សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកកៀនស្វាយ ខេត្តកណ្តាល

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្ដងទៀត បើទោះបីជាទីកន្លែងខុសគ្នា ក៏ប៉ុន្តែមុខសញ្ញានៃការជួប គឺដូចគ្នា ទាក់ទងជាមួយនឹងដំណើរការការចុះសំណេះសំណាល និងសួរសុខទុក្ខ​ចំពោះកម្មករ/ការិនី។ ដូចដែលពូបាននិយាយកាលពីមុនយុទ្ធនាការបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ខ្ញុំនឹងបន្តធ្វើដំណើរចុះសាកសួរសុខទុក្ខចំពោះកម្មករ/ការិនីជាបន្តទៀត។ ហើយប្រសិនបើគណបក្សប្រជា​ជនមិនឈ្នះឆ្នោតទេនោះ គឺខ្ញុំនឹងមិនទៅដណ្ដើមការងារចំពោះអនាគតនាយករដ្ឋមន្រ្តីនោះទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អ្វីៗបានច្បាស់ហើយ។

គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ ក្នុងសភា

កាលពីអាទិត្យមុន ដោយសារតែព្រឹកថ្ងៃទី ១៥​ គឺគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតមិនទាន់​បាន​ប្រ កាសលទ្ធផលផ្លូវការ។ ដូច្នេះ ពេលនោះ ខ្ញុំមិនទាន់ហ៊ានអះអាងថា គណ​បក្សប្រជាជនបានប៉ុន្មានអាសនៈនោះទេ។ ល្ងាចថ្ងៃទី ១៥ ខែសីហា កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានធ្វើការប្រកាសរួចរាល់ហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ គឺស្មើនឹង ១០០% តែម្ដង។ ដូច្នេះ តួនាទីដែលជាអនាគតនាយករដ្ឋមន្រ្តី ក៏បានច្បាស់លាស់ហើយដែរ ថែមទាំងមានការចាត់តាំងរួចជាស្រេចពីសំណាក់ព្រះមហាក្សត្រ ដើម្បីឲ្យផ្គូផ្គងសមាជិករាជរដ្ឋាភិបាល ដើម្បីសុំការទុកចិត្តពីសភា។

ប្រដៅឲ្យដឹង ភាពខុសគ្នារវាងពាក្យ “តែងតាំង” និងពាក្យ “ចាត់តាំង”

ពិតហើយ កន្លងទៅនេះ មានការលើកឡើងអញ្ចេះ លើកឡើងអញ្ចុះ តែខ្ញុំគ្រាន់តែផ្ដាំត្រឡប់ទៅវិញថា អស់​លោកតាំងខ្លួនជាអ្នកចេះ ក៏ប៉ុន្តែ គ្រាន់តែពាក្យ “តែងតាំង” និងពាក្យ “ចាត់តាំង” អស់លោកមិនចេះបែងចែកច្បាស់លាស់ផងទេ។ ព្រះមហាក្សត្រ ព្រះអង្គចាត់តាំងវរជនម្នាក់ដែលចេញពីគណបក្សឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល ហើយនាំសមាសភាពទៅសុំការទុកចិត្តពីសភា។ នេះ វាខុសពីការតែងតាំង ក្រោយពីការបោះឆ្នោតទុកចិត្តពីសភាហើយ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា​តែងតាំងរាជរដ្ឋាភិបាល។ ដូច្នេះ សង្ឃឹមថា អ្នកដែលតាំងខ្លួនជាអ្នកចេះដឹង គួរតែត្រូវបែងចែកឲ្យបានច្បាស់រវាងពាក្យ “ចាត់តាំង” និងពាក្យ “តែងតាំង” ជាចំណុចទី ១។

ឯចំណុចទី ២ ក៏គួរមើលកថាខណ្ឌនៅក្នុងកថាខណ្ឌយោង មុននឹងព្រះរាជ្យក្រឹត្យកំណត់ចាត់តាំង សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តើគេអនុវត្តនូវមាត្រា ១១៩ នៃរដ្ឋធម្មនុញ្ញ ឬគេអនុវត្តនូវរដ្ឋធម្មនុញ្ញបន្ថែម? គ្រាន់តែប៉ុណ្ណឹង​ គេមិនច្បាស់ផងទេ តើគេមានសមត្ថភាពឯណានឹងទៅដឹកនាំប្រទេសនោះ? … ហើយបែរជាលើកឡើងទិតៀនគេផង។ ប្រសិនបើអនុវត្តនូវមាត្រាទី ១១៩ នៃរដ្ឋធម្មនុញ្ញ ច្បាស់ណាស់ថា គេនឹងដាក់ថា យោងតាមសំណើរបស់ប្រធាន អនុប្រធាន ដោយមានការយល់ព្រមពីអនុប្រធានទី ១ និងអនុប្រធានទី ២ នៃរដ្ឋសភា រួចហើយ បានត្រាស់បង្គាប់ចាត់តាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ប៉ុន្តែ កថាខណ្ឌយោងនៅទីនេះ គឺបានបញ្ជាក់ថា យោងតាមសំណើរបស់ព្រឹទ្ធបុរស នៃសមាជិករដ្ឋសភា។ អញ្ចឹងមានន័យថា គេកំពុងតែអនុវត្តនូវរដ្ឋធម្មនុញ្ញបន្ថែម ដែលទាក់ទងទៅនឹងដំណើរការនិរន្តរភាពនៃស្ថាប័នរបស់ជាតិ។

អញ្ចឹងទេ ខ្ញុំគ្រាន់តែជាការបើកឆាក វាមិនមែនជាបាឋកថា ដើម្បីដាស់តឿនអស់លោកជាអ្នកចេះដឹងទេ ក៏ប៉ុន្តែខ្លួនខ្ញុំគួរតែប្រដៅអស់លោក … តាំងខ្លួនជាអ្នកចេះ ទិតៀនគេ ក៏ប៉ុន្តែអត់ស្គាល់ថា តើគេអនុវត្តចំណុចណា? ពាក្យ “ចាត់តាំង” និងពាក្យ “តែងតាំង” ក៏មិនអាចយល់បានផង …។

ប្រជាពលរដ្ឋជ្រើសរើសយក ប្រជាធិបតេយ្យ សេរី ពហុបក្ស សន្ដិភាព និងការអភិវឌ្ឍ

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានជ្រើសរើសរួចស្រេចទៅហើយ។ ទី ១ ជ្រើសរើសចូលរួមនៅក្នុង​កិច្ចដំ​ណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការចូលរួមធ្វើការបោះឆ្នោត។ នេះបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋរបស់យើងមានភាពចាស់ទុំខាងនយោបាយ និងស្ថិតនៅក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពិតប្រាកដ។ បើទោះបីជាមានយុទ្ធនាការញុះញង់ បំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ។ ​

ឯមួយផ្នែកទៀត ប្រជាពលរដ្ឋរបស់យើង និយាយជារួម និងនិយាយដោយឡែក ចំពោះក្មួយៗជាកម្មករ/ការិនីនៅទីនេះ ក៏បានជ្រើសរើសរួចស្រេចហើយ ទាក់ទិនជាមួយនឹងការរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ ដែលជាមរតកដូនតា ឪពុក​ម្ដាយរបស់ក្មួយៗ បន្សល់ទុកឲ្យក្មួយៗ ដែលជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗបានរួមជា​មួយពូ រួមជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីស្ថានភាពដ៏លំបាកលំបិន។ ការរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍនោះ គឺតាមរយៈដែលក្មួយៗបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះឯង។

ខេត្តកណ្ដាល អត្រាគាំទ្រគណបក្សប្រជាជនកម្ពុជា មានជាង ៨០%, គ្រប់ទីកន្លែងមិនទាបជាង ៧០%

នៅក្នុងខេត្តកណ្ដាល បើយើងពិនិត្យពីអត្រាគាំទ្រ គឺមានរហូតទៅដល់ជាង ៨០% បន្ដិច។ នេះជាចំនួនដ៏ច្រើនលើសលប់ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលយកអាសនៈទាំង ១១ នៅក្នុងចំណោមអាសនៈទាំង ១១ នោះ។ ហើយនៅគ្រប់ទីកន្លែង អត្រាគាំទ្រគណបក្សប្រជាជនកម្ពុជាមិនទាបជាង ៧០% ទេ។ ដូច្នេះ បានជាគណបក្សដទៃមិនមានលទ្ធភាពដើម្បីនឹងទទួលបានអាសនៈនៅក្នុងសភាទេ។

ស្ថានភាពឯកបក្សក្នុងសភា ចាប់ផ្ដើមពីស្ថានភាពពហុបក្សនៃការបោះឆ្នោត

ពូសុំយកឱកាសនេះ ដើម្បីនិយាយបញ្ហានេះបន្ដិច ដើម្បីជាការបំភ្លឺចំពោះសាធារណមតិខ្លះថា ឥឡូវកម្ពុជាបានឈានចូលទៅក្នុងស្ថានភាពឯកបក្សហើយ។ តែបញ្ហានេះ ពូចង់បញ្ជាក់ ហើយខ្ញុំសុំយក​ឱកាសនេះ បញ្ជាក់ទៅកាន់ជនរួមជាតិ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ឬបណ្ដាគណបក្សនយោបាយថា ស្ថានភាពឯកបក្សក្នុងសភា ប៉ុន្តែបានចាប់ផ្ដើមពីស្ថានភាពពហុបក្សនៃការបោះឆ្នោត តែឆន្ទៈរបស់ប្រជាពលរដ្ឋប្រគល់ទាំងស្រុងឲ្យគណបក្សប្រជាជនកម្ពុជា។ យើងមិនអាចទាត់ចោលនោះទេ។

ដូចចោរលួចហ្វេសប៊ុករបស់ពូ បានប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងចែកកៅអីឲ្យគណបក្សនេះប៉ុណ្ណេះ គណបក្សនោះប៉ុណ្ណោះ អានេះពិតជាមេចោរមែន។ ធ្វើអីពូមិនបាន បែរជាមកលួចហ្វេសប៊ុករបស់គេ។ នេះជាឧក្រិដ្ឋកម្មខាងព័ត៌មានវិទ្យា ដែលអ្នកឯងត្រូវទទួលខុសត្រូវនៅពេលខាងមុខ។

ប្រកួតប្រជែងពេលបោះឆ្នោត រួចហើយរួមគ្នាកសាងប្រទេស ទើបប្រសើរ

ស្ថានភាពនៃការប្រកួតប្រជែងដែលមាន ២០ គណបក្សចូលរួម មិនមែនជារឿងធម្មតាទេ។ បន្ទាប់ពីការបោះឆ្នោតរួចហើយ ដោយសង្កេតឃើញថា​ កន្លងមកនេះ គណបក្សនយោបាយជាច្រើន ដែលបានចូលរួមបោះឆ្នោតកាលពីពេលនោះ រាប់ទាំងពេលនេះ គឺមិនមានអាសនៈនៅក្នុងសភា ហើយពូក៏បានផ្ដួចផ្ដើមគំនិតអញ្ជើញបណ្ដាគណបក្សនយោបាយធ្វើការពិគ្រោះយោបល់ ដើម្បីរៀបចំយន្តការមួយសម្រាប់រួមគ្នា ដើម្បីកសាងប្រ​ទេសជាតិ។ យើងប្រកួតប្រជែងជាមួយគ្នាតែក្នុងរដូវកាលនៃយុទ្ធនាការ និងការឃោសនាបោះឆ្នោត​។ បោះឆ្នោតរួចហើយ យើងត្រូវរួមគ្នាដើម្បីកសាងប្រទេស។ មិនថា អ្នកនៅខាងលើទេ រហូតដល់ប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតនៅខាងក្រោម ក៏ត្រូវទទួលបាននូវផលប្រយោជន៍ដូចៗគ្នា។

អញ្ចឹងទេ នៅកម្ពុជាមានប្រមាណ ៥០ គណបក្សនយោបាយឯណោះ ក៏ប៉ុន្តែចូលរួមធ្វើការបោះឆ្នោត ត្រឹមតែ ២០ គណបក្សតែប៉ុណ្ណោះ។ ឯក្នុង ២០ គណបក្ស មានគណបក្សនយោបាយតែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងសភា។ កាលពីអតីតកាលយើងមានច្រើនគណបក្សចូលរួម រហូតដល់ឆ្នាំ ២០០៣ យើងមានទៅដល់ជាង ៣០ គណបក្សនយោបាយចូលរួម។ ក៏ប៉ុន្តែ ពេលនោះ គណបក្សដែលមានអាសនៈនៅក្នុងសភាមានតែ ៣ គណបក្សទេ ដូច្នេះ ក្នុងចន្លោះរវាង ៥ ឆ្នាំ ពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ គណបក្សដទៃមិនមានតួនាទី ដើម្បីចូលរួមស្ថាបនាក្នុងការចូលរួមកសាងប្រទេសទេ។

គំនិតផ្តើមបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់” បានការគាំទ្រពីបណ្តាប្រធានបក្សនយោបាយ

