សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង ពិធីសម្ពោធសួនសត្វ ភ្នំពេញសាហ្វារី

CNV: 

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិដែលបានចូលរួមក្នុងឱកាសនេះ ជាទីនឹករលឹកពីខ្ញុំ។

ថ្ងៃនេះ យើងនេះទាំងអស់គ្នាមានការរីករាយ ដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់សួន​សត្វ​ភ្នំ​ពេញសាហ្វារី ដែលវិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភី (LYP) គឺ លី យ៉ុង​ផាត់ តែម្ដង​។ ពិតមែន​ហើយវិស័យឯកជនបានចូលរួមការរីកចម្រើនសម្រាប់ទាំងអស់គ្នា​។ ខ្ញុំគិតថា គប្បីខ្ញុំត្រូវពន្យល់លើបញ្ហានេះបន្ដិចមុនពេលដែលចាប់ផ្ដើមបន្ដ។

ការវិនិយោគឯកជនបាន ចូលរួមអភិវឌ្ឍប្រទេស

សំណង់នានា ការវិនិយោគបានប្រព្រឹត្ដទៅដោយវិស័យឯកជន ប៉ុន្ដែពេលសម្ពោធម្ដងៗ ក៏មានការចូល​រួម​របស់​ប្រជាជន។ តើនេះវាជាការខុសឆ្គង ឬជាការត្រឹមត្រូវ? មានការឃោសនាមួយចំនួនបានលើក​ឡើង​ថា យើង​បានធ្វើត្រឹមតែបម្រើឲ្យវិស័យឯកជនតែប៉ុណ្ណោះ។ យើងគួរសាកល្បងគិតរួមគ្នាមើលថា ប្រសិន​បើគ្មានវិ​ស័យឯកជនចូលរួមអភិវឌ្ឍប្រទេសទេ សួរថាតើរដ្ឋមួយអាចដោះស្រាយបញ្ហាបានឬទេ? វាមានតែប្រទេសដែល​អនុវត្ដនូវរបបបែបផែនការជារបបសេដ្ឋកិច្ចទីផ្សារ នៅតាមបណ្ដាប្រទេសសង្គមនិយមកាលពីពេល​ពីមុនតែ​ប៉ុណ្ណោះ ​ដែល​រដ្ឋ​គ្រប់គ្រងលើអ្វីៗទាំងអស់។ ប៉ុន្ដែ ​នៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារ ហើយ​សូម្បី​​តែ​ប្រទេសដែលមានឯកបក្ស ដែល​មាន​បក្សកុំម្មុយនីស្ដដឹកនាំ ហើយជាប្រទេសសង្គមនិយម ក៏គេប្រើប្រាស់​នូវវិស័យឯកជន ដើម្បីរួម​ចំណែក​នូវការអភិវឌ្ឍ ជាពិសេស​ក្រុមហ៊ុនរដ្ឋត្រូវបាន​កាត់បន្ថយ​ស្ទើរតែ​ទាំងស្រុង។

រដ្ឋបង្វែរប្រាក់ពន្ធបានពីការអភិវឌ្ឍនៃវិស័យឯកជន វិនិយោគលើតម្រូវការរបស់ប្រជាជន

យើងពិនិត្យមើល តើទីកន្លែងមួយនេះ វាបានផលចំណេញអ្វីមកសម្រាប់រដ្ឋ ហើយតាមរយៈ​រដ្ឋ តើមាន​​ផល​ប្រយោជន៍​​អ្វីសម្រាប់ប្រជាជន? ច្បាស់ណាស់វិស័យឯកជនធ្វើការអភិវឌ្ឍទាំងអស់​ សុទ្ធតែ​បាន​​បង់​ពន្ធជូន​រដ្ឋ​។ រដ្ឋទទួលប្រាក់ពន្ធនោះ ហើយដែលរដ្ឋមានលទ្ធភាពដើម្បីបង្វែរប្រាក់ទាំងនោះ ទៅវិនិយោគដើម្បីបម្រើ​ឲ្យ​​សេច​ក្ដី​ត្រូវការរបស់ប្រជាជន។ ត្រូវមើលឃើញថា រដ្ឋបានប្រើប្រាស់ប្រាក់ពន្ធ​ដែលទទួលបាន​មកពីការវិនិយោគ​របស់​វិស័យឯកជនទាំងនោះ ដើម្បីបម្រើអោយសេវាសាធារណៈ សម្រាប់​សេច​ក្ដី​ត្រូវការ​របស់ប្រជាជន។ នោះ​ទាក់ទងនឹងការបើកបៀវត្សរ៍សម្រាប់មន្ដ្រីរាជការ។ ជាពិសេសត្រូវមើលឃើញដំបូងគេ គឺកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារជាតិ សន្ដិសុខជាតិ។ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀនដែលធ្វើការបម្រើ​ប្រជាជន កូនប្រជាជ​នរាល់​ថ្ងៃ។ អញ្ចឹងបើពុំមានការបង់ពន្ធពីវិស័យឯកជនទេ តើរដ្ឋបានប្រាក់ពីណាដើម្បី​ចិញ្ចឹមគ្រូបង្រៀន ដែលបង្រៀន​កូនប្រជាជន ឬដើម្បីចិញ្ចឹម​គ្រូពេទ្យ ដែលព្យាបាលអ្នកជំងឺដែលជាប្រជាជន ដើម្បីចិញ្ចឹមកងទ័ព​ និងនគរបាល​ ដែលកំពុងការពារជាតិ និងសន្ដិសុខជាតិនោះ។

ការគាំទ្រ និងការចូលរួម នៃរាជរដ្ឋាភិបាល/ប្រជាជន ដល់សមិទ្ធផលវិស័យឯកជនមិនខុសទេ

វាមិនខុសទេ ការគាំទ្រទាំងឡាយ​របស់​រាជ​រដ្ឋាភិបាល​​សម្រាប់វិស័យឯកជន និងការចូលរួមរបស់ប្រជាជន ក្នុងការ​សប្បាយ​រីករាយទទួលនូវ​សមិទ្ធផល​របស់​​វិស័យឯកជនបានកសាងឡើង គឺវាមិនខុស​ទេ។ ប្រជាជន​មានតែទទួលផលចំណេញតែ​ប៉ុណ្ណោះ ពី​ការវិ​និយោគ​របស់វិស័យឯកជន ដែលក្នុង​នោះ ក្រៅពីអ្នក​ធ្វើការ​ងារ​រាប់រយ រាប់ពាន់នាក់ដោយផ្ទាល់​ គឺប្រជាជន​នឹងទទួលបានផលប្រយោជន៍តាមរយៈពន្ធដារ​ នៃបណ្ដា​ក្រុមហ៊ុនឯកជនបង់ពន្ធជូនរដ្ឋ។ អញ្ចឹងទេ បានចំណុច​នេះ ថ្ងៃនេះ បើទោះបីវាមិនមែនជាសម្បត្តិផ្ទាល់យើង របស់នាយករដ្ឋមន្ដ្រី របស់មន្ដ្រីនានា របស់​ប្រជាជន ក៏ប៉ុន្ដែវាជាសម្បត្ដិរបស់លោកឧកញ៉ា លី យ៉ុងផាត់ និង​ក្រុម​គ្រួសារ ក៏ប៉ុន្ដែ សម្បត្ដិមួយនេះមាន​ចំណែក​ផ្ដល់នូវការរីកលូតលាស់សម្រាប់ប្រទេសមួយ និងផ្ដល់​ប្រាក់ចំណេញ ប្រាក់ពន្ធដារ​សម្រាប់​រ​ដ្ឋផង​ដែរ។

ប្រទេសមានបក្សតែមួយ ក៏ប្រើវិស័យឯកជននាំមុខក្នុងការអភិវឌ្ឍ

នេះគ្រាន់តែជាការចាប់ផ្ដើម ដើម្បីពន្យល់ពីតួនាទីនៃវិស័យឯកជន ដែលត្រូវចូលរួម ហើយប្រទេសដែល​អនុវត្ដ​​នូ​វរបៀប ដែលរដ្ឋគ្រប់គ្រងលើគ្រប់វិស័យ សូម្បីតែសណ្ឋាគារ ក៏សណ្ឋាគាររបស់រដ្ឋ សូម្បីតែ​ស្អីៗក៏​របស់​រដ្ឋ គេ​លែងប្រើប្រាស់ហើយ រាប់ទាំងប្រទេសដែលជាអ្នកអនុវត្ដពេលនោះ គឺប្រទេសសូវៀត គឺ(ឥឡូវ)​អ្វីៗទៅជា​របស់​ឯកជន។ សូម្បីតែឥឡូវនៅប្រទេសចិន ឬប្រទេសវៀតណាម ដែលមាន​បក្សតែមួយ ក៏គេប្រើ​វិស័យ​ឯកជន ជា​វិស័យនាំមុខក្នុងការអភិវឌ្ឍដែរ។ នេះជាចំណុចដែលខ្ញុំគួរតែបញ្ជាក់ជាមុន អំពីការសប្បាយរីករាយ​របស់យើងទាំងអស់គ្នា ដែលគប្បីជម្រុញលើកទឹកចិត្ដជាបន្ដទៀត នាំមុខ​ដោយ​វិស័យឯកជន ដើម្បីដោះស្រាយ​ការងារធ្វើ បង្កើនផលិតផលសម្រាប់ប្រទេសជាតិរបស់យើង។

