ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត ៣ពាន់នាក់

 (FN)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបប្រមាណ ២,៨៦០នាក់ នារី ២,៣២៣នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅនេះ។ ពិធីនេះរៀបចំនៅសាលសន្និបាត និងពិព័រណ៌កោះពេជ្រ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរជាមួយនិស្សិតវ៉ាន់ដាទាំងអស់ ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ និងអំពាវនាវឲ្យពួកគេប្រឹងប្រែង បន្តអភិវឌ្ឍន៍សមត្ថភាពបន្តទៅមុខទៀត។ ជាពិសេសគ្មានសមិទ្ធផលណាមួយសម្រេចបានដោយគ្មានការប្រឹងប្រែងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺការរកបាន និងរក្សាបាននូវសុខសន្តិភាពនៅតែមូលហេតុដ៏សំខាន់ ដែលទាមទារឲ្យបន្តរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនេះ ហើយត្រូវប្រឆាំងទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា មានក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសជាច្រើន បានបង្ខំចិត្តយកបុគ្គលិកមកពីខាងក្រៅ ព្រោះតែធនធានបញ្ញា ចំណេះដឹងរបស់ និងសមត្ថភាពរបស់បុគ្គលិកកម្ពុជានៅមានកម្រិត។

* សម្តេចតេជោបានក្រើនរំលឹកដល់និស្សិតវ៉ាន់ដាដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត បើមិនប្រឹងអភិវឌ្ឍន៍សមត្ថភាពទេ នឹងក្លាយទៅជាមនុស្សអភិរក្ស។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មនុស្សដែលនៅក្បែរខ្លួនសម្តេចអ្នកខ្លះក៏មានសមត្ថភាព អ្នកខ្លះគ្រាន់តែឃើញមុខក៏ពិបាកប្រើមិនកើត។ ក្នុងនោះសម្តេចតេជោថា សូម្បីតែធ្វើសុន្ទរកថាសម្តេចក៏ពិបាកទទួលយកដែរ។

* សម្តេចតេជោ បានថ្លែងថា ទន្ទឹមនឹងការដាក់ចេញគោលនយោបាយពង្រឹងការអប់រំនៅគ្រឹះស្ថានឧត្តមសិក្សាហើយនោះ ក៏ត្រូវជំរុញការធ្វើទំនើបកម្មទាំងឧបករណ៍ សម្ភារៈសិក្សា ព្រមទាំងគ្រូ ដើម្បីផ្តល់នូវការអប់រំមួយប្រកបដោយគុណភាពខ្ពស់ ហើយនិស្សិតខ្លួនឯងក៏ត្រូវតែប្រឹងប្រែងផងដែរ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ច យកអស់ស្មារតី និងកម្លាំងកាយចិត្ត ដើម្បីការពារប្រជាពលរដ្ឋខ្មែរឲ្យចូលរួមលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឲ្យបានសប្បាយរីករាយ។

* សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងពេលធ្វើដំណើរ ហើយត្រូវចៀសវាងការលេងមិនប្រក្រតីមួយចំនួនដូចជាសាចទឹក លាបម្សៅ។ សម្តេចតេជោ ថ្លែងថា អាលេងគប់ទឹកនាំឲ្យមានគ្រោះថ្នាក់ ហើយអាលេងលាបម្សៅអាចមានការបន្លំលួចរបស់របរ។ សម្តេចតេជោ សង្ឃឹមថា ប្រជាពលរដ្ឋលេងសប្បាយប្រកបដោយសីលធម៌ខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងដាក់ឲ្យរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋមុន និងក្រោយចូលឆ្នាំដោយឥតគិតថ្លៃមិនត្រឹមតែរត់លើផ្លូវជាតិ ១ និងលេខ៥នោះទេ ផ្លូវជាតិ ៣ ៤ និង៦ ក៏ដាក់ឲ្យរត់ផងដែរ។ ការបញ្ចេញនេះចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្តបែបនេះ ព្រោះតែក្រុមហ៊ុនដឹកជញ្ជូនឯកជននិយាយគ្នាមិនស្តាប់ តែងតែដំឡើងថ្លៃនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។ សម្តេចក៏នឹងពិចារណាប្រើយន្តការនេះក្នុងពេលភ្ជំបិណ្ឌផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហានុយក្លេអ៊ែរនៅលើពិភពលោកនៅតែផុយស្រួយ ហើយការរត់ប្រណាំងផ្នែកសព្វាវុធមានសភាពខ្លាំងក្លា ជាងសម័យសង្គ្រាមលោកទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនក៏បានបង្កការព្រួយបារម្ភផងដែរ ដែលទាមទារឲ្យមានការតាមដានដោយយកចិត្តទុកដាក់។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ត្រូវតែរៀបចំខ្លួនត្រៀមទប់ទល់បញ្ចៀសខ្លួនពីសង្គ្រាមពាណិជ្ជកម្មនាពេលបច្ចុប្បន្នរបស់ប្រទេសមហាអំណាចទាំងពីរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញការព្រួយបារម្ភផងដែរ ចំពោះសង្គ្រាមបណ្តេញអ្នកការទូតរវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប រួមទាំងអស់គ្លេសផងដែរនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហានៅមជ្ឈិមបូព៌ាមិនស្ងប់ទេ ពេលអាមេរិកទទួលតំបន់សារ៉ូសើលឹម ជារបស់អ៉ីស្រាអែល។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងបង្ហាញពីការបាត់សណ្តាប់ធ្នាប់។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការតាមដោយយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពិភពលោក ព្រោះវាក៏នឹងធ្វើឲ្យប៉ះពាល់ដល់កម្ពុជាផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើសម្តេចពិជ័យសេនា ទៀ បាញ់ យកចិត្តទុកដាក់ចំពោះបញ្ហានៅប្រទេសម៉ាលី ដែលកងទ័ពកម្ពុជាកំពុងបំពេញបេសកកម្ម ក្រោមទង់អង្គការសហប្រជាជាតិផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៣៧នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា