សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី អបអរសាទរខួបលើកទី ១០ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងខួប ១ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

CNV: 

សុខសប្បាយទេ!

មើលល្ងាចនេះយកបារាំង ឬយកក្រូអាត? បើទោះបីជាអវត្តមាននៃអគ្គរដ្ឋទូតបារាំង ខ្ញុំសូមផ្ញើជូនពរចំពោះប្រជាជនបារាំង រដ្ឋាភិបាលបារាំង ទទួលបានជោគជ័យជាអ្នកលើកពានក្នុង World Cup ២០១៨ បន្ទាប់ពីឆ្នាំ ១៩៩៨។ សង្ឃឹមថា បារាំងនឹងឈ្នះ តែសុំប្រយ័ត្នកុំនាំគ្នាចាក់បារាំងច្រើនពេក ក្រែងលោស៊ីសៀង។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ក្មួយៗបងប្អូនជនរួមជាតិជាទីស្នេហា ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ នៃការដាក់ប្រាសាទព្រះវិហារ​ចូលជាបេតិកភណ្ឌសម្បត្តិពិភពលោក និង ១ ឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុកទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ជាដំបូង អនុញ្ញាតឲ្យខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗជាយុវជនយុវនារី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ក៏ដូចជាស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ភារៈធារី និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំនូវពិធីនេះឡើង។ ការរៀបចំពិធីនេះ អនុញ្ញាតឲ្យយើងបានរំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ដែលយើងបានឆ្លងកាត់ជាមួយគ្នា ក្នុងរយៈកាល ១០ ឆ្នាំកន្លងទៅ ហើយក្នុងរយៈកាល ៤ ឆ្នាំកន្លងផុតទៅនេះដែរ។

ថ្លែងអំណរគុណចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់

អនុញ្ញាតឲ្យខ្ញុំបានយកឱកាសនេះ ថ្លែងអំណរគុណចំពោះអតីតព្រះមហាក្សត្រ​ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានកសាងប្រាង្គប្រាសាទនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ក្នុងនោះមានទាំងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលយើងបានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចទៅហើយ។ យើងត្រូវទទួលស្គាល់ថា ប្រសិនបើគ្មានការខិតខំប្រឹងប្រែងនៃព្រះមហាក្សត្រជំនាន់មុន ក៏ដូចជាបុព្វបុរសខ្មែរជំនាន់មុនទេ យើងពិតជាគ្មានសំណង់ប្រវត្តិសាស្ត្រ ដែលផ្តល់នូវមោទនភាពសម្រាប់ប្រជាជនកម្ពុជានៅពេលនេះនោះទេ យើងពិតជាគ្មានឱកាសដើម្បីនឹងធ្វើពិធីដើម្បីរំលឹកទៅដល់នូវការដាក់ប្រាង្គប្រាសាទ ព្រោះយើងពុំមានប្រាង្គប្រាសាទណា ដើម្បីដាក់ចូលក្នុងបេតិកភណ្ឌពិភពលោកនោះឡើយ។ ការខិតខំប្រឹងប្រែងនៃព្រះរាជាជំនាន់មុន ក៏ដូចជាប្រជាពលរដ្ឋខ្មែរជំនាន់មុន បានបន្សល់នូវកេរ្តិ៍មរតកដ៏មានតម្លៃសម្រាប់យើង ដែលមកដល់ ពេលនេះ មិនគ្រាន់តែប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកប៉ុណ្ណោះទេ ប៉ុន្តែយើងនៅ មានប្រាង្គប្រាសាទជាច្រើនទៀត ដែលយើងនឹងបន្តការខិតខំ ដើម្បីដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោក ក៏ដូចជាការខិតខំថែទាំវា ដើម្បីអភិរក្សទុកជាកេរ្តិ៍ដំណែលតរៀងទៅ។

