សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សម្ពោធស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ

  • ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយក សម្តេចព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ!
  • ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា!
  • សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព!

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ជាស្ពានទី ៥ វែងជាងគេ និងហិរញ្ញប្បទានរបស់ចិន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ប្រវែង ៩៤២ ម៉ែត្រ ដែលអាចចាត់ទុកថា ជាស្ពានអា​កាសវែងជាងគេ នៅក្នុងចំណោមស្ពានអាកាស ដែលយើងបានកសាងក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំកាលពីថ្ងៃសុក្រ អាទិត្យមុននេះ ក៏បានបើកការដ្ឋានដើម្បីសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីមួយទៀត នៅរង្វង់មូលចោមចៅ។ ក៏ប៉ុន្តែ ថ្ងៃនេះ យើងក៏មានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសនេះ ដែលចាត់ទុកថា ជាស្ពានអាកាសទី ៥ ហើយដែលស្ពានអាកាសនេះ ត្រូវហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៨ លានដុល្លារសហរដ្ឋអាមេរិក បូកនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។

ដោះស្រាយចរាចរណ៍ផង ភ្ជាប់ផ្លូវក្រវាត់ក្រុងទី ២ ផង

ខ្ញុំព្រះករុណាខ្ញុំសូមគូសរំលេចបន្តិចថា ឥណទាន ដែលប្រើប្រាស់សម្រាប់គម្រោងនេះ គឺត្រូវបានចុះហត្ថលេខា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី Xi Jinping នៅកម្ពុជា ហើយដែលស្ពានអាកាសមួយនេះ មិនគ្រាន់តែជាបញ្ហាដោះស្រាយនូវការកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីប៉ុណ្ណោះទេ ក៏ប៉ុន្តែមានទំនាក់ទំនងផ្លូវនេះរវាងខ្សែក្រវាត់ក្រុងរបស់យើង ដែលហៅថាខ្សែក្រវាត់ទី ២ ដែលវាទាក់ទងនឹងការតភ្ជាប់រវាងទិសខាងជើងរបស់រាជធានីភ្នំពេញ ជាមួយនឹងទិសខាងត្បូងនៃរាជធានីភ្នំពេញ។ យើងអាចចាប់ផ្តើមធ្វើដំណើរតាមរយៈការបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ​ ដែលចាប់ផ្តើមពីទំនប់កប់ស្រូវ រហូតមកតាមផ្លូវនេះ រួចរហូតទៅការតភ្ជាប់ទៅដល់ស្ពានតាខ្មៅ​ឯណោះ។ សព្វថ្ងៃនេះ ដោយសារការធ្វើដំណើរញឹកញាប់ពីភ្នំពេញទៅកាន់តាខ្មៅ ហើយពីតាខ្មៅត្រឡប់មកទីក្រុងភ្នំពេញវិញ ខ្ញុំព្រះករុ​ណា ខ្ញុំបាន​ប្រើប្រាស់មួយភាគរួចស្រេចទៅហើយ ទោះបីថាកសាងមិនទាន់រួចស្រេចនៅឡើយក៏ដោយចុះ ក៏ប៉ុន្តែផ្លូវនេះបានដាក់ឲ្យដំ​ណើរការជាបន្តបន្ទាប់ តាមរយៈតាំងពីផ្លូវជាតិលេខ ២ ឆ្លងកាត់នូវស្ពានមួយចំនួន ដែលតភ្ជាប់ជាមួយនឹងផ្លូវ ៦០ ម៉ែត្ររបស់យើង។

នៅមានគម្រោងផ្លូវក្រវាត់ក្រុងទី ៣ មួយទៀត

ដូច្នេះ ​តទៅ សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរទាក់ទិនជាមួយនឹងការធ្វើដំណើរពីផ្លូវជាតិលេខ ៥ ឬផ្លូវជាតិលេខ ៣ និងលេខ ៤ គេអាចធ្វើដំណើរដើម្បីតភ្ជាប់ជាមួយនឹងរបៀងផ្លូវខ្សែក្រវាត់ក្រុងទី ២ នេះ ដើម្បីឆ្ពោះទៅ​កាន់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងឆ្ល​ងទៅផ្លូវ​ជាតិលេខ ១ ហ្នឹងផ្នែកម្ខាង។ ឯផ្នែកម្ខាងទៀត ដើម្បីទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ គឺមិនមានតម្រូវការដើម្បីឆ្លងកាត់ទីក្រុងភ្នំពេញនោះទេ គឺអាចឆ្លងកាត់នៅខាងក្រៅបាន។ នេះក៏ជាផ្នែកមួយនៃការសម្រួលចរាចរណ៍ដឹកជញ្ជូនរបស់យើង តាមរយៈការកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ មិនទាន់គ្រប់ទេ ដូចដែលឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ យើងនៅមានផ្លូវខ្សែក្រវាត់ទី ៣ មួយទៀត ដើម្បីសម្រួលចរាចរណ៍ឲ្យកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋរបស់យើង មិនមែនគ្រាន់តែសម្រាប់ការធ្វើដំណើរធម្មតាទេ ក៏ប៉ុន្តែឥឡូវនេះ គឺការដឹកជញ្ជូនដ៏មមា​ញឹក ទៅលើបញ្ហាការដោះស្រាយការទំនាក់ទំនងផ្លាស់ប្តូរទំនិញ ពីកន្លែងមួយ ទៅកន្លែងមួយ។ នោះហើយដែលហៅថា ការអភិវឌ្ឍមិនឈប់ឈរ។

ផ្សារដីហុយពីដើមជាជនបទ កន្លែងចាក់លេខឡាន

កាលពីថ្ងៃសុក្រ អាទិត្យកន្លងទៅនេះ ខ្ញុំព្រះករុណាខ្ញុំបានលើកអំពីបញ្ហា សូម្បីតែយល់សប្តិ ឬក៏នឹក ក៏មិនបាននឹកទៅដល់ផង ដោយសារនៅឆ្នាំ ១៩៧៩ វាលំបាកពេក។ បើនិយាយពីប្រវត្តិ ម្តុំនេះគេហៅថាផ្សារដីហុយនោះ កាលពីពេលមុនកើតផ្សារដីហុយនេះ វាជាកន្លែងចាក់លេខឡាន។ និយាយឲ្យពិត នេះជាស្ថានភាពពិតរបស់ប្រទេសរបស់យើង។ ជនបទរបស់យើងធំណាស់។ ដីនៅកន្លែងនេះ បើយើងគ្រាន់តែពិនិត្យនៅតំបន់នេះពីដើមកាលពីទសវត្សរ៍ ៨០ គឺវាជាជនបទទេ។ បើនិយាយទៅតាមដងផ្លូវ គិតតាមផ្លូវជាតិលេខ ៤ នេះ យ៉ាងច្រើន យើងមកត្រឹមតែពេទ្យលោកសង្ឃ ផុតមកគឺជនបទហើយ។ បើសិនជាមានផ្ទះ ក៏ត្រឹមតែផ្ទះនៅខាងមុខ ឯនៅខាងក្រោយសុទ្ធតែវាលស្រែ។ ខាងជើងផ្លូវក៏អញ្ចឹង ខាងត្បូងផ្លូវក៏អញ្ចឹង។ ឥឡូវនេះ មិនដូច្នោះទេ។ ខាងជើងផ្លូវចាប់ពីផ្លូវជាតិលេខ ៤ រហូតទៅដល់ទំនប់កប់ស្រូវ សុទ្ធតែមានសំណង់អស់ហើយ។ កុំទៅលូក ដីឥឡូវនេះ ថ្លៃជាងមាសទៅទៀត។ ដោយសារអី? កន្លែងខ្លះមួយម៉ែត្រការ៉េ ២ ពាន់ ទៅ ៣ ពាន់ដុល្លារ។ ចុះមួយម៉ែត្រការ៉េ យើងជីកទៅបានប៉ុន្មានបង្គី? ជំនាន់សង្គ្រាមរត់ចោលដីធ្លីទាំងអស់។ ថាដីកសាងលំនៅស្ថានទៅចុះវាថ្លៃ តែដីដឹកយកមកចាក់បំពេញសម្រាប់ការសាងសង់វាកាន់តែថ្លៃថែមទៀត។ នោះហើយស្ថានភាពពិតដែលបាន និងកំពុងតែអភិវឌ្ឍ។

