សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​​ជួបសំណេះ​សំណាល​ជាមួយ​កូន​ក្មួយ កម្មករ-កម្មការិនី និងនិយោជិត ​នៅតំបន់ព្រៃទា

CNV: 

សុខសប្បាយទេ? ជិតចូលឆ្នាំហើយ។ ក្មួយៗមានផ្ទៃពោះក្រោម ៥ ខែ អាចរាំបានតើ។ ពេលហ្នឹង ដឹកដៃប្តីទៅរាំតែម្តង ចាំមើលព្រមរាំជាមួយប្រពន្ធមានផ្ទៃពោះ ឬអត់? មកមិញហ្នឹង លឺថា នៅខណ្ឌហ្នឹង គេប្រឡងបវរកញ្ញាអាយុ ៦០ ឆ្នាំ ឡើង ថ្ងៃ ៣០ នេះ។ ខាងនេះសុទ្ធតែក្រោមអាយុ ៦០ ធ្វើម៉េចគ្រប់លក្ខខណ្ឌ? យាយៗនៅខាងក្រោយនេះ ទៅដាក់ពាក្យទៅ ដើម្បីប្រឡងនឹងគេ។

អាកាសធាតុប្រែប្រួល ទាំងប្រទេសយើង និងទូទាំងពិភពលោក

ដំបូង ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗជាកម្មករ កម្មការិនី ដែលបានជួបជុំគ្នានៅព្រឹកនេះ។ អាទិត្យមុន យើងបានជួបគ្នានៅទីនេះដែរ ប៉ុន្តែយើងគ្រាន់តែកត់សំគាល់ឃើញថា ធាតុអាកាសពិតជាប្រែប្រួលពិតប្រាកដមែន។ អាទិត្យមុន យើងមកទីនេះ នៅក្នុងពេលយប់ មានភ្លៀង ហើយព្រលឹមឡើងក៏មេឃស្រទុំ។ តែព្រឹកនេះ យើងមកសាជាថ្មីម្ដងទៀត រយៈពេលមួយអាទិត្យក្រោយតែប៉ុណ្ណោះ ព្រឹកនេះ គឺបើកថ្ងៃ ប៉ុន្តែហាក់ដូចជាធ្លាក់ខ្យល់ពីជើង។ ស្ថានភាពនេះ គឺជាស្ថានភាពបានកើតទូទៅនៅក្នុងប្រទេសរបស់យើង ក៏ប៉ុន្តែ ក៏វាបានកើតទូទៅនៅលើពិភពលោកផងដែរ។

ខ្ញុំពិតជាមានការរីករាយ ដោយសារតែជំនួបប្រចាំសប្ដាហ៍របស់យើងត្រូវបានធ្វើ។ ពិតមែនហើយ កាលពី​សប្ដាហ៍មុន គឺនៅថ្ងៃអាទិត្យ មិនបានធ្វើ(ការជួបជុំ)ជាមួយនឹងកម្មករ កម្មការិនីនោះទេ ដោយសារការរៀបចំនោះ ត្រូវធ្វើជាមួយនឹងគ្រូបង្រៀន។ ឯអាទិត្យនេះទៀតសោត យើងមានការជួបជុំគ្នានៅទីនេះ ហើយថ្ងៃខានស្អែក ពូនឹងធ្វើដំណើរទៅប្រជុំមហាអនុតំបន់មេគង្គ និងការប្រជុំការអភិវឌ្ឍត្រីកោណរវាងកម្ពុជា វៀតណាម ឡាវ នៅឯទីក្រុងហាណូយ(ប្រទេសវៀតណាម) ហើយត្រឡប់មកវិញ ក៏ត្រូវជួបគ្រូបង្រៀននៅថ្ងៃអាទិត្យនេះទៀត។ ដូច្នេះ កម្មវិធីរបស់យើងពិតជាមមាញឹក។ គេអោយយើងមកធ្វើការចំកន្លែងហ្នឹង គឺកន្លែងដែលរវល់បំផុត ហើយជាកន្លែងដែលត្រូវទទួលខុសត្រូវធំបំផុតហើយ។

រាជរដ្ឋាភិបាល ជាអ្នកទទួលខុសត្រូវធំបំផុតចំពោះកម្មករ ពេលថៅកែរត់ចោល

ថ្ងៃនេះ ខ្ញុំក៏សូមអរគុណជាមួយនឹងម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ការអនុញ្ញាតអោយក្មួយៗកម្មករ/ការិនីបានមកជួបជុំគ្នានៅទីនេះ ហើយក៏បានផ្ដល់ពេលវេលាឈប់សម្រាកនៅពេលល្ងាចនេះបន្ថែមទៀត ដោយមានប្រាក់បៀវត្សរ៍ពេលលេញ។ ចេញពីទីនេះទៅ គឺក្មួយៗក៏ត្រូវបានទទួលការសម្រាក ប៉ុន្តែកាលពីពេលមុន នៅកន្លែងហ្នឹងដដែលហ្នឹង យើងរវល់តែមកជួបជុំគ្នានៅទីនេះ បង្កើតអោយមានអ្នកបិទរោងចក្រទៅបាត់ទៅ។ អម្បាញ់មិញ មានក្មួយៗម្នាក់ គាត់យំ គាត់ថា កាលដែលមកជួបលោកអ៊ំនៅទីនេះ គឺថៅកែរត់ចោល មិនទាន់បានបើកលុយ។ គាត់អត់បានដឹងអំពី ការបើកមក ៤ លាន ៦ សែនដុល្លារ ដែលកំពុងតែធ្វើការបើក ដើម្បីផ្ដល់ដល់កម្មករ/ការិនីរបស់យើង ពេលដែលថៅតែរត់ចោល។ ឥឡូវ យើងកំពុងតែរកវិធីដើម្បីដោះស្រាយបញ្ហា កុំអោយ​វាកកកុញប្រាក់នេះ …។

រកវិធីបង់រំលស់ប្រាក់អត្ថប្រយោជន៍ ជៀសវាងធ្លាក់លើរដ្ឋាភិបាល

អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង ក៏បានលើកឡើងអំពីវិធានការដែលត្រូវដោះស្រាយនៅពេលខាងមុខ ដែលខ្ញុំផ្ដល់ជាអនុសាសន៍អោយយកចិត្តទុកដាក់ដោះស្រាយ។ បើនិយាយពីប្រាក់ខែមានទំហំតូចមួយហ្នឹង ប៉ុន្តែប្រាក់អត្ថប្រយោជន៍ដទៃទៀតនោះ ទើបវាធំ។ មានកម្មករនៅខេត្តកណ្ដាល មានកម្មករខ្លះប្រាក់អត្ថប្រយោជន៍ដល់ ២ ម៉ឺនដុល្លារឯណោះ។ អញ្ចឹងបានសេចក្ដីថា ថៅកែរោងចក្រយកប្រាក់របស់កម្មករទៅបង្វិល។ ដល់បង្វិលមិនឈ្នះ ចាប់ផ្ដើមរត់ចោលរោងចក្រ យើងជាអ្នកទទួលខុសត្រូវ។ ដូច្នេះ ត្រូវរកវិធីយ៉ាងម៉េចបង់រំលស់ប្រាក់អត្ថប្រយោជន៍នេះ ដើម្បីជៀសវាងការបាត់បង់នូវផលប្រយោជន៍របស់កម្មករ។ ហើយបន្ទុកទាំងនោះ ត្រូវធ្លាក់មកលើរាជរដ្ឋាភិបាលជាអ្នករងគ្រោះទៅវិញ។

មុំចង្រ្កានបី៖ គោលនយោបាយរាជរដ្ឋាភិបាល ការវិនិយោគនៃវិស័យឯកជន និងការចូលរួមរបស់កម្មករ

ជំនួបថ្ងៃនេះរបស់យើង ក៏ដូចជាជំនួបមុនៗដែរ ពូសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរចំពោះកម្មករ កម្មការិនីរបស់យើង ដែលបានចូលរួមអភិវឌ្ឍប្រទេសជាតិ តាមរយ

