សង្កថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីលៀងសាយភោជនាអាហារពេលល្ងាច មុនកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣

  • ឯកឧត្តម ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ;
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាទីរាប់ឤន!

ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សជាអនេក ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម, លោកជំទាវ, អស់លោក, លោកស្រី, ដែលបានអញ្ជើញមកចូលរួមក្នុងពិធីលៀងសាយភោជនាឤហារ ពេលល្ងាចនេះ និងត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ ដែលនឹងប្រារព្វធ្វើនៅថ្ងៃស្អែក, ទី ៥ ខែ មេសា ឆ្នាំ ២០១៨ ។ យើងខ្ញុំពិតជាមានមោទនភាព ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា នៅលើទឹកដីអង្គរ នៃខេត្តសៀម​រាប​។

ជាការពិត បណ្តាប្រទេសតាមដងទន្លេមេគង្គបានធ្វើកិច្ចការជាមួយគ្នាជាយូរមកហើយ ក្នុងការប្រែក្លាយតំបន់ទន្លេមេគង្គ ទៅជាតំបន់អភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ដើម្បីសាមគ្គីភាពរបស់ប្រជាជនយើង ដែលចែករំលែកទន្លេរួមគ្នា។  ជាងនេះទៅទៀត ទន្លេមេគង្គបានក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃតំបន់ឤស៊ីឤគ្នេយ៍។ ពិតណាស់ តាមលក្ខណៈភូមិសាស្ត្រ, ទន្លេនេះមិនត្រឹមតែបានភ្ជាប់ប្រទេសរបស់យើងទាំង ៦ ជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើតជាវាសនារួមប្រកបដោយមិត្តភាព, ភាពជាអ្នកជិតខាងល្អ, សន្តិភាព និងវិបុលភាព។ ដូចនេះ យើងត្រូវបន្តរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ទើបយើងឤចសម្រេចបាននូវភាពចម្រុងចម្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលរបស់យើងនាថ្ងៃស្អែក នឹងទទួលបាននូវលទ្ធផលជាផ្លែផ្កា និងប្រកបដោយផលិតភាព ដែលនឹងរួមចំណែកត្រួសត្រាយផ្លូវ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ឆ្ពោះទៅសម្រេចបាននូវគោលដៅចុងក្រោយរបស់យើង នោះគឺ៖ ភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច, យុត្តិធម៌សង្គម និង និរន្តរភាពបរិស្ថាន ក្នុងឤងទន្លេមេគង្គ។ យើងនឹងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តកម្រិតនយោបាយរបស់យើង ដោយនឹងផ្តោតជាសំខាន់លើការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឤងទន្លេមេគង្គ ដែលជាប្រធានបទនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើក ទី ៣ ក្រោមទិសស្លោក៖ «ទន្លេមេគង្គតែមួយ-ស្មារតីតែមួយ»។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខេត្តសៀមរាបត្រូវបានទទួលស្គាល់ថា ជាដែនដីនៃប្រាង្គប្រាសាទដ៏អស្ចារ្យនៅក្នុងពិភពលោក ដែលឆ្លើយគ្នានឹងពាក្យស្លោក៖ «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ»។ សៀមរាប ជាខេត្តដែលសម្បូរទៅដោយប្រាសាទបុរាណ, មរតកវប្បធម៌, ធម្មជាតិ, និងប្រវត្តិសាស្ត្រ, ដែលជាមោទនភាពនៃព្រះរាជាណាចក្រកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏ល្បីល្បាញ។ ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, អស់លោក, លោកស្រី, សូមឱ្យការ ស្នាក់ឤស្រ័យនៅក្រុងសៀមរាប បានប្រកបដោយផាសុកភាព និងមានអនុស្សារីយ៍ដក់ជាប់មិនឤចបំភ្លេចបាន និងសូមទទួលទានឤហារ អមដោយការសំដែងសិល្បៈ នៅក្នុងពិធីលៀងសាយភោជន៍នារាត្រីនេះ ប្រកប​ដោយភាពរីករាយ និងឆ្ងាញ់ពិសា។

ខ្ញុំសូមអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លើកកែវឡើង ដើម្បីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរបស់យើង និងដើម្បីជោគជ័យនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ ដែលនឹង ប្រារព្ធធ្វើនៅថ្ងៃស្អែកនេះ។

សូមអញ្ជើញលើកកែវឡើងទាំងអស់គ្នា!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