សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ

CNV: 

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ » របស់ក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១ ថ្ងៃកន្លះ កន្លងទៅនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតមៃ្លខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានខិតខំរួមគ្នាបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ។ ពាក់ព័ន្ធកិច្ចការក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ខ្ញុំបានធ្វើការកត់សម្គាល់នូវសមទិ្ធផលសំខាន់ៗមួយចំនួនរួមមាន៖

១. ស្របពេលដែលបរិការណ៍ពិភពលោក ទាំងក្នុងទិដ្ឋភាព ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សង្គម ជាពិ​សេសស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍប្រែប្រួលកាន់តែស្មុគស្មាញ ដែលផ្តើមដោយការរីករាលដាលនៃអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាឤវុធនុយក្លេអ៊ែរ ជម្លោះប្រដាប់ឤវុធ កំណើននៃជនភៀសខ្លួន និងបញ្ហាប្រឈមនានាជាច្រើនទៀត ក៏កម្ពុជាយើងនៅតែរក្សាការពារបាននូវសន្តិសុខជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូលយ៉ាងល្អប្រសើរ។

២. ទន្ទឹមនេះ យើងបានខិតខំរួមគ្នាបន្តរក្សាការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពារស្ថាប័ននានារបស់ជាតិ ដោយខិតខំរួមគ្នាបង្ការ ទប់ស្កាត់រាល់ឧបាយកល និងសកម្មភាព ដែលមជ្ឈដ្ឋានមួយចំនួនខិតខំបំភ្លៃ បំប៉ោងការពិត ញុះញង់ អុចឤល ព្យាយាមប៉ុនប៉ងបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម សំដៅបម្រើមហិច្ឆតានយោបាយដ៏គ្រោះថ្នាក់ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។ ព្រមជាមួយនេះ យើងបានខិតខំរួមគ្នារក្សាបាននូវប្រក្រតីភាពនៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមលើគ្រប់ផ្នែក ដែលជាមូលដ្ឋានគ្រឹះមិនឤចខ្វះបានក្នុងការបង្កបរិយាកាស ដល់ការជំរុញដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរកីចម្រើនបន្តទៀត។ ក្នុងនោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឤណត្តិទី ៤ កាលពីឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី ៤ កាលពីខែ កុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។

៣. ព្រមជាមួយនេះ កងកម្លាំងនគរបាលជាតិក៏បានសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនានាខិតខំរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសក្នុងសង្គម ជំរុញការអនុវត្តគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ដែលជាហេតុធ្វើឱ្យបទល្មើសឧក្រិដ្ឋមានការថយចុះ ហើយលទ្ធផលនៃការបង្ក្រាបបទល្មើស ក៏សម្រេចបានលទ្ធផលល្អប្រសើរឡើង ទាំងបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសចាប់ជំរិតតាម online, ឤជីវកម្មផ្លូវភេទ បនល្បែងខុសច្បាប់ ក្រុមកេ្មងទំនើង បទល្មើសចរាចរណ៍ ព្រមទាំងបទល្មើសនានាជាច្រើនទៀត។

៤. ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ក៏សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ពិសេសការបង្កើនការគ្រប់​គ្រងជនបរទេសចេញចូលក្នុងប្រទេស ការគ្រប់គ្រងជនបរទេសកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់មិនស្របច្បាប់ជាដើម ។ លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវឌ្ឍប្រែប្រួល នៃចរន្តតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយ​កម្ម ក៏មានការគិតគូរសិក្សារៀបចំច្បាប់អន្តោប្រវេសន៍ជាថ្មីផងដែរ។

៥. ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ននានា តែងបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានតាមគោលបំណង និងគោលដៅដូចបានកំណត់នៅក្នុងកម្មវិធីកែទម្រង់នីមួយៗ ក្នុងនោះការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។

  • សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គពិធីទាំងមូល!

ជារួមឆ្នាំ ២០១៨ នេះ ជាឆ្នាំទី ៥ និងជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងជាឆ្នាំដែលព្រះរាជាណាចក្រកម្ពុជាត្រូវរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា។ ក្នុងសភាពការណ៍នេះ និងហេតុផលខាងលើនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៃក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសំខាន់ៗជាឤទិភាពមួយចំនួនដូចខាងក្រោមនេះ៖

ទី១. ត្រូវខិតខំបន្តការពារ និងពង្រឹងឱ្យបានគត់មត់​នូវសុខសន្តិភាព អធិបតេយ្យជាតិ និងស្ថិរភាពនយោបាយ ដែលជាលក្ខខណ្ឌចម្បង និងចាំបាច់មិនឤចខ្វះបានសម្រាប់គាំទ្រដល់កិច្ចដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចធានាជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ប្រជាជនយើងនៅទូទាំងប្រទេស។

ទី២. ខិតខំរួមគ្នាធានាឱ្យបាននូវការបោះឆ្នោតជាតិលើកទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះឱ្យដំណើរការប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយត្រូវរួមគ្នាគាំទ្រ និងចូលរួមអនុវត្តកិច្ចការនានាស្របតាមច្បាប់បោះឆ្នោតតម្រូវ ព្រមទាំងផ្តល់នូវកិច្ចសហការគាំទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងាររបស់ខ្លួនដោយលក្ខណៈឯករាជ្យ មិនលម្អៀង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

