ខ្លឹមសារសង្ខេប នៃសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ

CNV: 

[ចាប់ផ្តើមអត្ថាធិប្បាយ]

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ដំបូង អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការអរគុណចំពោះសុន្ទរកថាដ៏មានអត្ថន័យ និងខ្លឹមសាររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសទន្លេមេគង្គ ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានលើកនូវចំណុចជាច្រើន​ ហើយនោះគឺជាធាតុចូលដ៏សំខាន់សម្រាប់គណៈកម្មការមេគង្គរបស់យើង។ មួយទៀត ក៏ខ្ញុំសូមបញ្ជាក់ដែរថា ​ឆ្នាំនេះ ហាក់ដូចជាការគាប់ជួនពេកហើយ ដែលក្នុងរង្វង់តែ ៣ ខែ ប៉ុណ្ណោះ យើងមានការជួបប្រជុំគ្នាទាក់ទងនឹងបញ្ហាទឹករហូតទៅដល់ ៣ ដង។ កាលពីខែ មករា ឆ្នាំ ២០១៨ នេះ យើងមានការប្រជុំឡានឆាង-មេគង្គ ដែលត្រូវបានធ្វើនៅទីក្រុងភ្នំពេញ។ អាទិត្យមុននេះ គឺនៅ​ឯទីក្រុងហាណូយ មានការប្រជុំមហាអនុតំបន់មេគង្គ។ មិនដល់មួយអាទិត្យក្រោយផង គឺមានការប្រជុំគណៈកម្មការមេគង្គនៅទីនេះ។ វាដូចជាការគាប់ជួន និងណាត់គ្នាទុកជាមុន ប៉ុន្តែ វាក៏បានបង្ហាញអំពីសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទសនៅតាមដងទន្លេមេគង្គ។ វាពិតជាមានការ​គាប់ជួន ប៉ុន្តែវាពិតជាមានសារសំខាន់ ដែលយើងត្រូវផ្តល់អាទិភាពសម្រាប់សហប្រតិបត្តិការទៅក្នុងចំណុចនេះ។ ហើយប្រសិនបើគ្មានការប្រែប្រួលណាមួយទេ ឆ្នាំនេះ នឹងអាចមានការប្រជុំនៅក្នុងក្របខណ្ឌទន្លេមេគង្គសាជាថ្មីទៀត ដោយជប៉ុន និងមេគង្គម្តង។ ប៉ុន្តែ បញ្ហានោះនឹងពិភាក្សាក្រោយ។ ប៉ុន្តែ គ្រាន់តែ ៣ ខែ យើងមានប្រជុំទាក់ទងនឹងបញ្ហាមេគង្គនេះរហូតទៅដល់ ៣ ដង។

[ចប់អត្ថាធិប្បាយ]

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

នៅក្នុងប្រជុំចង្អៀតប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង ៤ ក៏បានសម្រេចអនុម័តទៅលើសេចក្តីថ្លែងការណ៍រួម សេចក្តីថ្លែងការណ៍ក្រុងសៀមរាប ហើយដែលសេ​ចក្តីថ្លែងការណ៍នោះ ក៏ត្រូវបានចែកជូនចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួចហើយ ខ្ញុំសូមអនុញ្ញាតមិនអានអត្ថបទនេះឡើងវិញទេ តែយកឱកាសនេះគូសរម្លេចតែចំណុចសំខាន់ៗនៃសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ដូចខាងក្រោម៖

យើងប្រមុខរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រថៃ និង​សាធារណរដ្ឋសង្គមនិយមវៀតណាម ជួបជុំគ្នានៅក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣។

យើងទទួលស្គាល់ និងសូមកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំកំពូល លើកទី ២ ក្នុងឆ្នាំ ២០១៤។ សមិទ្ធផលទាំងនេះរួមមាន ការបញ្ចប់ការសិក្សារបស់ក្រុមប្រឹក្សា ការអនុម័ត និងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាង និងផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៦-២០២០ ការបន្តអនុវត្តនីតិវិធីប្រើប្រាស់ទឹក និងការកែទម្រង់ស្ថាប័នគណៈកម្មការទន្លេមេគង្គ ដោយរាប់បញ្ចូលទាំងរូបមន្តបង់វិភាគទានប្រចាំឆ្នាំថ្មី ដើម្បីសម្រេចបាននិរន្តរភាពផ្នែកហិរញ្ញវត្ថុត្រឹមឆ្នាំ ២០៣០។