ៈនៃកិច្ចខិតខំប្រឹងប្រែងធ្វើការងារ​។ ការធ្វើការងារនោះ ដំបូងបំផុតគឺសំដៅទៅលើផលប្រយោជន៍របស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន។ បញ្ហានេះ គឺវាយ៉ាងដូច្នេះហើយ។ នៅលើលោកនេះ គ្មានអ្នកណាមួយដែលដេក ហើយមិនធ្វើការអី បែរជាមានទ្រព្យសម្បត្តិនោះទេ។ វាច្បាស់ជាមានការប្រឹងប្រែង។ ប៉ុន្តែការប្រឹងប្រែងរបស់យើង ត្រូវបានធ្វើគួបផ្សំគ្នា ដែលចាត់ទុកថា មានមុំចង្រ្កានបី ដែលបាត់មួយណា ក៏អត់បានដែរ។ មុំចង្រ្កានទី ១ គឺរាជរដ្ឋាភិបាល ដែលទទួលខុសត្រូវទៅលើបញ្ហាក្របខណ្ឌគោលនយោបាយ ការវិនិយោគនានា ដែលផ្ដល់ឱកាសដើម្បីអោយមានការវិនិយោគសម្រាប់ការងារធ្វើ។ ឯមុំទី ២ គឺវិស័យឯកជន ដែលចូលរួមនៅក្នុងការវិនិយោគ ដើម្បីបង្កើតចេញជារោងចក្រ សហគ្រាសនោះឡើង។ ​ឯមុំទី ៣ គឺកម្មករ កម្មការិនីរបស់យើង ដែលត្រូវចូលធ្វើការនៅតាមរោងចក្រ សហគ្រាសនោះ។ បើគ្មានថៅកែទេ ច្បាស់ជាគ្មានការងារធ្វើនោះទេ ហើយបើសិនជាថៅកែមានរោងចក្រ អត់មានកម្មករ គេមិនហៅថាថៅកែទេ។ អាហ្នឹងគេហៅថា ម្ចាស់ឃ្លាំង …។

រាជរដ្ឋាភិបាល ជាមុំចម្បង

ប៉ុន្តែ ការដើរតួនាទីកំណត់សម្រេច និយាយរួម មុំទាំងបី សុទ្ធតែមានផលប្រយោជន៍ដូចគ្នា ហើយបំពេញអោយគ្នាទៅវិញទៅមក។ ប៉ុន្តែមុំដែលទទួលខុសត្រូវ ហើយដែលដើរលឿន ឬមិនលឿន នៅត្រង់មុំរបស់រាជរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវទៅលើបញ្ហាទាក់ទងនឹងការទាក់ទាញការវិនិយោគ ក៏ដូចជាបង្កើតលក្ខខណ្ឌនានា សម្រាប់ការវិនិយោគ ការដោះស្រាយការងារធ្វើ លក្ខខណ្ឌការងារតាមរយៈច្បាប់ការងារ ហើយនិងការបើកទីផ្សារនៅប្រទេសក្រៅ ដើម្បីការនាំចេញផលិតផលដែលយើងបានធ្វើនៅក្នុងប្រទេសកម្ពុជារបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដោយសង្កេតឃើញនូវវឌ្ឍនភាព ដែលយើងរួមគ្នាបង្កើតឡើង (ធ្វើ)អោយស្ថានភាពប្រទេសនេះ ​ចេញពីក្រីក្រតោកយ៉ាក ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលយើងបានឆ្លងផុតរួចមកហើយ។

ពីចំណូល ៤០០-៥០០ ដុល្លារសហរដ្ឋអាមេរិក មកដល់ជាង ២០០០ ដុល្លារសហរដ្ឋអាមេរិក

នៅក្នុងរង្វង់ឆ្នាំ ២០០៤ ចំណូលរបស់ប្រទេសជាតិរបស់យើង គឺមានត្រឹមប្រមាណជា ៤០០-៥០០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាបានឆ្លងផុតមកដល់ដំណាក់កាលដែលមានប្រាក់ចំណូលរហូតទៅដល់ជាង ១៥០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាប្រភេទនៃប្រទេសប្រាក់ចំណូលមធ្យមកម្រិតទាប។ ប៉ុន្តែ បើនិយាយពីចំណូលរបស់កម្មករ កម្មការិនីរបស់យើងវិញ មកដល់ពេលនេះ គឺគិតថា ក្មួយៗកំពុងបានអនុវត្តនូវប្រាក់ឈ្នួលអប្បបរមាចំនួន ១៧០ ដុល្លារ សហរដ្ឋអាមេរិក។ អញ្ចឹង បើសិនជាយើងគិតអំពីចំនួននេះ បូកនឹងចំនួនប្រាក់ដទៃទៀត ដែលជាអត្ថប្រយោជន៍ដែលក្មួយទទួលបាន គឺមានចំនួនជាង ២០០ (ដុល្លារសហរដ្ឋអាមេរិក)។ អញ្ចឹងទេ ក្នុងមួយឆ្នាំ ក្មួយៗអាចទទួលបានទៅដល់ជាង ២.០០០ ដុល្លារ សហរដ្ឋអាមេរិក។

បៀវត្សរ៍អប្បបរមាវិស័យឧស្សាហកម្ម ឃ្លាតឆ្ងាយពីការកំណត់អត្រាភាពក្រីក្រ

នៅក្នុងពេលនៅលើពិភពលោកនេះ គេបានកំណត់អត្រានៃភាពក្រីក្រ ដែលកាលពីពេលមុន គេបានកំណត់ ត្រឹមថា​ រកបាន ១ ដុល្លារ ឡើងលើ គឺឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ។ ឥឡូវនេះ នៅពេលដែលគេកំណត់ឡើងវិញ រកបាន ១ ដុល្លារ ២៥ សេន ឆ្លងផុតបន្ទាត់នៃភាពក្រីក្រ ហើយតាមរយៈនៃប្រាក់បៀវត្សរ៍អប្បបរមារបស់ក្មួយៗ គឺកម្មករ/ការិនីរបស់យើងរកប្រាក់បានជាង ៦ ដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ សម្រាប់អ្នកដែលធ្វើការនៅក្នុងវិស័យឧស្សាហកម្ម បានសេចក្តីថា យើងបានចេញឆ្ងាយអំពីចំណុចដែលកំណត់ជាបន្ទាត់នៃអត្រាភាពក្រីក្រ។

នៅកម្ពុជាមិនខ្វះការងារធ្វើ អាស្រ័យលើបុគ្គលម្នាក់ៗ តើចង់ធ្វើឬអត់?

នៅប្រទេសរបស់យើងនេះ បើនិយាយពីចំនួនអ្នកមានការងារធ្វើ គឺមានចំនួនច្រើន គ្រាន់តែបញ្ហាថា មនុស្សខ្លះគេមិនចង់ធ្វើការតែប៉ុណ្ណោះ រួចហើយស្រែកថាអត់ការងារធ្វើ។ ការងារវាមាន។ ត្រង់ថា យើងព្រមធ្វើ ឬមិនព្រមធ្វើ? អ្នកខ្លះ គឺរើសការងារមិនតិច … ក្មួយម្នាក់នៅត្រង់នេះអម្បាញ់មិញ ដូចហៅពូ ឬហៅអ៊ំទេ ថាសុំស្នើមួយបាន​ឬអត់? ថាសួរស្នើអី? សុំម៉ូតូកង់បី។ ម៉េចប្រុងទៅរត់ម៉ូតូកង់បីហើយស្អី? មួយណាសុំម៉ុតូអម្បាញ់មិញ? មាឌ​ហ្នឹងប្រុងទៅរត់ម៉ូតូកង់បី ឬស្អី? អាម៉ូតូកង់បីឥណ្ឌាហ្នឹង ឬអី? អាហ្នឹងឥណ្ឌាគេហៅ Tuk Tuk ដែរ។ នៅពេលដែលខ្ញុំជួបជាមួយប្រធានគណបក្សប្រឆាំងនៅឯប្រទេសឥណ្ឌា គឺ Rahul Gandhi ដែលជាកូនអតីតនាយករដ្ឋមន្ត្រី Rajiv Gandhi ហើយជាចៅរបស់អតីតនាករដ្ឋមន្ត្រី Indira Gandhi ហើយពេលជំនួបនោះក៏មានអតីតនាយករដ្ឋមន្ត្រី Manmohan Singh ដែលគាត់ធ្លាប់មកប្រជុំនៅកម្ពុជាដែរ ខ្ញុំថា ឥឡូវ ផលិតផលរបស់ឥណ្ឌា បានចាប់ផ្តើមចូលមកដល់ទីផ្សារកម្ពុជា ផ្នែកដឹកជញ្ជូននៅក្នុងទីក្រុង គឺឡំប្រឺតា។ គាត់ហៅអាហ្នឹងថា Tuk Tuk …។

ជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ធ្វើអោយរោងចក្រជាសហគមន៍សុខសាន្ត

អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង ក៏បានធ្វើរបាយការណ៍។ ក្មួយៗកម្មករ/ការិនីរបស់យើង ដែលជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ធ្លាប់បានទៅជួបជាមួយនឹងខ្ញុំចំនួនជាង ៧០០ នាក់ រួចមកហើយដែរ ដែលចូលរួមនៅក្នុងថ្ងៃនេះ។ គោលបំណង នៃជំនួបដាច់ដោយឡែកមួយ និងជំនួបរួមនេះមួយ ក្នុងគោលដៅអ្វី? បញ្ហានេះ វាទាក់ទងទៅនឹងសេចក្តីសុខសាន្ត នៅតាមរោងចក្រមួយៗនោះឯង។ នៅពេលដែលយើងជួបជាមួយនឹងប្រ​ធាន​រដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏មានម្ចាស់រោងចក្រទៅជួបដែរ។ ដូច្នេះ បញ្ហាស្ថិតនៅត្រង់ថា ពូមានគោលដៅសំខាន់ ធ្វើអោយរោងចក្រជាសហគមន៍សុខសាន្ត គ្មានជម្លោះទាស់ទែងនៅតាមរោងចក្រ។ នេះគឺជាចំណុចដែលត្រូវបានលើកនៅ ក្នុងពេលមានជំនួបជាមួយនឹងប្រធានរោងចក្រ ជាមួយនឹងប្រធានរដ្ឋបាល ប្រ​ធានផ្នែក ប្រធានក្រុម ដែលទទួលខុសត្រូវនៅតាមរោងចក្រ។ ធ្វើយ៉ាងម៉េចធានាថា នៅតាមរោងចក្រមួយៗមាន​សាមគ្គីភាពជាមួយគ្នាអោយបានល្អ ដើម្បីយើងអាចឈានទៅមុខបាន។

នៅក្នុងផលទុនជាតិ ឧស្សាហកម្មមានចំណែកទៅដល់ ៣៥%

នៅក្នុងដំណើរលូតលាស់នៃសេដ្ឋកិច្ចរបស់យើង ពិសេសនៅក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ឥឡូវនេះ ចំណែកនៃផលទុនជាតិរបស់យើង ឧស្សា​​ហ​កម្មមានចំណែកទៅដល់​ ៣0% រួចស្រេចទៅហើយ។ មុននោះ ឧស្សាហកម្មរបស់យើងមានចំណែកត្រឹមតែ ៤%, ៥% តែប៉ុណ្ណោះ។ ប៉ុន្តែ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅក្នុងឆ្នាំ ២០១៨ នេះចំណែកនៃវិស័យ​ឧស្សាហកម្ម បានរួមចំណែកនៅក្នុងសេដ្ឋកិច្ចជាតិរហូតទៅដល់ ៣0%។ ក្នុងពេលដែលវិស័យកសិកម្មនៅសល់ ២៥% និងផ្នែកសេវាកម្មឡើងទៅដល់ ៤៥% នៃសេដ្ឋកិច្ចជាតិរបស់យើង។

អ្វីៗ សព្វថ្ងៃបានមកពីការខិតខំប្រឹងប្រែងរបស់ CPP

ការកើនឡើងនៃវិស័យឧស្សាហកម្ម និងសេវាកម្ម គឺវាជាការឆ្លុះបញ្ចាំង អំពីការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិរបស់យើង។ ចំណុចទាំងអស់នេះ ផ្តើមចេញពីការខិតខំដោះស្រាយបញ្ហានានា ហើយដំបូងបំផុត ក៏សុំបញ្ជាក់ជូនចំពោះក្មួយៗជាកម្មករ/ការិនីនៅទីនេះអោយបានជ្រាបថា ថ្ងៃនេះ ក្មួយមានការងារធ្វើ ក្មួយមានប្រាក់ចំណូលកាន់តែខ្ពស់ទៅៗ តើបានមកពីអ្វី? មិនមែនបានមកពីប្រទេសដែលមានសង្គ្រាមនោះទេ? ហើយក៏មិនមែនបានមកអំពីការនិយាយរបស់ក្រុមប្រឆាំងមួយក្រុមណានោះដែរ តែបានមកអំពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្តួលរំលំ របប ប៉ុល​ ពត ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត និងបង្កើតឡើងនូវសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ ធ្វើអោយកម្ពុជា ដែលធ្លាប់តែជាប្រទេសមួយដែលមានតំបន់គ្រប់គ្រងច្រើន ទៅជាប្រទេសមួយ ដែលមានតំបន់គ្រប់គ្រងតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ។ នោះហើយគឺជាឱកាសមាស ឱកាសពេជ្រ ដើម្បីដោះស្រាយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង។

សន្តិភាព បានពីការគាំទ្រគណបក្សប្រជាជន

យើងក៏បានប្រឹងប្រែង ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រាប់ទាំងបញ្ហាកសាងផ្លូវថ្នល់ ការកសាងនូវស្ពាន កសាងកំពង់ផែ ព្រលានយន្តហោះ អគ្គិសនី និងលក្ខខណ្ឌចាំបាច់ដទៃទៀត ដើម្បីទាក់ទាញការវិនិយោគទុនមកកា​ន់ប្រទេសកម្ពុជារបស់យើង។ ប្រសិនបើរាជរដ្ឋាភិបាលមិនបា​នដោះស្រាយបញ្ហាសន្តិភាព ហើយសង្គ្រាមនៅតែបន្ត តើអ្នកណាមកវិនិយោគនៅប្រទេសរបស់យើង? តើអ្នកណាមកធ្វើទេសចរនៅក្នុងប្រទេសរបស់យើង? អតីតកាលបានបង្រៀនយើង។ ក្មួយៗអាចសួរជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ទើបអាចយល់ច្បាស់ជាងនេះ ប្រសិនបើក្មួយៗកើតមិនទាន់។ ពិតណាស់ មួយចំនួនកើតអត់ទាន់សភាពការណ៍នោះទេ ហើយបើសិនទាន់ក៏នៅក្មេងដែរ។ អញ្ចឹងនៅសល់ចាស់ទុំដែលនៅរស់រានមានជីវិត ហើយចាស់ទុំនោះហើយ ដែលជាជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ គាត់បានគាំទ្រពូ ​គាំទ្រមេដឹកនាំនៃគណបក្សប្រជាជន ដើម្បីដោះស្រាយបញ្ហាទាំងអស់ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង ពីដំណាក់កាល ដែលលំបាកបំផុត។ ជី​ដូន​ជីតា ឪពុកម្ដាយរបស់ក្មួយៗ បានគាំទ្រការអនុវត្តរបស់គណបក្សប្រជាជន ហើយនិយាយដោយត្រង់ គឺគាំទ្រការដឹកនាំរបស់ពូ ក្នុងឋានៈជានាយករដ្ឋមន្រ្តីរយៈពេល ៣៣ ឆ្នាំកន្លងទៅ ឬអាចថាគាំទ្រនូវកិច្ចដំណើរការ ដែលគណបក្សប្រជាជនបានធ្វើរយៈកាលជាង ៣៩ ឆ្នាំកន្លងទៅ …។

អ្នកប្រព្រឹត្តខុសច្បាប់ ត្រូវប្រឈមនឹងច្បាប់ មិនត្រូវដោះស្រាយដោយនយោបាយទេ

ឥឡូវ កម្ពុជាមិនមែនជាប្រទេសដែលមានសង្គ្រាមទេ ហើយក៏មិនមែនជាប្រទេសដែលមានវិបត្តិនយោបាយដូចអ្នកខ្លះអះអាងនោះទេ។ កម្ពុជាគ្មានវិបត្តិនយោបាយទេ។ អ្នកដែលត្រូវជាប់ឃុំឃាំង អ្នកដែលត្រូវទទួលនូវទណ្ឌកម្មនេះ ទណ្ឌកម្មនោះ ប្រទេសណាក៏មានដែរនៅលើពិភពលោកនេះ។ គេធ្វើគុកមកសំរាប់ដាក់អ្នកជាប់គុក អ្នកធ្វើខុស។ ប្រទេសនេះមិនមែនជាប្រទេសដែលមានសង្គ្រាម ហើយក៏មិនមែនជាប្រទេសដែលមានវិបត្តិនយោបាយនោះដែរ។ កម្មករនៅតែធ្វើការតាមរោងចក្រ កសិករនៅតែធ្វើកសិកម្ម ពាណិជ្ជករនៅតែមានធ្វើការលក់ដូរ ទេសចរនៅតែមាន។ អញ្ចឹងទេ តើអ្វីទៅដែលហៅថាវិបត្តិនយោបាយ? ការរៀបចំការបោះឆ្នោត នឹងត្រូវធ្វើនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ ដូច្នេះរបស់ដែលហៅថាវិបត្តិនយោបាយ វាជារឿងមួយ ដែលកើតឡើងសំរាប់មនុស្សមួយក្រុម ដែលប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះ។ ពួកគេត្រូវប្រឈមចំពោះបញ្ហាច្បាប់ មិនមែនជាបញ្ហាដែលត្រូវដោះស្រាយបញ្ហាខាងនយោ​បាយណានោះទេ។