ថ្លែងអំណរគុណចំពោះព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី

តទៅទៀត ទូលព្រះបង្គំខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលព្រះអង្គបានខិតខំការពារប្រាសាទព្រះវិហារ តាមរយៈ សាលក្រមតុលាការឡាអេ ដែលនោះក៏ជាចំណុចដែលបន្សល់ដោះស្រាយឲ្យយើង រក្សាឲ្យយើងរហូតមកដល់ សព្វថ្ងៃនេះ។ ខ្ញុំនឹងបន្តនិយាយបញ្ហានេះខាងមុខ ដែលមិនមែនជាបញ្ហាឆ្កឹះឆ្កៀលទេ គ្រាន់តែបញ្ជាក់ឲ្យឃើញថា នយោបាយថ្មីបង្កើតឲ្យមានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជានយោបាយដែលយើងត្រូវខិតខំបន្តទៀតជាមួយប្រទេសជិតខាងរបស់យើង ដើម្បីជៀសវាងនូវបញ្ហា ដែលធ្លាប់បានកើតឡើង ហើយយើងត្រូវជៀសវាងនូវបញ្ហានេះ។

សូមអរព្រះគុណចំពោះព្រះមហាក្សត្រព្រះបាទព្រះនរោត្តម សីហមុនី ដែលជានិច្ចជាកាលគាំទ្រនូវសកម្ម​ភាពរបស់រាជរដ្ឋាភិបាលក្នុងការដាក់បញ្ជូលប្រាសាទព្រះវិហារ ក៏ដូចជាប្រាសាទសំបូរព្រៃគុក ព្រមទាំងសម្បត្តិវប្បធម៌អរូបីដទៃទៀត ចូលទៅក្នុងជាបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នជាតិទាំងអស់របស់ជាតិ ដើម្បីខិតខំបន្តដំណើរឆ្ពោះទៅមុខ។

ថ្លែងអំណរគុណចំពោះសម្តេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ ភឿង សកុណា

យើងសុំអរគុណចំពោះក្រុមការងារដែលដឹកនាំដោយសម្តេចវិបុលបញ្ញា សុខ អាន សម្រាប់ប្រាសាទព្រះវិហារ ដែលដាក់បញ្ជូល នៅថ្ងៃ ០៧ កក្កដា ឆ្នាំ ២០០៨ និងលោកជំទាវ ភឿង សកុណា សម្រាប់ប្រាសាទសំបូរព្រៃ គុក ដែលបានដាក់បញ្ជូលនៅថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០១៧ កន្លងទៅ។ ខ្ញុំនៅចាំបានថា កាលពី ១០ ឆ្នាំមុន សម្តេច​វិបុលបញ្ញា សុខ អាន បានឈរនៅទីនេះ ជាមួយភរិយា ហើយបានថ្លែងនូវសង្កថាមួយថ្ងៃមុន គឺនៅថ្ងៃទី ១៤​ នេះតែម្តង។ ១០ ឆ្នាំក្រោយនេះ យើងឈរនៅទីនេះ ពុំមានវត្តមានសម្តេចវិបុលបញ្ញា សុខ អាន ទេ ក៏ប៉ុន្តែអ្វីដែលជាការខិតខំរបស់គាត់ បានបន្សល់ទុកសម្រាប់ប្រជាជនកម្ពុជារបស់យើង។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការខិតខំទាំងអស់នោះរបស់រាជរដ្ឋាភិបាល របស់ស្ថាប័នជាតិទាំងអស់ និងក្រុមការងារ ដែលបានខិតខំធ្វើកិច្ចការងារនេះ។

១០ ឆ្នាំមុនថ្ងៃនេះ គឺជាពេលវេលាដ៏លំបាកសម្រេចចិត្តបំផុតក្នុងជីវិតនយោបាយ

ខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា ថ្ងៃនេះ ថ្ងៃ ១៥ កក្កដា ឆ្នាំ ២០១៨ ហើយកាលពី ១០ ឆ្នាំមុន ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំលំបាកជាងគេនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តមួយ។ ខ្ញុំសុំអភ័យទោសជាមួយសមភាគីថៃ​ ដែលខ្ញុំមិនគួររំលឹក ក៏ប៉ុន្តែយើងមិនអាចមើលរំលងបញ្ហានេះ ព្រោះជាបទពិសោធន៍ដែលយើងត្រូវចងចាំទាំងអស់គ្នា​ ហើយយើងត្រូវខិតខំរួមគ្នា ដើម្បីបង្កើតឡើងនូវខ្សែព្រំដែនរបស់យើង ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហ​ប្រតិបត្តិការ និងការអភិវឌ្ឍ។ ខ្ញុំអាចនិយាយបានថា ១៥ ឆ្នាំមុននេះ គឺជារយ