មោទនភាពជាមួយអ្នកវិនិយោគក្នុងស្រុក

កាលពី ១៥ ឆ្នាំមុន សួនសត្វសាហ្វារីនេះនៅកោះកុង។ ​ឥឡូវ សួនសត្វសាហ្វារីនៅក្រុងភ្នំពេញ។ ១៥ ឆ្នាំមុន យើងសម្ពោធសួនសត្វបែបនេះ នៅឯខេត្ត​កោះកុង ក៏ប៉ុន្ដែ ១៥ ឆ្នាំក្រោយ យើងសម្ពោធ​នៅទីនេះ។ កាលពី ២០០៣ យើងនៅខេត្តកោះកុង ឯ ២០១៨ យើងនៅទីក្រុង​ភ្នំពេញ។ អាចនិយាយ​បានថា ខ្ញុំមានមោទនភាពជាមួយក្រុមហ៊ុនក្នុងស្រុក ដែល​ជា​ក្រុមហ៊ុនមិនបាននាំទុនទៅក្រៅប្រទេសទេ តែខិតខំរកស៊ីនៅក្នុងប្រទេស ហើយវិនិយោគហើយវិនិយោគទៀត ហើយប្រាក់ចំណេញ​នៅក្នុងស្រុកទាំងអស់។ ចំណុចនេះហើយ ដែលមានភាព​ខុស​គ្នា​កាលពីអតីតកាល។ កាលពីអតីត​កាលប្រទេស​យើងក្រ ក៏ប៉ុន្ដែអ្នកមានប្រាក់កាសមួយចំនួន បាន​នាំ​ប្រាក់កាសមួយចំនួនទៅវិនិយោគ​នៅក្រៅប្រទេសទៅវិញ នៅ​ត្រង់ថា យើងបានពិនិត្យ អ្នកមាន​ជាន់ដើម គេ​យកប្រាក់ទៅតម្កល់នៅធនាគារនៅស្វ៊ីស បារាំង ទៅទិញផ្ទះ នៅប្រទេសបារាំង អង់គ្លេស នៅប្រទេស​ច្រើនណាស់។ ដូច្នេះ គេយកប្រាក់ពីកម្ពុជាទៅវិនិយោគនៅក្រៅប្រទេស​ឯណោះវិញ ប៉ុន្ដែក្រោយកា​រដួល​រលំរបបប្រល័យពូជសាសន៍ ប៉ុល ពត យើងបានលើកទឹកចិត្តជនជាតិ​ខ្មែរ​របស់យើងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីនាំទុន និងការចេះដឹងរបស់គេពីក្រៅប្រទេសត្រឡប់​ចូល​មក​ក្នុង​ប្រទេស ដើម្បី​ធ្វើការវិនិយោគ។

ធុរកិច្ចកម្ពុជាដឹកនាំដោយសភាពាណិជ្ជកម្ម បានទៅចរចាស្មើមុខស្មើមាត់នឹងដៃគូដទៃ

ស្ថានភាពបែបនេះបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ​ពេល​ដែលគណបក្សប្រជាជនបានដឹកនាំប្រ​​ទេស​។ អ្នករកស៊ីក្នុងស្រុករបស់យើងបានរកស៊ីតាំងពី​តូច​តាច រហូតក្លាយទៅជាអ្នកមាន។ ការ​សន្សំ​នេះនឹងយកលុយទៅបង្កើនលុយ បង្កើតបាន​នូវស្ថាន​ភាពមួយ នៃ​ការលូតលាស់ នៃវិស័យ​ឯក​​ជន​ក្នុងស្រុក ប្រទេសរបស់យើង។ សូម្បីទៅប្រជុំនៅក្របខណ្ឌអាស៊ាន អាស៊ីបូព៌ា និងក្រប​ខណ្ឌមហាអនុតំបន់ទន្លេមេគង្គ ឬ CLMV យើងមិនមានការអន់ថយជាងប្រទេសដទៃ​ប៉ុន្មានទេ។ ធុរកិច្ច​របស់យើង ដែលដឹកនាំដោយសភាពាណិជ្ជកម្ម ក៏បានទៅ​ចរចា​ស្មើមុខ​ស្មើមាត់​ជាមួយគេ ខុសពីស្ថានភាពពីកាលមុន។ ឧទា​ហរណ៍៖ ទៅក្នុងក្របខណ្ឌអាស៊ាន ​តែង​មានជំនួបរវាងមេដឹកនាំអាស៊ាន​ជាមួយនឹងធុរកិច្ច។ ប្រធានសភាពាណិជ្ជកម្មរបស់យើងតែងតែអង្គុយទល់មុខប្រមុខរាជរដ្ឋាភិបាល​នៃប្រទេសដទៃ។

គ្មានប្រទេសណាដែលអាចកាត់បន្ថយគម្លាតទ្រព្យសម្បត្តិបានទេ

យើងត្រូវមើលឃើញ អំពីការលូតលាស់នៃវិស័យឯកជន ហើយវិស័យនោះហើយ ដែលបានរួមចំណែក​បង្កើតឡើងនូវទ្រព្យសម្បត្តិសម្រាប់ជាតិរបស់យើង។ ពិតហើយប្រទេសណាក៏ដោយមិនអាចកាត់បន្ថយគម្លាតទ្រព្យសម្បត្តិបានទេ។​ សូម្បីតែសហរដ្ឋអាមេរិកដែលហៅថា បិតាប្រជាធិបតេយ្យ ប៉ុន្តែ​បិតាប្រជាធិបតេយ្យរបស់អាមេរិកក៏មាន អ្នកមានដែលមានខ្ពស់ហួសហេតុ តែក៏មានអ្នកក្រដែរ។ បើសិនជាធ្វើអ្នកមានទាំងអស់គ្នា បានអ្នកណាធ្វើកម្មករ។ សុទ្ធតែជាថៅកែទាំងអស់។ មានតែ ប៉ុល​ ពត មួយទេដែលអាចធ្វើបាន។ គឺថាឲ្យស្មើៗគ្នាទាំងអស់។ បានសេចក្តីថា រែកដី រែកទាំងអស់គ្នា ស៊ីបាយ វាយអាគាំងហៅស៊ីបាយទាំងអស់គ្នា។ ប៉ុន្តែ សម្រាប់ប្រទេសមានស្ថានភាពអភិវឌ្ឍ តែងតែមានការបែងចែកជាផ្នែកក្នុងវិស័យកសិកម្ម ដែលគេហៅថា កសិករនៅក្នុងវិស័យឧស្សាហកម្ម ដែល​មានកម្មករ និងវិស័យដទៃទៀត រាប់ទាំងអាជីវករអ្នកលក់ដូរ និងអ្នកវិនិយោគ​ …។

ការដាក់ចេញនូវចក្ខុវិស័យស្តីពីទីក្រុងថ្មី ដែលហៅថាទីក្រុងរណប

នៅក្នុងទីនេះ ខ្ញុំគួរតែបញ្ជាក់បន្តិចថា ឧកញ៉ា លី យ៉ុងផាត់ បានធ្វើការពិគ្រោះយោបល់ជាមួយខ្ញុំច្រើន​ណាស់​នៅក្នុងការអភិវឌ្ឍក្នុងតំបន់នេះ។ ខ្ញុំចង់ដាក់នូវចក្ខុវិស័យស្តីអំពីទីក្រុងថ្មី ដែលហៅថាទី​​ក្រុងរណប ។ បើនិយាយពីប្រវត្តិនៅក្នុងតំបន់នេះ ជាប្រវត្តិដែលមិនធម្មតាទេ។ តំបន់នេះ គឺជាតំបន់ដែលខ្មែរក្រហមមកជ្រកកោន សម្រាប់ដាក់គ្រាប់ដើម្បីចូលទីក្រុងភ្នំពេញឯណោះទេ។ នៅក្នុង​ឆ្នាំ ១៩៨៨ បើខ្ញុំមិនច្រឡំទេ បន្ទាប់ពីការចរចាលើកទីមួយនៅ ហ្វែអង់តាដឺន័រ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ ហើយក្នុងការចរចាលើកទីពីរនៅ សាំងហ្សែរម៉ាំងអង់ឡី (Saint-Germain-en-Laye) ខែមករា ឆ្នាំ ១៩៨៨ ពេលនោះ ឯកឧត្តម ថោង ខុន ដែលជាអភិបាលរាជធានីភ្នំពេញតាំងពីពេល​នោះ បាននាំខ្ញុំធ្វើដំណើរមកស៊ីឪឡឹកនៅមាត់ទន្លេឯណោះ។ អញ្ចឹងកាលពីជំនាន់ដើមជំនាន់នោះ ទឹកដីខេត្តកណ្តាលនៅនឹងជើងស្ពានជ្រោយចង្វារ ដែលកំពុងតែបាក់នោះទេ។