គ្មានមេដឹកនាំណា ប្រើប្រាស់ឱកាសចរចាច្រើនជាងទេ លើពិភពលោក

អ្វីដែលក្មួយៗបាន និងកំពុងទទួលនេះ បានមកពីសន្តិភាព និងស្ថេរភាព ដែលយើងបានខិតខំរួមគ្នា្នបង្កើតឡើង តាមរយៈនៃនយោបាយឈ្នះឈ្នះ និងការខិតខំប្រឹងប្រែងការពារ កុំអោយកើតឡើងនូវស្ថានភាពដ៏អាក្រក់ដូចពីអតីតកាល។ បើយើងនិយាយពីក្នុងវិស័យឧស្សាហកម្ម និងសេវា កាលមុននេះ ក្មួយៗអាចចោទជាសំនួរថា ហេតុអ្វីបានជាលោក ហ៊ុន សែន ទើបនឹងដល់ឆ្នាំ ២០១៧ និង ២០១៨ ទើបបានមកជួបពួកអញអញ្ចឹង​? បញ្ហានេះ ពូអាចឆ្លើយតបថា ខ្លួនពូមានតែម្នាក់ឯងទេ។ តើចែកខ្លួនទៅខាងណាខ្លះ? បញ្ហាវាស្ថិតនៅក្នុងលំដាប់អាទិភាព នៃការងាររបស់យើង។ នៅក្នុងសម័យសង្គ្រាមគេបានឃើញពូនៅឯលេណដ្ឋានជួរមុខដើម្បីប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ទាប់ទៅ ទោះបីក្លាយទៅជាមេដឹកនាំប្រទេសក៏ដោយ គេបានឃើញពូពាក់ឯកសណ្ឋានកងទ័ព ដើម្បីទៅកាន់ខ្សែត្រៀមជួរមុខ ពិនិត្យដោះស្រាយបញ្ហាការលំបាករបស់កងទ័ព និងប្រជាជន ដែលកំពុងជួបការលំបាកដោយសារការប្រយុទ្ធគ្នានៅក្នុងសម័យ នៃសង្គ្រាម។ គេក៏បានឃើញពូនៅមានវត្តមានក្នុងការចរចាស្វែងរកដំណោះស្រាយសំរាប់បញ្ហាកម្ពុជា គ្មានអ្នកណាប្រើប្រាស់ឱកាសចរចាច្រើនជាង​ពូទៀតទេ នៅក្នុងប្រវត្តិមេដឹកនាំនៅក្នុងពិភពលោកនេះ។ អត់មានអ្នកណាប្រើពេលវេលាចរចាច្រើនជាងពូ ទេ។ ពូជាអ្នកចរចា។

វត្តមានតាមកាលៈទេសៈ និងអាទិភាព

ដែលហៅថាអ្នកចរចា វាលំបាកជាងនាយទាហាននៅសមរភូមិច្រើនណាស់ ព្រោះវាមានស្ថានភាពខុសគ្នា។ បើកងទ័ពវាយគ្នា កូនទាហាននៅខាងមុខ មេទាហាននៅខាងក្រោយ។ ដល់ទៅចរចា មេទា​ហាននៅខាងមុខ កូនទាហាននៅខាងក្រោយវិញ។ អញ្ចឹងគេបានឃើញ នៅក្នុងសម័យសង្គ្រាម ទី ១ ហ៊ុន សែន មានវត្តមានដោះស្រាយបញ្ហាជាមួយនឹងកងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់មានការប្រយុទ្ធ។

ទី ២ គេឃើញ ហ៊ុន សែន នៅក្នុងទីកន្លែងដែលស្វះស្វែងធ្វើការចរចា ដើម្បីរកដំណោះស្រាយក្នុងការបង្រួបបង្រួមជាតិ។ ហើយដំណាក់កាលចុងក្រោយ គេបានឃើញហើយថា​ ពូបានធ្វើដំណើរទៅកាន់តំបន់ ប៉ៃលិន ម៉ាឡៃ សំឡូត និងតំបន់ដទៃទៀត ដើម្បីធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហម តាមរយៈនៃនយោបាយឈ្នះឈ្នះ។

ក្រោយមកគេបានឃើញវត្តមានពូច្រើននៅតាមវាលស្រែ។ រូបថតចង់បង្ហោះប៉ុន្មានក៏មានដែរ។ ស្ទូងស្រូវ ធ្វើវេទិ​កាសាធារណៈជាមួយកសិករនៅតាមវាលស្រែ។ ពេលនោះយើងដាក់ចេញនូវគោលនយោបាយ​ផលិតកម្មកសិ​កម្ម ធ្វើយ៉ាងម៉េចធានាអោយប្រជាជនរបស់យើងមានស្រូវហូបគ្រប់គ្រាន់ ដែលកាលពីមុនយើងមានប្រជាជន ៦-៧ លាននាក់ តែយើងខ្វះអង្ករស៊ី ឥឡូវយើងមានប្រជាជនជាង ១៥ លាននាក់ តែយើងសល់ស្រូវជាង ៥ លានតោន សំរាប់នាំចេញទៅក្រៅប្រទេស ជាមួយនឹងកសិផលដទៃទៀតយ៉ាងច្រើន សំរាប់ការនាំចេញទៅក្រៅប្រទេស។ ហើយក៏ជាវត្ថុធាតុដើមសំរាប់ការផលិតសំរាប់ការនាំចេញផងដែរ។

ដំណាក់កាលគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម និងគោលនយោបាយគាំពារសង្គម

ក្រោយមក យើងបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥​-២០២៥ ជាមួយនិងក្របខណ្ឌគោលនយោបាយគាំពារសង្គម ហើយដែលជាចំណុចសំខាន់ណាស់ទាក់ទាញបង្កើតអោយមានចល​នា​មួយរុញច្រានសេដ្ឋកិច្ចរបស់យើង អោយមានកំណើនក្នុងវិស័យឧស្សាហកម្ម និងជាមួយគ្នា ក៏ត្រូវច្បាមយកកម្មករ ជាអាទិភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ហើយច្បាមយកកម្មករធ្វើជាគោលដៅតែម្ដង។​ឥឡូវ យើងបានជួបគ្នា ៣៦ លើក ដែលមានជាង ៤៤ ម៉ឺននាក់ រួចស្រេចទៅហើយ …។

រោងចក្រច្រើន បៀវត្សរ៍កើន និងទទួលវិនិយោគមិនរើសអើង

… គួរតែចាប់ផ្ដើមពិនិត្យ អំពីស្ថានភាពក្នុងវិស័យឧស្សាហកម្មរបស់យើង ​ដែលគិតត្រឹមឆ្នាំ ១៩៩៧ ពេលនោះយើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រទេ ជាមួយនឹងកម្មករត្រឹមតែ ៨ ម៉ឺន ២ ពាន់នាក់ នេះបើសិនជាពូមិនច្រឡំតួលេខ។ ប្រាក់បៀវត្សរ៍អប្បបរ​មាកាលនោះតែ ៤០ ដុល្លារអាមេរិកទេ។ ប៉ុន្តែ ឥឡូវនេះ យើងមានរោងចក្រក្នុងវិស័យកាត់ដេរនេះ ជាង ១.១០០ រោងចក្រ … (សួរពីរោងចក្រកំពុងសាងសង់) ប៉ុន្តែ អានេះគឺថាផ្នែកកាត់ដេរដែរ​ មិនមែនជាផ្នែកសម្លៀកបំពាក់ ព្រោះពាក្យថាកាត់ដេរមួយម៉ាត់ មិនមែនគ្រាន់តម្រូវតែរឿងខោអាវទេ វាមានកាត់ដេរទាំងដេរកម្រាលពូក ស្អីៗ … អានេះដោះស្រាយកម្មករបានដល់ជិត ២ ពាន់នាក់។ ក្រុមហ៊ុនអាមេរិក។ ចុះអាមេរិកាំងមកវិនិ​​យោគក្នុងស្រុកខ្មែរមានទាស់ខុសអី។ ការពិតយើងអត់មានរើសអើងអីទាំងអស់។ នេះរោងចក្រ មិញរាប់មានរោងចក្រ​មកពីប្រទេសណាខ្លះ? ចិន កូរ៉េ ខ្មែរ ឥឡូវនេះ នៅទីនេះអាមេរិកកាំង យើងមិនមានរើសអើ​ងឯណា? យើងហៅពីគ្រប់ទីកន្លែង អ្នកណាចង់មករកស៊ីនៅស្រុកខ្មែរ ពេញចិត្តសូមអញ្ជើញមក​។

