សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាលជាមួយកម្មករ និយោជិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

CNV: 

គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត ការជួបជុំកម្មករនៅតែបន្ត

ថ្ងៃនេះ ពូពិតជាមានការរីករាយដែលបានជួបជាមួយនឹងក្មួយៗ តាមអ្វីដែលយើងបាននិយាយគ្នាកាលពីមុនបោះឆ្នោត។ ពេលនោះ ពូនៅចាំបានថា ពូបាននិយាយទៅកាន់ក្មួយៗ កម្មករ/ការិនីនៅកន្លែងមួយចំនួនថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺពូនឹងបន្តជួបជាមួយនឹងកម្មករ/ការិនីតទៅទៀត បន្ទាប់ពីការបោះឆ្នោតរួច។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតទេ កម្មវិធីនោះ(ជួបកម្មករ)នឹងត្រូវបញ្ឈប់ដែរ ព្រោះវាជាកិច្ចការ នៃអនាគតរបស់នាយករដ្ឋមន្រ្តីក្រោយ។ ឥឡូវនេះ ទោះបីថា ការប្រកាសលទ្ធផលផ្លូវការ នឹងត្រូវរង់ចាំប៉ុន្មានម៉ោងទៀត បើយោងទៅលើការផ្ដល់ព័ត៌​មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជូនទៅបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ ដូចជានៅម៉ោង ៧ កន្លះយប់នេះ ដែលនឹងប្រកាសលទ្ធផលផ្លូវការ(នៃការបោះឆ្នោត) ហើយក៏ប្រកាសចំនួនអាសនៈ និងប្រកាសបេក្ខជនជាប់ឆ្នោតសម្រាប់មុខតំណែងតំណាងរាស្រ្តផងដែរ។

គណបក្សប្រជាជននាំមុខ ហ៊ុន សែន នឹងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មី

ទោះបីមិនទាន់ប្រកាសផ្លូវការក៏ដោយ ក៏ប៉ុន្តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខនៅក្នុងការកាន់កាប់អាសនៈនៅក្នុងសភា ហើយដែលឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ក្នុងនោះ បេក្ខជនដែលត្រូវបានមហាសន្និបាទតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាអនុម័ត គឺ ហ៊ុន សែន នេះជានាយករដ្ឋមន្រ្តីតទៀត។ ដូច្នេះហើយ បានជាចាប់តាំងពីក្រោយពេលបោះឆ្នោត រយៈពេល ៣ អាទិត្យ នេះជាអាទិត្យទី ៣ ក៏ជាវេទិកាទី ៣ ក្រោយពេលបោះឆ្នោតផងដែរ។ នេះហើយគឺជាចំណុចដែលពូធ្លាប់បាននិយាយកាលពីពេលមុន ហើយពូមិនមានទម្លាប់ក្នុងការផ្លាស់ប្ដូរឥរិយាបថណាមួយ បន្ទាប់ពីខ្លួនបាននិយាយ ដូចជាការសន្យា ឬការអះអាងកាលពីពេលមុននោះទេ។

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាសាលារាជធានីភ្នំពេញ បានរៀបចំជួបជុំគ្នានៅទីនេះ។ អម្បាញ់មិញ មកតាមផ្លូវក៏មិនបានមើលកន្លែងនេះកន្លែងនោះប៉ុន្មានទេ ដោយសារតែយើងត្រូវមើលព័ត៌មានខ្លះ ដែលគេវាយចូលតាម WhatsApp តាមស្អីៗហ្នឹង​។ ក្រោកតាំងពីម៉ោង ៥ កន្លះភ្លឺដែរ ព្រោះក៏ដឹងថា ក្មួយៗឲ្យតែព្រលឹមឡើង ៦ ជាង ជួបជុំគ្នាហើយ។ អញ្ចឹងទេ ក៏ត្រូវក្រោកម៉ោង ៥ កន្លះភ្លឺផងដែរ ដើម្បីមកជួបជុំ កុំឲ្យវាថ្ងៃពេក។ ស្រាប់តែគេថាមកតាម Grand (Phnom Penh) ក៏សួរ ទៀ បាញ់ អានេះឡូត៍ទី ១០ ប៉ុន្តែខានចូលតារាងហ្នឹង ២ ឆ្នាំហើយ មិនដែលបានមកវាយកូនហ្គោលទេ។ មកតារាងតូចៗ មកហាត់ប្រាណ ដើរឲ្យបែកញើសអញ្ចឹងទេ។ ប៉ុន្តែពីដើមឧស្សាហ៍មកវាយតារាងនេះ ក្នុងមួយអាទិត្យ ឬពីរអាទិត្យម្ដង មកតារាងជាប់ហ្នឹង។

ជំនួបលើកទី ៥៣ ជាមួយកម្មករ

ថ្ងៃនេះ យើងរៀបចំវេទិកានៃការជួបជុំនេះ ដែលមានក្មួយៗជាកម្មករ/ការិនីរហូតទៅដល់ ១៥.៣៦៨ នាក់ ដែលមកពីរោងចក្រចំនួន ៩៖ នៅខណ្ឌឫស្សីកែវចំនួន ៣ រោងចក្រ, ជ្រោយចង្វារចំនួន ៤ រោងចក្រ, ព្រែកព្នៅចំនួន ១ រោងចក្រ និង ១ ទៀតមកពីខណ្ឌពោធិ៍សែនជ័យ។ តាមរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះជាលើកទី ៥៣ (នៃការជួបជុំជាមួយនឹងកម្មករ)។ អញ្ចឹងបើយើងគិតសម្រាប់អាទិត្យក្រោយ គឺលើកទី ៥៤ អញ្ចឹងគ្រប់មួយឆ្នាំគត់ … ៥៤ ដងនៃជំនួបរបស់នាយករដ្ឋមន្រ្តីម្នាក់ ដែលត្រូវជួបជាមួយកម្មករផ្ទាល់ ក្រៅពីទីក្រុងភ្នំពេញ យើងនៅមានខេត្តកណ្ដាល នៅមានខេត្តកំពង់ស្ពឺ នៅមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។

ជម្រុញគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម

… មិនមែនជារឿងធម្មតាពេកទេ ដែលពូឆ្លៀតយកឱកាសនេះ ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥។ នេះជាចំណុចស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីជោគជ័យនៃគោលនយោបាយផលិកម្មស្រូវ និងការនាំចេញអង្កររបស់កម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម។ យើងកំពុងបន្តផ្ដោតទៅលើការអភិវឌ្ឍជំរុញបន្ថែមនូវការអភិវឌ្ឍនៅក្នុងវិស័យឧស្សាហកម្ម។ ដូច្នេះហើយ បានជាវត្តមានរបស់ពូក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ មិនមែនជារឿងចម្លែកទេ នៅពេលណាដែលគោលនយោបាយគូសវាសបានដាក់ចេញទៅដល់កន្លែងណានោះ គឺតម្រូវអោយមានការយកចិត្តទុកដាក់ព្រមៗគ្នា តាំងពីមេដឹកនាំកំពូល រហូតទៅដល់បណ្ដាផ្នែកដែលនៅខាងក្រោម។

អរគុណប្រជាជនកម្ពុជាទូទាំងប្រទេស ចូលរួមបោះឆ្នោត, បរាជ័យនៃយុទ្ធនាការ “ដេកផ្ទះ ឈ្នះឯង”

ថ្ងៃនេះ ការជួបជុំនេះ ពូក៏សុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះក្មួយៗជាកម្មករ/ការិនីដែលមានវត្តមាននៅទីនេះ និយាយដោយឡែក និងនិយាយរួមចំពោះកម្មករ/ការិនីដែលនៅទូទាំងប្រទេស ហើយជាងនេះទៅទៀត គឺប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានទៅចូលរួមបោះឆ្នោតក្នុងរយៈពេលកន្លងទៅ។ បើយោងទៅលើលទ្ធផលបណ្ដោះអាសន្ន ដែលបានប្រកាសកាលពីថ្ងៃទី ១១ កន្លងទៅនេះ បានបង្ហាញថា ប្រជាជនបានឡើងទៅដល់ជាង ៨៣% ទៅចូលរួមធ្វើការបោះឆ្នោត។ នេះជាជោគជ័យធំណាស់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលមានយុទ្ធនាការ “ដេកផ្ទះ ឈ្នះឯង” ឬក៏យុទ្ធនាការ “ដេកផ្ទះ ឈ្នះស្អាត” គឺថា មិនដឹងយកមុខទៅទុកនៅត្រង់ណាទេ ដែលអំពាវនាវអោយប្រជាជនបោះបង់ចោលសិទ្ធិខាងនយោបាយ មិនទៅធ្វើការបោះឆ្នោត។ ផែនការនោះ បរាជ័យធ្ងន់ធ្ងរ … គេចាត់ទុកថា(ការបោះឆ្នោតលើកនេះ)ជាប្រជាមតិ (រវាងថាបើប្រជាជន)ទៅបោះឆ្នោតតិច មានន័យគណបក្សប្រជាជនកម្ពុជាចាញ់។ ហ៊ុន សែន ចាញ់។ (បើប្រជាជន)ទៅបោះឆ្នោតច្រើន មានន័យថា គណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះ។ ហ៊ុន សែន ជាអ្នកឈ្នះ។

មិនហ៊ានស្បថ បែរជាចោទថា មានការជួលឃាតករតាមសម្លាប់

ឥឡូវនេះ តួលេខបានបង្ហាញហើយ។ នៅសល់តែចំណុចមួយ ដែលអ្នកឯងបានប្រកាសថា ជាតួលេខបន្លំ ប៉ុន្តែដល់ខ្ញុំបបួលស្បថ អត់ហ៊ានស្បថ … ឥឡូវ បែរជាមកបំផុសថា ខ្ញុំជួលឃាតករ អោយគេទៅសម្លាប់នៅឯស្រុកបារាំង។ អញ្ចឹងដឹងថា ជិតងាប់ដែរ ព្រោះងាប់នៅស្រុកបារាំង។ ប៉ុន្តែខ្ញុំគ្រាន់តែឲ្យសារទុកអញ្ចេះ៖ ទី ១ គឺយល់ពីចិត្ត ហ៊ុន សែន មិនច្បាស់ទេ។ បើខ្ញុំចង់សម្លាប់អ្នកឯង ពេលដែលអ្នកនៅក្នុងស្រុក គ្រាន់តែគប់នឹងផ្លែត្របែកក៏ងាប់ដែរ មិនចាំបាច់អី(ជួលគេសម្លាប់)។ ម៉េចមិនធ្វើពេលហ្នឹង បើខ្ញុំមានគំនិត? ខ្ញុំមិនចង់ឲ្យមានអ្នកណាមួយស្លាប់ទេ។ សូម្បីតែមេដឹកនាំខ្មែរក្រហម មកចុះចូលដល់ផ្ទះពូ ពូអោយបាយទទួលទាន។ សូមជម្រាបថា ក្រុមគ្រួសារមេដឹកនាំខ្មែរក្រហម ក្នុងមួយគ្រួសារឲ្យ ១ ម៉ឺនដុល្លារទៀត(ចិញ្ចឹមជីវិត) ដែលធ្លាប់ធ្វើបាបយើងប៉ុណ្ណឹងហើយ ដើម្បីយកទៅកវែក កឆ្នាំងទៅ ហើយចេញពីព្រៃមកទាំងអស់ … ដល់ឡប់អញ្ចឹងពេក និយាយតជាមួយ ហាក់ដូចជាឲ្យតម្លៃ ព្រោះមនុស្សនេះគ្មានតម្លៃអីទៀតទេ។

ប្រជាជនកម្ពុជាមានភាពចាស់ទុំខាងវិនិច្ឆ័យ និងខាងសិទ្ធិខាងនយោបាយ

ប៉ុន្តែ ពូត្រឡប់មក(រឿងយើង)វិញ។ ប្រជាជនកម្ពុជាមានភាពចាស់ទុំគ្រប់គ្រាន់ មានបញ្ញាឈ្លាសវៃគ្រប់គ្រាន់ ដើម្បីវិនិច្ឆ័យគ្រប់បញ្ហា។ ប្រជាជនកម្ពុជា ក៏មានភាពចាស់ទុំ ក្នុងការប្រើសិទ្ធិរបស់ខ្លួននៅក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នេះម្ខាង។ ម្ខាងទៀត ពូសូមអរគុណ ដែលប្រជាជនកម្ពុជានៅទូទាំងប្រ​ទេស និយាយជារួម និងនិយាយដោយឡែក នៅក្នុងចំណោមកម្មករ/ការិនីរបស់យើង បានបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានអត្រារហូតទៅដល់ប្រមាណជា ៧៧%។ នេះជាអត្រាមួយដ៏ខ្ពស់ ដែលផ្ដល់ឲ្យគណបក្សប្រជាជនកម្ពុជា នូវជោគជ័យដ៏ធំធេង ដែលគណបក្សប្រជាជនកម្ពុជា ច្បាស់ថា ខ្លួននឹងបង្កើតរាជរដ្ឋាភិបាលនៅពេលខាងមុខនេះ។ ពូសូមយកឱកាសនេះ តាមរយៈការអរគុណដោយផ្ទាល់​ចំពោះក្មួយៗជាកម្មករ/ការិនីដែលនៅទីនេះ ក៏សូមអនុញ្ញាតតាមរយៈក្មួយៗ ផ្ដាំផ្ញើសួរសុខទុក្ខ និងអរគុណចំពោះជីដូនជីតា និងឪពុកម្ដាយរបស់ក្មួយៗ តាមរយៈក្រុមគ្រួសាររបស់ក្មួយៗ ដែលបានបោះឆ្នោតក្នុងរយៈពេលកន្លងទៅ។

ក្រោយបោះឆ្នោតឆ្នាំ ២០១៨ មានតែភាពសុខសប្បាយ និងការរីករាយ

ចំណុចដែលក្មួយៗត្រូវឃើញ (គឺ)បទពិសោធន៍ឆ្នាំ ២០១៣ មិនកើតឡើងនៅឆ្នាំ ២០១៨ ទេ។ ឆ្នាំ ២០១៣ មុនថ្ងៃបោះឆ្នោត អ្នកនៅទីក្រុងភ្នំពេញចាប់ផ្ដើមចលាចលទៅហើយ​។ ក្រោយបោះឆ្នោត អ្នកខ្លះចាក់សាំង ចាក់រហូតដល់អស់ពីស្ដុក។ លុយក្នុងធនាគារអី ដកចេញទាំងអស់​។ បោះឲ្យគេ(បក្សដទៃ) គេបំភ័យ រត់ប្រុយ​។ រកស៊ីមិនបាន បន្ដិចបិទផ្ទះ បន្ដិចបិទផ្សារ។ ប៉ុន្តែឆ្នាំនេះ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ប្រជាពលរដ្ឋនៅតែរកស៊ីបាន។ លក់ដូរដាច់។ ក្រោយការបោះឆ្នោត ប្រជាជននៅតែរកស៊ីបាន លក់ដូរដាច់ ថែមទាំងឆ្នាំនេះ ដីឡើងថ្លៃទៀត។

