សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

183

CNV: 

  • សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ!
  • សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ហាត់ប្រាណទុកអោយហើយ កម្មវិធីច្រើន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមនូវក្នុងការចែកសញ្ញាបត្រជូនជ័យលាភី ចំនួន ៣.៩៥៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃនេះ គឺស្អកក​បន្តិច ប្រហែលជាបញ្ហាបណ្តាលមកពីហាត់ប្រាណជ្រុលពីម្សិលមិញនេះ។ គួរតែនិយាយដែរ … រឿងជញ្ជីង …ជញ្ជីងខ្ញុំយកទៅដល់ថ្នាក់នាយកដ្ឋានមាត្រសាស្ត្ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែឃើញថាខុសគ្នាទំាងអស់។ ជញ្ជីងដែលយកមកថាត្រូវហ្នឹង គឺខុសតែម្តង។ គ្រាន់តែអាត្រូវបីខុសគ្នាទំាងបី ​…។ ម្សិលមិញ ហាត់ៗទៅ មកថ្លឹងនឹងជញ្ជីងទិញបានថ្មី ខុសគ្នាដាច់ស្រឡះតែម្តង … រាងចុះគីឡូវាធ្ងន់បន្តិច ដោយសារតែម្សិលមិញរត់រហូតទៅដល់ ៨០ នាទី ឯណោះ ហើយទម្លាក់កាឡូរីរហូតទៅដល់ជិត ៩០០។ ដូច្នេះ វាធ្វើឱ្យធ្លាក់ខ្លំាង។ ព្រឹកមិញនេះចេញមក ថ្លឹងនៅសល់តែក្រោម ៧១ (គីឡូ) …។

ថ្ងៃនេះ មិនជានិយាយច្រើនទេ។ ថ្ងៃនេះ គ្រាន់តែពិនិត្យកម្មវិធីអត់ទាំងមានពេលហាត់ប្រាណផង ដោយ សារតែអត់មានពេលហាត់ប្រាណហ្នឹងហើយ បានប្រឹងហាត់ពីម្សិលឱ្យហើយ ដើម្បីថ្ងៃនេះអត់មានពេលហាត់​។ ព្រឹកនេះនៅ(ទី)នេះ ទៅពីនេះទៅមានភ្ញៀវនៅផ្ទះ រួចមិនដឹងថា នៅសល់ឯកសារប៉ុន្មាន? ល្ងាចនេះ ត្រូវជួបកីឡាករ បន្ទាប់ពីជួបកីឡាករ មានភ្ញៀវបន្តទៀត និងកម្មវិធីរហូតដល់ពេលយប់។ ដល់ស្អែកទៅជួបកម្មករនៅកំពង់ស្ពឺ ដល់ខានស្អែកកម្មវិធីជាមួយព្រះសង្ឃ មានសម្តេចស្រោចសុគន្ធវារី ចំពោះសម្តេច គោរមងារជាសម្តេចនោះ។ បន្ទាប់ទៅ ថ្ងៃមួយទៀត ប្រជុំគណៈរដ្ឋមន្ត្រី។ ប្រជុំគណៈរដ្ឋមន្ត្រីពេលព្រឹក ល្ងាចបើកកម្មវិធីកីឡា។ អញ្ចឹងទេ​ មិនដឹងថា នៅប៉ុន្មានគ្រែទៀតទេ។ ប៉ុន្តែ គេឱ្យមកនៅកន្លែងហ្នឹង គឺកន្លែងធ្វើការ គេមិនមែនឱ្យយើងដេកសម្រាកស្រួលឯណា?

ចែកសញ្ញាបត្រសាកលវិទ្យាល័យមួយនេះ លើកទី ១៨

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចែកសញ្ញាបត្រ សម្រាប់សាកលវិទ្យាល័យមួយនេះ។ មកដល់ពេលនេះ គិតចាប់ពីឆ្នំា ១៩៩៦ ខ្ញុំព្រះករុណាខ្ញុំ មកចែកជូនសញ្ញាបត្រចំនួន ១៨ លើក សម្រាប់សាកលវិទ្យាល័យមួយនេះ ហើយនេះមិនទាន់គិតនៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ បង្រៀននៅសាលានេះ។ បើកតំាងពីឆ្នំាទស្សវត្សរ៍ ៨០ ដែលពេលនោះ យើងយកកម្មសិក្សារយៈពេលខ្លី ដោយមានមន្ត្រីរបស់យើងមកចូលរៀននៅទីនោះ។ យើងពិតជាមានមោទនភាព ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលយើងកំពុងតែចែកសញ្ញាបត្រនៅទីនេះ ហើយនៅតែរក្សាបាននូវឧត្តមភាព។

ឧត្តមសិក្សារបស់រដ្ឋ នៅតែមានការទាក់ទាញ

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ កោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ទៅលើការគ្រប់គ្រងក្របខណ្ឌឧត្តមសិក្សា ក្នុងនោះ ឧត្តមសិក្សារបស់រដ្ឋ នៅតែជាឧត្តមសិក្សាដែលមានការទាក់ទាញ និងបន្តដំណើរការប្រកបដោយនិរន្តរភាព បូកជាមួយនឹងគុណភាពនៃការបណ្តុះបណ្តាល។ ដូច្នេះ យើងឃើញថា គ្រឹះ​ស្ថានឧត្តមសិក្សារបស់រដ្ឋទំាងអស់ បើទោះបីជាបើកឱកាសឱ្យមានការរៀនបង់ថ្លៃ សម្រាប់និសិ្សតមួយចំនួន ក៏ប៉ុន្តែគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋទំាងអស់ គឺនៅរក្សាបាននៅឧត្តមភាព សម្រាប់ទាក់ទាញការចូលរៀនរបស់និស្សិត ហើយគុណភាពនៃការបណ្តុះបណ្តាលនៅតែបន្ត។

ការបណ្តុះបណ្តាល និងការរកការងារធ្វើ ត្រូវដើរទន្ទឹមគ្នា

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅត្រង់ថា យើងបានបណ្តុះ​បណ្តាលច្រើនណាស់មកហើយ ដែលក្នុងនោះ អត្រាដែលមានការងារធ្វើ ក្នុងនេះមានបញ្ជាក់ថា បរិញ្ញាបត្រ​មានចំនួន ២.៥៦២ នាក់ ស្មើនឹង ៩៤,៧៥% ដែលមានការងារធ្វើ។ ឯបរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៦២៩ នាក់ ស្មើនឹង ៩៦,១០% ដែលមានការងារធ្វើ។ ចំណុចនេះហើយ គឺជាចំណុចសំខាន់ ដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់តែនិយាយពាក់ព័ន្ធជាមួយនឹងការបណ្តុះបណ្តាលផង និងបញ្ហាការរកការងារធ្វើផង។ ចំណុចទំាងពីរនេះត្រូវដើរទន្ទឹមគ្នា។ ឥឡូវនេះ បើយើងបណ្តុះបណ្តាល ប៉ុន្តែ បើសិនជាយើងដោះស្រាយការងារធ្វើមិនបានទេ វានឹងចោទជាបញ្ហាមួយដែរ ប៉ុន្តែនៅពេលដែលមានការងារធ្វើច្រើន បែរជាយើងខ្វះធនធានមនុស្សវាក៏ជាចំណោទ។

ធនធានមនុស្សកម្ពុជាមានកម្រិត ទើបមានវត្តមានជនបរទេសមកធ្វើការ

ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់និយាយនៅទីនេះ មានសហគ្រាស មានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកមួយចំនួន គេបានវិនិយោគនៅក្នុងប្រទេសរបស់យើង សូម្បីតែក្រុមហ៊ុនក្នុងស្រុកច្រើនណាស់ ហើយបន្ថែមដោយក្រុមហ៊ុនមកពីក្រៅស្រុក ប៉ុន្តែ ក្រុមហ៊ុនទំាងនោះមួយចំនួនរកធនធានមនុស្សមិនទាន់គ្រប់នៅឡើយទេ ដូច្នេះបានជាមានតម្រូវការឱ្យមានការយកនូវអ្នកបច្ចេកទេស ឬអ្នកជំនាញមកពីក្រៅប្រទេស ដើម្បីមកធ្វើការនៅក្នុងប្រទេសរបស់យើង។

ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាអាទិភាព

ការបណ្តុះបណ្តាលធនធានមនុស្ស វានៅតែជាអាទិភាពខ្ពស់បំផុតរបស់យើង ដើម្បីការអភិវឌ្ឍប្រទេសមួយនេះ តាមរយៈនៃការកសាងសមត្ថភាព ពង្រឹងស្ថានប័ន ការពង្រឹងសមត្ថភាព និងធនធានមនុស្ស។ រឿងហ្នឹងទាក់ទិនជាមួយស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន។ ការដោះស្រាយមនុស្ស ដើម្បីបម្រើទៅឱ្យការអភិវឌ្ឍនៅក្នុងក្របខណ្ឌរដ្ឋក្តី នៅក្នុងក្របខណ្ឌការវិនិយោគឯកជនទំាងក្នុង និងក្រៅប្រទេសក្តី សុទ្ធតែមានតម្រូវការខ្ពស់ខ្លំាងណាស់ ព្រោះដំណើរវិវឌ្ឍនៃប្រទេសនីមួយៗ ដំបូងបំផុត គឺបញ្ហាធនធានមនុស្ស។

លក្ខណៈវិនិច្ឆ័យដំបូងរបស់អាស៊ាន ផ្តោតទៅលើសមត្ថភាពស្ថាប័ន និងធនធានមនុស្ស

កម្ពុជាមានលទ្ធភាព ដើម្បីឈានជើងចូលទៅជាដៃគូអាស៊ាន គឺផ្តោតយក​ចិត្តទុកដាក់ដំបូងគេ តើលក្ខណៈវិនិច្ឆ័យរបស់អាស៊ានដំបូងគេគឺស្អី? លក្ខណៈវិនិច្ឆ័យដំបូងគេ គឺបញ្ហាទាក់ទងជាមួយនឹងបញ្ហាសមត្ថភាពស្ថាប័ន និងធនធានមនុស្សនោះឯង។ អញ្ចឹង បានជា​ក្នុងរយៈពេលប៉ុន្មាន​ឆ្នំាចុងក្រោយនេះ សូម្បីតែទីម័រ​លេស្តេ ដែលបានបើកស្ថានទូតរួចស្រេចទៅហើយនៅគ្រប់បណ្តាប្រទេសអាស៊ាន​ ដើម្បីត្រៀមចូលជាសមា​ជិកអាស៊ាន ក៏ប៉ុន្តែ សមាជិកអាស៊ានខ្លះបានលើកមតិខ្លះថា ទីម័រលេស្តេ មានសមត្ថភាព​ស្ថាប័ន និងធន​ធានមនុស្សនៅមានកម្រិត ដូច្នេះ មិនទាន់អាចក្លាយទៅជាសមាជិកអាស៊ាននោះទេ។ ត្រូវវាយតម្លៃ។ ឥឡូវនេះ មានគណៈកម្មការចំពោះកិច្ចមួយ សម្រាប់ការវាយតម្លៃទីម័រលេស្តេ ស្តីពីការចូលជាសមាជិកអាស៊ាន។

សមាជិកអាស៊ានចាស់ រួមនឹងដៃគូ ជម្រុញសមាហរណកម្ម ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស

ទាក់ទិនជាមួយនឹងការកាត់បន្ថយគម្លាតនៅក្នុងក្របខណ្ឌអាស៊ានទៀតសោត រវាងអាស៊ានចាស់ និងអាស៊ានថ្មី សំដៅសំខាន់ជាងគេ គឺការកាត់បន្ថយគម្លាតក្នុងបញ្ហាទាក់ទងជាមួយនឹងស្ថាប័ន និងធនធានមនុស្សនេះឯង។ ប្រទេសដែលជាសមាជិកអាស៊ានចាស់ រួមនឹងដៃគូដែលចូលរួមនៅក្នុងការជួយជម្រុញទៅដល់ការធ្វើសមាហរណកម្មអាស៊ាន គឺសុទ្ធតែផ្តោតការយកចិត្តទុកដាក់ ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដូចជាដៃគូសំខាន់របស់យើង គឺមាន៖ ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា ជាដើម គឺសុទ្ធតែជាអ្នកគាំទ្រយ៉ាងសកម្ម លើការធ្វើសមាហរណកម្មអាស៊ាន ហើយក៏សុទ្ធតែជាប្រទេសដែលចូលរួមចំ​ណែក​យ៉ាងច្រើន ទៅដល់ការជម្រុញពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។

ប្រទេសអាស៊ាន ដែលមានការលូតលាស់ទៀតសោត ក៏ផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជួយការបណ្តុះបណ្តាលធនធានមនុស្សតាមប្រទេសរបស់គេ និងគេបញ្ជូនសាស្ត្រាចារ្យ(គេ)មកកាន់ប្រទេសរបស់យើង។ ចំណុចនេះ ជាចំណុចដែលយើងត្រូវឃើញ នៅមានបញ្ហាច្រើនទៀត ដែលទាក់ទិនជាមួយនឹងភាពប្រកួតប្រជែង និងការលើកកម្រិតឱ្យទៅជាតំបន់ ដែលមានសុខដុមបនីយកម្ម និងមានដំណើរការទៅជាមួយគ្នាដោយរលូន។

ការកាត់បន្ថយគម្លាតខួរក្បាល លទ្ធភាពអាចធ្វើបាន

ខ្ញុំព្រះករុណាខ្ញុំ ក៏ធ្លាប់បាននិយាយហើយថា ការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិវាជារឿងដែលលំបាកធ្វើ ក៏ប៉ុន្តែការកាត់បន្ថយគម្លាតខួរក្បាល វាជាលទ្ធភាពដែលយើងអាចធ្វើទៅកើត។ នេះជាអ្វីដែលបាន និងកំ​ពុងកើត​នៅលើទឹកដីរបស់យើង ហើយអ្វីដែលកំពុងកើតនៅលើទឹកដីប្រទេសនានា។ ការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិរវាងអ្នកមាន និងអ្នកក្រ វាលំបាកធ្វើ (ដោយសារគេ)មិនអាចធ្វើឱ្យមនុស្សទាំងអស់ក្លាយជាសេដ្ឋីបានទេ … សួរថា អាមេរិកមានសេដ្ឋីទាំងអស់ទេ? វាអត់ទេ។ ជប៉ុនមានសេដ្ឋីទាំងអស់ទេ? អត់ទេ។ បា​​រាំងមានសេដ្ឋីទាំងអស់ទេ?​ អត់ទេ។ មានកម្មករ មានកសិករ មានពាណិជ្ជករ មានអាជីវករ និងមានអ្នកដែលមានទ្រព្យសម្បត្តិច្រើន ក៏ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ថា សេដ្ឋីក៏រៀនចប់ថ្នាក់បណ្ឌិត ឬចប់បរិញ្ញាបត្រ ឬចប់បរិញ្ញាបត្រជាន់ខ្ពស់ ឯចំពោះមន្ត្រីធ្វើការងារ​ និងបុគ្គលិកជំនាញនៅក្នុងក្របខណ្ឌ ក្រុមហ៊ុនរបស់ខ្លួន គេក៏មានថ្នាក់បណ្ឌិត មានបរិញ្ញាបត្រ មានការចេះដឹងដូចជាពួកសេដ្ឋីដែរ។​ អញ្ចឹងទេ សម្រាប់នៅក្នុងប្រទេសរបស់យើង បានឃើញហើយថាក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលនេះ កូនអ្នកមានក៏ចូលរៀនសាលាហ្នឹងបាន កូនអ្នកក្រក៏ចូលរៀនបានដូចគ្នា។ ចំណុចនេះហើយ ដែលយើងត្រូវជម្រុញការបណ្តុះបណ្តាលជាបន្តទៀត តាមរយៈការវិនិយោគក្នុងវិស័យអប់រំដែលជាវិស័យមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន។

នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ មនុស្សនៅតែជាអាទិភាពទី ១

ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងធ្វើការចុះបញ្ជីគណបក្សនយោបាយ ដែលរហូតមកដល់ពីម្សិល ដូចជាមាន ១៦ គណបក្សនយោបាយទៅហើយ នៅសល់តែ ៤ គណបក្សនយោបាយទៀតប៉ុណ្ណោះ។ បើទោះបីជាមិនទាន់ដឹងលទ្ធផលនៃការបោះឆ្នោត ក៏ខ្ញុំព្រះករុណាខ្ញុំ ក៏បានត្រៀមរៀបចំឱ្យ ចាត់ចែង ដើម្បីរៀបចំយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ជាបន្ត។ នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ នេះ យើងក៏នៅយកបញ្ហាវិស័យអប់រំ និងការបណ្តុះបណ្តាលនេះ ធ្វើជាអាទិភាពទី ១ ក្នុងចំណោមអាទិភាពទាំង ៤។ ការនេះ (ត្រូវបាន)ប្រកាសតាំងពីជិត ៣១ ឆ្នាំមុន ឆ្នាំ ១៩៨៧ បានសេចក្តីថា ៣៧ ឆ្នាំមុន។ យើងបានប្រកាសនូវអាទិភាពទាំង ៤ (គឺ) ទឹក ផ្លូវ ភ្លើង មនុស្ស ដែលជាវិស័យត្រូវផ្តោត​អាទិភាពសម្រាប់ការវិនិយោគ។ ចាប់តាំងពីឆ្នាំ ២០១៣ មក យើងបានប្តូរមុំវាមកកាន់ មនុស្ស ទឹក ផ្លូវ ភ្លើង ទៅវិញ ដោយយកមនុស្សជាបញ្ហាទី ១ សំខាន់។​

វិភាជន៍ថវិកាក្នុងវិស័យអប់រំកើនឡើង ៣ ដង, សុខាភិបាលកើន ២ ដងកន្លះ និងសង្គមកិច្ចកើន ២​ ដង 

តាមរយៈនោះ ការវិភាជថវិកាសម្រាប់ការដោះស្រាយទៅលើមនុស្ស ក៏ត្រូវបានរៀបចំសាជាថ្មី យើងបង្កើនថវិកាក្នុងវិស័យអប់រំ កើនឡើងប្រមាណ ៣ ដង ក្នុងវិស័យអប់រំ។ យើងបង្កើននៅក្នុងវិស័យសុខាភិបាលកើនជាង ២ ដងកន្លះ។ យើងបង្កើនក្នុងវិស័យសង្គមកិច្ចក៏ជាង ២ ដង … ទាក់ទងជាមួយបញ្ហាមនុស្ស។

គោលនយោបាយគាំពារសង្គម អនុវត្តលើស្ត្រីមានផ្ទៃពោះជាកម្មករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ

មកដល់បច្ចុប្បន្ននេះ យើងបានអនុវត្តសំណាញ់សុវត្ថិភាពសង្គម ឬគោលនយោ​បាយគាំពារសង្គម ទាក់ទងជាមួយនឹងការដែលយើងហ៊ានធ្វើជំហានដំបូង ចាប់យកនូវស្ត្រីមានផ្ទៃពោះ ដែលជាកម្មការិនី និងមន្ត្រីរាជការ ដែលបម្រើការនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព ទាំងនគរបាល សម្រាប់អ្នកដែលសម្រាលកូន គឺយើងផ្តល់កម្មវិធីផ្តល់សាច់ប្រាក់ឱ្យទៀតផង ដើម្បីពង្រឹងនូវស្ថានភាពអាហាររូបត្ថម្ភ។ នេះក៏ផ្នែកនៃការដោះស្រាយទាក់ទងជាមួយនឹងបញ្ហាមនុស្សនេះ។

គ្រូបង្រៀន និងគ្រូពេទ្យ ពីរក្របខណ្ឌនេះមានបៀវត្សរ៍ច្រើនជាងគេ

យើងក៏បានខិតខំបង្កើននូវបៀវត្សរ៍របស់មន្ត្រីរាជការ ជាពិសេស នៅក្នុងក្របខណ្ឌគ្រូបង្រៀន និងគ្រូពេទ្យរបស់យើង ដែលពីរក្របខណ្ឌនេះ គឺមានប្រាក់បៀវត្សរ៍ច្រើនជាងគេ។ ពិតមែនហើយ ចំនួនច្រើនរបស់យើង វាមិនបានស្មើជាមួយនឹងប្រទេសដទៃទេ ក៏ប៉ុន្តែ បើប្រៀបធៀបពីចំណុចចេញដំណើររបស់យើង គឺវាបានឆ្ងាយណាស់ទៅហើយ។ ម្សិលមិញខ្ញុំបានជួប(លោកគ្រូ អ្នកគ្រូ)​ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានផ្តល់អគារសិក្សា សម្រាប់វិទ្យាល័យមួយ ដែលកំពុងខ្វះអគារសិក្សានៅឯខេត្តកំពង់ឆ្នាំង និងសាលាបឋមសិក្សា សួរគ្រូបង្រៀនមួយនោះ គាត់ទទួលបាន(បៀវត្សរ៍) ១ លាន ៣០ ម៉ឺន(រៀល)។ ឯមួយទៀត នាយកបឋមសិក្សាហ្នឹង(ទទួលបានបៀវត្សរ៍) ១ លាន ២០ ម៉ឺន(រៀល)។ ខ្ញុំបានប្រាប់ពួកគេថា ត្រូវចាំណា គ្រូរបស់លោកគ្រូ អ្នកគ្រូ កាលពីសម័យមុន បង្រៀនដូរអង្ករ បន្ទាប់ទៅ គឺបង្រៀនដូរទំនិញ រស់ដោយសារទំនិញ ៩ មុខ ដែលយើងខិតខំផ្គត់ផ្គង់ឱ្យខានតែបាន។ ចំពោះមន្ត្រីរដ្ឋកាលរបស់យើង កាលពីដំណាក់កាលនោះ ជាពិសេស គ្រូបង្រៀននេះឯង ដែលជាចំនួនច្រើនជាងគេ នៅក្នុងចំណោមក្របខណ្ឌ នៃមន្ត្រីរាជការស៊ីវិលរបស់យើង។ ឥឡូវនេះ ស្ថានភាពនេះ យើងក៏បានបង្កើនជាបណ្តើរៗ និងដោះស្រាយការលំបាក។