បៀវត្សរ៍អប្បបរមានៅកម្ពុជាខ្ពស់ជាងប្រទេសក្នុងតំបន់

… ខ្ញុំសូមវិលត្រឡប់ទៅនិយាយអំពីការចាប់ផ្តើមរបស់យើង។ ពេលនោះយើងជួបការលំបាកណាស់​ ប្រទេសក៏មិនទាន់មានសន្តិភាពគ្រប់គ្រាន់នៅឡើយទេ ខ្មែរក្រហមក៏នៅសល់ ពេលនោះការវិនិយោគក៏មានការប្រថុយប្រថានផងដែរ។ ពេលនោះ មានរោងចក្រត្រឹមតែ ៦៤ រោងចក្រ ជាមួយកម្មករ ៨ ម៉ឺន ២ ពាន់នាក់ និងប្រាក់ខែអប្បបរមាត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ ឥឡូវ រោងចក្ររបស់យើងបានកើនទៅដល់ បើនិយាយពីសហគ្រាសទូទៅវិញជាង ២ ម៉ឺន សហគ្រាស។ ប៉ុន្តែសម្រាប់ក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង គឺមានជាង ១.១០០ រោងចក្រ។ ប្រាក់បៀវត្សរ៍របស់ក្មួយៗឆ្នាំទៅអនុវត្ត ១៥៣ ដុល្លារសហរដ្ឋអាមេរិក តែឆ្នាំនេះគឺបានអនុវត្តរហូតទៅដល់ ១៧០ ដុ​​ល្លារសហរដ្ឋអាមេរិក ជាមួយនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត ដែលកម្មករ/កម្មការិនីភាគច្រើនរបស់យើងបានទទួលរហូតទៅដល់ជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ប្រធានរដ្ឋបាល ប្រ​ធានក្រុម ប្រធានផ្នែក គឺទទួលបានបៀវត្សរ៍កាន់តែខ្ពស់។ យើងក៏ត្រូវពិនិត្យមើល តាមរយៈនៃប្រាក់បៀវត្ស ដែលប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះ កម្ពុជា ១៧០ ដុល្លារ, បង់ក្លាដេសនៅតែ ៦៧ ដុល្លារ ដដែល, ស្រីលង្ការនៅតែ ៦៧ ដុល្លារ ដដែល,​ ឥណ្ឌា ចន្លោះ ៧៧ ដុល្លារ ទៅ ១៤៣ ដុល្លារ, មីយ៉ាន់ម៉ា ឡើងដល់ ១០៨ ដុល្លារ, ឥណ្ឌូនេស៊ី ១០៧ ដុល្លារ ដល់ ២៦៧ ដុល្លារ ប៉ុន្តែចែកជាតំបន់ វៀតណាម ១២២ ដុល្លារ ដល់ ១៧៥ ដុល្លារ ឡាវកើនឡើងទៅដល់ ១៣៣ ដុល្លារ ប៉ាគីស្ថាន ១៣៤ ដុល្លារ។

រដ្ឋាភិបាលបង់ខាតជាង ៤០ លាន/ឆ្នាំ ដើម្បីតម្លើងប្រាក់ខែអប្បបរមានៃកម្មករ ដល់ ១៧០ ដុល្លារ

មើលអំពីតួលេខ ប្រាក់ចំណូលរបស់កម្មកររបស់យើងបានដើរលឿន។ ចំណុចដើរលឿននេះ ក៏យើងត្រូវគិតអំពីហានិភ័យនៃការដែល ប្រសិនបើយើងមិនមានវិធានការហ្មត់ចត់ នឹងធ្វើឲ្យបាត់បង់រោងចក្រចេញពីកម្ពុជា​ ព្រោះគេនឹងដករោងចក្រទៅកាន់ប្រទេសដែលមានប្រាក់ឈ្នួលកម្មករទាបជាង។ ដូច្នេះហើយបានជារយៈពេលកន្លងទៅ ដើម្បីឲ្យក្មួយៗបានប្រាក់ខែអប្បបរមារហូតទៅដល់ ១៧០ ដុល្លារ រាជរដ្ឋាភិបាលក៏ត្រូវតែទទួលនូវការ ដែលគេហៅថាការបង់ខាតក្នុង ១ ឆ្នាំ​ ជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។​

អ្នកសេដ្ឋកិច្ចព្យាករណ៍ ប្រាក់បៀវត្សរ៍កម្មករ/កម្មការិនី មិនតិចជាង ២៥០ ដុល្លារ ក្នុងឆ្នាំ ២០២៣

ឥឡូវកំពុងតែពិនិត្យថែមទៀត​ នូវគោលនយោបាយទាក់ទងជាមួយបញ្ហាមួយចំនួនផ្សេងទៀត។ ក្នុងនោះតម្លៃអគ្គិសនី គឺត្រូវតែមានការគិតគូរ​ ព្រោះមិនមែនត្រឹមតែដំឡើងបៀវត្សរ៍ មិនមែនត្រឹមតែឆ្នាំ ២០១៨ ទេ, ២០១៩ ក៏ត្រូវឡើង ២០២០ ក៏ត្រូវឡើង គឺឡើងរាល់ឆ្នាំ។ ថ្ងៃមុន ពង្រៀងកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ដើម្បីនឹងអនុវត្តនៅឆ្នាំ ២០១៩ រហូតដល់ឆ្នាំ​ ២០២៣ ក៏បានលើកអំពីចំណុចដាក់ចេញជាតួលេខតែម្តង សម្រាប់ប្រាក់ឈ្នួលកម្មករអប្បបរមា។​ ប៉ុន្តែ ខ្ញុំបានស្នើត្រឡប់ទៅវិញ ឲ្យដកនូវតួលេខជាក់ស្តែងតែម្តង ដើម្បីទុកលទ្ធភាពឲ្យយើងអនុវត្តប្រចាំឆ្នាំ។ ចរចាប្រចាំឆ្នាំ។ បើយោងតាមការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣ ប្រាក់បៀវត្សរ៍របស់កម្មករ/កម្មការិនីរបស់យើង មិនតិចជាង ២៥០ ដុល្លារទេ។​ អញ្ចឹងត្រូវមានកម្មវិធីឡើងតាមដំណាក់ៗ ប៉ុន្តែអាចនឹងលើស។ យើងក៏ត្រូវគិតអំពីបញ្ហានេះក្នុងស្ថានភាពនៃការប្រកួតប្រជែង។ អញ្ចឹងទេ បានជាខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា ប្រាក់ចំណូលរបស់ក្មួយៗកាន់តែច្រើន ហើយដើម្បីធានាឲ្យប្រាក់ចំណូលនេះវាបន្ត ជម្រើសដែលល្អ​ជាងគេ គឺក្មួយៗខិតខំចូលរួមរក្សាសន្តិភាព។ សន្តិភាពនោះហើយ​ដែលធានាឲ្យមានការអភិវឌ្ឍ ធានាឲ្យក្មួយៗមានការងារធ្វើ និងមានប្រាក់ចំណូលជាបន្តទៀត។

ប្រទេសកំពុងអភិវឌ្ឍន៍នាំចេញប្រកួតប្រជែងគ្នាឯង

បញ្ហាក្រពះរបស់យើងជាបញ្ហាសំខាន់។ ការរីកលូតលាស់នៃសេដ្ឋកិច្ច វានឹងនំាទៅដល់ការកើនឡើងនៃប្រាក់ចំ​ណូលរបស់កម្មករ ប្រាក់ចំណូលរបស់អ្នកធ្វើការ រាប់ទំាងប្រាក់ចំណូលរបស់កសិកររបស់យើង ដែលធ្វើការកាន់តែច្រើនក្នុងវិស័យកសិកម្ម។ ឥឡូវនេះ នៅលើពិភពលោកគ្មានអ្នកណាដែលមិនត្រូវការទទួលទានទេ ប៉ុន្តែ គ្រាន់តែប្រទេសកំពុងអភិវឌ្ឍន៍មានផលិតផលប្រហាក់ប្រហែលគ្នាសម្រាប់ការនំាចេញ។ ដូច្នេះ ត្រូវប្រកួតប្រ​ជែង​ជាមួយគ្នាឯង។ ​យើងជាមួយប្រទេសនានាក្នុងអាស៊ាន មានផលិតផលប្រហែលគ្នា ប្រកួតប្រជែងនំាចេញតែគ្នាឯង …។

ប្រទេសខ្លះអនុវត្តនូវនយោបាយឧបត្ថម្ភទុនកសិករ ខុសគោលការអង្គការពាណិជ្ជកម្មពិភពលោក

ដល់​តែពេលនំាចូលពីគេមកវិញ គេអត់មានប្រកួតប្រជែងដូចជា យន្តហោះ Airbus យន្តហោះ Boeing អត់មានការប្រកួតប្រជែងផង។ គេលក់អោយយើងតាមតម្លៃ ដែលគេកាត់។ ថ្នាំពេទ្យមួយចំនួន ឧប​ករណ៍ពេទ្យមួយចំនួន គេអត់មានការប្រកួតប្រជែងឯណា។ យើងទៅទិញគេ។ ដល់យើងទៅវិញ សម្រុកទំនិញដូចគ្នាទៅ ធ្វើអោយគេបង្អាប់ថ្លៃ ក្នុងពេលដែលប្រទេសនានាអនុវត្តនូវនយោបាយឧបត្ថម្ភទុនអោយកសិកររបស់គេ ហើយការឧបត្ថម្ភទុន វាខុសនឹងគោលការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក។ ក៏ប៉ុន្តែប្រទេសនានាគេនៅតែធ្វើ បើទោះបីជានៅបំពានលើវិធានការណ៍ នៃសេដ្ឋកិច្ចសេរី ដែលមិនបង្កើតអោយមានឧបត្ថម្ភទុនក៏ដោយចុះ។

