សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងដូនកែវ ខេត្តតាកែវ

មុនចាប់ផ្ដើម ចង់សួរសំណួរសំខាន់មួយទៅកាន់ក្មួយៗ តើក្បែរភ្លឺនេះ រុស្សី និងអេហ្ស៊ីប អ្នកណាឈ្នះ? …​ អរគុណហើយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តតាកែវដើម្បីជួបជុំជាមួយនឹងក្មួយៗ ជាកម្មករ/ការិនីដែលនៅទីនេះ ហើយបើទោះបីថា ក្មួយៗបានទន្ទឹងរង់ចាំយូរបន្តិច ប្រៀបធៀបនឹងពេលពូចេញដំណើរ ការចាប់ផ្ដើមនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងទៅខេត្តផ្សេងទៀត ដូចជាខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ចាម។ បើទោះបីការរង់ចាំនោះត្រូវបានមកយឺតបន្តិច ប៉ុន្តែពាក្យដែលគេថាមកយឺត ប្រសើរជាងមិនមក។ ថ្ងៃនេះ បើទោះបីជាមកយឺតបន្តិចក៏គង់ថាយើងមានឱកាស យើងបានជួបជុំគ្នានៅទីនេះ។ ពូសូមថ្លែងនៅអំណរគុណចំពោះក្មួយៗទាំងអស់ ដែលបានមកចូលរួមនៅក្នុងថ្ងៃនេះ ហើយក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ ចំពោះវត្តមានរបស់ម្ចាស់រោងចក្រទាំងអស់ ហើយអរគុណចំពោះការដែលផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបជាមួយខ្ញុំនៅថ្ងៃនេះ បន្ថែមដោយល្ងាចនេះ ទទួលបាននូវការឈប់សម្រាករយៈពេលមួយល្ងាចទៀត ដោយមានប្រាក់ឈ្នួលពេញ។

តាកែវនឹងទទួលបានការវិនិយោគបន្ថែម បន្ទាប់ពីផ្លូវជាតិលេខ ២ និងលេខ ២២ បានកែលម្អ

ខ្ញុំពិតជាមានអារម្មណ៍រីករាយ​ បន្ទាប់ពីគោលនយោបាយពង្រាយសាលារៀនតាមមូលដ្ឋាន គោលនយោ​បាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ និងបង្កើតប្រាក់ចំណូល នៅតាម​បណ្ដាខេត្ត បាន និងកំពុងវិវឌ្ឍទៅបានយ៉ាងល្អប្រសើរ។ សង្ឃឹមថា ខេត្តតាកែវរបស់យើងនេះ នឹងក្លាយទៅជាខេត្ត ដែលទទួលបានការវិនិយោគបន្ថែមទៀត បន្ទាប់ពីផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ត្រូវបានកែលម្អ។ ពេលនោះ ប្រព័ន្ធដឹកជញ្ជូនយកទំនិញចេញពីខេត្តតាកែវ និង/ឬចូលមកកាន់ខេត្តតាកែវ ហើយចេញពីខេត្តតាកែវទៅកាន់ច្រកទ្វារអន្តរជាតិ សម្រាប់ការនាំចេញ នឹងបានទទួលផលងាយស្រួលសម្រាប់វិនិយោគ។

តាកែវនៅមានសក្តានុពលដីធ្លី និងពលកម្ម បូកនឹងតម្លៃអគ្គិសនី

តម្លៃអគ្គិសនី​ទៀតសោត ក៏អាចនឹងដោះស្រាយបានបញ្ហាសម្រាប់ការវិនិយោគថែមទៀតនៅខេត្តតាកែវ។ ខ្ញុំគ្រាន់តែផ្ដល់អនុសាសន៍សម្រាប់អ្នកវិនិយោគទាំងឡាយថា ខេត្តតាកែវនៅមានសក្ដានុពលច្រើនណាស់នៅក្នុងការវិនិយោគ ហើយក៏ជាទីកន្លែង ដែលងាយស្រួលនឹងរកដីធ្លីដើម្បីបង្កើតរោងចក្រធំៗផងដែរ។ ខេត្តដទៃអាចចាត់ទុកថា ជាខេត្តដែលខ្វះដីធ្លីទៅហើយ ក៏ប៉ុន្តែ នៅតាមដងផ្លូវជាតិលេខ ២ ផ្លូវជាតិ ២២ និងផ្លូវជាតិលេខ ៣ ដែលឆ្លងកាត់នូវខេត្តតាកែវ នៅសល់ដី។ បន្ថែមជាមួយនោះគឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវថ្នល់ ទាំងអគ្គិសនី ជាពិសេសពលកម្មនៅនឹងកន្លែង នឹងដោះស្រាយបានបញ្ហាយ៉ាងងាយស្រួល​។ សង្ឃឹមថា តាកែវនឹងមានរោងចក្របន្ថែមទៀត នៅពេលខាងមុខ។

ថ្ងៃក្រោយ អាចមានអ្នកមកពីរោងចក្រនៅស្រុកបាទី

ថ្ងៃនេះ ខ្ញុំពិតជាមានការីករាយណាស់ដោយសារតែបានមកជួប សម្រាប់គ្រាន់តែរោងចក្រនៅទីនេះ។ នេះមិនទាន់មានស្រុកបាទី។ យើងនឹងអាចមានស្រុកបាទីបន្ថែមទៀត។ ថ្ងៃនេះ យើងទើបមានរោងចក្រ ១៣ រោងចក្រ ដែលមកនៅក្នុងស្រុកដូនកែវ ចំនួន ៤ រោងចក្រ ស្រុកសំរោងចំនួន ៤ រោងចក្រ ស្រុកព្រៃកប្បាសចំនួន ២ រោងចក្រ ស្រុកត្រាំកក់ចំនួន ២ រោងចក្រ និងស្រុកទ្រាំងចំនួន ១ រោងចក្រ ដែលមានកម្មករ ១៧.៦៦៧ នាក់ ហើយក្នុងនោះក៏មានក្មួយៗដែលមានផ្ទៃពោះចំនួនដល់ជាង ៧០០ នាក់។ អម្បាញ់មិញនេះមានក្មួយមួយនោះនៅខាងនោះ  ដែលមានកម្មករ ១៧.តតាកែវ។ លឺថាពោះធំនឹងគេដែរ ប៉ុន្តែមិនបានចូលមកនឹងគេ ថាអោយរៀបជួរនៅខាងក្រោយនោះទៅ។ អ្នកដែលទើបនឹងមានផ្ទៃពោះ អោយរៀបជួរនៅខាងក្រោយនោះទៅ។ ជួន​កាល​ គ្នាទើបនឹងមើលឃើញអេកូ ហើយគ្នាទើប ១ ខែកន្លះ មកខាងនេះ …។

ស្ថានភាពខេត្តតាកែវបច្ចុប្បន្ន ខុសពីខេត្តតាកែវកាលពីទសវត្សរ៍ ៨០ ឬ ៩០

យើងជួបជុំគ្នានៅថ្ងៃនេះ តើចង់បញ្ជាក់ពីអ្វី? ជំនួបថ្ងៃនេះ អាចបញ្ជាក់អំពីការវិឌ្ឍជឿនលឿន នៃប្រទេសរបស់យើង និយាយជារួម និងនិយាយដោយឡែក គឺខេត្តតាកែវរបស់យើងនេះតែម្ដង។ ក្នុងពីអតីតកាលខេត្តតាកែវអាចចាត់ទុកថាជាខេត្តដែល(ខ្ញុំបាន)មកច្រើនជាងគេ ដើម្បីដកពិសោធន៍អំពីកំណែទម្រង់ដីធ្លី និងបញ្ហាទាក់ទងជាមួយនឹងវិស័យកសិកម្ម ដែលពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ ប៉ុល សារឿន បច្ចុប្បន្នជាអគ្គបញ្ជាការកងទ័ព ធ្វើជាអភិបាលខេត្ត។ ពេលនោះ តាកែវរបស់យើងនេះជាខេត្តក្រីក្រមួយ ក៏ប៉ុន្តែក៏ជាខេត្តសល់ស្រូវទទួលទានដែរ ដោយសារតែការអនុវត្ត​ដីធ្លីសម្រាប់អ្នកខេត្តតាកែវនេះ គឺមានភាពល្អប្រសើរជាងខេត្តដទៃទៀត។ ពូគ្រាន់តែចង្អុលបង្ហាញថាខេត្តតាកែវកាលពីទសវត្សរ៍ ៨០ គឺខុសពីស្ថានភាពខេត្តតាកែវបច្ចុប្បន្នខ្លាំងណាស់។ យើងមើលនៅក្នុងផែនទីតាមរយៈ គេហៅថាផែនទីនៅក្នុងទូរស័ព្ទដៃរបស់យើង យើងឃើញថា ខេត្តតាកែវពេលនេះ គឺខុសពីខេត្តតាកែវនៅទសវត្សរ៍ ៨០ ឬទសវត្សរ៍ ៩០ ដែលពេលនោះខេត្តតាកែវគ្រាន់តែហាក់ដូចជាទីប្រជុំជនមួយដ៏តូចប៉ុណ្ណោះ។

គ្រាន់តែរឿងសិល្បៈ ក៏តាកែវបច្ចុប្បន្នខុសពីកាលពីជំនាន់មុនដែរ

មានរឿងមួយដែលពូសូមប្រាប់ក្មួយៗ ដើម្បីអោយឃើញថា សម័យកាលនៅក្នុងខេត្តតាកែវ កាលពីដើមនោះវាខុសពីស្ថានភាពខេត្តតាកែវនៅពេលនេះ។ ពេលមួយនោះនៅចាំបានថា នៅក្នុងប្រមាណជាអំឡុងជាចុងឆ្នាំ ១៩៨៥ ខ្ញុំមកសម្រាកនៅតាកែវ ហើយមានការសម្ដែងសិល្បៈ។ ពេលនោះផ្ទះភ្ញៀវរបស់ខេត្តតាកែវ គឺនៅនឹងសាលាខេត្តតាកែវហ្នឹងតែម្ដង។ ប៉ុល សារឿន នេះ និយាយពីដេកស្រមុក គឺឆ្ងាយពីបន្ទប់ខ្ញុំប្រហែលជា ៣ បន្ទប់ ក៏នៅតែស្រមុកលឺដល់ខ្ញុំដែរ។ ប៉ុន្តែនៅពេលសិល្បៈរៀបលេង យើងធ្វើដំណើរពីកន្លែង​សាលាខេត្តមកកាន់រោងមហោស្រព។ កាលនោះគេមានមហោស្រពមួយ ក៏ប៉ុន្តែមិនមែនមហោ​ស្រព​ដូចសព្វថ្ងៃទេ។

បទបញ្ជា ៨ ចំណុច

កំពុងតែដើរមក ស្រាប់តែកាំភ្លើងបាញ់ប្រាវៗឡើង។ គេបាញ់អី? ងាកឡើងទៅលើ រាហ៊ូចាប់ច័ន្ទ … ចាប់តាំងពីឆ្នាំ ១៩៧០ ដែលកម្ពុជាកើតសង្គ្រាមរហូតដល់ឆ្នាំ ១៩៩៧ (ធ្វើអោយ)ខ្ញុំដាក់បទបញ្ជា ៨ ចំណុចចេញដើម្បីបញ្ចប់ការប្រើប្រាស់អាវុធ។ ពេលនោះចូលឆ្នាំខ្មែរក៏បាញ់កាំភ្លើង ទេវតាចុះមកគឺតែងតែដាក់ខែលបាំងជានិច្ច។ ចូលឆ្នាំចិនចូលឆ្នាំវៀតណាម ក៏តែបាញ់កាំភ្លើង រាហ៊ូចាប់ច័ន្ទក៏តែបាញ់កាំភ្លើង សូរ្យគ្រាសក៏បាញ់កាំភ្លើងដែរ។ ស្រាប់តែ ប៉ុល សារឿន នេះគេអោយចូលទៅក្នុងកន្លែងវិញ សួរទៅដំណើរទំនងទៅរាហ៊ូចាប់ច័ន្ទ។