ឈានដល់គោលដៅខេត្តមួយសាកលវិទ្យាល័យរដ្ឋមួយ

ឥឡូវនេះ ការវិនិយោគនៅក្នុងវិស័យអប់រំរបស់យើង យើងតម្រង់ទិសទៅរកជនបទបន្តទៀត។ តាមរយៈដែលយើងដាក់ចេញនូវគោលនយោបាយ ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច និងស្រុកមួយវិទ្យាល័យ​ច្រើន ដែលមុននេះ ក្នុងមួយខេត្តមានវិទ្យាល័យត្រឹមតែមួយប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ បើ(និយាយពី)រលាប្អៀរ ពីម្សិលមិញ ក៏យ៉ាងហោចណាស់តាមផ្លូវជាតិ គឺវាឡើងដល់ទៅ ៣ វិទ្យាល័យ នៅក្នុងខេត្តកំពង់ឆ្នាំង។ ឥឡូវ យើងបានឈានទៅដល់ដាក់ចេញនូវគោលដៅ ខេត្តមួយសាកលវិទ្យាល័យរដ្ឋមួយ ដោយយើងមិនគិតអំពីសាកលវិទ្យាល័យរបស់ផ្នែកឯកជន ដែលបើកសាខា ឬបើកសាកលវិទ្យាល័យនៅតាមខេត្តនោះទេ។ ប៉ុន្តែ យើងមានបំណងធ្វើយ៉ាងណាឱ្យតាមខេត្តនីមួយៗមានសាកលវិទ្យាល័យមួយ។ ថ្ងៃមុនសម្ពោធដាក់ឱ្យប្រើប្រាស់នៅខេត្តក្រចេះ។ យើងមាននៅខេត្តត្បូងឃ្មុំ យើងមាននៅខេត្តស្វាយរៀង ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ … យើងនឹងបន្តសាងសង់ ដើម្បីឈានទៅដល់សាកលវិទ្យាល័យ ដើម្បីកាត់បន្ថយការលំបាករបស់និស្សិតរបស់យើង ដែលត្រូវមករៀននៅទីក្រុងភ្នំពេញ។

យកចិត្តទុកដាក់លើអន្តេវាសិក សម្រាប់និស្សិតជាស្រ្តី កាត់បន្ថយគម្លាត រវាងនិស្សិតនារី និងបុរស

ដោយឡែកនៅទីក្រុងភ្នំពេញ ក៏យើងផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយការលំបាក ចំពោះការស្នាក់នៅរបស់និស្សិតជានារី ដើម្បីឱ្យនារីបានទទួលនូវការអប់រំកាន់តែច្រើន។ នៅក្នុងនេះ យើងបានឃើញហើយថា ចំនួនបរិញ្ញាបត្រនៅទីនេះ យើងឃើញចំណុចបញ្ហាទាក់ទិនការកើនឡើងចំនួនស្រ្តីក៏ពិតមែន ក៏ប៉ុន្តែ ​វា​នៅតែមានគម្លាត នៅត្រង់ថា បើនៅត្រឹមបឋម(សិក្សា) គឺស្មើគ្នា។ នៅក្នុងអនុវិទ្យាល័យ គឺស្មើគ្នា។ ហើយនៅក្នុងវិទ្យាល័យ​ក៏អាចលទ្ធភាពស្មើគ្នាដែរ។ ប៉ុន្តែ តែចាប់ចូលដល់គ្រឹះស្ថានឧត្តមសិក្សា គឺមានការខុសគ្នាហើយ។ ដូចជានៅទីនេះ ចំនួនត្រឹមតែបរិញ្ញាបត្រ គឺមិនទាន់ជាខុសគ្នាធ្ងន់ធ្ងរពេកទេ។ ចំនួនបរិញ្ញាបត្រ និយាយជារួម ២.៧០៤ នាក់ ក្នុងនោះស្រ្តីមានតែ ១.២៩៦ នាក់ទេ ដូច្នេះ ចាប់ផ្តើមមានការខុសគ្នា។ ប៉ុន្តែ មកដល់បរិញ្ញាបត្រជាន់ខ្ពស់ ៦៥៥ នាក់ មាន ១៩៨ នាក់ ជានារី ដូច្នេះ ចាប់ផ្តើមខុសគ្នាជិត ៤០០ នាក់ទៅហើយ។ វាទាក់ទងនឹងកត្តាជាច្រើន។ អាចថា មានកត្តាដែលទាក់ទងជាមួយនឹងការមានប្តី មានកូន អាហ្នឹងក៏ជាកត្តាមួយទៅ។ ប៉ុន្តែ កត្តាសត្យានុម័តទាក់ទងជាមួយនឹងទំនៀមទម្លាប់ប្រពៃណី និងការខិតខំរបស់និស្សិតនីមួយៗ វាជារឿងមួយ ប៉ុន្តែ រឿងដែលសំខាន់មួយទៀត គឺរដ្ឋត្រូវតែខិតខំជួយដោះស្រាយទៅលើអន្តេវាសិកសម្រាប់និស្សិតជាស្រ្តី ដើម្បីជួយសម្រាលការលំបាក​ក្នុងការរស់នៅ ព្រោះថា និស្សិតជាបុរសអាចទៅនៅក្នុងវត្តជាមួយនឹងព្រះសង្ឃបាន ប៉ុន្តែមិនអាចយកនិស្សិតជានារីទៅនៅក្នុងវត្តបានទេ …។

អតីតនិស្សិតសាកលវិទ្យាល័យនេះ កំពុងបំពេញការងារក្នុងជួររាជរដ្ឋាភិបាលច្រើនណាស់

និយាយយ៉ាងដូច្នេះ គឺមិនមែនបានសេចក្តីថា លោក ហ៊ុន សែន សំដៅលើកកម្ពស់បញ្ហាយេនឌឺរនោះទេ តែនេះជាបញ្ហារួម ដែលយើងត្រូវវិនិយោគទៅលើធនធានមនុស្ស ក្នុងនោះ ក៏វិនិយោគទៅលើស្រ្តីផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសូមកោតសរសើរការខិតខំរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច ដែលមកដល់ពេលនេះ បានបណ្តុះបណ្តាលមនុស្សច្រើនណាស់មកហើយ និងមានអ្នកដែលបន្តការសិក្សានៅទីនោះ។ នៅខាងលើវេទិកានេះ ក៏មានអតីតនិស្សិត នៃសាកលវិទ្យាល័យនេះច្រើនដែរ ដែលកំពុងតែបំពេញការងារ ហើយអ្នកដែលនៅបន្តបំពេញការងារនេះ ​សុទ្ធតែជាអ្នកដែលកាន់តួនាទីខ្ពស់ៗ។ ​នៅទីនេះ មានឯកឧត្តម ចម ប្រសិទ្ធិ, ឯកឧត្តម វ៉ា គឹមហុង … ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ប៊ិន ឈិន ក៏រៀននៅទីនេះដែរ សុទ្ធតែជាអ្នកអតីតនិស្សិតដែលរៀននៅទីនេះ ហើយដែលសេសសល់ពីការកាប់សម្លាប់ នៃរបប ប៉ុល ពត។

ពីដើមកម្ពុជាបញ្ជូននិស្សិតទៅក្រៅប្រទេស បច្ចុប្បន្នប្រទេសដទៃបញ្ជូននិស្សិតមកសិក្សានៅកម្ពុជា

យើងនៅបន្តការអភិវឌ្ឍនៅក្នុងសាកលវិទ្យាល័យនេះ។ ហើយមួយទៀត សាកលវិទ្យាល័យនេះ រឿងដែលគួរឱ្យចាប់អារម្មណ៍ គឺនៅត្រង់ថា នៅក្នុងពីដើម យើងនិយាយតែពីរឿងកម្ពុជាបញ្ជូននិស្សិតទៅរៀននៅប្រ​ទេសក្រៅ ប៉ុន្តែឥឡូវនេះ ដល់ដំណាក់កាលដែលយើងហ៊ាននិយាយថា និស្សិតប្រទេសក្រៅក៏មករៀននៅកម្ពុជាវិញដែរ។ នៅក្នុងចំណោមនិស្សិត ដែលនៅទីនេះ គឺមាននិស្សិត ២៣ នាក់ ក្នុងនោះ ជនជាតិបារាំង ១៨ នាក់, ម៉ារុក ២ នាក់, អង់គ្លេស ១ នាក់, ម៉ាលី ១ នាក់ និងទុយនេស៊ី ១ នាក់។ ប៉ុន្តែ នៅមានផ្នែកដែលទាក់ទងជាមួយនឹងការរៀននៅទីនេះ ដូចជាមានចំណាប់អារម្មណ៍ទាក់ទិនជាមួយនឹង​​និស្សិតបរ​ទេសដែលរៀននៅទីនេះ មានជនជាតិឡាវចំនួន ៣៦ នាក់, កូរ៉េចំនួន ១៥ នាក់, វៀតណាមចំនួន ៩ នាក់, ជប៉ុន ១ នាក់, ចិន ៣ នាក់, បារាំង ៨ នាក់។ អាហ្នឹងនិស្សិតដែលរៀនអាហារូបករណ៍។

ឯនិស្សិតដែលរៀនបង់ថ្លៃ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៧ នាក់ ក្នុងនោះ ៤៧ នាក់ ជាជនជាតិបារាំង, ៥ នាក់ ជាជនជាតិចិន, អាមេរិក ១ នាក់, បង់ក្លាដេស ១ នាក់, កូរ៉េ ៥ នាក់, ជប៉ុន ៣ នាក់, ម៉ារុក ២ នាក់, អង់គ្លេស ១ នាក់ និងទុយនេស៊ី ១ នាក់។ ថ្ងៃមុនយើងនិយាយតែកម្ពុជាបញ្ជូននិស្សិតទៅរៀននៅប្រទេសក្រៅ​ ឥឡូវ ប្រទេសក្រៅក៏បញ្ជូននិស្សិតមករៀននៅប្រទេសយើងដូចគ្នាវិញដែរ។ អញ្ចឹងទេ ចំណុចនេះ បានជាយើងត្រូវបន្តពង្រឹងគុណភាព នៃការអប់រំនៅក្នុងប្រទេសរបស់យើង ដែលនិស្សិតប្រទេសដទៃ ក៏អាចមករៀននៅទីនេះបានដែរ ព្រោះនៅក្នុងក្របខណ្ឌ នៃការធ្វើសេរីភាវូបនីយកម្មលើវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចនៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក យើងបើកឱកាសសម្រាប់ការចូលមករៀនរបស់និស្សិតនៃប្រទេសដទៃ និងការចូលរួមពីប្រទេសដទៃ មកធ្វើការវិនិយោគក្នុងវិស័យអប់រំនៅក្នុងប្រទេសយើង​ផងដែរ។

យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនសម័យមុន

សូមអបអរសាទរ (និង)កោតសរសើរជាមួយនឹងការបណ្តុះបណ្តាលនេះ។ ជាមួយគ្នានឹងការកោតសរសើរសម្រាប់វឌ្ឍនភាព នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច អនុញ្ញាតឱ្យ ខ្ញុំព្រះករុ​ណាខ្ញុំ បានថ្លែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភីគ្រប់កម្រិត ដែលទទួលនូវសញ្ញាបត្រ​នៅថ្ងៃនេះ ហើយនេះ គឺជាធនធានមនុស្សដែលយើងទទួលបានសម្រាប់ប្រទេសរបស់យើង និងសម្រាប់​ក្រុមគ្រួសារនីមួយៗ។ វាមិននៅដាច់ដោយឡែកទេ អំពីបញ្ហាទាក់ទងជាមួយនឹងធនធានមនុស្សនោះ។ ក្រៅពីខ្លួនយើង នៅមានគ្រួសាររបស់យើង នៅមានការរួមចំណែករបស់យើង ចំពោះប្រទេសជាតិ។ និស្សិតម្នាក់ៗក្នុងឋានៈជាយុវជនជំនាន់ក្រោយ គប្បីមានមោទនភាពជាមួយនឹងអ្វីដែលជាសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីសន្តិភាព ព្រោះសម័យកាលនេះ គឺជាសម័យកាលដែលយុវជនមានឱកាសច្រើនណាស់ ខុសប្លែកពីយុវជនសម័យមុន ដែលពួកគេបានបាត់បង់ឱកាសស្ទើរតែទាំងស្រុង រហូតទាំងស្រុង នៅក្នុងសម័យកាលដែលមានសង្រ្គាម និងក្នុងរបបប្រល័យពូជសាសន៍។ បន្តមក តំបន់ដែលមានសង្រ្គាម នៅទីនោះលទ្ធភាពដែលទទួលបានការសិក្សា បើទោះបីទទួលបានការសិក្សា ក៏មានការភ័យខ្លាច ព្រោះជាតំ​បន់ដែលមានការប្រយុទ្ធគ្នាកើតឡើងម្តងម្កាល ដែលគំរាមកំហែងកើតឡើងទៅដល់ការសិក្សារបស់សិស្ស។

យុវជនសម័យមុន គ្មានជំរើសទី ៣

ដូច្នេះ បើប្រៀបធៀបរយៈពេលនិស្សិតរបស់យើង យុវជនរបស់យើងសម័យមុន និងយុវជនសម័យក្រោយនេះ គឺខុសគ្នាដាច់ស្រឡះ នៅត្រង់ថា យុវជនសម័យមុន គ្មានផ្លូវទី ៣ សម្រាប់ការជ្រើសរើសទេ គឺព្រោះជាអ្នកដែលបានក្លាយខ្លួនទៅជាចំណាប់ខ្មាំង ឧទាហរណ៍៖ ចន្លោះឆ្នាំ ១៩៧០-១៩៧៥ ឱ្យពួកគេទៅណា? បើនៅតំបន់គ្រប់គ្រងដោយរដ្ឋការ លន់ នល់ គឺត្រូវតែបំពេញកាត្វកិច្ចជាទាហានរបស់ លន់ នល់ បើនៅខាងតំបន់រំដោះ ក៏ត្រូវតែបំពេញកាត្វកិច្ចជាទាហាន នៃតំបន់រំដោះ គ្មានផ្លូវទី ៣ សម្រាប់ការជ្រើសរើសទេ។ នោះហើយ គឺជាអ្វីដែលជាស្ថានភាព នៃប្រទេសដែលមានសង្គ្រាម។ នៅក្នុងរបប ប៉ុល ពត គឺបាត់ទាំងស្រុងតែម្តង គឺគ្មានឱកាសទេ ក្រៅតែពីគោរពតាមអង្គការ ហើយសុខចិត្តឱ្យអង្គការយកទៅសម្លាប់។

បើបះបោរដោយកម្លាំង នឹងចប់ដោយការត្រូវបង្ក្រាបក្នុងថ្លុកឈាម

រឿងនេះ វាអាចឆ្លុះបញ្ចាំង ថ្ងៃទី ២០ មិថុនា ខាងមុខនេះ ដែលជាខួបលើកទី ៤១ ឆ្នាំ នៃការដែលខ្ញុំចាកចេញឆ្ពោះទៅរកការរៀបចំការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលឆ្នាំទៅបានធ្វើខួប ៤០ ឆ្នាំ។ យើងបានធ្វើភាពយន្តឯកសារមួយ ហើយឥឡូវនេះ ភាពយន្តឯកសារនោះ ក៏ត្រូវបានសាកលវិទ្យាល័យមួយនៅ អូហាយអូ (Ohio University) ស្នើសុំសម្រាប់(យកធ្វើ)ការសិក្សាស្រាវជ្រាវរបស់និស្សិតរបស់គេនៅទីនោះ។ ជម្រើសមាន ឫុមួយត្រូវបះបោរឡើងដោយកម្លាំង បើសិនជាការបះបោរឡើងដោយកម្លាំង ច្បាស់ណាស់ ប្រើប្រាស់កម្លាំងប៉ុននោះ វាត្រឹមតែអាចវាយកាន់កាប់តំបន់នេះ/នោះបានក្នុងរយៈមួយអាទិត្យយ៉ាងយូរ។ ទីចុងបំផុតនឹងត្រូវបង្រ្កាបនៅក្នុងថ្លុកឈាម។ នេះមិនមែនជាជម្រើសដ៏ល្អទេ។ គេអាចទស្សន៍ទាយបានមុនហើយ បើសិនជាខ្ញុំបញ្ជាកម្លាំងនៅថ្ងៃនោះ ឱ្យវាយចំពោះពួក ប៉ុល ពត តែម្តង គឺច្បាស់ណាស់ថា គ្មាន ហ៊ុន សែន នៅពេលនេះទេ។ (ក្រៅពី)ជម្រើសចាកចេញដឹកនាំសម្រាប់ការតស៊ូ ដោយឆ្លងកាត់ទៅប្រទេសវៀតណាម ក៏នៅមានជម្រើសដទៃទៀត គឺលែងខ្ចីគិតធ្វើអីទាំងអស់ ទុកឱ្យគេចាប់យកទៅសម្លាប់តែម្តងទៅ ឬមួយធ្វើអត្តឃាតខ្លួនឯងតែម្តងទៅ …។