ពីជ្រោយចង្វារ ដល់ កប់ស្រូវ មិនពង្រីកផ្លូវ ដោយសារផលប៉ះពាល់

ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះ បញ្ជាក់ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបន្តិច ជាពិសេស បងប្អូនដែលរស់នៅតាមផ្លូវជាតិលេខ ៥ ចាប់ពីគល់ស្ពានជ្រោយចង្វាររហូតទៅដល់ទំនប់កប់ស្រូវ កុំបាច់មានការព្រួយបារម្ភអ្វីថែមទៀត។ គម្រោងដើមដែលយើងបានចុះហត្ថលេខាជាមួយសាធារណរដ្ឋប្រជាមានិតចិន នោះគឺយើងចាប់ផ្តើមពង្រីកផ្លូវបួនគន្លង ពីគល់ស្ពានជ្រោយចង្វាររហូតទៅដល់ស្ពានព្រែកក្តាម។ ប៉ុន្តែ នៅពេលដែលយើងសិក្សាអំពីផលប៉ះពាល់ ចាប់តាំងពីទំនប់កប់ស្រូវ និងស្ពានព្រែកព្នៅ ចូលមកទីក្រុងភ្នំពេញនេះ មានផលប៉ះពាល់ខ្លាំងណាស់។ បានសេចក្តីថា ផ្ទះជាច្រើនត្រូវកាត់ពាក់កណ្តាលចោលទាំងអស់ មិនត្រឹមតែកាត់ផ្ទះចោលទេ វិហារឥស្លាមមួយចំនួនកាត់ខ្ទេច រាប់ទាំងវត្តលោកមួយចំនួន។

បង្វិលទិសពីទំនប់កប់ស្រូវមកផ្លូវជាតិលេខ ៤ និងតម្រង់ទៅតាខ្មៅ ជំនួសវិញ

ខ្ញុំថា បញ្ឈប់ត្រឹមប៉ុណ្ណឹងហើយ ត្រូវដោះស្រាយតាមរយៈត្រូវបង្វិលទិសរបស់វាមកតាមទំនប់កប់ស្រូវ​វិញ ដើម្បីចេញមករកកាត់ផ្លូវជាតិលេខ ៤។ ហេតុអ្វីបានជាចាប់ផ្តើមធ្វើផ្លូវបួនគន្លង ពីទំនប់កប់ស្រូវទៅស្ពានព្រែកក្តាមបួនគន្លង? ហើយចាប់ពីស្ពានព្រែកក្តាមទៅដល់ប៉ោយប៉ែត គឺបួនគន្លងទាំងអស់ ប៉ុន្តែ ចាប់ពីទំនប់កប់ស្រូវចូលមកទីក្រុងភ្នំពេញ គឺនៅសល់តែពីរគន្លង។ ញាតិញោមជួយគិតខ្ញុំព្រះករុណាខ្ញុំទៅមើល បើសិនត្រូវធ្វើយ៉ាងដូច្នោះ ប្រជាពលរដ្ឋនឹងបាត់បង់ផ្ទះសម្បែងក្នុងចម្ងាយរាប់គីឡូ(ម៉ែត្រ តាមដងផ្លូវ)។ ទៅទាំងវត្តព្រះសង្ឃ ទៅទាំងវិហារឥស្លាម ទៅទាំងផ្ទះប្រជាពលរដ្ឋ ទៅទាំងហាងលក់ដូរដែលកំពុងតែលក់ស៊ុប លក់អីរាល់ថ្ងៃតាមមាត់ទន្លេហ្នឹង ខ្ទេចបណ្តោយ។ សុំផ្អាកបណ្ណឹងចុះ ហើយបង្វិលទិសវាមកតាមទំនប់កប់ស្រូវ និងតភ្ជាប់មកផ្លូវជាតិលេខ ៤ ហើយតភ្ជាប់ពីផ្លូវជាតិលេខ ៤ តម្រង់ទៅតាខ្មៅឯណោះវិញ … ប៉ុន្តែនៅខ្សែក្រវាត់មួយជាន់ទៀត ទើបអាចដោះស្រាយបានបញ្ហាដែលមាននៅទីក្រុងភ្នំពេញ។

ប្រែក្លាយកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ និងស្មើមុខស្មើមាត់ ជាមួយប្រទេសដទៃ

លោកយាយ លោកតា ដែលថ្ងៃនេះ ស្លៀកសពាក់ស បើតាមខ្ញុំព្រះករុណាខ្ញុំមើល ខ្លះព្រះជន្ម ជាង ៦០ (ឆ្នាំ), ខ្លះ ៧០ (ឆ្នាំ), ខ្លះ ៨០ (ឆ្នាំ)។ យើងពិនិត្យអ្នកដែលអាយុ ៨០ (ឆ្នាំ) គឺនៅឆ្នាំ ១៩៧៩ អាយុ ៤០ (ឆ្នាំ)ទេ អ្នកដែលអាយុ ៧០ (ឆ្នាំ) បច្ចុប្បន្ន នៅឆ្នាំ ១៩៧៩ ទើបនឹង(អាយុ) ៣០ (ឆ្នាំ)ទេ ដូច្នេះ កាលសម័យនោះ គេហៅរាំវង់តាមបែប ៧៩ នៅឡើយ។ លោកយាយៗសុទ្ធតែធ្លាប់រាំនៅជំនាន់នោះទេ ប៉ុន្តែ ពីសម័យនោះមានអី? ឥឡូវ សម័យនេះមានអី? នេះជាចំណុចបង្ហាញឱ្យយើងឃើញទាំងអស់គ្នា អំពីការរីកលូតលាស់នៅក្នុងប្រទេសដ៏កម្សត់មួយនេះ។ ទីក្រុងដ៏កម្សត់មួយនេះ បានក្លាយទៅជាទីក្រុងខ្មោចរួចទៅហើយ ក៏ប៉ុន្តែមិននឹកស្មានថា បានមកដល់ដំណាក់កាលនេះ ជាដំណាក់កាល ដែលយើងបានរួមគ្នាអភិវឌ្ឍប្រទេសមួយនេះ ឱ្យងើបឡើងក្នុងឋានៈ​ជារដ្ឋឯករាជ្យ អធិបតេយ្យ និងស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃ។

ចិនបើកចំហ ៤០ ឆ្នាំ ទំនាក់ទំនងកម្ពុជា/ចិន ៦០​ ឆ្នាំ កម្ពុជាអភិវឌ្ឍន៍ពេញលេញ ២០ ឆ្នាំ …

អម្បាញ់មិញ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងថា នេះជាខួបលើកទី ៤០ នៃការបើកចំហរបស់ប្រទេសចិន ហើយជាខួបលើកទី ៦០ នៃទំនាក់ទំនងរវាងកម្ពុជា-ចិន។ ខ្ញុំក៏អាចបញ្ជាក់ជូន ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ឯកឧត្តមអគ្គរដ្ឋទូត ឱ្យបានជ្រាបថា ឆ្នាំនេះក៏ជាខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងរបស់កម្ពុជា។ កម្ពុជាមានលទ្ធភាពអភិវឌ្ឍពេញលេញ ទើបនឹងមានរយៈពេល ២០ ឆ្នាំទេ។ ចិនបានចាប់ផ្តើមអភិវឌ្ឍប្រទេសតាំងពីឆ្នាំ ១៩៤៩ រហូតមក ប៉ុន្តែបានបើកចំហសេដ្ឋកិច្ចក្នុងរយៈពេល ៤០ ឯកម្ពុជាទើបនឹងបាន ២០ ឆ្នាំទេ។ នៅរត់ក្រោយចិន ២០ ឆ្នាំ។

១២ ឆ្នាំទៀត កម្ពុជានឹងសម្រេចមហិច្ឆតាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ 

ដោយសារបទពិសោធន៍ និងដោយសារតែយើងបានឈានដល់ដំណាក់កាលនៃបច្ចេកវិទ្យាថ្មី សង្ឃឹមថា ពេលវេលាដែលយើងត្រូវឆ្លងកាត់នោះ អាចនឹងមានខ្លីជាងនេះ។ យើងកំពុងស្ថិតនៅជាប្រទេសដែលមានប្រាក់ចំ​ណូលមធ្យមកម្រិតទាប (និងបានដាក់គោលដៅ)ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ដូច្នេះ នៅសល់ ១២ ឆ្នាំទៀត ដែលកម្ពុជានឹងសម្រេចនូវមហិច្ឆតារបស់ខ្លួន ដែលនឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយក៏នឹងក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍនៅឆ្នាំ ២០៥០។ ពិតមែនហើយ មានអ្នកខ្លះទៅដល់នោះ មានអ្នកខ្លះមិនបានទៅដល់នោះទេ។ ក៏ប៉ុន្តែ សង្ឃឹមថា យុវជនជំនាន់ក្រោយនឹងមានចក្ខុវិស័យបន្តដំណើរទៅមុខ តាមរយៈការត្រៀមបន្តវេនអ្នកជំនាន់ក្រោយ​។

