បន្តការងារជួបកម្មករ/ការិនីមិនតិចជាង ១០ ឆ្នាំ
… ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ សូមស្វាគមន៍ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលបានផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលព្រឹកនេះ ហើយក៏បន្តអោយមានការឈប់សម្រាកនៅពេលល្ងាច ដែលមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ អាទិត្យមុននេះ គឺក្មួយៗជាកម្មករ/ការិនីរបស់យើង ពិតជាមានដឹងហើយថា ពូបានធ្វើដំណើរទៅអូស្រ្តាលី ដែលឱកាសនៃការជួបគ្នាកាលពីអាទិត្យមុន មិនមានទេ។ ប៉ុន្តែអាទិត្យនេះ គឺយើងមាន ហើយអាទិត្យក្រោយ យើងក៏មានបន្តទៀត។ ខ្ញុំធ្លាប់បាននិយាយហើយថា យើងនឹងធ្វើកិច្ចការងារនេះ មិនមែនគ្រាន់តែមួយថ្ងៃ មួយខែ ឬពីរខែទេ ក៏ប៉ុន្តែយើងនឹងធ្វើការងារនេះក្នុងរយៈពេល ១០ ឆ្នាំបន្តទៀត …។
ការប្រែប្រួលអាកាសធាតុ/នៅថ្ងៃចូលឆ្នាំខ្មែរ មិនជាក្ដៅពេកទេ
សុំអភ័យទោសផងដែរ ចំពោះក្មួយៗជាកម្មករ/ការិនី ដែលមិនទាន់បានជួប ច្បាស់ជាទន្ទឹងរង់ចាំ ប៉ុន្តែពេលវេលាសម្រាប់ពូ ពិតជាខើចពេកហើយ គឺបើយោងតាមការបរិច្ឆេទ។ ម្សិលមិញនេះ ត្រូវទៅខេត្តព្រះវិហារឯណោះ ក៏ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ជាបាតុភូតធម្មជាតិដែលបានកើតឡើង។ ប្រហែលនេះ ជាបាតុភូតដែលស្ដេចនាគ និងកូននាគជួបគ្នា ដែលធ្វើអោយប្រទេសរបស់យើងមានភ្លៀងធ្លាក់។ សូម្បីតែយប់មិញនេះ ទីន្លែងនេះក៏មានភ្លៀងធ្លាក់ដែរ។ អញ្ចឹងការពិត យើងសឹងតែមិនមានខែប្រាំងតែម្ដង។ មានតិចតួចណាស់។ ក្ដៅបានបន្តិចទៅ ចាប់ផ្ដើមភ្លៀង …។ យ៉ាងណាក៏ដោយ បញ្ហាភ្លៀង គឺមិនរារាំងសម្រាប់ការជួបជុំរបស់យើងនោះទេ។ តែឆ្នាំនេះ យើងព្យាករទុកហើយថា ចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលខាងមុខនេះ គឺឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ នឹងមកដល់ (ជាមួយ)កំដៅមិនជាក្ដៅពេកនោះទេ។ ដូច្នេះ អនុញ្ញាតឲ្យយើងទៅលេងនៅអង្គរវត្ត ទៅលេងនៅកន្លែងនេះ ទៅលេងនៅកន្លែងនោះបានយ៉ាងងាយស្រួល។
សំណើសុំបង្គន់បន្ថែមរបស់កម្មការិនីមានផ្ទៃពោះ ពេលជួបសំណេះសំណាល
ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ យើងបានមកជួបជុំសាជាថ្មីម្ដងទៀត ហើយក្នុងនោះ ក៏មានក្មួយៗដែលមានផ្ទៃពោះចំនួន ៥០៦ នាក់ ដែលមកជួបជុំគ្នានៅថ្ងៃនេះ។ ចំនួននេះ គឺជាចំនួនច្រើនគួរសម ប៉ុន្តែខ្ញុំមិនដឹងថា តើបានអនុវត្តហើយ ឬនៅ ដែលខ្ញុំប្រាប់ឯកឧត្តម ឃួង ស្រេង ថា ខ្ញុំបានទទួលនូវសំណូមពរពីសំណាក់ក្មួយៗ អំពីបញ្ហាបង្គន់? បានបង្កើនហើយ។ កាលពីមុននេះ យើងមានបង្គន់ត្រឹមតែ ២០ ទេ វាតិចពេក។ អញ្ចឹងឥឡូវឡើងដល់ ៥៦។ ប្រុសៗត្រូវចូលផ្សេង។ កាលពីមុន យើងមានតែ ២០ បង្គន់ទេ ដល់មានតែ ២០ ចូលទៅវាមិនចុះ អញ្ចឹងទេ បានជាមានការស្នើសុំអោយមានការបន្ថែមបង្គន់ ក្នុងពេលដែលមានការជួបគ្នា ដល់ទៅរាន់ជ្រុលទៅ មិនដឹងទៅណា ព្រោះអាហ្នឹងទប់វាមិនបានទេ ធំជាងគេទាំងអស់។