ចាកចេញរៀបចំកម្លាំងតស៊ូ ជាជំរើសមួយក្នុងចំណោមជំរើស ៤

ខ្ញុំសង្ឃឹមថា សាស្រ្តាចារ្យដែលទៅពន្យល់តំបន់ប្រវត្តិសាស្រ្តទាំងនោះ ត្រូវតែស្តាប់ឡើងវិញ … កុំទៅពន្យល់និស្សិតដូចថ្ងៃមុន។ អរគុណលោកបណ្ឌិតសាស្រ្តាចារ្យបានទៅពន្យល់កងទ័ពរាប់រយនាក់ … (តែ)ពន្យល់ទៅវាអត់ចំរឿង។ និយាយឱ្យត្រង់ទៅ គឺថា បើពន្យល់របៀបហ្នឹង គឺសុំឱ្យនិស្សិតមើលខ្សែភាពយន្តវិញល្អជាង ហើយមើលឯកសារដទៃ។ សូម្បីចម្លើយរបស់និស្សិតថាម៉េចបានគាត់ត្រូវចាកចេញអញ្ចឹង? ពន្យល់អត់ចេញ​ផង។ ជម្រើសពេលនោះ ជម្រើសមានដល់ ៤ ឯណោះ។  ម៉េចបានរើសអាមួយនេះ? មួយនោះជាជម្រើសដែលមានសព្វថ្ងៃនេះ។ ខ្ញុំមានកម្លាំងទ័ពនៅក្នុងដៃ ដែលអាចបញ្ជាវាយបានភ្លាម ហោចណាស់ គឺក្នុងកម្លាំងកងទ័ពជិត ២.០០០ (នាក់) ក៏មានកម្លាំងប្រហែលជា ១.០០០ (នាក់) អាចវាយបានភ្លាម។ កាន់កាប់បានស្រុក ២ ឬស្រុក ៣។ ប៉ុន្តែ បើជម្រើសបែបនេះ គឺមិនមែនជាជម្រើសវៃឆ្លាតទេ គឺជាជម្រើសដែលនាំទៅដល់មនុស្សស្លាប់កាន់តែច្រើន។ ឯជម្រើសមួយទៀត គឺទុកឱ្យពួក ប៉ុល ពត សម្លាប់តែម្តងទៅ។ ជម្រើសមួយទៀត ធ្វើអត្តឃាត។ ប៉ុន្តែ នៅសល់ជម្រើសមួយទៀត គឺជម្រើសនៃការចាកចេញ ដើម្បីរៀបចំកម្លាំងតស៊ូឡើងវិញ។

អាយុមិនទាន់ ២៥ ឆ្នាំ ប្រឈមជំរើស ៤

អញ្ចឹងទេ ស្ថានភាពពេលនោះវាលំបាកប៉ុណ្ណាទៅ? នេះគឺជាជម្រើសរបស់យុវជន។ ពេលនោះ ខ្ញុំទើបមានអាយុ ២៥ ឆ្នាំ ទេណា? ហើយបើគិតពីខែដែលតែងកំណើត ខ្ញុំកើតនៅក្នុងខែ សីហា ឯណោះ ប៉ុន្តែ ពេលដែលខ្ញុំចាកចេញនៅខែ មិថុនា ទេ។ ដូច្នេះ ខ្ញុំមិនទាន់គ្រប់វ័យ ២៥ ឆ្នាំផង។ អញ្ចឹង យុវជនជំនាន់នោះ  ក្នុងសម័យសង្រ្គាម តើជ្រើសរើសទៅខាង លន់ នល់ ឬជ្រើសរើសទៅខាង សម្តេចព្រះ នរោត្តម សីហនុ?  ជម្រើសមានតែ ២ ហ្នឹង។ ដល់ជម្រើសនៅក្នុងរបប ប៉ុល ពត គឺជម្រើសពេលនោះ សម្រាប់ស្ថានភាពរបស់ខ្ញុំ សម្រាប់អ្នកដទៃ គឺមានជម្រើសដែលអាចខុសពីខ្ញុំ ប៉ុន្តែ សម្រាប់ខ្ញុំ មានជម្រើសរហូតដល់ ៤ ឬមួយវាយ ឬមួយដកខ្លួនចេញ ដើម្បីរៀបចំការតស៊ូឡើងវិញ ឬជម្រើសឱ្យគេចាប់យកទៅសម្លាប់ ឬមួយជម្រើសនៃការធ្វើអត្តឃាតខ្លួនឯង?

យុវជនសម័យសន្តិភាព/អភិវឌ្ឍ ចេញពីសាកលវិទ្យាល័យ រកការងារធ្វើ

សម័យនេះ យុវជនរបស់យើងខុសគ្នា យុវជនរបស់យើងចេញពីសាលា ចេញពីសាកលវិទ្យាល័យ អាចរកដាក់ការងារធ្វើនៅក្រុមហ៊ុននេះ/នោះ ឬក៏មានជម្រើសថា បន្តពីបរិញ្ញា យកបរិញ្ញាបត្រជាន់ខ្ពស់ ឬក៏ទៅស្វែងរកការសិក្សានៅកន្លែងនេះ/នោះ។ កុមារ យុវវ័យ និងយុវជន នៃសម័យនេះ គឺខុសពីសម័យមុនឆ្ងាយណាស់។ អញ្ចឹងទេ បានធ្វើយ៉ាងណាក៏ដោយ ត្រូវខិតខំរក្សាសន្តិភាព ដែលយើងរកបានដោយលំបាកនេះ មិនត្រូវឱ្យអ្នកណាបំផ្លាញទេ។ ខ្ញុំទៅទីណាខ្ញុំនៅតែនិយាយអាហ្នឹង។ ព្រោះអាហ្នឹងវាជារឿងជាក់ស្តែង។

ដំណើរការប្រជាធិបតេយ្យ និងការពោរពសិទ្ធិមនុស្ស មិនចាប់ផ្ទៃក្នុងប្រទេសដែលមានសង្រ្គាមទេ

ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស វាមិនដែលចាប់ផ្ទៃនៅក្នុងប្រទេសដែលមានសង្រ្គាមទេ? អត់ទេ។ មើលទៅ លន់ នល់ ហើយដែលមានការគាំទ្រពីបរទេស សួរថា លន់ នល់ អាចអនុវត្តនូវការគោរពសិទ្ធិមនុស្ស ដែលមានពីបរទេសបានឬអត់?  អាចអនុវត្តនូវដំណើរការប្រជាធិបតេយ្យបានឬអត់? វាអត់។ នោះហើយ គឺជាបិតាប្រជាធិបតេយ្យមកគាំទ្ររបប លន់ នល់ នៅទីក្រុងភ្នំពេញ។ ប៉ុន្តែ ទាហាន លន់ នល់ ឈានទៅដល់កាត់កមនុស្ស ដែលមានរូបភាពរហូតដល់សព្វថ្ងៃ។ តើនោះជាការគោរពសិទ្ធិមនុស្សឬអី? ឥឡូវនេះ អ៊ីរ៉ាក់ ថា ត្រៀមបោះឆ្នោតទៀតហើយ។ ក៏ប៉ុន្តែ ស្ថានភាពភ័យព្រួយនៅក្នុងតំបន់ដំណើរការប្រជាធិបតេយ្យនៅទីនោះ សិទ្ធិមនុស្សនៅទីនោះវាយ៉ាងម៉េច? លីប៊ី, ស៊ីរី, យេមែន តើវាយ៉ាងម៉េច? ប្រទេសដែលមានសង្រ្គាមដទៃទៀត ដូចជានៅស៊ូដង់ ឥឡូវហ្នឹង គឺថា មិនដឹងថាស្តារយ៉ាងម៉េចទេ រវាងអនុប្រធានាធិបតី និងប្រ​ធានាធិបតី វាយគ្នារហូត។ កងទ័ពរបស់យើងនៅទីនោះ។ នៅប្រទេសម៉ាលី, នៅអាហ្រ្វិកកណ្តាល មិនដឹងថា ដំណើរការប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សរបៀបម៉េច?

គេចាត់ទុកថា គណបក្ស ២០ ចូលរួមការបោះឆ្នោត សុទ្ធតែ ហ៊ុន សែន អ្នកបង្កើត

យ៉ាងណាក៏ដោយ យើងត្រូវបន្តការខិតខំ ដើម្បីការពារនូវសន្តិភាព។ ហើយយើងក៏ត្រូវបន្តការខិតខំ ដើម្បីដំណើរការប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ គណបក្ស ២០ ចូលរួមការបោះឆ្នោតមិនមែនការលេងសើចទេ ហើយមានអ្នកខ្លះ គឺថា ចាត់ទុកថា គណបក្សនេះសុទ្ធតែ ហ៊ុន សែន អ្នកបង្កើត។ ហាក់ដូចជាមើលស្រាលបណ្តាបក្សនយោបាយដទៃទៀត ហើយរហូតឈានទៅ ហៅគេថា គណបក្សអាប មានតែក្បាល គណបក្សអំពិលអំពែក។ វាអស់ឆ្ងល់ត្រឹមកន្លែងហ្នឹង។ ឱ្យតែហៅថាបក្សនយោបាយ មិនថាតូច/ធំ គឺមានសិទ្ធិដូចៗគ្នា នៅក្នុងដំណើរការប្រជាធិបតេយ្យ។

ការអភិវឌ្ឍផ្តើមចេញពីយុវជនម្នាក់ៗ

អញ្ចឹងទេ បានជាយើងធ្វើការប្រៀបធៀប អំពីជម្រើសរបស់យុវជន និងឱកាសរបស់យុវជន ដែលត្រូវប្រើឱ្យ បានល្អ។ ដូច្នេះហើយបានជាយើងនៅតែបន្តអំពាវនាវឱ្យបន្តការខិតខំរក្សាសន្តិភាព​ ដើម្បីធានាដល់ការ អភិវឌ្ឍ។ យើងអំពាវនាវចំពោះយុវជនយើងឱ្យយកការសិក្សាធ្វើជាចំណុចសំខាន់ ជាជាងការសេពគ្រឿងញៀន ឬសកម្មភាពណាដែលវាមិនស្របជាមួយនឹងដំណើរការអភិវឌ្ឍន៍ខ្លួនផង ព្រោះការអភិវឌ្ឍណាមួយត្រូវចាប់ផ្តើមពីមនុស្សម្នាក់ៗ … អ្នកទាំងអស់ដែលនៅទីនេះជានិស្សិតចប់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់ សុទ្ធតែមានការយល់ដឹងខ្លួនឯងហើយ ចំណេះវិជ្ជាមិនអាចផ្ទេរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរបៀបចាក់ខួរក្បាលមនុស្សម្នាក់ ទៅចាក់ឱ្យមនុស្សម្នាក់បានទៀតទេ បើខ្លួនគ្មានការខិតខំ។

ឪពុកម្តាយ អត់មានការសប្បាយណាជាងបានឃើញកូនរៀនបានល្អនោះទេ

ខ្ញុំក៏សុំយកឱកាសនេះ រួមជាមួយឪពុកម្តាយ ក្រុមគ្រួសារ មាតាបិតា អបអរសាទរ ចំពោះកូនចៅ ប្តីសី ឬ​ភរិយា ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក្នុងឋានៈជាឪពុកម្តាយ អត់មានការសប្បាយណាជាងបានឃើញកូនរៀនបានល្អនោះទេ។ ក្នុងឋានៈជាឪពុកម្នាក់ ខ្ញុំព្រះករុណាខ្ញុំ ពិតជាយល់ច្បាស់នូវរសជាតិ គ្រាន់តែកូនរៀនថ្នាក់ទី ១ ហើយជាប់បានលេខ ៣ យកមករក្សាទុករហូតមកដល់សព្វថ្ងៃ អាប័ណ្ណសរសើរគេនោះ។ ដល់តែកូនចប់ កាលហ្នឹងគេហៅថា ចប់អនុវិទ្យាល័យ អរនោះអរ លួចញញឹម។ កូនចប់បាក់ឌុប ចាប់ផ្តើមកាន់តែអរ ដល់កូនចូលមហាវិទ្យាល័យ ចប់មហាវិទ្យាល័យ កាន់តែអរ អាហ្នឹងចប់ថ្នាក់បណ្ឌិតសភាយោធារបស់អាមេរិក (អាហ្នឹង)កូនច្បង។ ដល់ទៅកូនចប់អនុបណ្ឌិត (ឬ)បរិញ្ញាជាន់ខ្ពស់នៅសាកលវិទ្យាល័យ ញ៉ូវយ៉ក ក៏កាន់តែអរ។ ដល់កូនចូលទៅដល់ចប់បណ្ឌិត ក៏កាន់តែអរ។

នៅសល់តែប៉ុន្មានខែទៀត មានចៅស្រីម្នាក់ចាប់ផ្តើមចូលសាកលវិទ្យាល័យហើយ។ នេះហើយ គឺជារសជាតិរបស់ឪពុកម្តាយ និងជីដូនជីតា។ ឥឡូវនេះ កំពុងតែឃើញថាចៅកំពុងតែលូតលាស់។ ចៅទី ១ នឹងឈានជើងចូលសាកលវិទ្យាល័យនៅឆ្នាំនេះ។ ចៅបន្តបន្ទាប់អាចនឹងចាប់ផ្តើមចូលឧត្តមសិក្សា ជាបន្តបន្ទាប់តាមឆ្នាំ តាមការរៀនរបស់ពួកគេ។ យើងក៏បានតាមដាននូវការសិក្សារបស់ពួកគេ។ ដូច្នេះ ក្រៅពីការអបអរសាទរ ចំពោះនិស្សិតជ័យលាភីនៅថ្ងៃនេះ ក៏សូមចូលរួមជាមួយមាតាបិតា អាណាព្យាបាល ក៏ដូចជា ក្រុមគ្រួសារ ដែលបានផ្តល់ឱកាស សម្រាប់កូនចៅ ប្តីសី ប្រពន្ធរបស់យើង មកទទួល​បាននូវការបណ្តុះបណ្តាលបន្ថែមទៀត។