វាយពន្ធប្រថាប់ត្រា កែលំអវប្បធម៌បង់ពន្ធ

… សុំរំលឹកទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ដិច។ រឿងនេះ មិនដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើហើយ ឬនៅ? តាមដែលខ្ញុំស៊ើបដឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងវាយពន្ធប្រថាប់ត្រាទៅលើតម្លៃដី ដែលបានកំណត់តាំងពី ៣ ឬ ៤ ឆ្នាំមុនឯណោះ ប៉ុន្តែអត្រាទីផ្សារបច្ចុប្បន្នវាមិនអញ្ចឹងទេ។ ផ្ដាំទៅ គង់ វិបុល ផង ក្រែងលោមិនទាន់បានគិត។ ត្រូវគិតឲ្យបានដិតដល់។ កាល ៣ ឆ្នាំមុន កំណត់ដីកន្លែងហ្នឹង មួយម៉ែត្រការ៉េ តម្លៃត្រឹមតែ ២០០ ដុល្លារទេ ប៉ុន្តែឥឡូវមួយម៉ែត្រការ៉េ វាឡើងទៅដល់ ១០០០ ដុល្លារ។ អញ្ចឹងទេ ពន្ធប្រថាប់ត្រាក៏វាត្រូវបានច្រើនជាងមុនដែរ។ ខ្ញុំមិនចង់ឲ្យអ្នកទាំងអស់គ្នា យកទៅដល់ ១០០% ទេ យកត្រឹមតែ ៧០%-៨០% ក៏វាគ្រាន់បើ … ៣ ឆ្នាំមុន យើងមិនទាន់រកឃើញគន្លឹះនៃការវាយពន្ធ។ វាយពន្ធ គេវាយតាមអត្រាជាក់ស្ដែង។ បើបានធ្វើហើយ ចាត់ទុកថាជាការកែលំអនៅក្នុងការយកពន្ធ គេហៅថា វប្បធម៌បង់ពន្ធ។

ក្នុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត ប្រាក់ចំណូលរបស់រដ្ឋនៅតែកើនឡើង

ពន្ធដាររបស់យើងនៅក្នុងពេលដែលយើងជាប់នៅក្នុងពេលវេលា នៃការបោះឆ្នោត និងក្រោយការបោះឆ្នោត ប្រាក់ចំណូលរបស់រដ្ឋគ្មានការថយចុះទេ មានតែកើនឡើង ដែលធ្វើឲ្យរដ្ឋមានលទ្ធភាពម្ចាស់ការ​។ អ្នកខ្លះគិតស្មានថា បន្ទាប់ពីការបោះឆ្នោត មានបញ្ហាសេដ្ឋកិច្ច បញ្ហានេះ/នោះ។ ផ្ទុយទៅវិញ អត្រាអតិផរណានៅឆ្នាំនេះ មានកម្រិតទាបជាង ២% ជាអតិផរណា ដែលមានកម្រិតទាប ប្រៀបធៀបកាលពីឆ្នាំមុន។ អញ្ចឹងទេ ក៏ជាចំណុចដែលអាចគូសបញ្ជាក់បានថា រវាងមេរោគចង្រៃដែលនៅសេសសល់ ហើយដែលយើងបានបោសសម្អាត គឺត្រឹមត្រូវណាស់ ដែលធ្វើឲ្យសុខភាពរបស់ជាតិយើង គឺល្អប្រសើរ។

ទាំងវិស័យកសិកម្ម ឧស្សាហកម្ម/សិប្បកម្ម និងទេសចរណ៍ មានការរីកលូតលាស់ដូចគ្នា

ក្នុងវិស័យកសិកម្មរបស់ប្រជាពលរដ្ឋ បានធ្វើរហូតមកដល់ពេលនេះ ៩៥% មុនពេលភ្ជុំបាត់ទៅហើយ។ អញ្ចឹង​ទេ ឆ្នាំនេះ លទ្ធភាពអាចលើសពីផែនការកំណត់។ ឯក្នុងវិស័យឧស្សាហកម្ម  និងសិប្បកម្ម ក៏មានការរីកលូតលាស់។ វិស័យសេវា ជាពិសេស វិស័យទេសចរណ៍ ក៏មានការរីកលូតលាស់ដូចគ្នាដែរ។ អញ្ចឹងទេ បានជាសុខភាពជាតិរបស់យើង គឺនៅតែរឹងមាំ ដែលនោះ ក៏ចាប់ផ្តើមចូលរួមចំណែកពីប្រជាជនកម្ពុជាទាំងអស់នៅក្នុងប្រទេសរបស់យើង។

ថ្ងៃទី ២៩ ធ្នូ ២០១៨ ខួបទី ២០ ថ្ងៃបញ្ចប់សង្គ្រាម/ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះឈ្នះ

ខ្ញុំសុំយកឱកាសនេះ សម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលបានចូលរួមទាំងអស់ តាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ។ ការចាប់ផ្តើមរបស់យើង គឺចាប់ផ្តើមពីការដែលយើងរំដោះប្រទេសនេះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមកដល់ពេលនេះ នៅមិនយូរប៉ុន្មានទេ យើងនឹងធ្វើខួបលើកទី ៤០ ឆ្នាំ នៃការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាបន្តបន្ទាប់ គឺយើងបានរួមគ្នាងើបឈរឡើង ដើម្បីស្តារប្រទេសជាតិនៅក្នុងស្ថានភាព ដែលយើងត្រូវប្រឈមនឹងការប៉ុនប៉ងការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងបានប្រឹងប្រែងខ្លាំងណាស់ទម្រាំមានសព្វថ្ងៃនេះ ហើយមិននៅសល់ប៉ុន្មានទៀតទេ ត្រឹមពីនេះទៅដល់ថ្ងៃទី ២៩ ធ្នូ ២០១៨ ខាងមុខនេះ យើងក៏នឹងធ្វើខួបលើកទី ២០ នៃថ្ងៃដែលប្រទេសកម្ពុជាទទួលបាននូវការបញ្ចប់សង្គ្រាម និងការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈនៃការអនុវត្តនយោបាយឈ្នះឈ្នះ។

គ្មានជោគជ័យណាមួយដោយខ្វះការចូលរួម

តាមរយៈក្មួយៗ អនុញ្ញាតអោយពូផ្តាំផ្ញើនូវការអរគុណ ចំពោះជីដូន/តា ឪពុកម្តាយរបស់ក្មួយៗ ប្រសិនបើគាត់នៅរស់ ទោះបីគាត់ស្លាប់ទៅហើយក៏ដោយ ក៏ប៉ុន្តែ ត្រូវដឹងថា សមិទ្ធផលដែលកូនចៅរបស់គាត់មានសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញបានពីពលិកម្មដ៏ធំធេងរបស់ជីដូន/តា ឪពុកម្តាយរបស់ក្មួយៗនោះទេ។ គ្មានជោគជ័យណាមួយ ដែលខ្វះការចូលរួមនោះទេ។ ដូច្នេះ អ្នកដែលចូលរួមកាលពីពេលមុន គឺជីដូន/តា ឪពុកម្តាយរបស់ក្មួយៗ ហើយឥឡូវនេះរហូតមកដល់ក្មួយៗ ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសនេះ។ ពូម្នាក់ឯង ឬត្រឹមតែមេដឹកនាំគណបក្សប្រជាជន វាមិនគ្រប់គ្រាន់ទេ។

ការអភិវឌ្ឍ ឬដំណើរការប្រជាធិបតេយ្យ មិនបានចាប់ក្នុងផ្ទៃប្រទេសមានសង្គ្រាម

លើការជាក់ស្តែង ដែលប្រជាជនចេញទៅបោះឆ្នោតរហូតទៅដល់ជាង ៨៣% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជួនគណបក្សប្រជាជន ក្នុងអត្រាមួយដ៏ខ្ពស់ បានបង្ហាញនូវភស្តុតាងយ៉ាងច្បាស់ អំពីការចូលរួមតាំងពីជីដូន/តា ឪពុកម្តាយ រហូតមកដល់ក្មួយៗ … វាមិនមែនគ្រាន់តែជាជោគ​ជ័យសម្រាប់ ហ៊ុន សែន និងជោគជ័យសម្រាប់មេដឹកនាំរបស់គណបក្សប្រជាជនតែប៉ុន្មាននាក់នោះទេ ក៏ប៉ុន្តែ វាជាជោគជ័យរបស់ក្មួយៗ ដែលពេលនេះ អាចមើលឃើញបានថា ក្មួយៗមានការងារធ្វើ មានប្រាក់ចំណូល ដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង។ (តើ)នោះបានមកពីអ្វី? មិនមែនបានមកពីប្រទេសមួយដែលមានសង្គ្រាមនោះទេ គឺពិតជាបានមកពីប្រទេសមួយដែលមានសន្តិភាពពិតប្រាកដ។ ពូធ្លាប់បាននិយាយជាហូរហែមកហើយថា ការអភិវឌ្ឍ ឬក៏ដំណើរការប្រជាធិបតេយ្យ វាមិនបានចាប់ក្នុងផ្ទៃនៅក្នុងប្រទេសដែលមានសង្គ្រាមទេ វាចាប់(តែក្នុង)ផ្ទៃប្រ​ទេសដែលមានសន្តិភាពតែប៉ុណ្ណោះ។

កម្ពុជាមានសង្គ្រាម គ្មានវិនិយោគិន ប្រទេសគ្មានការអភិវឌ្ឍ ជីវិតមនុស្សទ្រព្យសម្បត្តិត្រូវបំផ្លាញ

ប្រវត្តិឈឺចាប់ នៃប្រទេសរបស់យើង គឺសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥។ របបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ និងសង្គ្រាមបន្ត ក្នុងចន្លោះពីឆ្នាំ ១៩៧៩ រហូតមកបញ្ចប់នៅឆ្នាំ ១៩៩៨។ ពេលនោះ យើងមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីអំពាវនាវឲ្យគេមកវិនិយោគក្នុងប្រទេស ដែលមានសង្គ្រាមទេ។ ប្រទេសរបស់យើងក៏មិនមានលទ្ធភាពអភិវឌ្ឍដែរ។ ដីធ្លីដែលមាន គឺមានតែការបោះបង់ចោលតែប៉ុណ្ណោះ។ ទ្រព្យសម្បត្តិត្រូវបានបំផ្លិចបំផ្លាញ។ ជីវិតមនុស្សត្រូវបានបំផ្លិចបំផ្លាញរាប់លាននាក់។

យើងក្រឡេកមើលទៅក្នុងប្រទេសដែលកំពុងមានសង្គ្រាម ដូចជា នៅប្រទេសអ៊ីរ៉ាក់ ទោះបីប្រទេសអ៊ីរ៉ាក់បានរំដោះទីក្រុងធំៗ ដែលកាន់កាប់ដោយពួក ISIS រួចទៅហើយក្តី ក៏ប៉ុន្តែ សួរថា អ្នកវិនិយោគប៉ុន្មានទៅដែលទៅប្រទេសអ៊ីរ៉ាក់? ពួកទេសចរប៉ុន្មានទៅ ដែលទៅប្រទេសអ៊ីរ៉ាក់? នៅប្រទេសលីប៊ី បើទោះបីជាស្ថានការណ៍មានការស្រួលបន្តិច បន្ទាប់ពីផ្តួលរំលំ ហ្គាដាហ្វី ក៏ប៉ុន្តែ សួរថា មានប្រទេសប៉ុន្មានទៅដែលទៅវិនិយោគនៅលីប៊ី? មានប្រទេសប៉ុន្មានទៅដែលទៅធ្វើទេសចរនៅលីប៊ី? នៅប្រទេសស៊ីរី និងយេមែន កាន់តែយ៉ាប់ទៅទៀត សូម្បីតែប៉ុន្មានថ្ងៃនេះ អង្គការ UNICEF និងអង្គការផ្តល់ជំនួយដទៃទៀត មានតែរត់ចេញតែប៉ុណ្ណោះ។ គ្មានទេដែលហៅថា ការអភិវឌ្ឍ មានតែការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ។

ប្រជាជនបោះឆ្នោតសន្ធឹកសន្ធាប់ ដើម្បីបន្តលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ

ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតក្នុងរយៈពេលកន្លងទៅ មួយផ្នែក គឺជាការចូលរួម នៃដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្រទេសរបស់យើង។ ប៉ុន្តែ មួយផ្នែកទៀត ប្រជាពលរដ្ឋកម្ពុជាបានស្គាល់នូវតម្លៃសន្តិភាព និងការអភិវឌ្ឍ … បានចូលរួមបន្តមាគ៌ាសន្តិភាព និងការអភិវឌ្ឍ តាមរយៈ នៃការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះជាតួអង្គ ដែលមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីការរក្សាសន្តិភាព។ បើមានសន្តិភាព ទើបមានការអភិវឌ្ឍបាន។ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានលទ្ធភាពនឹងធ្វើរឿងនេះ។ ដូច្នេះ ប្រជាជនពិតជាមានការយល់ដឹងច្បាស់លាស់ទៅលើកត្តាសុខសន្តិភាព ហើយកត្តាសុខសន្តិភាពនោះហើយ ដែលនាំឆ្ពោះទៅដល់ការថែរក្សាទុកនូវមុខរបរ និងការងារ ក៏ដូចជាប្រាក់ចំណូលដែលខ្លួនកំពុងមាន។ ទាំងក្នុងវិស័យកសិកម្ម ទាំងក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវា និងផ្នែកដទៃទៀត ទៅតាមអ្វីដែលជាកិច្ចការគេត្រូវធ្វើ។