តាកែវមានយីកេ បាសាក់ និងសិល្បៈល្អ

យើងក៏ត្រឡប់មកមើលសិល្បៈ។ ដល់មើលសិល្បៈក្មួយអើយ! មិនមែនភ្លើងហ្វាដូចសព្វថ្ងៃទេណា ពេលនោះខំទៅអើតមើល។ ចុះគេស្អីអាហ្នឹង? មានរឿងអញ្ចេះ។ ធម្មតាគេលេងសិល្បៈ គេមានភ្លើង​ហ្វាបញ្ចាំងទៅមើលអ្នកសិល្បៈ។ គេយកកន្ថោរសៗ រួចដាក់ភ្លើងបញ្ចាំងវាទៅ។ ហ្នឹងរឿងមួយទៅ។ ឯរឿងមួយទៀត កាលហ្នឹងគេគប់ព្រួញត្រូវឯខ្នង ប៉ុន្តែដល់ឈឺឯជើង។ អញ្ចឹងគ្រាន់តែទាក់ទងនឹងវិស័យសិល្បៈតែប៉ុណ្ណោះ ពេលនោះ ខេត្តតាកែវអាចចាត់ទុកថា ជាខេត្តដែលមានសិល្បៈល្អ ទាំងយីកេ ទាំងបាសាក់ និងសិល្បៈ​ដទៃទៀត។​ យើងដឹងហើយ យីកេ តាឃី ​គឺចាប់ផ្ដើមពីខេត្តតាកែវ។ ក៏ប៉ុន្តែ យើងអត់មានសម្ភារៈដើម្បីសម្ដែងទេ ខុសពីស្ថានភាពបច្ចុប្បន្ន ដែលមានភ្លើងចំរុះពណ៌គ្រប់យ៉ាងបែបទាំងអស់ ហើយបញ្ជាសុទ្ធតែតាមគេហៅថាប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ សម្រាប់ការសម្ដែងសិល្បៈនៅពេលនោះ។

សូមសិក្សាពី ហ៊ុន សែន ឲ្យច្បាស់ មុននឹងចោទថា ហ៊ុន សែន ស្រឡាញ់កម្មករជាងកសិករ

… ម្ខាងទៀត ខេត្តតាកែវនេះ អ្នកទាំងឡាយដែលមិនយល់អំពី ហ៊ុន សែន ដែលមិនស្គាល់អំពី ហ៊ុន សែន ឬកើតមិនទាន់ ហ៊ុន សែន រយៈពេលចុងក្រោយនេះ បាននិយាយថា ហ៊ុន សែន ស្រលាញ់កម្មករជាងកសិករ។ គួរតែត្រូវបានសិក្សាអំពីប្រវត្តិឯកសារទាំងឡាយអំពី ហ៊ុន សែន ពាក់ព័ន្ធជាមួយនឹងកសិករ​។ មិនមែនគ្រាន់តែខេត្តតាកែវមួយទេ ក៏ប៉ុន្តែនៅខេត្តផ្សេងៗទៀត។ ខេត្តតាកែវនេះ (ខ្ញុំ)បានធ្វើដំណើរមកច្រើន។ គ្រាន់តែស្រុកគិរីវង្សមួយ ឆ្នាំ ១៩៨៥ នៅវាយគ្នានៅឡើយទេ ខ្ញុំទៅដេកនៅគិរីចុងកោះរបស់គិរីវង្សឯណោះ ហើយពេលមួយយើងទៅដេកនៅស្រុកមួយដែលយកសិល្បៈទៅលេងភ្លេងបុរាណ … ស្រុកកោះអណ្តែ​ត … និយាយរួមខេត្តតាកែវហ្នឹង ដើរស្ទើរគ្រប់ស្រុកទៅហើយ។ ដូនកែវរបស់យើងនេះ ដូចជាធ្លាប់សម្រាក ៣-៤ ដង ក៏ប៉ុន្តែសម្រាកនៅគិរីវង្ស និងនៅកន្លែងដទៃទៀត គឺសម្រាកបានច្រើន។

ជោគជ័យនៃការពង្រាយសាលារៀន, អភិបាលខេត្តដោះស្រាយទៅ រឿងបន្តិចបន្តួច មិនចាំបាច់អន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

ដោយសារហេតុផលនេះហើយ ដែលយើងសិក្សាអំពីលទ្ធភាពនៃការអភិវឌ្ឍ និងជម្រុញការអភិវឌ្ឍ ដែលចាប់ផ្តើមរបស់យើងដំបូង ពូសូមនិយាយដោយពេញចិត្តជាមួយនឹងជោគជ័យ នៃការពង្រាយសាលារៀនសម្រាប់កុមារ យុវវ័យ និងយុវជនរបស់យើង ទទួលបាននូវការសិក្សារៀនសូត្រ។ ពិតហើយ មានគ្រូបង្រៀនបានបង្ហោះក្នុងហ្វេសប៊ុក ចូលទៅដើម្បីសុំសាលានៅកន្លែងណា។ ថ្ងៃនេះ មិនមែនជាពេលវេលា នៃការដោះស្រាយបញ្ហាសាលារៀនទេ ព្រោះថា មកពីកាលលើកមុននោះ គ្រាន់តែដោះស្រាយសាលារៀននោះ គឺមិនតិចលានដុល្លារទេ សាលាវិក្រឹត្យការ សាលាស្អីៗហ្នឹង អស់ប្រមាណជាង ៧ លានដុល្លារ ក៏ប៉ុន្តែឥឡូវនេះ សូមមើលក្នុងហ្វេសប៊ុកបញ្ជូលមក ហើយគេវាយមកឲ្យខ្ញុំនូវសាលាណាមួយនោះក្បែរហ្នឹង។ ដែលសុំស្នើ សាលាបឋមសិក្សាទេ ថាខ្វះស្អីឯណា។

សូមមើល ខម្មិន ក្នុង ផេចហ្វេសប៊ុក នាយករដ្ឋមន្ត្រី និងដោះស្រាយសំណូមពរ

សូមឲ្យ ជា វណ្ណដេត នៅនេះស្រាប់ហើយ រួចហើយបន្ទាប់ទៅមើលទៅព្រោះមានបង្ហោះក្នុងហ្វេសប៊ុក ឲ្យតែកាលណាព្យាយាមមើលនៅក្នុង comment នៅក្នុង page របស់ខ្ញុំនេះ គឺបានមើលឃើញហើយថា ចំណុចណាជាសំណូមពរ។ ឥឡូវនេះប្រជាពលរដ្ឋអ្នកជួបការលំបាក តែងតែ comment ចូល page នាយករដ្ឋមន្រ្តី។ អញ្ចឹងបើសិនជាខេត្តមួយៗយកអនុសាសន៍ ដែលខ្ញុំធ្លាប់តែប្រាប់ថា នៅពេលដែលខ្ញុំផុសចេញទៅគឺមើលតាម comment អាហ្នឹងច្បាស់ជាមើលឃើញហើយ ខេត្តរបស់យើងជួបប្រទះនឹងបញ្ហាអី។ រាប់ទាំងបញ្ហាថ្ងៃមុននោះ នៅកងពលធំលេខ ៣ នៅឯទិសព្រះវិហារ ហើយកងពលលេខ ៨ នៅចំណុះកងពលលេខ ៣ ក៏ comment ហើយពេលនោះខ្ញុំនៅបាងកកនៅឡើយ តែខ្ញុំមើលឃើញ comment ខ្ញុំដោះស្រាយបញ្ហាតាមការលើកឡើង …។

គិតពីកសិករ និងកម្មករ ដូចតែគ្នា

អម្បាញ់មិញ ពូនិយាយពីបញ្ហាអ្នកដែលមិនស្គាល់ពីសកម្មភាពរបស់ពូ … ដោយសារគេចង់បានសន្លឹកឆ្នោត​ពេក ឬក៏ចង់បំភ្លៃសភាពការណ៍ គេបានប្រើប្រាស់ថាពេលនេះពូស្រឡាញ់តែកម្មករ តែមិនស្រ​ឡាញ់​​កសិករ។ ក៏ប៉ុន្តែ នៅពេលពូស្រឡាញ់កសិករ ធ្វើសកម្មភាពច្រើនជាមួយកសិករ គេបែរជានិយាយថា ពូមិនស្រឡាញ់កម្មករទេ។ អញ្ចឹងខ្លួនពូតែមួយ តើយើងត្រូវធ្វើម៉េច? ប្រទេសជាតិរបស់យើងវាមានលំដាប់លំ​ដោយ​ដែលត្រូវដោះស្រាយ។

ខួបលើកទី ៤១ ឆ្នាំ​ នៃការចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះប្រទេសជាតិ

ថ្ងៃនេះជាខួបលើកទី ៤១ ឆ្នាំ​ ដែលពូចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះប្រទេសជាតិ។ កាលពីពេលនោះ ក្មួយអ្ហើយ! និយាយដល់រឿងនេះ ពូស្ទើរតែពិបាកទ្រាំនឹងទប់ទឹកភ្នែក ព្រោះវាវេទនាពេក។ អញ្ចឹងបានជាយុវជនសម័យនេះ ជាយុវជនដែលមានភ័ព្វសំណាងខ្លាំងណាស់។ ក្មួយៗឥឡូវនេះមួយចំនួនអាយុ ២៥ ឆ្នាំ ឬលើស ២៥ ឆ្នាំ ពូចាប់ផ្តើមតាំងពីអាយុ ១៨ ឆ្នាំ ទៅដល់អាយុ ២៥ ឆ្នាំ គឺជាពេលវេលា ដែលពូស្ថិតនៅក្នុងស្ថានភាពជាអ្នកនៅក្រោមបញ្ជាគេ អនុវត្តនូវនយោបាយរបស់គេ​ បញ្ជារបស់គេ។ ក៏ប៉ុន្តែចាប់តាំងពីថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ពូបានតាំងចិត្តថា លែងស្តាប់អ្នកណាទាំងអស់ គឺពូត្រូវគូសវាសជីវិតរបស់ពូដោយខ្លួនឯង។ ជីវិតរបស់ពូ មិនមែនគ្រាន់តែរស់ខ្លួនឯងទេ ក៏ប៉ុន្តែដើម្បីការរស់រានមាន​ជីវិតរបស់ប្រទេសជាតិមួយ ការរស់រានមានជីវិតរបស់ប្រជាជន ដែលកំពុងរងគ្រោះថ្នាក់​។ ពេលនោះ ម៉ោងនេះ ពូកំ​ពុង​តែលំបាកបំផុតនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តថា តើពូយកការសម្រេចចិត្តរបៀបណា?

សម្រេចចិត្តខុសតែបន្តិច ដំណើរ និងនយោបាយជាតិ មិនដឹងដូរទិសរបៀបណា

ប្រសិនបើពេលនោះ ពូយកសេចក្តីសម្រេចចិត្តខុសតែបន្តិច នយោបាយរបស់កម្ពុជាថ្ងៃនេះ ប្រហែលជាដូរទិសទៅខាងណាមិនដឹងទេ។ មិនមែនគ្រាន់តែដូរទិសនយោបាយរបស់កម្ពុជា នោះនៅត្រង់ថា បើសិនជាមិនមានវត្តមានរបស់ពូនៅក្នុងដំណើរជាតិ តើប្រទេសជាតិនេះវាដូរទិសរបៀបម៉េច? ពេលនោះពិតជាមានការលំបាកខ្លាំងណាស់។ តើត្រូវបះបោរ​ឡើងវាយ ប៉ុល ពត នៅនឹងកន្លែងតែម្តង ​​​​ឬយ៉ាងណា? នោះហើយគឺជាស្ថានភាពដែលលំបាកបំផុត។ លទ្ធភាពបញ្ជាកងទ័ព គឺមានអាចប្រើប្រាស់បានកម្លាំង ១.០០០ ឬលើសពី ១.០០០ នាក់ ព្រោះពេលនោះពូកាន់អង្គភាពដែលមានចំនួនកម្លាំងកងទ័ពជាង ២.០០០ នាក់​។ ក៏ប៉ុន្តែ នៅថ្ងៃដែលពូចេញដំណើរ កងទ័ពរបស់ពូនៅក្រោមបញ្ជារបស់ពូនៅសល់ ១.៧៧៦ នាក់ ដូច្នេះកម្លាំងដែលអាចប្រើប្រាស់បានភ្លាមៗ ប្រមាណជា ១.០០០ ដែលអាចវាយកាន់កាប់បាននូវស្រុកមេមត់ ស្រុកទ្រមូង ស្រុកស្នួល និងមួយភាគរបស់ស្រុកពញាក្រែក និងស្រុកតំបែរ។ ក៏ប៉ុន្តែ តាមការប៉ាន់ប្រមាណរបស់ពូនៅពេលនោះ​ យ៉ាងយូរមួយអាទិត្យនឹងត្រូវបង្ក្រាប។ យើងមិនអាចយកឈ្នះ ប៉ុល ពត  ដោយមានកម្លាំងរហូតដល់ ១៨ កងពលធំបានទេ។