អនុក្រឹត្យកាត់ដី ដង ពីខេត្តកណ្តាលចូលរាជធានីភ្នំពេញ ដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន

ពេលនោះ យើងបានបញ្ជូនតាមក្រសួងស្ថាប័ននានា មកជួយកាប់ព្រៃនៅតាមតំបន់ហ្នឹង ហើយ​បញ្ជូនយុវជននៅទីក្រុងភ្នំពេញមកដាំឪឡឹកដាំស្អីៗ​ ធ្វើផ្ទះបានប៉ុន្មានខ្នង។ ឃើញស្ថានភាព​បែប​នេះ ខ្ញុំក៏ចាប់ផ្តើមចេញអនុក្រឹត្យនៅពេលនោះ កាត់ដីមួយភាគផ្តល់ឲ្យទៅទីក្រុងភ្នំពេញ។ ​គ្រាន់​តែតំបន់នេះយើងកាត់ប្រហែលជា ៤ ដង ដោយអនុក្រឹត្យដើម្បីផ្តល់ឲ្យទឹកដីតំបន់នេះ នៅក្រោមការ​គ្រប់គ្រងរបស់រាជធានីភ្នំពេញ​។ ដូច្នេះហើយបានជា ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានលើកក្នុងរបាយការណ៍អម្បាញ់មិញ គឺមានន័យថាចាប់ផ្តើមពី ៣០០ គីឡូម៉ែត្រការេ ឥឡូវនេះឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការេ។ ការរីកទំហំនេះ គឺស្ថិតនៅក្រោមការចុះហត្ថលេខារបស់នាយករដ្ឋមន្ត្រីតែមួយគត់គឺ ហ៊ុន សែន នេះតែម្តង បានធ្វើឲ្យវិសាលភាពនៃទីក្រុង​ភ្នំពេញ ដែលផ្តើមចេញជាង ៣០០ គីឡូម៉ែត្រការេ ទៅជាង ៦០០ គីឡូម៉ែត្រការេ រាប់ទាំងតំបន់នេះផង។ តំបន់នេះនៅចំព្រែកតាសេក ដែលជាព្រំប្រទល់(ខេត្តកណ្ដាល)។ មន្ត្រីក្រសួង​ការ​បរទេស​កាលពីពេលនោះ ក៏មកកាប់ព្រៃនៅកន្លែងហ្នឹង ដើម្បីកុំឲ្យ (ទាហាន ប៉ុល) ពត ចូលមកជ្រកកោន បាញ់ចូលទីក្រុងភ្នំពេញតទៅទៀត។

ហេដ្ឋារចនាសម្ព័ន្ធនានា បម្រើឲ្យការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣

ឥឡូវនេះ ស្ថានភាពវាមិនដូចកាលពីមុនទេ។ ការអភិវឌ្ឍយើងមានគោលដៅមួយ ហើយខ្ញុំមាន​គោលដៅជាក់លាក់របស់ខ្ញុំ គឺធ្វើយ៉ាងម៉េចនៅពេលកម្ពុជាចាប់ផ្តើមធ្វើស៊ីហ្គេម យកតំបន់នេះធ្វើស៊ីហ្គេមតែម្តង។ ដូចការគ្រោងទុកមែន ឥឡូវតំបន់នេះ មិនមែនគ្រាន់តែថ្ងៃនេះយើងចាប់ផ្តើមជាមួយ​នឹងសួនសត្វភ្នំពេញសាហ្វារី នោះទេ ក៏ប៉ុន្តែយើងបានចាប់ផ្តើមដំបូងគឺសណ្ឋាគារផ្កាយ ៥ មួយ​ហៅថា ហ្គាដិនស៊ីធី ជាមួយនឹងតារាងកូនហ្គោលនៅក្នុងតំបន់នេះ។ បន្ទាប់ទៅតំបន់នេះ ក៏ក្លាយ​ជាតំបន់នៃការកសាងនូវមជ្ឈមណ្ឌលកីឡាដែលគេហៅថា មរតកតេជោ និងកំពុងតែបន្តកសាង​នូវ​សំណង់ដទៃទៀត បម្រើឲ្យការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣។ វាក៏បានកើតឡើងនូវកីឡាដែល​គេហៅថា ស្តាតដ៏ធំដែលប្រើប្រាស់ប្រមាណជា ១៤០ លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែ​វាមិន​ទាន់គ្រប់គ្រាន់ទេ យើងត្រូវកសាងបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័​ន្ធ​ចាំបាច់នានា រាប់ទាំងកន្លែង​ស្នាក់​នៅរបស់កីឡាករ/កីឡាការិនី ដែលនឹងត្រូវចូលរួមប្រកួតស៊ីហ្គេមនៅពេលនោះ។

កសាងវិមានឈ្នះឈ្នះ ប្រារព្ធខួប ២០ឆ្នាំ បញ្ចប់សង្គ្រាមថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨

បន្ថែមលើនេះកន្លែងនេះ ក៏នឹងត្រូវក្លាយទៅជាតំបន់ប្រវត្តិសាស្ត្រមួយទៀត ដែលប្រជាជនកម្ពុជាគប្បី​ត្រូវចងចាំ។ សម្តេច ពិជ័យសេនា ទៀ បាញ់ កំពុងដឹកនាំកសាងឡើងនូវវិមានឈ្នះឈ្នះ ដែល​ឥឡូវនេះកំពុងញាប់ដៃញាប់ជើងដើម្បីបង្ហើយការដ្ឋានមួយនេះ។ យើងនឹងធ្វើខួបអនុស្សាវរីយ៍ ២០ ឆ្នាំ នៃការបញ្ចប់សង្គ្រា​មនៅកម្ពុជានៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខ។ ខ្ញុំសូមបញ្ជាក់ថាពេលនោះយើងនឹងធ្វើបុណ្យធំ ហើយយើងនឹងមានការកម្សាន្តសប្បាយរីករាយ ព្រោះឥឡូវយើង​​មានលទ្ធភាពផលិតកាំជ្រួចខ្លួនឯងហើយ​។ អញ្ចឹងបាញ់កាំជ្រួចឲ្យផ្អើលមេឃតែម្តង ហើយសូម​បងប្អូនមកចូលរួមរាំវង់ រាំក្បាច់អី …។ អញ្ចឹងបានជាត្រូវយកពេលវេលាសម្រាប់ធ្វើបុណ្យសមុទ្រ នៅអាទិត្យទី ២ វិញ … ថ្ងៃ ១៥ ត្រូវទៅកោះកុង ប៉ុន្តែដល់ទៅពេលចុងឆ្នាំនៅថ្ងៃទី ២៩ ជិតនឹងដាច់ឆ្នាំសកល យើងធ្វើបុណ្យធំបញ្ជាក់ថា កម្ពុជាបានរំលត់សង្គ្រាមដោយស្នាដៃកូនខ្មែរតាម​រយៈ​នយោបាយឈ្នះឈ្នះ រយៈពេល ២០ ឆ្នាំ ដែលគ្មានការកើតឡើងវិញនូវសង្គ្រាមស៊ីវិលក្នុងប្រទេសមួយ​នេះ។ អញ្ចឹងទេ តំបន់នេះនឹងមានការមកដល់នៃទេសចរក្នុង​ស្រុក ក៏ដូចជាទេសចរដែលមកពីបរ​ទេស ក្លាយទៅជាតំបន់ប្រវត្តិសាស្ត្រនៃការប្រកួតកីឡាដ៏ធំ ដែលយើងធ្វើជាម្ចាស់ផ្ទះនិងក្លាយទៅជាតំបន់ប្រវត្តិសាស្រ្តតកូនតចៅ អំពីអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមរបស់យើង។

