សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​​បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅទៅទីរួមខេត្តកំពត

CNV: 

  • ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណា​​ច​ក្រ​កម្ពុជា
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។
  • លោកយាយ លោកតា អ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកការដ្ឋាន ដើម្បីសាងសង់ពង្រីកនូវផ្លូវជាតិលេខ ៣ ចំនួន ១៣៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តកំពត។

បវរកញ្ញាខណ្ឌពោធិ៍សែនជ័យ

មុននឹងចាប់ផ្ដើមនិយាយពីផ្លូវ អនុញ្ញាតអោយខ្ញុំសុំអោយអ្នកថតរូបដើរចេញពីនេះបន្ដិច ខ្ញុំមើលមុខបវរកញ្ញា​ខណ្ឌពោធិ៍សែនជ័យ។ ងើបឈរឡើង នេះជាបវរកញ្ញារបស់ខណ្ឌពោធិ៍សែនជ័យ ៥ រូប អបអរសាទរ។​ ឥឡូវបន្ដិចទៀត សុំទាំង ៥ នាក់ មិនថាលេខ ១ លេខ ២ លេខ ៣ ទេ ទទួលបានរង្វាន់ម្នាក់ៗ ១ លានរៀលស្មើៗគ្នា។ អភិបាលខណ្ឌចេះរកចំណុចមើល នេះមិនមែនជាបវរកញ្ញាទេ (គឺ)បវរមាតា។ សូម្បីតែឯកឧត្តម អគ្គរដ្ឋទូតអម្បាញ់មិញ គាត់ក៏បានជូនពរចូលឆ្នាំថ្មី … គិតថា ពេលណាមួយ យើងគិតប្រឡងបវរបិតាម្ដង។

ផ្លូវជាតិលេខ ៣ បន្ទាប់ពីពង្រីកដោយកូរ៉េ ពង្រីកបន្ថែមដោយហិរញ្ញប្បទានចិន

ខ្ញុំពិតជាមានការរីករាយ ដោយយើងបានចាប់ផ្ដើមធ្វើពិធីបើកការដ្ឋាន សម្រាប់លើកកម្រិត និងពង្រីកផ្លូវជាតិលេខ ៣ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តកំពត។ ខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា កាលពីខែមករា ឆ្នាំ ២០១៨ កន្លងទៅនេះ នាយករដ្ឋមន្រ្តីចិន Li Keqiang បានអញ្ជើញទស្សនកិច្ចនៅព្រះរាជាណាក្រកម្ពុជា។ ពេលនោះហើយ ដែលយើងបានចុះហត្ថលេខាលើហិរញ្ញប្បទានជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងនូវផ្លូវជាតិលេខ ៣ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល ក៏ដូចជាឯកឧត្តម Xiong Bo បានលើកឡើងអម្បាញ់មិញ ទាក់ទិនទៅនឹងសារសំខាន់ផ្លូវជាតិលេខ ៣ របស់យើងនេះ។ កាលពីមុននេះ ផ្លូវជាតិលេខ ៣ យើងបានប្រឹងប្រែងយ៉ាងច្រើន ដើម្បីចរចាជាមួយនឹងអតីតប្រធានាធិបតីកូរ៉េខាងត្បូង។ ដែលពេលនោះ ខិតខំអោយគាត់ជួយកសាងផ្លូវជាតិលេខ ៣ របស់យើងនេះ។ ប៉ុន្តែទោះបីផ្លូវជាតិលេខ ៣ ត្រូវបានពង្រីកដាក់អោយប្រើប្រាស់ ដោយតភ្ជាប់ពីខេត្តកំពត មកទីក្រុងភ្នំពេញ ប៉ុន្តែសម្រាប់ការកើនឡើងនូវកម្រិតជីវភាពប្រជាជន និងតម្រូវការចាំបាច់ ផ្លូវជាតិលេខ ៣ បច្ចុប្បន្ននេះ មិនអាចទ្រទ្រង់បាននូវស្ថានភាពរីកចម្រើននៃប្រទេសរបស់យើងនោះទេ។

ផ្លូវ ១៣៤ គីឡូម៉ែត្រ កាត់ខេត្ត/ក្រុង ៥

ផ្លូវជាតិលេខ ៣ ដែលយើងពង្រីកនៅថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកបញ្ជាក់រួចហើយ ហើយក្នុងនោះ គឺកាត់រាជធានីភ្នំពេញចំនួន ១២ គីឡូ​ម៉ែត្រ កាត់ខេត្តកណ្ដាល ១១ គីឡូម៉ែត្រ កាត់ខេត្តកំពង់ស្ពឺ ៣០ គីឡូម៉ែត្រ កាត់ខេត្តតាកែវចំនួន ៣០ គីឡូ​ម៉ែត្រ និងកាត់ខេត្តកំពតចំនួន ៥១ គីឡូម៉ែត្រ។ ដែលនេះជាការកម្រមួយ ដែលផ្លូវមួយខ្សែមានប្រវែងត្រឹមតែជាង ១៣៤ គីឡូម៉ែត្រ ប៉ុន្តែត្រូវឆ្លងកាត់ខេត្តរហូតទៅដល់ ៥ ដែលវាបានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ខេត្តទាំងប៉ុន្មាននេះផងដែរ។ សម្រាប់ការកសាង​ គឺយើងមិនអាចបន្តរក្សានូវផ្លូវទំហំបែបនេះទេ ដូច្នេះហើយ បានជាយើងធ្វើក្នុងស្ថានភាពខុសត្រូវបន្ដិច ៧០ គីឡូម៉ែត្រ ពីនេះ(ភ្នំពេញ) ទៅដល់បែកគូស គឺពង្រីកផ្លូវរហូតដល់ ២៤ ម៉ែត្រកន្លះ ដែលមានពីរទៅ ពីរមក។ ដែលនោះជាស្ថានភាពធ្វើកាន់តែប្រសើរសម្រាប់ការធ្វើផ្លូវបែបនេះ។ បន្តទៅទៀត គឺ ១២ ម៉ែត្រ សម្រាប់ ៦៤ គីឡូម៉ែត្រទៀតពីបែកគូស ទៅដល់ខេត្តកំពត។

ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់មាត់សមុទ្រ ទាក់ទាញទេសចរ និងជាច្រករបៀងសេដ្ឋកិច្ចក្នុង/ក្រៅប្រទេស

ពិតហើយ យើងកំពុងតែពង្រីកហេដ្ឋារចនាសម័្ពន្ធ ដើម្បីតភ្ជាប់ទៅតារារះនៃទិសនិរតី។ ក្នុងនោះ យើងបានធ្វើការខិតខំយ៉ាងច្រើន ដើម្បីអភិវឌ្ឍនូវបណ្ដាខេត្តនៅមាត់សមុទ្ររបស់យើង ហើយក្នុងនោះ មានខេត្តដែលនៅជាប់មាត់សមុទ្រ​របស់យើង ដែលមាននិរតីផង និងបស្ចិមផងដែរ។ ប៉ុន្តែយើងប្រើពាក្យនិរតី ដែលរួមមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង … មិនមែនគ្រាន់តែជាការសំដៅទៅលើបញ្ហាទេសចរទេ ខេត្តទាំងប៉ុន្មាននៅឯមាត់សមុទ្ររបស់យើង សុទ្ធតែជាច្រករបៀងសេដ្ឋកិច្ចទាំងអស់ ហើយសុទ្ធតែជាខេត្តដែលតភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចជាមួយនឹងក្រៅប្រទេស។

ផ្លូវជាតិលេខ ៣ ដឹកជញ្ជូន និងចែកចាយអំបិល បន្ថែមលើសារសំខាន់ឯទៀត

សម្រាប់ខេត្តកំពត ដែលយើងកំពុងកសាងផ្លូវទៅកាន់ទៅនោះ ចំណុចពិសេសមួយដែលមិនបានលើកនៅក្នុងរបាយការណ៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេ ក៏ប៉ុន្តែខ្ញុំសុំបញ្ជាក់ថា ក្រៅពីការផលិតនានា ក៏ដូចជាតំបន់ទេសចរណ៍ ឬវារីអគ្គិសនី និងអនាគតកំពង់ផែទឹកជ្រៅនៅខេត្តកំពត នៅក្នុងប្រទេសរបស់យើង ខេត្តកំពត គឺជាខេត្តតែមួយគត់ ដែលផលិតអំបិល។ ដូច្នេះ ខេត្តកំពតមានតួនាទីសំខាន់ (ហើយ)ផ្លូវជាតិលេខ ៣ មានតួនាទីសំខាន់ណាស់ ធ្វើការចែកចាយអំបិលទៅកាន់បណ្ដាខេត្តផ្សេងៗទៀត។ នេះហើយជាចំណុចដែលខ្ញុំធ្វើការចរចា ដើម្បីទាក់ទាញអោយសាធារណរដ្ឋកូរ៉េខាងត្បូង ពេលនោះរយៈពេលអតីតប្រធានាធិប​តី Roh Moo-hyun “បើឯកឧត្តមជួយផ្លូវនេះ ជួយទៅដល់ការបែងចែកអំបិលសម្រាប់ប្រជាជនដែលរស់នៅខេត្តដទៃទៀតផង”។ ដូច្នេះ យើងកំពុងធ្វើនូវកិច្ចការដែលទាក់ទងទៅនឹងតម្រូវការចាំបាច់នៃការអភិវឌ្ឍប្រ​ទេស​ជាតិរបស់យើង។ ទំហំផ្លូវដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃនេះ សព្វថ្ងៃប្រជាពលរដ្ឋក៏បាននិយាយថា ផ្លូវនេះ ជាផ្លូវល្អណាស់ បើប្រៀបធៀបជាមួយនឹងអតីតកាល មុនពេលដែលផ្លូវនេះពង្រីក។ ប៉ុន្តែសម្រាប់ចក្ខុវិស័យវែងឆ្ងាយ គឺផ្លូវនេះ គឺមានទំហំតូចណាស់ មិនអាចទ្រទ្រង់បានទៅនឹងកំណើនសេដ្ឋកិច្ចដែលកាន់តែរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃនោះទេ។

អរគុណរដ្ឋាភិបាល និងប្រជាជនចិន សំរាប់ការអភិវឌ្ឍផ្លូវមួយខ្សែដ៏សំខាន់

ខ្ញុំសុំយកឱកាសនេះ សំដែងនូវអំណរគុណតាមរយៈអគ្គរដ្ឋទូតនៃសធារណរដ្ឋប្រជាមានិតចិន Xiong Bo ដើម្បីថ្លែងអំណរគុណចំពោះប្រធានាធិបតីចិន ស៊ី ជីងពីង នាយករដ្ឋមន្រ្តី Lee Keqiang ក៏ដូចជារដ្ឋា​ភិបាលបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍផ្លូវមួយខ្សែដ៏មានសារសំខាន់។ ដូចដែលឯកឧត្តម Xiong Bo បានលើកឡើង គឺនៅក្នុងឆ្នាំនេះ ​ជាខួបលើកទី ៦០ នៃទំ​នាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាងឡើងតាំងពីជំនាន់មុន ក្រោមស្នាមព្រះហស្ថ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ជាមួយនឹងអ្ន​កដឹកនាំជំនាន់មុន គឺប្រធាន ម៉ៅ សេទុង ជាមួយនឹងនាយករដ្ឋមន្រ្តី ជូ អេងឡាយ ហើយក៏ត្រូវបានថ្នាក់ថ្នមលើកកម្ពស់កម្រិតទំនាក់ទំនងនេះ រហូតទៅដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ រវាងប្រទេសទាំង ២។

អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាត្រូវហត់នឿយ ព្រោះមានគម្រោងច្រើន

ឆ្នាំនេះ ក៏ជាឆ្នាំដែលអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការហត់នឿយបន្តិច​ ហើយមិនមែនគ្រាន់តែហត់នឿយតែមួយឆ្នាំទេ ការធ្វើអគ្គរដ្ឋទូតនៅកម្ពុជាគឺពិតជាមានការហត់នឿយច្រើន ដោយសារគំរោងផែនការនានារបស់ចិន មានច្រើននៅកម្ពុជា។ យើងធ្វើការរៀបរាប់បន្តិច ថ្ងៃនេះ គឺជាលើកទី ៥ នៅក្នុងរយៈពេលតែប៉ុន្មានខែតែប៉ុណ្ណោះនៃការធ្វើពិធីប្រារព្ធ។ ទី ១ ការបើកការដ្ឋានសាងសង់ឆ្លងកាត់ទន្លេមេគង្គ ឆ្លងកាត់ពីស្រុកស្ទឹងត្រង់ទៅស្រុកក្រូចឆ្មារ ​មានន័យថាការតភ្ជាប់រវាង​ខេត្តត្បូងឃ្មុំ ជាមួយខេត្តកំពង់ចាម ដែលមុននេះ គឺវាជាខេត្តកំពង់ចាមតែមួយទេ ក៏ប៉ុន្តែ យើងបានបែងចែកទៅជាខេត្ត ២។ ឯទី ២ គឺការបើកការដ្ឋានសាងសង់លើកកម្រិតផ្លូវជាតិលេខ ១១ ពីអ្នកលឿង ខេត្តព្រៃវែង តភ្ជាប់ទៅផ្លូវជាតិលេខ ៧ នៅឯខេត្តកំពង់ចាម។ ឯទី ៣ ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលេខ ១៥៧៧ ពីសេកសក ដល់ច្រក ៤០០ ព្រំដែនកម្ពុជា-ថៃ។ ឯទី ៤ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ហើយថ្ងៃនេះគឺជាលើកទី ៥ ប៉ុន្តែ យើងនៅសល់ការដ្ឋានមួយចំនួនទៀត ដែលយើងបានលើកពេលមុនពេលចូលឆ្នាំ។ យើងមិនទាន់សម្ពោធដាក់ឲ្យប្រើប្រាស់ នូវផ្លូវជាតិលេខ ៦ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ជាមួយនឹងខេត្តសៀមរាបផងនោះទេ។ អ្នកដែលមកធ្វើការជាអគ្គរដ្ឋទូតនៅកម្ពុជាមានការហត់នឿយជាងការធ្វើការនៅប្រទេសដទៃ ដោយសារតែមានគម្រោងច្រើន។ ការចូលរួមរបស់ខ្ញុំ គឺមិនចម្លែកទេ ដោយសារនេះគឺជាការចង់បានរបស់កម្ពុជា។

ចិនឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់កម្ពុជា សាងសង់ផ្លូវរាប់ពាន់គីឡូម៉ែត្រ

ខ្ញុំទៅប្រទេសចិន មិនសុំចិនឲ្យជួយបង្ហើយផ្ទះបាយរបស់ខ្ញុំទេ ប៉ុន្តែ ខ្ញុំស្នើសុំចិនឲ្យជួយពង្រីកនូវ​សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដើម្បីជម្រុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ មិត្តចិនក៏បានប្រឹងប្រែងឆ្លើយតបជាមួយនឹងសំណូមពរ និងសេចក្តីត្រូវការរបស់កម្ពុជា ដែលរហូតមកដល់ពេលនេះ រាប់ពាន់គី​ឡូម៉ែត្រផ្លូវ ដែលបានដាក់ឲ្យប្រើប្រាស់រួចមកហើយ និងកំពុងបន្តសាងសង់រាប់ពាន់គីឡូម៉ែត្រថែមទៀត ដែលយើងត្រូវធ្វើជាបន្ត។ នេះជាតម្រូវការនៃការលូតលាស់របស់ប្រទេសរបស់យើង។

ផ្លូវទទឹង ១២ ម៉ែត្រហើយ នៅតែតូច

មើលចុះ ញាតិញោម ជាពិសេស បវរកញ្ញាទាំង ៥ រូប ដែល(ពេញរូបរាង)កាលពីឆ្នាំ ១៩៧៩ និងទសវត្សរ៍ ៨០ នោះ ហើយរស់នៅម្តុំនេះ តើមានម៉ូតូប៉ុន្មាន និងមានឡានប៉ុន្មាន? ឥឡូវម៉ូតូច្រើនណាស់ ឡានច្រើនណាស់។ ដូច្នេះ ផ្លូវនេះវាតូច។ ផ្លូវយើងកាលពីឆ្នាំ ១៩៧៩ គឺត្រឹមតែ(ទទឹង) ៧ ម៉ែត្រទេ យើងថាផ្លូវនោះវាធំ។ ប៉ុន្តែ ឥឡូវ ១២ ម៉ែត្រ ក៏នៅតែតូច។ អញ្ចឹងទេ បានជាកន្លែងខ្លះយើងត្រូវពង្រីកឲ្យបាន ១២ ម៉ែត្រ តែកន្លែងខ្លះយើងត្រូវពង្រីករហូតទៅដល់ជាង ២០ ម៉ែត្រ និងរហូតទៅដល់ ៣០ ម៉ែត្រឯណោះ។ សម័យមុននេះ យើងធ្លាប់តែស្គាល់នូវស្ពានជ្រោយចង្វារ ហើយដែលត្រូវបំផ្លិចបំផ្លាញដោយសង្គ្រាមទៅទៀត និងស្ពានព្រះមុនីវង្ស ប៉ុន្តែ ឥឡូវនេះ យើងបានឈានដល់ការធ្វើស្ពានឆ្លងកាត់ដៃសមុទ្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ នេះជាតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង។

ការសាងសង់យូរបន្តិច តែសំណង់មានភាពរឹងមាំជាងមុន

ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរដែនដីទាំង ៥ ខេត្ត/រាជធានីពាក់ព័ន្ធ ហើយសង្ឃឹមថា ឯកឧត្តម អស់លោក គឺនឹងបន្តការខិតខំដើម្បីជួយជម្រុញ ជួយសម្រួលយ៉ាងណាដើម្បីឲ្យការដ្ឋាននេះទៅបាន​។ ពិតមែនហើយ នៅពេលដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញថា រយៈពេលសាងសង់ ៤៨ ខែ ពេលនោះ លឺសូរសម្លេងផ្ទុះឡើងថា ដូចជាយូរពេក។ ប៉ុន្តែ គិតមើលទៅចុះ ផ្លូវបើចង់បានរឹងមាំ ត្រូវធ្វើឲ្យច្បាស់។ ផ្លូវលើក​នេះមិនមែនជាការធ្វើផ្លូវដូចកាលពីមុន ដែលចាក់គ្រួសថ្មហើយចាក់កៅស៊ូពីលើនោះទេ។ ផ្លូវនេះចាក់បេតុងពីខាងក្រោម ហើយចាក់កៅស៊ូពីខាងលើថែមទៀត។ ជាផ្លូវធានាការរឹងមាំ។ ទោះបីជារឹងមាំបែបណាក៏ដោយ មិនអនុញ្ញាតឲ្យមានការដឹកលើសចំណុះនោះទេ។

កម្ពុជា ២ ប្រភេទ គឺកម្ពុជាលើទំព័រកាសែតបរទេស និងកម្ពុជាពិត

នេះហើយជាស្ថានភាពពិតប្រាកដ ដែលកម្ពុជាកំពុងឆ្លងកាត់។ កម្ពុជារបស់យើងពិតជាមាន ២។ កម្ពុជា ១ នៅលើទំព័រកាសែត នៅលើការធ្វើអត្ថាធិប្បាយរបស់ជនបរទេស និងជនប្រឆាំងមួយក្តាប់តូចឯបរទេស​។ ឯកម្ពុជាមួយទៀត គឺកម្ពុជាដែលយើងកំពុងរស់នៅ ហើយប្រកបដោយសុខសន្តិភាព និងកំពុងមានការអភិវឌ្ឍ​។ សូម្បីតែជនរួមជាតិ បងប្អូន ដែលនៅទីនេះ ហើយដែលមានព្រះជន្ម ៥០​ ឆ្នាំ ៦០ ឆ្នាំ ៧០ ឆ្នាំ គឺអាចសម្លឹងមើលថយក្រោយថា កាលពីក្រោយរបប ប៉ុល ពត ឆ្នាំ ១៩៧៩ ខ្លួនមានអ្វីខ្លះ? ឥឡូវនេះ ខ្លួនមានអ្វីខ្លះ? ឥឡូវនេះ សូម្បីតែបវរកញ្ញានៅទីនេះ តើឆ្នាំ ១៩៧៩ មានអី? ឥឡូវនេះ នៅតែសឿងបឿងដើម្បីឡើងឆាកប្រឡងបវរកញ្ញានៅឡើយទេ។ ស្ថានភាពនេះវាមានការខុសប្លែកគ្នាច្រើនណាស់។ ដូច្នេះ យើងត្រូវបន្តការខិតខំបន្តទៀត ដើម្បីឲ្យប្រទេសរបស់យើងកាន់តែបន្តរីកចម្រើន។ ក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ យើងកំពុងតែសហប្រតិបត្តិការគ្នាក្នុងស្ថានភាពឈ្នះឈ្នះ ក្នុងនោះ វិនិយោគិនរបស់ចិនបានមកវិនិយោគក្នុងប្រទេសកម្ពុជា បន្ថែមទៅដោយការដ្ឋានជាច្រើន ដែលយើងបានទទួលពីមិត្តចិនសម្រាប់ការអភិវឌ្ឍកម្ពុជា។ យើងក៏បានទទួលពីដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីមកបន្តការអភិវឌ្ឍ …។

កម្ពុជាក្លាយជាប្រទេសមានរដ្ឋធម្មនុញ្ញ មហាក្សត្រ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធតែមួយ

ប្រទេសរបស់យើងកាលពីមុននេះ យើងបានឃើញហើយថា ជាមួយនឹងការខិតខំរបស់ព្រះបរមរតនកោដ្ឋ បន្ទាប់ពីឯករាជ្យឆ្នាំ ១៩៥៣ ហើយបន្ទាប់ពីការបញ្ចប់ការបែកបាក់នៅឆ្នាំ ១៩៥៤ និង ១៩៥៥ ព្រះអង្គបានខិតខំខ្លាំងណាស់ ដើម្បីកសាងរាប់ទាំងការកសាងផ្លូវរថភ្លើងនៅតាមច្រកផ្លូវ ពីទីក្រុងភ្នំពេញភ្ជាប់ទៅកំពង់ផែសមុទ្រទឹកជ្រៅ។ ក៏ប៉ុន្តែ សមិទ្ធផលទាំងអស់នេះត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមក្រោយរដ្ឋប្រ​ហារ ១៨ មីនា ១៩៧០ ហើយក៏បន្តបំផ្លាញតទៅទៀត។ ប៉ុន្តែ យើងបានខិតខំងើបឈរឡើងទាំងលំបាកលំបិន ដើម្បីរំដោះប្រទេសនេះចេញពីរបប ប៉ុល ពត ហើយខិតខំស្វែងរកសន្តិភាពតាមរយៈ​នៃការចរចា ដោយមានបណ្តាភាគីចូលរួម។ យើងបន្តទៅទៀត តាមរយៈនយោបាយឈ្នះឈ្នះ ដែលអនុញ្ញាតឲ្យព្រះរាជាណាចក្រកម្ពុជាឈានចូលដល់ដំណាក់កាលថ្មីមួយនៅក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ របស់ខ្លួន គឺប្រទេសកម្ពុជាមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ប្រទេសយើងមានបានទទួលនឹងការឈឺចាប់ និងការបែកបាក់ច្រើនពេកហើយ ដូច្នេះសន្តិភាពពិតជាមានតម្លៃសម្រាប់ យើងទាំងអស់គ្នា បើយើងត្រូវថែទាំនូវសន្តិភាពនេះឲ្យខានតែបាន។ នៅក្នុងប្រវត្តិសាស្ត្រអតីតកាលដ៏ឈឺចាប់រប​ស់យើង ជាមួយនឹងការកើតឡើង នូវការបែកបាក់ថ្មីៗដែលកំពុងតែកើតមាននៅបណ្តាប្រទេស សង្គ្រាមកើតឡើងនៅទីនោះមិនទាន់ចប់ ដែលធ្វើឲ្យប្រទេសនោះរងការឈឺចាប់។