ចាកចេញ ដើម្បីរៀបចំកម្លាំងតស៊ូ

ដូច្នេះ ជម្រើសដែលនៅសេសសល់ល្អជាងគេ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជីវិតកងទ័ព និងប្រជាជន ពូមានតែសម្រេចចិត្តចាកចេញដោយការឈឺចាប់ ជាមួយនឹងទឹកភ្នែក ដោយក្តីឈឺចាប់ ក្នុងពេលដែលជាតិ និងប្រជាជនកំពុងរងគ្រោះ រួមដោយភរិយាដែលកំពុងមានផ្ទៃពោះ ៥ ខែ។ នោះហើយ ជាការលំបាករបស់យុវជនជំនាន់នោះដែលរួមមានទាំងជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗផងដែរ។ មិនមែនជាការងាយស្រួល​ទេក្មួយ។ នៅពេលដែលពូសម្រេចចិត្តថា ពូមិនធ្វើការប្រយុទ្ធទេ ពូនឹងចាកចេញដើម្បីរៀបចំកម្លាំងតស៊ូសាជាថ្មី គ្រាន់តែលិខិតប៉ុន្មានបន្ទាត់ប៉ុណ្ណោះ ពូសរសេរច្រើនម៉ោង ដោយសារតែទឹកភ្នែករបស់ពូ បានហូរធ្លាក់មកលើក្រដាស។ សរសេរហើយហែកចោលៗ។

លិខិត ដែលលំបាកសរសេរ

តើត្រូវប្រើន័យរបៀបម៉េចដើម្បីឲ្យស្រប​ទៅនឹងស្ថានភាពជាក់ស្តែង ដែលយើងកំពុងតែស្ថិតនៅនេះ។ ពូនៅចាំច្បាស់ បើទោះបីជាលិខិតនោះ ត្រូវបានភរិ​យារបស់ពូហែកចោលនៅក្នុងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៧៧ បន្ទាប់ពីនិរសាររបស់ពូ បានយកលិខិតនោះទៅអោយភរិយារបស់ពូ ប៉ុន្តែពូនៅចំាច្បាស់នូវន័យខាងដើម ដែលសរសេរហើយលុបៗ ពាក្យនៅត្រង់ថា នៅពេលដែលអូនកំពុងអានលិខិតនេះ បងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់បងមិនដឹងថាខ្លួនឯងនៅទីណាផងទេ។ នេះជាចំណុច ដែលលំបាកបកស្រាយសម្រាប់ភរិយា ព្រោះមិនដឹងថា យើងកំពុងតែសរសេរលិខិត ត្រូវគេបាញ់ប្រហារ ឬយើងចង់សរសេរលិខិតរួចហើយ ត្រូវគេសម្លាប់យើង ឬយើងចង់ធ្វើដំណើរទៅទីណា ក៏យើងអត់ច្បាស់ខ្លួនយើងផងទេ។ គ្រាន់តែសរសេរលិខិតក៏មានការលំបាកណាស់។ តើត្រូវរៀបរាប់ភរិយារបស់យើងថាយើងទៅណាពិតប្រាកដ? ជួន​​កាលយើងចង់ទៅខាងលិច ប៉ុន្តែសភាពការណ៍បង្ខំអោយយើងទៅទិសខាងកើត យើងចង់ទៅខាងត្បូង ប៉ុន្តែសភាពការណ៍បង្ខំអោយយើងទៅទិសខាងជើង។ ជួនកាលយើងសរសេរលិខិតហើយ ត្រូវគេសម្លាប់យើង ក៏យើងមិនដឹងថា ត្រូវរៀបរាប់ប្រាប់ភរិយាយ៉ាងម៉េច? ចុងបញ្ចប់ នៃសំបុត្របង្កប់ទៅដោយន័យ ដែលមានសង្ឃឹមផង និងអស់សង្ឃឹមផង។ ត្រង់ន័យថា បងសុំលាហើយ លាដើម្បីជួបវិញ ដោយគ្មានពេលកំណត់ នេះជាចំណុច ដែលពូចង់ចំានៅក្នុងលិខិតរបស់ពូ។

ធ្វើបានជោគជ័យ ដោយមានការគាំទ្រពីប្រជាជន

ថ្ងៃនេះ គឺជាខួបលើកទី ៤១ ឆ្នំា នៃការចាប់ផ្តើម ដែលពូត្រូវគូសវាសដោយខ្លួនឯងសម្រាប់ជីវិតរបស់ពូ និងប្រទេសជាតិកម្ពុជា។ ពូធ្វើបានមែន ជាមួយនឹងការគាំទ្ររបស់ប្រជាជន ជាមួយនឹងការគំាទ្ររបស់ប្រទេសវៀតណាម។ ពូបានកសាងកម្លំាងកងទ័ព ហើយកងទ័ពនោះហើយ ដែលចូលមករួមចំណែក ដើម្បីរំដោះខេត្តតាកែវ កំពត កំពង់សោមមួយផ្នែក ដែលចេញមកពីទិសដែលពូបានបញ្ជូនកម្លំាងមកភាគខាងលិច ភាគនិរតី ដែលមុននោះ ការបញ្ជូនកម្លំាងមកភាគនិរតីគ្រាន់តែជាការវាយទាញកម្លំាង កុំអោយពួក ប៉ុល ពត ប្រមូលកម្លំាងទៅខាងបូព៌ាទិសតែប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រោយមក កម្លំាងនេះក៏បានចូលមកដើម្បីគ្រប់​គ្រង​នៅខេត្តតាកែវ ពេលនោះដូចជាវរៈប៉ុន្មាននៅខេត្តតាកែវ វរៈ ១ ហើយលេខ ២ ចូលទៅកណ្តាល។

មិនប្រើប្រាស់ឧត្តមភាពយោធាទារមុខតំណែងណាមួយទេ

ទាហានដែលពូកសាង ២៣ កងវរសេនាតូចមាន ១០០ ក្រុមប្រតិបត្តិការអាវុធចូលមកកសាងរដ្ឋបាល​មកខាងក្នុង និងទំនាក់ទំនងជាមួយខាងក្នុង។ កម្លាំងកងទ័ពរបស់ពូមានប្រមាណជាង ១ ម៉ឺននាក់។ ពេលនោះ គឺជាការរួមចំណែកដ៏ធំ ប៉ុន្តែពូមិនបានប្រើប្រាស់ឧត្តមភាពយោធា ដើម្បីធ្វើឧត្តមភាព ទារនូវមុខតំ​ណែងណាមួយនោះទេ។ ប៉ុន្តែនេះ គឺជាតួនាទីរបស់ពូ ដែលបានដើរក្នុងកាលៈទេសៈដ៏លំបាកនោះ។ បើទោះបីថ្ងៃនេះ ខួប ៤១ ឆ្នំាក្រោយ ពេលវេលា​វាមិនដូចពេលមុនទេ ក៏ប៉ុន្តែនៅពេលដែលពូនឹកឃើញដល់រឿងនេះ ពូតែងតែស្រក់ទឹកភ្នែក។

ចម្រៀង «ដើមទុនជីវិត»

ម្សិលមិញ ពូបានសរសេរនូវខ្លឹមសារខ្លីមួយ បង្ហោះអមដោយបទចម្រៀង ដែលមានចំណងជើងថា «ដើមទុនជីវិត»។ ពូបានស្រក់ទឹកភ្នែកនៅលើរថយន្តចេញពីទីស្តីការគណៈរដ្ឋមន្ត្រីមកដល់ផ្ទះ គ្រាន់តែន័យសរសេរតែប៉ុន្មានឃ្លាតែប៉ុណ្ណោះ គឺមិនអាចសសេរបាន។ ដូច្នេះហើយបានជាគេមិនទាន់ឃើញនូវការសរសេរណាមួយទាក់ទងនឹងប្រវត្តិ នៃថ្ងៃ ២០ ខែមិថុនា នោះទេ។ ថ្ងៃនេះ សម្តេច ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ កំពុងតែទៅធ្វើពិធីនូវការចងចំាដំណើរឆ្ពោះទៅកាន់សង្គ្រោះជាតិ ហើយច្បាស់ណាស់ថា ទូរ​ទស្សន៍នឹងចាក់ផ្សាយនូវឯកសារនានា ដែលទាក់ទងនឹងដំណើរជីវិតនោះ។

សង្គ្រាមពីអតីតកាល យុវជនជំនាន់ក្រោយអ្នករំលត់, ខួបទី ២០ ឆ្នាំ នៃការបញ្ចប់សង្គ្រាមទាំងស្រុង

នេះគ្រាន់តែពូចង់រៀបរាប់បន្តិច ក៏ជាឱកាសដែលបញ្ជាក់ឲ្យឃើញអំពីស្ថានភាពប្លែកគ្នាពីយុវជនជំនាន់មុន ដែលរួមមានជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ កាលពីអតីតកាល ជួបប្រទះនូវរឿងអ្វីខ្លះ។ ប៉ុន្តែស្ថានភាពនេះ វាបានផ្លាស់ប្តូរទំាងស្រុក។ យើងមិនមែនជាអ្នកបង្កើតសង្គ្រាមទេ ក៏ប៉ុន្តែទីចុងបំផុត យុវជនដែលចេញមុខដឹកនំាការតស៊ូ នៅក្នុងវ័យ ២៥ ឆ្នំានោះហើយ ដែលជាអ្នករំលត់ភ្លើងសង្គ្រាម នំាមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈនៃនយោបាយឈ្នះឈ្នះ ដែល​យើងបានបញ្ចប់សង្គ្រាម។ ឆ្នាំនេះ គឺជាខួបលើកទី ២០ នៃថ្ងៃដែលយើងបានបញ្ចប់សង្គ្រាម បញ្ចប់នូវការបែកបាក់ និងការបង្កើតអោយមានស្ថានភាពប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាតែមួយ។

បើមិនពង្រាយរោងចក្រមកតាមស្រុក/ខេត្ត ក្មួយនឹងធ្វើការឆ្ងាយផ្ទះ ឬបន្តធ្វើកសិករ

តាមរយៈសន្តិភាពនោះហើយ ដែលមានឱកាសសម្រាប់ទាក់ទាញអ្នកវិនិយោគទំាងឡាយ មកវិនិយោគនៅកម្ពុជា។ ពេលនេះ រោងចក្របានមកដល់ទីកន្លែងរបស់ក្មួយៗ ដែលផ្តល់ឱកាសឲ្យក្មួយ​ៗបានរកការងារធ្វើ មិននៅឆ្ងាយពីផ្ទះពេក។ ឥឡូវអាចចោទជាសំនួរថា ប្រសិនបើគ្មានរោងចក្រ នៅតាមបណ្តាស្រុកនេះទេ តើពេលនេះក្មួយៗកំពុងធ្វើអ្វី? ពូបានបកស្រាយរឿងនេះ ជាបន្តបន្ទាប់ នៅពេលដែលពូចុះទៅតាមខេត្ត និ​យាយពីទីក្រុងភ្នំពេញ គឺរបៀបនិយាយផ្សេង ប៉ុន្តែពូមកនិយាយនៅតាមខេត្ត ដូចជាខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ហើយថ្ងៃនេះខេត្តបាត់ដំបង ឬក៏ខេត្តតាកែវ ពូត្រូវនិយាយផ្សេង តាមរបៀបចោទចេញជាសំណួរថា ប្រសិនបើមិនមានរោងចក្រនៅតាមបណ្តាស្រុក នៅក្នុងខេត្តតាកែវនេះទេ តើក្មួយៗកម្មករ/ការិនីនៅពេលនេះ កំពុងធ្វើអី? មានចម្លើយចេញមកតែពីរទេ។ ទីមួយ គឺក្មួយនៅពេលនេះ កំពុងស្ថិតនៅក្នុងក្រុងភ្នំពេញធ្វើជាកម្មករ ដោយចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញ។ ឯ​លទ្ធ​ភាពទី ២ គឺក្មួយកំពុងតែធ្វើស្រែចំការជាមួយឪពុកម្តាយ និងក្រុមគ្រួសារ មិនមែនជាកម្មករតាមរោងចក្រ ដែលមានប្រាក់បៀវត្សរ៍កាន់តែខ្ពស់ទៅៗនោះទេ។

ពង្រាយរោងចក្រ ជម្រុញឧស្សាហកម្មផង ជម្រុញវិស័យកសិកម្មផង

ដូច្នេះហើយ បានជារាជរដ្ឋាភិបាលខំប្រឹងប្រែងណាស់ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចំាបាច់ ដើម្បីទាក់ទាញការវិនិយោគទុន មកកាន់ទៅតាមខេត្តនានា ដែលវាមិនប្រមូលផ្តុំនៅតែខេត្តណាមួយ ឬនៅទីក្រុងភ្នំ​ពេញនោះទេ។ ដូច្នេះបានជាខ្ញុំនិយាយថា ខេត្តតាកែវនៅមានសក្តានុពល ដែលមានដីធ្លីធំៗ ដែលបង្កើតទៅជារោងចក្រខ្នាតធំ ឬក៏ខ្នាតមធ្យម។ ដីធ្លីមិនទាន់ថ្លៃពេកទេ ហើយដីធ្លីទំាងនោះ ដែលពីមុនធ្លាប់ចិញ្ចឹម​ត្រឹមតែ ១ គ្រួសារ ក្នុង ១ ហិកតា ប៉ុន្តែនៅពេលដែលធ្វើរោងចក្រហើយនោះ គឺអាចចិញ្ចឹមបាន ២ ឬ ៣ ពាន់ គ្រួសារឯណោះ។ អញ្ចឹងទេ បានជាពូពេញចិត្តជាមួយនឹងការបន្តនៅក្នុងដំណើរពង្រាយរោងចក្រទៅតាមមូលដ្ឋាននានា ដើម្បីដោះស្រាយការ​ងារធ្វើអោយពលរដ្ឋរបស់យើង ជាពិសេសយុវជន ដែលត្រូវការការងារធ្វើ បន្ថែមលើនោះ យើងក៏ត្រូវជម្រុញលើការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាកសិឧស្សាហកម្មនៅតាមតំបន់នានា ដើម្បីដោះស្រាយការងារធ្វើនៅនឹងកន្លែងសម្រាប់ប្រជាពលរដ្ឋ ជៀសវាងការបោះបង់ចោលដីធ្លី ផ្ទះសំបែង ទៅរកការងារធ្វើនៅឯកន្លែងផ្សេង រហូតទៅដល់ចំណាកស្រុកទៅកាន់ប្រទេសដទៃ …។