២ អត់ ១ មាន … ចប់គ្នាប៉ុណ្ណឹង

ប៉ុន្មាននាទីហើយ? … ៤៤ នាទីហើយ។ ជិតល្មមហើយ។ ខ្ញុំអត់និយាយអីពីនយោបាយអីច្រើនទេ ព្រោះនិ​យាយពីម្សិលគ្រប់គ្រាន់ហើយ។ ២ អត់ ១ មាន ចប់គ្នាប៉ុណ្ណឹង។ ធ្វើអីធ្វើទៅ។ ប្រញាប់ប្រញាល់ដាក់មួយទៀតមកវើយ(ប៉ូការីស្វេត)។ គេថាលោក ហ៊ុន សែន ខ្លំាងអោយសារគោជល់ ដោយសារអាហ្នឹង មិនមែនទេណា ទើបតែផឹកបានប្រហែលជា ២ អាទិត្យទេ ហើយផឹកតែពេលបែកញើសទេ។ នៅផ្ទះអត់ផឹកទេ។ នៅផ្ទះផឹកនៅពេលហាត់ប្រាណ។ ម្សិលមិញអស់ ៨ កំប៉ុង ដោយសារតែខ្ញុំថែមទឹកក្រូចឆ្មារ និងទឹកសុទ្ធ។ បើសិនជាតម្រូវការពិតប្រាកដប្រហែលជា ១៦ កំប៉ុង ទើបគ្រាន់ នៅពេលដែលខ្ញុំហាត់ប្រាណម្តង ព្រោះចេញញើស ចេញច្រើន។ ធាក់កង់ឡើងចំណោទ ១២,៥ អង្សារ ល្បឿន ៥,៣ គីឡូ ថេរទៅអញ្ចឹង ហើយជួនកាលខ្ញុំឡើងទៅដល់ ១៥ អង្សារ ឡើងចំណោទ ១៥ និងល្បឿន ៥,៦ គីឡូ និយាយពីធ្លាក់គ្រឹបៗ។ ប៉ុន្តែឥឡូវធ្លាក់ទៅណាក៏អត់ក្រោម ៧២ គីឡូ ទេ។ តែក្រោម ៧២ ហ៊ឹងត្រចៀក។ ឥឡូវនៅ ៧២ , ៧៣ ប៉ុណ្ណឹង។ និយាយពីឆ្នំានេះ ត្រៀមខ្លួនរំាសារ៉ាវ៉ាន់។ អង្គរសង្ក្រាន្តជិតមកដល់ហើយ ចូលឆ្នំាជិតមកដល់ហើយ។ អញ្ចឹងបានថា ក្មួយៗមានផ្ទៃពោះ អា ៥ ខែៗហ្នឹង ដល់ពេលចូលឆ្នំាទើបតែ ៦ ខែទេ នំាប្តីទៅរំា ដើរលេងសិន។

កម្មការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធមានផ្ទៃពោះជាអាទិភាពនៃកម្មវិធីគាំពារសង្គម

… ឯកឧត្តម អ៊ិត សំហេង ក៏បានលើកឡើងអម្បាញ់មិញ។ ក្មួយៗយើងស្តាប់តួលេខ។ កូនៗចៅៗ ដែលបានកើតក្រោយ គេហៅថា កម្មវិធីសាច់ប្រាក់ មកដល់ពេលនេះបាន ១២.៦០០ នាក់ហើយ។ អាចៅនេះ វាចេះគ្រាន់បើ វារង់ចំាដល់ទៅ(បានសាច់ប្រាក់ ទើបវាកើត)។ ១២.៥១១ នាក់ ឯកូនឡើងទៅដល់ ១២.៦០០ នាក់។ នារីឆ្លងទន្លេមានតែ ១២.៥១១ ទេ ប៉ុន្តែកូនឡើងទៅដល់ ១២.៦០០(នាក់) មកពីអី? ភ្លោះ។ អញ្ចឹងទេ ពូបានដាក់ចេញ ពេលដែលចាប់ផ្តើមសម្ពោធដាក់អោយប្រើប្រាស់នូវកម្មវិធីគំាពារសង្គម ពូក៏ចាប់ផ្តើមប្រាប់ទៅឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ដែលជាប្រធានគោលនយោបាយសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាអោយចាប់អនុវត្ត​ចំពោះស្ត្រីមានផ្ទៃពោះមុនគេ។ នៅក្នុងចំណោមអនុវត្តនូវស្ត្រីមានផ្ទៃពោះមុនគេ និយាយជារួមនៅពេលនោះ យើងក៏ចាប់យកស្ត្រីដែលមានផ្ទៃពោះនៅក្នុងក្របខណ្ឌកម្មករ កម្មការិនី និងនៅក្នុងក្របខណ្ឌមន្ត្រីរាជការ​ស៊ីវិល ព្រមទំាងកងកម្លំាងប្រដាប់អាវុធ។

គោលនយោបាយសម្រាប់កម្មការិនីមានផ្ទៃពោះ

ឥឡូវនេះ អ្វីដែលក្មួយៗកម្មការិនី ទទួលបាន នៅពេលដែលឆ្លងទន្លេ គឺបានទទួលការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០% ឯណោះ អញ្ចឹងទេ កាលពីពេលដែលក្មួយកំពុងតែពេលមានផ្ទៃពោះ ហើយកំពុងធ្វើការ ប្រាក់ខែរបស់ក្មួយៗបានត្រឹមតែ ១៧០ ដុល្លារ ប៉ុន្តែទៅដល់ក្មួយឆ្លងទន្លេ ប្រាក់ខែក្មួយនឹងឡើងទៅដល់ ២០៤ ដុល្លារ បូកថែមជាមួយនឹងកើតបានកូនម្នាក់ គឺបានទទួល ៤០ ម៉ឺនរៀល ស្មើនឹង ១០០ ដុល្លារសហរដ្ឋអាមេរិកទៀត។ បន្ថែមលើនោះ ក្មួយៗនារីជាកម្មការិនី ក៏ត្រូវបានចេញមុនម៉ោង ទាបបំផុត ១៥ នាទី ដែលមុននោះរោងចក្រខ្លះអោយ ៥ (នាទី) រោងចក្រខ្លះអោយ ១០ (នាទី) រោងចក្រខ្លះអោយ ១៥ (នាទី) រោងចក្រខ្លះអោយ ២០ (នាទី) មានរោងចក្រខ្លះគេមានចិត្តធម៌គេអោយរហូតទៅដល់ ៣០ (នាទី)។ ប៉ុន្តែក្មួយៗយ៉ាងណាក៏ដោយ សូមផ្តាំទៅម្ចាស់រោងចក្រទំាង​ឡាយ (បើ)អោយតិចជាង ១៥ នាទី អាហ្នឹងខុស ប៉ុន្តែ (បើ)អោយលើស ១៥ នាទី អាហ្នឹងត្រូវទំាងអស់ សូមលើកទឹកចិត្ត …។

កម្មករ/ការិនី ទទួលការពិនិត្យព្យាបាលឥតគិតថ្លៃ តាមពេទ្យរដ្ឋ

… ហើយកម្មករ កម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធទទួល​បានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ក្រោមកម្មវិធីសមធម៌ ហើយដែលខ្ញុំសូម​យកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានទទួលពិនិត្យព្យាបាលចំពោះកម្មករ កម្មការិនី​របស់យើងដោយឥតគិតថ្លៃ។ នេះគឺជាកិច្ចការដែលត្រូវធ្វើនៅក្នុងក្របខណ្ឌគោលនយោ​បាយ ដែលយើងបានសម្រេចរួមគ្នារួចមកហើយ។

រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម

ការអំពាវនាវរបស់ពូចំពោះកម្មករ កម្មការិនី អ្វីដែលត្រូវខិតខំយកចិត្តទុកដាក់នោះ គឺត្រូវខិតខំចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ នេះជាការធានាតែមួយគត់ ដើម្បីថា ប្រទេសយើងបន្តរីកលូតលាស់ ក្រុមគ្រួសារនីមួយៗ មនុស្សម្នាក់ៗ បន្តការរីកលូតលាស់តទៅទៀត។ នៅតាមរោងចក្រ មិនត្រូវឲ្យមានបងតូច បងធំ បង្កអសន្តិសុខនៅទីនោះ មិនត្រូវឲ្យមានក្រុមគ្រឿងញៀន ហើយបង្កការរំខានធ្វើឲ្យកម្មករ កម្មការិនី និងយុវជនរបស់យើង ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នោះទេ។ តែប្រើគ្រឿងញៀន គឺវាខុសច្បាប់ទាំងអស់។ សារធាតុញៀន គេយកមកផលិតជាប្រភេទថ្នាំអីមួយចំនួន វាមិនមែនសម្រាប់បម្រើ ទៅឲ្យការញៀនថ្នាំនោះទេ។ សង្ឃឹមថា ក្មួយៗទាំងអស់ចូលរួមធ្វើកិច្ចការនេះ។ វាមិនលំបាកទេ ការដែលលំបាក គឺទៅគាំទ្រការធ្វើសកម្មភាពខុសច្បាប់នោះវិញទេ ព្រោះត្រូវប្រឈមជាមួយនឹងគុក ជាមួយនឹងច្រវាក់ ជាមួយនឹងខ្នោះ ឬរហូតបើសិនជាមានសកម្មភាពប្រដាប់អាវុធចេញឡើង អំពើហិង្សា នឹងប្រឈមជាមួយបញ្ហាគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ។ ប៉ុន្តែបើយើងគ្រាន់តែរួមគ្នារក្សាសន្តិភាព គឺវាជាផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ វាគ្មានផលប្រយោជន៍អ្នកណាផ្សេង​ទេ។ ទន្ទឹមនឹងផលប្រយោជន៍ជាតិទាំងមូល គឺផលប្រយោជន៍ខ្លួនឯងតែម្តង។ អ្វីដែលយើងមានក្នុងដៃហើយ មិនត្រូវឲ្យរបូតនោះទេ។