ជំនាន់មុន បង្កើតសង្គ្រាមវិនាសកម្ម របបប្រល័យពូជសាសន៍

អ្នកជំនាន់មុនតែងកសាងទុកឱ្យអ្នកជំនាន់ក្រោយ ក៏ប៉ុន្តែវាមានអ្នកជំនាន់មុន ដែលបំផ្លាញធ្វើឱ្យពិបាកដល់អ្នកជំនាន់ក្រោយដែរ ដូចជា លន់ នល់ ជាដើម គេបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ រួចហើយបង្កើតឡើងនូវសង្គ្រាមវិនាសកម្ម ហើយការទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នោះហើយ ដែលនាំទៅដល់ការកើតឡើងនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដូច្នេះ យើងអ្នកជំនាន់ក្រោយ មិនបានទទួលនូវមរតក(នូវ)ភាពវិជ្ជមានណាមួយពីរបបចាស់ទេ។ យើងជាអ្នកទទួលផលលំបាករាប់មិនអស់ ដែលបន្សល់ទុកដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងបានប្រឹងងើបឈរ ឡើងទាំងលំបាកលំបិនខ្លាំងណាស់ទម្រាំមានថ្ងៃនេះ។ សង្ឃឹមថា ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា បងប្អូនជនរួមជាតិ គង់នៅចាំបញ្ហានេះជាមិនខាន។ តើនៅទីនេះ សម័យដើមគ្រាន់តែជាសម័យកន្លែងចាក់លេខរថយន្ត ហើយដែលមានមនុស្សជិះកង់ និងដើរមកលេងនៅកន្លែងនេះ ហើយមានឡានមួយៗ បន្ទាប់ទៅក្លាយទៅជាផ្សារដីហុយ។ អាផ្សារដីហុយហ្នឹង គឺផ្សារចោរ? ចោរលួចបាននៅកន្លែងណា (គឺ)គេមកលក់នៅកន្លែងហ្នឹង … ស្រុកខ្មែរយើងមានគ្រប់របៀប …។

ការលូតលាស់សេដ្ឋកិច្ចចិន ដោះស្រាយបញ្ហាចិនខ្លួនឯង និងរួមវិភាគទានជួយប្រទេសនានាលើពិភពលោក

ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះគណបក្សប្រជាជន គាំទ្រតួនាទីរបស់ខ្ញុំព្រះករុណាខ្ញុំឱ្យដឹកនាំប្រទេសនេះ ដែលនាំមកនូវការរីកចម្រើនជាបណ្តើរៗ។ យើងមិនអាចធ្វើមួយថ្ងៃអស់ទេ យើងធ្វើច្រើនឆ្នាំណាស់។ គ្រាន់តែចិនគាត់រំដោះប្រទេសតាំងពីឆ្នាំ ១៩៤៩ រហូតមកដល់ឥឡូវ៦៩ ឆ្នាំ។ ក្នុងរយៈពេល ៦៩ ឆ្នាំ គាត់ទើបនឹងបើកចំហសេដ្ឋកិច្ចរយៈពេល ៤០ ឆ្នាំ ដើម្បីការលូតលាស់នៃសេដ្ឋកិច្ចរបស់ចិន។ ការលូតលាស់នៃសេដ្ឋកិច្ចរបស់ចិននោះ មិនមែនគ្រាន់តែដោះស្រាយបញ្ហាចិនខ្លួនឯងទេ ក៏ប៉ុន្តែចិនបានចូលរួមវិភាគទានជួយដល់ប្រទេសដទៃនៅលើពិភពលោក ក្នុងហ្នឹងកម្ពុជាក៏បានទទួលជំនួយពីសាធារ ណរដ្ឋប្រជាមានិតចិនដែរ។ ខ្ញុំអាចនិយាយបានថាអ្វីដែលចិនទទួលផល មិនមែនគ្រាន់តែជាការទទួលដោយឡែករបស់ចិនទេ ក៏ប៉ុន្តែទឹកចិត្តដែលកើតមាននៅក្នុងគោលនយោបាយរបស់ចិន ក្នុងការជួយទៅដល់ប្រ​ទេសដទៃរាប់ទាំងកម្ពុជា ជួយឲ្យប្រទេសកម្ពុជាមានការរីកលូតលាស់ រាប់ទាំង ផ្លូវមួយ ខ្សែក្រវាត់មួយ ដែលជាគំនិតផ្ដួចផ្ដើមដោយប្រធានាធិបតី Xi Jinping ក៏ផ្ដល់ប្រយោជន៍អោយប្រទេសជិតខាងនៅក្នុងក្រប​ខណ្ឌ​តំបន់។ ក្របខណ្ឌមូលនិធិផ្លូវសូត្រ ក៏ដូចជាធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ី ក៏បានក្លាយទៅជាចំណុចខ្លាំងមួយ មិនមែនគ្រាន់តែសម្រាប់ចិនទេ តែសម្រាប់ប្រទេសជិតខាងជាមួយប្រទេសចិន។

សម្ដេច ព្រះនរោត្តម សីហនុ ទទួលស្គាល់ចិន តាំងពីមិនមែនជាសមាជិកអង្គការសហប្រជាជាតិ

ល្ងាចនេះ ខ្ញុំព្រះករុណាខ្ញុំ រួមជាមួយឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើពីធីរួមគ្នារំលឹកទៅដល់ខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងរវាងកម្ពុជា-ចិន ហើយទំនាក់ទំនងនេះក៏ត្រូវបានរំលឹកចារទុកជាប្រវត្តិសាស្ត្រ នៅក្នុងពេលដែលពិភពលោកពោរពេញទៅដោយសង្គ្រាមត្រជាក់។ ចិនមិនមែនជាសមាជិកអង្គការសហប្រជាជាតិទេ ចិនមិនមែនជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ នៅពេលនោះ។ តៃវ៉ាន់ទេ ដែលជាតំណាងប្រទេសចិននៅអង្គការសហប្រជាជាតិ។ ព្រះករុណាជាអង្គម្ចាស់ សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ព្រះអង្គបានទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ជាសមាជិកអង្គការសហប្រជាជាតិ។ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គបានធ្វើចលនានៅអង្គការសហប្រជាជាតិ នៅប្រទេសនានា ដើម្បីអោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន។ ក្រោយមកចិនបានក្លាយទៅជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កៅ​អី​ត្រូវបានដកហូតពីតៃវ៉ាន់ ហើយតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់សាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ។

ចក្ខុវិស័យវែងឆ្ងាយក្នុងការព្យាករទុករបស់សម្ដេច ព្រះនរោត្តម សីហនុ ក្នុងការទទួលស្គាល់ចិន

… គេគង់នឹងមើលឃើញអំពីទំនាក់ទំនងដ៏យូរលង់ រវាងព្រះរាជាណាចកម្ពុជា ជាមួយនិងសាធារណរដ្ឋប្រជាមានិតចិននៅក្នុងស្ថានភាព ដែលប្រទេសចិនជួបការលំបាក។ ព្រះរាជាណាចក្រកម្ពុជាពេលនោះ ក៏ជួបការលំបាក​។ ព្រះករុណាព្រះអម្ចាស់ ព្រះអង្គទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិននៅពេលនោះ មិនមែនចិនមានភាពងាយស្រួលហើយបានកម្ពុជាទៅទទួលស្គាល់ទេ។ កម្ពុជាទទួលស្គាល់ចិនដីគោក នៅពេលដែលកម្ពុជាចូលអង្គការសហប្រជាជាតិមុនប្រទេសចិន ក៏ប៉ុន្តែប្រទេសតូចមួយនេះ មានសេចក្ដីក្លាហាន ហើយចក្ខុវិស័យរបស់ព្រះករុណាជាអម្ចាស់ ព្រះបរមរតនកោដ្ឋ គឺជាចក្ខុវិស័យវែងឆ្ងាយបំផុត។ ពេលនោះប្រទេសប៉ុន្មានទៅដែលទទួលស្គាល់សាធារណរដ្ឋចិន ហើយប្រទេសតូចតាចនៅក្នុងគំនាបនៃសង្គ្រាម ដែលកើតមាននៅវៀតណាម និងនៅប្រទេសដទៃទៀតក្នុងតំបន់ នៅឡាវ គឺនៅពេលនោះមិនសាមញ្ញទេ … ប៉ុន្តែចក្ខុវិស័យវែងឆ្ងាយរបស់ព្រះបរមរតនកោដ្ឋ គឺទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន។ យើងយកចំណុចនេះមករំលឹកឡើងវិញទើប យើង​ឃើញថាចក្ខុវិស័យរបស់ព្រះអង្គមិនធម្មតាទេ …។