ការអភិវឌ្ឍ សេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ចាប់កំណើតតែក្នុងផ្ទៃនៃប្រទេសសន្តិភាព

ខ្ញុំអាចនៅតែបន្តការបញ្ជាក់ថា គ្មានការអភិវឌ្ឍណាមួយ និងគ្មានការរីកចម្រើនណាមួយ ដែលស្ថិតនៅក្នុងផ្ទៃនៃប្រទេសដែលមានសង្គ្រាមនោះទេ។ ការអភិវឌ្ឍ ឬក៏សិទ្ធិសេរីភាពប្រជាធិបតេយ្យ ឬការគោរពសិទ្ធិមនុស្ស វាបានចាប់ផ្ទៃតែក្នុងប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ។ ឥឡូវនេះប្រទេសខ្លះគេក៏ត្រូវមានការទទួលខុសត្រូវ ដើម្បីរក្សាសណ្តាប់ធ្នាប់របស់គេដែរ ដូចជាគ្រាន់តែថ្ងៃទី ១ ខែឧសភាកន្លងទៅនេះ មុននេះប៉ុន្មានថ្ងៃនៅប្រទេសបារាំងហែក្បួន ដើម្បីទិវាពលកម្មអន្តរជាតិ មិនត្រឹមតែហែក្បួន ទៅដុតឡានប៉ូលីសបារាំងបង្ក្រាបចាប់ជាង ២០០ នាក់។ តើនោះជាអ្វី? បានសេចក្តីថារដ្ឋបាលនីមួយៗសុទ្ធតែប្រឹងប្រែងការពារនូវសន្តិភាព ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម មិនថាប្រទេសណាជាប្រទេសណាទេ។ អ្វីដែលយើងគួរឆ្ងល់ នៅពេលដែលកម្ពុជាអនុវត្តច្បាប់របស់ខ្លួន បែរជាត្រូវរារាំងដោយប្រទេសដទៃ។ នេះជាចំណុចដែលយើងត្រូវមើលឲ្យឃើញ តើជាអ្វី? … បន្តិចទៀត ខ្ញុំនឹងនិយាយបញ្ហានេះបន្ថែម ដើម្បីបញ្ជាក់។ ខ្ញុំវិលមកនិយាយពីបញ្ហាទាក់ទិននឹងបញ្ហាផ្លូវថ្នល់នេះសិន។

មេត្តាយោគយល់ចំពោះការកសាងផ្លូវ ផលប្រយោជន៍បានលើអ្នកនៅម្តុំនេះមុនគេ

ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ​ មេត្តាយោគយល់ចំពោះរយៈពេលនៃការសាងសង់ ពិតជាធ្វើឲ្យរំខានទៅដល់ការធ្វើដំណើររបស់បងប្អូន ជាពិសេសរំខានទៅដល់ការស្នាក់នៅរបស់បងប្អូន ការរកស៊ីរបស់បងប្អូន ឬការទទួលទានដំណេករបស់បងប្អូន នៅក្នុងពេលវេលានៃការសាងសង់ ក៏ប៉ុន្តែបងប្អូនត្រូវដឹងថា នៅពេលដែលផ្លូវសាងសង់ចប់ បងប្អូនបានទទួលផលប្រយោជន៍មុនគេបង្អស់ ដោយសារផ្លូវវាស្អាត ហើយតាមរយៈផ្លូវស្អាតនោះហើយ មុខរបរទាំងឡាយដែលនឹងត្រូវបានកើត។ ឧទា​​ហរណ៍ ដល់ផ្លូវពីភ្នំពេញទៅកំពតវាល្អ គេទៅកំពង់សោម គេអត់ចាំបាច់ទៅតាមផ្លូវជាតិលេខ ៤ ទៀតទេ គេទៅតាមផ្លូវជាតិលេខ ៣ វិញ វាលឿនជាង គឺពេលនោះហើយដែលបងប្អូនអាចទទួលផលចំណេញពីការធ្វើដំណើររបស់អ្នកធ្វើដំណើរ។ អ្នកធ្វើដំណើរត្រូវការទទួលទាននេះទទួលទាននោះ។ សូម្បីតែដូងដែលខ្លួនដាំនៅផ្ទះក៏លក់ដាច់ដែរ … ហ្នឹងសុទ្ធតែជារឿងចំណេញ។

មេត្តាយោគយល់ចំពោះការប៉ះពាល់លើដីធ្លីដែលត្រូវពង្រីកផ្លូវ

… ម្យ៉ាងទៀតក៏មានផលប៉ះពាល់មួយចំនួនទៅលើដីធ្លី ដែលត្រូវពង្រីកផ្លូវ។ រាជរដ្ឋាភិបាលបានត្រៀមថវិកាដើម្បីដោះស្រាយ ហើយផ្លូវនីមួយៗឥឡូវនេះប្រើថវិកាច្រើនណាស់ ដើម្បីដោះស្រាយគោលនយោបាយផលប៉ះពាល់ទៅលើការពង្រីកផ្លូវនេះពង្រីកផ្លូវនោះ។ ផ្លូវខ្លះប្រើលុយដល់ជាង ១០ លានដុល្លារសហរដ្ឋអាមេរិក​ឯណោះ។ បើនិយាយពីផ្លូវជាតិលេខ ១ តែ ៤ គីឡូម៉ែត្រ ប្រើប្រាស់អស់ ១២ លានដុល្លារសហរដ្ឋអាមេរិក ផលប៉ះពាល់សម្រាប់ម្តុំច្បារអំពៅ ទើបអាចដោះបាន។

ខិតខំសន្សំលុយផ្គត់ផ្គង់បៀវត្សរ៍ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំ/កសិកម្ម និងបដិភាគគំរោង

អញ្ចឹងទេ រាជរដ្ឋាភិបាលប្រឹងប្រែងសន្សំប្រាក់ (ដែល)សន្សំម្យ៉ាង ដើម្បីដោះស្រាយបញ្ហាផ្ទាល់ប្រចាំខែ ជាពិ​សេសគឺតម្រូវការសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទៅលើបញ្ហាបៀវត្សរ៍​អាហ្នឹងមួយផ្នែក ប៉ុន្តែគ្រាន់តែដំណើរការមន្ទីរពេទ្យទាំងឡាយសុទ្ធតែត្រូវការចាយលុយទាំងអស់ ចាយលុយជាប្រចាំ អ្វីក៏ត្រូវការចាយលុយជាប្រចាំដែរ។ អញ្ចឹងរាជរដ្ឋាភិបាលត្រូវតែខិតខំរកលុយ ហើយសន្សំលុយ ហើយមួយផ្នែកទៀត ដើម្បីតម្រូវការនៃការវិនិយោគដោយខ្លួនឯង។ យើងសុទ្ធតែមានការវិនិយោគដោយខ្លួនឯង ក្នុងមួយឆ្នាំៗរាប់រយលានដុល្លារសហរដ្ឋអាមេរិកទៅលើការកសាងផ្លូវនេះ ទៅលើការកសាងប្រឡាយទឹកនោះ ទៅលើការកសាងសាលារៀននេះ ទៅលើការកសាងមន្ទីរពេទ្យនោះ។ យើងប្រើលុយខ្លួនឯង ដោយយើងមិនអាចរង់ចាំ​តែជំនួយបរទេសទេ។ នេះជាការសន្សំ។ ឯសន្សំមួយទៀត ត្រូវតែមានថវិកាបដិភាគសម្រាប់គម្រោងនីមួយៗ ដែលហិរញ្ញប្បទានដោយបរទេស ទោះបីជាជំនួយឥតសំណង ឬក៏ហិរញ្ញប្បទានជាសម្បទាន សុទ្ធតែត្រូវការថវិកាបដិភាគ ដែលចេញពីសំណាក់រាជរដ្ឋាភិបាល ដូចជាផ្លូវនេះ ផលប៉ះពាល់មិនមែនយកថវិកាចិន មក​ប៉ះពាល់ទេ ត្រូវយកថវិការបស់កម្ពុជា។ ការដោះមីន បំផ្លាញគ្រាប់មិនទាន់ផ្ទុះទាំងឡាយ ត្រូវដោះស្រាយដោយថវិការបស់កម្ពុជា។