កិច្ចប្រជុំកំពូលលើកទី ៣ ទទួលស្គាល់ថា គណៈកម្មការទន្លេមេគង្គមានការយល់ដឹងកាន់តែប្រសើរអំពីកាលានុវត្តភាព នៃការអភិវឌ្ឍ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ។ កាលានុវត្តភាពទាំងនោះ រួមមាន វារីអគ្គិសនីលើទន្លេមេ និងដៃទន្លេ ធារាសាស្រ្ត ជលផល នាវាចរណ៍ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងទេសចរណ៍។ រីឯបញ្ហាប្រឈម រូមមាន កំណើននៃតម្រូវការទឹកស្បៀង និងថាមពល ការបាត់បង់ធនធានបរិស្ថាន និងជលផល គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងហានិភ័យជំពោះជីវចម្រុះ គួបផ្សំនឹងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។

យើងរំពឹងថា គណៈកម្មការទន្លេមេគង្គ នឹងជំរុញលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍ និងដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈកិច្ចដំណើរការមានលក្ខណៈចម្រុះរួមគ្នា និងពហុវិស័យ ក្នុងកម្រិតអាងទាំងមូល ដោយលើកកម្ពស់ការអនុវត្តនីតិវិធីប្រើប្រាស់ទឹក ផែនការយុទ្ធសាស្រ្ត​ និងផែនការចង្អុលទិសថ្នាក់ជាតិ ការពង្រឹងវិមជ្ឈការលើសកម្មភាពតាមដានត្រួតពិនិត្យ និងការបន្តកិច្ចសហប្រតិបតិ្តការជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀត។

យើងសូមធ្វើការអះអាងសាជាថ្មី នូវសាមគ្គីភាព និងការប្តេជ្ញាចិត្ត និងការគាំទ្រផ្នែកនយោបាយកម្រិតខ្ពស់បំផុតរបស់យើង ដើម្បីប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥។ ដោយធ្វើការគូសបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់យើង ចំពោះកំណែទម្រង់ស្ថាប័នគណៈកម្មការទន្លេមេគង្គ ដើម្បីស្វែងរកមូលនិធិហិរញ្ញប្បទាន តាមមធ្យោបាយផ្សេងទៀត តាមរយៈភាពជាដៃគូរវាងវិស័យឯកជន និងវិស័យសាធារណៈ ឬពីប្រភពផ្សេងទៀត រួមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។ យើងសូមប្រគល់ភារកិច្ចដល់គណៈកម្មការទន្លេមេគង្គ ដើម្បីធានា និងតាមដានត្រួតពិនិត្យលើការអនុវត្តនសេចក្តីថ្លែងការណ៍នេះ។

ជាទីបញ្ចប់ យើងសូមសម្តែងនូវអំណរគុណដ៏ស្មោះ ជូនចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល លើកទី ៣ ហើយយើងទន្ទឹងរង់ចាំនូវកិច្ចប្រជុំកំពូលលើកទី ៤ ដែលនឹងត្រូវរៀបចំធ្វើក្នុងខែមេសា ឆ្នាំ ២០២២ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

អម្បាញ់មិញនេះ ខ្ញុំទើបតែអាននូវចំណុចសំខាន់ៗនៃ សេចក្តីថ្លែងការណ៍ក្រុងសៀមរាប។ តាំងនាមអង្គប្រជុំទាំងមូល ខ្ញុំសូមធ្វើការប្រកាសជាឱឡារឹកថា យើងបានអនុម័តរួមគ្នាជាឯកច្ឆ័ន្ទនូវ សេចក្តីថ្លែងការណ៍ក្រុងសៀមរាប នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣។ ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាល នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ជាប្រវត្តិសាស្រ្តនេះ។ ខ្ញុំសូមអង្គប្រជុំទាំងមូល អបអរសាទរ!

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។