ពឹងផ្អែកលើវិស័យឯនជនក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធ

នោះក៏ជាចំណុច ដែលខ្ញុំចង់និយាយថា តំបន់នេះ យើងបានសិក្សា ប៉ុន្តែយើងបានធ្វើដោយស្ងាត់ស្ងៀម ព្រោះបើមិនអញ្ចឹងទេ វាមានការរំខានរឿងនេះរឿងនោះ។ បន្ថែមលើនោះ ខ្ញុំសូមយកឱកាស​នេះ អរគុណចំពោះលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ព្រោះពេលនោះ រដ្ឋពុំមានប្រាក់គ្រប់គ្រាន់ ដូច្នេះពឹងផ្អែកលើវិស័យឯកជន មិនគ្រាន់តែកសាងសណ្ឋាគារនេះបាន លោកឧកញ៉ា លី យ៉ុងផាត់ ត្រូវតែធ្វើផ្លូវ និងធ្វើស្ពាន។ ពេលនោះ ផ្លូវ និងស្ពាន ដើម្បីដកទុនត្រឡប់ទៅវិញ គឺមានតែធ្វើតាមរបៀបគេហៅថា BOT គឺកសាងដំណើរការ និងផ្ទេរ គេហៅថា Build Organize Transfer ប៉ុន្តែមិនរង់ចាំដល់ពេលនោះទេ គឺនៅពេលដែល​រដ្ឋមានលុយ រដ្ឋចរចាជាមួយនឹងឯកជន គឺលោកឧកញ៉ា លី យ៉ុងផាត់ ដើម្បីទិញផ្លូវនេះត្រឡប់មកវិញ ទាំងផ្លូវ ទាំងស្ពាន ហើយដាក់អោយប្រជាជនធ្វើដំណើរដោយឥតគិតថ្លៃតែម្ដង។

ងាកឆេះ និងងាកផ្ដល់ចំណេះ(?)

នេះជារបៀបដឹកនាំមួយ ក្នុងចំណោមវិធីសាស្ត្រដ៏ទៃទៀត ដែលអ្នកដ៏ទៃដៀមដាមអោយខ្ញុំ ដោយប្រៀប​ធៀបថា ងាកឆេះ និងងាកផ្ដល់ចំណេះ។ ប៉ុន្តែ អ្នកដែលតាំងខ្លួនជាអ្នកផ្ដល់ចំណេះ គឺយើង​ជាអ្នកផ្ដល់ចំណេះអោយទេ ព្រោះយើងជាអ្នកបញ្ជូនគាត់ទៅរៀន។ ម្សិលមិញ គាត់ក៏បានបញ្ចេញ​សារត្រឡប់មកវិញថា ដោយសារតែខ្ញុំដឹងគុណសម្ដេចហ្នឹងហើយ បានខ្ញុំធ្វើនយោបាយ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ គាត់និយាយអញ្ចឹងវាត្រូវហើយ ប៉ុន្តែទៅប្រៀបធៀបថា ខ្ញុំហ្នឹងងាកឆេះ ដល់ទៅគាត់ងាកផ្ដល់ចំណេះ។ ប៉ុន្តែ ទីចុងបំផុត គាត់ត្រូវតែដឹងខ្លួនឯង ខ្ញុំទេអ្នកផ្ដល់ចំណេះអោយ​គាត់តាមរយៈសាលា ការធានាអោយគាត់រស់រានមានជីវិតហើយ និងតាមរយៈនៃការដែលបញ្ជូន​គាត់ទៅរៀន គឺផ្ដល់ចំណេះអោយគាត់។ ឥឡូវគាត់ជាអ្នកមកបង្អាប់ខ្ញុំថាងាកឆេះ ឯគាត់ងាកផ្ដល់ចំណេះ។ តើគាត់ផ្ដល់អោយប៉ុន្មានទៅហើយ?

អ្នកមុនផ្តល់(ចំណេះ) អោយអ្នកក្រោយ និងបន្តគ្នាទៅ

ខ្ញុំអរគុណដែលគាត់ថាគាត់ផ្ដល់ចំណេះនោះ។ អរគុណណាស់។ តើផ្ដល់​យ៉ាងម៉េច? វាមាន​មេមាន​កើយ។ អ្នកមុនផ្ដល់អោយអ្នកក្រោយ។ អ្នកក្រោយផ្ដល់អោយបន្តទៅទៀតទៅ។ ម៉េចចាំបាច់មកបង្អាប់អ្នកមុន។ ខ្ញុំស្រាវជ្រាវដឹងហើយ អ្នកដែលបង្ហោះនោះជាអ្នកណា។ មនុស្សរបស់អ្នក​ឯ​ណានោះ។ មេប៉ូលីសក៏បានដឹងរួចរាល់ហើយដែរ។ ទីចុងបំផុតទៅចេញជារឿងស្អីៗ។ នេះខ្ញុំមិន​ទៅថ្នាំងថ្នាក់អីទេ ក៏ប៉ុន្តែសុំកុំអាលប្រៀបធៀបបានទេ ហើយអួតតែខ្លួនឯងបានហើយ … សុំកុំបង្អាប់គ្នាបានទេ។ ខ្ញុំគ្រាន់តែថា ធ្វើដូចពាណិជ្ជករអញ្ចឹង អ្នកឃោសនាពាណិជ្ជកម្ម គេឃោសនាតែរឿងរបស់គេហ្នឹង។ ដូចជានៅកន្លែងនេះ ខ្ញុំធ្លាប់ឃើញការឃោសនាតាម PNN ដែលមានស្ថានីយ៍ទូរទស្សន៍នៅទីនេះស្រាប់ សេកធាក់កង់ គេឃោសនាអំពីស្វាវាយគ្នា ប្រកួតប្រជែងគ្នា គេឃោស​នារឿងរបស់គេ គេអត់ទៅបង្អាប់អ្នកណាទេ។ ខ្ញុំចង់អោយអ្នកនយោ​បាយរបស់យើងរៀនធ្វើនយោបាយ ចុះបើយើងតាំងខ្លួនថា ជាអ្នកងាកផ្ដល់ចំណេះ ម៉េចក៏មិនផ្ដល់ចំណេះអោយអ្នកដទៃ ហើយ​មកបង្អាប់អ្នកដទៃ(វិញ)? អញ្ចឹងបានន័យថា វាផ្ទុយជាមួយទ្រឹស្ដីដែលលើកឡើងថា ងាកឆេះ ងាកផ្ដល់​ចំណេះ …។

ធនធានមនុស្សថ្នាក់បណ្ឌិត រាប់នឹងម្រាមដៃមិនអស់ទេ

ខ្ញុំងាកឆេះ ហើយបានចាប់ផ្ដើមពីប្រជាជន ៥ លាន ឡើងដល់ប្រជាជនជិត ១៦ លាន​នាក់ … ហើយដោយសារតែអាងាកឆេះហ្នឹងហើយ បានជាអ្នកទាំងឡាយក្លាយទៅជាបណ្ឌិត​នោះ។ ប៉ុន្តែក៏សូមបញ្ជាក់ថា គ្មានបក្សនយោបាយណាមួយ ដែលមានថ្នាក់បញ្ញវន្តច្រើនជាងគណ​បក្ស​ប្រជាជនទេ។ គណបក្សដទៃមិនទាន់មានធនធានមនុស្ស គ្រប់គ្រាន់ដឹកនាំប្រជាជនទេ។ គណ​បក្ស​ប្រជាជន មានធនធានមនុស្សសម្បូរបែប។ អ្នកចង់បញ្ចេញបណ្ឌិតរបស់អ្នកប៉ុន្មានអ្នកមក ចេញ​មក។ ខ្ញុំហ្នឹងបញ្ចេញបណ្ឌិតប៉ុន្មាននាក់ត្រឡប់ទៅវិញ។ អ្នកអាចរាប់ចំនួនបណ្ឌិតរបស់អ្នក ដោយ​​ចំ​នួនម្រាមដៃបាន ប៉ុន្តែខាងគណបក្សប្រជាជន រាប់ម្រាមដៃរាប់មិនបានទេ។ គ្រាន់តែនៅលើនេះ មានបណ្ឌិតប៉ុន្មានទៅហើយ។ អ្នកត្រូវយល់។ មិនទាន់អាចលេងជាមួយធនធានមនុស្សគ​ណ​បក្សប្រជាជនបានទេ មិនថាផ្នែកស្អី ឬផ្នែកស្អីទេ … ធនធានមនុស្សដែលយើងធ្វើនេះទៀត ក៏មាន​មួយផ្នែក រួមចំណែកជាមួយនឹងវិស័យឯកជននៅក្នុងប្រទេសរបស់យើងនេះ …។