គ្មានជោគជ័យណាបានមកដោយខ្វះការចូលរួម និងការគាំទ្រពីសំណាក់ប្រជាជនទេ

ដូច្នេះបានជា ខ្ញុំធ្លាប់កាលពីម្តាយខ្ញុំគាត់នៅរស់ គាត់ធ្លាប់និយាយថា អញសក់មួយច្រៀកជា ១០ ទើបចិញ្ចឹមក្បាលពួកហ្អែងរស់ ដល់ក្រោយមកខ្ញុំបានប្រាប់គាត់ថា ម៉ែ ឥឡូវនេះខ្ញុំសក់មួយច្រៀក ជា ១០០០ ទើបអាចដោះស្រាយបញ្ហាប្រទេសទាំងមូល។ នេះជារឿងពិត ដែលខ្ញុំបាន និងកំពុងធ្វើ ហើយបន្តធ្វើតទៅទៀត ក្នុងករណីដែលប្រជាជនបោះឆ្នោតឲ្យគណបក្សប្រជាជនក្នុងពេលខាងមុននេះ។ ខ្ញុំមិនទៅណា ចោលបងប្អូនទេ ព្រោះបានរួមរស់នៅជាមួយគ្នាតាំងពីជំនាន់រំដោះចេញពីរបប ប៉ុល ពត រហូតមកដល់ពេលនេះ។ ខ្ញុំអរគុណចំពោះបងប្អូនទាំងអស់។ អ្នកនៅទីនេះ ហើយសូម្បីតែអ្នកមិនមានវត្តមានឪពុកម្តាយ ជី​​ដូនជីតានៅទីនេះ តែខ្ញុំសូមអរគុណចំពោះអ្នកទាំងអស់ ជីដូនជីតា មាតាបិតា និងមកដល់ក្មួយៗ ក៏ដូចជាបងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលបន្តការគាំទ្រជារៀងរហូតមក ដល់ផ្តល់ឱកាសឲ្យខ្ញុំបានដឹកនាំប្រទេសនេះ បើសរុបទាំងតួនាទីទូទៅ តាំងពីរដ្ឋមន្ត្រីការបរ​ទេស តាំងពីឧបនាយករដ្ឋមន្ត្រី រហូតមកដល់នាយករដ្ឋមន្ត្រី គឺជិត ៤០ ឆ្នាំហើយ។ ហើយបើគិតទាំងដំណាក់កាលនៃការរំដោះប្រទេសចេញពីរបប ប៉ុល ពត គឺរយៈពេលជាង ៤០ ឆ្នាំ។ គ្មានជោគជ័យណាមួយដែលនឹងនាំមកដោយខ្វះការចូលរួម និងការគាំទ្រពីសំណាក់ប្រជាជននោះទេ ដូច្នេះខ្ញុំពិតជាមានមោទនភាពដែលឈរនៅទីនេះក្នុងរយៈពេលវែង …។

កម្ពុជាគ្មានវិបត្តិ ដូចមនុស្សមួយក្រុមតូចនិយាយទេ​

តែយ៉ាងណាក៏ដោយ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងអ្វី ដែលកំពុងកើតនៅលើទឹកដីនៃព្រះរាជាណាចក្រ​កម្ពុជា។ ដែលខ្ញុំនិយាយថា មួយក្រុមតូចណាមួយនោះ  គេកំពុងនិយាយពីកម្ពុជាមានវិបត្តិ ប៉ុន្តែឥឡូវនេះ តើកម្ពុជាពិតប្រាកដមានវិបត្តិដែរឬអត់? ព្រោះមនុស្សធ្វើដំណើរក៏ធ្វើដំណើរ មនុស្សលក់ដូរក៏នៅតែលក់ដូរ មនុស្សធ្វើចំការក៏នៅតែធ្វើចំការ មនុស្សធ្វើស្រែក៏នៅតែធ្វើស្រែ មនុស្សធ្វើការងារនៅតាមរោងចក្រផលិតឧស្សាហកម្មក៏នៅតែផលិត។ មិនមានអ្នកណារត់ចោលអ្នកណា។ ចំណុចនេះបង្ហាញអោយឃើញច្បាស់ ទាក់ទិនជាមួយនឹងដំណើរការរីកចម្រើនរបស់កម្ពុជា។

ចិនអនុវត្តគម្រោងនៅកម្ពុជា មិនដែលក្រោយការកំណត់

ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសក្វាងចូវហ្វាងអាន នឹង​ធ្វើការដោយយកចិត្តទុកដាក់តាមបណ្តោយផ្លូវនេះ … តាមធម្មតាមិត្តចិនគាត់ដាក់ផែនការតែងតែលើស តែង​តែយូរ ប៉ុន្តែការអនុវត្តវិញ គឺតែងតែតិចជាង ព្រោះកម្រិតរបស់ចិនមានចំណុចខុសគ្នាអញ្ចេះ ទី ១ គាត់និយាយតិច តែគាត់ធ្វើច្រើន … ជាការចំណំារបស់ខ្ញុំ ទី ២ គាត់ដាក់ផែនការតែងតែរយៈពេលវែង ប៉ុន្តែដល់ទី​បញ្ចប់គាត់តែងធ្វើរួចមុនផែនការ មិនមានការដ្ឋានណាមួយ ដែលសាធារណរដ្ឋប្រជាមានិតចិនអនុវត្តគម្រោងនៅកម្ពុជា ចប់ក្រោយការកំណត់ទេ តែងតែចប់មុនការកំណត់ រាប់ទំាងពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ​ជាសកលផង។ ឧទាហរណ៍ វារីអគ្គិសនី គាត់ថា ធ្វើ ៤ ឆ្នំា តែជាក់ស្តែងគាត់ធ្វើ ៥ ឆ្នំា ជាប់ ផ្លូវថ្នល់គាត់ថាធ្វើ ៤ ឆ្នំា ស្ពានគាត់ថាធ្វើ ៤ ឆ្នំា ប៉ុន្តែ ៣ ឆ្នំាគាត់ចប់។ ព្រោះអញ្ចេះ កាលណាគាត់ធ្វើកាន់តែរហ័សគឺការចំណាយរបស់ពួកគាត់ក៏កាន់តែតិច ក៏ប៉ុន្តែត្រូវធានាគុណភាព។ អញ្ចឹងសាជីវកម្មស្ពានថ្នល់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យក្វាងចូវហ្វាងអាន ធ្វើការទទួលខុសត្រូវទៅលើបញ្ហានេះ។ សុទ្ធតែជាក្រុមហ៊ុនដែលកសាងផ្លូវរាប់រយគីឡូម៉ែត្រ ដល់ពាន់គីឡូម៉ែត្រ រួចមកហើយ។ យើងមិនមានការសង្ស័យអំពីសមត្ថភាព​នៃការសាងសង់ទេ។

មានអ្នកទិតៀនថា ហេតុអ្វីបានកម្ពុជាដឹកនំាទៅជិតចិនម៉្លេះ?

អញ្ចឹងបានពេលខ្លះគេថា ម៉េចក៏ចិនច្រើនម៉្លេះឥឡូវនេះ? ការដ្ឋានរាប់សិប បើបូកទំាងវិនិយោគទៀតផង ការ​ដ្ឋានដល់រយ តើមិនអោយចិនច្រើនយ៉ាងម៉េច។ ប្រទេសដទៃ បើចង់មកច្រើន មកបើកការ​ដ្ឋាន​អោយច្រើនដូចគ្នាទៅ វាច្រើនហើយ។ ដល់ឃើញចិនមកច្រើន មកច្រណែនឯចិនឯណេះទៅវិញ។ សុទ្ធតែថាកម្ពុជា​ដឹកនំាប្រទេសទៅជិតចិន។ ចុះបើចិនគេស្រួលជាមួយខ្ញុំ មិនអោយទៅជិតជាមួយគ្នាយ៉ាងម៉េច។ អ្នកខ្លះយើងគ្រាន់តែសុំធ្វើមិត្ត ខ្ញុំនិយាយប្រាប់គេថា ខ្ញុំគ្រាន់តែសុំធ្វើមិត្តអ្នកឯងសោះ ម៉េចក៏វាពិបាកម៉្លេះ។ ឯខ្ញុំទៅជា​មួយមិត្តចិន ប្រទេសចិនជាប្រទេសធំ ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនេះ ប៉ុន្តែគេអត់ដែលគិតថាយើងជាប្រទេសតូច … គេលើកកម្រិតរបស់យើងភាពជាដៃគូស្មើភាពគ្នា។ តំាងពីជំនាន់មុនដែល(មេដឹកនាំចិន)មានអាយុច្រើនជាងខ្ញុំ រហូតដល់បច្ចុប្បន្ននេះ ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីចិន លើកដំបូង​ដែលមានអាយុតិចជាងខ្ញុំ … ទំាងប្រធានាធិបតី ស៊ី ជីនពីង ទំាងនាយករដ្ឋមន្ត្រី លី ខឺឈាង គឺអាយុតិចជាងខ្ញុំទៅវិញ។ ដោយសារតែខ្ញុំធ្វើយូរ ខ្ញុំមិនមែនជើងចាស់ទេ ក៏ប៉ុន្តែជើងយូរ។ ធ្វើនាយករដ្ឋមន្ត្រី ៣៣ ឆ្នំា ប៉ុន្តែខ្ញុំនឹងធ្វើ ១០ ឆ្នំាទៀត បំបែកឯតទគ្គកម្មទំាងអស់តែម្តង។ តែធ្វើបាន ឬមិនបានចំណុះលើបងប្អូនបោះឆ្នោតអោយ ឬមិនបោះតែប៉ុណ្ណឹងទេ ព្រោះប្រទេសយើងកាន់លទ្ធិប្រជាធិបតីសេរីពហុបក្ស។

ស្ថាប័នពាក់ព័ន្ធបើកឱកាសសំរាប់បណ្តាបក្សនយោបាយនានាធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត

ខ្ញុំសូមយកឱកាសនេះ យកវេទិកានេះ អំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នដែលមានការពាក់ព័ន្ធត្រូវបើកឱកាសសម្រាប់បក្សនយោបាយនានា ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត។ បក្សនយោ​បាយ​មួយចំនួនបានចុះឈ្មោះរួចហើយ។ ម្សិលមិញមានបក្សនយោបាយមួយ ដែលហៅថាបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសថាខ្លួនចូលរួម។ មានបក្សនយោបាយមួយចំនួនទៀត បានត្រៀមរួចរាល់(តម្កល់ប្រាក់) ក្នុងរតនាគារជាតិហើយ មិនតិចជាង ១០ គណបក្សទេ។ ប្រហែលជាជុំវិញ។ លើបន្តិច ឬក្រោមបន្តិច។ ក៏នៅមានគណបក្សនយោបាយមួយចំនួន ដែលកំពុងតែបង្កើត(ដោយ)ត្រូវការស្នាមមេដៃ ត្រូវការការបញ្ជាក់នេះត្រូវការការបញ្ជាក់នោះ។ អំពាវនាវអោយអាជ្ញាធរមូលដ្ឋាន ដែលមានការពាក់ព័ន្ធ ដូចជាតម្រូវការចុះហត្ថលេខា ដើម្បីទទួលស្គាល់ថាអ្នកហ្នឹងនៅភូមិនេះ អ្នកនេះនៅកន្លែងនេះ ឬតម្រូវការលិខិតថ្កោលទោសជាដើម ត្រូវដោះស្រាយអោយបណ្តាបក្សនយោបាយដោយគ្មានការរើសអើង។ នេះជាលំហនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា។ សុំអោយជួយសម្រួលគណបក្សនយោបាយផ្សេងទៀត ត្រូវការលើកស្លាក ធ្វើអោយត្រូវតាមនីតិវិធី។ រដ្ឋបាលរបស់យើងក៏ត្រូវជួយសម្រួលនូវទីតំាង។ បើទីតំាងហ្នឹងគណបក្សប្រជាជនដាក់បាន គណប​ក្សដទៃក៏អាចដាក់បានដែរ។

បើមានតែគណបក្សប្រជាជន មិនមែនជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្សទេ

នេះគឺជាការអនុវត្តសិទ្ធិដ៏ទូលំទូលាយសម្រាប់ការជ្រើសរើសរបស់ប្រជាជន។ បើមានតែគណបក្សប្រជាជន មិនមែនជាប្រទេស ដែលប្រជាធិបតេយ្យសេរីពហុបក្សទេ។ អញ្ចឹងទេ បក្សមួយងាប់ទៅ ដោយសារតែធ្វើខុសច្បាប់។ មនុស្សមួយចំនួន ត្រូវតុលាការហាមឃាត់សិទ្ធិ (ដោយសារតែ)គេធ្វើខុសច្បាប់តែប៉ុណ្ណោះ។ នោះជារឿងរបស់គេ។ ងាប់បក្សនយោបាយមួយ មិនបានធ្វើអោយងាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេ ត្រូវយល់អោយច្បាស់។ អ្នកឯងពហិកាមិនចូលរួមបោះឆ្នោត … អ្នកឯងមិនត្រូវភ្លេចនូវសិទ្ធិបក្សដទៃគេចូលរួមបោះឆ្នោត។ ខ្ញុំដាក់ចេញនូវបទបញ្ជាតែម្តង។ ព្រោះរឿងគណបក្សប្រជាជនគឺជារឿងមួយ ក៏ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំត្រូវមានការទទួលខុសត្រូវដាស់តឿន ចំពោះស្ថាប័នមានសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តំាងពីមូលដ្ឋានរហូតមក ត្រូវបង្កលក្ខណៈសម្បត្តិ អោយបណ្តាបក្សនយោបាយដែលចូលរួមធ្វើការបោះឆ្នោត សម្រួលអោយពួកគេបានធ្វើសកម្មភាព តាមច្បាប់កំណត់ …។