សុខសន្តិភាព ជាការជ្រើសរើសមួយដ៏ត្រឹមត្រូវ

ក្មួយៗសិល្បករ/ការិនី សម័យនេះ បើយើងប្រៀបធៀបទសវត្សរ៍ ៨០ ក្មួយអើយ! សម័យនេះ បើតាមដឹង ក្មួយៗសិល្បករ/ការិនី ជួលកាលល្ងាចច្រៀងនៅឯខេត្តទេ ប៉ុន្តែ ច្រៀងរួច គេធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីត្រឡប់មកផ្ទះគេនៅទីក្រុងភ្នំពេញ ឬក៏អាចធ្វើដំណើរទៅខេត្តមួយទៀត ដើម្បីទៅបន្តសម្តែងនៅខេត្តមួយទៀត។ ប៉ុន្តែ សម័យឆ្នាំ ១៩៨០ អត់មានទេ។ បើខេត្តកំពង់ធំ និងខេត្តមួយចំនួនផ្សេងទៀត រាប់ទាំងកំពង់ស្ពឺ សិល្បៈអត់ហ៊ានលេងយប់ទេ។ លេងថ្ងៃ។ ឲ្យតែមានសិល្បៈទៅ សុទ្ធតែមានកាំភ្លើង។ នៅខេត្តកំពង់ធំវាមានរឿងអញ្ចេះ មានសិល្បៈកំពុងតែលេង ស្រាប់តែខ្មែរក្រហមចូលមក ដល់ខ្មែរក្រហមចូលមក ចាប់ផ្តើមទាំងយក្សទាំងអីរត់ចុះពីលើឆាកទាំងអស់ចូលត្រង់សេ បាញ់តជាមួយ ប៉ុល ពត។ ក្មេងវា(មានទៅ)ខ្លាច ប៉ុល ពត អី វាខ្លាចយក្ស វាយំ។ ជាប្រវត្តិប្រទេសរបស់យើង ទាក់​ទងជាមួយនឹងសិល្បៈ … ក្មួយអាចធ្វើការប្រៀបធៀបបាន។ អញ្ចឹងទេ តម្លៃនៃសុខសន្តិភាព ដែលប្រជាពលរដ្ឋជ្រើសរើសលើកនេះ គឺជាការជ្រើសរើសមួយដ៏ត្រឹមត្រូវ ហើយជាការជ្រើសរើសសម្រាប់ខ្លួនឯងតែម្តង មិនមែនសម្រាប់អ្នកណាផ្សេងទេ។ សង្គ្រាមវាមិនមែនប៉ះពាល់ចំពោះ ហ៊ុន សែន ទេ វាមិនមែនប៉ះពាល់ចំពោះ ហេង សំរិន ឬប៉ះពាល់ចំពោះមេដឹកនាំប៉ុន្មាននាក់នោះទេ តែវាប៉ះពាល់ផ្ទាល់ចំពោះប្រជាពលរដ្ឋតែម្ដង។ ជាងនេះទៅទៀតសង្គ្រាមកើតឡើង បាត់បង់មុខរបរ បាត់បង់នូវប្រាក់ចំណូលដែលយើងកំពុងមាន។

អរគុណម្ចាស់រោងចក្រ អនុញ្ញាតឲ្យកម្មករ/ការិនីឈប់សម្រាកទៅបោះឆ្នោត

ចំណុចនេះ ហើយថ្ងៃនេះ ខ្ញុំក៏សូមយក​ឱកាសនេះអរគុណម្ចាស់រោងចក្រទាំងអស់ … ដែលបានផ្ដល់ការអនុញ្ញាតឲ្យកម្មករ/ការិនី មកជួបជុំជាមួយខ្ញុំនៅពេលនេះ។ បន្ថែមលើនេះ អរគុណចំ​ពោះការ ដែលបានផ្ដល់ការឈប់សម្រាកឲ្យកម្មករ/ការិនីបានឈប់សម្រាកមួយល្ងាចនេះថែមទៀត បន្ទាប់ពីជួបខ្ញុំទៅ។ អរគុណផងដែរ ចំពោះម្ចាស់រោងចក្រទាំងឡាយដែលអនុញ្ញាតឲ្យកម្មករ/ការិនីបានឈប់សម្រាក ៣ ថ្ងៃ ដើម្បីទៅធ្វើការបោះឆ្នោត បន្ថែមទៅដោយរោងចក្រមួយចំនួនធំ បានបើកបៀវត្សរ៍ឲ្យកម្មករ មុនពេលបោះឆ្នោត ឬក៏បុរេប្រទានឲ្យកម្មករពាក់កណ្ដាល មានប្រាក់ទៅធ្វើការបោះឆ្នោត ដែលនេះក៏ជាផ្នែកមួយឲ្យឃើញភាពប្រទាក់ក្រឡាគ្នានៅក្នុងសង្គមមួយ ដែលវាមានការរីកលូតលាស់ … ស៊ីសង្វាក់ដូចជាសរសៃសរីរាង្គរបស់មនុស្ស ដែលមានក្បាល មានភ្នែក មានច្រមុះ មានដៃ មានជើងគ្រប់ទាំងអស់ ដែលវាជាផ្នែកតួអង្គ ដែលស្ដាប់ព្រះសង្ឃទេសនាខ្លះថា នគរកាយ …។

មានសន្តិភាពទើបមានការអភិវឌ្ឍ, បន្តរួមគ្នារក្សាសន្តិភាព

ថ្ងៃនេះក៏ដូចជាមុនៗដែរ អ្វីដែលពូសុំ គឺការខិតខំបន្តនូវអ្វីដែលយើងបានសម្រេចជាមួយគ្នារួចហើយ។ ដូច​ដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ ការបន្តការខិតខំនោះ គឺមានប៉ុន្មានចំណុចនោះ ប៉ុន្តែអ្វីដែលជាចំណុចធំជាងគេ គឺត្រូវខិតខំយ៉ាងម៉េចរួមគ្នារក្សាសន្តិភាពនេះឲ្យខានតែបាន មានសន្តិភាពទើបមានការអភិវឌ្ឍ។ ដូច្នេះមិនត្រូវបណ្ដែតបណ្ដោយឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពសម្រាប់ប្រទេសរបស់យើងទេ។ ក្មួយៗបានធ្វើការបោះឆ្នោតជ្រើសរើសត្រឹមត្រូវហើយ រវាងម្ខាងសន្តិភាព ម្ខាងសង្គ្រាម។ ក្មួយៗទុកចិត្តមកលើពូ ទុកចិត្តមកលើគណបក្សប្រជាជន ក្នុងការថែរក្សាសន្តិភាព ក៏ប៉ុន្តែបោះឆ្នោតរួចហើយ មិនមែនព្រលែងចោលហើយទុកឲ្យពូម្នាក់ឯងថែរក្សាសន្តិភាពម្នាក់ឯង ខ្វះការចូលរួមពីសំណាក់តួអង្គរបស់ក្មួយៗនោះទេ។ ដើម្បីរក្សាសន្តិភាពបានគឺចំណុចស្នូល គឺយើងទាំងអស់គ្នាត្រូវខិតខំរក្សាសន្តិភាពនេះ។

ខឿនការពារជាតិរបស់ប្រជាជន ចេញពីការរួមគ្នារបស់ប្រជាពលរដ្ឋ

ត្រង់នេះហើយ ដែលពូបានបង្កើតគោលនយោបាយ/មាគ៌ា ដែលហៅថា ខឿនការពារជាតិរបស់ប្រជាជន។ ខឿនការពារជាតិរបស់ប្រជាជននេះ គឺមិនមែនគ្រាន់តែជាតួអង្គ នៃកងកម្លាំងប្រដាប់អាវុធនោះប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដើមចេញពីរួមគ្នារបស់ប្រជាពលរដ្ឋរបស់យើង ដើម្បីសេចក្ដីសុខរបស់ជាតិរបស់យើង។ ការពារជាតិយើងមិនឲ្យមានការឈ្លានពានពីបរទេស ឬមានការជ្រៀតជ្រែកពីបរទេស។ ខឿនការពារជាតិរបស់ប្រជាជន គឺការពារនូវសន្ដិសុខជាតិរបស់យើង កុំឲ្យមានការបំផ្លាញ ឬបង្កើតអស្ថេរភាពណាមួយសំរាប់ប្រទេសរបស់យើង។ ក្មួយៗ​ត្រូវចាំថា រាល់អស្ថេរភាព អវត្តមាននៃសន្តិភាព និងស្ថេរភាពនយោបាយ ជំនួសដោយអសន្តិសុខ បាត់បង់សន្តិភាព គឺវាជាការបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍ សម្រាប់ការងារធ្វើ និងប្រាក់ចំណូល។ ដូច្នេះបានជាពូស្នើសុំបន្តការចូលរួមរបស់ប្រជាជនកម្ពុជារបស់យើង ទៅលើការថែទាំនូវសន្តិភាព ស្ថេរភាពខាងនយោបាយ។

ធ្វើឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្តមួយ, កម្មករ និងថៅកែ បំពេញឲ្យគ្នាទៅវិញទៅមក

ហ្នឹងនិយាយជាទិដ្ឋភាពរួម និងទិដ្ឋភាពដោយឡែក សុំឲ្យរោងចក្រនីមួយៗក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ដូច្នេះដើម្បីឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ គ្មានជម្រើសណាដែលល្អជាង ម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ជាមួយនឹងកម្មករសាមគ្គីគ្នានោះទេ នេះជាជម្រើសដែលល្អ។ ម្ចាស់រោងចក្រយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករ។ នៅពេលដែលកម្មករមានសុខភាពល្អ គឺយើងមានសាមគ្គីនៅទីនោះ កម្មករក៏មានកម្លាំងធ្វើការផ្ដល់នូវប្រាក់ចំណេញចំពោះរោងចក្រ។ រោងចក្រយកប្រាក់ចំ​ណេញនេះ បែងចែកត្រឡប់ទៅកម្មករវិញ តាមរយៈការបង្កើននូវប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ដទៃទៀត។ អញ្ចឹងទេ សុំឲ្យមានការបំពេញឲ្យគ្នា រវាងម្ចាស់រោងចក្រ ជាមួយនិងកម្មករ។ ខ្ញុំធ្លាប់បាននិយាយជាហូរហែ ខ្ញុំនៅតែរំលឹកបញ្ហានេះ ម្ចាស់រោងចក្រ បើមានតែរោងចក្រអត់កម្មករ គេមិនហៅថាថៅកែរោងចក្រទេ គេហៅថាម្ចាស់ឃ្លាំង ព្រោះនៅក្នុងហ្នឹងវាសុទ្ធតែប្រដាប់ប្រដាវានៅឃ្លាំងប៉ុណ្ណឹង វាអត់ផលិតកម្ម។ ឯសម្រាប់កម្មករវិញ បើសិនជាមិនមានម្ចាស់រោងចក្របង្កើតឡើងនូវរោងចក្រឲ្យយើងធ្វើ ក្មួយៗមិនមានឈ្មោះថាជាកម្មករទេ គឺមានឈ្មោះថាជាកសិករ ដែលធ្វើកសិកម្មជាមួយឪពុកម្ដាយ ជាមួយក្រុមគ្រួសារ ឬធ្វើជាអាជីវករក្នុងការលក់ដូរជាមួយក្រុមគ្រួសារតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវបន្តការខិតខំធ្វើយ៉ាងម៉េចឲ្យក្លាយទៅជាអ្នកដែលថែទាំឆ្នាំងបាយរួម រវាងម្ចាស់រោងចក្រ និងកម្មករ ក្លាយទៅឆ្នាំងបាយ ដែលយើងទទួលទានសព្វថ្ងៃនេះ។

រោងចក្រក្លាយជាសហគមន៍សុខសាន្ត អនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព

នៅពេលដែលមានអស្ថេភាពកើតឡើង ម្ចាស់រោងចក្រគេដករោងចក្រចេញពីប្រទេសរបស់យើង ក្មួយៗបាត់​បង់ការងារធ្វើភ្លាម ម្ចាស់រោងចក្របាត់បង់នូវប្រាក់ចំណេញ ប៉ុន្តែម្ចាស់រោងចក្រពិតជាមិនទាន់ស្លាប់ទេ អ្នកដែលរងផលប៉ះពាល់មុនគេគឺ កម្មករ/ការិនីនោះឯង។  អញ្ចឹងទេ បានជាអំពាវនាវដោះស្រាយគ្រប់បញ្ហាទាំងអស់ ផ្អែកលើច្បាប់ ផ្អែកលើការយោគយល់ ហើយក្នុងរយៈពេលកន្លងទៅ ជួនកាលការមិនយល់ខ្លះដូចជាករណីដែលបានកើតឡើងនៅស្វាយរៀង។ បើតាមអ្វីដែលខ្ញុំក្ដាប់បានគឺ គេបំផុសថាពេលដែលទៅបោះឆ្នោតហ្នឹង គឺគេអត់បើកលុយឲ្យ គេកាត់លុយ​ ដែលជាពាក្យអ្នកដទៃបំផុស បែរជានាំគ្នាធ្វើកូដកម្ម។ ក្នុងពេលដែលម្ចាស់រោងចក្រគេមិនទាន់កាត់លុយឯណា​ គេអត់កាត់លុយផងហ្នឹង …។

អញ្ចឹងទេ ត្រង់ហ្នឹងគឺជាចំណុចខ្ញុំសុំស្នើធ្វើយ៉ាងម៉េច ឲ្យនៅក្នុងក្របខណ្ឌរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលវានឹងបំពេញឲ្យនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពរបស់យើង។ ត្រូវខិតខំធ្វើយ៉ាងណា នៅក្នុងរោងចក្រកុំឲ្យមានបងតូចបងធំ ដែលមានការកាប់ចាក់គ្នានៅតាមរោងចក្រ កុំឲ្យមានអ្នកបំពានគ្រឿងញៀននៅតាមបណ្ដារោងចក្រ។ ក្មួយៗក៏ត្រូវចេះអប់រំគ្នាដើម្បីឈានទៅមុខទាំងអស់គ្នា លើកកម្រិតនៃសមត្ថភាពរបស់យើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបច្ចេកវិជ្ជាថ្មី ក្នុងការផលិត ឬក៏ពង្រឹងគុណភាពនៃការផលិតរបស់យើងឲ្យកាន់តែខ្ពស់។