ដូច្នេះ បានជាអាណត្តិនេះ មិនថាឡើយមានតែគណបក្សមួយនៅក្នុងសភា ទោះបីជាមានគណបក្សច្រើនជាងមួយ ក៏ប៉ុន្តែ វាមិនអាចមានទៅដល់​ ២០ គណបក្សទេ ដូច្នេះ បានជាខ្ញុំផ្តួចផ្តើមគំនិតអញ្ជើញថ្នាក់ដឹកនាំគណបក្សនយោបាយដទៃ ដើម្បីធ្វើការពិគ្រោះយោបល់គ្នា កាលពីថ្ងៃ អង្គារ៍ (ទី ២១) កន្លងទៅនេះ  ហើយដែលនឹងបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយ សម្រាប់រាជរដ្ឋាភិបាល ហើយដែលប្រធានគណបក្សនយោបាយទាំងនោះ បានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង។ ព្រោះថា យើងបានផ្តល់នូវតួនាទី (និង)ភារកិច្ច មិនមែនគ្រាន់តែរង់ចាំអង្គុយទិតៀននៅខាងក្រៅសភា ឬក្នុងសភានោះទេ ក៏ប៉ុន្តែ​ តួនាទីនេះ វាអាចចូលរួមចំណែកកសាងប្រទេសយើងផងដែរ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចប្រជុំ និងផ្តល់មតិលើច្បាប់ថវិកាគ្រប់គ្រងឆ្នាំ ២០១៩ មុនគេ

បើនិយាយពីសេចក្តីព្រៀងច្បាប់ សូមបញ្ជាក់ជូន ឯកឧត្តម ប៊ិន ឈិន បើទោះបីជាឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នេះកើតឡើងទាន់ ឬមិនទាន់ ក៏ប៉ុន្តែ ច្បាប់មួយដែលក្រុមប្រឹក្សានេះអាចប្រជុំ និងផ្តល់មតិមុន គឺច្បាប់ថវិកាសម្រាប់គ្រប់គ្រង ឆ្នាំ ២០១៩ គឺច្បាប់ថវិកាតែម្តង។ តើនេះវាជាតួនាទីអី? បានសេចក្តីថា យើងអញ្ជើញមេដឹកនាំគណបក្សនយោបាយ មកផ្តល់មតិទៅលើសេចក្តីព្រៀងច្បាប់ ហើយចាប់ផ្តើមពីសេចក្តីព្រៀងច្បាប់ថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ តែម្តង។ សង្ឃឹមថា បើទោះបីជាព្រះរាជក្រឹត្យ រៀបចំនូវឧត្តមក្រុមប្រឹក្សានេះទាន់ ឬមិនទាន់ក្តី ក៏យើងនៅតែអញ្ជើញប្រធានគណបក្សនយោបាយ ដែលប្រកាសចូលរួម មកធ្វើការផ្តល់មតិទៅលើសេចក្តីព្រៀងច្បាប់នេះ មុនសេចក្តីព្រៀងច្បាប់នេះចូលទៅគណៈរដ្ឋមន្ត្រី។ អញ្ចឹង តើតម្លៃរបស់(ឧត្តមក្រុមប្រឹក្សា)ថ្លៃទេ? វាពិតជាថ្លៃ។ ច្បាប់ថវិកាមិនមែនអ្នកណាក៏ចេះតែដឹងទេ? ច្បាប់ថវិកា វាមានថវិកាការពារជាតិនៅក្នុងហ្នឹង វាមានសន្តិសុខជាតិនៅក្នុងហ្នឹង វាមានច្រើនផ្នែកនៅក្នុងហ្នឹង ក៏ប៉ុន្តែ ជំហានដំបូង យើងផ្តល់តួនាទីនេះឲ្យថ្នាក់ដឹកនាំគណបក្ស(នយោបាយ) ចូលរួមមតិជាមួយគ្នា។

ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ ធ្វើបទបង្ហាញច្បាប់ថវិកាជូន

ខ្ញុំយល់ថា គណបក្សដែលបានចូលរួមប្រជុំរួចមកហើយនេះ ហើយដែលបានផ្តល់ការគាំទ្ររួចមកហើយនេះ នឹងខិតខំស្វែងយល់ និងចូលរួមក្នុងកិច្ចដំណើរការ។ ជាបឋម គឺខ្ញុំគិតថា ច្បាប់នេះ គឺជាច្បាប់ដំបូង ដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ចាប់ផ្តើមបំពេញនូវតួនាទីដំបូង គឺមានតួនាទីសំខាន់ណាស់ ព្រោះច្បាប់ថវិកានេះ វាជាកំណប់សេដ្ឋកិច្ចធំណាស់។ អញ្ចឹងទេ យើងបើកទ្វារចំហ សម្រាប់ការចូលរួមផ្តល់មតិសម្រាប់ច្បាប់ថវិកា បើទោះបីថា ឯកឧត្តម លោកជំទាវ ទាំងនោះមិនទាន់ពិសោធន៍គ្រប់គ្រាន់ក៏ដោយ ក៏ប៉ុន្តែ ហោចណាស់ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ ត្រូវធ្វើបទបង្ហាញមួយ ដើម្បីពួកគាត់អាចចាប់យក រួចហើយពួកគាត់អាចមានមតិទៅលើសេចក្តីព្រៀងច្បាប់នេះ មុនសេចក្តីព្រៀងច្បាប់នេះដាក់ចូលទៅក្នុងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមកកាន់សភា និងព្រឹទ្ធសភា តាមការកំណត់។

គណៈរដ្ឋមន្ត្រីនឹងអនុម័តច្បាប់ថវិកា ក្នុងវង្វង់ពាក់កណ្តាលខែតុលា

អញ្ចឹង យោងទៅលើប្រក្រតិទិននៃច្បាប់ថវិកា គឺនៅខែ តុលា គណៈរដ្ឋមន្ត្រីនឹងធ្វើការអនុម័ត។ ដូច្នេះ ក្នុងរង្វង់ពាក់កណ្តាលខែតុលា ឬខែតុលា បើទោះបីឧត្តមក្រុមប្រឹក្សា(ពិគ្រោះ និងផ្តល់យោបល់) កើតទាន់ ឬមិនទាន់ ក៏ប៉ុន្តែ បណ្តាប្រធានគណបក្សនយោបាយត្រូវមកប្រជុំ។ ពេលនោះអាច ឯកឧត្តម ប៊ិន ឈិន ដឹកនាំប្រជុំសិន ប្រសិនប្រធានប្តូរវេនមិនទាន់កើត។ ព្រោះអញ្ចេះ អត់មានអ្នកណាធ្វើប្រធានទេ ប្រធានប្តូរវេនមួយខែម្នាក់ បានសេចក្តីថា រាជរដ្ឋាភិបាលអត់ធ្វើប្រធានទេ គឺទុកឲ្យបណ្តាបក្សនយោបាយទាំងប៉ុន្មាននេះ ធ្វើប្រធានប្តូរវេនមួយខែម្នាក់។ អញ្ចឹង អ្នកណាធ្វើប្រធានមុនគេ គឺតាមលេខរៀងនៅក្នុងសន្លឹកឆ្នោត ដែលសម្តេចព្រះសង្ឃរាជចាប់ឆ្នោតឲ្យ។ អញ្ចឹង ដំបូងប្រហែល ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ធ្វើប្រធានតែម្តង។ ប៉ុន្តែ យ៉ាងណាក៏ដោយ ពេលនោះ មានរដ្ឋមន្ត្រី រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកធ្វើបទបង្ហាញ ដើម្បីប្រមូលផ្តុំមតិ ព្រោះជួនកាលគណបក្សទាំងនោះគេអាចមើលឃើញថា ចំណាយខាងផ្នែកសុខាភិបាល ចំណាយខាងផ្នែកអប់រំ វានៅទាបណាស់ តើអាចរកវិធីអ្វីដើម្បីកំណើន? អាហ្នឹងមួយផ្នែក។ ប៉ុន្តែ មួយផ្នែកទៀត អំពីរបៀបចាត់ចែងប្រើប្រាស់ថវិកា ជួនកាលគេអាចមើលឃើញនូវចំណុចខ្សោយនេះ/នោះ។

សមាជិក/ជិកា គណបក្សប្រជាជនកម្ពុជា កុំភ័ន្តច្រឡំអំពីការចូលរួមនៃបណ្តាគណបក្សនយោបាយ

អញ្ចឹងទេ គ្រាន់តែជាការជូនសារមួយទៅកាន់បងប្អូន ហើយសុំកុំឲ្យសមាជិក/ជិកាគណបក្សប្រជាជនកម្ពុជាយល់ខុសថា គេឲ្យខ្លួនឯងកាន់អំណាចទាំងស្រុងហើយ ចាំបាច់ទៅហៅគេមកធ្វើទីប្រឹក្សាធ្វើអី? ឲ្យគេមកចូលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អី។ បើនិយាយពីធនធានមនុស្សវិញ អ្នកខ្លះបណ្ឌិត ២ ឬ ៣ នាក់ តាំងខ្លួនជាបក្សដែលចេញពីក្រុមបញ្ញាជន។ ប៉ុន្តែ បើក្រឡេកមកមើលក្នុងគណបក្សប្រជាជនវិញ សួរថា តើមានបណ្ឌិតប៉ុន្មានទៅ? សម្បូរបែប។ គ្រាន់តែនៅក្នុងផ្ទះខ្ញុំមានបណ្ឌិត ២ ទៅហើយ … អ្នកទាំងអស់គ្នាត្រូវយល់ ទាំងសហការី ដែលជាសមាជិក/ជិការដ្ឋសភា ព្រឹទ្ធសភា និងសមាជិក/ជិការាជរដ្ឋាភិបាល ពេលនេះនឹងក្លាយទៅជាសមាជិក/ជិការាជរដ្ឋាភិបាលនៅពេលក្រោយទៀត កុំភ័ន្តច្រឡំថា ទេ! ចុះអញនៅហ្នឹងម៉េចក៏គាត់មិនប្រើ? គាត់ទៅហៅគេមករៀបចំធ្វើអី? ហើយមានពីខាងក្រៅទិតៀនទៅទៀត។ អញ្ចឹង បានថ្ងៃមុន ពេលដែលប្រជុំចប់ហើយទៅអង្គុយបាយជាមួយគ្នា ប្រធានគណបក្សនយោបាយមួយចំនួនគាត់គ្រវីក្បាលតតាត់តែម្តង គាត់ថា នេះជាលើកទីមួយដែលខ្ញុំបានជួបសម្តេច ប៉ុន្តែ ខ្ញុំអត់នឹកស្មានថា គេមកបន្តុះបង្អាប់ខ្ញុំថាជាបក្សទប់ជើងគ្រែ បក្សអាយ៉ង បក្សរណប។

មិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាម

នេះជាសារនយោបាយមួយ ដើម្បីបង្ហោះចេញអំពីសុឆន្ទៈ ដែលគោលបំណងដើមរបស់ខ្ញុំ គឺក្រោយពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់(ការវិលត្រឡប់វិញនៃ)របបប្រល័យពូជសាសន៍ ប៉ុល ពត ខ្ញុំមើលឃើញថា យើងមិនអាចប្រើសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមទេ ដូច្នេះហើយ ជម្រើសដែលល្អជាងគេ គឺការចរចារកដំណោះស្រាយនយោបាយមួយ។ អញ្ចឹងទេ បានជាពូធ្វើសកម្មភាពគ្រប់ទីកន្លែងទាំងអស់ ដើម្បីសម្រេចបាននូវដំណោះស្រាយមួយ សម្រាប់ការបង្រួបបង្រួមជាតិកម្ពុជា។ បន្ទាប់ទៅ អ៊ុនតាក់ មិនអាចសម្រេចកិច្ចការបានទេ គេគ្រាន់តែអាចមានលទ្ធភាព ដើម្បីចាត់តាំងការបោះឆ្នោតតែប៉ុណ្ណោះ ក៏ប៉ុន្តែ គេមិនមានលទ្ធភាពដើម្បីបង្កើតឲ្យមានការឈប់បាញ់ជាអចិន្ត្រៃយ៍ និងការរំសាយអាវុធនៃកម្លាំងប្រដាប់អាវុធ នៃបណ្តាភាគីដែលមានជម្លោះទេ។ គេដកត្រឡប់ទៅវិញ ដោយបន្សល់ទុកឲ្យកម្ពុជា(ដែលជា)ប្រទេសមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ម្ខាងគឺរាជរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតនៅទីក្រុងភ្នំពេញ និងម្ខាងទៀត គឺខ្មែរក្រហម ដែលត្រួតត្រាទឹកដីមួយចំនួននៅតាមព្រំដែនកម្ពុជា-ថៃ និងមួយផ្នែកខ្លះនៅតំបន់ផ្ទៃក្នុងប្រទេស រាប់ទាំងខេត្តកំពត ខេត្តកំពង់ស្ពឺផងដែរ។

នយោបាយឈ្នះឈ្នះ ធានាថាខ្មែរឈ្នះទាំងអស់គ្នា

យើងមានតែវិធីអនុវត្តនូវនយោបាយឈ្នះឈ្នះ តាមរយៈការដាក់ចេញនូវនយោបាយមួយ ដែលធានាថា ខ្មែរទាំងអស់បញ្ចប់នូវជម្លោះ តាមរយៈនៃការឈ្នះទាំងអស់គ្នា។ ពូបានខិតខំចូលទៅកាន់តំបន់ខ្មែរក្រហម ហើយបានបញ្ជាក់ប្រាក់ពួកគេថា នេះមិនមែនជាការចុះចាញ់ មិនមែនជាការសារភាពទេ តែនេះជាកាតព្វកិច្ចកូនខ្មែរ ដែលមានភារកិច្ចដោះស្រាយនូវចំណងដែលអ្នកចាស់បានចង ទុកឲ្យយើងជាអ្នកដោះស្រាយ។ សង្គ្រាមជាន់ដើមបង្កើតឡើង ក៏ប៉ុន្តែ សង្គ្រាមនេះត្រូវបានក្មេងជំនាន់ក្រោយជាអ្នកដោះទៅវិញ។ កាលពីកើតសង្គ្រាមឆ្នាំ ១៩៧០ ពេលនោះពូមានវ័យមិនទាន់គ្រប់អាយុ ១៨ ឆ្នាំផង ប៉ុន្តែបែរជាសង្គ្រាមនេះទុកជាឱកាសមួយឲ្យពូបានដោះស្រាយបញ្ហានេះ តាមរយៈនយោបាយឈ្នះឈ្នះ ដោយគ្មានអ្នកចាញ់ និងគ្មានអ្នកឈ្នះទេ ក៏ប៉ុន្តែកម្ពុជាជាអ្នកឈ្នះ។ ហើយឈ្នះតាំងពីពេលនោះរហូតមកដល់ពេលនេះ មានរយៈពេល ២០ ឆ្នាំហើយ។

ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០១៨ ប្រារព្ធពិធីបុណ្យ ២០ ឆ្នាំ នៃសន្តិភាព នៅវិមានឈ្នះឈ្នះ

យើងនឹងធ្វើបុណ្យឲ្យធំ ឲ្យខ្លាំង ហើយសិល្បករ/ការិនីត្រៀមឲ្យហើយ ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ សិល្បករ/ការិនីត្រៀមខ្លួនកុំទៅណាឆ្ងាយ។ លេងឲ្យផ្អើលតែម្ដង ទោះបីថា ធ្វើតែមួយថ្ងៃ ប៉ុន្តែសិល្បៈធ្វើ ៣ ថ្ងៃ កាំជ្រួចបាញ់ ៣ ថ្ងៃ ២៩-៣០-៣១ តែម្ដង។ ឆ្លងឆ្នាំនៅហ្នឹងតែម្ដង។ ទៅឆ្លងឆ្នាំនៅវិមានឈ្នះឈ្នះ​ … ក្រែងឥឡូវយើងផលិតកាំជ្រួចខ្លួនឯងតើ។ កាំជ្រួចយើងទិញផង យើងផលិតខ្លួនឯងផង។ បាញ់ ៣ យប់ ៣ ថ្ងៃ។ សិល្បៈលេង ៣ យប់ ៣ ថ្ងៃ ហើយមានស្ដង់ពីគ្រប់ខេត្ត ពីរោងចក្រនានា ទៅរៀបចំនៅហ្នឹងទៅសប្បាយនៅហ្នឹង។ ហើយសណ្ឋាគារនៅហ្នឹងជាសណ្ឋាគារផ្កាយ ៥ ទៀត។ អ្នកណាហត់ក្រុមសិល្បៈអីអាចទៅសម្រាកបាន ទៅរៀបចំនៅហ្នឹងដើម្បីឲ្យគ្នាលេងមួយសប្បាយ។ ២០ ឆ្នាំ នៃសន្តិភាពរបស់ប្រទេសមិនមែនលេងសើចទេ។

មុំ ៣ នៃយុទ្ធសាស្ត្រត្រីកោណ

អញ្ចឹង ដោយសារតែមានគំនិតអនុវត្តនូវរបៀបឈ្នះឈ្នះ បានជាពេលនេះ បើទោះបីជាពេលនេះប្រជាពលរដ្ឋឲ្យ​អំណាចទាំងស្រុងមកគណបក្សប្រជាជន ទាំងក្នុងសភា ទាំងក្នុងរាជរដ្ឋាភិបាល ក៏ប៉ុន្តែពូត្រូវតែប្រមូលនូវធន​ធានមនុស្ស ធនធានបញ្ញា ដើម្បីរួមចំណែកកសាងប្រទេសជាតិ។ ពូចាំថា នៅថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៩៨ គណៈ​រដ្ឋមន្ត្រីបានប្រជុំ ដែលពេលនោះពូជានាយករដ្ឋមន្ត្រី ពូបានដាក់ចេញជាយុទ្ធសាស្ត្រត្រីកោណ។ តើអ្វីទៅដែលហៅថាយុទ្ធសាស្រ្តត្រីកោណ?

មុំទី ១៖ នៃយុទ្ធសាស្រ្តត្រីកោណ គឺការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជា។ ដោយសារពេលនោះ សង្គ្រាមមិនទាន់ចប់ទាំងស្រុង (ព្រោះ)ខៀវ សំផន នួន ជា តាម៉ុក នៅមិនទាន់ចុះចូលនៅឡើយទេ។ ដូច្នេះ អន្លង់វែងយើងទទួលបានហើយ ក៏ប៉ុន្តែកងទ័ពបែកបាក់របស់ខ្មែរក្រហម នៅមិនទាន់ចេញពីព្រៃអស់នៅឡើយទេ។ ចាំបាច់ យើងត្រូវបន្តធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស គឺការពង្រឹងសន្តិភាពផ្ទៃក្នុងរបស់ខ្លួន។​

មុំទី ២៖ សមាហរណកម្មខ្លួនឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ ក្នុងហ្នឹងមានកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ​ បណ្ដាអាសនៈនៅអង្គសហប្រជាតិទាំងអស់ ដែលមុននេះខ្មែរក្រហមគ្រប់គ្រង យើងត្រូវតែបន្តការកាន់កាប់អាសនៈទាំងអស់នៅអង្គការសហប្រជាជាតិ។ ត្រូវនាំប្រទេសចូលអាស៊ាន នាំប្រទេសចូលអាស៊ីអឺរ៉ុប នាំប្រទេសចូលអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតយ៉ាងលឿនបំផុត។ ហើយដែលយើងសម្រេច ថ្ងៃនោះប្រធានចរចាគឺឯកឧត្តម ចម ប្រសិទ្ធ ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានខិតខំចរចានាំកម្ពុជាចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ យើងបានចូលអង្គការពាណិជ្ជកម្មពិភពលោកមុនប្រទេសមួយចំនួនទៅទៀត។

មុំទី ៣ នៃយុទ្ធសាស្ត្រត្រីកោណ គឺផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះជាអន្តរជាតិ ត្រូវប្រមូលផ្ដុំទាំង​អស់ទាំងធនធានមនុស្ស ធនធានបញ្ញា ធនធានទ្រព្យសម្បត្តិទាំងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច​សង្គម កាត់បន្ថយភាពក្រីក្រ។ ពាក្យដែលថាប្រមូលផ្ដុំធនធានមនុស្ស ធនធានបញ្ញា និងទ្រព្យសម្បត្តិ ដើម្បីកសាងប្រទេសគឺសំខាន់ជាងគេ គឺធនធានមនុស្ស​ ធនធានបញ្ញា។ ឥឡូវនេះ ធនធានមនុស្ស និងធនធានបញ្ញារបស់យើងក្រៅ​ពីគណបក្សប្រជាជន មានគណបក្ស ១៩ ផ្សេងទៀត ក៏មានធនធានមនុស្ស និងធនធានបញ្ញារបស់គេ ដូច្នេះយើងមិនត្រូវមើលរំលងបញ្ហាអស់ទាំងនេះទេ ឲ្យតែអ្វីដែលនាំមកនូវការបង្រួបបង្រួមជាតិ។

សោកស្តាយដោយគណបក្ស មិនប្រើសិទ្ធិដែលប្រគល់ឲ្យ ហើយបែរជារុញឲ្យនាយករដ្ឋមន្រ្តីទៅវិញ

ខ្ញុំក៏មានការសោកស្ដាយដែរ ដែលសុំយក​ឱកាសនេះផ្ដាំផ្ញើទៅគណបក្សនយោបាយខ្លះ នៅពេលដែលខ្ញុំទុកលទ្ធភាពដើម្បីជូនអស់លោកធ្វើ អស់លោកបែរជាតម្រូវឲ្យខ្ញុំដាក់ទៅវិញ។ ដូចជា (១) ធ្វើសេចក្ដីថ្លែងការណ៍ថាស្របហើយអាហ្នឹង គំនិតហ្នឹងគាំទ្រហើយ។ ប៉ុន្តែរង់ចាំឲ្យសភា និងរដ្ឋាភិបាលដំណើរការសិន ចំណុចទី ២។ ដល់ចំណុចទី ៣៖ ថាសុំឲ្យរដ្ឋាភិបាលចង្អុលបង្ហាញពីយន្តការជាក់លាក់ ក្នុងពេលដែលខ្ញុំទុកលទ្ធភាពឲ្យបណ្ដាប្រធានគណបក្សសរសេរចង់បានអ្វីខ្លះ។ ហ្នឹងជាការទុកសិទ្ធិ ព្រោះគ្រាន់តែព្រះរាជក្រឹត្យមួយអត់អីពិបាកទេ។ បើសិនជាខ្ញុំចង់ចាប់បញ្ជូនអស់លោកចូលក្នុងកែវ ដែលខ្ញុំរៀបចំ ខ្ញុំសរសេរហើយស្រេច រួចហើយតម្រូវឲ្យអស់លោកដាក់មនុស្សមក មិនទាន់បានពិគ្រោះគ្នា។ ខ្ញុំចង់ប្រើប្រាស់ឱកាសពិគ្រោះជាមួយអស់លោក រហូតទៅដល់លោកជំទាវ សាវត្តី គាត់បានស្នើសុំបន្ថែមនូវកថាខណ្ឌបន្ថែមមួយថា គណបក្សដៃស្ដាំ និងគណបក្សដៃឆ្វេង គាត់ស្នើសុំអញ្ចឹង។

ផ្តួចផ្តើម/ផ្តល់មតិ លើសេចក្តីព្រៀងគោលនយោបាយ សេចក្តីព្រៀងច្បាប់

អញ្ចឹងបានជាយើងត្រូវធ្វើការបកស្រាយថា យើងដាក់ភារកិច្ច … ទី ១គឺផ្ដួចផ្ដើម និងផ្ដល់មតិទៅលើសេចក្ដីព្រៀងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សេចក្ដីព្រៀងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅមានច្រើនណាស់។ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ជូនទៅសភា បានរៀបចំហើយ យុទ្ធសាស្ត្រចតុកោណក៏រៀបចំហើយដែរ។ ម្សិលមិញខ្ញុំបង្ហើយនូវសេចក្ដីថ្លែងការណ៍របស់ខ្ញុំនៅក្នុងសភា និងពិនិត្យបង្ហើយនូវសេចក្ដីថ្លែងការណ៍របស់ខ្ញុំនៅពេលប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅថ្ងៃទី ៧។ បន្ទាប់ពីជួបអនុរដ្ឋ
មន្ត្រីអង់គ្លេសហើយ សម្ងំនៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីធ្វើ។ យើងត្រូវឃើញថា គោលនយោបាយខ្លះជាអនុវិស័យ វានៅសេសសល់ ដែលត្រូវបំពេញឲ្យវាច្រើនណាស់ គ្រប់តែស្ថាប័នហ្នឹងនៅមានសេសសល់របស់វា … យើងចង់យកធាតុចូល។ សូម្បីតែគោលនយោបាយក្នុងវិស័យឧស្សាហកម្មរបស់យើងជាកញ្ចប់ ក៏ប៉ុន្តែតាមផ្នែករបស់វាក៏នៅសេសសល់ដែរ រាប់ទាំងបញ្ហាខ្លះដែលវាទាក់ទងនឹងវិស័យឧស្សាហកម្មរបស់យើង។

ឯផ្នែកទី ២៖ ផ្ដួចផ្ដើមគំនិត ផ្ដល់យោបល់លើសេចក្ដីព្រៀងច្បាប់។ ច្បាប់របស់យើងត្រូវមានច្រើនណាស់។ ច្បាប់ខ្លះវាហួសសម័យវាត្រូវធ្វើវិសោធនកម្ម ដែលជួនកាលលេចចេញពីគំនិតផ្តួចផ្តើមរបស់ប្រធានគណបក្សនយោបាយណាមួយ ដែលត្រូវលើកឡើងនៅក្នុង​ឧត្តមក្រុមប្រឹក្សា។ អញ្ចឹងទេ បានជាយើងទុកលទ្ធភាពជូនបណ្ដាគណបក្សនយោបាយ រួមជាមួយនឹងលេខាធិការដ្ឋាន ដែលនឹងបង្កើត ដើម្បីសរសេរនូវអត្ថបទព្រះរាជ្យក្រឹត្យនេះ។ ប៉ុន្តែបែរជាអ្នកភ័ន្តច្រឡំថា ឲ្យរាជរដ្ឋាភិបាលកំណត់ឲ្យជាក់លាក់។ បើកំណត់ឲ្យជាក់លាក់មានន័យថា ខ្ញុំទៅបញ្ជាអស់លោក។ ខ្ញុំទុកសិទ្ធិឲ្យអស់លោក តែអស់លោកអត់ចេះប្រើ ខ្ញុំអត់ដឹងថាម៉េចដែរ។ ហ្នឹងគ្រាន់តែជាការបកស្រាយ … ការពិតសិទ្ធិរបស់ខ្ញុំមានទៅហើយ ប៉ុន្តែខ្ញុំចង់ទុកសិទ្ធិនេះឲ្យ​អស់លោក។

រដ្ឋធម្មនុញ្ញ និយាយពីប្រជាធិបតេយ្យ សេរី ពហុបក្ស អត់និយាយពីបក្សប្រឆាំង បក្សដៃស្ដាំបក្សដៃឆ្វេងទេ

សូម្បីតែ(ការលើកឡើងរបស់)លោកជំទាវ សាវត្តី … យើងមិនអាចធ្វើបាន។ ខ្ញុំបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់យើងអត់បានចែកថារវាងបក្សដៃឆ្វេង និងបក្សដៃស្ដាំទេ ហើយក្នុងរដ្ឋធម្មនុញ្ញគេអត់បានចែងទៅទៀតថា គណបក្សប្រឆាំងទេ គេនិយាយតែពីពហុបក្ស។ បក្សប្រឆាំងអត់មានទេ។ មើលក្នុងរដ្ឋធម្មនុញ្ញ បក្សប្រឆាំង និងបក្សកាន់អំណាចអត់ទេ គឺនិយាយពីប្រជាធិបតេយ្យ សេរី ពហុបក្សតែប៉ុណ្ណោះ អត់មានមួយឃ្លាណានិយាយពីបក្សប្រឆាំងទេ ហើយក៏អត់មាននិយាយពីបក្សដៃស្ដាំ បក្សដៃឆ្វេងទេ ប៉ុន្តែអាហ្នឹងត្រូវមកអង្គុយជាមួយគ្នា មិនមែននិយាយតាមសារព័ត៌មានទេ តែនេះខ្ញុំគ្រាន់តែលើកឧទាហរណ៍។

