សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ-កម្មការិនី និងនិយោជិតសរុបជាង១៨,៤០០នាក់ ដែលពិធីសំណេះសំណាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ នេះ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ-កម្មការិនី និងនិយោជិតចូលរួមកិច្ចសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។ រោងចក្រទាំងនោះរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតកាបូប និងរោងចក្រផលិតចំណីសត្វ។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រែលែង និងបានអំណរគុណយ៉ាងជ្រាលជ្រៅផង ដែរចំពោះកូនក្មួយទាំងអស់ ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករ-កម្មការិនី បានឈប់សំរាក នៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពគ្នារវាងកម្មករ-កម្មការិនី និងម្ចាស់រោងចក្រ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកពីការកសាងប្រទេសជាតិតាំងពីបាតដៃទទេ ពីទីក្រុងភ្នំពេញ ជាទីក្រុងខ្មោច ទីក្រុងដែលគ្មានមនុស្សនៅ ក្លាយមកជាទីក្រុងភ្នំពេញដែល មានការអភិវឌ្ឍ មានអគារខ្ពស់ៗ និងមានកំណើនមនុស្សយ៉ាងច្រើនណែនណាន់ តាន់តាប់ដូចពេលបច្ចុប្បន្ននេះ។ កម្ពុជាទើបតែ ចាប់ផ្តើមអភិវឌ្ឍន៍រីកចម្រើនពេញលេញត្រឹមរយៈពេល២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរីកចម្រើន នៃខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នមានរោងចក្រ សហគ្រាសវិញ គឺមានចំនួន ២២៨ រោងចក្រដែលមានកម្មករ-កម្មការិនី ធ្វើការ ប្រមាណ ១០២,៧៣៦ នាក់ និងដែលមានប្រាក់ចំណូលសរុបប្រមាណជាង ២៤៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកូនក្មួយ កម្មករ-កម្មការិនីក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោត មានអត្រាខ្ពស់រហូតដល់ជាង ៨២% ដែលជាអត្រាខ្ពស់ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសប៊ែលហ្សិក ដែលមានអត្រា ប្រជាពលរដ្ឋទៅបោះឆ្នោតមានប្រមាណ ៨៣%។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអរគុណផងដែរ ដល់បងប្អូនកូនក្មួយ កម្មករ-កម្មការិនីទាំងអស់ ដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺមានតំលៃស្មើនឹងការចូល រួមរក្សាសន្តិភាព និងការអភិវឌ្ឍ។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ
១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុនបើកជូនកម្មករ-កម្មការិនីលើសនេះគឺរិតតែល្អប្រសើរ។
២) ត្រូវបន្តអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ-កម្មការិនី រោងចក្រ រួមទាំងកីឡាករ-កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ-សង្កាត់ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើការនេះអោយបានម៉ត់ចត់។
៣) ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺ នឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធ ត្រូវបន្តតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤) ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ(៣)គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥) ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦) បន្តអនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករ-កម្មការិនីយើង ដែលនៅឆ្ងាយ ដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករ-កម្មការិនី កុំអោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងបានកំណត់រួចរាល់ហើយ។
៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ-កម្មការិនី និងទទួលបានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨) អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អប្រសើរ។
៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗ ឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករ-កម្មការិនី នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករ-កម្មការិនី ដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ-កម្មការិនី អោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មករ-កម្មការិនី ក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។
១០) ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំ ឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការ នៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋ អាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជា ការខ្មាសអៀន ឬអាក្រក់អ្វីទេ។
បច្ចុប្បនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូព៌ា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាម បានទៅធ្វើការនៅទីនោះ។ កន្លងមករាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកមកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយចំនួន ដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ-កម្មការិនី និងនិយោជិកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៧៣៥) នាក់ សម្រាប់ដោះស្រាយនៅពេលសម្រាលកូនក្នុងពេលដ៏ខ្លីខាងមុខនេះ៕