នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ តំណាងឱ្យវេទិកាសេដ្ឋកិច្ចពិភពលោក បានធ្វើការចាប់អារម្មណ៍ថា វេទិកាមេគង្គដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម និងថៃ កំពុងទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងដូចជាការចូលរួមរបស់ប្រទេសចិន នៅក្នុងវេទិកាមេគង្គ ឡានឆាងជាដើម។ លោកប្រធានវេទិកា ក៏បានវាយតម្លៃ ខ្ពស់ចំពោះវឌ្ឍនភាព ដែលតំបន់មេគង្គទាំងមូលសម្រេចបាន ដែលផ្តើមចេញពីការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍរបស់ខ្លួន។ ជាមួយនឹងការចាប់ផ្តើមនោះដែរ លោកប្រធានវេទិកា ក៏បានផ្តើមសួរសំណួរទៅកាន់មេដឹកនាំនៃប្រទេសមេគង្គ ដែលផ្តើមដោយមានលោកនាយករដ្ឋមន្រ្តីវៀតណាម ជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៧។
ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ថា អាស៊ានគឺជាការឯកភាពក្នុងពហុចម្រុះ ដែលក្នុងនោះរួមទាំងប្រទេសចំនួន៥ក្នុងតំបន់មេគង្គ ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការឯកភាពគ្នា ក្នុងការចាប់ផ្តើមខាងប្រវត្តិសាស្រ្ត គ្មានការខុសគ្នា ដែលលោកគិតថា ចក្ខុវិស័យរួមរបស់យើងទាំងអស់គ្នា គឺសន្តិភាព ស្ថេរភាព សមាហរណកម្ម ដែលពិតប្រាកដណាស់ថា មកដល់ពេលនេះ ពិសេសនៅក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មទី៤ បញ្ហាតភ្ជាប់ និងការអភិវឌ្ឍដោយចីរភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងទិសដៅរបស់យើងទាំងអស់គ្នា។ លោក បានបន្តថា ផលប្រយោជន៍របស់បណ្តាប្រទេសមេគង្គ គឺការរួមចំណែកនៅក្នុងការកសាងសហគមន៍អាស៊ាន ក្នុងនោះប្រទេសទាំង៥នៅក្នុងតំបន់មេគង្គ ត្រូវតែរួមគ្នាពង្រឹង សន្តិភាព ស្ថេរភាព ក៏ដូចជាការរួមចំណែកដល់ការពង្រឹងសន្តិភាព និងស្ថេរភាពសម្រាប់តំបន់អាស៊ានទាំងមូលផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អាស៊ានស្ថិតក្នុងស្ថានភាពមួយដែលចេញដំណើរខុសគ្នា ហើយនឹងមានជោគជ័យនៅពេលណា ដែលប្រទេសមេគង្គមានការរីកលូតលាស់ ព្រោះថាចំណុចផ្តួចផ្តើម នៃការធ្វើសមាហរណកម្មអាស៊ាន គឺចាប់ផ្តើមពីគម្លាតខុសគ្នារវាងប្រទេស ដែលរស់នៅតាមដងទន្លេមេគង្គ។ សម្តេចតេជោបានបន្តថា បើនិយាយពីសេដ្ឋកិច្ចវិញ គឺប្រទេសទាំង៥ដែលរស់នៅតាមដងទន្លេមេគង្គ មានផលិតផលប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនមែនបានន័យថាជាបញ្ហាប្រកួតប្រជែងនោះទេ តែវាអាចធ្វើការបំពេញបន្ថែមគ្នាទៅវិញទៅមក ជាឧទាហរណ៍ បើនិយាយពីទំហំពាណិជ្ជកម្ម រវាងកម្ពុជាជាមួយវៀតណាមមានប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ឯទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសថៃ មានប្រមាណជាង៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដូចនេះមានន័យថា