នឹងមានការលើកលែងទោសទ្រង់ទ្រាយធំ ឲ្យកែប្រែខ្លួនជាថ្មី

ម្យ៉ាងទៀត មុនឈានចូលទៅដល់ប្រធានបទទាក់ទងជាមួយកម្មករ/ការិនី ដែលក្មួយៗដឹងថា ពូមកធ្វើអីហើយ និយាយជាមួយក្មួយៗនោះ ក៏ចង់បង្ហាញទៅអ្នកទាំងឡាយ ប្រសិនបើការសន្តោសប្រណីណាមួយរបស់នា​យករដ្ឋមន្ត្រី ហ៊ុន សែន ជូនទៅចំពោះអ្នកជាប់ទោសទណ្ឌ សុំកុំនិយាយថា នេះបណ្ដាលមកពីការគាបសង្កត់របស់បរទេសឲ្យសោះ។ សូមប្រយ័ត្នប្រយែងលើពាក្យសម្ដីលើបញ្ហានេះ។ ខ្ញុំចង់ធ្វើការលើកលែងទោសទ្រង់​ទ្រាយធំនៅពេលខាងមុខ មិនមែនគ្រាន់តែមនុស្សប៉ុន្មាននាក់ទេ ក៏ប៉ុន្តែខ្ញុំមានគោលដៅថា រដូវបុណ្យភ្ជុំ ឬបុណ្យអុំទូក ឬបុណ្យឯករាជ្យនៅឆ្នាំនេះ នឹងស្នើ។ ឥឡូវ ឯកឧត្តម អង្គវង្ស វឌ្ឍនា ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅទីនេះស្រាប់ ឆ្នាំនេះយើងអាចដំណើរការលើកលែងទ្រង់ទ្រាយធំ។ ដើម្បីឲ្យពលរដ្ឋរបស់យើងដែលជាប់ពន្ធនា​គារនោះ មានឱកាសចេញមកដើម្បីធ្វើការកែប្រែខ្លួនសាជាថ្មី។

បើមានអ្នកអត្ថាធិប្បាយថា ជាការគាបសង្កត់ពីបរទេស នឹងត្រូវទុកសិន

ក្រៅពីអ្នកជាប់ទោសមួយចំនួន ដែលបានលើកលែងទោសកន្លងទៅ នឹងបន្តការលើកលែងទោស។ (យ៉ាងណា​ក្តី)សុំកុំនិយាយថា បណ្តាលមកពីការគាបសង្កត់របស់អន្តរជាតិ។ ខ្ញុំស្អប់ណាស់ពាក្យហ្នឹង។ សូមបងប្អូនអ្នកដែលនៅក្នុងពន្ធនាគារ ដែលខ្ញុំគ្រោងលើកលែងទោសប្រហែលជា ១២ នាក់ ផ្សេងទៀត ចាំណា បើសិនជាខ្ញុំត្រូវការឲ្យពួកអ្នកធ្វើការសូមទោស អ្នកបានធ្វើលិខិតរួចហើយ ប៉ុន្តែបើសិនជាអ្នកណាមួយធ្វើអត្ថាធិប្បាយអំពីការគាបសង្កត់ពីអន្តរជាតិ (ខ្ញុំនឹងទុកសិន) ទុករហូតទៅដល់អ្នក ដែលធ្វើលិខិតសុំនេះ ធ្វើការថ្កោលទោសចំពោះអ្នកដែលបាននិយាយ (ទើប)បានខ្ញុំព្រម។ ខ្ញុំអាចមានលក្ខខណ្ឌហ្នឹង។ ទៅប្រាប់អ្នកធ្វើលិខិតសុំលើកលែងទោស។ អញ្ចឹងត្រូវចាំកន្លែងនេះ។ អ្នកនៅក្រៅគុក ខ្ញុំយល់អំពីបំណងរបស់អ្នក ចង់ឲ្យអ្នកនៅក្នុងគុកនេះបន្តជាប់គុកតទៅទៀត តែអ្នកមិនសោកស្តាយថា អ្នកទាំងនេះធ្លាប់បានរួមដំណើរជាមួយអ្នកក្នុងការប្រព្រឹត្តបទល្មើសនោះទេ។

ការលើកលែងទោសទ្រង់ទ្រាយធំ មិនបាច់យក ២ ភាគ ៣ យកមកនិយាយទេ

អំពើសន្ដោសប្រណី ដែលចេញពីចិត្តរបស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលត្រូវអនុវត្តនូវច្បាប់ពន្ធនាគារមានចែងថា៖ នាយករដ្ឋមន្ត្រីមានសិទ្ធិសុំលើកលែងទោស ថ្វាយព្រះមហាក្សត្រនៅពេលណាក៏បាន។ ច្បាប់ពន្ធនាគារ គេអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីធ្វើបែបនេះ ប៉ុន្តែ ជាទម្លាប់ទូទៅ គឺត្រូវអនុវត្តទោស ២ ភាគ ៣ សិន ទើបអាចបន្ធូរបន្ថយ និងលើកលែងទោសបាន។ ក៏ប៉ុន្តែ នៅពេលខាងមុខ ដែលហៅថា ការលើកលែងទោសទ្រង់ទ្រាយធំ យើងមិនចាំបាច់យកអា ២ ភាគ ៣ យកមកនិយាយទេ។​ យើងនៅមានបុណ្យ ៣ អាចថា បុណ្យ ៤ ឯណោះ ឆ្នាំនេះបុណ្យ ៤។ បុណ្យទីមួយ ភ្ជុំបិណ្ឌ បើធ្វើទាន់ លើកឲ្យច្រើនបន្តិចទៅ បន្ទាប់ទៅបុណ្យអុំទូក បន្ទាប់ទៅបុណ្យឯករាជ្យ បន្ទាប់ទៅ ចុងឆ្នាំបុណ្យធំ បុណ្យបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ហើយឆ្លងឆ្នាំតែម្តង។

នាយករដ្ឋមន្ត្រីអ្នកស្នើ និងព្រះមហាក្សត្រអ្នកលើកលែង

ខ្ញុំគិតថាបងប្អូនដែលនៅក្នុងពន្ធនាគារ ដែលកំពុងរង់ចាំនៅពេលចេញ ប៉ុន្តែ នេះវាមិនទាក់ទងជាមួយរឿងដែលខ្ញុំនិយាយជាមួយរដ្ឋមន្ត្រីយុត្តិធម៌ទេ។ រដ្ឋមន្ត្រីយុត្តិធម៌កំពុងពិនិត្យនូវសំណុំរឿងមួយចំនួន ដែលទាក់ទិនជា​មួយនឹងបញ្ហា (១២នាក់)។ ប៉ុន្តែ បើវានៅស្រែកដដែលៗទុកវាសិនទៅ។ បើអានោះវានៅតែស្រែក យើងតម្រូវឲ្យ​អ្នកក្នុងឃុំឃាំងធ្វើលិខិតសាជាថ្មី ថ្កោលទោសអ្នកនោះ ព្រោះអានោះវាចង់ឲ្យអ្នកនេះជាប់គុក … ហ្នឹងគេនិយាយត្រូវថា វានៅលើអំណាចរបស់ ហ៊ុន សែន។ អើ! ក្រែងអាហ្នឹងគេឲ្យអំណាចលើនាយករដ្ឋមន្រ្តីតើ វានៅលើចុងប៊ិចរបស់នាយករដ្ឋមន្ត្រីស៊ីញ៉េ ឬមិនស៊ីញ៉េតើ។ ចុះឆ្កួតអី វាថាលើកលែងទោស ក៏ដោយសារអំណាច។ ឥឡូវសួរថារដ្ឋមន្ត្រីនានាមានអំណាចហ្នឹងទេ? (វាអត់)។ អំណាចហ្នឹងឲ្យទៅនាយករដ្ឋមន្ត្រីមួយគត់ ហើយអំ​ណាចនេះនៅក្នុងប្រទេសនេះមានតែ ២ ទេ។ អំណាចមួយ អំណាចអ្នកស្នើគឺនាយករដ្ឋមន្ត្រី។ អំណាចមួយទៀតអំណាចព្រះមហាក្សត្រ គឺអ្នកលើកលែង គឺអំណាចមានតែពីរនាក់។

អញ្ចឹងបើគេឲ្យអំណាចមកយើងប្រើហើយ រួចវាចេះនិយាយថា ចាប់ក៏ដោយសារអំណាច​ ដោះលែងក៏អំណាច … គុកគេមិនដែលយកកម្មករយើងទៅដាក់គុកអត់មានកំហុសទេ។ គេយកអ្នកខុសទៅដាក់គុក … ពិតជាអំណាចមែន ចាប់ក៏ដោយសារអំណាច។ អំណាចរបស់រដ្ឋ។ អ្នកឯងធ្វើខុសច្បាប់គឺច្បាប់ចាប់ហើយ។ ច្បាប់អ្នកណា? គឺច្បាប់គេប្រគល់ទៅឲ្យព្រះរាជអាជ្ញា ច្បាប់គេប្រគល់ទៅឲ្យនគរបាល ច្បាប់គេប្រគល់ទៅឲ្យអាវុធហត្ថ ដែលត្រូវអនុវត្តជានគរបាលយុត្តិធម៌។ អញ្ចឹងហើយ … បើសាលក្រមវាចូលទៅដល់ពេលកំណត់ហើយ អំណាចច្បាប់វាត្រូវតែដោះលែង ហើយបើសិនជាត្រូវលើកលែងមុនការកំណត់ វាត្រូវប្រើអំណាចនាយករដ្ឋមន្ត្រី និងអំណាចរបស់ព្រះមហាក្សត្រ។ តើព្រះមហាក្សត្រឡាយព្រះហស្ថលេខាបានឬមិនបាន? តើមានសំណើរបស់នាយករដ្ឋមន្ត្រី ឬអត់? អាហ្នឹងវាមិនមែនចេះតែធ្វើឯណា។

ប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀត ជាប់គុកទៀត

អញ្ចឹងទេ … អ្នកដែលបានចេញពីគុកហើយ​ ក៏កុំព្រហើនពេកដែរ។ កុំស្មានគេមិនហ៊ានចាប់បញ្ចូលគុកវិញ។ ហ្នឹងគឺនៅច្បាប់របស់កម្ពុជា ឬច្បាប់នៅលើពិភពលោក។ គេអត់បានហាមឃាត់ថា ជាប់គុកម្តងរួចហើយ អត់ត្រូវជាប់គុកលើកទី ២ ឬលើកទី ៣ ទេ … តែប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀត ជាប់គុកទៀត​។ និយាយអញ្ចឹងមិនមែនបានសេចក្តីថា បិទមាត់អ្នកឯងទេ។ និយាយអីនិយាយទៅ កុំតែប៉ះពាល់ដល់គេ។ ត្រូវដឹងថាសេរីភាពរបស់អ្នកឯងគឺមានព្រំប្រទល់ជាមួយសេរីភាពរបស់អ្នកដទៃ តែប៉ុណ្ណឹងទៅគឺបានហើយ​។ បើអ្នកឯងបំពានហើយ ទោះបីអ្នកឯងជាប់គុកមួយរយដង ក៏ត្រូវជាប់គុកបន្តដែរ។ ហ្នឹងវាត្រូវតែចូលគុកអញ្ចឹង … អញ្ចឹងទេ សូមបញ្ជាក់ មិនមែនបានសេចក្តីថា ទៅគំរាមនរណាទេ ក៏ប៉ុន្តែសូមកុំភ្លេច។

អរគុណកម្មករ/ការិនី បានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ឥឡូវនេះ ខ្ញុំបានបកស្រាយហើយ ចេញជាសារនយោបាយមួយហើយ។ អរគុណចំពោះក្មួយៗ កម្មករ/ការិនី ទាំងអស់ដែលនៅទីនេះ ដែលបានចូលរួមបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលធ្វើឲ្យពូមានលទ្ធភាពជួបក្មួយនៅថ្ងៃនេះ។ បើសិនមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទេ ប្រហែលជាពូអត់មកកន្លែងហ្នឹងទេ។ ពូបានប្រកាសហើយថា ពូមិនដណ្តើមកិច្ចការអនាគតនាយករដ្ឋមន្ត្រីទេ។ ប៉ុន្តែឥឡូវនេះពូកំពុងស្ថិតនៅជានាយករដ្ឋមន្ត្រីនៃតំណែងអាណត្តិចាស់ គឺនីតិកាលទី ៥ នៃរដ្ឋសភា ក៏ប៉ុន្តែក៏ត្រូវបានចាត់តាំងនាយករដ្ឋមន្ត្រី ដើម្បីផ្គូផ្គងសមាជិករាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ ដែរ។ ដូច្នេះបានជាថ្ងៃនេះ យើងមានលទ្ធភា​ព ជួបគ្នា … ព្រឹកមិញហត់បន្តិច។ ការពិត ថ្ងៃនេះគឺអត់របូតខ្សែក្រវាត់ទេ ប៉ុន្តែខ្សែក្រវាត់វិល។ អម្បាញ់មិញ នៅកន្លែងនេះ អាមួយណាពូជាន់ជើងមិញនោះ …។