រួមជាមួយ ព្រះបាទ បរមនាថ នរោត្តម សីហមុនី លើកកំពស់ទំនាក់ទំនងកម្ពុជា/ចិន

នោះក៏អាចជាមូលហេតុ ដែលអាចអោយគេធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងដែរ ព្រោះបើសិនជាមិនទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ចេញពីតំណែងទេ​ គឺការគាំទ្រនយោបាយចំពោះចិននៅបន្ត បូកជាមួយ​ការគាំទ្រចលនារំដោះជាតិរបស់វៀតណាមខាងត្បូងក៏នៅបន្ត។ ដូច្នេះវិធីរបស់គេគឺ ទម្លាក់ សម្តេច នរោត្តម សីហនុ ក្រោមហេតុផលថា វាយវៀតណាមពីខាងក្រោយខ្នង នេះគឺជាចំណុច ដែលយើងត្រូវមើលឃើញ។ ខ្ញុំព្រះករុ​ណាខ្ញុំ រួមជាមួយនឹងព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះរាជបុត្រកំពុងគ្រងរាជសម្បត្តិ នៅពេលនេះ ដោយរួមគ្នាទាំងព្រះមហាក្សត្រ ជាមួយនឹងរាជរដ្ឋាភិបាលបន្ត នៅក្នុងការលើកកម្ពស់ទំនាក់ទំនងមត្តិភាពរវាងកម្ពុជា-ចិន ដែលចាប់តាំងពីឆ្នាំ ២០១០ រហូតដល់ពេលនេះ។

កម្ពុជាគឺជាមិត្តដែកថែប របស់ចិន

កម្ពុជា និងចិន បានលើកកម្ពស់ជាដៃគូ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួចស្រេចទៅហើយ។ ប្រធានា​ធិប​តី Xi Jinping របស់ចិន ក្នុងពេលទស្សនកិច្ចនៅកម្ពុជា គាត់បាននិយាយថាកម្ពុជា គឺជាមិត្តដែកថែប(ដ៏រឹងមាំ)។ រឿងនេះគឺជារឿងពិត។ យើងគ្មានចង់អ្វី ហើយមិត្តចិនក៏គ្មានចង់បានអ្វី ក្រៅពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ គ្មានការខាតបង់ណាមួយរបស់កម្ពុជា លើការពង្រឹងទំនាក់ទំនងរវាងកម្ពុជា​ចិននោះទេ។ ល្ងាចនេះខ្ញុំមានសង្កថាខ្លីមួយ ក៏ប៉ុន្តែព្រឹកនេះ មានឱកាសក៏សូមនិយាយអំពីបញ្ហាចំណុចនេះ ដែលយើងទទួលបាននូវផលប្រយោជន៍យ៉ាងធំធេង អំពីទំនាក់ទំនងរវាងកម្ពុជា-ចិន។

កម្ពុជា ក៏ដូចអាស៊ានទាំង ១០ ​ទទួលផលប្រយោជន៍ធំពីចិន

មិនមែនគ្រាន់តែកម្ពុជាខ្លួនឯងទេ អាស៊ាន ១០ ​ទទួលផលប្រយោជន៍ធំណាស់។ ទំនាក់ទំនងតំបន់ពាណិជ្ជកម្មសេរី​ រវាងអាស៊ាន-ចិន នាំមកនូវប្រយោជន៍ពិតប្រាកដ។ អាស៊ាន មានទំនិញនាំចេញទៅកាន់ប្រទេសចិន។ បើប្រៀបធៀប ការនាំចេញពីប្រទេសចិន មកប្រទេសអាស៊ានមានចំនួនតិចជាង ពីប្រទេសអាស៊ានទៅកាន់ប្រទេសចិន។ ទេស​ចរពីប្រទេសអាស៊ាន ទៅកាន់ប្រទេសចិនមានចំនួនតិចជាង បើប្រៀបធៀបទេសចរប្រទេសចិន មកកាន់ប្រទេសអាស៊ាន។ តួយ៉ាងដូចកម្ពុជាឆ្នាំទៅ ១ លាន ២ សែននាក់ ហើយខ្ញុំរំពឹងថា នឹងកើនឡើងរាល់ឆ្នាំ ដោយសារតែជើងហោះហើរពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាកាន់តែចំនួនច្រើន។

តើយើងត្រូវទទួលទេសចរចិន ឬត្រូវទទួលអ្នកភៀសខ្លួនចិន?

ត្រង់ចំណុចនេះហើយ ដែលខ្ញុំគួររំលឹកថានៅឆ្នាំ ២០០១ នៅពេលដែលចិនមិនទាន់ចូលអង្គការពាណិជ្ជកម្មពិភពលោក ពេលនោះមានអ្នកសារព័ត៌មាន នៅទីក្រុងតូក្យូ នៅក្នុងសន្និសីទអន្តរជាតិមួយ ដែលរៀបចំដោយអង្គការសិទ្ធិមនុស្សរាប់ពាន់នាក់ ចូលរួមនៅទីនោះ។ ខ្ញុំបានក្លាយទៅជា អ្នកធ្វើសង្កថាគនឹ្លះ រួចហើយទុកពេលវេលា ដើម្បីឲ្យមានការឆ្លើយតបនូវសំណួរ។ មានសំណួរមួយចោទសួរ មកលើខ្ញុំព្រះករុណាខ្ញុំថា តើមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនឬទេ នៅពេលដែលចិនចូលអង្គការពាណិជ្ជកម្មពិភពលោក?

ខ្ញុំបានឆ្លើយតបច្រើន​ ក៏ប៉ុន្តែន័យដែលធំជាងគេ គឺថា តើយើងត្រូវទទួលទេសចរចិន ឬត្រូវទទួលអ្នកភៀសខ្លួនចិន?  នេះគឺជាចំណុចដែលធំជាងគេ នៅក្នុងចំណោមចម្លើយ … ចិនមិនដែលនាំកងទ័ពចេញក្រៅព្រំដែនរបស់ចិនទេ។ ចិនក៏មិនអាចមាននរណាមួយ រារាំងមិនឲ្យរីកចម្រើនបានដែរ។ ប៉ុន្តែចម្លើយដែលធំជាងគេ ចោទចេញជាសំណួរថា តើត្រូវទទួលទេសចរចិន ឬត្រូវទទួលអ្នកភៀសខ្លួនចិន? នៅក្នុងសម័យអតីតកាល ដែលចិនត្រូវទទួលគ្រោះទុរភិក្ស ការបែកបាក់ និងការឈ្លានពានពីបរទេស មានជនជាតិចិនជាច្រើនបានរត់មកកាន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏បានរត់មកកម្ពុជាសព្វថ្ងៃនេះ។ សូម្បីទៅសួរមើលអ្នកនៅផ្សារអូរឡាំពិក ផ្សារអូរឫស្សីអីហ្នឹងមួយចំនួន អ្នកនៅតាមដងទន្លេមេគង្គអីមួយចំនួនហ្នឹង គឺអ្នកដែលរត់មកពីស្រុកចិន។

ចំនួនអ្នកចូលឆ្នាំចិនពីសម័យដើមប្រហែលជា ២០% ឥឡូវឡើងទៅដល់ ៦០% ឬ ៧០%

១០០ ឆ្នាំមុន ក៏មាន ហើយនៅក្នុងសម័យក្រោយ ១០០ ឆ្នាំ ប្រហែលជា ៨០ ឆ្នាំមុនក៏មានអ្នករត់ពីប្រទេសចិន … បានជាចូលឆ្នាំចិនម្តងៗ សុទ្ធតែបិទក្រដាស មិនដឹងជាចិនស្អីនឹងគេដែរទេ អត់ចេះចិនអីមួយម៉ាត់ ហើយនាំគ្នាថាចូលឆ្នាំចិន។ កាលពីដើមចូលឆ្នាំចិនប្រហែលជា ២០% ឥឡូវអ្នកចូលឆ្នាំចិននឹងឡើងទៅដល់ ៦០% ឬ ៧០% ព្រោះកាលណាតែយកគ្នា(ជាប្តីប្រពន្ធ) នឹងជាប់ខ្សែ។ ចេះតែទៅហើយ។ មិនដឹងជាចិនមកពីកន្លែងណាទេ។ សម័យនោះគឺវាយ៉ាងដូច្នេះ។ រត់ពីប្រទេសចិន មកកាន់ប្រទេសថៃ ទៅកាន់ឥណ្ឌូនេស៊ី ទៅកាន់ម៉ាឡេស៊ី ទៅកាន់ប្រទេសនានា។ ទៅឆ្ងាយជាងហ្នឹងទៀត។ មកកាន់កម្ពុជា មកកាន់វៀតណាម … បើសិនប្រទេសចិនបច្ចុប្បន្ន ដែលមានប្រជាជន ១៣៥០ លាននាក់ជាង ជិត ១៤០០ លាននាក់ ហើយស្រាប់តែមានកលិយុគ រត់ចេញត្រឹមតែ ៣០ លាននាក់ … អាចថាមកឥណ្ឌូនេស៊ី ទៅម៉ាឡេស៊ី ទៅសាំងហ្គាពួរ ទៅថៃ ទៅវៀតណាម ទៅដទៃទៀត ឯកម្ពុជាត្រឹមតែកន្លះលាននាក់ហ្នឹង លៀនអណ្តាតបាត់ទៅហើយ … ឥឡូវនេះយើងមិនទទួលនូវជនភៀសខ្លួនចិនទេ យើងទទួលនូវទេសចរចិន ឆ្នាំទៅ ១ លាន ២ សែននាក់។

គ្មាននរណារារាំងការរីកចំរើនរបស់ចិនបានទេ

វត្តមានរបស់ចិននៅក្នុងប្រទេសរបស់យើង សូមបងប្អូនកុំមានការភ័ន្តច្រឡំ (ដោយសារតែ)វត្តមានការដ្ឋានរាប់រយដែលកំពុងដំណើរការនៅកម្ពុជា។ យើងមិនទាន់ផ្គត់ផ្គង់អ្នកបច្ចេកទេសឲ្យចិនគ្រប់គ្រាន់ទេ ដូច្នេះបានជាមានវត្តមាននៃជនជាតិចិន ក្នុងការកសាងសំណង់​។ ​ឧទាហរណ៍ ​ការធ្វើ​ស្ពាន​មួយ​ត្រូវការអ្នកបច្ចេក​ទេសចិនប៉ុន្មាន? ត្រូវការបុគ្គលិកខ្មែរប៉ុន្មាន? ត្រូវធ្វើការរួមគ្នា។ យើងមិនអាចទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បីផ្គត់ផ្គង់ អ្នកជំនាញ ឬកម្មករជំនាញឲ្យចិនបានទេ។ រាប់រយការដ្ឋាន ជាការដ្ឋាន​របស់​រដ្ឋផង និងការ​ដ្ឋានរបស់វិស័យឯកជនផង។ ពី ២០០១ រហូតមកដល់បច្ចុប្បន្ន មាន​រយៈ​ពេល​ ១៧ ឆ្នាំ ហើយដែល ហ៊ុន សែន និយាយ … ទស្សនៈនេះ នៅតែជាទស្សនៈបន្ដ ដែល​ ហ៊ុន សែន នៅបន្ដនិយាយ ព្រោះគ្មាននរណាទៅរារាំងការរីកចំរើនរបស់ចិនទេ។ ចិនបានក្លាយខ្លួនជា​មហា​អំណាច​សេដ្ឋ​កិច្ច​ទី ​២ ​របស់ពិភពលោក។ ការរីកចំរើនរបស់ចិន បានជួយចិនខ្លួនឯង និងប្រទេសដទៃ ហើយបាន​ជួយដាក់​ទុនវិយោគនៅក្នុងប្រទេសរបស់យើង។

បើចិនមិនមកវិនិយាគទេ យើងបានអគ្គិសនីពីណាមកប្រើសម្រាប់បច្ចុប្បន្ន

យើងពិនិត្យមើល បើយើងអង្គុយរង់ចាំ ដោយគ្មានអ្នកវិនិយោគដទៃមក​ទេនោះ សួរថាអគ្គិសនីបច្ចុប្បន្នបាន​អគ្គិសនីណាយកមកប្រើប្រាស់។ ដាក់ជាសំណួរអញ្ចេះ។ អ្នកខ្លះ​ ​ប្រទេសខ្លះ ច្រណែនចំពោះប្រទេសចិន ហើយមកធ្វើការវាយប្រហារចំពោះកម្ពុជា។ ប៉ុន្ដែសួរថា វារីអគ្គិសនី​ទាំងអស់ផ្គត់ផ្គង់រាប់ពាន់មេហ្កាវ៉ាត់ សម្រាប់ការប្រើប្រាស់បច្ចុប្បន្ននេះ តើមានប្រទេសណាមួយមកសុំដាក់​ទុន ឬសុំដេញថ្លៃយកគំរោងនោះ? វា​អត់​មាន។ បានត្រឹម​តែថា។ ដល់ពេលគេមកធ្វើ បានត្រឹមច្រណែន។ ​មាន​តែចិនទេ គាត់មានលុយពិត​ប្រាកដ​ ដើម្បី​ធ្វើ។ និ​យាយអោយពិតប្រាកដយ៉ាងដូច្នេះ។

គេរកស៊ីជាមួយចិនបាន ហេតុអីក៏កម្ពុជាមិនអាច?

ពេលវិបត្ដិសេដ្ឋកិច្ច ប្រទេសនានាទប់ខ្លួនឯងឲ្យមាំ តាមរយៈការកាត់បន្ថយទុនចេញទៅក្រៅប្រទេស ក៏ប៉ុន្ដែ​ចិន​អត់បានកាត់បន្ថយការបញ្ជូនទុន(ចេញក្រៅប្រទេស)ទេ។ មកវិនិយោគគម្រោង​នា​នា​​នៅក្នុងប្រទេសរបស់យើង មិនត្រឹមតែមិនកាត់បន្ថយ ថែមទាំងធ្វើលឿនមុនការកំណត់ទៀតផង។​ ខ្ញុំព្រះ​ករុណា​ខ្ញុំ​ហាក់ដូចជា​និយាយច្រើនបន្ដិច ក៏ប៉ុន្ដែនេះជាសារៈសំខាន់ដែលយើងចាប់ដៃគូជាមួយនឹងចិន ​ដែល​បន្ដ​​ធ្វើឲ្យកាន់តែប្រសើរ នៅក្នុងទំ​នាក់​ទំនងរវាងប្រទេសយើងជាមួយនឹងចិន។ ភូមិសាស្រ្ដនយោបាយ​ វាដូច្នេះឯង។ ប្រទេសនានារកស៊ីជាមួយចិនយ៉ាងច្រើន ម៉េចបានជាមកហាមឃាត់កម្ពុជាមិនអោយរកស៊ីជាមួយចិន? វាដូចជាឆ្ងល់។ បើប្រទេសនៅអឺរ៉ុប សុទ្ធតែជិះយន្ដហោះមកចរចាជាមួយចិននៅប៉េកាំង ដើម្បី​បង្កើត​​ការ​នាំទំនិញ ការវិនិយោគស្អីៗ  …។

ហ៊ុន សែន/គណបក្សប្រជាជន ថែរក្សាទំនាក់ទំនងអាស៊ាន-ចិន

អាស៊ានជាអ្នកទទួលផល​ច្រើន​ជាងគេ។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នេះ បានប្រឹងប្រែងខ្លាំងណាស់​ដើម្បីការពារទំនាក់ទំនងរវាងអាស៊ាន និងចិន។ មិនមែនជារឿងសាមញ្ញពេកទេ … ​ហើយ​នេះមិន​មែនជាផល​ប្រយោជន៍ដាច់ដោយឡែករបស់កម្ពុជាទេ តែជាផលប្រយោជន៍ស្ថេរភាព​ក្នុងតំបន់អាស៊ី​អាគ្នេយ៍ ក៏ដូចជាការអភិវឌ្ឍក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រ រវាងអាស៊ាន និងចិន។ ពួកគេត្រូវមើលឃើញ​នូវផលប្រយោជន៍ ដែលផ្ដើមចេញពីគោលនយោបាយរបស់ ហ៊ុន សែន តែម្ដង ឬថាជាគោលនយោបាយ​របស់គណបក្សប្រជាជន ដើម្បីថែរក្សាទំនាក់ទំនងល្អរវាងអាស៊ាន និងចិន ហើយក៏ជម្រុញទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយចិនផងដែរ។