ប្រទេសច្រើនគាំទ្រ ហើយបន្តធ្វើការងារជាមួយរាជរដ្ឋាភិបាលសព្វថ្ងៃ

ការលើកផ្លាក រហូតទៅដល់ដំណើរការនៃយុទ្ធនាការបោះឆ្នោត ឬវិធីជួបជុំ ទាក់ទិននឹងការជួបជុំសកម្មជននៅតាមមូលដ្ឋាននានា ក៏ត្រូវតែសម្រួលព្រោះវាជាពេលវេលា ដែលបណ្តាបក្សនយោបាយនានា មានតម្រូវការ។ អ្នកខ្លះប្រកាសមិនចូលរួមបោះឆ្នោត ហើយក៏ប្រកាសមិនឲ្យប្រជាជនទៅបោះឆ្នោត​ នេះជាការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសិទ្ធិ និងធ្វើការជ្រើសរើសតំណាងនៃបណ្តាបក្សនយោបាយ ដែលខ្លួនពេញចិត្ត។ អ្នកខ្លះតាំងខ្លួនថា បើសិនជាគណបក្សគេមិនបានចូលរួមបោះឆ្នោត សហគមន៍អន្តរជាតិមិនទទួលស្គាល់។ ខ្ញុំចង់និយាយថា អ្វីជាសហគមន៍អន្តរជាតិ? សូមផ្តល់ជាចម្លើយឲ្យបានត្រឹមត្រូវ​។ អ្វីខ្លះ? អ្នកណាដែលជាតួអង្គពិតប្រាកដនៃសហគមន៍អន្តរជាតិ។ ត្រូវនិយាយគ្នាឲ្យច្បាស់លើចំណុចនេះ ដើម្បីកុំឲ្យតិចៗ សម្ពាធអន្តរជាតិ (ឬ)សហគមន៍អន្តរជាតិ មិនទទួលស្គាល់។​ អ្នកឯងមានប្រទេសមួយ ប្រទេសពីរ ស្រែកគាំទ្រអ្នកឯង តែកុំភ្លេចថា ​មានប្រទេសច្រើនណាស់ដែលគាំទ្ររដ្ឋាភិបាលសព្វថ្ងៃ ហើយបន្តធ្វើការងារជាមួយរាជរដ្ឋាភិបាលសព្វថ្ងៃ។ ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ឫប្រទេសដទៃក្នុងសហគមន៍-អាស៊ាន និងប្រទេសដទៃ តើគេមិនសហគមន៍អន្តរជាតិ ទេឬអី? … ចិន ១៣៥០ លាននាក់ ឥណ្ឌា ១៣០០ លាននាក់ តែពីរប្រទេសហ្នឹងទេ ប្រជាជន​ ២៦០០ លាននាក់។ អញ្ចឹងទេ តើហ្នឹងសហគមន៍អន្តរជាតិទេ?

ខ្ញុំទៅចូលរួមប្រជុំអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា បន្ទាប់ទៅចូលរួមបុណ្យជាតិ បន្ទាប់ទៅទស្សនកិច្ចផ្លូវការនៅឥណ្ឌា។ ឥណ្ឌាគេបានលើកអាហ្នឹងជាមួយខ្ញុំ។ គេមិនដែលបដិសេធទេ។ គេគោរពការសម្រេចរបស់កម្ពុជា។ អញ្ចឹង អ្នកឯងឆ្លើយមក សហគមន៍អន្តរជាតិ ជានរណា? … ប្រទេសខ្លះទៀត គេមិនបានចាប់អារម្មណ៍លើអ្វីទេ គេធ្វើការជាមួយកម្ពុជារហូត អាស្អីក៏គេមិននិយាយ។ តើហ្នឹងជាសហគមន៍អន្តរជាតិទេ?

បក្សនយោបាយធ្វើខុសច្បាប់បានងាប់ តែលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សអត់ងាប់ទេ

ថ្ងៃនេះខ្ញុំបើកចំហឲ្យអ្នកឯងឆ្លើយតប តើសហគមន៍អន្តរជាតិសំដៅលើអ្វី? សំដៅលើប្រទេសណាពិតប្រា​កដ? … អ្នកឯងក៏មិនទាន់ចេះគោលនយោបាយការបរទេសផងដែរទេ។​ រាប់ទាំងប្រទេស ដែលមានបញ្ហាខ្លះជាមួយយើង ក៏គេកំពុងធ្វើការជាមួយយើងតើ? គេមានទាន់ផ្តាច់ទូតពីកម្ពុជាណា។ រួចអ្នកខ្លះហ៊ានទៅ និយាយអញ្ចេះទៅទៀត គេថាគេ នឹងដកកៅអីអង្គការសហប្រជាជាតិ ទៅឲ្យក្រុមប្រឆាំងនៅក្រៅប្រទេស។ បើថាឆ្កួត ឲ្យឆ្កួតម្នាក់ឯងទៅ។ នេះកងទ័ពកម្ពុជា ទើបនឹងចេញទៅអង្គការសហប្រជាជាតិ។ គេមកដឹកទៅជាង ៤០០ នាក់ ប៉ុន្មានថ្ងៃមុននេះ។ បើឡប់ៗ តែខ្លួនឯងទៅ។ ឥឡូវនេះ កងទ័ពកម្ពុជានៅលីបង់ នៅស៊ូដង់ខាងត្បូង នៅម៉ាលី នៅអាហ្រិ្វកកណ្តាល។ នៅអាហ្រិ្វកកណ្តាល ថ្ងៃមុននេះនាយទាហានរបស់យើងនៅក្នុងសេនាធិការត្រូវទទួលការវាយប្រហារ ក៏ប៉ុន្តែគ្មានការរបួស។ ដូចជារបួសទាហានរបស់ប្រទេសប្រេស៊ីល។​ យើង​មានទាហាននៅក្នុងសេនាធិការរបស់អង្គការសហប្រជាជាតិនៅអាហ្រិ្វកកណ្តាល។​ អង្គសហប្រជាជាតិ គេកំពុងត្រូវការកម្ពុជា បញ្ជូនកម្លាំងកាន់តែច្រើន។ បើសិនកៅអីនេះ (ជា)កៅអីរបស់កម្ពុជា មិនមែនជាកៅអីរបស់លោកឯងទេ។ បើសិនជាភូត គួរតែភូតមហាសមុទ្រអាត្លង់ទិចទៅ កុំភូតថ្លុក ភូតត្រពាំង ភូតប្រ​ចាំថ្ងៃយ៉ាងនេះ។ សុទ្ធតែថា ថ្ងៃនេះប៉ុណ្ណេះ អ្នកនេះមក ថ្ងៃនេះប៉ុណ្ណោះអ្នកនោះមក ហើយរហូតទៅដល់មាន ការលើកឡើងថា គេនឹងមកចាប់លោក ហ៊ុន សែន ទៀតផង។ អ្នកណាហ៊ានចាប់ ហ៊ុន សែន? បើ ហ៊ុន សែន បញ្ជាទាំងអស់កម្លាំងនៅក្នុងប្រទេសកម្ពុជានេះ ហើយប្រជាជនមានការគាំទ្រ។ បើគ្មានប្រជាជនគាំទ្រ ខ្ញុំ​មិនអាចឈរនិយាយនៅកន្លែងនេះបាននោះទេ។ ខ្ញុំសូមផ្ញើសារថា បក្សនយោបាយដែលធ្វើខុសច្បាប់វាងាប់ តែលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស វាអត់ងាប់ទេ។