ក្មួយអ្ហើយ! នេះហើយដែលហៅថា ការផ្តល់នូវសេចក្តីរាប់អាន សេចក្តីស្រឡាញ់ចំពោះមេដឹកនាំ មិនមែនគ្រាន់តែជាការផ្តល់សេចក្តីស្រឡាញ់ និងការរាប់អានចំពោះមេដឹកនាំទេ​ ក៏ប៉ុន្តែទង្វើរបស់ក្មួយៗបានចាត់ទុកពូដូចជា ឪពុក ដូចជាឪពុកធំ ដូចជាឪពុកមា ឬដូចជាជីតារបស់ក្មួយផងដែរ។ កាយវិការនេះ ជាការកម្រនឹងមាន។ ក្មួយដែលថើបពូទីមួយ ក្លិនទៅជាមួយគឺក្លិនប្រពន្ធពូ។ ឥឡូវនេះ ប្រហែលជាគាត់ស្ថិតនៅផ្លូវពីភ្នំពេញ ទៅកំពង់សោម។ ក្លិនទីមួយគឺជាក្លិនរបស់ប្រពន្ធពូទេ ឯក្មួយដែលថើបពូទីពីរ អាហ្នឹងក្លិនពូ។ ដល់ថើបលើកទីបីមិនមែនក្លិនពូទេ ក្លិនក្មួយៗ(គ្នាឯង)។ (ហ៊ីង ប៊ុន)ហៀង អគ្គមេបញ្ជាការរងកងទ័ព និងមេបញ្ជាការដ្ឋានអង្គរក្ស វាថាមេយើងមិនអន់ប៉ុន្មានទេ ឈរដូចឈរឲ្យគេថើប។ ពូថាឲ្យគេចទៅណា … វាយករូបថតមកបង្អាប់ … ពូបានចាត់ទុកកាយវិការទាំងអស់នេះ គឺជាក្តីស្រឡាញ់ដែលក្មួយបានផ្តល់សម្រាប់មេដឹកនាំ ហើយក៏ក្មួយបានផ្តល់សំរាប់​ពូ ដូចជាឪពុកមា ឪពុកធំ ឬដូចជាជីតាផងដែរ។

ថ្ងៃនេះអរគុណជាមួយម្ចាស់រោងចក្រទាំង ១២ ដែលបានផ្តល់ឱកាសឲ្យកម្មករ/ការិនីមកជួបខ្ញុំនៅទីនេះ ហើយក៏ផ្តល់ការអនុញ្ញាតឲ្យក្មួយៗបានឈប់សម្រាកមួយល្ងាចនេះទៀត ដោយមានប្រាក់បៀវត្សត្រឹមត្រូវ។ ពិតហើយក្មួយខ្លះភ្ញាក់តាំងពីម៉ោង ១ ឯណោះ ឯពូក៏ត្រូវភ្ញាក់ម៉ោង ៥ ជាងដែរ ព្រោះអញ្ចេះ មើលនៅក្នុងកម្មវិធីគេដាក់ថា បើធ្វើដំណើរតាមនេះ វាត្រូវអស់ប៉ុណ្ណេះ ធ្វើដំណើរតាមនោះ វាត្រូវអស់ប៉ុណ្ណេះ បូកទៅ ៥០ នាទី។ បើអញ្ចឹងទៅ យប់មិញពូសម្រាកនៅខេត្តកណ្តាលទេ មិនមែនសម្រាកនៅភ្នំពេញទេ ដើម្បីព្រឹកឡើងងាយមក។ បើចេញពីភ្នំ​ពេញអាចពិបាកជាងនេះ ព្រោះព្រលឹមឡើងវាស្ទះផ្លូវ។ អញ្ចឹងទេ បានមកសម្រាកនៅតាខ្មៅទៅ។ អញ្ចឹងចេញតាមស្ពានតាខ្មៅគ្រឹប​។ សម័យឥឡូវ មិនមែនសម័យឆ្លងទូកដទៀតទេ។ ស្ពានតាខ្មៅពីដើមដែលមានទេ? ស្ពាន​កោះធំដែលមានទេ? ពីដើមស្ពានព្រះមុនីវង្សរបស់យើងមានតែមួយទេ។ ឥឡូវមានដល់ ២ …។

មានវេទិកានាយករដ្ឋមន្ត្រី/កម្មករ ៥៤ ក្នុងពេល ១ ឆ្នាំ

អរគុណណាស់សម្រាប់ការជួបជុំនេះ ហើយការជួបជុំនេះ ក្មួយៗក៏ធ្លាប់មួយចំនួន តាមរបាយការណ៍ឯកឧត្តម អ៊ិត សំហេង ក៏បានបញ្ជាក់ថា មានជាង ៦០០ នាក់ ដែលបានទៅជួបពូ នៅ​ឯកោះពេជ្រ ដែលជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការរោងចក្រ ដែលយើងបានជួបគ្នារួចមកហើយ។ ពូក៏សុំអធ្យាស្រ័យដែរ មកស្រុកកៀនស្វាយក្រោយគេ បើប្រៀបធៀបទៅនឹងស្រុកជុំវិញ។ យើងទៅស្រុកខ្សាច់កណ្តាលដំបូង បន្ទាប់​ទៅអង្គស្នួល បន្ទាប់ទៅ ទៅស្អាង តាខ្មៅ កៀនស្វាយមកក្រោយគេ។ នៅមុខកំពូល ពញាឮ អត់ទាន់បានទៅ។ អញ្ចឹងផ្តាំទៅអ្នកមុខកំពូល និងអ្នកពញាឮ ថារង់ចាំបន្តិចទៅ ប៉ុន្តែភាសាខ្មែរនិយាយអញ្ចេះ មកយឺតប្រសើរជាងអត់មក។ ឥឡូវនេះ ការធ្វើដំណើរចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាសម្រាប់កម្មករ/ការិនីរបស់យើង (ដល់គំរប់)ខួបមួយឆ្នាំ។ មួយឆ្នាំនេះ ពូត្រូវប្រើវេទិកា ៥៤ ដង។ អញ្ចឹងជាមួយនឹងការងារដ៏មមាញឹក ក៏ប៉ុន្តែ ត្រូវតែមានឱកាសដើម្បីនឹងចុះជួប ហើយពូនឹងបន្តទៅគ្រប់ទីកន្លែង ហើយមិនមែនគ្រាន់តែជួបមួយដងហើយចប់ទេ។ យ៉ាងហោចណាស់ ពូបានដឹងថា ៥ ឆ្នាំ ពីនេះដល់ ២០២៣ ពូនឹងធ្វើដំណើរទៅជួបជាមួយនឹងកម្មករ/ការិនីជាបន្ត។ ជួបរួចហើយ ចុះទៅតាមរោងចក្រត ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព និងការកែលម្អផ្សេង​ៗ ដែលត្រូវដោះស្រាយសម្រាប់កម្មករ/ការិនីរបស់យើង។

កម្មវិធីសម្តេចត្រូវចេញទៅប្រជុំនៅក្រៅប្រទេស

ប៉ុន្តែ ថ្ងៃ ២៩ យើងត្រូវទៅចោមចៅ ភ្នំពេញវិញ។ អញ្ចឹងទេ ពូប្រហែលជាត្រូវសុំទោសដល់កម្មករ/ការិនី ដែលមិនទាន់បានទៅ គឺសុំរង់ចាំសិន។ ថ្ងៃ ២៩ ត្រូវជួបចុងក្រោយហើយ។ អញ្ចឹងត្រូវត្រៀមពេលវេលាថ្ងៃ ៥ ប្រជុំរដ្ឋសភា។ ព្រឹកថ្ងៃ ៥ ប្រជុំរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពកោះអញ្ជើញពីសំណាក់ព្រះមហាក្សត្រ។ ល្ងាចថ្ងៃ ៥ ខែកញ្ញា ចូលស្បថ។ ព្រឹកថ្ងៃ ៦ សភាប្រជុំពេញអង្គ ដើម្បីបង្កើតក្បាលម៉ាស៊ីនសភា និងផ្តល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល។ ថ្ងៃទី ៧ ប្រជុំគណៈរដ្ឋមន្រ្តីដំបូងរបស់ខ្លួន។ ថ្ងៃទី ១០ ចេញដំណើរភ្លាមទៅ ណាននីង ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន ដែលឆ្នាំនេះ កម្ពុជាមិនអាចអវត្តមាននាយករដ្ឋមន្ត្រីបានទេ ព្រោះជាប្រទេសកិត្តិ​យស ដែលកំណត់ គឺវិលជុំរវាងអាស៊ានទាំង ១០។ ថ្ងៃ ១១ និងថ្ងៃ ១២ ត្រូវហោះយ៉ាងលឿន ទាំងព្រឹកថ្ងៃ ១២ មកហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក​។ បន្ទាប់ទៅ នៅក្នុងចន្លោះពេលហ្នឹង ត្រូវពិនិត្យ យើងអាចជួបបាន ១ កន្លែង ឬ ២ កន្លែង ប៉ុន្តែកុំភ្លេចថា ថ្ងៃទី ២៧ នឹងចាប់ហោះចេញពីទីក្រុងភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ទីក្រុងញ៉ូវយ៉ក ដែលនឹងទៅដល់ទីក្រុងញ៉ូវយ៉កពេលល្ងាច​ ព្រោះខ្ញុំត្រូវថ្លែងសុន្ទរកថានៅថ្ងៃទី ២៨ ឬ ២៩ ដោយសារកន្លងទៅនេះ យើងបានដាក់សំណើ បានបញ្ជាក់អំពី(វត្តមាន)នាយករដ្ឋមន្ត្រី នៅពេលក្រោយ។ ឆ្នាំនេះ ប្រមុខរដ្ឋ ថ្នាក់ប្រធានាធិបតី និងប្រមុខរដ្ឋ ទៅអង្គការសហប្រជាជាតិ រហូតទៅដល់ ១០៥ នាក់។ គេរៀបចំជូនប្រមុខរដ្ឋថ្លែងមុន ដល់ថ្នាក់នាយករដ្ឋមន្ត្រី ថ្លែងក្រោយ។ អញ្ចឹងមើលនៅក្នុងកម្មវិធីហ្នឹង នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីកាណាដា នាយករដ្ឋមន្ត្រីអាឡឺម៉ង់ នាយករដ្ឋមន្ត្រីស្អីៗហ្នឹង ថ្លែងម្តុំៗគ្នាហ្នឹង​។ ប៉ុន្តែ​ កាលពីមុនយើងចុះបញ្ជីថា ឲ្យរដ្ឋមន្ត្រីទៅ ដូច្នេះគេទុកយើងរហូតដល់ថ្ងៃទី ២៩ ឯណោះ។ ប៉ុន្តែឥឡូវកំពុងតែ règler ឡើងវិញ ព្រោះយើងមិនមែនថ្នាក់រដ្ឋមន្ត្រីទេ ថ្នាក់នាយករដ្ឋមន្ត្រី …។

ទៅបរទេស ក៏ឆ្លៀតជួបទាំងអ្នកគាំទ្រ និងអ្នកបាតុកម្មប្រឆាំងផងដែរ

អញ្ចឹងទេ ដល់ចេញត្រឡប់មកវិញ ចូលដល់ខែតុលា។ ខែតុលានេះ បន្ទាប់ពីមកពីអង្គការសហប្រជាជាតិវិញ គឺយើងអាចនឹងជួបកម្មករបានម្តង ប៉ុន្តែកម្មវិធីរបស់ខ្ញុំត្រូវធ្វើដំណើរទៅជប៉ុន ដើម្បីចូលរួមវេទិកាមេគង្គ​-ជប៉ុន ហើយហោះពីជប៉ុនមកចុះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ជា​មួយនឹងអង្គការរូបិយវត្ថុអន្តរជាតិ។ បន្ទាប់ទៅថ្ងៃទី ១៧ ត្រូវហោះចេញពីកម្ពុជាទៅប្រ៊ុចស៊ែល គឺជាទីកន្លែងប្រ​ជុំ​អាស៊ីអឺរ៉ុប។ ដល់ថ្ងៃទី ២០ ត្រូវហោះចេញពីប្រ៊ុចសែល ទៅ Ankara ទួរគី ដើម្បីទស្សនកិច្ច។ ថ្ងៃ ២២ ដល់ថ្ងៃទី ២៥ ខែតុលា ត្រូវហោះទៅហ្ស៊ឺណេវ ដើម្បីចូលរួមវេទិកាពាណិជ្ជកម្ម ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រមាណជាង ២២ នាក់តែប៉ុណ្ណោះ ដែលចូលរួម។ ត្រឡប់មកវិញត្រូវឆ្លងច្បាប់ថវិកាឲ្យបាន ដើម្បីកុំឲ្យហួសកាល​បរិច្ឆេទចុងខែតុលា ដែលនឹងត្រូវរុញទៅឲ្យសភា និងព្រឹទ្ធសភា ដើម្បីឆ្លងនៅចុងខែវិច្ឆិកា និងដើមខែធ្នូ​។