សិល្បៈនៃការចែករំលែកត្រូវបានធ្វើតាំងពីដើមមក រវាងអ្នកមានធនធាននៅក្នុងការចូលរួមចំណែកកសាងសាលារៀន ដើម្បីផ្ដល់អោយកូនចៅសម្រាប់អ្នកដែលគ្មានលទ្ធភាពទៅរៀនសូត្រ។ ដូច្នេះបានជាប្រទេសយើងមានការរីកលូតលាស់ក្នុងវិស័យអប់រំ ហើយផ្ដល់ឱកាសដល់រាប់ទាំងអ្នក​ប្រឆាំងយើង​ និងធ្វើបក្សនយោបាយដទៃ បានទទួលការរៀនសូត្រ។​ ពួកគេខ្លះគេបានរៀនសូត្រ ពីក្រោមដំបូលសាលារបស់យើងកសាង និងប្រឹងប្រែង ប៉ុន្តែគេជេរយើងថាគ្មានបានអភិវឌ្ឍអីសោះ។ គេធ្វើដំណើរលើផ្លូវដែលយើងកសាង ប៉ុន្តែថាយើងមិនបានអភិវឌ្ឍអីសោះ … និយាយ​ពីឆ្លងស្ពាន​លឿនអីលឿន។ ប៉ុន្តែនិយាយអញ្ចឹងថា យើងអីអញ្ចេះអញ្ចុះ។ ប៉ុន្តែពាក្យដែលថា អត់មានការអភិវឌ្ឍហ្នឹង ខ្ញុំដូចជាឆ្ងល់ ឪពុកម្ដាយគេ ខ្លួនរបស់គេកាលពីឆ្នាំ ១៩៧៩ រកតែស្បែកជើងពាក់មិនបាន ដល់ឥឡូវគេមានឡានជិះហើយ គេមានម៉ូតូជិះហើយ គេថាអត់មានការអភិវឌ្ឍអីទៀត។

កន្លែងខ្មែរក្រហមបាញ់ចូលក្រុងបង្កការភ័យខ្លាច ក្លាយជាតំបន់អភិវឌ្ឍ

អញ្ចឹងតើយល់យ៉ាងម៉េច? ខ្ញុំគិតថា បើសិនជាអបិយជំនឿវិញ ការក្បត់នូសច្ចធម៌នេះ នឹងអាច​នាំមកនូវអំពើបាប។ បាបកម្ម ជួនកាលត្រូវភ្លើងឆក់ ជួនកាលត្រូវរន្ទះបាញ់ ជួនកាលត្រូវឡានបុក ព្រោះអាហ្នឹងវានិយាយខុស និយាយទទឹងទិស។ ខ្ញុំមិនចង់ដៀមដាម ឬនិយាយឲ្យអ្នកណាទេ ក៏​ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា យើងមានថ្ងៃនេះ ពីតំបន់ដែលមានស្ថានភាពមួយ ដែលជាតំបន់យើងត្រូវ​កាប់ព្រៃ ដើម្បីបំផ្លាញចោលនូវជំរកជ្រកកោនរបស់ខ្មែរក្រហម ដែលដាក់គ្រាប់សម្រាប់បាញ់ចូល​ទៅជាពិសេស បាញ់ទៅរកហាងសាំងឫស្សីកែវតែម្ដង។ កាលដែលយើងធ្វើខួបលើកទី ១០ ឆ្នាំ នៃ​​ថ្ងៃរំដោះឆ្នាំ ១៩៨៩ មួយថ្ងៃមុន វាបាញ់ចូលទៅ ដើម្បីបំផ្លាញពិធី បង្អើលប្រជាជន … ដោយមិន​បាច់ចូលទៅដល់ក្រុងទេ គ្រាន់តែនៅជាយៗក្រុង។ ឥឡូវនេះ វាបានក្លាយទៅជាតំបន់ដែលមាន​ការ​អភិវឌ្ឍហើយ។

ជាកន្លែងកម្សាន្តផង អភិរក្សសត្វផង

សូមជម្រាបជូនប្រជាជននៅទូទាំងប្រទេស កន្លែងនេះក៏ក្រៅតែពីកន្លែងកម្សាន្តដើម្បីមើលសត្វ ក៏នឹង​ក្លាយទៅជាតំបន់អភិរក្សនៃសត្វទាំងឡាយ មិនគ្រាន់តែសត្វដែលមានក្នុងស្រុករបស់យើងទេ លោកឧកញ៉ា លី យ៉ុងផាត់ ប្រហែលជាទាក់ទាញយកសត្វដទៃៗ ចម្លែកៗ ត្រូវនឹងធាតុអាកាស​របស់យើង ពីប្រទេសដទៃ មកកាន់ប្រទេសរបស់យើងផងដែរ។ នៅពេលខាងមុខ នឹងមានការសំ​ដែងរបស់ក្រុមដំរី។ ឥឡូវខ្លាក៏ចេះសម្តែង។ ខ្លាក៏គង់តែគេហ្វឹកហាត់វាបាន។ ប៉ុន្តែមានមនុស្សខ្លះហ្វឹកហាត់វាមិនបាន។ … ខ្លាគង់គេបង្ហាត់បាន តែខ្លះអាឃ្លេ មិនមែនខ្លា។ អញ្ចឹងទេ ក្រពើក៏គេចេះបង្ហាត់បាន ប៉ុន្តែប្រយ័ត្នទៅរឿងក្រពើនោះ។ ខ្ញុំស្រៀវឲ្យតែឃើញដាក់ក្បាលចូលមាត់ក្រពើ។ ប្រយ័ត្ន​មែនទែន រកវិធីអីទល់បានទល់វាឲ្យជាប់ទៅ។ ពេលដែលវាបើក(មាត់)ឡើង រកវិធីអីទល់។ ប៉ុន្តែ អានេះជាការសម្តែងមួយក្នុងចំណោមការសម្តែង។

អាចជាកន្លែងបង្កាត់ពូជសត្វដែលជិតផុតពូជផងដែរ

ពីមុន ខ្ញុំបានទៅមើលនៅសាំងហ្គាពួរ មើលពេលយប់ម្តង និងពេលថ្ងៃម្តង បានពីរដងដែរ។ មើល​លើកទី ១ នៅពេលយប់ ហើយមើលលើកទី ២ មើលជាមួយ គិត ម៉េង ហ្នឹង ទៅពេលថ្ងៃ។ ឥឡូវ​ហ្នឹង … មានការជិះរថភ្លើងអីសម្រាប់ទៅមើល។ បន្ទាប់ទៅ ទៅមើលកន្លែងសម្តែងដោយសត្វដំរី សត្វនេះសត្វនោះ។ យើងក្លាយទៅជាតំបន់ ដែលមានការទាក់ទាញមកកម្សាន្តនៅទីនេះ។ គោល​ដៅ ដែលយើងធ្វើនៅទីនេះ មិនមែនគ្រាន់តែជាគោលដៅកម្សាន្តសុទ្ធសាធទេ ប៉ុន្តែ មានគោលដៅសម្រាប់អភិរក្សសត្វព្រៃ និងក៏អាចបណ្តុះគេហៅថា បង្កាត់ពូជសត្វ នៅក្នុងតំបន់នេះផងដែរ តាម​លទ្ធភាពដែលអាចធ្វើទៅបាន។ ត្រូវមានការចូលរួមពីផ្នែកវិស័យកសិកម្ម និងផ្នែកដទៃទៀតដែល​មានការពាក់ព័ន្ធ ដែលចូលរួមនៅក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាបង្កាត់សត្វ ដែលឲ្យវាកើតកូន តពូជ តចៅ ព្រោះសត្វមួយចំនួនវាចង់ដាច់ពូជទៅហើយ តើរកវិធីយ៉ាងម៉េច ដែលអាចឲ្យសត្វនេះវាកកើតបានថែមទៀត។