ការបោះឆ្នោត នឹងប្រព្រឹត្តទៅតាមការកំណត់ ហើយគ្មានការផ្លាស់ប្តូរ ឬពន្យារពេលនោះទេ

ការបោះឆ្នោត នឹងត្រូវប្រព្រឹត្តទៅតាមការកំណត់ដែលច្បាប់បោះឆ្នោត បានចែងថានៅរៀងរាល់ ៥ ឆ្នាំ ម្តងនៅថ្ងៃអាទិត្យ នាអាទិត្យទី ៤ ត្រូវធ្វើការបោះឆ្នោត។ ថ្ងៃ ២៩ ខែកក្កដា​ ឆ្នាំ​ ២០១៨ គឺជាថ្ងៃអាទិត្យ នៃសប្តាហ៍​ទី ៤ ក្នុងរយៈពេល ៥ ឆ្នាំហើយ។​ ប្រក្រតិទិននៃការបោះឆ្នោតនេះ មិនត្រូវបានផ្លាស់ប្តូរ​ និងការពន្យារពេលអ្វីទាំងអស់។ ច្បាប់របស់កម្ពុជា អត់មានតម្រូវការឲ្យរាជរដ្ឋាភិបាល(កម្ពុជា) ត្រូវទទួលស្គាល់ពីសំណាក់អង្គការសហប្រជាជាតិ ឬពីប្រទេសណាទាំងអស់។ តម្រូវការធំបំផុត គឺប្រជាជនចូលរួមបោះឆ្នោត រួចហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ត្រូវធ្វើការដំណើរការទូទាំងដំណើរការបោះឆ្នោត។​ ចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចូលទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ។ ពេលដែលក្រុមប្រឹក្សាធម្មនុញ្ញ បានដោះស្រាយរួចរាល់អស់ហើយ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលផ្លូវការ។ ដំបូងគឺលទ្ធផលបណ្តោះអាសន្ន មានការប្តឹងផ្តល់ និងដោះស្រាយរហូតដល់ ក្រុមប្រឹក្សាធម្មនុញ្ញ ដល់ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយរួចហើយ គឺមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការបែងចែកអាសនៈ រួចហើយប្រកាសលទ្ធផលផ្លូវការ និងបេក្ខជនជាប់ឆ្នោតតែម្តង។ ចំណុចបន្តគឺព្រះមហាក្សត្រដឹកនាំការប្រជុំព្រឹទ្ធសភា ដោយមិនឲ្យលើសពី ៦០ ថ្ងៃ។ ៦០ថ្ងៃ យ៉ាងយូរ ព្រះមហាក្សត្រកោះប្រជុំរដ្ឋសភា ហើយព្រះមហាក្សត្រ និងតែងតាំងឥស្សរជនមួយរូប ដែលចេញពីគណបក្សឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល។ ឥស្សរជនរូបនោះ នឹងត្រូវផ្គូរផ្គងរាជរដ្ឋាភិបាលយកទៅសុំការទុកចិត្តពីរដ្ឋសភា រដ្ឋសភាអនុម័តផ្តល់ការជឿទុកចិត្តហើយ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់​តាំងរាជរដ្ឋាភិបាល ហើយស្បថចូលកាន់តំណែងចំពោះព្រះភក្ត្រព្រះមហាក្សត្រ គឺជារឿងចប់ហើយ​។ ប្រទេសមួយៗគេធ្វើបែបហ្នឹង។

រឿងផ្ទៃក្នុងរបស់កម្ពុជា ជារឿងរបស់កម្ពុជា ជារឿងសិទ្ធិអធិបតេយ្យរបស់ប្រទេសមួយ

ត្រង់អ្នកទទួល ឬមិនទទួលស្គាល់គឺវាជារឿងធម្មតាណាស់ ទូតរបស់អ្នកក៏នៅហ្នឹង អ្នកមិនបានដកទូតចេញទេរឿងវាតែប៉ុណ្ណឹង … (ឆ្លើយមក)​ ១ អ្វីទៅជាសហគមន៍អន្តរជាតិ? ២ តើប្រទេសណាជាសហគមន៍អន្តរជាតិ? អ្នកឯងឆ្លើយមក ព្រោះប្រទេសទាំងអស់កំពុងធ្វើការជាមួយយើងទាំងអស់ហ្នឹង។ សូម្បីតែល្ងាចនេះ ខ្ញុំហ្នឹងជួបសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិច។ អាមេរិចមានទាន់កាត់ទំនាក់ទំនងជាមួយកម្ពុជាពីអង្កាល់។ ពិតមែនតែមានពេលខ្លះគាត់មិនពេញចិត្តជាមួយយើង តែរឿងគាត់មិនពេញចិត្ត រឿងរបស់គាត់តើ។ រឿងផ្ទៃក្នុងរបស់កម្ពុជា គឺរឿងរបស់កម្ពុជាតែប៉ុណ្ណឹង។ វាជារឿងសិទ្ធិអធិបតេយ្យរបស់ប្រទេសមួយ …។

ប្រើប្រាស់ទង់ ៣ តំណាងបាវចនា ជាតិ សាសនា និងព្រះមហាក្សត្រ

ដោយសារតែធ្លាប់តែមានព្រះសង្ឃ ប៉ុន្តែថ្ងៃនេះអត់មានព្រះសង្ឃ … នៅពេលដែលយើងប្រើប្រាស់នៅកន្លែងធ្វើការ តំណាងអោយបាវចនាជាតិ សាសនា ព្រះមហាក្សត្រ យើងបានប្រើប្រាស់ទង់រហូតដល់ ៣ ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ដើម្បីតំណាងអោយបាវចនាជាតិ និងសាសនា ព្រះមហាក្សត្រ ព្រោះព្រះមហាក្សត្រជាព្រះមហាក្សត្រផែនដីរបស់យើង សាសនាជាសាសនារបស់រដ្ឋ។

ជឿជាក់ថាគណបក្សប្រជាជននឹងបន្តឈ្នះឆ្នោតទៀត

ថ្ងៃនេះ យើងធ្វើពិធីជាមួយនឹងដៃគូ គឺមិត្តចិន។ ខ្ញុំមានការសប្បាយរីករាយ ហើយសង្ឃឹមថាឆ្នាំនេះ បន្ទាប់ពីកាបោះឆ្នោតហើយ មុនរឺក្រោយខ្ញុំនិងទៅចូលរួមពិពណ៌ ណាននីង ទៀត។ ខ្ញុំជឿជាក់ថា គណបក្សប្រជាជននឹងឈ្នះជាបន្តទៀតតាមរយៈការគាំទ្ររបស់បងប្អូន។ ខ្ញុំបន្ត ១០ ឆ្នាំទៀតក៏វាមិនមានបញ្ហាអ្វីដែរ ព្រោះសំលេងនៅលឺខ្លាំងណាស់។ ពិតមែនតែមានការបែកញើស ប៉ុន្តែបើមានការបែកញើសហ្នឹងវាស្រួល។ ឥលូវ ចូលដល់សើម។ បើទោះបីយ៉ាងម៉េចក៏ដោយ វាក៏គ្រាន់បើជាងកសិករដែលនៅហាលវាលហាលថ្ងៃដែរ។ ប៉ុន្តែកសិករ ពេលដែលត្រឡប់ទៅដល់ផ្ទះគឺស្រួលណាស់ ឯខ្ញុំត្រឡប់ទៅដល់ផ្ទះមិនដឹងថា តើប៉ុន្មានឯកសារ … ជួនកាលម៉ោង ១២ ទើបឡើងទៅរកបាយ។ ហ្នឹងហើយជាជីវិតរបស់នាយករដ្ឋមន្ត្រីនោះ …។

ពាំនាំ

ថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់យុវជនកាយឬទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល មើលលើកដៃតិចមើល សិស្សានុសិស្ស ១៣៦៤ នាក់ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល អាហ្នឹងកាន់តែលឺតែម្ដង ជាង ១ ពាន់នាក់ ជូនលោកគ្រូចំនួន ៧៩ នាក់ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល ជូនអនុវិទ្យាល័យ ជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ថវិកា ១ លានរៀល ជូនបឋមសិក្សា ភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ថវិកា ១ លានរៀល ជូនសាលាខណ្ឌពោធិសែនជ័យថវិកា ២ លានរៀល ជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀលហើយជូនបវរកញ្ញាពោធិសែនជ័យទាំង ៥ រូប ថវិកាម្នាក់ ១ លានរៀលផងដែរ។ ចេះរកទំនុកឃើញ … បើសិនកម្ពុជាមានវិបត្តិ តើប្រលងបវរកញ្ញាពោធិសែនជ័យ​ហ្នឹងបានឬអត់? គិតតែពីរត់ទេពីដើមកន្លែងហ្នឹង។ គឺជាកន្លែងលាក់ពួនអាត្មារបស់ខ្មែរក្រហម បាញ់ចូលព្រលានយន្តហោះពោធិ៍ចិនតុង​ទេ។ ជាមួយហ្នឹងការបើកការដ្ឋាន គំរោងពង្រីកលើកកម្រិតកំណាត់ផ្លូវជាតិលេខ ៣ ប្រវែង ១៣៤ គីឡូម៉ែត ចាប់ពីចោមចៅដល់ក្រុងកំពត ខេត្តកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលសាធារ​ណ​រដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រសិទ្ធពរជូនចំពោះចំណងមិត្ត​ភាពកម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...