លទ្ធិគាំពារនិយម និងឯកតោនិយម កំពុងតែចាប់ផ្តើមងើបឡើង

សង្ឃឹមថា និស្សិតរបស់យើងនឹងបន្តការយកចិត្តទុកដាក់ជាមួយនឹងការពង្រឹងសមត្ថភាព ព្រោះបញ្ហាវាមិនស្ថិតនៅហ្នឹងកន្លែងហ្នឹងទេ មិនគ្រាន់តែការទទួលសញ្ញាបត្រហើយចប់ទេ។ រឿងរ៉ាវនៅលើលោកនេះ គឺច្រ​បូកច្របល់ ឥឡូវនេះកាន់តែច្របូកច្របល់ថែម។ លទ្ធិគាំពារនិយម និងឯកតោនិយម កំពុងតែចាប់ផ្តើមងើបឡើង ជាមួយនឹងចរន្តធ្វើសម្ព័ន្ធភាពនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់សេរីពាណិជ្ជកម្មនេះ/នោះ ដើម្បី​ទប់​ទល់ចំពោះនយោបាយគាំពារនិយម។ ចំណុចទាំងអស់នេះ ត្រូវតាមដាន។ សម្រាប់យើងក៏ត្រូវចៀសវាងនូវផលវិបាកដែលកើតចេញពីបញ្ហាដែលចោទឡើង។ ឧទាហរណ៍៖ វិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលកន្លងទៅ ឥឡូវ ពិតមែនតែនិន្នាការសេដ្ឋកិច្ចពិភពលោកមានការកើនឡើង ប៉ុន្តែ​មានហានិភ័យរបស់វាច្រើនណាស់។ បើមានហានិភ័យនៃការធ្លាក់ចុះវិបត្តិសាជាថ្មី ដូចជាវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧, វិបត្តិសេដ្ឋកិច្ច (និង)ហិរញ្ញវត្ថុសាកលពីឆ្នាំ ២០០៨ មកដល់ពេលនេះ នៅមិនទាន់បានដោះស្រាយ ហើយទើបនឹងរើបៗបន្តិច។ ប៉ុន្តែ ចាប់ផ្តើមមានភាពមិនច្បាស់លាស់មួយចំនួនលេចចេញមក។ តើវិធីសាស្ត្រដោះស្រាយនៅពេលដែលមានវិបត្តិនៅខាងក្រៅនោះវាយ៉ាងម៉េច?

បែកក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច អំណាចនៃការបញ្ជាទិញមានការធ្លាក់ចុះ

… ទាមទារឱ្យយើងធ្វើសកម្មភាពព្រមៗគ្នា។ ជាមួយនឹងការទ្រទ្រង់យ៉ាងម៉េចសេដ្ឋកិច្ចរបស់យើង មិន​ត្រូវឱ្យបែកនូវក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ហើយក៏មិនឱ្យធ្លាក់ចុះនូវជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។ បៀវត្សរ៍ឡើងហើយ ក៏ប៉ុន្តែបើសិនជាម៉ាក្រូសេដ្ឋកិច្ចមិនត្រូវបានធានាទេ ច្បាស់ណាស់ថាអតិផរណាកើនខ្ពស់ និងធ្វើឱ្យអំ​ណាចទិញ នៃប្រាក់ដែលយើងបានផ្តល់ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា កម្មករ/ការិនីរបស់យើងដែលបានទទួលបៀវត្សរ៍កាន់តែខ្ពស់ ឬក៏ប្រជាកសិកររបស់យើងដែលបានចំណូលពីការលក់ផលិត​ផលរបស់ខ្លួន គឺអំណាចទិញវាធ្លាក់ចុះ។ រឿងនេះ គឺជារឿងដែលត្រូវពិនិត្យដោះស្រាយនៅក្នុងក្របខណ្ឌជាតិរបស់យើង ហើយដើម្បីដោះស្រាយបានបញ្ហាទាំងអស់នេះ កត្តាសន្តិភាពនៅតែជាកត្តាសម្រេចកំណត់លើបញ្ហាធំលើសអ្វីទាំងអស់។

បើកព្រឹត្តិការណ៍កីឡាជាតិលើកទី ២ ព្រះមហាក្សត្រព្រះអង្គទ្រង់ប្រទានភ្លើង

… គិតថាបញ្ចប់ប៉ុណ្ណឹងទៅចុះ។ ដោយថ្ងៃនេះ ជួបនិស្សិតហើយមិនអាចមិននិយាយសោះ​នោះទេ គឺត្រូវមាននិយាយ។ ប៉ុន្តែ ទុកខ្លះទៅចែកជាមួយកម្មករថ្ងៃស្អែក ហើយទុកខ្លះជាមួយនឹងព្រះសង្ឃថ្ងៃខានស្អែក ទុកខ្លះជាមួយនឹងកីឡាល្ងាចនេះ ទុកខ្លះជាមួយនឹងកីឡាជាតិលើកទី ២។ ថ្ងៃ(មុន)នោះដូចមានលោតឆ័ត្រយោងចុះផង? អត់លោតទេ? ធាតុអាកាសខែនេះអត់ស្រួលទេ។ បើកលើកមុនយើងលោតឆ័ត្រយោង។ ឯបើកលើកនេះ ព្រះមហាក្សត្រព្រះអង្គប្រទានភ្លើង ដើម្បីកីឡា(ករ/ការិនី)នាំរត់ទៅកាន់ពហុកីឡាដ្ឋាន​ជាតិអូឡាំពិក។ រឿងនេះនឹងចាប់បន្តទៅដល់កីឡាជាតិលើកទី​ ៣ ទៅដល់កីឡាជាតិលើកទី ៤ ហើយទៅដល់ស៊ីហ្គេមតែម្តង ដែលយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។ ល្ងាចនេះ គឺយើងត្រូវជួបជាមួយនឹងអ្នកដែលទទួលមេដាយ (ចំនួន) ២៦​ នាក់ (ដែល)ទៅប្រកួតនៅប្រទេសម៉ុងហ្គោលី គេទទួលបានជោគជ័យ ដូច្នេះ ត្រូវទទួលគេជាកាតព្វកិច្ចរបស់យើង ដើម្បីជម្រុញនៅក្នុងវិស័យកីឡានេះបន្ថែមទៀត។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ​ បាននាំមកសម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ៣.៣៥៩ នាក់ ក្នុងមួយនាក់ៗទទួលបានថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៥៤៣ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថវិកា ៥ លានរៀល។

ដំណើរការបោះឆ្នោត ប្រព្រឹត្តទៅតាមការកំណត់របស់ច្បាប់

សង្ឃឹមថា ឆ្នាំនេះយើងជម្រុញកំណើនសេដ្ឋកិច្ចរបស់យើងឱ្យដល់ ៧% ជាបន្តទៀត។ ប៉ុន្តែ យើងក៏ត្រូវប្រុងប្រៀបខ្លួនថា ឆ្នាំនេះអាចនឹងមានទឹកជំនន់ ដែលយើងមិនត្រូវភ្លេចជាមួយនឹងការតាមដានធាតុអាកាស។ ឯ​ការបង្កបង្កើនផលរដូវវស្សារបស់ប្រជាកសិករយើងក៏បានចាប់ផ្តើមហើយដែរ។ យើងនឹងបន្តជាគ្នានូវសុខសន្តិភាព និងដំណើរការប្រជាធិបតេយ្យរបស់យើង តាមរយៈការបោះឆ្នោត នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ ហើយកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយ ឬមនុស្សណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ។ ដំណើរការបោះឆ្នោត គឺត្រូវដំណើរការដោយគ្មានការពន្យារពេល។ អ្វីៗឥឡូវស្ថិតនៅក្នុងដៃរបស់អាជ្ញាកណ្តាល ដែលកំពុងរៀបចំចុះបញ្ជី ហើយនឹងឈានទៅរកយុទ្ធនាការ ហើយនឹងឈានទៅដល់ការបោះឆ្នោត។

ជាមួយនឹងការអបអរសាទរ សម្រាប់វឌ្ឍនភាព នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ដូចជា អបអរសាទរចំពោះនិស្សិតដែលទទួលជ័យលាភីនៅថ្ងៃនេះ អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ បានប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពរ និងពុទ្ធពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