កសិកម្ម ឧស្សាហកម្ម និងសេវា ជាអាទិភាពក្នុងការអភិវឌ្ឍជាតិ

ចុងក្រោយនេះ ពូពិតជាមានការរីករាយ ដោយសារតែបានចូលរួមចំណែកកាន់តែធំ នៅក្នុងដំណាក់កាល ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលពេលនេះពូមានឱកាស ដើម្បីធ្វើដំណើរទៅកាន់តំបន់ដែលមានរោងចក្រ ជួបប្រាស្រ័យទាក់ទងជាមួយកម្មករ/ការិនី ទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ បើគ្រាន់តែធ្វើវិស័យកសិកម្ម វាមិនគ្រប់គ្រាន់ទេ យើងត្រូវធ្វើទំាងអស់ ទំាងវិស័យឧស្សាហកម្ម ទំាងវិស័យសេវា។ វិស័យកសិកម្មនៅតែជាអាទិភាពនៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ថ្ងៃនេះពូ សូមចូលរួមសប្បាយរីករាយជាមួយនឹងក្មួយៗ ដែលបានបង្កើននៅប្រាក់ឈ្នួលអប្បបរមា កាលពីឆ្នំា ២០១៧ ពេលនោះក្មួយៗមានត្រឹមតែ ១៥០ ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ក្មួយៗបានកើនទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក ហើយរួមនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត ក្មួយៗក៏ទទួលបាននូវប្រាក់សរុបភាគច្រើនគឺ ទទួលបានលើសពី ២០០ ដុល្លារសហរដ្ឋអាមេរិក។

រោងចក្រក៏កើន កម្មករក៏កើន ប្រាក់ឈ្នួលក៏កើនជាលំដាប់

ចំណុចនេះ ក្មួយអាចប្រៀបធៀបបានជាមួយនឹងអតីតកាលដ៏លំបាក ដែលក្នុងនោះ យោងទៅលើរឿងរ៉ាវអតីតកាលដែលក្មួយៗចាំ គឺថាគិតត្រឹមឆ្នាំ ១៩៩៧ ពេលនោះរោងចក្រនៅក្នុងប្រទេសរបស់យើងមានត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករ ៨២.០០០ នាក់ ហើយពេលនោះ ប្រាក់ឈ្នួលរបស់រៀមច្បងយើង ដែលធ្វើការនៅពេលនោះ មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ដល់ឆ្នាំ ២០០៣ រោងចក្ររបស់យើងកើនទៅដល់ ១៩៧ រោងចក្រ ប្រាក់ឈ្នួលរបស់យើងពេលនោះ មានត្រឹមតែ ៥០ ដុល្លារ សហរដ្ឋអាមេរិក ទេក្មួយ។ ឆ្នាំ ២០១៣ រោងចក្ររបស់យើងកើនទៅដល់ ៧៣៣ រោងចក្រ ជាមួយនឹងប្រាក់ឈ្នួលអប្បបរមាពេលនោះតែ ៨០ ដុល្លារសហរដ្ឋអាមេរិកទេ។ ឆ្នាំ ២០១៧ រោងចក្ររបស់យើងកាន់តែដល់ ១.១០៧ រោងចក្រ កម្មកររបស់យើងកាន់តែដល់ ៧៤៣.៦១៥ នាក់ ជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមា ១៥៣ ដុល្លារ។ ឆ្នាំនេះ គិតត្រឹមពេលនេះ រោងចក្ររបស់យើងបានកើនឡើងចំនួន ១.១៥៥ រោងចក្រ ជាមួយនឹងកម្មករ ចំនួន ៧៧៦.៥០២​ នាក់ ជាមួយនឹងប្រាក់បៀវត្សរ៍ ១៧០ ដុល្លារសហរដ្ឋអាមេរិក។

ប្រទេសយើងអនុវត្តប្រាក់ឈ្នួលអប្បបរមា ស្មើៗគ្នាទូទាំងប្រទេស ខុសពីប្រទេសដទៃ

១៧០ ដុល្លារសហរដ្ឋអាមេរិកនេះ គឺអនុវត្តស្មើៗគ្នានៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះគឺជាចំណុចដែលក្មួយៗអាចយល់បានអំពីវិធីសាស្ត្រដោះស្រាយបញ្ហា ដែលប្រទេសខ្លះដោះស្រាយខុសពីយើង។ ប្រទេសយើង នៅភ្នំពេញប្រាក់ខែ ១៧០ នៅតាមបណ្តាខេត្តគឺ ១៧០ ដុល្លារដូចគ្នា។ ក៏ប៉ុន្តែនៅក្នុងប្រទេសដទៃ មានប្រទេសមួយចំនួនគឺប្រាក់បៀវត្សរ៍គឺខុសគ្នា ពូគ្រាន់តែជម្រាបដើម្បីក្មួយៗអាចយល់ដឹង អំពីស្ថានភាព តើយើងគួរតែរួមគ្នាដំណើររបៀបណា។ នៅប្រទេសបង់ក្លាដេសប្រាក់ខែទូទៅ តែមួយកន្លែងទេ ប៉ុន្តែបានតែ ៦៧ ដុល្លារសហរដ្ឋអាមេរិកទេ។ នៅប្រទេសស្រីលង្ការគឺដូចគ្នាដែរ ទាំងជនបទទាំងទីក្រុង ប៉ុន្តែប្រាក់បៀវត្សរ៍​បានត្រឹមតែ ៦៧ ដុល្លារសហរដ្ឋអាមេរិកទេ។ នៅឥណ្ឌាមានការបែងចែកតំបន់។ តំបន់ដែលមានប្រាក់ទាបគឺបាន ៧៧ ដុល្លារសហរដ្ឋអាមេរិក និងតំបន់ដែលមានប្រាក់បៀវត្សរ៍ខ្ពស់បាន ១៤៣ ដុល្លារសហរដ្ឋអាមេរិក។ នៅប្រទេសមីយ៉ាន់ម៉ាដែលហៅថាភូមាៗនោះ ប្រាក់តែមួយកន្លែងទេ ដែលមានប្រាក់ឈ្នួល ១០៨ ដុល្លារសហរដ្ឋអាមេរិក។ ​នៅឥណ្ឌូនេស៊ីមានការបែងចែកជាតំបន់។ តំបន់ទាបទទួលបាន ១០៧ ដុល្លារសហរដ្ឋអាមេរិក និងតំបន់ដែលខ្ពស់ ២៦៧ ដុល្លារសហរដ្ឋអាមេរិក។ នៅវៀតណាមក៏មានការបែងចែកជាតំបន់ គឺតំបន់ដែលទទួលបាន ១២២ ដុល្លារ សហរដ្ឋអាមេរិក និងតំបន់ខ្ពស់ដែលទទួលបាន ១៧៥ ដុល្លារសហរដ្ឋអាមេរិក។ នៅឡាវគឺប្រាក់តែមួយទេ ១៣៣ ដុល្លារសហរដ្ឋអាមេរិក។ ឯនៅប៉ាគីស្ថានក៏បានតែមួយកន្លែងដែរ គឺ ១៣៤ ដុល្លារសហរដ្ឋអាមេរិក។

រួមគ្នារក្សាទុករោងចក្រ និងប្រាក់ចំណូល

ចង់បញ្ជាក់ប្រាប់ថា វាងាយនឹងការបាត់បង់សម្រាប់រោងចក្រនៅកម្ពុជា ប្រសិនបើមានសកម្មភាពណាមួយដែលធ្វើឲ្យអ្នកវិនិយោគ មិនអាចវិនិយោគបានតទៅទៀត។ គេនឹងអាចដករោងចក្រចេញពីប្រទេសរបស់យើង ទៅកាន់ប្រទេសដទៃ ដែលមានផលិតកម្មប្រហាក់ប្រហែលយើង​។ ដូច្នេះបានជាយើងត្រូវរួមគ្នា ដើម្បីរក្សាទុកនូវរោងចក្រ និងប្រាក់ចំណូលនានាសម្រាប់ប្រទេសរបស់យើងបន្តទៀត ដែលក្នុងមួយឆ្នាំៗ យើងទទួលបាន ៧៨ លាន ជិត ៨០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ខេត្តតាកែវ។ ខេត្តខ្លះទទួលបានតិច ខេត្តខ្លះទទួលបានច្រើន ទៅតាមទំហំការងារនៃអ្នកវិនិយោគ ដែលបានវិនិយោគមកក្នុងខេត្តទាំងនោះ។

ឆ្នាំ ២០១៩ ប្រាក់បៀវត្សរ៍នឹងកើនឡើងទៀត

កាលពីអតីតកាល ក្មួយៗធ្វើការជាមួយនឹងកសិកម្មសុទ្ធសាធក្នុងគ្រួសារ។ កម្រៃដែលទទួលបានមិនខ្ពស់ ទេ។ ប៉ុន្តែឥឡូវនេះ ដៃម្ខាងក្មួយនៅជាមួយនឹងឪពុកម្តាយ ដែលធ្វើកសិកម្ម និងម្ខាងទៀតក្មួយៗធ្វើជាកម្មករ។ ដូច្នេះចំណូលទាំងពីរផ្នែក ទាំងផ្នែកវិស័យក្មួយៗធ្វើការតាមរោងចក្រ ជាមួយនឹងប្រាក់ចំណូលដែលឪពុកម្តាយធ្វើកសិកម្ម បូកបញ្ចូលគ្នា ប្រាក់ចំណូលវាមានកាន់តែខ្ពស់។ វាមិនទាន់គ្រប់គ្រាន់សម្រាប់សេចក្តីត្រូវការនៃជីវភាពរស់នៅរបស់ប្រជាជនរបស់យើងទេ ក៏ប៉ុន្តែ យើងត្រូវប្រឹងបន្តិចម្តងៗ។ ឆ្នាំ ២០១៩ ពូប្រកាសជូនថា ប្រាក់ឈ្នួលអប្បបរមានឹងកើនខ្ពស់ជាង ១៧០ ដុល្លារ។ នេះគឺត្រូវចរចាគ្នាដើម្បីបង្កើនប្រាក់នៅពេលនោះ។

រកមធ្យោបាយឲ្យរោងចក្រចំណាយតិច យកប្រាក់ចំណេញបង្កើនបៀវត្សរ៍កម្មករ

ឯរាជរដ្ឋាភិបាលក៏កំពុងរកគ្រប់វិធីទាំងអស់ ដើម្បីធ្វើឲ្យម្ចាស់រោងចក្រកាន់តែចំណាយតិច ដើម្បីឲ្យម្ចាស់រោងចក្រនោះប្រើប្រាស់នូវប្រាក់ចំណេញ បង្កើនបៀវត្សរ៍ចំពោះកម្មករ។ ដូចជាយើងកំពុងគិតគូរអំពីថ្លៃអគ្គិសនីសម្រាប់វិស័យឧស្សាហកម្ម ដើម្បីធ្វើយ៉ាងណាឲ្យអគ្គិសនីរបស់យើងមានតម្លៃថោក ដែលអាចអគ្គិសនី​ក៏រស់រានបាន និងផ្នែកឧស្សាហកម្មក៏អាចរស់រានបាន​។ បន្ថែមលើនោះ ក៏យើងគិតគូរទៅលើបញ្ហាដទៃផ្សេងទៀត រាប់ទាំងការគិតគូរធ្វើលើបញ្ហាការដឹកជញ្ជូន សម្រួលទៅលើបញ្ហាការធ្វើពាណិជ្ជកម្មជាដើម ដើម្បីកាត់បន្ថយទៅលើការចំណាយថ្លៃដើមទៅលើការផលិត ហើយផលចំណេញនោះត្រូវបានផ្តល់សម្រាប់កម្មករ/ការិនីរបស់យើង។ ​