ទី៣. ត្រូវបន្តលើកកម្ពស់ការរក្សាសន្ដិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម សុខសុវត្ថិភាពដោយខិតខំលើ ការពង្រឹងការងារដឹកនាំ និងការទទួលខុសត្រូវរបស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ក្នុងការពង្រឹងវិធានការ ជំនាញ ពង្រឹងវិន័យ ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ដល់កងកម្លាំងនគរ​បាលជាតិ ពិសេសកងកម្លាំងនគរបាលដែលបំពេញការងារដោយផ្ទាល់ជាមួយប្រជាជន ក្នុងការអនុវត្តគោលន​យោបាយភូមិ/ឃុំមានសុវត្ថិភាព។

ទី៤. ពាក់ព័ន្ធបទល្មើសគ្រឿងញៀនខុសច្បាប់នៅតែជាបញ្ហាប្រឈម ក្នុងពេលចំពោះមុខ និងរយៈពេលវែងក្នុងសង្គម ដោយសារនិន្នាការផលិត ចរាចរណ៍ ចែកចាយគ្រឿងញៀនក្នុងតំបន់ និងពិភពលោកហាក់មិនមានសញ្ញាថមថយនោះឡើយ។ ដើម្បីដោះស្រាយនេះ ឤជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវដឹកនាំសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងឤជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា អនុវត្តសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យខ្លាំងក្លា រស់រវើក ស្របតាមការវិវឌ្ឍ ប្រែប្រួលនៃការផលិត ការជួញដូរ ចែកចាយ ការប្រើប្រាស់ គ្រឿងញៀន។

ទី៥. គ្រោះថ្នាក់នានាក្នុងសង្គមកំពុងបង្កឱ្យមានការប៉ះពាល់ដល់ឤយុជីវិតប្រជាជន ការខូចខាត បាត់បង់ទ្រព្យសម្បត្តិសាធារណៈ និងឯកជនកាន់តែច្រើនឡើងៗ ពិសេសគ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ។ ក្នុងន័យនេះ ត្រូវលើកកម្ពស់ការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ជើងគោក និងពង្រឹងជាប់ជាប្រចាំនូវការអនុវត្តច្បាប់។ ទន្ទឹមនេះ ត្រូវរៀបចំផែនការមេស្តីពីចរាចរណ៍ និងការដឹកជញ្ជូននៅតាមទីក្រុង ទីប្រជុំជន ដោយផ្សារភ្ជាប់ជាប្រព័ន្ធនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ទីប្រជុំជន រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវសាធារណៈ ការចតយានយន្ត ផ្លាកសញ្ញាចរាចរណ៍ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ចំពោះបញ្ហាអគ្គិភ័យត្រូវបន្តខិតខំ ពង្រឹងការចូលរួមរបស់ប្រជាជនម្ចាស់លំនៅដ្ឋាន ម្ចាស់ឤជីវកម្ម អគារ សំណង់នានា ឱ្យចូលរួមក្នុងការបង្ការ ពន្លត់អគ្គិភ័យ ប្រកបដោយស្មារតីម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវធានាប្រសិទ្ធភាព ឧបករណ៍ពន្លត់អគ្គិភ័យ។

ទី៦. ចំពោះការអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខ្ញុំសូមស្នើគណៈកម្មាធិការជាតិសម្រាប់ការអភិ​វឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ដូចក្រសួងមហាផៃ្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ធ្វើការពន្លឿនថែមទៀត នូវការផ្ទេរមុខងារ និងធនធានឱ្យបានសមស្របឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាច មុខងារ និងធនធានសមស្រប ក្នុងការលើកកម្ពស់ប្រសិទ្ធភាព គណនេយ្យភាពចំពោះប្រជាជន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ក៏ដូចបម្រើសេវាសាធារណៈជូនប្រជាជន និងអភិវឌ្ឍនៅមូលដ្ឋាន។

ទី៧. ត្រូវខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមធម៌ និងបរិយាប័ន្ន ដោយត្រូវខិតខំកែលម្អ ឤកប្បកិរិយា សីលធម៌ ឥរិយាបទរបស់មន្រ្តី អាជា្ញធរនៅមលូដ្ឋាន ក្នុងការប្រាស្រ័យទាក់ទង និងការផ្តល់សេវារដ្ឋបាលនានាជូនប្រជាជន ដោយមិនមានការរើសអើង ពិសេសអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សំបុត្រអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ព្រមទាំងលិខិតស្នាមផ្សេងៗទៀតដែលពាក់ព័ន្ធជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។

ជារួម មុនអ្វីៗទាំងអស់ យើងត្រូវតម្កល់សន្តិភាពជាធំ។ សន្តិភាពពេញលេញ ដែលយើងកំពុងមាននៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ បានមកដោយចំណាយពេលវេលាដ៏យូរ ប្រមាណជាបីទសវត្សរ៍ ព្រមជាមួយការតស៊ូ ព្យាយាម និងការលះបង់សាច់ស្រស់ ឈាមស្រស់របស់យុទ្ធជន និងអ្នកសេ្នហាជាតិ របស់យើងជាច្រើនរូប។ បើគ្មានសន្ដិភាពទេ ការអភិវឌ្ឍក៏គ្មានដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវរាល់សកម្មភាពខសុច្បាប់ទាំងឡាយណា ដែលប៉ុនប៉ងធ្វើឱ្យសន្ដិភាព នៅកម្ពុជាបាត់បង់ និងត្រូវរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីបន្ត អភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនប្រកបដោយចីរភាព ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ដែលស្ថិតក្រោមក្រសួងមហាផៃ្ទ ដែលពេញមួយឆ្នាំ ២០១៧ នេះ បានខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានសមិទ្ធផលនានាជាច្រើនគួរជាទីមោទនៈ។

ជាទីបញ្ចប់ ជាមួយការប្រកាសបិទ « សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារ ឆ្នាំ ២០១៨ » របស់ក្រសួងមហាផ្ទៃនាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...