ពេលចូលឆ្នាំ រថយន្តឈ្នួល កុំតម្លើងថ្លៃ, រថយន្តក្រុង ជូនប្រជាជនជិះ ៣ ថ្ងៃដោយមិនបង់ប្រាក់

… តាមធម្មតានៅពេលចូលឆ្នាំ តែងតែមានការឡើងថ្លៃរថយន្តឈ្នួល ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវចំ​ពោះម្ចាស់រថយន្តឈ្នួលទាំងឡាយ សូមមេត្តាកុំតម្លើងថ្លៃ។ ប៉ុន្តែខ្ញុំក៏សូមអំពាវនាវដែរ ចំពោះរថយន្តក្រុងនេះ ដែលកម្មករ/រិនីរបស់យើង ជិះដោយមិនត្រូវបង់ប្រាក់ ថ្ងៃចូលឆ្នាំ កុំឈប់ ហើយប្រជាជន free ៣ ថ្ងៃទៀត … មិន​មែនត្រឹមតែកម្មករ/ការិនីទេ ប្រជាជនដែលចង់ជិះមើលក្រុង គាត់មិនទៅណាឆ្ងាយទេ គាត់មកលេងក្រុងភ្នំពេញ។ អញ្ចឹងទេ គាត់ឡើងឡានក្រុង ហើយយើងចេះតែបើកទៅ បើកទៅដល់ចំណតមួយគាត់ចុះទៅ ហើយគាត់ឡើងទៅណាទៀតទៅ។ អញ្ចឹងយើង free ៣ ថ្ងៃ សម្រាប់ការជិះ។ ឥឡូវសុំសួរកម្មករ/ការិនីបន្តិចមើល មានប៉ុន្មានហើយដែលបានជិះឡានក្រុង ដោយមិនបង់ប្រាក់? លើកដៃបន្តិចមើល? ហើយប៉ុន្មានភាគរយទៅ? ក្រែលដែរតើ។ អរគុណណាស់ ជិះទៅក្មួយ មិនចាំបាច់ជិះតែមកធ្វើការទេ ជិះដើរលេង ទៅសួរសុខទុក្ខម្តាយក្មេក ឪពុកក្មេក ក៏ជិះទៅឲ្យតែត្រូវចំផ្លូវ​។

លើកទឹកចិត្តឲ្យកម្មការិនីរើសប្តី

ចង់សួរមួយទៀត ប៉ុន្តែ សួរខែហ្នឹងប្រហែលជាតិច។ អ្នកត្រៀមចូលរោងការ ទាំងប្រុសទាំងស្រី មានប៉ុន្មានទៅ? សូមលើកដៃបន្តិច។ ឥឡូវ គេថា អញ្ចេះ កម្មការិនីរោងចក្ររើសប្តីណាស់។ ពូលើកទឹកចិត្តឲ្យក្មួយៗរើសប្តី …និយាយឲ្យពិត ទៅយកប្តីផឹកស៊ី គ្រឿងញៀន យកមកគ្រាន់តែរំខានដល់យើង។ យើងទៅធ្វើការបានលុយមក ប្តីយកទៅផឹកហើយ មកវាយយើងទៀត។ អ្នកណាព្រម? មើលៗ ជួយគិតគ្នាមើល។ វាមិនអញ្ចឹង? ដូចជាជូនសារទៅបុរសៗ ទៅយុវជន ថាបងឯងធ្វើត្រឹមត្រូវបានខ្ញុំយកធ្វើប្តី ហើយបើបងឯងធ្វើមិនត្រឹមត្រូវ ហើយគិតតែផឹកស៊ីចឹង មកដណ្តឹងខ្ញុំ ឪពុកម្តាយខ្ញុំក៏មិនព្រម ខ្ញុំក៏មិនព្រមដែរ។ រើសប្តីតទៅទៀត ត្រឹមត្រូវហើយ។ បុរសៗក៏ត្រូវរើសប្រពន្ធដែរ អាហ្នឹងដើម្បីផ្ញើសារទៅខាងនារីវិញថា ទាល់តែប្រព្រឹត្តខ្លួនឲ្យល្អ បានខ្ញុំដណ្តឹងធ្វើប្រពន្ធ។ មានទៅមានមកទេ …។

មិនបានទៅសម្ពោធផ្លូវនៅច្រក ៤០០ ដោយសារអាកាសធាតុ

ប៉ុន្តែឥឡូវសូមប្រកាសឲ្យហើយសម្រាប់អ្នកនៅបាត់ដំបង កម្មវិធីសម្ពោធផ្លូវនៅច្រក ៤០០ នៅថ្ងៃទី ២ (មេសា) ខ្ញុំទៅអត់បានទេ។ ខាងផ្នែកឧតុនិយមគេបានបញ្ជាក់ថា យប់ថ្ងៃទី ១ ​គឺភ្លៀងស្ទើរទូទាំងប្រទេស ភ្លៀងខ្លាំងទៀត ដល់ព្រឹកថ្ងៃទី ២ អត់មានភ្លៀងទេ ក៏ប៉ុន្តែមេឃអ័ព្ទ ដែលពិបាកមើលសំរាប់ការហោះហើរ។ អញ្ចឹងទេ បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឲ្យធ្វើជាតំណាងដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ទៅ ព្រោះការហោះ ជួនកាលហោះទៅវង្វេងនៅលើមេឃ មិនដឹងទៅខាងណា ព្រោះពេលខ្លះពពកច្រើន …។

ដល់ថ្ងៃទី ៣ ត្រូវជួបដូចជាបាយជាមួយនឹងកីឡាករ/ការិនី ប៉ុន្តែ យើងត្រូវប្រជុំម៉ោង ៣ ប្រជុំហើយ ដើម្បីអនុម័ត បេក្ខភាពឈរឈ្មោះតំណាងរាស្រ្ត រួចហើយបាយជាមួយកីឡាករ។ រួចហើយវឹងសៀមរាប ប្រជុំកំពូលគណៈ​កម្មការអន្តរជាតិទន្លេមេគង្គ ដែលមាននាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីថៃ មកចូលរួមការប្រជុំនោះ រួចហើយត្រឡប់មកវិញ។ រួចហើយទៅសៀមរាបវិញទៀត។ សុំថា ចង់ឲ្យស្រីៗទៅសួរសុខទុក្ខយុទ្ធជនពិការ គាត់មិនព្រម បើកុំអីយើងបានថ្ងៃ ១២(ទំនេរ) ប៉ុន្តែ ឥឡូវគាត់អត់ព្រម យើងធ្វើម៉េច? យើងមានតែទ្រាំតាមកម្មអញ្ចឹងទៅ។ បើឲ្យ (ទៀ) បាញ់ ទៅ វាខានដៃគូនៅនេះ។ មាននរណាអាចធ្វើតំណាងទៅបាន? ចាំគិតគូរមើលក្រោយអាហ្នឹង។ ឬកូនណាមួយ ទៅតំណាងឪពុកវាបាន? ម៉ានី ទៅបានអត់? គេអង្គរសង្ក្រាន្តនៅនោះស្រាប់? ថ្ងៃ ១២ គេជាប់បួងសួង។ កូនមួយគគោក មានកូនណាឲ្យវាទៅ ព្រោះសន្យាជួបយុទ្ធជនពិការនៅភ្នំគូលេននោះមួយឆ្នាំម្តង ហើយឆ្នាំហ្នឹងចង់ឆ្លៀតពេលថ្ងៃ ១២ បន្តិចព្រោះ អង្គរសង្រ្កាន្ត បើកថ្ងៃ ១៣ រួចទេវតាចុះថ្ងៃ ១៤ អញ្ចឹង វាអស់ថ្ងៃបាត់ វាសល់តែថ្ងៃ ១២ ហ្នឹង។ ចាំរកវិធី។ យុទ្ធជននៅទីនោះ ក៏មិនចាំបាច់និយាយអីច្រើន ព្រោះនិយាយគ្នាសឹងតែមួយឆ្នាំម្តងហើយ។ យើងគ្រាន់តែរៀបចំរបស់របរយកទៅ។