ការពិនិត្យសុខភាព និងជិះរថយន្តក្រុងដោយឥតគិតថ្លៃ

ក្មួយៗបានទទួលអត្ថប្រយោជន៍ច្រើនហើយ ជាមួយនឹងប្រាក់បៀវត្សរ៍កាន់តែខ្ពស់ ការចំណាយរបស់ក្មួយៗក៏ត្រូវបានកាត់បន្ថយតាមរយៈកម្មវិធីគាំពារសង្គម ដែលយើងហៅថា សំណាញ់គាំពារសង្គម ដែលរាជរដ្ឋាភិបាលបានផ្តល់ចំពោះកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទទួលការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ នៅទីក្រុងភ្នំពេញ កម្មករ/ការិនីរបស់យើងទទួលបានសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ។ មិនមែនបានសេចក្តីថា ជិះបានតែអ្នកនៅភ្នំពេញទេ ក្មួយៗទៅពីខេត្តចង់ទៅលេងទីក្រុងភ្នំពេញ ក្មួយៗក៏អាចទៅដល់ទីក្រុងភ្នំពេញ ជិះរថយន្តមើលទីក្រុងភ្នំពេញដោយមិនចាំបាច់បង់ប្រាក់ ក៏ប៉ុន្តែ ត្រូវនាំមកជាមួយនូវប័ណ្ណសម្រាប់សំគាល់ខ្លួនជាកម្មករ ដែលមិនត្រូវបានបង់ប្រាក់ទេ។

បៀវត្សរ៍ និងការឈប់សម្រាកសំរាប់កម្មការិនីពេលឆ្លងទន្លេ, និងសាច់ប្រាក់ឧបត្ថម្ភ ៤០ ម៉ឺន/កូនម្នាក់

អត្ថប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ ក៏បានកាន់តែទទួលនូវទំហំធំជាមួយនឹងការឈប់សម្រាកចំនួន ៣ ខែ ដែលមានប្រាក់បៀវត្សរ៍ ១២០%។ ថ្ងៃនេះក្មួយនៅធ្វើការបាន ១៧០ ដុល្លារ ប៉ុន្តែនៅពេលដែលក្មួយៗឆ្លងទន្លេ ក្មួយៗឆ្លងទន្លេ ក្មួយៗនឹងចាប់ទទួលប្រាក់បៀវត្សរ៍ឡើងទៅដល់ ២០៤ ដុល្លារសហរដ្ឋអាមេរិក គឺចំនួនរហូតទៅដល់ ១២០%។ មានប្រទេសមិនច្រើនទេនៅលើពិភពលោក ដែលផ្តល់ប្រាក់បៀវត្សរ៍បែបនេះ។ យើងមិននិយាយថា វាគ្មានសោះនោះទេ ក៏ប៉ុន្តែវាមានមិនច្រើនទេ គេឲ្យត្រឹម ៥០% ច្រើនណាស់ទៅហើយ។ គេឲ្យ ១០០% ច្រើនណាស់ទៅហើយ ក៏ប៉ុន្តែសម្រាប់យើង យើងហ៊ានលេងទៅដល់ ១២០% សម្រាប់ស្ត្រីមានផ្ទៃពោះ សម្រាប់កម្មការិនីឆ្លងទន្លេ។ ជាមួយនោះ រាជរដ្ឋាភិបាលក៏នឹងផ្តល់ជូនចំពោះកម្មការិនីឆ្លងទន្លេនូវប្រាក់បន្ថែមនៅក្នុងការឆ្លងទន្លេ គឺចំនួន ៤០ ម៉ឺនរៀល សម្រាប់ការឆ្លងទន្លេបានកូនមួយនាក់ និង ៨០ ម៉ឺនរៀល សម្រាប់ការឆ្លងទន្លេបានកូនភ្លោះ ២ នាក់ ហើយនិង ១២០ ម៉ឺនរៀល បូកជាមួយនឹងប្រាក់របស់ពូចំនួន ៥ លានរៀល សម្រាប់អ្នកដែលមានកូនភ្លោះរហូតដល់ ៣ …។

ពាក់កណ្តាល ២០១៩ ផ្តល់សាច់ប្រាក់ជូនស្រ្តីក្រីក្រឆ្លងទន្លេ

ឥឡូវនេះពូក៏សុំការយោគយល់ពីកម្មករ/ការិនីទាំងឡាយ នៅពេលពាក់កណ្តាលឆ្នាំក្រោយ យើងនឹងត្រូវអនុវត្តកម្មវិធីមួយចំពោះស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ ដែលជាជនក្រីក្រ នឹងទទួលបានប្រាក់ច្រើនជាងកម្មកា​​រិនីរបស់យើងទៀតផង។ កម្មការិនីរបស់យើងទទួលបានត្រឹមតែ ៤០ ម៉ឺនរៀល ឯចំពោះនារីដែលមានផ្ទៃពោះ និងឆ្លងទន្លេនៃកូនខ្ចី នឹងទទួលបាន ៧៦ ម៉ឺនរៀលឯណោះ។ សុំអធ្យាស្រ័យអំពីប្រជាជនទូទៅ ដែលមិនផ្តល់បានគ្រប់ៗគ្នា ​ព្រោះយើងមិនបានគ្រប់ដណ្តប់ទាំងអស់ទេ បើគ្របដណ្តប់ទាំងអស់ យើងមិនដើរចំគោលដៅគោលនយោបាយគាំទ្រចំពោះអ្នកក្រីក្រនោះទេ។ យើងចង់បានសមធម៌ ប៉ុន្តែសមធម៌របៀបអ្នកមានក៏បាន អ្នកក្រក៏បាននេះ មិនគួរត្រូវបានអនុវត្តនោះទេ។ សមធម៌ធ្វើដំណើរនៅលើផ្លូវថ្នល់ សមធម៌ចូលរៀនសាលា របបសមធម៌ប៉ុណ្ណឹងបានហើយ។ ប៉ុន្តែ សមធម៌ដែលគេបានទទួលយកប្រាក់ពីរដ្ឋ ទៅសម្រាប់គ្រួសារអ្នកដែលមានប្រាក់រាប់លាន រាប់រយលាន រាប់សិនលាននោះ វាមិនមែនជារឿងជម្រើសដ៏ល្អទេ។ យើងត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ចំពោះស្រ្តីក្រីក្រវិញ ដែលចាប់ផ្តើមមានផ្ទៃពោះភ្លាមរហូត ដល់ពេលឆ្លងទន្លេ យើងត្រូវឧបត្ថម្ភ ៤ ដង ក្នុងមួយលើកគឺ ៤ ម៉ឺនរៀល ៤ ដង គឺចំនួន ១៦ ម៉ឺនរៀល មុនឆ្លងទន្លេ​។ ដល់ពេលឆ្លងទន្លេត្រូវឧបត្ថម្ភ ២០ ម៉ឺនរៀល។ ក្រោយពីឆ្លងទន្លេហើយ​ យើងត្រូវឧបត្ថម្ភ ១០ ដង ទៀត ក្នុងមួយដងគឺ ៤ ម៉ឺនរៀល ស្មើនឹង ៤០ ម៉ឺនរៀល ដូច្នេះ សរុបទៅ ស្រ្តីមានផ្ទៃពោះម្នាក់ពីចាប់ផ្តើមមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ ឆ្នាំ នឹងទទួលបាន ១៩០ ដុល្លារ សហរដ្ឋអាមេរិក ស្មើនឹង ៧៦ ម៉ឺនរៀល​ …។

បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីរក្សាសន្តិភាព និងប្រាក់ចំណូល

តែរឿងទាំងអស់នេះ អនុវត្តបាន ឬមិនបាន ក្មួយៗរក្សាបានអត្ថប្រយោជន៍ ឬមិនរក្សាបាន វាស្ថិតនៅលើការសម្រេច​​ចិត្តរបស់ក្មួយហើយ លើការសម្រេចចិត្តរបស់ប្រជាជនយើងហើយ តើយើងត្រូវបន្តការខិតខំ ដើម្បីរក្សានូវអ្វីដែល​ជារបស់មានក្នុងដៃ គឺការងារ និងប្រាក់ចំណូលដែលកំពុងមាននេះ ឬទេ? នេះជាការសម្រេចចិត្តសំខាន់ណាស់ សម្រាប់ថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ នៅសល់តែ ៣៩ ថ្ងៃទៀតទេ ពេលនោះនឹងមកដល់ហើយ។ បញ្ហាវាស្ថិតនៅត្រង់ថា ដើម្បីធានានូវការងារធ្វើ ធានានូវប្រាក់ចំណូល ជំហានមុនគេ ត្រូវរក្សាសន្តិភាពឲ្យបានសិន បើរក្សាសន្តិភាពមិនបានទេ ប្រទេសមានកលិយុគកើតឡើងនូវស្ថានភាពជ្រួល​ច្របល់ រោងចក្រសហគ្រាសត្រូវដកចេញពីកម្ពុជា ពេលនេះការងារត្រូវបាត់បង់​ ប្រាក់ចំណូលក៏គ្មានទៀតដែរ។ ដូច្នេះ ដើម្បីធានានូវសុខសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍ ធានានូវការងារធ្វើ និងប្រាក់ចំ​ណូល ដែលក្មួយៗកំពុងមាន គឺការបោះឆ្នោត។ ចំណុចនេះ វាងាយទេ បើក្មួយៗសម្រេចចិត្តត្រូវ វាងាយទេ នៅក្នុងការរក្សានូវស្ថានភាព ដែលមានសន្តិភាពដូចសព្វថ្ងៃ និងប្រាក់ចំណូលដែលមានដូចសព្វថ្ងៃ នឹងបន្តកើន​ឡើងគឺវាងាយទេ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ងាយចាំ ស្រួលរក លេខរៀងទី​ ២០, លេខ ២០ មានអត្ថន័យ ២ យ៉ាង

ងាយចំណាំណាស់ ព្រោះប៉ុន្មានអាណត្តិ ជីដូនជីតា​របស់ក្មួយៗ ឪពុកម្តាយក្មួយៗ រហូតមកដល់ក្មួយៗ ច្បាស់ជាចាំបានថា គណបក្សប្រជាជនមានសញ្ញាអីហើយ សញ្ញាទេវតាបាចផ្កា។ មានបក្សនយោបាយ​ខ្លះគេបង្អាប់​បន្តុះថា សញ្ញាគណបក្សយើងថា ស្រីលើកជើង ប៉ុន្តែ អ្នកដែលប្រមាថចំពោះទេវតាតែងតែមានទទួលបាននូវបាបកម្ម។ ឥឡូវនេះ វាកាន់តែងាយស្រួលទៅទៀត នៅត្រង់ថាគណបក្សប្រជាជនចាប់ឆ្នោតបានត្រូវលេខរៀងទី ២០ អញ្ចឹង ២០ ងាយរកទេ ២០ គឺជាខូបលើកទី ២០ នៃថ្ងៃដែលយើងបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវសន្តិភាព និងការឯកភាពទាំងអស់នេះ។ នេះជាការងាយចងចាំ ហើយ ២០ នេះចំនួនគណបក្សនយោបាយដែលចូលរួមបោះឆ្នោតមាន ២០ គណបក្ស។ បានសេចក្តីថា បក្សយើង គឺជាបក្សកូនពៅ គឺជាបក្សដែលនៅថែទាំឪពុកម្តាយ នៅជាមួយឪពុកម្តាយរហូត ព្រោះធម្មតាកូនពៅ គឺវាអញ្ចឹង។ ម្យ៉ាងទៀត វាគាប់ជួនដែរ ថ្ងៃ ២០ គឺជាថ្ងៃ ដែលពូបានចាកចេញដឹកនាំតស៊ូដើម្បីសង្គ្រោះប្រជាជន សង្រ្គោះប្រទេសកម្ពុជារបស់យើងចេញពីរបបប្រល័យពូជសាសន៍។ សូមកុំភ្លេចទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឲ្យចំគណបក្សប្រជាជនដែលមានសញ្ញាបាចផ្កា និងលេខរៀងទី ២០ ពេលនោះសន្តិភាព និងការអភិវឌ្ឍ នឹងត្រូវបន្ត។