សង្ឃឹមថាប្រជាពលរដ្ឋបើកបរដោយខិតខំការពារជីវិតខ្លួន និងអ្នកដទៃ/អនុវត្ដនូវពាក្យស្លោករបស់សម្ដេច

ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ផ្លូវដែលយើងបានសម្ពោធ បង្កើតលក្ខណៈ​ងាយស្រួលដល់​ប្រជា​ពលរដ្ឋរបស់យើងបាន​ធ្វើដំណើរនៅខាងលើ ហើយអ្នកខាងក្រោមធ្វើដំណើរនៅខាងក្រោមគ្មានការប៉ះទង្គិច​គ្នា​។ ខ្ញុំព្រះករុណាខ្ញុំបានឆ្លងមុនគេបង្អស់លើផ្លូវនេះ។ ថ្ងៃនោះឯកឧត្តម ស៊ុន ចាន់ថុល បានអនុញ្ញាតឲ្យឆ្លងនៅថ្ងៃ​មុនចូលឆ្នាំ រួចហើយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់យើងឆ្លងមុនចូលឆ្នាំខ្មែរ។ អត់មានការបើក​បិទអីទៀតទេ ប៉ុន្ដែ​​អាណិតសុំម្យ៉ាង កាលក្រោយមកលឺថា មានចាប់ផ្ដើមបុក។ តើម៉ូតូ ឬឡាន? (សម្ដេច​និយាយ​ជា​មួយឯកឧត្តម ស៊ុន ចាន់​ថុល)។ យ៉ាងណា ខិតខំបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍​។ ទ្រឹស្ដី​របស់ខ្ញុំ​ព្រះករុណាខ្ញុំដាក់ចេញបានក្លាយ​ទៅជាពាក្យស្លោកដ៏មានប្រជាប្រិយភាព។ ប៉ុន្ដែសូមអោយ​ពាក្យដ៏មាន​ប្រជា​ប្រិយ ក្លាយទៅជាការអនុវត្ដជាក់ស្ដែង «ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះ​ថ្នាក់ចរាចរណ៍» នោះមួយផ្នែកទៅ ហើយមួយផ្នែកទៀត«បើស្រវឹងសូមកុំបើកបរ បើបើកបរសុំកុំស្រវឹង»។ ហ្នឹងសុទ្ធ​តែជា​ទ្រឹស្ដី។ ឥឡូវការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសុទ្ធតែដាក់ថា បើស្រវឹងកុំ​បើក​បរ … ដូច្នេះ​សង្ឃឹមថា អ្នកទាំង​អស់​ដែលកាន់បញ្ជាចង្កូតរថយន្ដ ឬចង្កូតយានយន្ដផ្សេងទៀត សូមមេត្ដាគិតថា នេះជា​ជីវិត​ផ្ទាល់របស់យើង និងជាជីវិតអ្នកដទៃ ត្រូវគោរពជីវិតខ្លួនឯង និងគោរពជីវិតអ្នកដទៃ។

នេះគឺជាការហៅថា ការគ្រោះថ្នាក់ដោយសារសុខភាពខ្លួនឯង បានសេចក្តីថា សុខភាពខ្លួនឯងកាន់តែមាំ ប្រាក់ចំ​ណូលកាន់តែខ្ពស់ ទិញឡានកាន់តែល្អ ទិញម៉ូតូកាន់តែល្អ បើកទៅអត់មានគោរពច្បាប់ ស្លាប់ខ្លួនឯង។ អញ្ចឹងស្លាប់ដោយសារមានលុយ។ បើអត់មានលុយ វាអត់ស្លាប់។ អញ្ចឹងដល់ពេលមានលុយទិញឡាន មានលុយទិញម៉ូតូ គឺស្លាប់ដោយសារមានលុយ ដល់អត់មានលុយជិះកង់វាអត់អីដែរ។ ប៉ុន្តែអ្នកជិះកង់ មិនប្រាកដថារួចខ្លួនទេ ដោយសារតែអ្នកបើកឡាន បើកម៉ូតូ វាទៅបុកកង់។ វាមានមួយចំនួនទៅបុកចូលក្នុងផ្ទះគេទៅទៀត រហូតដល់វិមានឯករាជ្យ … កាសែតរស្មីកម្ពុជាសរសេរថា តើអ្នកធ្វើវិមានឯករាជ្យខុស ឬអ្នកបើកបរខុស? ព្រោះអ្នកស្រវឹងថា មកធ្វើអីវិមានឯករាជ្យកណ្តាលផ្លូវហ្នឹង …។

សុំយកឱកាសនេះ តាមរយៈឯកឧត្តមអគ្គរដ្ឋទូត Xiong Bo អនុញ្ញាតឲ្យខ្ញុំបានផ្តាំនូវការថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់ជំនួយ ក៏ដូចជាឥណទានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធសំរាប់កម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ការកសាងស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ និង​ផ្លូវខ្សែក្រវាត់ទី ២ ដែលកំពុងតែសាងសង់ជិតហ្នឹងរួចទៅហើយ។

នឹងតាមចាប់អ្នកបោកប្រជាជនថា រឿងទឹកខ្មៅបោះឆ្នោត ជ្រលក់ហើយ ២៤ ម៉ោងក្រោយស្លាប់

ខ្ញុំព្រះករុណាខ្ញុំមានរឿងមួយដែលត្រូវនិយាយទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ព្រឹកមិញនេះ ខ្ញុំព្រះករុ​ណាខ្ញុំ បានទទួលព័ត៌មានមួយអំពីការឆបោក ដែលអាចក្លាយទៅជាឧក្រិដ្ឋកម្មនៃក្រុមពួកនេះ ដែលយើងមិនត្រូវអត់អោននោះទេ។ គេបានលើកឡើងថា នៅថ្ងៃបោះឆ្នោតខាងមុខ នឹងមានទឹកខ្មៅជ្រលក់ចំនួន ២ ប្រភេទ … ដបទី ១ គឺទឹកខ្មៅធម្មតា ហើយដបទី ២ គឺទឹកខ្មៅដែលជ្រលក់ទៅ ២៤ ម៉ោងក្រោយគឺស្លាប់។ ផ្តាំទៅក្រុមដដែលទេ ក្រុមដែលលើកពីរឿង ៥ ឆ្នាំមុន។ រឿងទឹកខ្មៅជូតជ្រះ ឆ្នាំ ២០១៣ នៅចាំទេ ពេលនោះស្រែកឆោឡោថាទឹកខ្មៅជូតជ្រះ។ តែឥឡូវនេះគេមានផែនការសំងាត់របស់គេ។ មិនត្រូវឲ្យពួកក្រុមនេះរួចខ្លួនទេ។ ម្តងនេះ វាយមេក្រុមហ្នឹងអោយបាន។ បើហ៊ានធ្វើពិតប្រាកដ គឺត្រូវវាយឲ្យបាន។ កុំឲ្យចេញរួច។ ទោះបីទៅដល់ប្រ​ទេសណាក៏ត្រូវតាមចាប់ខ្លួនត្រឡប់មកវិញដែរ។ នេះជាការបោកប្រាស់បំភ័យប្រជាជនកុំឲ្យទៅធ្វើការបោះឆ្នោត ជាមួយក្រុមបក្សពួកដែលអំពាវនាវឲ្យប្រជាជនកុំទៅបោះឆ្នោត។ ឥឡូវគេយកផែនការខ្សឹប … ខ្ញុំសូមប្រាប់ថាពួកអ្នកឯងប្រជុំ មិនអាចបាំងជិតនឹងខ្ញុំទេ។ ព្រឹកមិញខ្ញុំបានបញ្ជូនចូលទៅឲ្យសម្តេច ទៀ បាញ់ ហើយបញ្ជូនទៅឲ្យខាងមហាផ្ទៃហើយ។ ក្រុមអ្នកឯងយើងបានស្គាល់មុខហើយ។ កុំធ្វើឲ្យសោះ។ បើអ្នកឯងធ្វើ អ្នកឯងប្រថុយនឹងការជាប់គុក ព្រោះនេះជាបទល្មើសមួយមិនអាចអត់អោនឲ្យបាន ហើយមិនមែនជាសិទ្ធិបញ្ចេញមតិទេ។ សូមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់ចែងការងារនេះ ប៉ុន្តែអ្នកដែលត្រូវអនុវត្តពិតប្រាកដ គឺរដ្ឋបាលរបស់យើង ដែលត្រូវបំផ្លាញនូវឧបាយកលឆបោក តាមរយៈដែលថា ឆ្នាំមុនអ្នកឯង យើងមិនទាន់ទូទាត់បញ្ជីដែលថាទឹកខ្មៅដុះជ្រះឆ្នាំមុនផង ឥឡូវដាក់ចេញនូវគោលការណ៍ទឹកខ្មៅមាន ២ ដប ទឹកខ្មៅ ១ ដប ទឹកខ្មៅធម្មតា ទឹកខ្មៅ ១ ដបទៀត ជ្រលក់ទៅ ២៤ ម៉ោងគឺស្លាប់ យូរបំផុតមនុស្សស្លាប់។