អប់រំគ្នា ពីគ្រឿងញៀន និងទប់ស្កាត់ការរីករាលដាលជំងឺអេដស៍

ធ្វើយ៉ាងម៉េចជួយអប់រំគ្នា ទៅលើបញ្ហាការបំពានគ្នាទាក់ទងនឹងបញ្ហាគ្រឿងញៀន មិនថាការចែកចាយគ្រឿងញៀន គឺការសេពគ្រឿងញៀនក៏មិនត្រូវមាននៅតាមបណ្ដារោងចក្រ ព្រោះភាគច្រើន តាមរោងចក្រនៅក្នុងវ័យជាយុវជន មិនគប្បីយកខ្លួនទៅបៀតនឹងគ្រឿងញៀននោះទេ។ យើងក៏ត្រូវចេះអប់រំគ្នា។ ពិតហើយ តាមរោងចក្រខ្លះក៏មានអ្នកកើតជំងឺអេដស៍នៅទីនោះ។ ពូសូមអំពាវនាវកុំឲ្យមានការរើសអើងអ្នកមានផ្ទុកជំងឺអេដស៍ ដែលកំពុងធ្វើការនៅទីកន្លែងនោះ។ សូមអំពាវនាវចំពោះអ្នកដែលមានផ្ទុកមេរោគអេដស៍ សូមកុំទៅចម្លងអ្នកដទៃ មិនថាជាបុរស ឬមិនថាជាស្ត្រីនោះទេ ដើម្បីប្រទេសរបស់យើងកុំឲ្យមានការរីករាលដាលនៃជំងឺអេដស៍ជាបន្តទៀត។ ចំណុចនេះជាចំណុចដែលយើងត្រូវបន្តការខិតខំទាំងអស់គ្នាទើបអាចធ្វើទៅបាន។ សន្តិភាពសំរាប់ទាំងអស់គ្នា ទាំងអស់គ្នាសំរាប់សន្តិភាព។ រោងចក្រនីមួយៗត្រូវខិតខំធ្វើយ៉ាងម៉េចឲ្យក្លាយទៅជាសមាគមន៍ដ៏សុខសាន្តមួយ ដែលនឹងរួមចំណែកធ្វើឲ្យប្រទេសយើង គ្មានបងតូចបងធំ គ្មានល្បែងពាលាអាវាសែ គ្មានក្រុមគ្រឿងញៀន ឬក៏អំពើខុសច្បាប់ផ្សេងៗទៀត ដែលយើងត្រូវបន្តការខិតខំ។ រាជរដ្ឋាភិបាលម្នាក់ឯង ឬក៏អាជា្ញធរមិនគ្រប់គ្រាន់ទេ វាត្រូវមានការរួមចំណែកពីសំណាក់គ្រប់តួអង្គទាំងអស់នៅក្នុងសង្គម ទើបអាចធ្វើទៅរួច។

របបគាំពារសង្គមនៅតែបន្តគ្មានការបញ្ចប់ ដូចពួកភូតថ្លុក ភូតត្រពាំង ដើរនិយាយនោះទេ

កិច្ចការទាំងឡាយក្មួយៗបានដឹងបានលឺរួចហើយ រាប់ទាំងថ្ងៃនេះគឺក្មួយៗដែលមានផ្ទៃពោះចំនួន ៧០២ នាក់ដែលមកជួបជុំថ្ងៃនេះ។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ហើយចំនួនអ្នកដែលឆ្លងទន្លេ ក្នុងចំណោមកម្មការិនីរបស់យើងបានឆ្លងទន្លេ ៣៦.០០០ នាក់ ហើយកូនដល់ ៣៧.០០០ នាក់ ដោយសារតែភ្លោះ។ មុនបោះឆ្នោត គេដើរខ្សឹបខ្សៀវថា យើងធ្វើគ្រាន់តែត្រឹមបោះឆ្នោត។ ឥឡូវនេះ បោះឆ្នោតរួចហើយម៉េចបានកម្មវិធីនេះវានៅតែបន្ត? រឿងនេះវាបង្ហាញច្បាស់។ ក្រុមភូតថ្លុក ភូតត្រពាំង ថា ធ្វើត្រឹមតែបោះឆ្នោតទេ បោះឆ្នោតរួចហើយគឺបញ្ចប់ហើយ នូវកម្មវិធីគោលនយោបាយគាំពារសង្គម ដែលក្មួយៗទទួលបាននៅក្នុងក្របខណ្ឌការងារ ក្មួយទទួលបានឆ្លងទន្លេបានឈប់សម្រាក ៣ ខែ ជាមួយបៀវត្សរ៍ ១២០% ឯណោះ បូកបន្ថែមដោយប្រាក់ជំនួយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈបេឡាសន្តិសុខសង្គម ដែលកើតបានកូនមួយនាក់គឺទទួលបាន ៤០ ម៉ឺនរៀល កូនភ្លោះពីរនាក់ទទួលបាន ៨០ ម៉ឺនរៀល ហើយកូនភ្លោះបីនាក់ នឹងទទួលបានរហូតទៅដល់ ១២០ ម៉ឺនរៀល បូកនឹងប្រាក់ពូគឺ ៥ លានរៀលថែមទៀត។

កម្មវិធីឧបត្ថម្ភកូនភ្លោះបី ធ្វើតាំងពីឆ្នាំ ១៩៩៤ ឬ ២៤ ឆ្នាំហើយ

ថ្ងៃមុន វាមានរឿងអញ្ចេះ។ អាហ្នឹងបាន សេង ទៀង ត្រូវតាមឲ្យជាប់ករណីកូនបីនេះ។ ថ្ងៃមុន កូនបីកើតនៅ កំពង់ចាម ឃើញក្នុង Facebook គេបង្ហោះ។ មានអ្នកដែលគេចាប់អារម្មណ៍ គេស្គាល់ WhatsApp របស់ពូក៏គេទាញពី Facebook មកបញ្ចូលតាម WhatsApp ទៀត។ ថា គ្នាពិបាកឆ្លងទន្លេ ត្រូវវះ។ … ត្រឡប់មកភ្នំ​ពេញហើយឲ្យ ៥ លានរៀល និងស្អីៗដទៃទៀត ប៉ុន្តែក៏បានប្រាប់ថាបញ្ជូន ១.០០០ ដុល្លារ ថែមទៀត។ ហ្នឹងរឿងមួយទៅ។ ដល់រឿងមួយទៀត គឺកើតឡើងនៅស្តាតអូឡាំពិច។ កូនភ្លោះបីនៅតាកែវ។ យើងបានផ្តល់ជំ​នួយកាលពីពេលមុនហើយ ប៉ុន្តែដោយសារជីវភាពខ្សត់ខ្សោយ ចិញ្ចឹមកូនមិនរស់។ អញ្ចឹងទេក៏ live Facebook ហ្នឹងឲ្យដឹងដល់នាយករដ្ឋមន្ត្រី។ ឥឡូវបានបញ្ជូនទៅគាត់ ៥ លានរៀល តទៅទៀត។ ត្រូវតាមមើល … យើងកើតតែមួយវាពិបាកណាស់ទៅហើយ ទម្រាំកើតម្តងបី វាមិនមែនស្រួលទេ។

ពូសូមនិយាយពីរឿងបញ្ហាបន្តិច(បើករង្វង់ក្រចកនិយាយបន្តិច) កាលជំនាន់ពូមានកូននិយាយពីកូនញឹក ១៣ ខែ កើតបានកូនមួយ … ពីដើមធ្វើរដ្ឋមន្ត្រីការបរទេសទៅតែក្រៅប្រទេស។ កូននោះវាញឹកជាប់រហូតតែម្តង​។ ស្រាប់តែដល់ពេលក្រោយមក កាលហ្នឹងមួយពេលនោះ ប្រពន្ធពូទៅវៀងចន្ទន៍​ ទៅឡាវ ទុកកូនទាំង ៥ នៅជាមួយ។ អាបងអត់អីទេ ហើយស្រីបងអត់អីទេ តែអាបីនាក់នេះ ប្រុសពីរ ស្រីមួយ អាស្រីនេះពៅ​ ពេលនោះអត់មានមេដោះទេ ចិញ្ចឹមកូនផ្ទាល់ដៃ ហើយមួយបន្ទប់ដេក ៧ នាក់។ កូន ៥ (ម្តាយឪពុកពីរនាក់) ហើយព្រលឹមឡើងតែងតែឆ្អេះ ​ព្រោះក្នុងចំណោមកូន ៥ ហ្នឹង នោមពីរនាក់ (នោមយប់)។ ប៉ុន្តែមិនបញ្ចេញឈ្មោះទេ … ប៉ុន្តែដល់ពេលប្រពន្ធទៅបាត់ កូនស្រីពៅនេះវាយំឃ្លានបៅ។ យើងវាខ្លាចអាបំពង់ទឹកក្តៅវារលំ អញ្ចឹងទេខំទៅនៅឯកៀនឯណោះ ដាក់នាងពៅនៅលើគ្រែ។ អាពីរនាក់ក្រោមគ្រែ (វានៅពីក្រោយ) ហើយយើងខំទៅចាក់ទឹកក្តៅនៅឯកៀនជញ្ជាំងឯណោះ ដល់ត្រឡប់មកវិញ អាពីរនាក់នេះស៊ីខ្ទេចម្សៅទឹកដោះគោ។ ហ្នឹងពូចិញ្ចឹមផ្ទាល់តែម្តង គ្មានកូនណាមួយ ដែលពូមិនបានលាង(អាចម៍)ឲ្យវាទេ ពិតមែនតែពូធ្វើអ្នកធំ។

ហ្នឹងមួយសា។ មួយសាទៀត ឯកឧត្តម ទៀ បាញ់ នៅចាំហើយ​ … ខ្ញុំធ្វើដំណើរទៅកំពង់ធំ ពេលហ្នឹងហ៊ានយកកូនទៅ (៤ នាក់) ទៅកំពង់ធំ ក្នុងពេលដែល អាពត វាយខ្លាំងទៀត។​ ទៅដល់ត្រឹមស្រុកបារាយណ៍ ខ្ញុំទាក់ទងតាមវិទ្យុឲ្យបញ្ជូនអាវុធឲ្យខ្ញុំ ៥០០ ដើម (អាវុធ AK) ដើម្បីបំពាក់ឲ្យយោធាកំពង់ធំ។ ពេលហ្នឹង យកកូនទៅទាំងអស់ទៀត។ កូនពៅនោះឲ្យទៅដេកឯណាក៏មិនទៅដែរ។ អាពៅទាំងពីរ អាពៅប្រុស និងអាពៅស្រី ឲ្យទៅដេកឯណា ក៏វាមិនទៅ។ វាមកដេកមួយខាងឆ្វេងមួយខាងស្តាំ។ ដល់ទៅយប់ វាដេកលក់ទៅ យើងខំលើកទៅដាក់នៅបន្ទប់ ដល់ទៅវាភ្ញាក់ឡើង វាមករកឪវាទៀត។ អាហ្នឹងបានគេថា បងគង់ដឹងខ្លួនពេលដែលអត់អូននោះ។

ហ្នឹងគ្រាន់តែកូនមួយឆ្នាំមួយៗ អោយរម៉ង់ប៉ុនគ្នា។ ចុះអាហ្នឹងកើតម្តងមួយ ចុះទម្រាំគ្នាកើតម្តងបី។ អញ្ចឹងបានត្រូវតាមមើលតទៅទៀត។ ជួនកាលជីវភាពគ្នាយ៉ាប់យ៉ឺន។ មិនដឹងយ៉ាងម៉េចក្នុងចំណោមអ្នកដែលកើតកូនបី អត់មានអ្នកមានមួយទេ សុទ្ធតែអ្នកក្រ។ មើលចុះភ្លោះបីអត់មានកើតកន្លែងអ្នកមានទេ​ ព្រោះអ្នកមានមានភ្លើងភ្លឺពេក វានាំគ្នាទៅចាប់ជាតិអត់កើត អញ្ចឹងទេ វាទៅរកតែកន្លែងងងឹតៗ អញ្ចឹងកើតឡើងចំតែកន្លែងអ្នកក្រីក្រ។ អញ្ចឹងត្រូវតាមមើល យើងមានតែ ៣០០ ប៉ុន្មានទេ ហើយឥឡូវ អ្នកដែលមានជីវភាពក្រលំបាកអាចយើងថា ១០០ គ្រួសារទៅចុះ (៣៣៦) ប៉ុន្តែអាខ្លះវាពេញកម្លោះ ពេញក្រមុំអស់ហើយ។ យើងធ្វើកម្មវិធីហ្នឹងតាំងពីឆ្នាំ ១៩៩៤ មកដល់ពេលហ្នឹងវា ២៤ ឆ្នាំហើយ ធ្វើកម្មវិធីហ្នឹង។

បង្កើនសេវាសុខាភិបាលឲ្យបានខ្លាំង

កម្មវិធីដែលបន្តត្រូវខិតខំជាមួយអ្វីដែលយើងបានសម្រេច ក្នុងនោះស្ថាប័នជាតិរបស់ជាតិត្រូវមើលឲ្យតាមដិតដល់​។ ជាពិសេស ខ្ញុំបន្តអំពាវនាវទៅដល់ក្រសួងសុខាភិបាល ដែលមានរដ្ឋមន្ត្រីនៅទីនេះ ក៏ប៉ុន្តែមិនគ្រប់គ្រាន់តែគ្រាន់តែរដ្ឋមន្ត្រីម្នាក់ ប៉ុន្តែក្រុមគ្រូពេទ្យទាំងអស់នៅតាមមូលដ្ឋាន មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ ព្រោះកម្មករ/កម្មការិនីរបស់យើងត្រូវទទួលបានការព្យាបាល និងពិនិត្យដោយឥតគិតថ្លៃ ត្រូវបង្កើននូវសេវាសុខាភិបាលឲ្យបានខ្លាំង។