ប្រជាជននៅជុំវិញតំបន់នេះ នឹងទទួលផលប្រយោជន៍ពីការបើកសួនសត្វ

ថ្ងៃនេះ យើងរួមគ្នាដើម្បីសប្បាយរីករាយជាមួយនឹងសមិទ្ធផលថ្មី ដែលវាផ្តល់នូវតម្លៃបន្ថែមសម្រាប់ការរីកលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច ហើយផ្តល់ការងារធ្វើឲ្យប្រជាជនយើង។ ម្យ៉ាងទៀត បើសិន​ជា​ទេសចរមកទីនេះច្រើន អ្នកដែលនៅក្នុងជុំវិញតំបន់នេះ គឺជាអ្នកដែលទទួលផល ព្រោះថា នៅទី​នេះ មិនគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់។ ឧទាហរណ៍ថា ក្នុងមួយថ្ងៃ មាន ៥០០០ នាក់មកលេង អញ្ចឹងទេ ច្បាស់ជាសណ្ឋាគារមួយនេះ ឬក៏ភោជនីយដ្ឋានខ្លះនៅក្នុងនេះ វាមិនគ្រប់គ្រាន់ដើម្បីនឹង​ផ្គត់​ផ្គង់នូវអាហារសម្រាប់ឲ្យអ្នកដែលត្រូវការទទួល​ទាននៅទីនេះទេ។ ដូច្នេះ អ្នកនៅក្នុងជុំវិញតំបន់​នេះនឹងទទួលបានផលប្រយោជន៍ពីការលក់ដូរបម្រើឲ្យទេសចរ ដែលមកកម្សាន្ត​នៅទីនេះ។ ខ្ញុំចង់ជូនសារនេះទៅប្រជាជន ដែលធ្លាប់ទៅលេងកន្លែងនេះ។ ឥឡូវយើងមានកន្លែងលេងកម្សាន្តនៅទីនេះផងដែរ ដើម្បីមើលសត្វ។ ទៅខាងមុខនឹងមានទឹករាំទៀត តំបន់ទឹករាំនឹងត្រូវកើតឡើង តំបន់កម្សាន្តប្លែកៗ​ នឹងត្រូវកើតឡើងនៅតំបន់នេះ ដែលកំពង់សាងសង់បន្ត។

គាំទ្រការសង្គ្រោះជាតិ ទប់ស្កាត់ប្រល័យពូជសាសន៍​, ស្តារជីវភាព, រកសន្តិភាព

ខ្ញុំគិតថា យើងធ្វើបានបែបនេះ ​វាមិនមែនជាចៃដន្យទេ ដែលយើងបានធ្វើរឿងនេះ យើងបានប្រឹង​ប្រែងងើបឈរឡើងដោយលំបាកនៅក្នុងស្ថានភាព ដែលប្រទេសខ្ទេចខ្ទាំ​។ របបប្រល័យពូជសាសន៍ មិនមានទុកអ្វីឲ្យយើងក្រៅតែពីផលវិបាករាប់មិនអស់ ជាមួយនឹងសង្គ្រាមបន្ត និងទណ្ឌកម្មដ៏អយុត្តិធម៌ពីខាងក្រៅ។ ប៉ុន្តែ យើងនៅតែជម្នះនូវផលវិបាកទាំងអស់នោះ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋរបស់យើង … បើសិនជាក្មួយៗនៅទីនេះ ចូលរួមតាំងពីជីដូនជីតា ឪពុកម្តាយ​របស់ក្មួយៗ និងរហូតមកដល់ក្មួយៗ ដែលបានចូលរួមធ្វើឲ្យមានការរីកលូតលាស់ តាំងពីដំណាក់កាលសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, តាំងពីដំណាក់កាលនៃការទប់ស្កាត់​នូវការវិលត្រឡប់នៃរបប ប៉ុល ពត, ការស្តារជីវភាពប្រជាជនឡើងវិញ និងដំណាក់កាលស្វែង​រកសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ ជាពិសេស ចុងក្រោយ គឺគាំទ្រដល់ដំណើរការនៃនយោបាយឈ្នះឈ្នះ ដែលយើងបានបញ្ចប់សង្គ្រាមទាំងស្រុង ហើយជាបន្តមក​ទៀត គឺគាំទ្រទៅដល់គណ​​បក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស ហើយតាមរយៈការដឹកនាំប្រទេសនោះហើយ ដែល​ធ្វើឲ្យប្រទេសកម្ពុជារបស់យើងមានការរីកលូតលាស់មកដល់សព្វថ្ងៃនេះ។

ទើបមានសន្តិភាពពេញលេញ ២០ ឆ្នាំ ធ្វើការអភិវឌ្ឍពេញដៃពេញជើង

យើងកំពុងតែជាប្រទេស ដែលឆ្លងផុតពីប្រទេស ដែល​ក្រីក្រតោកយ៉ាក ទៅជាប្រទេសដែលមាន​ប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងក៏មានមហិច្ឆតា ដើម្បីប្រែក្លាយប្រទេសនេះឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសដែលមានការអភិវឌ្ឍនៅឆ្នាំ ២០៥០។ នៅទីក្រុងភ្នំពេញ ប្រាក់ចំណូលមិនដូចនៅខេត្តនានាទូទាំងប្រទេសទេ។ ចំនួន​ប្រាក់ចំណូលសម្រាប់នៅក្នុងសុន្ទរកថារបស់ឯកឧត្តម ឃួង ស្រេង អម្បាញ់មិញ សម្រាប់ទីក្រុងភ្នំពេញគឺចំនួនរហូតទៅដល់ ៣៨០០​ ដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦។ ប៉ុន្តែ សម្រាប់ប្រជាជន ដែលយើងគិតជាទូទៅគឺ ១៦៥៨ (ដុល្លារ)។ យើងមិនមែនជាការស្កប់ស្កល់​សម្រាប់យើង​ទេ។ សូមមើលរយៈពេលនៃការអភិវឌ្ឍប្រទេសពេញលេញរបស់យើង។ (យើង)ទើបនឹងមានចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ពេលនេះ គឺរយៈពេល ២០ ឆ្នាំ ដែលយើងបានអភិវឌ្ឍពេញដៃពេញជើង ដោយ​គ្មានសង្គ្រាមបំផ្លិចបំផ្លាញ។ អញ្ចឹងរយៈពេល ២០ ឆ្នាំ វាខ្លីណាស់សម្រាប់យើង តែយើងបានធ្វើបាន​ប៉ុណ្ណេះ ខ្ញុំគិតថា ប្រជាពលរដ្ឋគង់នឹងយល់បានអំពីបញ្ហានេះ។

នេះក៏វាជាការផ្លាស់ប្តូរដែរ មិនមែនដូរៗដូចមនុស្សខ្លះស្រែក

របស់ដែលហៅថា ដូរនោះ ដូរបែរមុខទៅខាងណា ទៅជើង ឬទៅត្បូង ខាងកើត ឬខាងលិច ដូរទៅងាប់នឹងគេដែរឬអី? អញ្ចឹងគិតតែពីរឿងដូរ។ យើងបានធ្វើឲ្យដូរហើយ។ ដូរតាំងពី អាពត វាយចោល​រាល់ថ្ងៃ ទៅជាដូរដោយការរស់រានមានជីវិត ដូរតាំងពីរកស្បែកជើងពាក់មិនបាន ឥឡូវសុទ្ធតែឃ្វៀរ និងកែងចោត។ ដូរតាំងពីដើរជើងទទេ ឥឡូវមានកង់ មានម៉ូតូ មានឡាន។ គ្រាន់តែនៅក្រុង​ភ្នំពេញ ប្រមាណចូលដល់ ២ លានគ្រឿង ទាំងឡាន និងម៉ូតូ។ វាដូរអញ្ចឹង។ ដូរតាំងពីតំបន់នេះ ជាតំបន់ដែលជ្រកកោនរបស់ខ្មែរក្រហម សម្រាប់វាយចូលទៅទីក្រុងភ្នំពេញ ទៅជាតំបន់ដែលមាន​ការអភិវឌ្ឍហើយ។ ដូរដល់ណាទៀត? (ឬ)ដូរដូចជំនាន់ លន់ នល់ ដូរសម្ដេច សីហនុ? ហ្នឹងដូរ​ហើយៗ ប៉ុល ពត ដូរ លន់ នល់ ហ្នឹងសុទ្ធតែដូររកងាប់ហើយ​។ ឥឡូវនេះ យើងត្រូវការរក្សាសន្ដិភាពនេះអោយបាន ដើម្បីធានាការអភិវឌ្ឍ។ នេះគឺជាបំណងប្រាថ្នាធំបំផុតរបស់មនុស្សនៅលើលោកនេះ។