ពីមុន ប្រាក់ខែតិច មិនទាន់យកកូន ឥឡូវ ប្រាក់ខែច្រើន កូនញឹក

ផ្តាំផ្ញើប៉ុណ្ណឹងទេ ហើយមើលកិច្ចការទាំងឡាយ ដែលយើងបន្តធ្វើ … អ្វីៗមានអស់ហើយ បើសិនជាធ្វើមិនបានត្រឹមត្រូវតាមហ្នឹងទេ នាំគ្នាធ្វើបាតុកម្មបាត់ទៅហើយ។ ប៉ុន្តែ យើងបានធ្វើត្រូវហើយ។ កម្មករ ពេលដែលឆ្លងទន្លេភ្លាម ទទួលបាននូវប្រាក់ឧបត្ថម្ភ និងទទួលបាននូវប្រាក់សម្រាប់ស្រ្តីឆ្លងទន្លេ និងការសម្រាក ៣ ខែនោះ។ កើតច្រើនដែរ ហើយសង្ឃឹមថាកើតខាងមុខនឹងច្រើនទៀត ព្រោះបានលួចខ្សឹបសួរដែរថាក្មួយឯងការប៉ុន្មានឆ្នាំហើយ​ ខ្លះការអត់មានចោលពោះមួយខែ។ សួរថាប៉ុន្មានខែហើយក្មួយ? ៧​ ខែ។ ចុះការបានប៉ុន្មានខែហើយ? ៧ ខែ។ ឯមានអ្នកខ្លះទៀត សួរថា កូនទីប៉ុន្មាន? កូនទី ១។ ហើយការបានប៉ុន្មានឆ្នាំហើយ? ៣ ឆ្នាំហើយ។ វាអត់មានតែម្តង ឬយ៉ាងម៉េច? ថាអត់ទេ ការពារ។ ដើម្បីឲ្យដឹងរឿង ព្រោះកាលពេលនោះ ប្រាក់ខែតិចពេក អញ្ចឹងគាត់មិនទាន់យកកូន។ ប៉ុន្តែ ឥឡួវមើលទៅ សម្រុកយកកូនហើយ។ អាហ្នឹងម្យ៉ាងដែរ វាមានវិធីខុសៗគ្នា សម្រុកយកកូនពីក្មេង ដើម្បីពេលរួចហើយធូរខ្លួន … ចំពោះខ្ញុំវិញ ១៣ ខែ កើតមួយៗ …។​

ថ្ងៃនេះ បាននាំមកសម្រាប់កម្មករ/ការិនីរបស់យើង ចំនួន ១៤​.៦៩៤ នាក់ មកពីសហគ្រាស ២៣ សូមជូនក្មួយៗជាចំណងដៃ ២ ម៉ឺនរៀលម្នាក់ តិចតួចណាស់ក្មួយអើយ។ ប៉ុន្តែ ក្មួយៗក៏មិនមែនសំដៅមកយកប្រាក់ពីពូនោះទេ សំខាន់គឺការជួបសំណេះសំណាលគ្នារវាងមេដឹកនាំ ក៏ដូចជាជាមួយនឹងក្មួយៗ។ សម្រាប់ក្រុមតន្រ្តីដែលមកសំដែងកំដរនៅទីនេះ ដូចរាល់ដង ៥ លានរៀល។ ប៉ុន្តែ ដូចបទម្ចាស់បទចម្រៀងប៉ុន្មានបទ? បទ កន្សែងក្រហម សំពោងផ្កាចារ និង ស្រណោះសម្តី។ គេទៅកាណាដាបាត់ហើយ … ព្រោះអាហ្នឹងជាបទពិសេសសម្រាប់កម្មករ/ការិនី ប៉ុន្តែ មិនដឹងថា អ្នកដែលនៅនេះ បានចេះច្រៀងបទហ្នឹងហើយ ឬនៅ? (ហ៊ឹម) ស៊ីវន មក។ អូ! ស៊ីវន បានតួថ្មីមកហើយ។ ចេះហើយ ឬនៅ? តិចទៀត ស៊ីវន ដាក់កន្សែងក្រហម មុនចុះ រួចហើយសំពោងផ្កាចារ ហើយដាក់ស្រណោះសម្តី … ហ្នឹងជាអ្នកចម្រៀងឯករបស់ស្រុកខ្មែរយើងហើយ។

បវរកញ្ញា អាយុ ៦០ ឡើង

ប្រឡងបវរកញ្ញា ៦០ ឡើងលើ ធ្វើនៅកន្លែងណា? សង្កាត់ភ្លើងឆេះរទេះ។ ប៉ុន្តែ មានរោង មានអីដែរ? អត់មានម៉ាស៊ីនត្រជាក់អីទេ? គ្នាតែងខ្លួនមកចេញសុទ្ធតែញើស ធ្វើម៉េចទៅ? មានអ្នកចូលប្រឡងច្រើនដែរ? មាន ៣-៤ ឆ្នាំមកហើយ។ ភាគច្រើនជាប់អ្នកអាយុ ៧០ ជាង។ ​អញ្ចឹងយើងយកអ្នកដែលបានការទះដៃច្រើនវិញ? ​កាលគាត់ក្រមុំសម័យអាពត (អត់បានប្រឡង) ដល់ឥឡូវនឹកឃើញចង់ចូលប្រឡងបវរមាតា ឬអី? នារីឯកវ័យចំ​ណាស់អាយុ ៦០ ឆ្នាំ ឡើង។ ចុះបុរស? អត់មានទេ។ មានអ្នកបាក់ធ្មេញទេ? គេឲ្យគាត់ជាប់ដោយសារគាត់ចាស់ជាងគេ។ គេទះដៃឲ្យច្រើន ដោយសារគាត់ក្លាហាន។ ទំនងដែរ។

១ ឧសភា ឆ្នាំនេះ ទៅចូលរួមបាយទឹក និងកម្សាន្តជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស

តាមរោងចក្រ ចាប់ផ្តើមប្រឡងបវរកញ្ញាវាយនភណ្ឌពេលណាទៅ? ចូលដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ផ្តាច់ព្រ័ត្រថ្ងៃ ១ តែម្តង។ ពួកហ្នឹងរៀបឲ្យខ្ញុំទៅរោងចក្រ មីនេបៀ។ ទៅថ្ងៃនោះ មានកម្មវិធីអីខ្លះ? ឆ្នាំនេះ ពូសូមប្រ​កាសថា ពូនឹងចូលរូមលេងកម្សាន្តជាមួយកម្មករ។ អត់មានសង្កថា មានស្អីណាទេ ទៅលេងជាមួយគេ ជា​មួយ​ឯងអញ្ចឹងទៅ។ ប៉ុន្តែ ទៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ទៅលេងនៅកន្លែងនោះ។ ពីមុន (១ ឧសភា) ជួបជាមួយនឹងកម្មករនៅកំពង់ផែក្រុងព្រះសីហនុ តែកន្លងទៅ យើងបានទៅជួបរួចហើយ។ ឆ្នាំនេះ គឺទៅចូលរួមបាយទឹក រួចហើយចាំចេញមកវិញ …។

… អរគុណណាស់ដែលបានជួបជុំគ្នានៅថ្ងៃនេះ។ មានជួបគ្នាទេអាទិត្យ​ក្រោយ? ថ្ងៃអាទិត្យនេះ ជួបគ្រូ។ ដល់ថ្ងៃពុធ អត់មានទេ។ ដល់ទៅថ្ងៃអាទិត្យមួយទៀត ជួបប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល មកពីកំពង់ស្ពឺ រួចហើយខ្ញុំចេញពីនោះមក ជួបរដ្ឋមន្រ្តីការបរទេសជប៉ុន ហើយស៊ីបាយជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន។ ការងារវាអញ្ចឹង ក្មួយអ្ហើយ។ ប៉ុន្តែ ការជួបជាមួយកម្មករមិនពិបាកក្នុងការរង់ចាំទេ។ គ្រាន់តែភ្ញាក់ពីដេក គេថា កម្មករមកជុំគ្នាអស់ហើយ អាហ្នឹងជាវិន័យរបស់កម្មករ។ ចុងបញ្ចប់ សូមផ្តាំផ្ញើតាមរយៈក្មួយៗ ជូនចំពោះឪពុកម្តាយ ជីដូនជីតា និងក្រុមគ្រួសារ នូវការសួរសុខទុក្ខ ហើយជូនពរពួកគាត់សម្រាប់ចូលឆ្នាំថ្មីផងដែរ។ ហើយក្នុងឱកាសនេះ ខ្ញុំក៏សូមជូនពរ ចំពោះក្មួយៗទាំងអស់ ដែលជាកម្មករ/ការិនី ក៏ដូចជាអ្នកទទួលខុសត្រូវផងដែរ សូមឲ្យក្មួយៗជួបប្រទះតែនឹងពុទ្ធពរ និងពរ ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