តម្លើងម៉ាស៊ីន ចាប់ការបង្ហោះសារបង្កហេតុតាមហេ្វសប៊ុក

អ្នកឯងសូមចាំឲ្យបាន ថាឧបាយកលអ្នកឯងធ្វើបែបនេះ អ្នកឯងបំផ្លាញជាតិ ហើយខ្ញុំមិនឲ្យអ្នកឯងរួចខ្លួនទេ …សូម្បីតែប្រធានគណបក្សចាប់(នៅ)ម៉ោង ១២ យប់ ព្រោះទោសក្បត់ជាតិ។ នេះក៏ជាប្រភេទទោសក្បត់ជាតិដែរ​។ បើអ្នកឯងគ្រាន់តែនិយាយថា កុំទៅបោះឆ្នោត អាហ្នឹងរឿងមួយ ប៉ុន្តែរឿងអ្នកឯងឈានទៅដល់ដំណាក់កាលនៃការដើរខ្សឹប … បញ្ជាអាជ្ញាធរ ឃើញមួយ វាយមួយ អត់មានទុកទេ។ យុទ្ធនាការហ្វេសប៊ុក តម្លើងម៉ាស៊ីនទាំងអស់ ដើម្បីចាប់ Location។ បង្ហោះចេញពីកន្លែងណា ចាប់ទាំងអស់ ព្រោះយើងមានមធ្យោបាយដើម្បីនឹងធ្វើ។ អ្នកឯងលេងតាមហ្វេសប៊ុក យើងបង្ហោះបញ្ចេញនូវម៉ាស៊ីនចាប់ចំណុច ដែលបង្ហោះចេញនៅកន្លែងណា វាអត់ទៅ​ណារួចទេ។ សូមប្រាប់អ្នកឯងទៅ មធ្យោបាយមានគ្រប់។

ផែនការ ២៣ កក្កដា និងផ្តំាទៅ ប្រេត អាដាម

… ផ្តាំទៅផែនការ ២៣ កក្កដា សុំបញ្ឈប់ទៅ។ កុំធ្វើឲ្យសោះ។ ផែនការរបស់អ្នកឯង គឺជាផែនការគ្រោះថ្នាក់ ដែលយើងបានគ្រប់គ្រងរួចស្រេចហើយ។ កុំធ្វើ។ រឿងនេះគឺជារឿងបំផ្លិចបំផ្លាញសន្តិសុខជាតិ បំផ្លិចបំផ្លាញនូវស្ថេរភាពរបស់ប្រទេស បំផ្លាញជីវិតប្រជាជន ហើយអំពើស្មោកគ្រោកបែបនេះ បើសិនពួកបរទេសណាគាំទ្រ គឺបរទេសហ្នឹងមិនចាំបាច់ធ្វើជាប្រទេសប្រជាធិបតេយ្យ ធ្វើជាប្រទេសស្អីទៀតទេ។ រឿងមេទាហាន ១២ រូប សុំផ្តាំ​ទៅ ប្រេត អាដាម … មិនមែនមាននាយទាហានត្រឹម ១២ ទេ ដែលស្មោះត្រង់ជាមួយហ៊ុន សែន ដែលស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល។ នាយទាហានមួយប្រទេសហ្នឹង។ នៅខ្វះ។ សុំអោយលោកឯងដាក់ទំាងអស់ ១១ ម៉ឺននាក់។ ដាក់ទំាងអស់មក។ ដាក់ ១២ នាក់មិនគ្រប់ទេ។ មានមួយនោះមកវិភាគ រាជរដ្ឋាភិបាលត្រូវធ្វើការស្រាវជ្រាវ … បើអ្នកឯងឡប់ៗតែម្នាក់ឯងទៅ … រឿងអ្នកឯងចោទ រឿងអ្នកឯង ឯរឿងភាពស្អាតស្អំរបស់នាយទាហានកម្ពុជា គឺជារឿងស្អាតស្អំរបស់នាយទាហានកម្ពុជា។ អ្នកឯងគ្មានសិទ្ធិអី្វទំាង​អស់​។ សុំផ្តាំផ្ញើជូនអ្នកឯង កុំបង្កហេតុច្រើនពេក ហើយសុំកុំលើកជាយោបល់ … គេលើកថា ត្រូវចាត់តំាងព្រះរាអាជ្ញាធ្វើការស្រាវជ្រាវមើល​។ ដល់តែស្រាវជ្រាវ (ក៏ចេះតែ)ចោទរហូត ស្រាវជ្រាវរហូត អត់បានធ្វើការអីទេ។ សុំផ្តាំទៅ ប្រេត អាដាម ដែលជា​អង្គការក្រៅរដ្ឋាភិបាលមួយដើរស្រែកអោយតាពាសនោះ មិនទាន់គ្រប់ទេ ១២ វាទាល់តែជិត ១២ ម៉ឺននាក់នោះ បានវាគ្រប់។

កងទ័ព នគរបាល ការពាររដ្ឋ

បើទ័ពមិនការពាររដ្ឋាភិបាលទេ មិនមែនទ័ពទេ។ អ្នកណាចិញ្ចឹមទ័ព? ទ័ពជាឧបករណ៍ការពាររដ្ឋ។ ប៉ូលីសជាឧបករណ៍សម្រាប់ការពាររដ្ឋ។ ត្រូវស្តាប់អោយបាន។ បើមិនយល់ទេ ទៅរៀនថែមទៀតទៅ។ រដ្ឋណាដែលគ្មានកម្លំាងប្រដាប់អាវុធ។ លើពិភពលោក រដ្ឋសុទ្ធតែមាន​​ក​​ម្លំា​ងប្រដាប់អាវុធទំា​​​ង​​អស់។ តើកម្លំាងប្រដាប់អាវុធគេទុកធ្វើអី? គេយកមកធ្វើអី? កម្លំាងប្រដាប់អាវុធសម្រាប់ការពាររដ្ឋ។ គុកគេសម្រាប់ដាក់អ្នកទោស។ អញ្ចឹងអ្នកដែលដើរបំផុសថា ទឹកខ្មៅជ្រលក់ទៅងាប់ ២៤ ម៉ោងនេះ អាហ្នឹងត្រៀមគុកអោយហើយទៅ។ ធម្មតាទេ ពស់យើងវ៉ៃក្បាល យើងកុំវ៉ៃកន្ទុយ។ មិនទាន់ទូទាត់រឿងឆ្នំា ២០១៣ ផង ស្រាប់តែឥឡូវចេញរឿងអីមកទៀត។ អ្នកឯងកុំស្មានថា អ្វីដែលអ្នកឯងនិយាយនោះ ត្រូវបានលាក់ជិត ចំពោះមុខសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ សុំកុំភ័ន្តច្រឡំ។ នេះខ្ញុំគ្រាន់តែប្រកាស ខ្ញុំមិនចង់អោយអ្នកឯងធ្វើទេ។