អ្នកកំពុងស្ថិតក្នុងប្រទេសមានសង្រ្គាម យល់ច្បាស់អំពីតម្លៃសន្ដិភាព

ថ្ងៃមុននេះ នៅពេលដែលខ្ញុំបង្ហោះហ្វេសប៊ុកមួយ ស្រាប់តែនាយទាហានយើងម្នាក់ ជាមេបញ្ជាការ​កងទ័ពនៅសូ​ដង់ខាងត្បូង គាត់ចូលមកខម្មិនថា “ក្នុងឋានៈខ្ញុំជាមេបញ្ជាការនៅកងកម្លាំងរក្សាសន្ដិភាពនៅស៊ូដង់ខាងត្បូង ខ្ញុំយល់ច្បាស់អំពីស្ថានភាពប្រទេសដែលមានសង្រ្គាម។” អញ្ចឹងខ្ញុំក៏ឆ្លើយតបត្រឡប់ទៅវិញថា កំពុងស្ថិតនៅក្នុងប្រទេសដែលមានសង្រ្គាម ក្មួយកាន់តែយល់ច្បាស់​អំពីតម្លៃសន្ដិភាព ដែលយើងត្រូវការ​ពារនៅកម្ពុជា។ សូម្បីតែពេលនេះ អាចមានកងទ័ពរបស់យើងមួយ​ចំនួននៅស៊ូដង់ នៅម៉ាលី នៅអាហ្វ្រិក​កណ្ដាល នៅលីបង់ ម៉ោងនៅក្រោយយើងទេ ប៉ុន្តែអ្នក​ខ្លះអាចក្រោកមុន មកមើលយើងតាមហ្វេសប៊ុក  … ជួនកាល គេមើលតាមទូរទស្សន៍ ព្រោះទូរ​ទស្សន៍ជាតិក៏ផ្សាយ និង PNN មានផ្សាយផ្ទាល់ផងដែរ។ ដូច្នេះផ្សាយពីរទូរទស្សន៍ ក្រៅពីនោះ តាមហ្វេសប៊ុកផេករបស់នាយករដ្ឋមន្រ្តី។ អញ្ចឹងទេ ការរក្សាសន្ដិភាព ដើម្បីធានាការអភិវឌ្ឍ ជាបំ​ណងប្រាថ្នាធំបំផុតរបស់មនុស្សនៅលើលោក។ មិនគ្រាន់តែនៅកម្ពុជាទេ។ ភាពមិនច្បាស់លាស់ណាមួយ ដែលនាំទៅដល់សង្រ្គាម ត្រូវតែប្រយ័ត្នប្រយែង។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្ដិភាព និងការអភិវឌ្ឍបន្ត

ងាយទេ ដើម្បីរក្សាសន្ដិភាព និងធានាដល់ការអភិវឌ្ឍជាបន្តនោះ គឺគ្រាន់តែបោះឆ្នោតជូនគណ​បក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០ ទៅ គឺធានាបានហើយ​ … ព្រោះអ្នកដែលធ្លាប់ធានារំដោះប្រជាជនចេញពីរបប ប៉ុល ពត និងទល់ស្កាត់កុំអោយ ប៉ុល ពត ត្រឡប់មកវិញ និងអ្នកធានាសន្ដិភាព ស្ថេរភាព គឺជាអ្នកដែលកំពុងនៅលើវេទិកានេះ ហើយកំពុង​តែនិយាយនេះ នោះឯង។ គ្មានអ្នកណាផ្សេងទេ។ អ្នកដទៃអំពាវនាវអោយបះបោរឡើង កងទ័ពបះបោរ អោយបង្កើតចលាចលដោយរឿងនេះដោយរឿងនោះ ក៏ប៉ុន្តែតាមរយៈនៃវត្តមាន​របស់គណ​បក្ស​ប្រជាជន វត្តមានរបស់ខ្ញុំ និងសហការីដែលកំពុងនៅក្នុងក្របខណ្ឌគណបក្សប្រជាជននៅក្នុង​សភា ព្រឹទ្ធសភា និងជាពិសេសនៅក្នុងរាជរដ្ឋាភិបាល គឺតែងបានធានាជូនចំពោះប្រជាពលរដ្ឋរបស់ខ្លួននូវការធានាអះអាងអំពីសន្ដិភាព ស្ថេរភាពខាងនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

ធានាសន្តិភាពជូនជនរួមជាតិ ធុរជនពីក្រៅ/ក្នុងប្រទេស កសាង និងបង្កើនចំណូលជាតិ

យើងមិនគ្រាន់តែធានាចំពោះជនរួមជាតិរបស់យើងប៉ុណ្ណោះទេ តាមរយៈសន្ដិភាព ដែល​កំពុងមាន​នេះ យើងក៏ធានាទៅដល់ធុរជន ដែលមកពីក្រៅប្រទេស អោយបញ្ចេញទុនរបស់គេ សម្រាប់ការ​​អភិវឌ្ឍនៅកម្ពុជា។ យើងក៏ធានាទៅដល់អ្នក ដែលមានប្រាក់កាសនៅក្នុងប្រទេសរបស់យើង អោយ​បញ្ចេញទុនបន្ថែមទៀត សម្រាប់ការវិនិយោគ ការរីកលូតលាស់នៅក្នុងវិស័យដែលគេត្រូវការវិនិយោគ ដើម្បីប្រាក់ចំណេញរបស់គេម្ខាង តែម្ខាងទៀត គឺដើម្បីរួមចំណែកក្នុងការកសាងប្រទេស និងរួមចំណែកបង្កើតនូវប្រាក់ចំណូលសម្រាប់ជាតិ និងសម្រាប់ប្រជាជនរបស់យើង។

ពាំនាំអំណោយ

ខ្ញុំគិតថា មិនគួរត្រូវបាននិយាយច្រើនលើសពីនេះទេ ព្រោះអ្វីៗ វាបាន និងកំពុងកើតនៅចំពោះមុខ​បងប្អូនរួចហើយ។ ថ្ងៃនេះ មានអ្នកមកពីខាងផ្នែកទីក្រុងភ្នំពេញ និងមានអ្នកមកពីខេត្តកណ្ដាល។ ប៉ុន្តែម្ដុំនេះ កាលពីដើម សុទ្ធតែអ្នកខេត្តកណ្ដាលទាំងអស់ហ្នឹង។ នៅត្រើយម្ខាង ក៏កណ្ដាលដែរ ខាងណេះក៏កណ្ដាលដែរ អ្នកជ្រោយចង្វារសុទ្ធតែអ្នកខេត្តកណ្ដាល។ ឥឡូវក្លាយទៅជាអ្នកភ្នំពេញ​អស់ហើយ។ ថ្ងៃនេះ បើត្រូវចូលទាំងអស់គ្នា ប្រហែលគ្មានកន្លែងចូលទេ វាបង្កើតនូវស្ថានភាពពិបាក​គ្រប់គ្រង ​…។

ថ្ងៃនេះ លោកឧកញ៉ា លី យ៉ុងផាត បានរៀបចំសម្រាប់ក្រុមកាយរិទ្ធ និងយុវជនកាកបាទក្រហម​កម្ពុជាចំនួន ៤០០ នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២ ម៉ឺនរៀល។​ សិស្សានុសិស្សចំនួន ១១៥០ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល។ លោកគ្រូអ្នកគ្រូចំនួន ៥៧៩ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិក កម្មករបម្រើការក្នុងសួនសត្វចំនួន ៤៥០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង បាក់ខែង ១ លានរៀល។ ជូនវិទ្យាល័យ ព្រែកលាភ ២ លានរៀល។ ជូនមណ្ឌលសុខភាព បាក់ខែង ២ លានរៀល។ ជូនសាលាខណ្ឌជ្រោយចង្វារ ២ លានរៀល​។ ជូនសាលាស្រុកមុខកំពូល ២ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ថវិកា ៥ លានរៀល។

កក្កដា ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជាឱកាសចុះជួបប្រជាជន

… ជិតដល់ដំណាក់កាលនៃយុទ្ធនាការនៃការបោះឆ្នោតហើយ។ ឥឡូវគិតត្រឹមថ្ងៃនេះ នៅសល់តែ ៣៧ ថ្ងៃទៀតទេ ការបោះឆ្នោតមួយនឹងមកដល់។ ប៉ុន្តែបើគិតពីពេលនេះ ទៅដល់ថ្ងៃបើកយុទ្ធនាការ​នៃការឃោសនា ៧ ខែកក្កដា នៅសល់តែប៉ុន្មាន​ថ្ងៃទៀតទេ។ នៅក្នុងរយៈពេល​នៃយុទ្ធនាការនៃការឃោសនាការបោះឆ្នោត ប្រហែលជាមិនបានឮសំឡេងខ្ញុំថ្លែងសង្កថាទៀតទេ ក្រៅពីការថ្លែង​សង្កថានៅក្នុងពេលបើកយុទ្ធនាការ ក៏ដូចជាបុណ្យខួបកំណើតគណបក្សប្រជាជន។ បន្ទាប់​ទៅ ប្រហែលជាដល់បិទយុទ្ធនាការ នឹងមានសង្កថាបន្តទៀត។ ឯក្រៅពីនោះ ប្រហែលជាខ្ញុំមិនទៅណាទេ អាចនឹងដើរពិនិត្យមើលផ្សារអី និងឆ្លៀតឱកាសនោះ ក៏ជាឱកាសដែលគេធ្វើយុទ្ធនាការ​ឃោសនាការបោះឆ្នោត។ យើងក៏អាចធ្វើការងារនេះ ធ្វើការងារនោះផ្សេងមួយចំនួនដែរ។ ប៉ុន្តែ អ្វីដែលសំខាន់ ត្រូវទៅចូលរួមធ្វើការបោះឆ្នោតទាំងអស់គ្នា។ សង្ឃឹមថា ដើម្បីសន្ដិភាព និងដើម្បី​ការ​អភិវឌ្ឍ ជម្រើសដែលល្អជាងគេ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះឯង។

