លោកឧកញ៉ា សុខ គឹមរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា
លោកជំទាវ ម៉ាឡា តាឡឹបណា អតីតរដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា សាធារណរដ្ឋឥស្លាម … និងជាតំណាងឯកឧត្តម បណ្ឌិត យូសុះ អាល់អូសេមិន អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម OIC
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយបន្ទាប់ពីឆ្នាំមុន ដែលយើងបានជួបគ្នានៅទីនេះ ហើយឆ្នាំនេះក៏ជាឆ្នាំមួយដែល យើងបានជួបជុំគ្នាសាជាថ្មីបន្តម្ដងទៀត មុននឹងឈានទៅដល់ដំណាក់កាលថ្មីមួយ ដែលយើងត្រូវនឹងមានការរៀបចំរាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយសារតែយើងមានការជួបជុំគ្នានៅទីនេះ ហើយថ្ងៃនេះមានតំណាង នៃអង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏មានវត្តមាន នៃបណ្ដាមិត្តភក្កិ ដែលបានអញ្ជើញពីបណ្ដាប្រទេសនានា និងសូមសំដែងនូវការស្វាគមន៍ផងដែរ ចំពោះឯកឧត្តមអគ្គរដ្ឋទូតអគ្គរាជទូត ឯកឧត្តមលោក លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។
យកចិត្តទុកដាក់ជាអាទិភាព លើសុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនា
ភាពសប្បាយរីករាយរបស់យើង ស្ថិតនៅត្រង់បញ្ហាសុខដុមរមនា នៃជាតិសាសន៍ ដែលពុំមានជម្លោះណាមួយកើតឡើងនៅក្នុងប្រទេសរបស់យើង។ ខ្ញុំធ្លាប់បានអះអាងនៅទីនេះហើយថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់បំផុត និងអាទិភាពខ្ពស់បំផុត ទៅលើបញ្ហាសុខដុមរមនាជាតិសាសន៍ និងសាសនា។ ចំណុចនេះយើងមិនដែលមានការធ្វេសប្រហែសម្ដងណានោះទេ។ យើងមិនគ្រាន់តែទប់ជម្លោះនោះទេ ក៏ប៉ុន្តែយើងចង់បាននូវភាពសុខដុមរមនា សំដៅធានាថាប្រទេសរបស់យើង ពុំមានជម្លោះជាតិសាសន៍ ឬសាសនាណាមួយកើតឡើងនោះទេ។ ពិតណាស់ថា នៅក្នុងប្រវត្តិអតីតកាលដ៏ឈឺចាប់ និងសោកនាដកម្ម ដែលយើងបានឆ្លងកាត់ក្នុងរយៈពេលកន្លងទៅ វាបន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសរបស់យើងនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងតំបន់ដែលមានជំលោះនៅក្នុងប្រទេសខ្លះ ទៅលើបញ្ហាវិស័យសាសនា ឬជាតិសាសន៍ ក៏ជាមេរៀនពិសោធន៍សម្រាប់ការធ្វើអោយមានសុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តំបន់សហគមន៍ ដែលមានបងប្អូនសាសនិកឥស្លាម ការបោះឆ្នោតអោយគណបក្សប្រជាជនខ្ពស់ណាស់
ថ្ងៃនេះ ខ្ញុំចង់និយាយទៅកាន់បងប្អូនទាំងអស់គ្នា ជាពិសេសសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមជាទៀងទាត់ តាមការអញ្ជើញរបស់ខ្ញុំ ក្នុងឋានៈជាអ្នករៀបចំនូវពិធីស្រាយបួសរ៉ាម៉ាឌន ខ្ញុំចង់ថ្លែងអំណរគុណ ចំពោះបងប្អូនឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនដែលភ្លេចឆ្លើយតបចំពោះបំណងល្អរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលខ្ញុំដឹកនាំនោះទេ។ ជារៀងរាល់ការបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់ក្រោមជាតិ ហើយជាពិសេសការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិឆ្នាំ ២០១៣ កន្លងទៅ និងការបោះឆ្នោតនៅថ្នាក់ឃុំ/សង្កាត់ ឆ្នាំ២០១៧ កន្លងទៅ នៅតំបន់សហគមន៍ ដែលមានបងប្អូនសាសនិកឥស្លាម អត្រាភាគរយ នៃការបោះឆ្នោតអោយគណបក្សប្រជាជនមានកម្រិតខ្ពស់ណាស់ ដែលក្នុងនាមគណបក្សប្រជាជន ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះការទុកចិត្ត ហើយសង្ឃឹមថា ការជឿទុកចិត្តនេះនឹងផ្ដល់ជាសន្លឹកឆ្នោតថែមទៀត ជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ។
លេខរៀងទី ២០ គាប់ជួននឹងខួបទី ២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា
វាមិនមែនជាការឃោសនាសម្រាប់ការបោះឆ្នោតមួយទេនៅទីនេះ ក៏ប៉ុន្តែសម្រាប់ប្រទេសយើង ដំណើរការប្រជាធិបតេយ្យជាទៀងទាត់ ត្រូវបានប្រព្រឹត្តទៅ។ ព្រឹកមិញនេះ មានការចាប់ឆ្នោតជ្រើសរើស ដើម្បីដាក់ទៅលើសន្លឹកឆ្នោត។ ក្នុងចំណោមគណបក្ស ២០ គណបក្សប្រជាជនគឺចាប់បានលេខទី ២០ តែម្ដង។ វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ នៅត្រង់ថា ឆ្នាំនេះគឺជាខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈកាល ៥០០ ឆ្នាំរបស់ខ្លួន ដែលកម្ពុជាចេញពីភាពបែកបាក់ ជាប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន មានកម្លាំងប្រដាប់អាវុធច្រើន។ ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩៩៨ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលព្រះរាជាណាចក្រកម្ពុជាបានលេចចេញជារូបរាង ជាប្រទេសមួយមានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធត្រួតតែមួយ។ ដូច្នេះ លេខរៀងទី ២០ នេះមិនមែនជាការចៃដន្យនោះទេ។ ហាក់ដូចជា សូម្បីតែព្រះពុទ្ធ ឬព្រះអាឡោះ ឬព្រះយេស៊ូក៏ហាក់ដូចជាបានប្រុងប្រៀបរៀបចំសម្រាប់ការចងចាំ ការគិតការគូសទៅលើសន្លឹកឆ្នោតដែលមានលេខរៀងទី ២០ នោះឯង។ នេះមិនមែនជាការចៃដន្យ ហើយក៏មិនមែនជាការឃោសនាបោះឆ្នោតរបស់ខ្ញុំនោះទេ។
ពិធីស្រាយបួសត្រូវធ្វើជារៀងរាល់ឆ្នាំ
ឥឡូវគណបក្សនយោបាយនីមួយៗ សុទ្ធតែមានការផ្សព្វផ្សាយពីលេខរៀងរបស់ខ្លួន ដែលកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ឆ្នោត ប៉ុន្តែខ្ញុំអាចនឹងនិយាយយ៉ាងដូច្នេះនៅទីនេះ អ្វីដែលខ្ញុំចង់និយាយបន្ថែមមុននឹងពិធីស្រាយបួសនឹងបានមកដល់នៅប៉ុន្មាននាទីទៀត ហើយតាំងពីតមអាហាររយៈពេលប៉ុន្មានម៉ោងមកនេះ ជាង ១២ ម៉ោង ក្នុងកម្រិត ១២ ម៉ោង តាំងពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាចគឺ ១២ ម៉ោង … បងប្អូនសាសនិកឥស្លាមអាចនឹងទទួលទានបាន។ ការស្រាយបួសគឺជាទំនៀមទម្លាប់ ដែលបងប្អូនសាសនិកឥស្លាមមិនគ្រាន់តែនៅកម្ពុជាទេ នៅទូទាំងសកលលោក សុទ្ធតែធ្វើដូចគ្នា។ ដូច្នេះ ពេលដែលថ្ងៃរ៉ាម៉ាឌនបានចាប់ផ្ដើម ខ្ញុំក៏បានជូនសារមួយ ជូនពរចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជា ក៏ដូចជាជូនពរចំពោះសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ យើងក៏បានកត់សម្គាល់ឃើញថានៅទូទាំងពិភពលោកក៏បានរៀបចំ ហើយពិធីស្រាយបួសដែលខ្ញុំចូលរួមនៅក្នុងថ្ងៃនេះ ខ្ញុំកំពុងតែគិតថា តើនៅឆ្នាំនេះខ្ញុំនឹងទៅវិហារឥស្លាមណាមួយទៀត ព្រោះថានៅក្នុងរយៈកាលពីរឆ្នាំចុងក្រោយនេះ បន្ទាប់ពីការស្រាយបួសនៅទីនេះហើយ។ ខ្ញុំបានជ្រើសរើសទីតាំងមួយចំនួនទៅចូលរួមស្រាយបួស រាប់ទាំងបណ្តាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន ក៏បានទៅធ្វើពិធីស្រាយបួសនៅទីអារាមនានា។
កំណើនសេដ្ឋកិច្ចប្រទេសយើងរីកលូតលាស់ ក្នុងអត្រា ៧%
ពិធីស្រាយបួសនៅក្នុងឆ្នាំនេះ ខ្ញុំសង្ឃឹមថា នឹងមានការរីករាយច្រើនជាងឆ្នាំមុនៗ ដោយសារកត្តាជីវភាពរបស់យើងបានកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងរយៈកាលមួយឆ្នាំកន្លងផុតទៅនេះ យើងបានខិតខំរួមគ្នាដើម្បីឲ្យកំណើនសេដ្ឋកិច្ចប្រទេសយើងរីកលូតលាស់ ក្នុងអត្រា ៧% ហើយក្នុងកំណើន ៧% នេះក្នុងបរិបទ នៃអតិបរមាទាបជាមួយនិងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាជនយើង ដែលនៅពេលនេះយើងកំពុងស្ថិតនៅក្នុងដំណាក់កាល នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ប៉ុន្តែយើងក៏មានមហិច្ឆតានឹងដាក់ចេញនូវគោលដៅ សម្រាប់ការឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងនោះខ្ញុំសង្ឃឹមថា បងប្អូនសាសនិកឥស្លាមនៅកម្ពុជាទាំងអស់ នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។
ជិត ៤០ ឆ្នាំមកហើយ ការយកចិត្តទុកដាក់ទៅលើសាសនា មិនមែនជាការឆបោក
ក្នុងនេះ ខ្ញុំសូមថ្លែងនូវការអរគុណ ចំពោះប្រិយមិត្តបរទេសទាំងឡាយ ដែលបានចូលរួមចំណែកជួយដល់សមាគមឥស្លាមកម្ពុជា ក៏ដូចជាជួយមកដល់សង្គមជាតិកម្ពុជា។ មិនមែនជាការជួយដាច់ដោយឡែកនោះទេ ការជួយណាមួយមកកាន់ព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានទទួលផលប្រយោជន៍រួមទាំងអស់។ ក្នុងនោះថ្ងៃនេះខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានឃើញថាសហគមន៍ឥស្លាមនៅក្នុងបណ្តាប្រទេសនានា ក៏បានមកចូលរួមនៅក្នុងពិធីរបស់យើង។ ចាត់ទុកថានេះជាការស្រឡាញ់រាប់អាន សម្រាប់ប្រទេសមួយដែលកាន់ព្រះពុទ្ធសាសនា ក៏ប៉ុន្តែបានយកចិត្តទុកដាក់ទៅលើសាសនាដទៃទៀត ហើយជានិមិត្តរូបហើយនេះមិនមែនជាការឆបោកមួយទេ ប៉ុន្តែជាការបង្ហាញចេញរយៈពេលជិត ៤០ ឆ្នាំកន្លងរួមហើយ។ បងប្អូនឥស្លាមត្រូវបានយកចិត្តទុកដាក់ ជាមួយនឹងការខិតខំប្រឹងប្រែងឈានឡើងទាំងអស់គ្នា ពីបាតដៃទទេមកកាន់ឋានៈមកប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
វិស័យសិក្សាអប់រំផ្នែកឥស្លាមរីកចម្រើន ចំនួនសិស្ស និងបញ្ញវន្តកើន
ខ្ញុំក៏មានមោទនភាព ដោយសាររយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងវិស័យអប់រំ ក្រោយពេលដែលរាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌគ្រូបង្រៀនជូនទៅដល់សហគមន៍ឥស្លាម យើងបានឃើញថា វិស័យសិក្សាអប់រំនៅក្នុងផ្នែកឥស្លាម ក៏បានទទួលនូវការរីកចម្រើន ដែលមុននោះ បន្ទុកនៃការផ្តល់ថវិកាសម្រាប់ជួយទៅដល់គ្រូបង្រៀនផ្នែកឥស្លាម ត្រូវរ៉ាប់រងទៅដោយសហគមន៍ ប៉ុន្តែឥឡូវនេះត្រូវបានរ៉ាប់រងដោយរដ្ឋាភិបាល ដែលជាការកាត់បន្ថយនូវបន្ទុកចំណាយរបស់សហគមន៍ និងក្រុមគ្រួសារនៃបងប្អូនឥស្លាម។ ចំនួនសិស្ស និសិ្សតឥស្លាម ចំនួនបញ្ញវន្តរបស់ឥស្លាមក៏មានកាន់តែច្រើន។ ខ្ញុំសូមអំពាវនាវ ហើយបន្តការយកចិត្តទុកដាក់បន្ថែមទៅលើការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនគ្រាន់តែបញ្ហាក្នុងវិស័យសាសនាមួយមុខនោះទេ ក៏ប៉ុន្តែក្នុងវិស័យបច្ចេកវិទ្យា ឬមុខជំនាញផ្សេងៗទៀតដើម្បីទទួលបាននូវការងារធ្វើសមស្រប ឬក៏ទទួលបាននូវការបង្កើតមុខរបរទាំងឡាយ សម្រាប់ជំរុញទៅដល់ការដោះស្រាយជីវភាព និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់យើងផងដែរ។
ចង់ក្លាយជាសមាជិកសង្កេតការនៃអង្គការ OIC
ថ្ងៃនេះយើងពិតជាមានសេចក្តីសប្បាយរីករាយដោយសង្កេតឃើញថា យើងទាំងអស់គ្នាបានរួមដំណើរនៅក្នុងប្រទេសមួយ ដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ។ ចូលយើងកុំភ្លេចថា របាយការណ៍និងសន្ទរកថា រៀបរាប់ដោយឯកឧត្តម អូស្មាន់ ហាសាន់ គឺពិតជាបានឆ្លុះបញ្ជាំងនូវការគិតគូរខ្ពស់ និងផ្តល់តម្លៃ។ ខ្ញុំក៏សូមអរគុណចំពោះការគាំទ្រទាំងឡាយរបស់បងប្អូនសាសនិកឥស្លាម។ ខ្ញុំក៏សូមអរគុណចំពោះលោកជំទាវតំណាងអគ្គលេខាធិការ OIC ហើយអម្បាញ់មិញលោកជំទាវ ក៏បានលើកឡើងអំពីបំណងប្រាថ្នាចង់ឲ្យកម្ពុជាក្លាយទៅជាសមាជិកសង្កេតការនៃអង្គការ OIC។ កម្ពុជាពិតជាមានបំណងបែបនេះ។ ហើយសូមផ្តាំជូនទៅ ឯកឧត្តមអគ្គលេខាធិកា OIC ក៏ដូចជាសមាជិក OIC ដទៃទៀតថា កម្ពុជាពិតជាមានបំណងប្រែក្លាយខ្លួនជាសមាជិកសង្កេតការ នៃអង្គការអន្តរជាតិដ៏ធំមួយនេះ។ ពិតមែនតែប្រទេសយើងមានជនជាតិឥស្លាមចំនួនតិចក៏ពិតមែន ក៏ប៉ុន្តែយើងមានសហគមន៍ដ៏ធំទូលាយមួយ ហើយយើងក៏មានទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀតជាច្រើន។ យើងចង់បានតួអង្គសង្កេតការនៅក្នុងក្របខណ្ឌ នៃអង្គការសហប្រតិបត្តិការឥស្លាម OIC នេះតែម្តង។
ភាពសុខដុមរមនា និងដំណើរការអភិវឌ្ឍ វាចាប់ផ្ទៃតែក្នុងប្រទេសមានសន្តិភាព
ខ្ញុំក៏ពេញចិត្តណាស់ជាមួយសុន្ទរកថាដែល ឯកឧត្តម អូស្មាន់ ហាសាន់ បានលើកឡើង។ តើអ្វីដែលបាននឹងកំពុងកើត ហើយអ្វីដែលនាំមកនូវសុខដុមរមនានៅក្នុងប្រទេសរបស់យើង។ ពិតណាស់បើគ្មានសន្តិភាព វាពិតជាគ្មានការសុខដុមរមនានេះកើតឡើងទេ។ មិនថាជនជាតិ មិនថាសាសនានោះទេ។ អ្វីក៏វាត្រូវខ្ទេចខ្ទាំដែរ។ សូមសម្លឹងមើលទៅកាន់ប្រទេសដែលមានការបែកបាក់ ដែលមានសង្គ្រាម មិនមានសុខដុមនីយកម្មណា កើតឡើងទៅក្នុងផ្ទៃនៃប្រទេសដែលមានសង្គ្រាមនោះទេ។ ភាពសុខដុមរមនា និងដំណើរការអភិវឌ្ឍវាចាប់ផ្ទៃតែក្នុងប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ … ដូច្នេះការមើលស្រាលណាមួយ ឬការមើលរំលងណាមួយចំពោះសន្តិភាព វាពិតជាកំហុសឆ្គងខាងយុទ្ធសាស្រ្តដ៏ធំ នៃប្រទេសនោះតែម្តង។
ការសង្កេតពីប្រទេសនានា មកកាន់ប្រទេសយើង ដោយគ្រាន់តែផ្តល់តម្លៃទៅលើបញ្ហាប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សវាមិនគ្រប់គ្រាន់ទេ បើសិនជាប្រទេសនោះកំពុងមានសង្គ្រាមញាំញី។ សូមសង្កេតមើលទៅប្រទេសស៊ីរី ទៅលីបី ទៅអ៊ីរ៉ាក់ ទៅមីយ៉ាន់ម៉ា និងប្រទេសដទៃទៀត តើប្រជាធិបតេយ្យ និងសិទ្ធិមនុស្សវាបានកើតនៅក្រោមគ្រាប់បែក ឬគ្រាប់ផ្លោងឬទេ? សូមសង្កេតមើល នៅក្នុងប្រទេសរបស់យើង ដែលអ្នកខ្លះបានសង្កេតក្នុងក្រសែភ្នែកដ៏អាប់អួ និងថាកំពុងរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សនោះ តើមួយថ្ងៃៗមានមនុស្សស្លាប់ដូចនៅស៊ីរី ដូចនៅលីប៊ី អ៊ីរ៉ាក់ ឬដូចនៅប្រទេសដទៃទៀត ដែលមានការវាយប្រហារ ដោយភេរវកម្ម(ឬទេ)? នេះគឺជាសំណួរដើម្បីសួរទៅកាន់អ្នកដែលបានសម្លឹងឆ្ពោះមកកាន់យើង ដែលមើលរំលងទៅលើបញ្ហាសន្តិភាព …។
សិទ្ធិមនុស្សនៅឯណា ពេលដែលអ្នកបង្កើតសង្គ្រាម សម្លាប់ប្រជាជនយើង ហើយគាំទ្រឃាតករ
យើងពិតជាកំពុងដំណើរការទាំងសន្តិភាព ទាំងដំណើរការអភិវឌ្ឍ ទាំងដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតជាទៀងទាត់។ នេះមិនមែនជាសង្កថានយោបាយ ដែលពាក់ព័ន្ធជាមួយចម្លើយ និងសំណួរពាក់ព័ន្ធជាមួយនឹងការវិនិច្ឆ័យរបស់អ្នកនេះ ឬអ្នកនោះ នោះទេ ក៏ប៉ុន្តែខ្ញុំចង់ទាក់ទាញអារម្មណ៍ថា សុំកុំធ្វើកំហុសឆ្គងដូចពីអតីតកាល ដែលធ្វើបាបយើងសព្វបែបយ៉ាងនោះ។ បង្កើតសង្គ្រាមនៅក្នុងប្រទេសរបស់យើង ហើយបានសម្លាប់យើងរាប់លាននាក់ បន្តគាំទ្រឃាតករដែលសម្លាប់យើង រួចហើយបែរជាយកហេតុផលក្រោមសិទ្ធិមនុស្ស។ តើសិទ្ធិមនុស្សនៅឯណា នៅពេលដែលអ្នកសម្លាប់យើងខ្ញុំរាប់លាននាក់នោះ។
ព្រះពុទ្ធសាសនា គ្រឹស្តសាសនា ឥស្លាមសាសនា និងសាសនាដទៃ ត្រូវបាន ប៉ុល ពត លុបបំបាត់
បងប្អូនឥស្លាមទាំងឡាយដែលមានវត្តមាននៅទីនេះ សូមចងចាំថា សាសនាឥស្លាមត្រូវបានលុបបំបាត់ក្នុងដំណាក់កាលនៃសង្គ្រាម ហើយក៏ត្រូវបានលុបបំបាត់ក្នុងរបប ប៉ុល ពត។ មិនមែនគ្រាន់តែសាសនាឥស្លាមមួយទេ ព្រះពុទ្ធសាសនា គ្រឹស្តសាសនា ឥស្លាមសាសនា និងសាសនាដទៃ ត្រូវបានលុបបំបាត់ចោលទៅហើយ។ នោះហើយជាលទ្ធផលនៃសង្គ្រាម។ បើសិនជាមានសង្គ្រាម តើសិទ្ធិមនុស្សអាចគោរពបានឬអត់? ខ្ញុំចង់ទាក់ទាញការចាប់អារម្មណ៍ទៅលើតួអង្គខ្លះ នៅក្នុងតំបន់ខ្លះ ដែលចង្អុលមើលមកយើងដោយកែវភ្នែកទុទិ្ទដិ្ឋនិយម ហើយសំគាល់ទៅលើទិដ្ឋភាពតែមួយផ្នែក សូមអស់លោកមើលព្រៃទាំងមូល សូមអស់លោកកុំមើលព្រៃមួយដើមៗ មើលឈើមួយដើមៗ មិនអាចស្គាល់ព្រៃទាំងមូល …។
សូមកុំភ័ន្តច្រឡំថាកម្ពុជាក្នុងអតីតកាលមិនមានរឿងអ្វីកើតឡើងនោះ
យើងខ្ញុំពិតជាមានការរីករាយ ប្រសិនបើប្រទេសកម្ពុជាមានរឿងអ្វីកើតឡើងទាក់ទងនឹងការបែកបាក់ តើប្រទេសកម្ពុជាដ៏កំសត់មួយនេះអាចងើបឡើងបានយ៉ាងដូច្នេះទេ? អ្នកបងប្អូនទាំងឡាយដែលមកពីប្រទេសក្រៅ ដែលធ្លាប់មកកម្ពុជា ឬមិនធ្លាប់មកកម្ពុជា សុំកុំភ័ន្តច្រឡំថា កម្ពុជាក្នុងអតីតកាលមិនមានរឿងអ្វីកើតឡើង ដោយសារតែបងប្អូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកកាន់កម្ពុជា ឃើញហាក់ដូចសភាពការណ៍ធម្មតាខ្លាំងណាស់ មានប្រជាជនធ្វើដំណើរតាមផ្លូវ មានប្រជាជនធ្វើការរកស៊ីលក់ដូរធម្មតាណាស់ ដូចប្រទេសដទៃ។ ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី អាចធ្វើការវិនិច្ឆ័យថា អតីតកាលរបស់កម្ពុជាគ្មានអ្វីកើតឡើងទេ។ ប៉ុន្តែ ខ្ញុំសុំគូសបញ្ជាក់ថា នៅវ័យ ២៧ ឆ្នាំ ខ្ញុំបានដឹកនាំកម្លាំងតស៊ូ ចូលមកកាន់ទីក្រុងភ្នំពេញនេះ។ លើកដំបូង ខ្ញុំជួបប្រជាជនមិនមែន ៧០០ នាក់ ហើយក៏មិនមែន ៧០០០ នាក់ មិនមែន ៧ ម៉ឺននាក់ ហើយមិន ៧ សែននាក់ដែរ ក៏ប៉ុន្តែគឺ ៧០ នាក់តែប៉ុណ្ណោះ។ ទីក្រុងនេះគឺជាទីក្រុងខ្មោច។
មិនសោកស្តាយកំហុស ដែលបានធ្វើលើកម្ពុជាហើយ នៅបន្តបំណងបំផ្លិចបំផ្លាញ
នេះជាការលំបាករបស់យើង ក៏ប៉ុន្តែ យើងបានប្រឹងប្រែងឈរឡើងជាមួយនឹងជាតិសាសន៍របស់យើង ជាមួយនឹងគ្រប់ជនជាតិ គ្រប់សាសនានៅក្នុងប្រទេសរបស់យើង ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងពេលដែលអង្គការសហប្រជាជាតិបន្តឲ្យពួកឃាតករប៉ុលពតអង្គុយនៅទីនោះ។ យើងបានទទួលទណ្ឌកម្មពីប្រទេសនានាខាងនយោបាយសេដ្ឋកិច្ច(ក្នុងបំណង)សម្លាប់យើង។ តើគេទទួលស្គាល់ ឬក៏សំដែងការសោកស្តាយ កំហុស ដែលពួកគេបានធ្វើចំពោះយើងឬទេ? ពួកគេមិនបានសំដែងការសោកស្តាយទេ។ រហូតមកដល់ពេលនេះ មានអ្នកខ្លះមានបំណងបំផ្លិចបំផ្លាញយើងទៀតផង។
សិទ្ធិសម្រេច ជារដ្ឋឯករាជ្យ និងអធិបតេយ្យ
អ្វីដែលខ្ញុំនិយាយនេះ មិនមែនជាសារនយោបាយជូនអ្នកណាទេ។ ខ្ញុំគ្រាន់តែមានបំណងរំលឹកពីអតីតកាលរបស់កម្ពុជាដែលមានការឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ សូមកុំបំផ្លាញយើងទៀត សូមមេត្តាគោរពដល់សេចក្តីសម្រេចរបស់យើង។ ខ្ញុំសុំឲ្យតែប្រទេសកម្ពុជាមួយនេះមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងឋានៈជារដ្ឋដែលមានឯករាជ្យ និងអធិបតេយ្យភាព។ នេះជាសិទ្ធិរបស់កម្ពុជាទេ។ តើយើងខ្ញុំត្រូវទៅសុំទាននូវការទទួលស្គាល់ ឬទៅសុំទានពីអ្នកដទៃ នូវតម្លៃនៃឯករាជ្យ អធិបតេយ្យភាព ឬយ៉ាងណា? យើងខ្ញុំពិតជាមិនអាចធ្វើទៅរួចទេ។ យើងខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯង ដូចជារដ្ឋដែលមានឯករាជ្យ និងអធិបតេយ្យភាពដទៃ … អ្នកមិនអាចសម្រេចចិត្តជំនួសយើងបានទេ ហើយអ្នកក៏មិនអាចស្លាប់ជំនួសប្រជាជនយើងបានដែរ។ សង្ឃឹមថា សាសនិកឥស្លាមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅទូទាំងពិភពលោកចូលរួមជាមួយយើង គាំទ្រយើង ដើម្បីជោគជ័យរបស់កម្ពុជាទៅខាងមុខ។
បក្សនយោបាយទទួលបាន ឬមិនទទួលបាន ឬទទួលបានអាសនៈតិច ត្រូវគោរពការសម្រេចរបស់ប្រជាជន
នៅសល់តែប៉ុន្មាននាទីបាននឹងពេលមកដល់ ហើយក៏អាចនឹងសល់ពេលវេលាដែលមានការរៀបចំថតរូប ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ ខ្ញុំពិតជាមិនចង់បន្តនូវសង្កថារបស់ខ្ញុំបន្តទៀតទេ ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់សាជាថ្មីថា យើងទាំងអស់គ្នា បើទោះបីស្ថិតក្នុងដំណាក់កាលមុនបោះឆ្នោត បើគិតមកដល់ថ្ងៃនេះ សល់ ២ ខែគត់។ ថ្ងៃនេះ ២៩ ឧសភា និង ២៩ ខែកក្កដា គឺនៅសល់ ៦០ ថ្ងៃគត់ ថ្ងៃបោះឆ្នោតនឹងមកដល់។ បើទោះបីជាបក្សនយោបាយណាបានកៅអីប៉ុន្មាន ទាំងអស់គ្នាត្រូវគោរពការសម្រេចចិត្តរបស់ប្រជាជន ត្រូវគោរព ហើយជឿជាក់ថា បណ្តាបក្សនយោបាយដែលទទួលបាននូវអាសនៈ ឬមិនទទួលបាននូវអាសនៈ ទទួលបានអាសនៈតិច ឬទទួលបានអាសនៈច្រើន ត្រូវគោរពនូវសេចក្តីសម្រេចរបស់ប្រជាជនតាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដែលរៀបចំដោយគណៈកម្មាការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា សហគមន៍ឥស្លាមដោយមានបំណងរក្សាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍ នឹងបន្តការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាជាតទៅទៀត។
អរគុណចំពោះប្រិយមិត្តដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយអរគុណចំពោះលោកជំទាវដែលតំណាងឲ្យអគ្គលេខាធិការ OIC ពាំនាំនូវការគោរពរបស់ខ្ញុំជូនចំពោះអគ្គលេខាធិការ ពាំនាំនូវការគោរពរបស់ខ្ញុំ ចំពោះបណ្តាប្រទេសទាំង ៥៧ ដែលជាសមាជិកនៃអង្គការ OIC ហើយក៏សុំបញ្ជាក់អំពីបំណងប្រាថ្នារបស់យើង ដែលចង់ក្លាយទៅជាសមាជិកសង្កេតការណ៍នៃអង្គការមួយនេះ និងសុំអញ្ជើញទុកជាមុននូវភ្លៀវទាំងឡាយ ដែលបានអញ្ជើញមកឆ្នាំនេះ ឆ្នាំក្រោយសូមអញ្ជើញមកថែមទៀតដើម្បីរួមជាមួយយើងធ្វើពិធីស្រាយបួសរ៉ាម៉ាឌនជារៀងរាល់ឆ្នាំ។
ជាចុងបញ្ចប់ សូមអាឡោះប្រទេននូវពរជ័យសម្រាប់ទាំងអស់គ្នាដែលចូលរួមនៅទីនេះ។ អាឡោះនឹងផ្តល់នូវការរីកចម្រើន និងសេចក្តីសុខសម្រាប់គ្រប់ៗគ្នា។ សូមអរគុណ៕