យើងមិនមែនគ្រាន់តែប្រកួតប្រជែងគ្នានោះទេ ក៏ប៉ុន្តែយើងជាអ្នកបំពេញបន្ថែមឱ្យគ្នា។ ក្រៅពីនោះប្រទេសឡាវ អាចចាត់ទុកជាធុងអាគុយសម្រាប់បណ្តាប្រទេសមេគង្គផង ហើយឡាវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយធ្វើការតភ្ជាប់អគ្គិសនី ទៅបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា នៅពេលដែល ACMECS ចាប់កំណើត សម្តេចបានផ្តួចផ្តើមថា គួរតែបង្កើតសមាគម នៃបណ្តាប្រទេស ដែលនាំចេញអង្ករ ប៉ុន្តែអស់រយៈពេលជាង១៥ឆ្នាំហើយ សមាគមនៃបណ្តាប្រទេសនាំចេញអង្ករនោះមិនទាន់ចាប់ជារូបរាងទេ ប្រសិនបើមានសមាគមនេះ យើងពុំមែនគ្រាន់តែជាដៃគូប្រកួតប្រជែងនោះទេ ប៉ុន្តែយើងរួមសហការគ្នាដើម្បីជំរុញការអភិវឌ្ឍផ្នែកកសិកម្មរបស់យើង ដែលអាចក្លាយជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូលតែម្តង។
នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថង លួន ស៊ីសូលីត លោកជំទាវ ឱង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ារ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីថៃ បានធ្វើការចាប់អារម្មណ៍ទៅនឹងសំណួរមួយចំនួន ក៏ដូចជាការចែករំលែកនូវបទពិសោធន៍មួយចំនួន ពីប្រទេសមេគង្គដល់វេទិកាសេដ្ឋកិច្ចពិភពលោក និងវាគ្មិនទាំងអស់។ ជាមួយនឹងការលើកឡើងទៅនឹងសំណួរដែលផ្តើមចេញ ពីអ្នកកាន់វេទិកាកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់មេគង្គ ក្រោមប្រធានបទ បច្ចេកវិទ្យាក្នុងបរិបទ បដិវត្តន៍ឧស្សាហកម្មទីបួននេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាបដិវត្តន៍ឧស្សាហកម្មទីបួន គឺពុំមានហានិភ័យណាមួយកើតឡើងនោះឡើយ ហើយផ្ទុយទៅវិញវាក៏អាចជួយដោះស្រាយបញ្ហាមួយចំនួនបានថែមទៀតផង។ ពុំមានការផ្លាស់ប្តូរទស្សនៈណាមួយកើតឡើង ឬការផ្លាស់ប្តូរណាមួយក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេសឡើយ រវាងប្រទេសជិតខាង និងប្រទេសជិតខាង ឬជាមួយប្រទេសក្រៅតំបន់នោះទេ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់បន្ថៃមថា បញ្ហាការតភ្ជាប់ រឹតតែមានភាពចាំបាច់ដើម្បីធ្វើទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ គឺយើងតភ្ជាប់ទាំងផ្នែករូបវ័ន្ត ផ្នែកទេសចរណ៍ និងការសម្រួលទិដ្ឋភាពផ្លូវច្បាប់ ព្រោះគម្លាតផ្លូវច្បាប់នៅក្នុងប្រទេសនីមួយៗខុសគ្នា។ មួយទៀតគឺការតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដូចជាការមិនយកពន្ធត្រួតគ្នាជាដើម។ ចំណុចមួយទៀត គឺទាក់ទងនឹងការឆ្លើយតបនឹងការគ្រប់គ្រងគ្រោះមហន្តរាយឆ្លងដែន ការសម្រួលពាណិជ្ជកម្ម ធ្វើយ៉ាងណាដើម្បីសម្រួលឱ្យពួកគេអាចធ្វើពាណិជ្ជកម្មបាន។ សម្តេចតេជោ គិតថា ពុំមានការផ្លាស់ប្តូរទស្សនៈណាមួយនៅលើពិភពលោក កុំថាឡើយតំបន់ អំពីបដិវត្តន៍ឧស្សាហកម្មទីបួនដែលកំពុងតែមានការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយតំបន់ ឬក៏ទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ និងរវាងក្រុមមួយ និងក្រុមមួយនោះទេ។
