សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប លោក Sudiman Haseng ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំកម្ពុជា

នៅរសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តានឆៃយ៉ា ស៊្រីសុវណ្ណ អគ្គមេបញ្ជាការរងកងទ័ពថៃ រួមមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃបានបន្តជួបពិភាក្សាការងារជាមួយ លោក Sudiman Haseng ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក Sudima Haseng បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីថា លោកពិតជាមានការរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា។ លោក Sudima បានប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចរីកចម្រើនថ្មីទៀតតាមរយះការបង្កើននូវកិច្ចសសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។

ទន្ទឹមនឹងនេះ គឺជំរុញនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ លោក Sudima បានមានប្រសាសន៍ជំរាបជូន សម្តេចតេជោ ដែរថា ពាក់ព័ន្ធទៅនឹងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពេលនេះមានក្រុម ហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើកជើងហោះហើរត្រង់ (Direct flight)មកកាន់ប្រទេសកម្ពុជា។ លោកនឹងខិតខំជួយជំរុញឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាននៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរចំពោះ លោក ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មីដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត វិសាមញ និងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាការពិតណាស់ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា -ឥណ្ឌូណេស៊ី ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ហើយឆ្នាំ២០១៨នេះទៀតសោត គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងន័យនេះយើងគប្បីណាពិនិត្យមើលសកម្មភាពផ្សេងៗ ដើម្បីប្រារព្វខួបរួមគ្នាក្នុងន័យឆ្លុះបញ្ចាំងនូវទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសម្តេចតេជោបានស្នើឲ្យលោកឯកអគ្គរដ្ឋទូតពិនិត្យមើលលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃវិស័យទាំងអស់នោះ និងវិស័យផ្សេងៗទៀត ដែលអាចផ្តល់លទ្ធភាពជំរុញ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ពាក់ព័ន្ធនិងការហោះហើរត្រង់ពីប្រទេសឥណ្ឌូនេស៊ី មកកម្ពុជាសម្តេចស្វាគមន៍និងចាត់ទុកថាវាគឺជាជ្រុងមួយនៃការពង្រីកវិសាលភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ីឲ្យបានកាន់តែរឹងមាំថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក Sudiman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្រចាំនៅកម្ពុជាទទួលបានជោគជ័យនៅក្នុងដំណើរបំពេញភារកិច្ចការទូតនៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