នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។
កិច្ចប្រជុំកំពូល ACMECS លើកទី៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍មេគង្គដែលមានសមាហរណកម្ម និងការតភ្ជាប់” នឹងត្រូវដឹកនាំដោយ ឯកឧត្តម Prayut Chan-o-cha នាយករដ្ឋមន្រ្តីថៃ ដែលជាប្រធានកិច្ចប្រជុំ។ ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។
ឯកសារសំខាន់ចំនួនបីដែលនឹងត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន៖
(១) បញ្ជីគម្រោងអាទិភាព
(២)ផែនការមេ ACMECS ២០១៩-២០២៣
(៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។
ជាមួយគ្នានោះ កម្ពុជា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលនឹងមានការចូលរួមពីសំណាក់ ឯកឧត្តម Thongloun Sisoulith នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម U Win Myint ប្រធានាធិបតី មីយ៉ាន់ម៉ា និង ឯកឧត្តម Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម ហើយក៏មានការចូលរួមពី ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន ផងដែរ។
កិច្ចប្រជុំ CLMV នាពេលនេះក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ។ ថ្នាក់ដឹកនាំកិច្ចប្រជុំនឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយនិងពិភាក្សារិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នេះ នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ហើយបន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះផងដែរ៕