សូមជួយបង្ក​លក្ខណៈងាយស្រួលដល់ការធ្វើការឃោសនា ឬចុះជួបសមាជិករបស់គ្រប់គណបក្ស

មិនមែនជាពេលវេលា ដែលពូត្រូវធ្វើការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែ គ្រប់បក្សនយោបាយទាំងអស់ គ្រាន់តែគេមិននិយាយ គេអត់មានទូរទស្សន៍ផ្សាយតែប៉ុណ្ណោះ។ ឯពូនៅក្នុងតំណែងជានាយករដ្ឋមន្រ្តី ពូនិ​យាយ … គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់គ្រប់គ្រងលើដំណើរការ នៃការនិយាយបែបនេះនោះទេ។ ប៉ុន្តែ ខ្ញុំក៏សុំយកឱកាសនេះ អំពាវនាវសាជាថ្មីម្តងទៀត សម្រាប់អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលឲ្យបណ្តាបក្សនយោបាយដទៃធ្វើសកម្មភាព តាមរយៈការជួបជុំសមាជិកស​មា​​ជិកាគណបក្សរបស់គេ តាមរយៈការលើកផ្លាកសញ្ញានៅតាមទីកន្លែងនានា។ នេះក៏ត្រូវបង្កលក្ខណៈឲ្យបក្សនយោបាយនានាបានធ្វើសកម្មភាពប្រកួតប្រជែង។ វាមិនមែនជាដំណាក់កាលនៃយុទ្ធនាការទេ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សក៏ត្រូវបានទៅជួបសមាជិកសមាជិកា ដែលត្រូវបង្កលក្ខណៈសម្បត្តិ(ងាយស្រួល)ឲ្យគេ។ គេក៏ត្រូវលើកផ្លាកនៅ ទីកន្លែងនេះ ទីកន្លែងនោះ ដែលបក្សនយោបាយណាមួយដាក់បាន បក្សនយោ​បាយដទៃ ក៏អាចមានសិទ្ធិដាក់បានដូចគ្នា មិនត្រូវមានការរើសអើងថា បក្សកាន់អំណាចដាក់បាន ប៉ុន្តែបក្ស​ដទៃទៀតដាក់មិនបាននោះទេ។

ត្រូវខិតខំធ្វើកិច្ចការងារនេះឲ្យបានល្អ យើងមិនមែនគិតត្រឹមតែឈ្នះខ្លួនឯងទេ ក៏ប៉ុន្តែ យើងត្រូវដឹងខ្លួនឲ្យច្បាស់ថា បក្សយើងជាបក្សគ្រប់គ្រងអំណាច ដូច្នេះ យើងក៏ត្រូវគិតទៅដល់ស្ថានភាពរួម នៃការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី យុត្តិធម៌ដែលអាចទទួលយកបានទាំងអស់គ្នា។ ដូច្នេះត្រូវចាប់សម្រួល មិនមែនគ្រាន់តែយុទ្ធនាការ ២១ ថ្ងៃ ប៉ុណ្ណោះទេ តែត្រូវសម្រួលឲ្យបេក្ខជនតំណាងរាស្រ្ត ឬក៏មេដឹកនាំបក្ស គេអាចធ្វើសកម្មភាពបាននៅទីកន្លែងដែល(គេចង់)។ ឧទាហរណ៍ គេជួបជុំនៅកន្លែងណាមួយ បើគេជួបជុំនៅតាមផ្ទះសកម្មជនរបស់គេ អាហ្នឹងគេគ្រាន់តែជូនដំណឹងមកទេ។ ប៉ុន្តែ បើសិនជាទីលានសាធារណៈ គេត្រូវធ្វើការសុំច្បាប់យ៉ាងណានោះ ត្រូវសម្រួលដោះស្រាយបញ្ហានេះឲ្យគេ ដើម្បីក្លាយទៅជាប្រទេស ដែលមានប្រជាធិបតេយ្យពេញលេញ ហើយឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។

គ្មាននរណា ងាប់ទៅតាមបក្សដែលបានរលាយនោះទេ

ពិតមែនហើយ មានការប៉ុនប៉ងបំផ្លាញការបោះឆ្នោត តាមរយៈការអំពាវនាវឲ្យប្រជាជនកុំទៅបោះឆ្នោត ក៏ប៉ុន្តែ ប្រហែលជាមិនអាចទៅរួចទេ។ ប្រជាពលរដ្ឋរបស់យើងប្រើប្រាស់សិទ្ធិ។ ខ្ញុំគ្រាន់តែលើករឿងមួយ មានមិត្តភក្តិរបស់ពូម្នាក់ ដូចជាឆ្នាំ ២០១២ ពូបញ្ចុះសីមានៅវត្តមួយ ក៏ជួបមិត្តភក្តិម្នាក់ ក៏បានសួរថា ចុះប្រពន្ធកូនយ៉ាងម៉េច? ថាប្រពន្ធបានស្លាប់ហើយ។ ចុះប្រពន្ធឯស្លាប់តើឯងយកប្រពន្ធទៀតទេ? ស្រាប់​តែគេឆ្លើយមកវិញថា “សែន ឯងគិតឲ្យខ្ញុំដេកអោបខ្មោចរហូត? បើមិនឲ្យគ្នាយកប្រពន្ធទៀត​”។ ឥឡូវ ករណីដូចគ្នា។ បក្សមួយបានងាប់ទៅ ដេកអោបបក្សងាប់ហ្នឹងទេ? ឬក៏ត្រូវប្រើសិទ្ធិរបស់ខ្លួន ដើម្បីទៅជ្រើសរើសយកបក្សនយោបាយណាមួយដែលខ្លួនស្រលាញ់? ឥឡូវសូម្បីតែជីវិតមនុស្សទៅចុះ ប្រពន្ធមួយស្លាប់ទៅ កម្រណាស់ ក្នុង ១០ មានពាក់កណ្តាល ដែលប្តីស្លាប់ទៅ មិនយកប្តីទៀត ប៉ុន្តែពាក់កណ្តាលនៅយកប្តីទៀត​។ ហើយអាហ្នឹង បើនិយាយពីស្រ្តី។ ប៉ុន្តែ បើបុរសវិញក្នុង ១០ គឺ ៧ ហើយដែលយកប្រពន្ធទៀត។ សូម្បីតែចំណាស់ជិតចូលរណ្តៅហើយក៏រកដែរ។ ស្រ្តីខ្ញុំចាត់ទុកថាពាក់កណ្តាល ៥០ ភាគរយ មិនយកប្តីទៀតទេ គឺនៅថែទាំកូន។ ប៉ុន្តែ បុរស ៧០ ភាគរយ ប្រពន្ធស្លាប់ទៅយកប្រពន្ធទៀត …។

នៅស្រុកខ្មែរមិនមែនមានបក្សនយោបាយ ១ ឬ ២ ទេ។ បក្សនយោបាយមានជាង ៣០ ទៅ ៤០ ឯណោះ។ ប៉ុន្ដែ​ បក្សដែលចូលរួមបោះឆ្នោតមាន ២០ គណបក្ស។ អញ្ចឹងទេ អ្នកដែលចាត់ទុកឲ្យគេអោបខ្មោចរបស់​ខ្លួន ​ប្រហែល​ជាមិនមានសំណាងអោយគេអោបជាមួយទេ។ វា​គ្មានអ្នកណា​ទ្រាំជាប់គុកជាមួយអ្នកជាប់គុកទេ កុំឆ្ងល់ពេក។ ឥឡូវមានមនុស្សប៉ុន្មាននាក់ ទៅជាប់​គុកជាមួយមនុស្ស​​កំពុងជាប់គុក?  ឥឡូវយើងលើកតែប៉ុណ្ណឹងទៅបានហើយ។ មានអ្នកណា? សូម្បីតែ​ឥឡូវអ្នកដែលពីមុននេះ​សកម្ម​ណាស់ ​​​ទៅ​សួរសុខទុក្ខអ្នកជាប់គុក តែឥឡូវស្ងាត់អោយឈឹងដូច​ចោរ​លួច​សេះ …។

ថៅកែ និងកម្មករ ធ្វើយ៉ាងណាឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត

មានរឿងក្រៅពីបញ្ហាសន្ដិភាព ការបង្រួបបង្រួមជាតិ រក្សានូវសន្ដិភាព និងរក្សានូវការងារធ្វើ រក្សានូវប្រាក់​ចំណូល ហើយធានានូវការអភិវឌ្ឍទៅមុខទៀត គឺត្រូវសម្រេចចិត្ដដោយក្មួយៗ និងក្រុមគ្រួសារ និងដោយ​ប្រជាជន ព្រោះប្រទេសរបស់យើងដំណើរឈានទៅមុខ ដោយដំណើរការបោះឆ្នោតជាទៀងទាត់ ដោយ​គ្មានការ​លើកពេលសម្រាប់ការបោះឆ្នោតណាមួយនោះទេ យើងតែងបោះឆ្នោតជាទៀងទាត់។ ក៏ប៉ុន្ដែ ពូ​ក៏​មានសំណូមពរ​ដោយផ្ទាល់ទៅក្មួយៗ ក៏ដូចជាម្ចាស់រោងចក្រទាំងឡាយ ធ្វើយ៉ាងណាខិតខំ​ដើម្បីប្រែក្លាយ​រោងចក្រ​មួយ ឲ្យទៅជាសហគមន៍ដ៏​សុខសាន្ដមួយ។ ថៅកែត្រូវយោគយល់ចំពោះកម្មករ ឯកម្មករ​តាម​រយៈ​ការដោះស្រាយដ៏ត្រឹមត្រូវរបស់ម្ចាស់រោង​ចក្រ កម្មករយើងក៏ធ្វើការងារបានល្អ។ តាមរយៈការងារល្អនោះ គឺ​នឹងត្រូវបានតម្លើងប្រាក់ឈ្នួល និងអត្ថ​ប្រយោជន៍​ទៀត ត្រូវបំពេញឲ្យគ្នាទៅវិញទៅមក។

ម្ចាស់រោងចក្រ បើ​មានតែរោងចក្រ អត់កម្មករ គេមិនហៅថា​ថៅកែរោងចក្រទេ គេហៅថាថៅកែឃ្លាំង ព្រោះវាទៅជា​ឃ្លាំង​ដាក់​ម៉ាស៊ីនដេរអីអញ្ចឹងទៅ ព្រោះវាអត់មានកម្មករ​។ ប៉ុន្ដែ សម្រាប់កម្មកររបស់យើង បើអត់មានរោងចក្រ ក្មួយៗពេលនេះអត់មានឈ្មោះជាកម្មករទេ គឺឈ្មោះជាកសិករ ​បើសិនជាយើងកាន់ចប កាន់នង្គ័ល កាន់កណ្ដៀវ កាំបិតសម្រាប់ធ្វើក្នុងវិស័យកសិកម្មនោះ។ ដូច្នេះទំនាក់ទំនងនៅទីនេះ ត្រូវតែ​ជាទំនាក់ទំនង​ដើម្បី​រក្សា​ឆ្នាំងបាយសម្រាប់ទាំងអស់គ្នា។ ហើយក្មួយៗត្រូវចងចាំ នៅពេលរោងចក្រត្រូវបិទទ្វារ ពេលនោះ​ហើយ អ្នកដែលគ្រោះថ្នាក់មុនគេមិនមែនថៅកែទេ អ្នករងគ្រោះមុនគេ គឺកម្មករតែម្ដង។ បាត់ប្រាក់​ចំណូល​យ៉ាងហោចណាស់ ១៧០ ដុល្លារ ឬបូកប្រាក់អត្ថប្រយោជន៍ដទៃទៀតប្រហែល ២០០ ដុល្លារ ក្នុង​មួយ​ខែ នឹងបាត់ភ្លាម។ ឯចំពោះថៅកែរោងចក្រដេកមើលកាសែតឯណោះសិនទេ។

ដោះស្រាយឲ្យមានកន្លែងពិនិត្យសុខភាព ហូបអាហារ បំបៅកូន តាមរោងចក្រនីមួយៗ

… យើងខិតខំធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទាំងអស់គ្នា។ ជម្រើសដេញ​ចេញ​ពីការងារ មិនមែនជាជម្រើសល្អនោះទេសម្រាប់ថៅកែ។ ឯជម្រើសធ្វើបាតុកម្ម ឬ​កូដកម្ម ក៏មិនមែនជាជម្រើសល្អនោះដែរ ត្រូវមានការពិគ្រោះយោបល់គ្នា។ ថ្ងៃមុន ពូបាន​ជួបសមាគម​រោងចក្រ​កាត់​ដេរ ពួកគេមានការរីករាយខ្លាំងណាស់ ដោយ​សារក្នុងរយៈកាលចាប់ពីខែ ៨ មក មិនមានបាតុកម្ម​ខុសច្បាប់ណាមួយកើតឡើងទេ ព្រោះ យើងបាន​រកវិធីឈ្នះឈ្នះសម្រាប់ទាំងម្ចាស់រោងចក្រ សម្រាប់ទាំង​កម្មករ​របស់យើង។ ម្ចាស់រោងចក្រត្រូវគិតគូរ​ពី​សុខទុក្ខរបស់កម្មករ រាប់តាំងពីអនុសាសន៍របស់ខ្ញុំ តែងតែបានផ្ដល់​ក្នុងរោងចក្រនីមួយៗត្រូវមាន គេ​ហៅថា មណ្ឌលសុខភាព ដែលគេហៅថា កន្លែងពិនិត្យសុខភាព។ នៅតាមរោង​ចក្រនីមួយៗត្រូវខិតខំធ្វើម៉េចឲ្យ​មាន​កន្លែងទទួលទានអាហារសម្រាប់កម្មករ មានកន្លែងបំបៅកូនសម្រាប់កម្មករ ធ្វើបានកាន់​តែ​ល្អកាន់​តែ​ប្រសើរ។ ខ្ញុំអរគុណណាស់ ដែលបង្ហាញពីការយកចិត្ដទុកដាក់។ រោងចក្រនៅកន្លែងខ្លះពិតមែន​ហើយ​មិន​ទាន់បង្កើត ត្រូវធ្វើឲ្យវាកើតឡើង។ ធ្វើបានបែបនេះ កម្មករមានកន្លែងទទួលទានអាហារងាយស្រួល ហើយ​មានកន្លែងខ្លះក្រៅពីមានកន្លែងហូបចុកស្រួលបួលហើយ គេនៅមានផ្ដល់បាយឲ្យមួយពេល ឬពីរពេល ឬ​រហូតដល់ ៣ ពេលថែមទៀត។ ដូចនេះជាការយកចិត្ដទុកដាក់ដល់សុខភាពកម្មករ នៅពេលដែលកម្មករ​មាន​សុខភាពល្អ ក៏ធ្វើការងារទទួលបានផលិតផលខ្ពស់ផងដែរ។