ៈពេល និងពេលវេលាដែលខ្ញុំលំបាកបំផុតនៅក្នុងជីវិតនយោបាយរបស់ខ្ញុំ នៅត្រង់ថា នៅពេលដែលកងទ័ពថៃបានចូលមកក្នុងវត្តកែវសិក្ខាគិរីស្វារៈ​នៅក្នុងតំបន់ប្រាសាទព្រះវិហារ។ ពេលនោះយើងកំពុងស្ថិតនៅក្នុងយុទ្ធនាការបោះឆ្នោត។ តើត្រូវសម្រេចចិត្តរបៀបណា? នេះជាបញ្ហាធំណាស់ ដែលមិនមែនគ្រាន់តែជាបញ្ហាកញ្ឆក់កណ្ដៀតនោះទេ។ តើត្រូវសម្រេចចិត្តលើកកងទ័ពវាយ ដើម្បីអោយសង្គ្រាមរីកធំនៅតំបន់ព្រះវិហារ ឬត្រូវខិតខំពង្រួញនូវទំនាស់អោយនៅតូច។ ខ្ញុំនៅចាំបានថា ខ្ញុំបានដាក់ចេញនៅលទ្ធភាព ៣ យ៉ាង ដើម្បីកម្រិតនៃការដោះស្រាយបញ្ហានេះ …

លទ្ធភាព ៣ យ៉ាង កម្រិតនៃការដោះស្រាយបញ្ហា(ប្រាសាទព្រះវិហារ)

លទ្ធភាពទី ១ ៖ កម្រិតអោយនៅទ្រឹងស្ថានភាពក្នុងវត្តកែវសិក្ខាគិរីស្វារៈ មិនអោយមានការផ្ទុះអាវុធទាំងអស់។ ចំណុចនេះ យើងត្រូវខិតខំធ្វើ ជាមួយនឹងការចរចានៅនឹងកន្លែងរវាងកងទ័ពកម្ពុជាជាមួយនឹងកងទ័ពថៃ ជាពិសេស ដោយឥឡូវនេះ គឺមានអភិបាលខេត្តឧត្ដរមានជ័យ ស ថាវី ដែលពេលនោះជាអនុខេត្តព្រះវិហារបានដេកនៅជាមួយនឹងកងទ័ពថៃជាមួយនឹងកងទ័ពរបស់យើងនៅកែវសិក្ខាគិរីស្វារៈ។ ខ្ញុំបានបញ្ជាផ្ទាល់ដាច់ខាតកុំអោយ​មានការផ្ទុះអាវុធអោយសោះ។

លទ្ធភាពទី ២

 យើងក៏បានត្រៀមបម្រុងនូវលទ្ធភាព ដែលអាចកើតឡើងផងដែរថា អាវុធនឹងអាចផ្ទុះនៅតំបន់មួយចំនួននៅក្បែរខាងនោះ ដូច្នេះការបោះឆ្នោតនឹងត្រូវចាប់បង្ខំបិទនូវការិយាល័យបោះឆ្នោតមួយចំនួននៅពេលនោះតែម្ដង។ ដែលវាអាចលេចឡើង ប្រសិនបើយើងត្រួតត្រាសភាពការណ៍នៅពេលនោះមិនបានទេ យើងត្រូវដាក់ចេញនូវលទ្ធភាព ដែលអាចថាមានលទ្ធភាពផ្ទុះនៅតំបន់នោះ ប្រជាជនមិនហ៊ានទៅបោះឆ្នោត ដូច្នេះ យើងត្រូវបិទលុបចោល បិទចោលនូវការិយាល័យបោះឆ្នោតមួយចំនួននៅតំបន់នោះ នេះជាលទ្ធភាពទី ២។

