ជាណាចក្រ​កម្ពុជា បានអ​ញ្ជើញ​លំអោន​កាយ​គោរព​ចំពោះ វិញ្ញាណក្ខន្ធ​​សព​ឯកឧត្តមប្រធាន​រដ្ឋវៀតណាម។

យោងតាម​កា​រដក​ស្រង់​​​ការ​​ផ្សាយ ពីវិទ្យុរដ្ឋ​របស់​ប្រទេស​​វៀត​ណាម ប្រធាន​រដ្ឋវៀត​ណាម ឯកឧត្តម ត្រាន ដាយក្វាង បានទទួល​មរណភាព បន្ទាប់​ពី​​ឯកឧត្តម​ បានរង​នូវការ​វាយប្រ​ហារ​​ដោយ​ជំងឺ​យ៉ាង​ធ្ងន់ធ្ងរ។ ឯកឧត្តមបានទ​ទួល​មរណភាព នៅ​ម៉ោង១០:០៥​នាទីនៅមន្ទីរ​ពេទ្យ​​យោធា​ ក្នុងទីក្រុង​ហា​ណូយ បើទោះ​បីជា​មាន​ការជួយ​សង្រោ្គះ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពីក្រុមគ្រូ​ពេទ្យ​ចំណានៗ​របស់​វៀត​ណាម។ ភ្លាមៗ​បន្ទាប់ពី​ទទួលបាននូវ​ដំណឹង​​ដ៏ក្រៀមក្រំបំផុតនោះ គឺនៅ​ថ្ងៃទី២១ កញ្ញានោះដែរ ប្រមុខរាជរ​ដ្ឋាភិបាលក​ម្ពុជា សម្តេច​តេជោ នាយករដ្ឋមន្រ្តី បានផ្ញើសារនូវ​​លិខិត​ចូលរួម​មរណទុក្ខជូន ឯកឧត្តម នាយករដ្ឋមន្រ្តី​វៀត​ណាម ង្វៀន ស៊ុនហ្វួក ចំពោះ​ការបាត់​បង់ ​ឯកឧត្តមប្រធាន​រដ្ឋវៀតណាម។ ក្នុងសារ​លិខិត​​របស់​​សម្តេចតេជោ ​នាយករដ្ឋមន្រ្តី  បាន​បញ្ជាក់​ថា៖ មរណភាព​របស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺ​ជាការ​បាត់បង់​ដ៏ធំ​ធេង នៃថ្នាក់​ដឹក​នាំ​ដ៏ល្អ និង​គួរឱ្យ​កោត​​សរសើរម្នាក់​របស់​ប្រទេស និង​ប្រជាជន​​វៀត​ណាម និងក៏ជា​ការ​បាត់​បង់​មិត្ត​ដ៏ល្អ​​របស់​​កម្ពុជា​។ ក្នុងខណៈដ៏សោក​សង្រែង​នេះ ការឧទ្ទិស​​និង​​ការបួង​សួង​របស់សម្តេច គឺស្ថិត​នៅ​​ជា​មួយ ឯកឧត្តម និងប្រជាជនវៀតណាម​ជានិច្ច»។ សារ​លិខិត​របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែម​ទៀតថា «តាងនាម​រាជរដ្ឋា​ភិបាល និង​ប្រជាជន​​កម្ពុជា សម្តេចសូមសម្តែង​ នូវសមាន​ចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរ​ដ្ឋាភិបាល និងប្រជាជន​វៀតណាម ក៏​ដូច​ជា​ជូន​ចំពោះក្រុម​គ្រួសារ​សព ចំពោះ​ការបាត់​​បង់​មនុស្ស​ជាទី​ស្រលាញ់នេះ»។ ឯកឧត្តម ត្រាន់ ដាយក្វាង បានស្បថចូល​កាន់តំណែង​​ជាប្រធាន​​រដ្ឋវៀតណាម នៅក្នុង​ខែមេសា ឆ្នាំ២០១៦ ដោយ​​ជំនួស​តំណែង ឯកឧត្តម Truong Tan Sang​។ ឯកឧត្តម ត្រាន់ ដាយក្វាង កើត​នៅក្នុង​ឆ្នាំ ១៩៥៦ នៅភូមិ Quang Thien នៃ​ខេត្តភាគ​ខាង​ជើង Ninh Binh។ ឯកឧត្តមបាន​បញ្ចប់​ការ​សិក្សា ​ពីសាកលវិទ្យាល័យនគរបាលប្រជាជន​វៀត​ណាម និងសាលាភាសាបរទេស ក្រោមក្រសួង​មហា​ផ្ទៃ ដែលបច្ចុប្បន្នជាក្រសួងសន្តិសុខ​សាធារណៈ។ ឯកឧត្តមក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យ​​ដោយមាន​សញ្ញាបត្រ​ប​ណ្ឌិត​ផ្នែកច្បាប់ មុននឹង​ចូល​កាន់​តំណែង​ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន នៃក្រុម​ប្រឹក្សា​សន្តិសុខ។ បន្តមកទៀត ឯកឧត្តមបានក្លាយជា អនុរដ្ឋមន្ត្រីសន្តិសុខ សាធារណៈ​ នៅ​ឆ្នាំ២០០៦។ ក្នុងខែសីហាឆ្នាំ២០១១ ឯកឧត្តម ត្រាន់ ដាយក្វាង ត្រូវបានដំឡើងតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងសន្តិសុខសាធារណៈ រហូត​ដល់​ខែមីនាឆ្នាំ២០១៦ មុនក្លាយជាប្រធានរដ្ឋវៀតណាម។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ​ផ្លូវការ​នោះដែរ សម្តេចតេជោ​នាយករ​ដ្ឋមន្រ្តី ប្រមុខនៃ​រាជ​​រដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ចុះហត្ថ​លេខា​លើសៀវភៅ​ក្រាំងមាស មរណទុក្ខ របស់រដ្ឋវៀតណាម ដែលមានខ្លឹម​សារជាអាទិ៍​ថា ខ្ញុំសូមចូលរួម​រំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាម​គណបក្ស​ប្រជាជន​​កម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះគណបក្ស​កុម្មុយ​នីស្តវៀតណាម រាជរដ្ឋាភិ​បាល និងប្រជាជនវៀត​ណាម ចំពោះ​មរណភាព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃ​សាធា​រណ​រដ្ឋសង្គម​និយម​វៀត​ណាម កាលពីថ្ងៃទី២១ កញ្ញា​កន្លងទៅ។ មរណភាព​របស់​ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់​បង់មិត្ត​ដ៏ល្អរ​បស់​កម្ពុជា និងជាមិត្ត​ដ៏ល្អ​របស់សម្តេច ដែលធ្លាប់​មាន​​អនុស្សាវរីយ៍​ដ៏​ជិតស្និទ្ធ​ជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើក​កម្ពស់​ចំណងទាក់​ទង់​ជា​ភាតរៈ​ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំ​ម​កនូវ​សុភមង្គល និងការ​រីក​ចម្រើន​ជឿន​លឿន​ថែមទៀត របស់ប្រជាជាតិ​វៀតណាម។ សូម​ជូនដំណើរជាលើកចុងក្រោយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...