ក្នុងជំនួបសំដែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាទីដែលឯកឧត្តមរដ្ឋមន្រ្តី និងសម្តេចតេជោ អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៧ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន មានប្រសាសន៍ថ្លែងនូវការអបអរសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន ដែលកម្ពុជាបានរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលភ្លូកទឹកភ្លូកដី ហើយដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។
នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ឯកឧត្តមបានធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ក្រោយពីដំណើការបោះឆ្នោត និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលថ្មី របស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍រៀបរាប់ពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលថ្មី។ សម្តេចតេជោបន្តថា មកដល់ពេលនេះស្ថានភាពក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច មិនតែប៉ុណ្ណោះក្រោមគំនិតផ្តួចផ្តើមដោយផ្ទាល់ពីសម្តេចកម្ពុជាបានបង្កើតឡើងនូវ វេទិកាពិភាក្សា ដែលមានការចូលរួមពីគណបក្សនយោបាយ ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីឈានទៅបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីលើកបញ្ហាមួយចំនួន ដែលទាក់ទិនទៅនឹងដំណើរការរបស់រាជរដ្ឋាភិបាល។ ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោ និងឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅនិងរបៀបវារៈនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងនូវអំណរគុណជូនចំពោះឯកឧត្តម ស៊ិនហ្សូ អាបេ ដែលបានគោរពអញ្ជើញសម្តេចបំពេញទស្សនកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅពេលខាងមុខ ពិសេសអញ្ជើញទៅចូលរួមទស្សនកិច្ចនៅ ទីក្រុងយូកូហាម៉ា ដែលជាមូលដ្ឋាននៃការបោះឆ្នោតរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសជប៉ុន។