ឧកញ៉ា លី យ៉ុងផាត់ អនុញ្ញាតអោយសិស្សានុសិស្សចូលកម្សាន្តក្នុងសួនសត្វ

… ក្មួយៗខាងកូនសិស្ស និងកាកបាទក្រហម និងកាយរិទ្ធ ពូបាននិយាយ ហើយឥឡូវម្ចាស់គេព្រម​អោយចូលមើល។ ឥឡូវចូលបានទាំងគ្រូ ទាំងសិស្ស ចូលចុះ។ ឯចំពោះបងប្អូនប្រជាពលរដ្ឋ គឺដោយសារតែមនុស្សច្រើនពេក ខ្លាចសត្វផ្អើល។ បើទៅ ត្រូវរៀបចំសណ្ដាប់ធ្នាប់យ៉ាងម៉េច ដើម្បីអោយការរៀបចំនេះបានល្អ។ ថ្ងៃមុន យើងបានពិភាក្សាគ្នាថា ត្រូវប្រឹងរៀបចំ ព្រោះអ្នកទាំងហ្នឹងជាឃោសនិកអោយតំបន់ហ្នឹង ត្រឡប់ទៅវិញ ប្រាប់អ្នកផ្ទះថា សប្បាយណាស់ សត្វសេកចេះជិះកង់ ស្វាចេះប្រដាល់គ្នា។ ក្រុមហ្នឹង អ្នកទៅជួយប្រាប់តៗគ្នា ចង់ខ្លាំងជាង ហ៊ុន សែន និយាយតាមទូរ​ទស្សន៍ទៀត អាហ្នឹងនិយាយអោយពិត។

បក្សតូច បក្សធំ ចូលមក យើងធ្វើដំណើរទាំងអស់គ្នា ប៉ុន្តែសូមអួតតែខ្លួនឯង កុំជេរគ្នា

សូមអរគុណចំពោះការចូលរួមនៅថ្ងៃនេះ ហើយសូម​អរគុណទុកជាមុនចំពោះបងប្អូនទាំងអស់ ដែលនឹងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅ​ពេលខាងមុខ អរគុណទុកជាមុន។ ហើយខ្ញុំនៅជាមួយបងប្អូនរយៈពេលមិនតិចជាង ១០ ឆ្នាំទៀតទេ។ ខ្ញុំប្រើពាក្យ មិនតិចជាង ១០ ឆ្នាំ។ បើសិនអ្នកណាតាំងខ្លួនជាអ្នកខ្លាំង សុំអញ្ជើញ​ចូល​ប្រកួត។ ឥឡូវចូលហើយ យើងមិនថាបក្សតូច បក្សធំអីទេ។ ចូលមក ហើយយើងធ្វើដំណើរទាំងអស់គ្នា។ ខ្ញុំគ្រាន់តែសំណូមពរម្យ៉ាង អួតតែខ្លួន​​ឯងបានហើយ កុំបង្អាប់អ្នកដទៃ វានាំទៅដល់ជម្លោះ។ ឥឡូវចាប់ផ្ដើមវ៉ៃគ្នាខ្លះហើយ។ យប់មិញ ឃើញមួយ LDP មិនដឹងវាយទៅលើពីណាទេ។ ជេរតែម្ដង …។ ខ្ញុំក៏រង់ចាំមើលដែរ នៅពេលដែល​ខ្ញុំនិយាយអញ្ចឹង អ្នកដែលតាំងខ្លួនថា ហ៊ុន សែន ងាកឆេះៗ ឯគេងាកអោយចំណេះ តើគេចេះប្រតិកម្មអត់?​ … ខ្ញុំគ្រាន់តែនិយាយអញ្ចឹង អ្នកឯងបែរជាខឹងជាមួយខ្ញុំ។ និយាយការពិត។ អ្នកឯងថា បេក្ខជនរបស់គណបក្សកាន់អំណាចងាកឆេះ ដល់ខ្លួនឯងងាកផ្ដល់ចំណេះ ប៉ុន្តែងាកអ្នកផ្ដល់ចំណេះនោះ គឺជាអ្នកដែលអោយ(ចំណេះដល់អ្នកឯង)អ្នកងាកឆេះ។ រៀនតាំងពីនៅក្នុងស្រុករហូត​ដល់បញ្ជូនទៅរៀននៅក្រៅស្រុក ដោយស្នាដៃអាងាកឆេះហ្នឹង។ អញ្ចឹងចាំមើល តើអ្នកហ្នឹងគាត់ឆេះអត់? បើគាត់ឆេះ បានសេចក្ដីថា អ្វីដែលគាត់ថា មួយងាកឆេះ មួយងាកផ្ដល់ចំណេះ មិនមែន​ជាការពិតទេ។ អ្នកខ្លះតាំងខ្លួនជាអ្នកស្អាតស្អំណាស់ … អ្នកខ្លះតាំងខ្លួនជាអ្នកស្លូតបូតនៅខាង​ក្រៅ ប៉ុន្តែគ្រាន់តែរបៀបលាក់ពុតខាងក្រៅនិយាយល្អ តែដល់ពេលអនុវត្តវាផ្សេង។ យ៉ាងណាក៏ដោយ យើងត្រូវគោរពភាពថ្លៃថ្នូរអោយគ្នាទៅវិញទៅមក។ កុំជេរ។

សមាជិកគណបក្សប្រជាជនមិនមែនគិតតែរឿងឈ្នះខ្លួនឯងទេ ត្រូវគិតដល់ជាតិទាំងមូល

ខ្ញុំសុំរំលឹកសាជាថ្មី យើងមិនមែនគិតតែរឿងឈ្នះខ្លួនឯងទេ ត្រូវ​គិតដល់ជាតិទាំងមូល។ កុំភ្លេចថា គណបក្សយើងជាគណបក្សកាន់អំណាច ដូច្នេះយើងត្រូវមានការទទួលខុសត្រូវ ដើម្បីអោយការ​បោះឆ្នោតប្រ​ព្រឹត្តទៅដោយសេរី យុតិ្តធម៌ ត្រឹមត្រូវ ដែលជឿទុកចិត្តបាន។ អញ្ចឹងត្រូវផ្ដល់លំហនៃដំណើរការប្រជាធិបតេយ្យនេះអោយបានទូលំទូលាយ សម្រាប់បណ្ដាគណបក្សទាំងអស់ និងត្រូវ​ការពារអោយគណបក្សទាំងអស់មានសមត្ថភាព ពិសេសសកម្មជន ក៏ដូចជាបេក្ខជនឈរ​ឈ្មោះ​នៃគណបក្សទាំងអស់ ត្រូវទទួលការការពារដូចៗគ្នា។ អញ្ចឹងទេ តម្លៃប្រជាធិបតេយ្យនៅពេល​នេះ យើងមិនមែនគ្រាន់តែគិតរឿងឈ្នះរបស់គណបក្សប្រជាជនមួយទេ ប៉ុន្តែយើងគិតអោយជាតិយើង​ឈ្នះទាំងអស់គ្នា តាមរយៈនៃដំណើរការបោះឆ្នោតមួយ ដែលធានាការប្រព្រឹត្តិទៅដោយសេរី ត្រឹម​ត្រូវ និងយុត្តិធម៌ … មិនត្រូវគិតថា យើងគិតតែឈ្នះ ហើយរត់ប្រណាំងម្នាក់​ឯងទេ។ មាន ២០ គណបក្សដែលនឹងត្រូវចូលរួម ដោយពួកគេត្រូវមានសេរីភាពនៅក្នុងការធ្វើនយោបាយនៅកម្ពុជា។

ជាទីបញ្ចប់ ជាមួយការអបអរសាទរ ប្រកាសបើកអោយដំណើរការជាផ្លូវការនូវសួនសត្វភ្នំពេញ សាហ្វារី ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុង​ឱកាសនេះ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort