នៅរសៀលថ្ងៃច័ន្ទ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Nimala Sitharaman Honble Raksha Mantri រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ។
លោកស្រី Nimala បានគោរពថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងជ្រាលជ្រៅជាទីបំផុតដែលសម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាកន្លងមក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានការពាក់ព័ន្ធនឹងវិស័យឯកជនផងដែរ ដែលបានធ្វើឲ្យអ្នកវិនិយោទុនឥណ្ឌាមានចំណាប់អារម្មណ៍ជាខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះដែរ លោកស្រី Nimala បានមានប្រសាសន៍ជម្រាបសម្តេចតេជោ តាមរយៈទស្សនកិច្ចនោះគឺបានពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាកាន់តែល្អខ្លាំងឡើង។ នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី Nimala មកកាន់កម្ពុជានាពេលនេះគឺដើម្បីពិនិត្យនិងជំរុញនូវអ្វីដែលប្រមុខដឹកនាំបានចុះហត្ថលេខារួចហើយនោះឲ្យទទួលបានផ្លែផ្កា។ លោកស្រី Nimala ក៏បានមានប្រសាសន៍ផងដែរថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងនិងពង្រីក នូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត ។
លោកស្រីរដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចតេជោ ផងដែរនូវការផ្តល់ជំនួយដល់កម្ពុជាលើវិស័យដោះមីន ក្នុងនោះឥណ្ឌានឹងផ្តល់នូវឆ្កែហិតមីមួយចំនួនដល់កម្ពុជា និងស្នើសុំឲ្យកម្ពុជារួមគ្នាឲ្យបានជិតស្និតក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌា និងកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ឥណ្ឌាដែលជាប្រទេសមួយដែលទទួលស្គាល់កម្ពុជាតាំងពីមុនកម្ពុជាទទួលបានឯករាជ្យមកម្ល៉េះ ហើយក៏ជាប្រទេសទី១ ដែលទទួលស្គាល់កម្ពុជាបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតត្រូវបានបញ្ចប់។ ជាងនោះទៅទៀតឥណ្ឌាបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជារហូតដល់ពីរដំណាក់កាល ដែលដំណាក់កាលទី ១) គឺក្នុងឆ្នាំ ១៩៥៤ និងទី២)នៅក្នុងទសវត្សទី៨០ និងទី៩០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជូននូវជំនួយដល់កម្ពុជាខាងលើ និងអរគុណផងដែរចំពោះការផ្តល់ជំនួយលើកវិស័យដោះមីន។ សម្តេចតេជោ ពេញចិត្តនឹងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ឋរវាងកងទ័ពឥណ្ឌា និងកម្ពុជាក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ (UN)។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពេញចិត្តចំពោះកិច្ចសហការរវាងកងទ័ពឥណ្ឌា និងកម្ពុជា ព្រោះឥណ្ឌាមានបទពិសោធន៍ និងមានបណ្តាញព័ត៌មានជាច្រើន ដែលអាចជួយចែករំលែកព័ត៌មាន និងបទពិសោធន៍ ទាំងនោះដល់កម្ពុជាដែលអាចនឹងជួយកាត់បន្ថយដល់ហានិភ័យដល់កងទ័ពទាំងពីរក្នុងពេលបំពេញភារកិច្ចជាមួយអង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោកស្រីរដ្ឋមន្រ្តីទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