… ហត់នឿយបន្តិច ក៏ប៉ុន្តែទៅគង់តែទៅទេ។ គ្រាន់តែផ្តាំផ្ញើទៅក្មួយៗកម្មករ/ការិនីទាំងឡាយនៅទីកន្លែង ដែលពូមិនទាន់បានទៅដល់ មិនមែនជាការគេចវេះទេ ក៏ប៉ុន្តែនេះជាដំណើរមួយដែលពូត្រូវដោះស្រាយជាមួយនឹងការងារ ដែលជំពាក់ជាប់បន្ថែមទៅលើកិច្ចការ ដែលមានជាប្រចាំថ្ងៃ ត្រូវទៅក្រៅប្រទេស សម្រាប់ការដោះស្រាយកិច្ចការទាក់ទងនឹងដំណើរការអន្តរជាតិ។ ខ្ញុំត្រៀមស្វាគមន៍ដើម្បីជួបខ្មែរយើងនៅឯសហរដ្ឋអាមេរិក ដែលបានដឹងដំណឹងថា ខ្ញុំនឹងទៅទីនោះ។ ពួកគេក៏មកស្វះស្វែងដើម្បីមកជួបខ្ញុំ។ ជួបទាំងអ្នកគាំទ្រ ហើយជួបទាំងអ្នកធ្វើបាតុកម្ម។ ល្អមើលតើ។ មានអី? ប្រជាធិបតេយ្យគឺវាអញ្ចឹង។ តែកុំភ្លេច នៅអូស្ត្រាលី នៅកន្លែងដទៃ គឺឧទាហរណ៍ស្រាប់ហើយ អ្នកមកទទួលខ្ញុំ មកជួបខ្ញុំ និងអ្នកធ្វើបាតុកម្ម អ្នកធ្វើបាតុកម្មមានកម្រិតត្រឹម ១០% នៃអ្នកទទួលខ្ញុំតែប៉ុណ្ណោះ។ ដូច្នេះអ្នកមិនត្រូវគិត ហើយជាទីតាំងរបស់អ្នកកាន់កាប់ទៅទៀត …។

ទោះអង់គ្លេសចេញពី EU ក៏នៅរក្សាការអនុគ្រោះនយោបាយនាំចេញទំនិញពីកម្ពុជា

ខ្ញុំគិតថាអ្វីដែល ឯកឧត្តម អ៊ិត សំហេង បានលើកឡើងហើយ រឿងរ៉ាវទាក់ទងជាមួយនឹងកម្មករ/ការិនី រឿងរ៉ាវទាក់ទងជាមួយនឹងវិស័យឧស្សាហកម្មនេះ យើងត្រូវបន្តការខិតខំ។ ម្សិលមិញ មានការពិភាក្សាជាមួយនឹងអនុរដ្ឋ​មន្រ្តីការបរទេសអង់គ្លេស។ មុននេះ យើងមានការបារម្ភថា បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប តើអង់គ្លេសនឹងបន្តអនុវត្តនូវគោលនយោបាយសម្រាប់ការនាំចេញទំនិញពីកម្ពុជាទៀតឬអត់? ក្រោយពីការធ្វើប្រជាមតិរបស់អង់គ្លេសហើយ យើងបានផ្តល់ការណែនាំឲ្យមន្រ្តីរបស់យើងស្វែងរកការចរចាជាមួយអង់គ្លេស ក៏ប៉ុន្តែ ជាបន្តបន្ទាប់យើងបានទទួលការធានាអះអាងពីសំណាក់អង់គ្លេសថា ទោះអង់គ្លេសចេញពីសហភាពអឺរ៉ុប អង់គ្លេសនៅតែបន្តនូវការផ្តល់ជំនួយសម្រាប់កម្ពុជា ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយនឹងកម្ពុជាបន្តទៅទៀត ដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសកាលពីឆ្នាំកន្លងទៅ មានជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលយើងនាំទៅអង់គ្លេសជាង ១ ពាន់លាន ឯពីអង់គ្លេសមកវិញប៉ុន្មានសិបលានប៉ុណ្ណោះ។

រដ្ឋអធិបតេយ្យ និងរដ្ឋអធិបតេយ្យ គេជួបនិយាយគ្នា មិនមែនជាការគាបសង្កត់

អ្នកខ្លះ ថ្ងៃម្សិលមិញនេះ មុនពេលអនុរដ្ឋមន្រ្តីអង់គ្លេសមកជួបជាមួយខ្ញុំ គេថាអង់គ្លេសនឹងមកគាបសង្កត់​។ ភា​សានេះ (បង្ហាញថា)អ្នកមិនទាន់ស្គាល់អ្វីដែលហៅថារដ្ឋអធិបតេយ្យ និងរដ្ឋអធិបតេយ្យ គេជួបគ្នានោះទេ។ បើអ្នកមិនយល់ អ្នកកុំបោកបណ្តាក់ខ្យង។ ថ្ងៃនេះ ភ្លៀងធ្លាក់ … ក៏ប៉ុន្តែ កុំទៅណាអី? ឥឡូវ បើថាចង់ឲ្យពូនៅកណ្តាល​វាល ក៏ពូសុខចិត្ត។ កំពុងតែក្តៅផង បានទឹកបន្ថែមបន្តិចទៀត មានទៅអី … ខ្ញុំគ្រាន់តែដាស់តឿនថា អ្នកកុំបោកបណ្តាក់ខ្យងអី។ បន្តិចថាអ្នកនេះមកសង្កត់ (បន្តិចថា)អ្នកនោះមកសង្កត់ ក៏ប៉ុន្តែ នៅពេលដែលខ្ញុំពិភាក្សាជាមួយនឹងអនុរដ្ឋមន្រ្តីការបរទេសអង់គ្លេសម្សិលមិញ សប្បាយរីករាយណាស់ជាមួយគ្នា។ យើងសន្ទនាគ្នា ដោយមានការជឿជាក់ជាមួយគ្នាទៅវិញទៅមក។ គេអះអាងថា ជាមិត្តរបស់កម្ពុជា។ ខ្ញុំបាននិយាយដោយត្រង់ថា ខ្ញុំក៏ចាត់ទុកអ្នកឯងជាមិត្ត បានខ្ញុំនិយាយអំពីអ្វីដែលខ្ញុំត្រូវនិយាយជាមួយអ្នកឯង។ ក្នុងនោះ អង់គ្លេសបានប្រកាស អំពីការបន្តការផ្តល់ជំនួយសម្រាប់ការដោះមីននៅកម្ពុជា។ យើងស្នើឲ្យអង់គ្លេសជួយគាំទ្រមជ្ឈមណ្ឌលមីនរបស់អាស៊ាននៅកម្ពុជាទៀតផង … ប៉ុន្តែ អ្វីដែលជាកិច្ចការ ​ខ្ញុំទៅអង្គការសហប្រជាជាតិ មិនសំដៅបកស្រាយពីរឿងកម្ពុជាទេ។ ខ្ញុំទៅអង្គការសហប្រជាជាតិ សំដៅនិយាយភាគច្រើនពីបញ្ហាអន្តរជាតិទៅវិញ។ ព្រោះឥឡូវសភាពការណ៍អន្តរជាតិហាក់ដូចកំពុងបាត់សណ្តាប់ធ្នាប់ខ្លាំងណាស់ ជាពិសេសលើបញ្ហាសេដ្ឋកិច្ច-ពាណិជ្ជកម្មនេះឯង។

មន្រ្តី ឬមេទ័ព បើមានគេបាំងឆ័ត្រឲ្យ កុំយកបញ្ចាំងក្នុងទូរទស្សន៍

ទទឹកក្បាលមនុស្សមិនអីទេ កុំឲ្យទទឹកក្រដាស។ អត់អីទេ ពូអត់ចាំបាច់យកឆ័ត្រមកបាំងទេ ហើយពូក៏អត់មានទម្លាប់ឲ្យមនុស្សយកឆ័ត្រមកបាំងភ្លៀង បើបាំងក៏ពូកាន់ខ្លួនឯងដែរ មិនឲ្យគេកាន់ទេ។ អាហ្នឹងអញ្ចេះ ខ្ញុំសូមនិ​យាយបន្តិច អស់លោកទាំងឡាយជាមន្រ្តី ឬក៏មេទ័ពខ្លះ មេប៉ូលីសខ្លះ ចុះទៅមូលដ្ឋាន បើមានគេបាំងឆ័ត្រ​ឲ្យ កុំយកបញ្ចាំងក្នុងទូរទស្សន៍។ អាក្រក់មើលណាស់លោកអើយ។ អ្នកខ្លះផ្កាយ ៣ ឲ្យស័ក្តិ ៥ បាំងឆ័ត្រឲ្យខ្លួន។ វាដូចជាហួសហេតុពេកហើយ។ បាំងកាមេរ៉ាទៅ ក្រែងលោកាមេរ៉ាវាចូលទឹក។ ​ឥឡូវ ភ្លៀងមកទទឹកពូហើយ ពូអត់រត់ទេ អត់ទៅណាទេ ស្តាប់បាន ឬស្តាប់មិនបាន ចាំស្តាប់ក្រោយតាមទូរទស្សន៍ ព្រោះទូរទស្សន៍ថតពីក្បាលហ្នឹងទៅ … បើដល់ដំណាក់កាលភ្លៀងមក អញ្ចឹងទេ ទាល់តែយកបាវទៅជូតមេឃ។ គ្មានប្រទេសណាមួយ ដែលមានលទ្ធភាពចៀសវាងបាននូវគ្រោះធម្មជាតិនោះទេ។

ក្រសួងកសិកម្មត្រៀមបញ្ចេញពូជ, អភិវឌ្ឍន៍ជនបទ និងសាធារណការ ត្រៀមជួសជុលហេដ្ឋារចនាសម្ព័ន្ធ

រាប់ទាំងពេលនេះ មួយភាគនៃទឹកដីរបស់យើង កំពុងជួបប្រទះនូវគ្រោះជំនន់ទឹកភ្លៀង ដែលកើតឡើងនៅឯខេត្តពោធិ៍សាត់ នៅបាត់ដំបង នៅប៉ៃលិន នៅបន្ទាយមានជ័យ ដែលជួបនូវជំនន់ទឹកភ្លៀង កំពង់ស្ពឺ ងាកមកភ្នំ​ពេញ មួយភាគរបស់ខេត្តកណ្តាល ប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ឯខេត្តមួយចំនួនទៀត ប៉ះពាល់ដោយជំនន់មេគង្គតែម្តង រួមមានស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តកណ្តាលរបស់យើងនេះ ដែលខ្ញុំសូមយកឱកាស ដាស់តឿនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមបន្តចាត់វិធានការណ៍គ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហានានា ដែលទាក់ទងជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងលិចលង់នៅពេលនេះ។ សុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំបញ្ចេញនូវគ្រាប់ពូជទាំងឡាយ ដែលប្រជាជនត្រូវការ។ ឥឡូវនេះ ស្រូវរបស់យើងបានខូចខាតមួយចំនួន ដែលពួកគាត់ត្រូវធ្វើឡើងវិញ។ យើងក៏ត្រូវបញ្ចេញនូវគ្រាប់ពូជ។ ឯគ្រាប់ពូជមួយចំនួន ជាគ្រាប់ពូជជាបន្លែបង្ការ ដែលយើងត្រូវដោះស្រាយឲ្យកសិករយើងនៅតំបន់ដែលមានការលិចលង់។ ក្រ​សួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ ពិនិត្យមើលអំពីបញ្ហាផ្លូវ/ថ្នល់ ដែលមានការខូចខាតយ៉ាងច្រើននៅក្នុងឆ្នាំនេះ។ យើងបានត្រៀមបម្រុងថវិកាដើម្បីសង្រ្គោះនូវសភាពការណ៍នេះ។ អញ្ចឹងបានជា ជានិច្ចជាកាល យើងមិនដែលហ៊ានចាយនូវថវិកាដែលយើងបម្រុងទុកសម្រាប់គ្រោះមហន្តរាយទេ។

ក្រសួងធនធានទឹក ត្រៀមជួសជុលប្រឡាយ, ក្រសួងសុខាភិបាលត្រៀមព្យាបាល និងផ្តល់ថ្នាំ

យើងត្រៀមកញ្ចប់ថវិកា ក្នុងករណីដែលកញ្ចប់ថវិកាសង្រ្គោះគ្រោះមហន្តរាយនេះ មិនគ្រប់គ្រាន់។ យើងនឹងខិត​ខំត្បិតត្បៀតក្នុងការចំណាយផ្នែកផ្សេង ដើម្បីរុញទៅឲ្យការសង្រ្គោះដោះស្រាយបញ្ហាបន្ទាប់ពីគ្រោះទឹកជំនន់នេះ។ ផ្លូវថ្នល់ខូចយ៉ាងច្រើន ប្រឡាយទឹកដែលក្រសួងធនធានទឹកត្រូវពិនិត្យ ដោះស្រាយអំពីបញ្ហា ទាក់ទងនឹងការខូចបែកបាក់ប្រឡាយទឹក ទំនប់ទឹកជាដើម។ ទាំងអស់នេះ មិនមែនជាការងាយស្រួលទេ ក្រសួងសុខាភិបាលត្រូវតែពិនិត្យផ្តល់ពេទ្យ ថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់ ជាមួយនឹងតំបន់សុវត្ថិភាពទាំងឡាយដែលប្រជាពល​រដ្ឋកំពុងលិចលង់។ មន្ទីរពេទ្យដែលនៅនឹងកន្លែងបម្រើសេវានៅតំបន់រងគ្រោះ ក៏ត្រូវតែខិតខំដើម្បីផ្តល់សេវាសុខភាពសម្រាប់ប្រជាពលរដ្ឋ។ ជាពិសេស ក្រោយទឹកលិច ដែលជាទម្លាប់កាលពីពេលមុនច្រើនមានជំងឺអាសន្នរោគ។ ប៉ុន្តែ ចាប់ពីជំនន់ឆ្នាំ ២០០០-២០០១​ មក តាំងពីពេលនោះ ជំងឺអាសន្នរោគដែលធ្លាប់កើតមាន វាមិនមានទេ កើតមួយលើក នៅស្រុកពារាំង ក្នុងឆ្នាំ ២០០០។ មួយលើកទៀតនៅស្រុកលើកដែក ខេត្តកណ្តាល។ ប៉ុន្តែ ដោយសារកម្មវិធីអនាម័យ យើងក៏បានដោះស្រាយដើម្បីកុំឲ្យមានជំងឺអាសន្នរោគក្រោយពេលទឹកស្រក។ អញ្ចឹង​ទេ​យើង​មានកិច្ច​ការធ្វើ​ច្រើនណាស់ ដើម្បីស្ដារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋ។