ទាក់ទិនទៅនឹងបញ្ហាស្ថេរភាពនយោបាយ សន្តិសុខ សម្រាប់តំបន់ មេគង្គ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងគួរចាប់ផ្តើមពិនិត្យពីអតីតកាលរបស់យើងបន្តិច ដែលកាលពីអតីតកាល ប្រទេសនៅតាមដងទន្លេមេគង្គគឺមិនត្រូវគ្នាទេ ដោយសារស្ថានភាពដែលស្ថិតនៅក្នុងបរិបទ នៃសង្រ្គាមត្រជាក់ ក៏ប៉ុន្តែទោះបីជាពេលនោះ រដ្ឋបាលមិនត្រូវគ្នាក៏ដោយចុះ ក៏ប៉ុន្តែពួកគេមិនអាចហាមឃាត់ប្រជាពលរដ្ឋមិនឱ្យរកស៊ីជាមួយគ្នានោះទេ ឧទាហរណ៍ កម្ពុជាជាមួយវៀតណាម កម្ពុជាជាមួយថៃ ដែលកាលពីអតីតកាលរដ្ឋាភិបាលជាមួយរដ្ឋាភិបាលមិនត្រូវគ្នាទេ ក៏ប៉ុន្តែប្រជាជនជាមួយប្រជាជន គាត់ចេះរកស៊ីជាមួយគ្នា គាត់ចង់មានសេចក្តីសុខជាមួយគ្នា។ ដូចនេះ សម្តេចតេជោ បានបង្ហាញជំនឿថា រដ្ឋាភិបាលនៃប្រទេសជាប់ទន្លេមេគង្គ ពិតជានាំមកនូវសេចក្តីសុខសម្រាប់ប្រជាជនជាង២០០លាននាក់ ដែលមិនមែនជាការប្រកួតប្រជែងនោះទេ ថ្ងៃក្រោយអាចក្លាយទៅជាសហគមន៍មួយ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យើងគួរតែខិតខំដកឧបសគ្គនយោបាយខ្លះចេញពីបណ្តាប្រទេសក្នុងក្របខណ្ឌមេគង្គ ពីព្រោះអ្នកទាំងប្រាំ ដែលអង្គុយនេះមិនគ្រប់លក្ខណៈសម្បត្តិតាមពួកអឺរ៉ុបនោះទេ។ វៀតណាមមានបក្សតែមួយមិនមែនជាប្រទេសសេរីពហុបក្សដូចអឺរ៉ុបចង់បានទេ ឡាវមានបក្សតែមួយ ឯកម្ពុជាបោះឆ្នោតទើបរួច ទើបនឹងធ្វើនាយករដ្ឋមន្រ្តីបាន៤ថ្ងៃទេ គឺរដ្ឋាភិបាលថ្មីបន្ទាប់ពីធ្វើអស់រយៈពេលជាង៣៣ឆ្នាំមកហើយនោះ ឯមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរថែមទៀត គឺត្រូវគេចោទថាជាអ្នកប្រល័យពូជសាសន៍ ប៉ុន្តែតើអ្នកទាំងអស់គ្នាបានយល់ពីប្រទេសមីយ៉ាន់ម៉ាដែរឬទេ ស្គាល់ប្រទេសមីយ៉ាន់ម៉ាទេ ដែលត្រូវដោះស្រាយបញ្ហាប្រឈមយ៉ាងច្រើន ទាក់ទងទៅនឹងសន្តិសុខជាតិ ក៏ប៉ុន្តែប្រទេសដែលនៅក្រៅតំបន់ គេទះក្បាលយើងផង ប្រាប់ថាត្រូវធ្វើតាមគេ ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ក្នុងពេលដែលលក្ខខណ្ឌ នៃប្រទេសនីមួយៗធ្វើមិនបានផង។ ឯនៅប្រទេសថៃកាន់តែធ្ងន់ធ្ងរថែមទៀត ពិតមែនតែឥឡូវមានការប្រកាសចាត់តាំងការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ប៉ុន្តែទោះជាយ៉ាងណា នេះជាសិទ្ធិរបស់គេ ទុកលទ្ធភាពជ្រើសរើសឱ្យគេបានសេចក្តីសុខខាងនយោបាយខ្លះទេដើម្បីជំរុញទៅដល់ការកសាងប្រទេស។ សម្តេចតេជោ បានបន្តថា ការលើកឡើងនេះពុំមែនជាការផ្ញើសារឱ្យនរណានោះទេ ប៉ុន្តែយើងទាំងអស់គ្នាគឺជាអ្នករងគ្រោះ ប៉ុន្តែពួកដែលនៅក្រៅតំបន់ដែលមិនដឹងបញ្ហារបស់គេ ទុកឱ្យគេដោះស្រាយបញ្ហាដោយខ្លួនឯងបានដែរឬទេ?