លទ្ធភាពទី ៣ ៖ គឺជាលទ្ធភាពដែលសង្គ្រាមផ្ទុះនៅទូទាំងព្រំដែនទាំងមូលតែម្ដង។ លទ្ធភាពបែបនេះ ត្រូវលុបចោលការបោះឆ្នោតសិន។ ជាលទ្ធភាពដែលបម្រុងទុកនៅពេលនោះ។ គឺជាកាលៈទេសៈដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន លំបាកជាងគេនៅក្នុងការធ្វើការសម្រេចចិត្ត។ ទីចុងបំផុត ដោយសារតែការថ្នាក់ថ្នមសភាពការណ៍ យើងបានទទួលត្រឡប់មកវិញ នូវការរក្សាបាននូវការមិនពង្រីកជម្លោះ ហើយកាត់បន្ថយនូវជម្លោះនេះអោយវានៅទ្រឹងមួយកន្លែង ហើយយើងដំណើរការបោះឆ្នោតបានដោយត្រឹមត្រូវ និងយុត្តិធម៌។

យន្តការ ៣ យ៉ាង ត្រូវប្រើព្រមៗគ្នា

យើងក៏បង្កើតបាននូវរាជរដ្ឋាភិបាល បន្ទាប់ទៅយើងបានខិតខំស្វែងរកនៅដំណោះស្រាយដោយសន្តិវិធីជាមួយ នឹងដៃគូរបស់យើង។ ប៉ុន្តែខ្ញុំក៏អាចជម្រាបជូនថា វិធានការ ៣ យ៉ាងត្រូវប្រើព្រមៗគ្នា និងរំលត់នូវសភាពការណ៍ នេះ ដែលនាំមកនៅទំនាក់ទំនងល្អរហូតមកដល់សព្វថ្ងៃនេះ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រ ថៃ។

យន្តការទី ១ ៖ យន្តការនៅនឹងកន្លែង កងទ័ពត្រូវឈរជើងរឹងមាំដើម្បីការពារនូវអធិបតេយ្យភាពរបស់ជាតិ។

យន្តការទី ២ ៖ ប្រើប្រាស់ការទូតគោះទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្វែងរកនៅដំណោះស្រាយខាងផ្នែកនយោបាយ/តាមរយៈការទូត។

យន្តការទី ៣ ៖ តាមរយៈយន្តការតុលាការអន្តរជាតិទីក្រុងឡាអេ បកស្រាយសាលក្រមឆ្នាំ ១៩៦២ ឡើងវិញ។ ដោយសារការដោះស្រាយតាមរបៀបនេះហើយ បានជាយើងខិតខំបញ្ចៀសនូវការជម្លោះប្រដាប់អាវុធ ហើយនាំយកនូវតំបន់នោះជាតំបន់ឥតកងទ័ព ដែលងាយស្រួលដើម្បីជៀសវាងនូវការប៉ះទង្គិច ហើយវាប៉ះពាល់ទៅដល់ប្រាសាទរបស់យើងថែមទៀត។ នោះហើយគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់អំពីការលំបាករបស់ខ្ញុំ។