អំពាវនាវឲ្យធនាគារជាតិ ក្រសួងហិរញ្ញវត្ថុ ធ្វើការជាមួយមីក្រូហិរញ្ញវត្ថុ សម្រួលដល់អ្នករងគ្រោះទឹកជំនន់

ខ្ញុំក៏សូមយកឱកាសនេះ​ អំពាវនាវដល់ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ សូមធ្វើការជាមួយមីក្រូ​ហិរញ្ញវត្ថុទាំងឡាយ ដើម្បីអនុគ្រោះចំពោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះទឹកជំនន់ ជួបនឹងការខូចខាត ដោយ​បន្ធូរបន្ថយរយៈពេលសង ឬបន្ធូរបន្ថយមិនយកការប្រាក់ ក្នុងរយៈពេលណាមួយដើម្បីកាត់បន្ថយ​ការលំបាក​ ព្រោះពេលនេះ ស្រូវដែលគាត់ធ្វើ ផលដំណាំដែលគាត់ធ្វើ បានខូចខាតទៅហើយ ដូច្នេះលទ្ធភាព​សងរបស់​គាត់​តាម​ការ​កំណត់ មិនអាច(ធ្វើទៅកើត)ទេ។ ដូច្នេះ កុំរឹបអូសទ្រព្យសម្បត្ដិគាត់។ ផ្ទុយទៅវិញ​ ត្រូវមានការយោគយល់​អធ្យាស្រ័យដល់គាត់ ពន្យារពេលសង ថែមទាំងមិនយកការប្រាក់។ សូមឲ្យធនាគារជាតិរួមជា​មួយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើកិច្ចការងារនេះ។ ខ្ញុំសង្ឃឹមថា គណៈពង្រឹងមូលដ្ឋានទាំងអស់ នឹងបន្តធ្វើកិច្ចការ​នេះនៅតាមមូលដ្ឋាន ដែលមានមីក្រូហិរញ្ញវត្ថុតាំងនៅទីនោះ ដើម្បីកាត់បន្ថយនូវការលំបាករបស់ប្រជាជន​ យើងត្រូវធ្វើសកម្មភាពទាំងអស់គ្នា។ ត្រូវមានការចូលរួមទាំងអស់គ្នាពីសំណាក់ប្រជាពលរដ្ឋ  និងវិស័យ​ឯកជនផងដែរ។

ទឹកជំនន់មិនប៉ះពាល់ដល់ការប្រឡងបាក់ឌុប្លិ៍, បន្តជួបសិស្សបាននិទ្ទេស A

ឆ្នាំនេះ វាជាភ័ព្វសំណាងរបស់យើង ដែលការប្រឡងបានបញ្ចប់ទៅ ២ ថ្ងៃ រួចមកហើយនេះ​ (ទឹកជំនន់)មិនបានប៉ះពាល់ដល់ការប្រឡងបាក់ឌុប្លិ៍ ឬការប្រឡង(មធ្យមសិក្សា)ទុតិយភូមិទេ យើងបានប្រឡងចប់​ហើយ​។ កំណែទាំងឡាយកំពុងបានធ្វើ ហើយក៏ត្រូវមានការរៀបចំមួយ ឆ្នាំនេះ ខ្ញុំនឹងបន្ដជួបសិស្សនិទ្ទេស A បន្តទៀត​។​ ទីស្ដីការគណៈរដ្ឋមន្ដ្រីត្រូវរៀបចំខ្លួន តាំងពីរង្វាន់ដូចឆ្នាំមុនអញ្ចឹង មានតាំងពី iPad ​​ស្អីដែលជាកាដូ សម្រាប់​សិស្សនិទ្ទេស A តាមសាលារៀន ដែលនឹងត្រូវមកជួប។ បន្ដិចទៀត ក្មួយៗដែលប្រឡង នឹងត្រូវដឹង​ពីពិន្ទុរបស់ខ្លួនជាប់ ឬមិនជាប់។ អបអរសាទរទុកជាមុន សម្រាប់អ្នកប្រឡងជាប់ តែសូមអំពាវនាវដល់ក្មួយៗជា​សិស្សដែលមិនប្រឡងជាប់ សូមឲ្យខិតខំរៀនបន្ដដើម្បីឆ្នាំក្រោយ ខ្លួននឹងបន្ដការប្រឡងសាជាថ្មីទៀត។

យើងមិនទុកអ្នកធ្លាក់បាក់ឌុប្លិ៍ចោលទេ

សូមកុំអស់សង្ឃឹម ក្មួយៗដែលមិនប្រឡងជាប់ ក៏នៅមានឱកាសរៀនយកបរិញ្ញាបត្ររង​ ដែលក្រសួង​អប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យក្មួយៗដែលប្រលងមិនជាប់បាក់ឌុប្លិ៍ មានលទ្ធភាពរៀនយកបរិញ្ញាបត្ររង​ ហើយចូលទៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបានសេចក្ដីថា ជាឱកាសរបស់យុវជនដែលប្រឡងជាប់​បាក់ឌុប្លិ៍។ នឹងមិនបន្សល់ទុកអ្នកប្រឡងមិនជាប់ ឲ្យបាត់បង់ការសង្ឃឹមនោះទេ។ នៅមានការសង្ឃឹម។ រៀនសូត្រ​បន្ដ​ដើម្បីប្រឡងឆ្នាំក្រោយ នៅមានការសង្ឃឹម ការរៀនយកបរិញ្ញាបត្ររង និងនៅមានការសង្ឃឹមការចូលរៀន​បណ្ដុះ​​​បណ្ដាលវិជ្ជាជីវៈ ដែលមានទីតាំងនៅតាមបណ្ដាខេត្ត ហើយអ្នកដែលបានទទួលការប​ណ្ដុះបណ្ដាលវិជ្ជាជីវៈ​នោះហើយ​ ដែលជាធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្ម​ កសិកម្ម និងវិស័យសេវាផងដែរ។​

ភាគីពាក់ព័ន្ធពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំក្រោយ (​២០១៩)

ខ្ញុំមកទីនេះ បើទោះបីថា ឆ្លងកាត់ភ្លៀង ហើយការនិយាយរបស់ខ្ញុំវាយូរដែរហើយ តែខ្ញុំមិនភ្លេចអំពាវនាវ​ ម្ចាស់​រោងចក្រ និងកម្មករឲ្យមានការសាមគ្គីគ្នា ដែលខ្ញុំចង់ឃើញរោងចក្រមួយជាតំបន់សុខ​សាន្ដ ជាភូមិឋានសុខ​សាន្ដមួយ ដែលមានសាមគ្គីភាពរវាងម្ចាស់រោងចក្រ អ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវគ្រប់កម្រិត ជាមួយ​កម្មករ​/ការិនី ដែលជាការបំពេញឲ្យគ្នាទៅវិញទៅមក។ ហើយពេលនេះជាពេលវេលា ដែលក្រសួងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមជាមួយម្ចាស់រោងចក្រ រួមជាមួយនឹងតំណាងកម្មករ ពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជាបន្ដទៀត​សម្រាប់ឆ្នាំក្រោយ។ ឆ្នាំទៅ ក្មួយៗអនុវត្ដ ១៥៣ ដុល្លារ សហរដ្ឋអាមេរិក ឆ្នាំនេះក្មួយៗកំពុងអនុវត្ដ ១៧០ ដុល្លារ ហើយឆ្នាំក្រោយចំនួនប៉ុន្មាន គឺទុកលទ្ធភាពឲ្យពិភាក្សាគ្នា។ រឿងនេះ យន្ដការត្រីភាគី ដែលតំណាងឲ្យ​ផល​ប្រយោជន៍​​នៃភាគីពាក់ព័ន្ធទាំងអស់ ខិតខំធ្វើការ។

បញ្ចុះថ្លៃអគ្គិសនី បានផលដល់ប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស

រាជរដ្ឋាភិបាលបានខិតខំធ្វើច្រើនណាស់ហើយ កម្មវិធីបញ្ចុះ​ថ្លៃអគ្គិសនី ២០១៩-២០២០ គឺជាផ្នែក​ដ៏សំខាន់មួយ ដែលក្មួយៗត្រូវទទួលបានផល មិនមែនគ្រាន់តែប្រជាជនទូទាំងប្រទេស អ្នកប្រើប្រាស់​អគ្គិស​នី​តាម​ផ្ទះជាអ្នក​ទទួលបានផលពីតម្លៃអគ្គិសនីទេ ប៉ុន្ដែរោងចក្រ សហគ្រាស ក៏ត្រូវទទួលបានផលពីការ​បញ្ចុះ​ថ្លៃអគ្គិសនីផងដែរ ទាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវា។ ដូច្នេះការទទួលបានផលទាំងនោះ វាជាចំណែកមួយនៃការតម្លើងបៀវត្សរ៍ឲ្យកម្មករ/ការិនីនៅតាមបណ្ដាក្រុមហ៊ុននានា។ ថ្ងៃនេះ ប្រហែលគីឡូពូចុះហើយ ដល់ក្រោម ៧០ kg ហ៊ឹងត្រចៀកហើយនេះ ប៉ុន្ដែនិយាយនៅតែលឺអត់ស្អក​ … ពេទ្យឲ្យ​ចុះនៅគីឡូ ៦៨ ក្នុងកំពស់របស់យើង ១ ម៉ែត្រ ៧០ ប៉ុន្ដែកាលណាគីឡូចុះមកនៅក្រោម ៧២ ហ៊ឹងត្រចៀក។ ព្រឹកមិញ ភ្ញាក់ពីដេកឡើង ថ្លឹងនៅសល់ ៧០ គីឡូ ៤ ខាំ ហើយព្រឹកមិញផឹកកាហ្វេតែមួយពែង និងតែមួយពែង អត់មានអីទាំងអស់ក្នុងពោះ។ អម្បាញ់មិញមកតាមនេះ បែកញើសមួយជោគ បែបគីឡូនៅក្រោម ៧០ kg …។

មានសន្ដិភាពទៅដើរលេងនៅទីណាក៏បាន

កៀនស្វាយនេះក្មួយអើយ! ពីដើមមិនដឹងទៅលេងនៅឯណាទេ (យើងនេះសំរោងធំ? កៀនស្វាយនៅឯក្រោយ​វិញនោះទេ) កាលនោះកូនៗនៅតូចៗ នាំតែមកលេងនៅហ្នឹង។ ត្រីរ៉ស់ និងជ្រក់មមាញ នៅកៀនស្វាយហ្នឹង។កាល​ពីដើមទៅណា សង្គ្រាមហ្នឹងច្រើនអស់ហើយត្រឹមកៀនស្វាយ។ តែឥឡូវនេះ តំបន់ទេសចរណ៍ទៅណាក៏បាន​អត់មានអ្នកណាបាញ់អីទេ នោះហើយជាកត្ដាសន្ដិភាព ដែលយើងរកបានដោយលំបាក។ ក្មួយៗកម្មករ​/ការិនីបានបោះឆ្នោតជ្រើសរើសសន្ដិភាព ដើម្បីធានាការអភិវឌ្ឍ។ ពូអរគុណ ហើយត្រូវបន្ដរួមគ្នា​ថែទាំ​អាហ្នឹង។ ​កុំទុកឲ្យពួកអនុភាពប្រតិកិរិយាណាមួយ បើទោះបីវាអសិរពិសយ៉ាងណាក៏ដោយ​ វាបំផ្លិចបំផ្លាញនូវសមិទ្ធផលសន្ដិភាព ដែលយើងរកបានដោយលំបាក ហើយសន្ដិភាពនេះជាមូលដ្ឋាន នៃការអភិវឌ្ឍបន្ដរបស់​យើង។ ក្មួយៗត្រូវបន្ដជាមួយគ្នា ដើម្បីរក្សាទុកនូវសន្ដិភាព ការងារធ្វើ ប្រាក់បៀវត្ស ដែលយើងកំពុងមានត​ទៅទៀត​។