ការគាំពារសង្គមចំពោះស្រ្តីមានផ្ទៃពោះ នឹងពង្រីកទៅដល់ស្រ្តីដែលក្រីក្របន្ទាប់

កំណើនសេដ្ឋកិច្ចតែមួយមុខមិនគ្រប់គ្រាន់ទេ យើងត្រូវជម្រុញឲ្យមានការគាំពារសង្គមកាន់តែខ្ពស់ យកចិត្តទុកដាក់ទៅលើសុខភាពពលរដ្ឋរបស់យើង។ ដោយសារលទ្ធភាពមានកម្រិត យើងចាប់ផ្តើមចេញពី​ស្រ្តីមានផ្ទៃពោះ ដែលពេលនេះកំពុងអនុវត្តទៅលើស្រ្តីដែលជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលជាស្រ្តី និងជាមួយកម្មការិនីដែលធ្វើការនៅតាមបណ្តាក្រុមហ៊ុន ក្នុងវិស័យឯកជន។ នៅពេលខាងមុខយើងនឹងផ្តោតការយកចិត្តទុកដាក់អនុវត្តចំពោះស្រ្តីដែលមានផ្ទៃពោះ និងកូនខ្ចី​ សម្រាប់ស្រ្តីដែលជាជនក្រីក្រ ដែលនឹងត្រូវទទួលបានការឧបត្ថម្ភ នៅពេលដែលចាប់មានផ្ទៃពោះភ្លាម គឺឧបត្ថម្ភ (៤ ដង) ក្នុងម្តងៗគឺ ៤ ម៉ឺនរៀល ដើម្បីឲ្យស្រ្តីនេះមានលទ្ធភាពពិនិត្យថែទាំនៅពេលដែលខ្លួនមានផ្ទៃពោះ។ នៅពេលដែលទៅទទួលសេវាអំពីការពិនិត្យមានផ្ទៃពោះ គេនឹងទទួលបាននូវប្រាក់ឧបត្ថម្ភបែបនេះ។ នៅពេលឆ្លងទន្លេនឹងត្រូវឧបត្ថម្ភ ២០ ម៉ឺនរៀល ក្រោយឆ្លងទន្លេហើយនឹងត្រូវឧបត្ថម្ភ (១០ លើក) រហូតដល់កូនមានអាយុពីរឆ្នាំ។ ១០ លើកក្នុងមួយលើក ៤ ម៉ឺនរៀល ដែលស្មើនឹង ៤០ ម៉ឺនរៀល។ បូកសរុបទាំងអស់ ស្រី្តមានផ្ទៃពោះម្នាក់រហូតទៅដល់មានកូនអាយុពីរឆ្នាំ យើងនឹងផ្តល់ការឧបត្ថម្ភ ៧៦ ម៉ឺនរៀល ដែលស្មើនឹង ១៩០ ដុល្លារ សម្រាប់ស្រ្តីម្នាក់។

អាណត្តិថ្មី បង្កើនល្បឿនវិស័យសុខាភិបាល និងអប់រំ

យើងធ្វើយ៉ាងដូច្នេះ (ព្រោះ)វាទាក់ទងជាមួយនឹងជីវិតរបស់ស្ត្រី ដើម្បីកាត់បន្ថយអត្រាស្លាប់មាតា និងទារក និងបង្កើនអាហារូបត្ថម្ភសម្រាប់ពលរដ្ឋរបស់យើង។ សុខភាពរបស់ប្រជាជនជាសុខភាពរបស់ជាតិយើង។ ដូច្នេះ ចាំបាច់យើងបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ មិនមែនដូចពួកភូតថ្លុក ភូតត្រពាំង ដែលថាយើងអនុវត្តកម្មវិធីនេះគ្រាន់តែជាការកំដររហូតដល់ការបោះឆ្នោត។ ខ្ញុំសុំប្រាប់អ្នកឯងថា ខ្ញុំនឹងបង្កើននូវល្បឿននៃការធ្វើកិច្ចការងារនេះនៅក្នុងអាណត្តិថ្មី ដែលត្រូវខិតខំធ្វើ ហើយទម្លាក់ថវិកាកាន់តែច្រើននៅក្នុងវិស័យសុខាភិបាល និងក្នុងវិស័យអប់រំ ដើម្បីឲ្យពលរដ្ឋរបស់យើង ម្ខាងមានសុខភាពល្អ តែម្ខាងទៀតមានចំណេះដឹងគ្រប់គ្នា។ នេះជាចំណែកដែលអ្នកឯងរង់ចាំមើល ហើយបន្តិចទៀត ខ្ញុំនឹងមានសារនយោបាយទៅកាន់គណបក្សនយោបាយមួយចំនួន ដើម្បីគិតគូរជាមួយគ្នា។ ពូនឹងនិយាយទៅដល់ក្របខណ្ឌនយោបាយមួយចំនួន។ សុំកន្លែងនេះធ្វើ​ជាវេទិកា ដើម្បីនិយាយទៅកាន់បក្សនយោបាយដែលចូលរួមកន្លងទៅ តើយើងគួរធ្វើការងារអ្វីជាមួយគ្នា ក្នុងពេលវេលានៃការបន្តដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្រទេសរបស់យើង នៅក្នុងការសម្រេចគោលបំ​ណងនៃអ្នកដែលចង់ចូលរួមកសាងជាតិ។

គោលនយោបាយប្រាក់សោធនិវត្តន៍, ការទូទាត់ប្រាក់អត្ថប្រយោជន៍ ៦ ខែម្តង

យើងត្រូវបន្តការខិតខំ ដើម្បីជម្រុញអនុវត្តគោលនយោបាយ ដែលនឹងត្រូវផ្តល់ប្រាក់សោធនិវត្តន៍សម្រាប់ឆ្នាំក្រោយ ចាប់អនុវត្តពីឆ្នាំ ២០១៩ ទៅ ដែលខាងមុខនេះ កម្មករ/ការិនីរបស់យើង បន្ទាប់ពីឈប់ធ្វើការហើយ ហើយធ្វើការដោយគ្រប់លក្ខខណ្ឌ នឹងមានប្រាក់បៀវត្សរ៍ ប្រាក់ចូលនិវត្តន៍ ដូចជាមន្ត្រីរាជការស៊ីវិលរបស់យើងផងដែរ។ ត្រូវបន្ត ត្រូវចាប់ផ្តើមអនុវត្តនូវការទូទាត់ប្រាក់អត្ថប្រយោជន៍រយៈពេល ៦ ខែម្តង ដើម្បីចៀសវាងថៅកែបិទរោងចក្រ រត់ចោលកម្មករ ហើយបន្ទុកធ្លាក់មកលើរាជរដ្ឋាភិបាល ដែលមកដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយប្រាក់ដើម្បីសង្គ្រោះកម្មកររហូតដល់ ២២ លានដុល្លាររួចស្រេចមកហើយ។ យើងបានធ្វើវិសោធនកម្មច្បាប់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាលំបាកនានា។

បង្កើតគិលានដ្ឋាន កន្លែងហូបបាយ ក្នុងរោងចក្រឲ្យបានគ្រប់ និងកែលម្អបរិស្ថានកន្លែងធ្វើការ

ខ្ញុំនៅតែបន្តអំពាវនាវឲ្យគ្រប់រោងចក្រទាំងអស់ បង្កើតនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់កម្មករ តាមរយៈកែលំអនូវស្ថានភាពនៅទីកន្លែងធ្វើការ ដើម្បីបញ្ចប់នូវស្ថានភាពនូវការដួលសន្លប់ ឬក៏ធ្វើឲ្យសុខភាពរបស់កម្មករមានផលប៉ះពាល់ទៅលើសុខភាពរបស់កម្មករ តាមរយៈការកែលំអបរិស្ថាននៅក្នុងបណ្តាកន្លែងធ្វើការ​។ ជម្រុញឲ្យរោងចក្រដែលមិនទាន់មានគិលានដ្ឋាន បង្កើតឡើងនូវគិលានដ្ឋាន ដើម្បីដោះស្រាយពិនិត្យជាបឋមសម្រាប់កម្មករ/ការិនីរបស់យើង។ ជម្រុញឲ្យម្ចាស់រោងចក្រ ដែលមិនទាន់មានកន្លែងហូបបាយសម្រាប់កម្មករ កម្មការិនីរប​ស់យើង រៀបចំទីកន្លែងសម្រាប់កម្មករ/ការិនី មានកន្លែងទទួលទានអាហារ។ ទាំងអស់នេះសុទ្ធតែជាកិច្ចការដែលយើងត្រូវរួមគ្នាធ្វើ ដើម្បីធ្វើយ៉ាងណាឲ្យការងាររបស់យើងទៅមុខ។ រោងចក្ររបស់យើងជាសហគមន៍សុខសាន្តមួយ ដែលម្ចាស់រោងចក្រក៏ទទួលផល កម្មករក៏ទទួលផល …។

បន្ថែមបណ្តាញរថយន្តក្រុង គិតគូរអោយពលរដ្ឋប្រើផ្លូវរថភ្លើងឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំ និងចូលឆ្នាំ

សាលារាជធានីភ្នំពេញត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើការរៀបចំបន្ថែមនូវបណ្តាញរថយន្តក្រុង ដើម្បីបង្កើតឱកាសសម្រាប់ការធ្វើដំណើររបស់កម្មករ/ការិនីរបស់យើង។ ថ្ងៃមុន ដែលឯកឧត្តម ស៊ុន ចាន់ថុល មិនបានមក ហើយខ្ញុំក៏បាននិយាយហើយ រៀងរាល់ពេលចូលឆ្នាំ និងរៀងរាល់ពេលភ្ជុំ ត្រូវចរចាជាមួយនឹង (ឧកញ៉ា) គិត ម៉េង រឿងទាក់ទងជាមួយនឹងរឿងកម្មករជិះរថភ្លើងមិនបង់ប្រាក់ សម្រាប់ការធ្វើដំណើរទៅស្រុក ពីស្រុកមកភ្នំពេញវិញ ព្រោះឲ្យតែពេលភ្ជុំ និងពេលចូលឆ្នាំ (ឡានឈ្នួល)ឡើងថ្លៃរហូត។ អញ្ចឹង យើងលេងផ្លូវរថភ្លើងទាំង ២ ខ្សែ ហើយយើងពង្រាយឡានក្រុងទៀត … ព្រោះនិយាយគ្នាស្តាប់អត់បាន … ចរចាជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរដោយមិនបង់ប្រាក់ក្នុងរយៈពេលភ្ជុំបិណ្ឌ និងក្នុងរយៈពេលបុណ្យចូលឆ្នាំ។ ឥឡូវ ភ្ជុំបិណ្ឌនៅសល់រយៈពេលតែប៉ុន្មានខែទៀតទេ។ ចាប់ផ្តើមគិតគូរពីឥឡូវទៅ។ ការធ្វើយ៉ាងដូច្នេះ យើងរំពឹងថា យើងនឹងបង្កើនបាននូវប្រាក់ចំណូលរបស់កម្មករ តែយើងនឹងកាត់បន្ថយនូវប្រាក់ចំណាយរបស់កម្មករវិញ តាមរយៈសេវាដឹកជញ្ជូនមួយផ្នែក។

បញ្ចុះថ្លៃភ្លើង និងទឹក

… នៅឆ្នាំខាងមុខនេះ យ៉ាងណាក៏ដោយ ថ្លៃភ្លើង និងថ្លៃទឹក ត្រូវតែធ្លាក់ចុះ។ ពូបានប្រកាសនៅក្នុងយុទ្ធនាការបោះឆ្នោតហើយ។ អគ្គិសនីត្រូវទម្លាក់ថ្លៃចុះ ដើម្បីបម្រើឲ្យប្រជាជននៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ក្មួយៗជាកម្មករ/ការិនី ក្មួយៗមិនគ្រាន់តែទទួលផលប្រយោជន៍ នៃការប្រើប្រាស់ទឹក/ភ្លើងប្រើប្រាស់នៅតាមផ្ទះទេ ក្មួយៗនឹងទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែងថ្លៃដើមផលិត។ នៅពេលនោះ នឹងទម្លាក់ថ្លៃភ្លើងសម្រាប់វិស័យឧស្សាហកម្ម។ អញ្ចឹង ថ្លៃភ្លើងដែលទម្លាក់នៅក្នុងវិស័យឧស្សាហកម្មនេះ វាក៏ជាផ្នែកមួយនៃការដែលបានប្រាក់ចំណេញ ហើយប្រាក់ចំណេញនោះនឹងត្រូវយកមកបែងចែកឲ្យកម្មករ។ ដូច្នេះសម្រាប់កម្មករ/ការិនីរបស់យើងនឹងទទួលបាន ២ ប្រភេទ មួយប្រភេទ ក្មួយៗប្រើផ្ទាល់ជាថ្លៃភ្លើង និងថ្លៃទឹក ប៉ុន្តែមួយប្រភេទទៀត ដែលក្មួយៗធ្វើការតាមរោងចក្រ តាមសហគ្រាស តាមសណ្ឋាគារ តាមក្រុមហ៊ុននានាដែលផ្តល់ភ្លើង នៅពេលគេបានធូរថ្លៃ គេធ្លាប់តែបង់ថ្លៃភ្លើងថា ក្នុងមួយឆ្នាំគេបង់អស់ ២០ ម៉ឺនដុល្លារ ប៉ុន្តែក្រោយមកគេនៅបង់តែ ១៧ ម៉ឺនទេ ដូច្នេះចំណែក ៣ ម៉ឺននេះ មួយផ្នែកណានោះ ត្រូវយកមកចែកក្នុងចំណោមកម្មករ។ នេះជាគោលនយោបាយរប​ស់​យើង ដែលយើងកាត់បន្ថយនូវការចំណាយរបស់ពលរដ្ឋរប​ស់យើងទៅលើថ្លៃទឹក ថ្លៃភ្លើង។ ប៉ុន្តែក៏សុំបញ្ជាក់ថា រឿងថ្លៃភ្លើងបានប្រកាសចេញហើយ ឯថ្លៃទឹកមិនអាចដូចគ្នាបានទេ។ សុំឲ្យមានការយល់គ្នា។ ថ្លៃភ្លើងគ្រាន់តែជាចំណែកមួយ នៃការផលិតទឹកស្អាតតែប៉ុណ្ណោះ ហើយទឹកក៏មានកម្រិតខុសគ្នាដែរ។ ទឹកនៅតំបន់ខ្លះវាត្រូវប្រើ​​នូវវត្ថុធាតុដើម ដើម្បីធ្វើឲ្យស្អាត ឲ្យវាមានអនាម័យ ប្រើតម្លៃដើមតិចជាង បើប្រៀបធៀបទៅនឹងតំបន់ខ្លះ ដែលមានទឹក ដែលមានជាតិពុលខ្លាំង។

ប្រសើរជាងមុន ជ្រៅជាងមុន ប្រសិទ្ធិភាពជាងមុន ទូលំទូលាយជាងមុន

អញ្ចឹងទេ នេះជាចំណុចនៃគោលនយោបាយដែលយើងបានដាក់ចេញរួចមកហើយ។ ហើយនឹងត្រូវជម្រុញអនុវត្តនូវរាជរដ្ឋាភិបាល ដែលនឹងបង្កើតឡើងនៅពេលខាងមុខនេះ ដែលយើងត្រូវបន្តជម្រុញការយកចិត្តទុកដាក់ ប៉ុន្តែ មិនមែនរហូតដល់ពេលនោះទេ ឥឡូវ ចាប់រុញទៅហើយ តែយើងនឹងធ្វើឲ្យប្រសើរជាងមុន ជ្រៅជាងមុន និងប្រសិទ្ធិភាពជាងមុន ទូលំទូលាយជាងមុន។

ការហែកគណនេយ្យ Facebook ហ៊ុន សែន ជាឧក្រិដ្ឋកម្មបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដោយពិភពលោក

ឥឡូវខ្ញុំវិលមកបញ្ហានយោបាយបន្តិច មុននឹងឈានទៅដល់ការបញ្ចប់រឿងក្នុងអាទិត្យកន្លងទៅ។ ដំបូងខ្ញុំនិ​យាយពីរឿង ធ្វើអីមិនកើត មកលួចហ្វេសប៊ុករបស់ ហ៊ុន សែន។ នេះពិតជាអាក្រក់ជួជាតិ ដែលខ្ញុំសង្ឃឹមថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ នឹងត្រូវបានផ្តន្ទាទោសដោយពិភពលោក។ មុននេះ ចូលលួចផេចរប​ស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អាទិត្យមុននេះ បានប្រទាញប្រទង់ជាមួយហ្វេសប៊ុករបស់ខ្ញុំ ហើយលុបនូវការដែលខ្ញុំផុសតាំងពីថ្ងៃ ១០ ខែសីហា រហូតដល់ថ្ងៃទី ៣០ ខែមីនា។ វាលុបចោលទាំងអស់។ អ្នកឯងលុបចោល យើងបង្ហោះឡើងវិញ។ នេះគឺជាឧក្រិដ្ឋកម្ម។ ខ្ញុំមិននិយាយថា ទៅដល់ណាហើយទេ ព្រោះទុកលទ្ធភាពឲ្យគេធ្វើការ។ យើងក៏ត្រូវមានទំនាក់ទំនងជាមួយនឹងប៉ូលីសអន្តរជាតិ Interpol  ដើម្បីនឹងធ្វើកិច្ចការងារនេះផងដែរ។ កុំឃើញទឹកស្ងប់ថានៅក្នុងទឹកគ្មានត្រី។ ធ្វើអីមិនបាន គេចេញមកថា យើងបង្កើតបញ្ហាខ្លួនឯង។

ផុសបំភ័ន្តថា រឿងទី ១ គណបក្សប្រជាជននឹងចែករំលែកអាសនៈឲ្យបក្សដទៃ

ឥឡូវគិតមើល។ អ្នកណាទៅបង្កើតរឿងក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី? រឿងវាងាយយល់ណាស់​។ ទី ១ គេចង់ធ្វើឲ្យក្រឡាប់ចាក់ការប្រកាសលទ្ធផល តាមរយៈពូជាអ្នកផុស្តថា គណបក្សប្រជាជននឹងចែករំលែកអាសនៈ​ទៅឲ្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ២ អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ ២ អាសនៈ។ អញ្ចឹង​ យើងដឹងហើយថា អ្នកណាធ្វើរឿងនេះ។ ឯមួយទៀត គេថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយដែលបានចុច LIKE ឲ្យហ្វេសប៊ុករបស់ខ្ញុំ ជាពិសេសថ្លែងអំណរគុណចំពោះប្រជាជនហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី អញ្ចឹងជាអ្នកណា? អ្នកធ្លាប់ប្តឹងពូទៅហ្វេសប៊ុក រហូតដល់ហ្វេសប៊ុកគេស្តីឲ្យវិញ។ ហ្នឹងចោរប្រភពវាមកពីនោះ … ហ្នឹងរឿងទី ១។

ផុសបំភ័ន្តថា រឿងទី ២ ជួលឃាតករឲ្យតាមសម្លាប់នៅប្រទេសបារាំង

រឿងទី ២ គេបង្កើតឡើងថាខ្ញុំជួលឃាតករឲ្យតាមសម្លាប់គេនៅប្រទេសបារាំង ហើយគេសរសេរទៀតថា គេទទួលបានដំណឹងនេះពីចារកម្មបារាំង។ ខ្ញុំទុកលទ្ធភាពជូនប្រធានាធិបតី ម៉ាក្រុង ពិនិត្យ ព្រោះគេជាជនជាតិបារាំង ហើយតើចារកម្មបារាំងរូបណា ដែលទម្លាយការសម្ងាត់បែបនេះ? ពិនិត្យខ្លួនឯងទៅ … សុំទោសក្នុងមួយជីវិតរបស់ពូ កុំថាឡើយដល់ជីវិតមនុស្ស សូម្បីតែអារកមាន់ក៏ពូមិនដែលបានអារកមាន់មួយទេ។ ពូចាញ់បោកបងរបស់ពូជានិច្ច។ ពូមានបងប្រុស ២ នាក់ ពូជាប្អូនពៅក្នុងចំណោមកូនប្រុស​។ បងប្រុសទី ២ ហ៊ុន ណេង ចិញ្ចឹមមាន់ដូចគ្នា។ អញ្ចេះ យើងអ្នកនៅស្រុកស្រែចម្ការ តែងតែមានចិញ្ចឹមមាន់ ហើយចិញ្ចឹមមាន់ សុទ្ធ​តែមានម្ចាស់រៀងខ្លួន។ មាន់ខ្ញុំវាកាក់កបណាស់ និយាយពីពងវាញាស់មកស្អាត។ យើងចង់ស៊ីមាន់ គាត់ថា បើចង់ស៊ីមាន់ ស៊ីមាន់អូនឯងទៅ អញអ្នកអារក។ អញ្ចឹងទេ វាអស់តែមាន់យើង មាន់គេអត់អស់ទេ។ បើយើងចង់ស៊ីមាន់ ត្រូវតែចំណាយមាន់ខ្លួនឯង គេអ្នកចេះអារក ដោយសារពូមិនចេះអារ​ក កុំថាឡើយដល់ជីវិតមនុស្ស។

កន្លងទៅនេះ បានបើកមើលក្នុង ​YouTube ក្នុងហ្វេសប៊ុក មានឆាវឆាវ រឿងសាមកុក គេនិយាយអញ្ចេះ អាហ្នឹងអ្នកដែលបញ្ចូលសម្លេងនោះ ប៉ុន្តែ រឿងហ្នឹងមិនមែនរឿងសាមកុកទេ តែគេយកតួអង្គឆាវឆាវ, លាវ ប៉ី, គន់ អ៊ូ, ទាវ ហ៊ុយ អី យកមកដាក់បញ្ចេញមក។ ប៉ុន្តែ ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ ហើយដូចអ្វីដែលខ្ញុំបាននិយាយ ក្រោយពីការស្លាប់របស់បណ្ឌិត កែម ឡី គេនិយាយមិនដឹងថា ឃ្លីបហ្នឹងបានចេញពីពេលណាទេ? … ជា ឆាវឆាវ ពិត ឬក៏អ្នកបញ្ចូលសម្លេង ឆាវឆាវ គាត់ថា បើចង់ដឹងឃាតករពិត វាមិនពិបាកទេ គ្រាន់តែស្វែងយល់ថា អ្នកណាទទួលផលប្រយោជន៍ច្រើនជាងគេពីរឿងហ្នឹង។ អញ្ចឹងទេ រឿងនេះ វាជារឿងមួយពិតប្រាកដ តើរាជរដ្ឋាភិបាល តើនាយករដ្ឋមន្រ្តី ហ៊ុន សែន មានផលប្រយោជន៍ស្អី នឹងធ្វើឲ្យមានមនុស្សស្លាប់។ អាម្សៀមួយនេះ ធ្លាប់សុំទោសខ្ញុំម្តងហើយ។ កាលពេលនោះថា ខ្ញុំហ្នឹងសម្លាប់មនុស្ស ៦ នាក់។ គេហ្នឹងម្នាក់ សម្តេច សិរីវុឌ្ឍ ម្នាក់ … ធ្លាប់សុំទោសខ្ញុំម្តង។ ប៉ុន្តែ ឥឡូវអ្នកទាំងនេះនៅរស់ទាំងអស់ ក្នុងពេលដែលគេចោទយើង។

ចប់ហើយដូរ

កោតតែទៅរួចផ្តាំត្រឡប់ទៅវិញ មានរឿងមួយទៀតសុំផ្តាំទៅអាម្សៀមួយនោះ ខ្ញុំមិនចង់និយាយតទេ ក៏ប៉ុន្តែ សុំអរគុណណាស់ អរគុណត្រង់ដែលឯងនិយាយត្រូវ ថា ហ៊ុន សែន ចប់ហើយដូរៗ។ បើកឡើង គឺនិយាយតែពីរឿង ហ៊ុន សែន ចប់ហើយដូរ។ ត្រឹមត្រូវណាស់ អូនឯងនិយាយពិតជាត្រឹមត្រូវ ហ៊ុន សែន ចប់ហើយដូរ ចប់ហើយដូរ។ ថ្ងៃណាក៏ចប់ហើយដូរ ត្រូវហើយចប់ពិតប្រាកដ។ និយាយនេះ ត្រឹមត្រូវតាំងពីពេលមុន ត្រឹមត្រូវតាំងពីថ្ងៃនេះ ហើយត្រឹមត្រូវនៅពេលខាងមុខ។ ត្រឹមត្រូវហើយ ថ្ងៃនេះ ថ្ងៃពុធ ចប់ហើយ ថ្ងៃស្អែកដូរ​។ មែនទេ? ហ្នឹងនិយាយតាមប្រចាំថ្ងៃ។ ម៉ោង ៩ ជិតចប់ហើយ ចូលម៉ោង ១០ ដូរ … ឥឡូវនេះ ហ៊ុន សែន នឹងចប់ហើយនៅថ្ងៃទី​ ៦ ចប់ហើយ គឺចប់រដ្ឋាភិបាលអាណត្តិទី ៥ និងដូរទៅរដ្ឋាភិបាលអាណត្តិទី ៦។ ដូរមែន។

នៅថ្ងៃទី ៥ ហ៊ុន សែន និងអ្នកដទៃទៀតក៏ចប់ដែរ ព្រោះគេចែងអញ្ចេះ សភាចាស់នឹងចេញផុតពីដំណែងនៅពេលដែលសភាថ្មីចូលមកជំនួស។ អញ្ចឹង ថ្ងៃទី ៥ អស់លោកទាំងឡាយដែលនឹងត្រូវចូលស្បថ និងត្រូវដូរពីអាណត្តិទី ៥ ចូលអាណត្តិទី ៦ ដូរ … ខែ ៨ ចប់ហើយ ចូលខែ ៩ ដូរ ហ៊ុន សែន ចប់ហើយដូរ … មិនដូរតែមួយទេ ដូរអត់បានទេ ដូរប្រពន្ធ។ អាហ្នឹងនិយាយឲ្យវាច្បាស់។ ហ៊ុន សែន ចប់ហើយ ឆ្នាំកន្លងទៅឲ្យជូនពរខ្ញុំយកឆ្នាំស្អីទេពិតប្រាកដ តែខ្ញុំកើត ១៩៥២ ទេណា មិនមែន ១៩៥១ ទេ។ ខួបកំណើតពិត ថ្ងៃទី ០៥ សីហា ឆ្នាំ ១៩៥២ ។ ចប់ហើយ ចប់ ៦៦ ចូល ៦៧ ដូរ ឆ្នាំក្រោយចប់ ៦៧ ចូល ៦៨ ដូរ … ហ៊ុន សែន អត់ទៅណាទេ នៅតែដូរហ្នឹង … អ្នកដែលធ្លាប់(សារសង)ជាមួយ មិនមែនត្រឹមអស់លោកប៉ុណ្ណឹងទេ ជាមួយថ្នាក់ប្រធា​នាធិបតីតាមប្រទេស ផ្តាំទៅ រាប់ទាំងប្រធានាធិបតីអាមេរិកាំង … បើមិនប៉ុណ្ណឹងទេ មិនអាចឈរជើងនៅកន្លែងហ្នឹងបានទេ មិនអាចផ្តួលរំលំ ប៉ុល ពត បាន មិនអាចទប់ស្កាត់ ប៉ុល ពត បាន។

​មនុស្សម្នាក់ នៅក្នុងរដ្ឋាភិបាលមិនដាច់រយៈគឺ ហ៊ុន សែន

បើរឿងដូរនេះបើខ្ញុំមិនច្រឡំទេ បន្ទាប់ពីក្រុម អាឈាន វាយយកប៉ៃលិន បាក់កងពល ១៩៦ និងកងពលតូច ៩៥ ដែលយកមកពង្រឹងនៅបឹងកំពីងពួយ និងភ្នំធិបតី។ ពេលហ្នឹងខ្ញុំក៏បានលឺថា រដ្ឋាភិបាល ហ៊ុន សែន ចប់ហើយ តែទីចុងបំផុត ហ៊ុន សែន នៅជ្រងោៗ តាំងពី ១៩៨៩ ធ្លាក់មកដល់ពេលនេះ។ បើនិយាយ​ពីការចាប់ផ្ដើមរហូតមកដល់ពេលនេះជិត ៤០ ឆ្នាំរួចមកហើយ។ ​មានមនុស្សតែម្នាក់គត់ ដែលចាប់កំណើតនៃ​រដ្ឋាភិបាល​ដំបូង​ ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧៩ ដែលនៅក្នុងរដ្ឋាភិបាលមិនដាច់រយៈគឺ ហ៊ុន សែន តែម្នាក់គត់​​អ្នកឯងត្រូវចាំ។ ពេលនោះវ័យមិនទាន់គ្រប់ ២៧ ឆ្នាំ ឥលូវចូលដល់ ៦៧ ហើយ … សូមបញ្ជាក់ទៅអស់លោកដែលនៅខាងក្រៅ អ្នកដែលជេរខ្ញុំខ្លាំង មិនប្រាកដ​ថាអ្នកស្មោះត្រង់​ជាមួយអ្នកឯងទេ។ អ្នកខ្លះជេរខ្ញុំប៉ុន្មានឆ្នាំហើយតែខ្ញុំអត់ត វាមានមូលហេតុរបស់វា​ ដែលខ្ញុំមិនត។ ជេរកាន់តែលឺ​ គេកាន់តែទុកចិត្ត គេកាន់តែឲ្យព័ត៌មាន។ ស្រាប់​តែប្រុច នៅឯភ្នំពេញ នៅវិមានឯករាជ្យ រឿងហ្នឹងវាអញ្ចឹង ធម្មតាទេនៅ​លើលោក។

អរគុណក្រុមហ៊ុនហ្វេសប៊ុក សហការបានល្អ និង​លឿន ធ្វើឲ្យមានសុវត្ថិភាព

រឿងមកលួចហ្វេសប៊ុក។ គេថា ហ៊ុន សែន បច្ចេកវិទ្យាខ្សោយ។ ទៅសួរអាមេរិកខ្លួនឯងទៅ អាមេរិក ត្រូវ វីគីលីក(Wikileaks) ​ចូល​យកព័ត៌មានរាប់លាន ត្រូវ (Edward) Snowden ចូលយកព័ត៌មានមិនដឹងប៉ុន្មាន។ Snowden ​ទៅហុងកុង ចេញពីហុងកុង​ទៅនៅរុស្ស៊ីបាត់។ ហ្នឹងមេបច្ចេកវិទ្យាហើយ។ អញ្ចឹងបានគេផ្ដួចផ្ដើមគំនិត នៅគ្រប់ទីកន្លែងនៃការប្រជុំអន្ដរជាតិធំ​ៗ គេ​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ីនធើណែត។ ឥឡូវអ្នកឯងចូលក្នុងឧក្រិដ្ឋកម្មអ៊ិនធើណែត។ ខ្ញុំទុកភារកិច្ច​ឲ្យនគរបាល​ធ្វើការ។ តម្រុយមានហើយ តែខ្ញុំមិនរំខានការងាររបស់នគរបាលទេ ដែលគេមានភារកិច្ចសហការ​ជាមួយក្រុមហ៊ុនហ្វេសប៊ុក។

អរគុណដល់ក្រុមហ៊ុនហ្វេសប៊ុក ដែលសហការបានល្អ ក្នុងល្បឿនមួយ​លឿន ដែលធ្វើឲ្យមានសុវត្ថិភាព។ ប្រ​សិនបើគេផុសចេញនូវបទបញ្ជាលើកទ័ព​ពីត្រង់នេះទៅត្រង់នោះ (នឹងមានបញ្ហា)។ ប៉ុន្ដែយើង​ក៏មានបណ្ដាញផ្សព្វផ្សាយភ្លាម ដើម្បីស្កាត់នូវផែនការដ៏អាក្រក់របស់គេ។ អ្នកឯងមិនត្រូវភ្លេចថាក្រៅពីហ្វេស​ប៊ុករបស់នាយករដ្ឋមន្ដ្រី ក៏នៅមានបណ្ដាញ ប្រព័ន្ធដទៃទៀត ដែលនឹងទប់ស្កាត់ ព្រោះមិនមែនមានអ្នកណា​ចេះ​តែជឿលើផេកនាយករដ្ឋមន្ដ្រីទេ។ មានបងប្អូនខ្លះ ក៏មានការភាន់ច្រលំដែរ ទៅចុចចែករំលែកឲ្យគេ គេហៅ​ share អីគេនោះ។ ព្រោះឲ្យតែលឺសូរផាំងរ៉ឺងទៅ ដឹងតែពីចុច Like សិន អត្ថន័យអញមើលក្រោយ អាហ្នឹងត្រូវឲ្យបានច្បាស់​បន្ដិច។

ក្នុងសភាមានគណបក្សតិច នៅក្នុងសង្គមមានពហុបក្ស

ឥឡូវ ខ្ញុំចង់និយាយទៅកាន់បណ្ដាបក្សនយោបាយ ដែលចូលរួមបោះឆ្នោត ហើយដែលមានបំណងដើម្បីចង់​កសាងប្រទេស។​​ ប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានស្ដាប់ដោយការរីករាយជាមួយនឹងការជជែក​នៅក្នុងបណ្ដាបក្ស​នយោ​បាយមួយចំនួន​ ដែលគេមិនរង់ចាំទៅដល់ឆ្នាំ ២០២២ ទើបរៀបចំទេ។ បែរជាក្រោយការបោះឆ្នោត​ គេចាប់ផ្តើមពង្រឹងបក្សគេពីឥឡូវទៅឲ្យហើយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតនៅឆ្នាំ ២០២២ និង ២០២៣។​ អញ្ចឹងបាន​សេចក្ដីថា គេខិតខំការពារនូវចំនួនសន្លឹកឆ្នោតរបស់គេ ​ដែលគេទទួល​បាន ក៏សុទ្ធតែរាប់ពាន់ រាប់ម៉ឺន អ្នកខ្លះរាប់សិបម៉ឺន អ្នកខ្លះជាង ២០ ម៉ឺន ដូច ២ ឬ ៣ គណបក្សដែរ។ ខ្លះ ៥, ៦, ៧ ម៉ឺន ឬ ២ ទៅ ៣ ម៉ឺនដែរ។ គេចាប់ផ្ដើមពង្រឹងគណបក្សរបស់គេពីឥឡូវហ្នឹងទៅហើយ។ អ្នកខ្លះទៀត ​ដោយ​មិនជោគជ័យក្នុងគណបក្សនេះ មាន ៣ នាក់ ដែលត្រៀមបង្កើតគណបក្សថ្មី ៣ ពីឥឡូវ។ អញ្ចឹងបានសេចក្ដីថា បើទោះបី​ក្នុងសភាមានគណបក្សតិចតួច ប៉ុន្ដែ នៅក្នុងសង្គមគឺនៅតែមានពហុបក្សជានិច្ច។

វេទិកាពិគ្រោះ​យោបល់ រវាង​គណ​បក្ស​នយោ​បាយ និងរាជរដ្ឋាភិបាល រួមចំណែកកសាង​ប្រទេស

ឯខ្ញុំ ទោះបីសភាមាន​ប៉ុន្មាន​គណបក្សក៏ដោយ ខ្ញុំចង់បង្កើតវេទិកាពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល​ជាមួយ​បណ្ដាបក្សចូលរួមបោះឆ្នោត​។ ជាវេទិកាថ្មីមួយនៅក្នុងអាណត្ដិទី ៦ ព្រោះអញ្ចេះ ខ្ញុំចង់ឲ្យមាន​វេទិ​កានេះកើត​ឡើង ជាវេទិកាពិគ្រោះ​យោបល់មួយក្រៅផ្លូវការ ដែលនឹងអាចជាធាតុចូលនៃបណ្ដា​គណ​បក្ស​នយោ​បាយ​​ដែលផ្តល់ជូនមករាជរដ្ឋាភិបាល​ ក្នុង​គោលបំណង ដែលគេមានចំណែកដើម្បីចូលរួមចំណែកដើម្បីកសាង​ប្រទេស។ គេក៏បញ្ជ្រាបនយោបាយ​របស់បក្សគេទៅក្នុងជីវភាពរបស់ប្រជាពលរដ្ឋ។ គេអាចនឹងទទួលបានការ​គាំ​ទ្រនៅអាណត្ដិក្រោយផងដែរ វាជាផល​ប្រយោជន៍ទាំងអស់។ ផលប្រយោជន៍នៃការសុខសាន្ដ សុខដុម​រមនា​ក្នុងសង្គមជាតិ បង្កើតឡើង​នូវវប្ប​ធម៌​សន្ទនារវាងបក្សក្នុងរដ្ឋាភិបាល និងបក្សក្រៅរដ្ឋាភិបាល ឬក្រៅ​សភា។ មានពេលមួយ ឆ្នាំ ២០០៣ យើងមានបក្សនយោបាយ ៣៩ ចូលរួមបោះឆ្នោត ប៉ុន្ដែនៅក្នុងសភាពេលនោះយើងមានតែ ៣ គណបក្ស​តែប៉ុណ្ណោះ។ ឆ្នាំ ២០០៨ មាន ១២ គណបក្ស (ចូលរួមប្រកួត) ប៉ុន្ដែក្នុងសភាមាន ៤ គណបក្ស ដ​ល់ ២០១៣ ចូលបោះឆ្នោត ៨ គណបក្ស តែមានគណបក្ស ២ តែប៉ុណ្ណោះ។ ចុងអាណត្ដិមានគណបក្ស ៥​។

ជួបបក្សដែលបានចូលរួមបោះឆ្នោត ក្នុងឋានៈជានាយករដ្ឋមន្ដ្រី

ឥឡូវនេះ យ៉ាងច្រើន មាន ​២ ឬ ៣។ ខ្ញុំមិនច្បាស់ទេ។ ហ្នឹងជាសិទ្ធិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។ ជួនកាលលឺគេនិយាយ​តៗគ្នាទេ ថាមានតែមួយគណបក្សផង។ បើអញ្ចឹង អ្នកទាំងនោះចូលរួមជីវភាពនយោ​បាយតាមសភា ​ទៅមិនរួច។ ជម្រើសដែលល្អ (គឺ)ខ្ញុំត្រៀមខ្លួនបង្កើតឡើងនូវវេទិកាពិគ្រោះយោបល់ជាមួយគណ​បក្ស​ចូលរួម​បោះឆ្នោត។ ខ្ញុំមិនអញ្ជើញគណបក្សទាំងអស់ទេ ព្រោះបើគណបក្សទាំងអស់ វាជាប់ ៥០ គណ​បក្ស … អញ្ជើញ​តែអ្នកដែលបានចូលរួមបោះឆ្នោត។ បានសេចក្ដីថា ខ្ញុំមិនជួបក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជនទេ​។ ​ខ្ញុំជួបក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ដ្រី ដោយអញ្ជើញបណ្ដាបក្សនយោបាយមកកាន់វិមានសន្ដិភាព ហើយយើង​ពិគ្រោះយោ​បល់ជាមួយគ្នា។ ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពដែលអាចជួបគ្នា។ ខ្ញុំនឹងធ្វើលិខិតអញ្ជើញ។ អាចមួយ​គណបក្ស ២ ឬ ៣ នាក់ មកជួបជាមួយខ្ញុំនៅវិមានសន្ដិភាព មុនបង្កើតរដ្ឋាភិបាល ដើម្បីអាច​យើងនិយាយគ្នា។ អ្នក​ពេញចិត្តក៏មក អ្នកមិនពេញចិត្តក៏មិនមក។ តាមចិត្តចង់។

បក្សដទៃអាចចូលរួមក្នុងការព្រៀងច្បាប់នានា ឬតាមដានការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលជាដើម

យើងពិនិត្យមើល តើយើងមាន​អ្វីខុសគ្នា និងមានអ្វីដែលដូចគ្នា។ ឧទាហរណ៍ ក្នុងវិស័យកសិកម្មមួយមុខទៅចុះ អ្វីដែលជាចំណុចដូចគ្នា។​ ឧទាហរណ៍ ការជម្រុញការចិញ្ចឹមសត្វ។ រកវិធីដើម្បីទម្លាក់ថ្លៃចំណីសត្វ ផលិតចំណីសត្វក្នុងស្រុក បង្កើន​គុណភាពចំណីសត្វ ដើម្បីឲ្យពលរដ្ឋរបស់យើងចិញ្ចឹមសត្វ ហើយផ្គត់ផ្គង់ក្នុងស្រុក នឹងឈានទៅរកការនាំចេញ​។ ការដាំដុះ ដែលអត់ប្រើប្រាស់ជាតិគីមី ដែលគេហៅថា សិរីរាង្គ ច្បាស់ជា​មានចំ​ណុចដូចគ្នាតាមបណ្ដាបក្សនយោបាយ បើដូច្នោះយើងប្រឹងធ្វើរួមគ្នាទៅ​។ ឥឡូវនេះ តាមច្បាប់មួយ​ទាក់​ទងនឹងសុវត្ថិភាពចំណីអាហារ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអ្នកដែលបានកំពុងព្រៀង ដូច្នេះ​ សេចក្ដីព្រៀងច្បាប់មួយចំនួន អាចយកទៅពិគ្រោះជាមួយបណ្ដាបក្សនយោបាយបានដែរ ឲ្យគេចូលរួម។

បើមានតម្រូវការ យើងអាចអញ្ជើញថ្នាក់ដឹកនាំគណបក្សធ្វើទីប្រឹក្សាឲ្យក្រសួងដែលខ្លួនមានជំនាញ

ទាក់​ទងនឹងការតាមដានការអនុវត្ដនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ឧទាហរណ៍ តើអនុវត្ដបានល្អទេ នូវការផ្ដល់​បា្រក់ជូនកម្មការិនីឆ្លងទន្លេ និងប្រជាជនក្រីក្រមានផ្ទៃពោះឆ្លងទន្លេ មុន និងក្រោយឆ្លងទន្លេ អនុវត្ដ​​ត្រឹម​ត្រូវ​ទេ? បើមិនត្រឹមត្រូវទេ គណបក្សនោះមានសិទ្ធិរាយការណ៍ និងផ្ដល់មតិមក ប្រាប់ថា ខាងចំណុចនេះវាអត់ត្រូវ ខាងលើនិយាយ តែខាងក្រោមអត់ធ្វើ ដើម្បីជួយជម្រុញ កុំឲ្យបក្សកាន់អំណាចជិះសេះលែងដៃ។ ខ្ញុំចង់ឲ្យអ្នកទាំងឡាយចូលរួមវិភាគទាន ហើយក៏ចំណេញអ្នកទាំងឡាយនោះដែរ ដែលពេលធ្វើយុទ្ធនាការបោះឆ្នោត ក៏បានទៅនិយាយប្រាប់ប្រជាពលរដ្ឋ ខ្ញុំបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលទៅលើបញ្ហានេះ បញ្ហានោះ ហើយបើខ្ញុំឈ្នះ ខ្ញុំនឹងជម្រុញបន្តទៅទៀត។ ខ្ញុំគិតថា អាចនឹងធ្វើបាន ទៅលើចំណុចអស់ទាំងនេះ ហើយបើមានតម្រូវការ យើងអាចអញ្ជើញប្រធានគណបក្ស ឬក៏ថ្នាក់ដឹកនាំគណបក្សធ្វើទីប្រឹក្សាឲ្យក្រសួងណាមួយ ដែលខ្លួនមានជំនាញ។

មានតែ ហ៊ុន សែន ម្នាក់គត់ មានសិទ្ធិរៀបចំសមាសភាពរាជរដ្ឋាភិបាល

សូមផ្តាំណា ឥឡូវហ្នឹងល្បែងរត់ការយកលុយ។ ក្នុងគណបក្សប្រជាជន ក៏មានល្បែងរត់ការយកលុយដែរ។ បោក។ មិនមែនមន្ត្រីរបស់គណបក្សប្រជាជនពិតប្រាកដទេ។ អានេះបោកពីកន្លែងមួយ ទៅកន្លែងមួយ។ ខ្ញុំក្តាប់បានមុខសញ្ញាមួយចំនួនហើយ។ កុំរត់ការឲ្យសោះ។ ហ៊ុន សែន ជាអ្នករៀបចំរាជរដ្ឋាភិបាល។ បញ្ជីនេះខ្ញុំឃើញ Khmer Times ចុះពីម្សិលថា គណៈរដ្ឋមន្រ្តីត្រូវតែផ្សព្វផ្សាយតាមសារព័ត៌មាន។ សុំទោស។ ខ្ញុំផ្សព្វ​ផ្សាយជូនមិនបានទេ។ ខ្ញុំមិនអាចបំពានលើសេចក្តីទុកចិត្តរបស់សភាទេ។ ទាល់តែសភាអនុម័តហើយ ទើបចេញជាផ្លូវការ។ សូម្បីតែមនុស្សប៉ុន្មាននាក់ ក្រៅពីសម្តេច ទៀ បាញ់ អត់ទាន់មានឧបនាយករដ្ឋមន្រ្តីណាមួយដឹងរឿងនេះទេ។ ខ្ញុំពិគ្រោះតែមនុស្ស ៤ នាក់ទេ។ កុំឲ្យបង្ហោះតាម Facebook ខ្លាំងពេក ព្រោះ ២ អាណត្តិហើយធ្លាប់តែបែកការណ៍។ ឥឡូវអត់ឲ្យដឹងទាំងអស់។ មានតែ ហ៊ុន សែន ម្នាក់គត់មានសិទ្ធិរៀបចំ …។