ការដោះស្រាយដោយសន្តិវិធី ជាជម្រើសដ៏ល្អសម្រាប់ដោះស្រាយបញ្ហារវាង កម្ពុជា និងថៃ

ខ្ញុំចង់បញ្ជាក់ អំពីការលំបាករបស់ខ្ញុំនៅក្នុងកាលៈទេសៈធ្វើនាយករដ្ឋមន្ត្រី នៅពេលសភាពការណ៍កើតឡើងចៃដន្យរបៀបនេះ តើត្រូវធ្វើការសម្រេចចិត្តរបៀបណា? ការវាយប្រយុទ្ធគ្នាមិនមែនជាជម្រើសល្អនោះទេ តែវិធីដោះស្រាយដោយសន្តិវិធី ទើបជាជម្រើសដ៏ល្អ។ ខ្ញុំគិតថា រឿងនេះ មិត្តថៃពិតជាមិនប្រកាន់ខឹងជាមួយនឹងអ្វីដែលខ្ញុំបានលើកមកនិយាយទេ ព្រោះជាការពិត។ វីដេអូឃ្លីប អម្បាញ់មិញក៏បានឆ្លុះបញ្ចាំងរូបភាពមួយចំនួន អំពីកងទ័ព និងរូបភាពចំនួនអំពីការដោះស្រាយនៅឯតុលាការអន្តរជាតិ នៅឯទីក្រុងឡាអេផងដែរ។ យ៉ាងណាក៏ដោយ ស្ថានភាពទាំងអស់នេះ បានផ្តល់មេរៀនឲ្យយើងកាន់តែច្បាស់ថា ការកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជាអាទិភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា​។

មិនត្រូវឲ្យបញ្ហាព្រំដែន រាលដាលដល់ទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ឬនយោបាយទេ

ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងព្រះរាជាណាចក្រថៃ មកដល់ពេលនេះគឺមានទំហំជាង ៦០០០ លានដុល្លារសហរដ្ឋអាមេរិក រួចស្រេចទៅហើយ។ មានន័យថា នៅពេលដែលយើងមានរឿងអ្វីមួយកើតឡើង សូមកុំរឹតរឿងនោះឲ្យវានៅតែស្ថិតក្នុងចិត្តបានហើយ កុំឲ្យរីករាលដាលដល់កិច្ចសហប្រតិបត្តិការដទៃទៀត។ ដូចជាយើងមានបញ្ហាព្រំដែនជាមួយគ្នា មិនត្រូវឲ្យរឿងនោះ វាក្លាយទៅរីករាលដាលទៅដល់រឿងទំនាក់ទំនងខាងសេដ្ឋកិច្ចវិនិយោគ ទេសចរណ៍ ឬបញ្ហានយោបាយនោះទេ។ យើងមានបទពិសោធន៍រួមគ្នាដោះស្រាយ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ហើយតាមរយៈការដោះស្រាយបញ្ហាទាំងអស់នេះ ធ្វើឲ្យចំណងមិត្តភាពកម្ពុជា និងថៃកាន់តែរឹងមាំ។

ប្រែអតីតសមរភូមិជាទីផ្សារ និងការអភិវឌ្ឍ, ធ្វើព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

… ខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀត ថាគោលនយោបាយអាទិភាពរបស់ ហ៊ុន សែន គឺប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យក្លាយជាទីផ្សារ និងការអភិវឌ្ឍ។ ឥឡូវនេះ ប្រជាជាតិកម្ពុជាបានឃើញហើយ តំបន់ដែលធ្លាប់មានការប្រយុទ្ធកាលពីពេលមុន បាន និងកំពុងអភិវឌ្ឍនៅទូទាំងព្រះរាជាណាចក្រកម្ពុជារួចហើយ។ ឯអាទិភាពនៃនយោបាយទី ២​ គឺប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង​ ឲ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្ត​ភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏កំពុងទទួលជោគជ័យហើយដែរ។ គ្មានជម្រើសណាឲ្យល្អជាងជម្រើសនេះ។ បន្ទាប់ពីយើងអនុវត្តដោយជោគជ័យ នូវនយោបាយបានឈ្នះឈ្នះ ដែលនាំមកនូវការបញ្ចប់សង្គ្រាមទាំង​ស្រុង ហើយសន្តិភាពបានកើតរយៈពេល ២០ ឆ្នាំ រួចទៅហើយ។ ឆ្នាំនេះយើងនឹងធ្វើខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះរបស់យើង។

