សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួប លោក ដូក អ៊ីរីកសិន (Doug Ericksen) សមាជិកព្រឹទ្ធសភសហរដ្ឋអាមេរិក នៅវិមានសន្តិភាព។

លោក Doug Ericksen ធ្លាប់បានមកទស្សនៈកិច្ច នៅកម្ពុជា កាលពីឆ្នាំ២០១៦កន្លងទៅម្តងរួចមកហើយ ដែលពេលនោះ លោកបានចូលរួមក្នុងពិធីប្រារព្ធខួប៧មករា។ លោកបានបង្ហាញពីសេចក្តីរីករាយដែលបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត។ លោក Doug Ericksen បានមើលឃើញកម្ពុជារីកចម្រើនទៅមុខ គួរអោយកោតសរសើរ ក្នុងនោះរួមទាំងកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ លោកបន្ថែមថា ថ្វីត្បិតតែកម្ពុជាបានឆ្លងកាត់នូវការលំបាកជាច្រើន ក៏ប៉ុន្តែពេលបច្ចុប្បន្ននេះដោយសារការខិតខំប្រឹងប្រែង របស់សម្តេចតេជោ និងប្រជាជនកម្ពុជា ធ្វើឲ្យកម្ពុជាមានការវិវន្តន៍ដូចសព្វថ្ងៃ។ ជាពិសេសសម្តេចបានថែរក្សាស្ថរភាពសង្គម និងសន្តិភាពដែលជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

លោកក៏បានគូសបញ្ជាក់ផងដែរថា ពិភពលោកមិនអាចប្រាប់ប្រទេសកម្ពុជា ថាត្រូវដឹកនាំប្រទេសបែបណានោះទេ មានតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះដែលជាអ្នកកំណត់ជោគវាសនាខ្លួនឯង គ្មានប្រទេសណា អាចមកកំណត់វាសនាឲ្យកម្ពុជាបានឡើយ។ លោកក៏បានជំរាបជូន សម្តេចតេជោផងដែរថា អ្វីដែលលោកចង់ឃើញគឺការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការខាងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជាងនេះទៀត លោកក៏ចង់ឃើញការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងក៏ចង់ឃើញប្រជាពលរដ្ឋអាមេរិក និងអ្នកវិនិយោគសហរដ្ឋអាមេរិកមកឃើញស្ថានភាពជាក់ស្តែងនៃដំណើរការអភិវឌ្ឍរបស់កម្ពុជាសព្វថ្ងៃ ដែលរូបលោកផ្ទាល់មានការកោតសរសើរយ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ពីការលើកឡើង របស់ Doug Ericksen ចំពោះការអភិវឌ្ឍរបស់កម្ពុជាសព្វថ្ងៃ ហើយក៏បានស្វាគមន៍ចំពោះក្រុមការងាររបស់លោកដែលមានគម្រោងវិលត្រឡប់មកចូលរួមតាមដាន និងសង្កេតការណ៍នៅកម្ពុជានៅក្នុងពេលបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ សម្តេចតេជោ បានបន្ថែមថា Doug Ericksen បានយល់ច្បាស់ពីស្ថានភាពរបស់ប្រទេសកម្ពុជា ហើយសង្ឃឹមថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏អាចយល់ច្បាស់ពីជំហរកម្ពុជាផងដែរ។ ពិតណាស់ចំពោះអ្នកដែលមិនបានមកឃើញកម្ពុជាគឺនឹងមិនស្គាល់ និងយល់អំពីកម្ពុជាឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា យើងសូមនិយាយតែអំពីអ្វីដែលច្បាស់លាស់ពិតប្រាកដប៉ុណ្ណោះ។

នៅក្នុងកិច្ចពិភាក្សានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកាលពីរំដោះប្រទេសបាននៅឆ្នាំ ១៩៧៩ គឺទីក្រុងភ្នំពេញមានមនុស្សតែ៧០នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះ យើងបានឃើញជាក់ស្តែងហើយ ពីការរីកចម្រើនរបស់រាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបានមកទល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងក្នុងពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញដែលជាមូលដ្ឋានដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរអំពីទិសដៅកម្ពុជានៅឆ្នាំ២០៣០ គឺនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងនៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានប្រាក់ចំណូលចំណូលខ្ពស់តែម្តង។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកដែលមានលើគ្រប់វិស័យជាទូទៅដែលមានលក្ខណៈជិតស្និទ្ធ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៌ និង វិនិយោគជាដើម ដែលឧទាហរណ៍ជាក់ស្តែងគឺកម្ពុជាមានរោងចក្រផលិតកូកាកូឡាដ៏ធំមួយនៅទីនេះ។ សម្តេចតេជោ ចង់អោយទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងសហរដ្ឋអាមេរិក និង កម្ពុជាកាន់តែល្អឡើងលើគ្រប់វិស័យ។

លោក Doug Ericksen បានមើលឃើញថាកម្ពុជាជាប្រទេសល្អ និងមានប្រជាពលរដ្ឋដ៏ល្អដូចនេះសហរដ្ឋអាមេរិក ចង់អោយមានកិច្ចសហប្រតិប្តិការជាមួយកម្ពុជាលើវិស័យកសិកម្មដោយរដ្ឋវ៉ាស៊ីនតោនអាចនាំចូលនាំផ្លែប៉ោម, ទឹកដោះគោ, និងផ្លែឈៀរីមកកម្ពុជា។ រីឯកម្ពុជាអាចនាំចេញ អង្ករ និងកសិផលផ្សេងទៀតទៅកាន់រដ្ឋវ៉ាស៊ីនតោនវិញបានដែរ។

លោក Doug Ericksen បានបព្ជាក់ជូនសម្តេចតេជោថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក គឺមិនមែនជាសត្រូវទេ ហើយសហរដ្ឋអាមេរិកក៏មិនមែនជាសត្រូវរបស់កម្ពុជាដែរ។ ដូចនេះ មិនចាំបាច់អោយមានស្ថានភាពតានតឹងរវាងប្រទេសទាំងពីរឡើយ។

មុននឹងបញ្ចប់ សម្តេចតេជោ បានកោតសរសើរចំពោះការខិតខំតស៊ូប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ដែលប្រឈមនឹងឧបស្គជាច្រើនរួមទាំងសម្ពាធន៍គ្រប់ច្រកពីគណបក្សខ្លួនឯងផងដែរ ប៉ុន្តែលោកបានខិខំធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋអាមេរិក។ សម្តេចតេជោ ក៏ជាអ្នកគាំទ្រ នឹងធ្លាប់បានព្យាករណ៍ទុកពីមុនការបោះឆ្នោតថា លោក Donald Trump គឺនឹងជាប់ឆ្នោត ដែល៩៩% គឺគាំទ្រលោកស្រី Hillary Clinton។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសទាំងពីរគ្មានហេតុផលអ្វីដែលធ្វើជាសម្រូវជាមួយគ្នានោះទេ។ ជាក់ស្តែងប្រទេសទាំងពីរបានធ្វើការជាមួយគ្នាចាប់តាំងពី ឆ្នាំ១៩៦៥ មកម៉្លេះ ដូចនេះប្រទេសទាំងពីរនឹងបន្តកិច្ចការជាមួយគ្នាបន្ថែមទៀតដើម្បីអោយមិត្តភាព និងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាកន្លងមក ព្រមទាំងផ្តល់អាហារូបករណ៌ដល់និស្សិតកម្ពុជាបានទៅសិក្សានៅអាមេរិកផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