គោលដៅតែមួយគត់ គឺរក្សាអាយុជីវិតប្រជាជនកម្ពុជា

ឥឡូវយើងគិតមើល បើថាថ្នំាពូកែដល់ម្លឹងៗ ងាប់អស់មនុស្សលើលោក។ គ្រាន់តែដើរទៅដាក់មួយដំណក់ៗ បន្តក់លើខ្លួន ងាប់អស់មនុស្ស។ ខ្លំាងជាងអាវុធជីវសាស្ត្រទៅទៀត … ខូចហួសទៅណាស់ បានជាយើងវាអត់អោនវាមិនបាន។ ដោយសារតែវាទើសនឹងច្បាប់ហ្នឹងហើយ បានដាក់ខ្នោះយកទៅដាក់គុក​ អោយតុលាការកាត់ទោស។ បើធ្វើរដ្ឋមួយ ទុកអោយ(អ្នកទាំងហ្នឹង)បំផ្លាញជីវិតមនុស្សរាប់លាននាក់ ដូចកាលពីសម័យអតីតកាល តើយើងធ្វើកើតទេ? ខ្ញុំព្រះករុណាខ្ញុំ និយាយនេះ ក្នុងគោលដៅតែមួយគត់ គឺរក្សាជីវិតប្រជាជនកម្ពុជា មិនអោយមានរឿងអ្វីកើត។ យើងរកសន្តិភាពមកលំបាកណាស់ ជំនាន់ចាស់បង្កើតសង្គ្រាម ក្មេងជំនាន់ក្រោយជាអ្នកបញ្ចប់សង្គ្រាម។ លំបាកណាស់។ មួយជាតិនេះឆាចោល។ មិនដែលមានពេលដែលហៅថា សប្បាយនឹងគេទេ។ កាលនៅក្មេងអត់មានសាលារៀន ត្រូវរត់មកជ្រកកោននៅវត្តទឹកល្អក់នេះ មិនឆ្ងាយពីហ្នឹងប៉ុន្មានទេ ដើម្បីរៀន បន្ទាប់ទៅកើតសង្គ្រាម ក្នុងពេលដែលចាប់ផ្តើមចូលវ័យកម្លោះ … បានទៅរកស្នេហាស្នេហ៍អីហ្នឹងគេ។ របស់ដែលជាទីស្រឡាញ់របស់ខ្លួនហ្នឹងគឺកាំភ្លើងនៅជាប់ហ្នឹងខ្លួន រួចហើយរបួស។ បន្ទាប់ទៅរបប ប៉ុល ពត បន្ទាប់ទៅ ទៅសង្គ្រោះជីវិតប្រជាជន ដោយយកជីវិតធ្វើដើមទុន។ មានពេលណាសប្បាយនឹងគេទៅ …។

កម្ពុជាមិនត្រូវឱនក្បាលអោយបរទេសគាបសង្កត់នោះទេ

ធ្វើម៉េចលោកយាយ លោកតា ញាតិញោមទំាងអស់ បងប្អូនទំាងអស់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្ត ជម្រើសដែលល្អជាងគេ គឺបោះឆ្នោតអោយគណបក្សប្រជាជនតែប៉ុណ្ណឹង សន្តិភាពមានក្នុងដៃហើយ ការអភិវឌ្ឍមានជាជំហានៗមានក្នុងដៃហើយ តើគួអោយវាបាត់ត្រឡប់ទៅវិញទេ? មិនត្រូវអោយមានការបាត់បង់ណាមួយទេ ទោះបីដល់តម្លៃណាក៏ដោយ ត្រូវហ៊ានបង់ថ្លៃ។ កម្ពុជាមិនត្រូវឱនក្បាលអោយបរទេសគាបសង្កត់នោះទេ។ ដោយសារតែបរទេសធ្វើផ្តេសផ្តាសមកលើយើងហ្នឹងហើយ បានជាយើងងាប់អស់មនុស្សរាប់លាននាក់។ រដ្ឋប្រ​ហារ ១៨ មីនា ឆ្នំា ១៩៧០ បង្កើតឡើងនូវវិនាសកម្មរាប់មិនអស់ ដែលយើងត្រូវចងចាំរឿងនេះ។ ជនណាក៏ដោយដែលបម្រើឲ្យផលប្រយោជន៍បរទេស គឺជាជនក្បត់ជាតិ ខុសទៅនឹងពាក្យសម្បថ ដែលខ្លួនបានស្បថនៅចំពោះព្រះមហាស្វេតឆត្រ ចំពោះព្រះមហាក្សត្រ និងចំពោះព្រះភ័ក្រ្តសម្តេចព្រះសង្ឃរាជទាំង ២ គណៈ ដែលថាមិនយកការបង្គាប់បញ្ជាពីខាងក្រៅចំពោះនយោបាយក្នុង និងក្រៅប្រទេសរបស់ខ្លួនទេ។

ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អភិវឌ្ឍ គ្មានអ្វីខុសទេ

ខ្ញុំព្រះករុណាខ្ញុំគ្មានកំហុសទេនៅពេលដែលដឹកនាំប្រជាជនឲ្យងើបឈរឡើងដើម្បីការពារឯករាជ្យ ការពារ អធិប​តេយ្យជាតិ ការពារបូរណភាពទឹកដី ការពារប្រទេសជាតិ និងការអភិវឌ្ឍ។ ខ្ញុំព្រះករុណាខ្ញុំ គ្មានកំហុសទេ ទោះបីត្រូវប្រើកម្លាំងក៏ខ្ញុំព្រះករុណាខ្ញុំ អត់មានអីខុសដែរ ព្រោះនេះជាបេសកកម្មការពារជីវិតមនុស្ស ការពារនូវសន្តិភាព ការពារនូវការរីកលូតលាស់របស់ប្រទេសជាតិ។ ខ្ញុំព្រះករុណាខ្ញុំ អត់ខុសទេ។ សុំផ្តាំទៅអ្នកធ្លាប់ព្រហើន ហើយនៅតែព្រហើន … ខ្ញុំមិននិយាយចំឈ្មោះទេ  ក៏ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា អ្នកប្រជុំកាលរយៈពេលកន្លងទៅបានលេច​ធ្លាយមកខាងក្រៅ ហើយបានដល់ខ្ញុំហើយ។ ខ្ញុំនឹងចាត់វិធានការណ៍ ទាំងអ្នកដើរខ្សឹប និងអ្នកបង្ហោះតាមហ្វេសប៊ុក។ ខ្ញុំនឹងឲ្យតម្លើងម៉ាស៊ីន ចាប់នូវចំណុចដែលអ្នកឯងបង្ហោះចេញ មានសារបំពុលប្រជាជនរបៀប​នោះ គឺយើងនឹងចាត់ការភ្លាមៗ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់សមួយដុំ ថវិកា ២ ម៉ឺនរៀល ជូនក្រុមកាយឫទ្ធិ និងក្រុមកាកបាទក្រហមកម្ពុជា ៤០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល​។ ជូនសិស្សានុសិស្ស ១២០៤ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូចំនួន ៤០៣ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី សង្កាត់ គោកឃ្លាំង ថវិកា ២ លានរៀល ជូនវិទ្យាល័យ ហ៊ុន សែន បូរី ១០០ ខ្នង សង្កាត់ទឹកថ្លា ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពទឹកថ្លា ថវិកា ២ លានរៀល ជូនសាលាខណ្ឌសែនសុខថវិកា ២ លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល មានតែប៉ុណ្ណឹងទេ។

កម្ពុជាមានសមត្ថភាពចាប់ Location បង្ហោះសារតាមហ្វេសប៊ុក

ថ្ងៃនេះ តាមពិតមិនចង់និយាយច្រើនទេ ក៏ប៉ុន្តែ វាត្រូវប្រធានបទ ត្រូវនិយាយច្រើន ម្ខាងត្រូវនិយាយឲ្យឃើញដោយសារថ្ងៃនេះ ភាគីទាំង ២ កម្ពុជា-ចិន នឹងត្រូវធ្វើពិធីខួបលើកទី ៦០ នៃទំនាក់ទំនងការទូតដែលមានចរិតប្រវត្តិសាស្រ្តរយៈពេលវែង ហើយពោរពេញទៅដោយភាពល្អប្រសើរដែលយើងចាំបាច់ត្រូវពង្រឹង។ ឯមួយទៀតអំពីសារៈសំខាន់នៃផ្លូវ ក៏ដូចជាស្ពានអាកាសរបស់យើងនេះ ហើយចុងក្រោយពាក់ព័ន្ធជាមួយនឹងការឆបោកដែលអាចនឹងចេញនូវពេលខាងមុខ យើងត្រូវទប់ស្កាត់ទុកជាមុន។ កុំឲ្យវាមានល្អជាងមាន។ យើងមិនចង់ដាក់ខ្នោះអ្នកណាទេ ក៏ប៉ុន្តែ បើអ្នកនៅតែក្បាលរឹង អ្នកនឹងជាប់ខ្នោះ។ នៅកម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ … សូមអំពាវនាវចំពោះប្រជាពលរដ្ឋជួយចាប់អ្នកដើរខ្សឹប​។ ឯផ្នែកនគរបាល និងផ្នែកចារកម្មដទៃទៀត បញ្ចេញម៉ាស៊ីនទាំងអស់ដើម្បីចាប់ការបង្ហោះតាម Facebook ព្រោះកម្រិតបច្ចុប្បន្នសុំជម្រាបជូន លម្អៀងត្រឹមតែ ២ ម៉ែត្រកន្លះតែប៉ុណ្ណោះ …។

ចុងបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ប្រ​វែង ៩៤២ ម៉ែត្រ ហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋា​ភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពរ និងពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