សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គមេបញ្ជាការរងនៃកងទ័ពថៃ

នៅរសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តានឆៃយ៉ា ស៊្រីសុវណ្ណ អគ្គមេបញ្ជាការរងកងទ័ពថៃ។

លោកឧត្តមសេនីយ៍ តានឆៃយ៉ា ស៊្រីសុវណ្ណ បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះគឺដើម្បីសម្តែងនូវភាវរកិច្ចជូន សម្តេចតេជោនាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្រ្តី និងមន្រ្តីសំខាន់ៗនៃក្រសួងការពារជាតិនៃប្រទេសកម្ពុជាបន្ទាប់ពីរូបលោកត្រូវបាន ទទួលបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងទ័ពថៃ។ ទន្ទឹមនឹងនេះដែរ ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងកាន់តែល្អរវាងព្រះរាជណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឲ្យកាន់តែរឹងមាំទ្វេឡើង​ថែម​ទៀត។

កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ តានឆៃយ៉ា ស៊្រីសុវណ្ណ ក៏បានជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ប៉ុល សារឿន លើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរដើម្បីលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការយោធារផ្លាស់ប្តូរបទពិសោធន៍ផង និងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងមន្រ្តីនៃក្រសួងទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយនឹងមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

សម្តេចតេជោ បានមានប្រសាសន៍ថា នៅពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងរហូតទៅដល់ជាង៦ពាន់លានដុល្លារអាមេរិក។ សម្តេចតេជោបានលើកទឹកចិត្តនិងជំរុញអោយភាគីទាំងពីរ បន្តយកចិត្តទុកដាក់គាំទ្រនិងជំរុញធ្វើយ៉ាងណាឲ្យកំណើនទំហំពាណិជ្ជកម្មនេះកាន់តែលូតលាស់ និងរីកធំឡើងថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន បានជម្រាមជូន លោកឧត្តមសេនីយ៍ តានឆៃយ៉ា ស៊្រីសុវណ្ណ ផងដែរថាកម្ពុជាមានយុទ្ធសាស្ត្រសំខាន់ៗពីរដែលផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជាតិនៃប្រទេសយើងទាំងពីរ គឺ ១) ប្រែក្លាយតំបន់អតីតសមរភូមិ ជាពិសេសនៅតាមព្រំដែនទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ ២)ប្រែក្លាយតំបន់នៅតាមព្រំដែលទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាងនេះទៅទៀតគឺធ្វើយ៉ាងណាជំរុញការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធទាំងប្រជាជន និងប្រជាជនដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ពិសេសនៅតាមព្រំដែននៃប្រទេសទាំងពីរ។ មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ លោក តានឆៃយ៉ា ស៊្រីសុវណ្ណ អគ្គមេបញ្ជាការរងកងទ័ពថៃ ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...