អាចអញ្ជើញបញ្ញាជនពីគណបក្សដទៃចូលរាជរដ្ឋាភិបាល តែមិនយកគោលនយោបាយរបស់បក្សនោះទេ

ប៉ុន្តែ មាន ២ គណបក្សកំពុងតែរត់ការយកលុយ។ ទីមួយ គណបក្សខ្មែររួបរួម កំពុងរត់ការយកលុយ។ ទីពីរ មានមនុស្សមួយចំនួនក្នុងគណបក្សហ៊្វុនស៊ិនប៉ិច កំពុងរត់ការយកលុយ។ សុំផ្តាំទៅ។ មួយឆាវដំបូងនេះ មានតែគណបក្សប្រជាជនទាំងអស់នៅក្នុងរាជរដ្ឋាភិបាល។ អត់មានលាយឡុំ។ បន្ទាប់ទៅ ចាំខ្ញុំពិនិត្យទៅដល់គណបក្សមួយចំនួន ដែលធនធានមនុស្សគ្រាន់បើ។ ខ្ញុំអាចអញ្ជើញគេឲ្យមកធ្វើជារដ្ឋលេខាធិការ ឬអនុរដ្ឋលេ​ខាធិការ ឬទីប្រឹក្សាស្ថាប័ន ឬទីប្រឹក្សារាជរដ្ឋាភិបាល។ ខ្ញុំនឹងពិនិត្យតាមក្រោយ។ ប៉ុន្តែ បើធ្វើយ៉ាងដូច្នេះ គឺជាការចូលមកអនុវត្តទាំងស្រុងនូវគោលនយោបាយរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ សូមផ្តាំអាហ្នឹង។ ខ្ញុំមិនអាចយកគោលនយោបាយរបស់បក្សណា មកអនុវត្តជំនួសឲ្យគោលនយោបាយគណបក្សប្រជាជន ដែលប្រ​​ជា​ជនបានបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីបានទេ។ ប៉ុន្តែ ខ្ញុំអាចយកធាតុចូលរបស់អ្នកផ្តល់មក​ ដើម្បីជួយជម្រុញអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជនបាន។

ជំនួបពិគ្រោះយោបល់ រវាងនាយករដ្ឋមន្រ្តី និងមនុស្សមួយចំនួនពីបក្សទាំង ២០ ដែលបានចូលរួមបោះឆ្នោត

ឧទាហរណ៍ លើបញ្ហាមួយចំនួន ដែលយើងយល់ថាវាមានចំណុចស្របគ្នា ប៉ុន្តែ យើងអនុវត្តទៅឃើញថា វាមានខ្វះចន្លោះ។ ធាតុចូលពីគណបក្សដទៃ អាចនឹងគួបផ្សំឲ្យយើង។ ប៉ុន្តែ យោងទៅលើការស្ម័គ្រចិត្ត ខ្ញុំនឹងធ្វើលិខិតអញ្ជើញ រាប់ទាំងគណបក្សប្រជាជន ព្រោះខ្ញុំនឹងជួបនៅវិមានសន្តិភាព ជាទីកន្លែងរបស់នាយករដ្ឋមន្រ្តី​។ ខ្ញុំមិនជួបនៅសភា ហើយខ្ញុំក៏មិនជួបនៅនឹងស្នាក់ការគណបក្សប្រជាជនទេ។ ខ្ញុំនឹងជួបនៅវិមានសន្តិភាព ដែលជាទីស្តីការគណៈរដ្ឋមន្រ្តី។ ខ្ញុំចង់ជួបមុនពេលបង្កើតរាជរដ្ឋាភិបាល រួចហើយពេលនោះយើងនឹងពិគ្រោះគ្នា តើយន្តការបែបណា ដើម្បីពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ជាមួយគណបក្សដែលចូលរួមបោះឆ្នោត។ ឧទាហរណ៍ សេចក្តីព្រៀងច្បាប់ យើងអាចពិគ្រោះយោបល់ជាមួយនឹងបណ្តាបក្សនយោបាយ ដែលចង់ចូលរួមចំណែក។ យើងធ្លាប់ពិគ្រោះយោបល់លើសេចក្តីព្រៀងច្បាប់ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល រឿងអីដែលយើងមិនអាចធ្វើបានជាមួយបណ្តាបក្សនយោបាយដែលចូលរួមបោះឆ្នោត។ យើងចង់ប្រមូលធាតុចូល ដែលខ្ញុំធ្លាប់បាននិយាយកាលពីមុនថា ប្រមូលកម្លាំងមនុស្ស កម្លាំងបញ្ញា និងកម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍប្រទេស​។ ខ្ញុំចង់ប្រើប្រាស់អាណត្តិទី ៦ នេះ ឲ្យទៅជាអាណត្តិនៃការប្រមូលធនធានខួរក្បាល ព្រោះនៅក្នុងពេលយុទ្ធនាការនៃការឃោសនាបោះឆ្នោតនេះ ​យើងបាន​ឃើញមានសៀវភៅនេះសៀវភៅនោះ ដែលបោះចេញជាគោលនយោបាយ។ គេបាននិយាយតាមនេះ តាមនោះ យើងក៏ប្រឹងយកត្រចៀកស្តាប់ និងធ្វើការត្រិះរិះពិ​ចារណាទៅដល់គោលនយោបាយ របស់គណបក្សនយោបាយដទៃ។

បើកទូលាយការចូលរួមពីគ្រប់តួអង្គ រក្សាសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យលឿន

នេះជាគំនិតផ្តួចផ្តើមមួយ ដែលខ្ញុំសូមជូនសារទៅមុន ហើយខ្ញុំនឹងធ្វើលិខិតអញ្ជើញដោយហ្មត់ចត់ ដោយមានការគោរពចំពោះគណបក្សនយោបាយទាំង ២០ រាប់ទាំងគណបក្សប្រជាជន។ គ្រាន់តែ ពេលដែលគណបក្សប្រជាជនមកចូលរួម ខ្ញុំអង្គុយជានាយករដ្ឋមន្រ្តីទេ ​ដែលក្នុងហ្នឹងមានទាំងគណបក្សប្រជាជនផងដែរ ដើម្បីពិ​គ្រោះយោបល់។ យើងធ្លាប់បង្កើតវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ៦ ខែម្តង … យើងធ្លាប់បង្កើតវេទិ​កា​រវាងរាជរដ្ឋាភិបាល និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំឆ្នាំ ដែលឥឡូវធ្វើកាន់តែល្អ មានការដេញដោលជជែកពិភាក្សាជាមួយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ យើងធ្លាប់បង្កើតវេទិការាជរដ្ឋាភិបាល ជាមួយនឹងអ្នកការពារបរិស្ថាន និងធនធានព្រៃឈើ ធនធានធម្មជាតិ ដែលធ្វើ ២ ដង រួចមកហើយ។ អញ្ចឹងខ្ញុំគិតថា យើងអាចចំណាយពេលវេលាក្នុងមួយព្រឹក ឬមួយថ្ងៃ ក្នុងមួយពេល ដើម្បីយើងជួបជុំគ្នា តំណាងគណបក្សនយោបាយ ២ ឬ ៣ នាក់ មកជួបជុំជាមួយនាយករដ្ឋមន្រ្តី ហើយលើកនូវយោបល់ឡើង។ អ្វីដែលយើងទទួលបាន យើងនឹងទទួល អ្វីដែលយើងទទួលមិនបាន យើងយកមកពិចារណា … ខ្ញុំសូមយកឱកាសនេះ ដើម្បីបើកទូលាយសម្រាប់ការចូលរួមនូវគ្រប់តួអង្គ ចង់ចូលរួមចំណែករក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស ជាពិសេស ទៅលើការកសាងប្រទេសរបស់យើង ធ្វើម៉េចឲ្យវាលឿនទៅមុខ។

ចង់ស្តាប់បទ អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម

ខ្ញុំនិយាយប៉ុណ្ណឹងទៅចុះ ថានិយាយតិច តែតិចវាទៅជាច្រើនដដែលហ្នឹង។ អាហ្នឹងដូរហើយ ចប់ហើយដូរ តិចទៀតចប់ហើយ ចប់ពីឈរនិយាយ ដូរទៅជួបក្មួយៗ ដូរទៀត។ ថ្ងៃនេះ កម្មករ/ការិនីរបស់យើង ១៥.៣៦៨ នាក់ មកពី ១៧ រោងចក្រ។ ពូមិនមានអ្វីច្រើនទេ គ្រាន់តែថវិកា​ ២ ម៉ឹនរៀលក្នុងម្នាក់តែប៉ុណ្ណោះ សម្រាប់កំដរដៃ។ ឯក្មួយៗជាកម្មការិនីដែលមានផ្ទៃពោះ ពូនឹងចែកជូនស្រោមសំបុត្រម្នាក់មួយស្រោមសំបុត្រ ដោយមិនប្រាប់ថាចំនួនប៉ុន្មានទេ ក្រៅពី ២ ម៉ឺនរៀលនេះ។ សង្ឃឹមថា ក្មួយៗនឹងកើតបានកូនប្រុសស្រី ដែលគួរឲ្យស្រឡាញ់ ហើយឆ្លាត ហើយគេនឹងបានរៀនបានសូត្រ មិននៅក្រោមគ្រាប់បែកគ្រាប់ប្លោងដូចសម័យជំនាន់ឪពុកម្តាយក្មួយៗ ឬក្មួយៗនោះទេ។ ហើយសម្រាប់ក្រុមតន្រ្តីសម័យ ៥ លានរៀល។ ហើយថ្ងៃនេះមាន ហ៊ឹម ស៊ីវន មកឬអត់? … មានចម្រៀងមួយបទ អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម មាននរណាចេះច្រៀងទេ? ក្រៅ​ពី ទុក្ខស្រីប្តីព្រាត់ ពាមកោះស្នាវាចាប្រុសស្នេហ៍ នៅមានបទមួយទៀត … អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយ​កម្ម​។ សាកល្បងមើល មាននរណាច្រៀងទេ? ពេជ្ជតា មកទេ? ប្រហែលជាអាចច្រៀងបាន ព្រោះទុក្ខស្រីប្តីព្រាត់ និង ពាមកោះស្នាវាចាប្រុសស្នេហ៍ អាហ្នឹងបទ ពេជ្ជតា ស្រាប់ហើយ ប៉ុន្តែ បទអនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម អាហ្នឹង គឺជាបទ ហ៊ឹម ស៊ីវន ប្រហែលជាអ្នកចម្រៀងផ្សេងគេចេះ។ ស៊ុន ស្រីពេជ្រ មក? ច្បាស់ហើយថាចេះ។ ស្រីពេជ្រ ហ្នឹងច្រៀងបទខ្ញុំច្រើនណាស់ … ព្រោះជិតដល់ពេលវេលា(ខួប)ដែលអាបងគេ ដែលវាស្លាប់នោះ​។

ឯកឧត្តម ខឹម វាសនា ថា “អ្នកណាប្រ​ឆាំងសម្តេច ល្បីឈ្មោះ អញ្ចឹងបានជាគេចូលចិត្តប្រឆាំង”

អរគុណណាស់ថ្ងៃនេះ បានជួបជុំគ្នា ហើយម៉ោង ៩​ កន្លះហើយ ទម្រាំចប់ ១០ កន្លះជាង ព្រោះ ៧០០ នាក់ឯណោះ ប៉ុន្តែ ទ្រាំទៅអាហ្នឹង គេឲ្យយើងមកធ្វើកន្លែងហ្នឹង។ ម្យ៉ាងទៀត ក្មួយៗដែលមិនទាន់បានជួប ពូនឹងដើរជួបទាល់តែអស់ ជួបនៅភ្នំពេញ និងតាមខេត្តជិតភ្នំពេញអស់ហើយ កន្លែងណាទោះបីតិចនាក់ ក៏ទៅដែរ ទៅឲ្យ​ដល់ដើម្បីជួប។ ហ្នឹងហើយចប់ហើយដូរ។ ដល់ទៅថាមួយម៉ាត់ ត្រឹមតែ “អាឡប់” គេថា យើងអសុរស។ ដល់ទៅ ខឹម វាសនា ដាក់ខ្ទេច អារន្ទះបាញ់។ ឱ! ឯកឧត្តម ខឹម វាសនា អើយ ជេរក៏ពិរោះម្ល៉េះ? គាត់ជេរពិរោះរបស់គាត់មែន។ លឺដូចរន្ទះអញ្ចឹង។ ខឹម វាសនា ជេរ ជំនាញ។ នៅក្នុងសភា​ កាលពីមុនគេដេញចេញពីគណបក្សប្រ​ឆាំង គាត់ថា សម្តេចនាយក សម្តេចមានដឹងទេ កាលនោះ​យើងប្រជុំអនុម័តសត្យាប័ននោះ អ្នកណាដែលប្រ​ឆាំងសម្តេច គេល្បីឈ្មោះណាស់ អញ្ចឹងបានជាគេចូលចិត្តប្រឆាំង។ ប៉ុន្តែ ហ្នឹងរឿងរបស់គាត់។ គាត់ជេររឿងរបស់គាត់។ ប៉ុន្តែ គាត់មុខម៉េច បានជាគេហៅគាត់អាខ្លែងស្រាក់? បើកមើល YouTube Facebook មុខគាត់ដូចស្អាតតើ ម៉េចគេហៅគាត់អាខ្លែងស្រាក់? អាហ្នឹងមានតែគាត់ខ្លួនទេ ដែលឆ្លើយបាន ខ្ញុំឆ្លើយមិនរួចទេ។

ចុង​បញ្ចប់ហើយ ជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...