បាត់បង់រោងចក្រភ្លាម កម្មករបាត់បង់ប្រយោជន៍មុនគេ

មានតែការយោគយល់គ្នា ដោះស្រាយដោយវិធីស្រុះស្រួលតែប៉ុណ្ណោះ ទើបនាំមកនូវជោគ​ជ័យរួម​សម្រាប់​​ទាំងអស់គ្នា។ ផលប្រយោជន៍ ដែលទទួលបានមុនគេ គឺកម្មករ។ ​បើបាត់បង់​រោង​ចក្រទាំង ១ ពាន់​ ឬពាក់កណ្ដាល កម្មករសឹងតែកន្លះលាននាក់ នឹងបាត់បង់ប្រាក់ចំណូលភ្លាម អាច​និយាយបានថាប្រាក់ឈ្នួលទាំង​អស់មួយឆ្នាំប្រហែលប៉ុន្មាន? ប្រហែលជាង ២ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ បើយើងបាត់តែ ៥០% រោងចក្រ យើងនឹងបាត់បង់ ១ ពាន់លានដុល្លារ។ បើយើងបាត់ថា ១០% យើងនឹងបាត់ ២ រយលាន ដុល្លារភ្លាម។ ប្រទេសតូចមួយដែលមានទំ​ហំប្រាក់ចំណូល​សម្រាប់​កម្មករ​តែក្នុងផ្នែក​វាយនភ័ណ្ឌចំនួន ២ ពាន់លានដុល្លារ គឺមិន​តូចទេ។ មិនទាន់គិតដល់​កម្មករនៅតាម​បណ្ដា​សណ្ឋាគារ កសិដ្ឋាន ផ្នែកវិស័យ​កសិកម្ម និងផ្នែកសិប្បកម្មដទៃ​ទៀតផង។ ដូច្នេះ ត្រូវយល់ពី​អត្ថ​ប្រយោជន៍​ ដែលយើងត្រូវទទួលបាន តាមរយៈការខិតខំរួម ហើយមិនត្រូវទុកឲ្យ​អស្ថិរភាព​កើតឡើង​នៅក្នុង​ប្រទេសរបស់យើងទេ ដែលក្លាយទៅជាវិបត្ដិ ហើយបង្កើតនូវការចាកចេញ ​នៃរោង​ចក្រពីប្រទេស​របស់​យើង​នោះទេ។

ផឹកទឹក ត្រូវនឹកដល់ប្រភពទឹក ទទួលទានផ្លែឈើ ត្រូវនឹកដល់អ្នកដាំដើម‍‍

សង្ឃឹមថា ក្មួយៗនឹងបន្ដរួមដំណើរជាមួយពូដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍ​របស់​ប្រទេស​របស់យើងត​ទៅទៀត។ ពូសន្យាថា នឹងអមដំណើរក្មួយ ក្រុមគ្រួសារក្មួយ​ យ៉ាងតិច​ ១០ ឆ្នាំទៀត។ ប៉ុន្ដែ អម​បាន ឬ​មិនបាន ចំណុះនៅលើដៃរបស់ក្មួយ គូសឲ្យចំលេខរៀងទី ២០ ចំពោះគណបក្ស​ ដែលមានរូបទេវតា​បាចផ្កា​នោះ។ បើចង់បានអ្នកដទៃ អាហ្នឹងរឿងរបស់អ្នកដទៃទេ។ ​ពូ​គោរព​សិទ្ធិរបស់អ្នកដទៃ អ្នកណាចង់បោះឲ្យបក្សណា ក៏ប៉ុន្ដែពូនៅតែជឿជាក់ថា តាមរយៈជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ដែលបានរួមដំណើររយៈពេលជិត ៤០ ឆ្នាំប្លាយមកហើយនោះ នឹងបន្ដតទៅទៀត តាមរយៈក្មួយៗដែលជាអ្នកបន្ដវេន «ផឹកទឹក ត្រូវនឹកដល់ប្រភពទឹក ទទួលទានផ្លែឈើ ត្រូវនឹក​ដល់អ្នកដាំ​ដើម‍‍»។ ក្មួយៗពិតជានឹកទៅដល់គុណជីដូនជីតា ឪពុកម្ដាយ​របស់ក្មួយៗ ដែលបាន​ខិតខំតស៊ូ​ជំនះ​រាល់ការលំបាកទាំងឡាយ ​ដែល​បានដឹក​នាំក្មួយៗមកដល់ទីនេះ ក្នុងការផ្ដល់ការគាំទ្រទាំងឡាយចំពោះពូ និង​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងកា​រដឹកនាំប្រទេសកម្ពុជារយៈ​ពេល​ជិត ៤០ ឆ្នាំ​កន្លងទៅនេះ។

អ្នកមានផ្ទៃពោះជំនាន់នេះ ក៏សំណាងជាងជំនាន់មុនដែរ

យើងនៅមានពេលដើម្បីជួបជាមួយក្មួយៗចំនួន ៧០៥ នាក់ ហើយក៏អាចមានការបង្កើនថែម​ទៀតផង។ ពូនឹងទៅជួបក្មួយៗដែលមានផ្ទៃពោះ ហើយសូមជូនពរក្មួយៗមានកូនប្រកបដោយការវៃឆ្លាត កូន​ដែល​គួរឲ្យស្រឡាញ់។ ក្មួយៗពិតជាមានភ័ព្វសំណាង មិនដូចពូទេ។ ដែលពូ​និយាយ​អម្បាញ់​មិញ​ មុនពេលដែលចាកចេញ ភរិយារបស់ពូមានផ្ទៃពោះ ៥ ខែ គឺកូនប្រុសច្បងសព្វថ្ងៃ ក៏ប៉ុន្ដែ មុន​ពេល​ដែលមាន​កូនប្រុសទី ២ ដែលច្បងសព្វថ្ងៃនេះ កូនប្រុសបងមួយទៀត ត្រូវបានស្លាប់​ដោយ​ពេទ្យ​ធ្វើធ្លាក់បាក់ឆ្អឹងខ្នង ​ស្លាប់​មួយរំពេច។ ប៉ុន្ដែឥឡូវនេះ កន្លែងណាក៏មានមន្ទីរពេទ្យ គ្រាន់តែជិត និងឆ្ងាយ តែយើងបានសម្រួលចរាចរណ៍ និងបញ្ហាទាក់ទងនឹងការពារសុខភាព។ ក្មួយៗម្នាក់ៗសុទ្ធតែមាន​សៀវ​ភៅ​គេ​ពិនិត្យផ្ទៃពោះ សុទ្ធតែមានពិនិត្យ ចាប់ផ្តើមភ្លាម ដឹងថាមានផ្ទៃពោះហើយ។ ជំនាន់ពូ អត់ដឹងទេ។ ឥឡូវនេះ តែប៉ុន្មានខែក្រោយដឹងថា កូនប្រុស ឬស្រីហើយ។ វាជឿនលឿនដល់ប៉ុណ្ណឹងទៅទៀត។ កាលពីពូនោះ ​ឲ្យតែកូនកើតង៉ាឡើង គឺប្រឹងទៅមើលថាស្រីឬប្រុស? ដំបូងទៅមើលថា មាត់នេះឆែប ឬអត់ ម្រាមជើងគ្រប់ឬអត់? រួចហើយមើលម្រាមដៃគ្រប់ឬអត់? ឥឡូវនេះ តែដល់ខែវាតម្រូវហើយ គឺដឹងថាប្រុស ឬក៏ស្រីហើយ។

បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ

ស្ថានភាពវាមិនដូចគ្នានៅក្នុងដំណាក់កាលមុនទេ ហើយសុំកុំឲ្យរឿងអតីតកាលដ៏ឈឺចាប់សម្រាប់​ប្រទេសយើងត្រឡប់មកវិញ​។ ប្រទេសយើងឈឺចាប់លើសពីការគ្រប់គ្រាន់ណាស់ហើយ។ ជីដូនជីតា ឪពុកម្តាយ​របស់ក្មួយៗ បានឈឺចាប់ បានបាត់បង់ជីវិតដោយសារសង្គ្រាម ដោយសាររបបប្រល័យពូជសាសន៍ គ្រប់គ្រាន់ហើយ។ ប្រទេសមួយនេះ មិនត្រូវកើតឡើងនូវសង្គ្រាម ឬអស្ថេរភាពណាមួយបំផ្លាញសេចក្តីសុខរបស់ប្រជាជនតទៅទៀតទេ។ យើងត្រូវរួមគ្នាដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍ​ ហើយបើចង់រក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ … មិនមែនជាការសន្យាខ្យល់ទេ វាកំពុងតែបាន និងកើតពិត ហើយបន្តកើតពិតនៅលើផ្លូវដែលយើងកំពុងដើរជាមួយគ្នា។

កុំខឹងគោ វាយរទេះ

ពិតហើយ វាមិនទាន់គ្រប់គ្រាន់​តាមការចង់បានរបស់យើងទេ រាប់ទាំង​បញ្ហាអសកម្មខ្លះៗ ដែលកើតមាននៅតាមកន្លែងនេះ កន្លែងនោះ។ ក៏ប៉ុន្តែ ខ្ញុំសុំស្នើថា សុំកុំខឹងគោ វាយរទេះ ខឹងនឹងមេភូមិ មកជេរ ហ៊ុន សែន ដែរ … ទាស់គ្នាជាមួយមេភូមិ មកជេរ ហ៊ុន សែន។ រឿងនេះគិតមើលប៉ុណ្ណេះទៅចុះ ឥឡូវឪពុកម្តាយរបស់ក្មួយៗ មានកូនត្រឹមតែ ៥ នាក់ ពិបាកគ្រប់គ្រងណាស់ទៅហើយ ទាស់គ្នា កូនខ្លះល្អ កូនខ្លះមិនល្អ កូនខ្លះរៀនពូកែ កូនខ្លះរៀនមិនពូកែ … ចុះទម្រាំពូ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ជាងកន្លះលាននាក់ វាមានមន្រ្តីល្អ និងមន្រ្តីមិនល្អដែរ។ ដូច្នេះ បានជាយើងប្រឹងប្រែងបន្ត។ តាកែវនេះ ត្រូវចាប់ចៅហ្វាយខេត្តតាកែវ​ញាត់គុក មិនទាន់នឹងកាត់ទោសផង ដោយសារវាមានរឿង។ គ្រាន់តែចៅហ្វាយខេត្ត ២៥ នាក់ ពិបាកណាស់ទៅហើយ នៅអនុខេត្ត អញ្ចឹង វាមិនមែនល្អទាំងអស់នោះទេ។ ដូងវាមានតក់ វាមាននាឡិ ម្រាមដៃវាមានវែងមានខ្លី ប៉ុន្តែពូសូមឲ្យមានការយោគយល់។ ត្រូវតែថ្លឹងថា ចំណុចល្អវាច្រើនជាង ឬចំណុចអាក្រក់វាច្រើនជាង ក្នុងការដឹកនាំប្រទេសមួយ។ ជំនាន់ ប៉ុល ពត បំផ្លាញខ្ទេច ជំនាន់ លន់ នល់ បំផ្លាញស្ទើរតែអស់ សម្លាប់ជីវិតមនុស្សមិនតិចទេ។ គ្រាន់តែដោះស្រាយផលវិបាកនៃសង្គ្រាម ដែលបានកើតពីឆ្នាំ ១៩៧០ និងផលវិបាកដែលបន្សល់ទុកដោយរបប ប៉ុល ពត វាលំបាកណាស់ទៅហើយ។ ដូច្នេះ សង្ឃឹមថា នឹងមានការយោគយល់អំពីស្ថានការណ៍របស់យើង។