អរគុណចំពោះជនរួមជាតិ ដែលបានគាំទ្រនយោបាយអភិរក្សប្រាង្គប្រាសាទនានា

បន្តទៅទៀត ខ្ញុំសូមសំដែងនូវការអរគុណចំពោះជនរួមជាតិ ដែលបានគាំទ្រនូវនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំក្នុងរយៈពេលកន្លងទៅ ជាពិសេសនៅក្នុងវិស័យវប្បធម៌ នៅពេលដែលប្រាសាទព្រះវិហារត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក ប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភព​លោក ប្រជាជន ព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង បានរួមគ្នាវាយប៉ោត វាយស្គរ វាយគង វាយឃ្មោះ ដើម្បីអបអរសាទរទទួលនូវកិត្តិយសរបស់ប្រទេសជាតិរបស់យើង។ មិនមានជោគជ័យណាមួយ ដែលកើតចេញដោយខ្វះការគាំទ្រនោះទេ។ ខ្ញុំចាត់ទុកថាការគាំទ្ររបស់ប្រជាជននេះហើយ គឺជាខឿនការពារវប្បធម៌ជាតិ ហើយបន្ទាប់មកខឿនការពារជាតិមួយ ក៏ត្រូវកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ ១៥ កក្កដា ឆ្នាំ ២០០៨។ ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងបន្តការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលបន្តទៀត ទៅលើការអភិរក្ស នៃប្រាង្គប្រាសាទនានា។

អរគុណអង្គការយូណេស្គូ និងសហប្រធាន អាយស៊ីស៊ី

ខ្ញុំសូមយកឱកាសនេះ សំដែងនូវអំណរអរគុណចំពោះ អង្គការយូណេស្គូ (UNESCO) និងមិត្តភក្តិបរទេសដែលបានឧបត្ថម្ភគាំទ្រ ហើយអម្បាញ់មិញនាយិកានៃមជ្ឈមណ្ឌល នៃបេតិកភណ្ឌពិភពលោក ក៏បានផ្ញើសារមករួមជាមួយយើង។ អរគុណចំពោះសារដ៏មានសារៈសំខាន់សម្រាប់ខួបលើកទី ១០ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅជាបេតិកភណ្ឌពិភពលោក។ អរគុណចំពោះប្រិយមិត្តបរទេសទាំងឡាយ ហើយដែលក្នុងនោះក៏សូមអរគុណចំពោះជប៉ុន បារាំង ដែលជាសហប្រធាន អាយស៊ីស៊ី (ICC) អង្គរ ដែលពេលនេះកំពុងពង្រីកទៅសកម្មភាព ដើម្បីចូលរួមការពារនូវប្រាសាទសម្បូរព្រៃគុក។ អរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋឥណ្ឌា ដែលធ្វើជាសហប្រធាននៃ អាយស៊ីស៊ី​ (ICC) របស់ប្រាសាទព្រះវិហារ។ អរគុណចំពោះការចូលរួមចំណែកក្នុងការអភិរក្ស ក៏ដូចជាការអភិវឌ្ឍសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារនូវបេតិក​ភណ្ឌ នូវសម្បត្តិវប្បធម៌របស់ខ្លួន។