បន្ទាប់ពីទឹកជំនន់ យើងត្រូវមានការងារច្រើនដែលត្រូវស្ដារឡើងវិញ

យើងត្រូវធ្វើការច្រើនណាស់។ ឆ្នាំនេះគ្រោះមហន្ដរាយធម្មជាតិ តម្រូវឲ្យយើងត្រូវចាយប្រាក់កាស​។ ការដោះស្រាយបញ្ហា ការចែកជំនួយដោយកាកបាទក្រហមកម្ពុជា ឬដោយសប្បុរជន វាជាការដោះស្រាយដំណាក់កាល​ខ្លីមួយតែប៉ុណ្ណោះ។ ប៉ុន្ដែ ការដោះស្រាយដើម្បីស្ដារជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់ពូជ​ ការផ្ដល់​ទុន ដូចដែលពូបាននិយាយអម្បាញ់មិញ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ។ តែកុំអ្នកណាខ្លះលិចត្រឹមជើងជណ្ដើរ ក៏ខូចខាត​នឹងគេដែរ ត្រូវវាយតម្លៃឲ្យច្បាស់។ ទាល់តែខូចមែនទែន ស្រែអស់ ១ ហិកតា ២ ហិកតា អាហ្នឹងចាំអនុគ្រោះ។ ប៉ុន្ដែលិចក្រោមជណ្ដើរអនុគ្រោះនឹងគេដែរ? ត្រូវកត់ត្រាឲ្យបានច្បាស់។ ស្រង់ទិន្នន័យឲ្យ​ច្បាស់​។ ប៉ុន្ដែ អ្វីដែល​ធំ ផ្លូវជាតិរបស់យើងខូចខាតខ្លាំងណាស់។ ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ផ្លូវលេខ ៤៨ កោះកុង​ ធ្ងន់ធ្ងរ។ មិន​ដឹងផ្លូវលំប៉ុន្មានខ្សែ ដែលត្រូវរងផលប៉ះពាល់នឹងត្រូវបញ្ចេញថវិកា។ អញ្ចឹងទេ បានជាការអនុម័តច្បាប់ថវិកាឆ្នាំក្រោយនេះ ប្រហែលជាមួយភាគត្រូវចេញ​ទៅចំណាយបំពេញឲ្យការខូចខាតឆ្នាំនេះ។ ដូច្នេះ ជាកញ្ចប់ថវិកាមួយ​មិនធម្មតា ដែលយើងត្រូវដំណើរការដោះស្រាយ។ ហ្នឹងហើយដែលហៅថា ការគ្រប់​គ្រងប្រទេស ការដឹកនាំប្រទេស … មិនមែនជាដំណើរទេសចរណ៍មួយទេ​។ អ្នកខ្លះគិតស្មានថា វាគឺជាការងាយស្រួល មើលឃើញមួយជ្រុងនេះ តែខ្វះមួយជ្រុងនោះ តែរាជរដ្ឋាភិបាលត្រូវមើលឃើញគ្រប់ទិស គ្រប់ទីកន្លែងទាំងអស់។

ក្រោយបោះឆ្នោត ២០១៣ នាំគ្នាធ្វើបាតុកម្ម អ្នកភ្នំពេញរកស៊ីមិនបាន

… តែយើងមានពេលវេលាដើម្បីនឹងធ្វើ។ បើឆ្នាំ ២០១៣ បោះឆ្នោតរួចហើយកាលនោះ ក៏ទឹកធំដែរ គេរវល់តែនាំគ្នាធ្វើបាតុកម្ម ខានធ្វើស្រែ ធ្វើចម្ការ ព្រោះគេធ្វើបាតុកម្ម ព្រោះអញ្ចេះ មកធ្វើបាតុកម្ម អ្នកខ្លះមិនបានធ្វើថា ហ្អែងជួយយកម៉ូតូឲ្យអញមួយផង ព្រោះអ្នកមកធ្វើបាតុកម្មលើកនោះ សំដៅមកលួចទំនិញពីអ្នកនៅទីក្រុងភ្នំពេញ។ មួយចំនួនគោលដៅមកធ្វើបាតុកម្ម​ ផ្តាំគ្នាមកយកឥវ៉ាន់។ ខ្លះលក់ឆ្កែ ឆ្មា ទាំងមាន់ មកធ្វើបាតុកម្ម គោលបំ​ណង​មួយភាគ នៃអ្នកចូលរួមបាតុកម្ម គឺលួចឥវ៉ាន់។ អ្នកភ្នំពេញមានពិសោធន៍ហើយ។ ដូច្នេះ អ្នកភ្នំពេញឆ្នាំនេះបោះឆ្នោតឲ្យគឺ សមាមាត្រដូចជា ៧៧% ព្រោះអ្នកភ្នំពេញរកស៊ីមិនបាន។ តិចៗបិទតូបៗ ពេលបោះឆ្នោតរួចហើយ។ អ្នកខ្លះថា បោះរួចហើយរកស៊ីមិនបាន។ គាត់ជេរមែន គាត់ជេរអាគេបាញ់។ ហ្នឹងខ្ញុំថាតាមគាត់ទេណា។ ខ្ញុំអត់ជេរអ្នកឯងអាគេបាញ់ទេ ប្រជាជនអ្នកជេរ ខ្ញុំលឺគាត់អញ្ចឹង ខ្ញុំថាតាមទៅ។ ប៉ុន្តែ ឥឡូវបោះឆ្នោតរួចហើយ ពីមុនបោះឆ្នោតដីវាឡើងថ្លៃល្មមទេ ឥឡូវក្រោយបោះឆ្នោត ដីឡើងថ្លៃលើសដើម។ ពីមុន មុនបោះឆ្នោត ដីនៅទ្រឹង ក្រោយបោះឆ្នោតដីនៅទ្រឹងទៀត។

ឃោសនាបោះឆ្នោត ២១០៨ ចំណូលថវិកាមិនធ្លាក់ ក្រោយបោះឆ្នោត បន្ទុកចំណាយកើនលើសគ្រោងទុក

ឥឡូវអត់ទេ ហើយចំណូលថវិការបស់យើងពេលឃោសនាបោះឆ្នោតអត់មានការធ្លាក់ចុះទេ។ ប៉ុន្តែ បន្ទុកចំ​ណាយយ៉ាងណាក៏ដោយ ពេលនេះ ត្រូវតែធំជាងពេលមុន ប្រៀបធៀបទៅនឹងការគ្រោងទុក នោះគឺចំណាយសង្គ្រោះប្រជាពលរដ្ឋ សង្គ្រោះនូវអ្វីដែលបានខូចខាតក្នុងទឹកជំនន់។ តែមិនទាន់ដល់ពេល ដែលយើងអំពាវនាវសុំជំនួយអន្តរជាតិនោះទេ។ ផ្ទុយទៅវិញ យើងបានជូនជំនួយរបស់យើងទៅប្រទេសឡាវ ១០ ម៉ឺនដុល្លារ ខាងផ្នែករាជរដ្ឋាភិបាល ខាងកាកបាទក្រហម ៥ ម៉ឺនដុល្លារ ទៅកាន់ប្រទេសឡាវ ដែលបាក់ទំនប់។ តែយើងគឺមិនមានការ​ចាំបាច់ដើម្បីស្នើសុំជំនួយបរទេសមកជួយគ្រោះទឹកជំនន់នៅក្នុងប្រទេសរបស់យើងទេ។ យើងមានលទ្ធភាពដោះស្រាយនៅក្នុងប្រទេសរបស់យើង។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ ប៉ុណ្ណេះទៅចុះ … ប៉ុន្តែ នៅជួបក្មួយៗ(មានផ្ទៃពោះ) ៧៨៣ នាក់ទៀត។ ទោះបីប៉ុណ្ណឹង តិចថា ហ៊ុន សែន រលំ? បបួលរាំវង់សាកជាមួយគ្នាទៅមើល ហ៊ាន ឬមិនហ៊ាន? … ថ្ងៃនេះ ពូបាននាំមកសម្រាប់ក្មួយៗជាកម្មករ/ការិនី ១៧៥០៣ នាក់ ដែលមកពីរោងចក្រទាំង ១២ ក្នុងម្នាក់ៗមិនច្រើនទេ គឺ ២ ម៉ឺនរៀល តែប៉ុណ្ណោះ។ នេះគឺជាការដែលគេហៅថា កំដរដៃសម្រាប់ក្មួយប៉ុណ្ណឹង។ កន្លងទៅ សុំអភ័យទោសចំពោះគ្រូពេទ្យគ្រប់ទីកន្លែងទាំងអស់ ដែលមិនបានឲ្យគ្រូពេទ្យ ការពិតគ្រូពេទ្យហត់អត់ដែលបានឲ្យគ្រូពេទ្យផង។ អត់ព្រមរំលឹក។ ប៉ុន្តែ បានជំនួយការរំលឹកដែរ … អញ្ចឹងសូមអភ័យទោសចំពោះក្រុមគ្រូពេទ្យទាំងឡាយ ដែលរាល់ដងមិនដែលជូនគាត់ទេ។ គ្រូពេទ្យហ្នឹង បន្តិចៗគ្រាអ្នកពោះធំទៅហើយ។ គាត់ហត់។ អញ្ចឹងទេ ជូនក្រុមគ្រូពេទ្យដែលប្រចាំការក្នុងអង្គពិធី មិនមែនគ្រូពេទ្យទាំងអស់ទេ សូមជូន ៥ លានរៀលសម្រាប់ក្រុមគ្រូពេទ្យ។ ហើយក្រុមតន្រ្តីសម័យ គឺ ៥ លានរៀល កំដរក្មួយៗ។

ចម្រៀង ២ បទប្រចាំត្រកូល

ព្រឹកមិញនេះ ប្រហែលជាបានស្តាប់ចម្រៀងច្រើនហើយ ប៉ុន្តែ យ៉ាងណាកុំភ្លេច ចម្រៀងចាប់ផ្តើមពីកន្សែងក្រ​ហម និពន្ធពិសេសរបស់លោក ហ៊ុន ហេង សម្រាប់កម្មករ/ការិនី។ បន្ទាប់ទៅ បទប្រចាំត្រកូលរបស់ពូនេះ មានបទ ពាមកោះស្នាវាចាប្រុសស្នេហ៍ អាហ្នឹងនឹកឃើញរឿងដើមអស់ហើយ រួចហើយមាន ២ បទទៀត មួយ ទុក្ខស្រីប្តីព្រាត់ អាហ្នឹងក៏ជាបទប្រចាំត្រកូលមួយដែរ ឯបទមួយទៀត ឥឡូវមិនដឹងថា ហ៊ឹម ស៊ីវន មកឬអត់? បើ ស៊ីវន មក ម្ចាស់បទបណ្តោយ កុំភ្លេចច្រៀងអនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម។ បទ ២ បទនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់ ហ៊ុន សែន ទេ ក៏ប៉ុន្តែ ស្រ្តីច្រើនណាស់ដែលជួបប្រទះនូវទុក្ខសោកនោះ។ បទ ទុក្ខស្រីប្តីព្រាត់ ដែលច្រៀងដោយ ម៉េង កែវពេជ្ជតា ហើយដែលបានថតនៅឆ្នាំ ១៩៩៥ គឺបង្ហាញអំពីទុក្ខសោករបស់ស្រ្តីទាំងឡាយ ដែលជាជីដូន ជាម្តាយរបស់ក្មួយៗកាលពីសម័យ ប៉ុល ពត។ ពូខ្លួនឯងបានជួបប្រទះនូវរឿងរ៉ាវអកុសលនេះ។ ឯមួយបទទៀត ដែលនិពន្ធដោយលោក ហ៊ុន ហេង ប៉ុន្តែ ភរិយារបស់ពូជាអ្នក​ណែនាំ អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម គឺជាជីវិតពិតរបស់ពូ​ ដែលបានបាត់បង់កូននៅថ្ងៃទី ១០ វិច្ឆិកា ១៩៧៩ ពូបានជួបប្រទះនូវរឿងរ៉ាវទាំងអស់នេះ។ អញ្ចឹងបានជាចម្រៀងទាំងអស់នេះ វាគ្រាន់តែជាការដាស់តឿនមួយថា កុំឲ្យប្រទេសរបស់យើងឆ្លងកាត់របបបែបនេះតទៅទៀត។

បោះឆ្នោតឲ្យគណបក្សប្រជាជន ស្មើនឹងតបស្នងគុណដល់មាតាបិតា ជីដូនជីតាខ្លួនឯង

ពូអរគុណចំពោះការចូលរួមរបស់ក្មួយៗនៅថ្ងៃនេះ ហើយព្យាយាមទាំងភ្លៀង ទាំងក្តៅ សម្រាប់ការស្តាប់ពូនៅក្នុងការសំណេះសំណាល។ ពូសូមផ្តាំផ្ញើតាមរយៈក្មួយៗទៅសួរសុខទុក្ខជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ប្រ​សិនបើពួកគាត់នៅរស់ អរគុណចំពោះពួកគាត់ដែលបានចូលរួមជាមួយពូ ​ជាមួយគណបក្សប្រជាជនតាំងពីដើមរៀងរហូត តាំងពីជីដូនជីតា ដល់ឪពុកម្តាយ មកដល់ក្មួយៗទៀត បើគ្មានពួកគាត់ទេ ក៏គ្មានក្មួយៗដែរ។ ដូច្នេះ ក្មួយៗបោះឆ្នោតឲ្យគណបក្សប្រជាជន មិនខុសពីការបោះឆ្នោតឲ្យជីដូនជីតា និងឪពុកម្តាយរបស់ខ្លួនឯងទេ ព្រោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ជាអ្នករួមចំណែកបង្កើតសន្តិភាព ផ្តួលរំលំ ប៉ុល ពត ទប់ស្កាត់ ប៉ុល ពត និងកសាងអ្វីៗសម្រាប់ក្មួយៗ។ មិនមែនគ្រាន់​តែការបោះឆ្នោតឲ្យគណបក្សប្រជាជន មិនមែនគ្រាន់តែជាការបោះឆ្នោតឲ្យ ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តីទេ មានតម្លៃបោះឆ្នោតឲ្យជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗខ្លួនឯង។ អ្វីដែលជាមោទនភាពមិនមែនជាមោទនភាពរបស់ ហ៊ុន សែន ទេ មិនមែនជាមោទនភាពរបស់ ជា ស៊ីម ហេង សំរិន ទេ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមចំណែកធ្វើឲ្យប្រទេសនេះងើបចេញផុតពីរបប ប៉ុល ពត។ ការកសាងប្រទេសនេះមកដល់ពេលនេះ តម្លៃនេះគឺជាតម្លៃរួមរបស់ជាតិយើង ហើយបើនិយាយដោយឡែក ជាតម្លៃរបស់ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ។ ការបោះឆ្នោតនោះ គឺជាការតបស្នងសងគុណមាតាបិតា ជីដូនជីតារបស់ក្មួយៗដូចគ្នាដែរ។ ពូអរគុណ ហើយជូនពរចំពោះក្មួយៗ ក៏ដូចជាសម្តេច ឯកឧត្តម លោកជំទាវ ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...