បន្តតំណែងជាបេក្ខភាពនាយករដ្ឋមន្រ្តី ១០ ឆ្នាំទៀត

ប៉ុន្តែ ពូដឹងច្បាស់ តាមរយៈជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ហើយមកដល់ក្មួយៗ ដែលកំពុងទទួលផលប្រយោជន៍អំពីការដឹកនាំរបស់គណបក្សប្រជាជន លើផ្លូវសន្តិភាព និងការអភិវឌ្ឍ ក្មួយៗពិតជាមិនបោះបង់ចោលនូវតួនាទីរបស់គណបក្សប្រជាជន ក្នុងការដឹកនាំប្រទេសបន្តទៀតទេ។ ជាងនេះទៅទៀត​ ពូនឹងបន្តឈរក្នុងតំណែងជានាយករដ្ឋមន្រ្តី ជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជន សម្រាប់រយៈពេល ១០ ឆ្នាំ ទៅមុខទៀត។

ហ៊ុន សែន ត្រូវបានស្គាល់យូរណាស់មកហើយ

ថ្ងៃនេះ គឺបាននាំមកសម្រាប់ក្មួយៗ ហើយក្មួយៗក៏មិនមែនមកដើម្បីលុយពូប៉ុណ្ណឹងទេ ប៉ុន្តែ ពិតជាមានការចង់ជួបគ្នា។ ហើយអរគុណណាស់ មិញក្មួយៗថើបពូច្រើន … ការថើបពូនេះ ក៏បង្ហាញអំពីទឹកចិត្ត មិនមែនគ្រាន់តែទំនាក់ទំនងរវាងមេដឹកនាំ ជាមួយនឹងប្រជាជនទេ ក៏ប៉ុន្តែ បង្ហាញចេញពីទឹកចិត្តចាត់ទុកពូដូចជាឪពុក ឪពុកមា ឬឪពុកធំ ឬដូចជាជីតា តែឥឡូវពូសុំរើសឲ្យហៅ ពូ សិនចុះ កុំទាន់ហៅអ៊ំ កុំអាលហៅតាអី វាចាស់ពេក។ កាយវិការបែបនេះ មិនមែនក្មួយទើបនឹងស្គាល់ពូមួយថ្ងៃ ពីរថ្ងៃទេ​ តាមរយៈជីដូនជីតា ឪពុកម្តាយ ហើយតាំងពីពេលក្មួយកើតឡើង លឺឈ្មោះតែ ហ៊ុន សែន ហ្នឹងរហូតមក។ ឈ្មោះ ហ៊ុន សែន ពេលខ្លះត្រូវបានប្រជាជនស្គាល់ជាងឈ្មោះគណបក្សទៅទៀត។ ជួនកាលមិនស្គាល់ឈ្មោះ គណបក្សប្រជាជនទេ ជួនកាលហៅឈ្មោះ គណបក្សប្រជាជនខុស ប៉ុន្តែ ហៅឈ្មោះ ហ៊ុន សែន ច្បាស់។ អញ្ចឹងទេ ពូមិនមែននៅជាមួយក្មួយតាមរបៀបកញ្ឆក់កណ្តៀត មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ មួយឆ្នាំ ពីរឆ្នាំ រួចហើយពេលបោះឆ្នោតមានមុខ ពេលមិនបោះឆ្នោតទៅបាត់ មិនមែនអញ្ចឹងទេ នៅរហូតមួយជីវិតទៅហើយៗ បន្តនៅ ១០ ឆ្នាំ ទៀត ក៏វាមិនទាន់ចាស់ប៉ុន្មានដែរ។ មិញក្មួយខាងនោះថា នៅសង្ហាខ្លាំងណាស់។ ចាស់ៗ និយាយនឹងកូនពូថា ចៅឯងស្អាតណាស់។ កូនរបស់ពូបានប្រាប់ថា អត់ទេ ពុកខ្ញុំស្អាតជាង។ ដល់គាត់បកស្រាយថាម៉េច? គាត់ថា បើពុកខ្ញុំមិនស្អាតទេ ម៉ែខ្ញុំមិនយកគាត់ធ្វើប្តីទេ។ បើសិនជាពូមិនស្អាតទេ ច្បាស់ជាមីងមិនយកទេ។ ឯមីងក៏ដូចគ្នាដែរ បើមីងមិនស្អាត ក៏ពូមិនយកដែរ និយាយឲ្យវាស្មើភាព។

អំពាវនាវកម្មការិនីបន្តរើសប្តី តែមិនមែនរើសអើងចំពោះជនពិការ និងយុទ្ធជនពិការ

ឥឡូវមានរឿងអញ្ចេះ គេថា នារីៗកម្មករកាត់ដេររើស​ប្តីណាស់ឥឡូវ។ ត្រឹមត្រូវ ពូបន្តអំពាវនាវឲ្យក្មួយៗរើសប្តីតទៅទៀត។ និយាយមិន​រើសប្តីយ៉ាងម៉េច? យើងត្រូវ​តែរកប្តីឲ្យវាបានត្រឹមត្រូវ យកម៉េច បើអ្នកឯងសេពគ្រឿងញៀន អ្នកឯងផឹកស្រវឹងខួប មកផ្ទះវាយធ្វើបាបទៀត អាហ្នឹងយកមកធ្វើអី? ​ប៉ុន្តែ និយាយយ៉ាងនេះ មិនមែនឲ្យក្មួយៗរើសអើងចំពោះយុទ្ធជនពិការនោះទេ។ គ្នាពិការគ្នាក៏ចង់បានប្រពន្ធដែរ … មីងសម្រេចចិត្ត​យកពូ មិនមែនសម្រេចចិត្ត​នៅក្នុងស្ថានភាព ដែលពូមានភ្នែកទាំងពីរទេ។ ពិតមែនហើយ បានជួប​គ្នា ស្រឡាញ់គ្នា តាំងពីមុនពូពិការភ្នែក ក៏ប៉ុន្តែ មីងនៅចិញ្ចឹមចិត្តយកពូជាប្តី នៅពេលពូពិការភ្នែកម្ខាង ហើយភ្នែកម្ខាងទៀត មិនទាន់ទាំងដឹងថា វាឆ្លងមកខ្វាក់ម្ខាងទៀត ឬអត់? ប៉ុន្តែ ការ​សម្រេចចិត្តរបស់មីង គឺពិតជាត្រឹមត្រូវណាស់។ ឥឡូវយើងមានកូន ៥ និងចៅរហូតដល់ ២០ នាក់។ មានចៅមួយចូលមហាវិទ្យាល័យនៅឆ្នាំនេះ។ ឥឡូវ កំពុងអ៊ុតមើលថា ចៅទី ២១ និង ២២ ប៉ុន្តែ វាស្ងាត់បាត់ដំណឹងទៅ ប្រហែលជាមើលទៅបញ្ចប់ត្រឹម ២០ ហ្នឹងហើយ។

ពូបានសម្រេចជោគជ័យបង្កើតក្រុមបាល់ទាត់ត្រកូល ហ៊ុន មួយក្រុម និងក្រុមបាល់ទះ ត្រកូល ហ៊ុន មួយក្រុម និងបាល់បោះត្រកូល ហ៊ុន មួយក្រុម ត្រូវជា ៣ ក្រុម ព្រោះបាលទាត់ដដែលហ្នឹង យកទៅធ្វើបាល់ទះទៅ ហើយអាបាល់ទះហ្នឹង យកទៅធ្វើបាល់បោះទៅ ប្រភេទបីកីឡាហ្នឹង ឲ្យវាចេះទាំងអស់ ហើយនិងបង្កើតកីឡាបាល់ទះនារីបានមួយក្រុមទៀត បាល់បោះនារីបានមួយក្រុមទៀត អញ្ចឹងយើងបាន ៥ ក្រុម។ បាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម បាល់ទះនារីមួយក្រុម និងបាល់បោះនារីមួយក្រុម។ ទុកអាតូចមួយនោះឲ្យធ្វើគ្រូពេទ្យ សម្រាប់ឲ្យធ្វើម៉ាស្សា ព្រោះឡើងដល់ទៅ ១២ ប៉ុន្តែ ត្រូវទុកជាអ្នកកីឡាបម្រុងផងដែរ។ ពូនឹងធ្វើជាគ្រូបង្វឹកផ្ទាល់ នឹងឈានទៅដល់ស៊ីហ្គេម ២០២៣ ប្រហែលជាអាចមានចៅខ្លះអាចចូលទាត់ក្នុងជម្រើសជាតិ ព្រោះគេកំពុងហាត់ទាត់បាល់ដែរ រាល់ថ្ងៃនេះ។

និយាយដល់កន្លែងហ្នឹងហើយ ទៅណានោះមួយវង់ រកផែចូលមិនឃើញ រកចប់កន្លែងមិនឃើញ។ ឥឡូវ ពូបាននាំមកសម្រាប់ក្មួយៗ​ ១៧.៦៦៧ នាក់ មកពី ១៣ រោងចក្រ ក្នុងម្នាក់ៗជូនបានតែ ២ ម៉ឺនរៀលទេ សម្រាប់ការជួបនៅពេលនេះ។ ហើយក្រុមតន្រ្តីសម័យចំនួន ៥ លានរៀល។ ហើយថ្ងៃនេះ មានមកទេ ម្ចាស់បទ ពាមកោះស្នា វាចាប្រុសស្នេហ៍ នោះ? ពេជ្ជតា មក ហ្នឹងហើយ … ឥឡូវ ខាងឯកឧត្តម ហ៊ុន ហេង ចាប់ផ្តើមបង្ហោះចម្រៀងទាំងអស់ចេញ ហើយសម្រាប់ក្មួយៗកម្មការិនីមានផ្ទៃពោះ ពូនឹងដើរទៅជួប ហើយសូមកុំភ្លេចថា នៅពេលដែលក្មួយៗដឹងថាមានកូនភ្លោះ ប្រាប់ពូថាមានកូនភ្លោះ ពូនឹង​ជូន ២ ស្រោមសំបុត្រ។

ពិភពលោកប្រែប្រួល World Cup ក៏ប្រែប្រួល

ខាងនេះ តារាងបាល់ទាត់ គិរីវង្សសុខសែនជ័យ អ្នកគិរីវង្សមកទាត់នៅនេះ ហើយដាក់ឈ្មោះគិរីវង្ស។ ខាងគិរីវង្ស​ បានលេខប៉ុន្មាន? … មិនទាន់មានទេ .. ប្រឹងឲ្យវាឈ្នះទៅ។ ប៉ុន្តែ កីឡាវាមានឈ្នះ មានចាញ់ អ្នកខ្លះចាក់ខាងអាល្លឺម៉ង់ស៊ីសៀងរហូត។ វាមិនដែលអាល្លឺម៉ង់ប៉ុនមេឃប៉ុនដី ទៅចាញ់ម៉ិចស៊ិច? យប់មិញ​នេះ រឿងដែលមិនគួរឲ្យជឿ គឺប៉ូឡូញ ទៅចាញ់សេណេហ្គាល់។ បាល់វាមូលក្មួយ។ មេត្តាសូមអំពាវនាវកុំឲ្យ​នាំគ្នាលេខភ្នាល់ ហើយបើសិនជាភ្នាល់ ត្រឹមថ្ពក់ដៃភ្នាល់ហើយកុំភ្នាល់លុយ។ ឥឡូវហ្នឹង តាមដឹងអ្នកភ្នំ​ពេញ មើលតាមហ្វេសប៊ុកមួយថា យកជប៉ុន សុខចិត្តស៊ីអីក៏ស៊ីដែរ ទៅជាជប៉ុនឈ្នះកូឡុំប៊ីទៅ។ លេងតឲ្យ​គ្នាថា ទាល់តែអាល្លឺម៉ង់ស៊ី ៣-០ បានឈ្នះ ដល់ទៅអាល្លឺម៉ង់ស៊ីគេមិនបាន ចាញ់ៗផ្កាប់មុខតែម្តង។ World Cup ឆ្នាំនេះ សូម្បីតែអ៊ីតាលីក៏អត់មានកៅអីទៅរុស្ស៊ីនឹងគេ។ ពិភពលោកកំពុងប្រែប្រួលហើយ។

ចុងបញ្ចប់ហើយ ជាមួយនឹងការអបអរសាទរ និងការជួបជុំថ្ងៃនេះ ហើយតាមរយៈក្មួយៗ សូមឲ្យពូផ្តាំផ្ញើចំពោះជីដូនជីតា ឪពុកម្តាយ និងក្រុមគ្រួសារ ប្រសិនបើនៅរស់ ផ្តាំការសួរសុខទុក្ខ និងអរគុណ ចំពោះការគាំទ្រទាំងឡាយ ដែលពួកគាត់បានផ្តល់ចំពោះពូ។ អរគុណចំពោះក្មួយៗទាំងឡាយ ដែលបានចូលរួមនៅក្នុងឱកាសនេះ អរគុណចំពោះថៅកែរោងចក្រ ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងទាំងឡាយ ហើយជូនពរចំពោះអ្នកបានចូលរួមទាំងអស់ ពិសេស ក្មួយៗជាកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺអាយុ វណ្ណៈ​ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