អំពាវនាវជនរួមជាតិចូលរួមការពារនូវប្រាង្គប្រាសាទនានា

ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះជនរួមជាតិទាំងអស់ ចូលរួមការពារប្រាង្គប្រាសាទដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ក៏ដូចជាប្រាង្គប្រាសាទដែលនៅសេសសល់ដទៃទៀត សូមខិតខំថែរក្សាវា។ ដូនតាយើងបានខិតខំកសាងឡើង យើងជាអ្នកជំនាន់ក្រោយគឺខិតខំការពារឲ្យខានតែបាន។ ហើយចំណុចនេះ ក៏សូមបងប្អូនធ្វើការយោគយល់ ជាពិសេសបងប្អូននៅក្នុងខេត្តព្រះវិហារ ដែលត្រូវបានជម្លៀសចេញពីតំបន់ជិតប្រាសាទនោះ ដែលកន្លងទៅ រាជរដ្ឋាភិបាល ក៏បានផ្តល់ទីតាំងផ្សេងដើម្បីជំនួសឲ្យវិញ។ ប្រ​សិន​បើគ្មានការចាំបាច់ទេ រាជរដ្ឋាភិបាលក៏គ្មានតម្រូវការនឹងយកបងប្អូនចេញពីទីនោះ។ ប៉ុន្តែ ទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធនៃប្រាង្គប្រាសាទព្រះវិហារនេះតែម្តង (ដែលយើងត្រូវធ្វើដូចនេះ)។ ប្រសិនបើទីនោះមិនត្រូវបានដោះស្រាយ ហើយការរំលោភបំពានដីធ្លីទាំងនៅប្រាសាទព្រះវិហារ ទាំងនៅប្រាសាទអង្គរវត្ត ទាំងនៅប្រា​សាទសម្បូរព្រៃគុក នឹងធ្វើឲ្យប្រាសាទទាំងនេះបាត់បង់នូវតម្លៃ ដែលនឹងត្រូវដកហូតចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ ហើយសូមថែទាំទាំងអស់គ្នា។ ប្រសិនបើមានការបំពានណាមួយទៅលើលក្ខខណ្ឌ ដែលកំណត់ដោយអង្គការបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្គូ (UNESCO) យើងនឹងបាត់បង់នូវតម្លៃសកលនោះ ហើយគេនឹងដកយើងចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។នេះហើយ ដែលខ្ញុំបាននិយាយកាលពីឆ្នាំកន្លងទៅថា សូមកុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល 

សារចូលរួមរំលែកទុក្ខ ចំពោះប្រជាជនជប៉ុន ដែលរងគ្រោះមហន្តរាយដោយគ្រោះទឹកជំនន់

ជាមួយនឹងការសប្បាយរីករាយនៅថ្ងៃនេះ ដោយអគ្គរដ្ឋទូតជប៉ុនក៏មានវត្តមាននៅទីនេះ ជាមួយនឹងពេលវេលាលំបាករបស់ប្រជាជនជប៉ុន ដែលមកដល់ពេលនោះមានចំនួនអ្នកស្លាប់មិនតិចជាង ២០០ នាក់ រួចទៅហើយ ដោយសារគ្រោះទឹកជំនន់ ខ្ញុំសូមអញ្ជើញអ្នកទាំងអស់ក្រោកឈរឡើងដើម្បីស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ ចំពោះប្រជាជនជប៉ុន ដែលទទួលរងគ្រោះនៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់នេះ។ សូមស្មឹងស្មាធិ៍។ សូមអរគុណ។ សូម្បីតែប្រទេសជប៉ុន ដែលមានហេដ្ឋារចនាសម័្ពន្ធដ៏ល្អ ក៏នៅទទួលរងនូវការវាយប្រហារដោយគ្រោះធម្មជាតិ។ នេះហើយជាបញ្ហាសកលដែលកំពុងប្រឈម។ វាមិនប៉ះពាល់ទៅលើជីវិតមនុស្សទេ ក៏ប៉ុន្តែវាទាក់ទងជាមួយនឹងបេតិកភណ្ឌនានា ដែលមាននៅលើលោកនេះផងដែរ។ ទាក់ទងទៅដល់ជីវិតមនុស្ស ទាក់ទងទៅដល់សត្វ ទាក់ទងទៅលើអ្វីៗទាំងឡាយ ដែលយើងខិតខំរួមគ្នាចូលរួមការពារ ការប្រែប្រួលអាកាសធាតុ នៅទូទាំងពិភពលោក។ សូមឯកឧត្តម អគ្គរដ្ឋទូតជប៉ុន ពាំនាំនូវការផ្តាំផ្ញើរបស់ខ្ញុំ ចែករំលែកទៅ ឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ក៏ជាផ្តាំផ្ញើចូលរួមមរណទុក្ខចំពោះប្រជាជនជប៉ុន ដែលកំពុងរងនូវការលំបាកនេះ។

ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរ នូវអនុស្សាវរីយ៍ ១០ ឆ្នាំ នៃការបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង ១ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុក ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ខ្ញុំសូមប្រសិទ្ធពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក  លោកស្រី ជាពិសេសក្មួយៗយុវជនទាំងអស់ សូមជួបប្រទះនិងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...