បុរសថ្ពាល់ផ្អែម
អរគុណណាស់ចំពោះក្មួយៗ ដែលបានទទួលបដិសណ្ឋារកិច្ចចំពោះពូអម្បាញ់មិញ។ បន្ដិចទៀត ពូប្រហែលទៅជា គេហៅថា “បុរសថ្ពាល់ផ្អែម” ព្រោះបញ្ហាមិនមែនថើបនៅកន្លែងហ្នឹងទេ។ ទៅអូស្រ្តាលី ថើបនៅអូស្រ្តាលី។ … ក្មួយៗនៅទីនេះ ខ្លះអត់មានក្រែមទេ ខ្លះមានដែរ ប៉ុន្តែមិនសូវជាជាប់ទេ។ ក្រែមអ្នកនៅអូស្រ្តាលី ពេលថើបហើយ ទាល់តែចូលអូតែលដុសចេញ មិនអាចយកកន្សែងជូតដាច់ទេ។ ក្មួយៗនៅឯណោះ ក៏មានការថើប។
ផ្ញើអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ
សុំផ្ដាំផ្ញើពីទីនេះ ចំពោះក្មួយៗ ចំពោះប្រជាពលរដ្ឋរបស់យើងនៅអូស្រ្តាលី ក៏ដូចជាណូវែលហ្សេឡង់ ដែលបានអញ្ជើញមកយ៉ាងច្រើនកុះករ ក្នុងការទទួលបដិសណ្ឋារកិច្ច ក្នុងឋានៈជាមេដឹកនាំប្រទេសជាតិមួយ ទៅប្រជុំនៅប្រទេសអូស្រ្តាលី។ វត្តមានរបស់បងប្អូនដែលមកជួបជុំនៅទីនោះ គឺជាការបង្ហាញនូវការគាំទ្រដ៏ជាក់លាក់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានមេដឹកនាំរបស់ខ្លួនទៅកាន់ប្រទេសអូស្រ្តាលី។ ថ្ងៃទីមួយ ការពិតបើយើងមានកន្លែងជួប យើងនឹងមានការជួបជុំច្រើនជាងនោះ ក៏ប៉ុន្តែសណ្ឋារគារមួយនោះ គឺទទួលបានត្រឹមតែ ៦០០ នាក់តែប៉ុណ្ណោះ ប៉ុន្តែយើងសម្រុកដាក់ដល់ជាង ៨០០ នាក់ឯណោះ។ ដល់នៅថ្ងៃទីពីរ ម៉ោង ៩ កន្លះយប់ ទើបចាប់ផ្ដើមជួប នៅសល់ជាង ៥០០ នាក់ ថែមទៀតផង។ ប៉ូលីសអូស្រ្តាលី គឺថាជាទម្លាប់របស់គាត់ គឺមិនអោយអ្នកណាមកចូលជិតមេដឹកនាំទេ ព្រោះគេខ្លាចកាំបិត គេខ្លាចស្អីៗ(កើតឡើងលើមេដឹកនាំ) ក៏ប៉ុន្តែយើងមិនខ្លាចចំពោះពលរដ្ឋរបស់យើងផង។ យើងជួប។ ពេលចាប់ផ្ដើមត្រូវថតរូប បងប្អូនមកពេញផ្លូវ។ ប៉ូលីសអូស្រ្តាលី មិនទាន់ស្គាល់ ហ៊ុន សែន ច្បាស់ ចាប់ផ្ដើមអោយឈប់ឡាន។ ដល់ឈប់ឡាន បើកទ្វារឡាន ដោះអាវធំចេញ (ទៅជួបពលរដ្ឋ) ប៉ូលីសអូស្រ្តាលីរត់តាម …។
ទៅអូស្រ្តាលីហ្នឹង មានស្អីដែលគេហៅថាមហាបាតុកម្ម ប៉ុន្តែមហាបាតុកម្មមានមនុស្ស ១០០ នាក់ ទល់ជាមួយមនុស្សជាង ១ ០០០ នាក់ ដែលមកគាំទ្រ … ថ្ងៃចុងក្រោយ គេទៅធ្វើរួមគ្នា។ បើតាមរាប់ទៅមានឡាវ វៀតណាម ភូមា ថៃ ហ្វីលីពីន … ទៅបន្លំទំជាមួយគេទៅ ថតបានមនុស្សច្រើនបន្ដិច។ រកស៊ីអោយស្អាតស្អំបន្ដិចមើល។ ឥឡូវហ្នឹង ទូរទស្សន៍ជាតិកំពុងផ្សាយផ្ទាល់ ចាប់ពីថ្ងៃនេះទៅ គេចាប់ផ្ដើមផ្សាយផ្ទាល់ហើយ។ មេទូរទស្សន៍ជាតិយកអោយមើលហើយ។ អោយអញ្ចឹងទៅ កុំអោយឯងនិយាយទៅ កន្លែងគេសើច វាទៅ montage កន្លែងគេកំពុងស្ងាប។ … ផ្សាយតាម Fresh News ផ្សាយតាមហ្វេសប៊ុកផេករបស់នាយករដ្ឋមន្រ្តី ក៏មានផ្ញើទៅកាន់តែឆ្ងាយហើយ។ បងប្អូននៅអូស្រ្តាលី ពេលនេះ ម៉ោងនៅអូស្រ្តាលីលឿនជាងយើង ៤ ម៉ោង។ អញ្ចឹងទេ ម៉ោងនៅអូស្រ្តាលីប្រហែលម៉ោង ១២ ជាង។ បងប្អូននៅអូស្រ្តាលី ពិតជាបានមើលឃើញដែលខ្ញុំនិយាយពីទីនេះ។ សូមអរគុណការទទួលបដិសណ្ឋារកិច្ច បង្ហាញអោយឃើញថាបងប្អូនខ្មែរយើង ទោះបីជាទៅទីណាក៏នៅតែជាខ្មែរ។
បោះឆ្នោតឲ្យ នឹងបន្តធ្វើទៀត
អរគុណចំពោះអ្នកដែលមកធ្វើបាតុកម្មប្រឆាំងខ្ញុំផងដែរ ដើម្បីបង្ហាញថា លទ្ធិប្រជាធិបតេយ្យវាបែបហ្នឹងឯង។ រួចហើយកម្លាំងដ៏តូចតាចមួយនេះ ក៏បង្ហាញអោយឃើញថា អ្នកគ្មានឱកាស កុំថាឡើយ មកដល់ក្នុងប្រទេសកម្ពុជា សូម្បីអ្នកនៅក្រៅប្រទេស ក៏អ្នកគ្មានឱកាសប្រមូលមនុស្សច្រើនជាងនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេស។ មិនគ្រាន់តែដឹកនាំប្រទេសរយៈពេលជិត ៤០ ឆ្នាំ មកហើយទេ តែត្រូវបន្តដឹកនាំប្រទេស ១០ ឆ្នាំទៀតយ៉ាងតិចខាងមុខ។ អម្បាញ់មិញ ក្មួយៗខាងនេះ បាននិយាយថា សុំអោយបន្តឈ្នះតទៅទៀត។ សុំបោះឆ្នោតម្នាក់មួយសន្លឹក ហើយបូកនឹងក្រុមគ្រួសារមក។ បន្តទៀតហើយ កុំឆ្ងល់ ក្មួយៗធ្វើតាមហ្នឹងទៅ។
អរគុណកម្មករ/ការិនី បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ជាមួយនឹងជំនួបជាបន្តទៀត រវាងខ្ញុំ ជាមួយនឹងកម្មករ/ការិនីរបស់ យើង ហើយយើងក៏ត្រូវពិនិត្យ អំពីស្ថានភាពនេះ។ ពូគិតថា ព្រឹកនេះ ពូមិននិយាយច្រើនពេកទេ ដោយសារតែកម្មវិធីក្នុងអាទិត្យនេះ គឺធ្ងន់ហួសហើយ។ ល្ងាចនេះ ត្រូវទៅ(បិទ)សន្និបាតអប់រំ ហើយស្អែកទាំងព្រឹកទាំងល្ងាច ព្រឹកចែកសញ្ញាបត្រ ហើយល្ងាច(បិទសន្និបាទ)ក្រសួងមហាផ្ទៃ ហើយបន្តទៅទៀតរហូតដល់ថ្ងៃអាទិត្យ ត្រូវជួបជាមួយគ្រូបង្រៀនទៀត។ អញ្ចឹងទេ រកពេលសម្រាប់ខ្លួនឯងមិនបានទេ។ ប៉ុន្តែ កន្លែងដែលយើងត្រូវធ្វើហើយ គឺយើងត្រូវតែធ្វើ។
ពូគ្រាន់តែរំលឹកក្មួយៗថា ពូសូមអរគុណ ចំពោះការដែលក្មួយៗបានរួមចំណែកទៅលើបញ្ហាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយនិយាយអោយឆ្ងាយជាងនេះទៅទៀត ពូសូមអរគុណ ចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានរួមដំណើរជាមួយពូតាំងពីដំណាក់កាលលំបាកបំផុត រហូតដល់ដំណាក់កាលងាយស្រួល។ ពូម្នាក់ឯង ឬក៏មេដឹកនាំមួយចំនួនរបស់គណបក្សប្រជាជន មិនអាចទទួលជោគជ័យណាមួយបានទេ ប្រសិនបើខ្វះការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋនោះជានរណា? ប្រជាពលរដ្ឋនោះ គឺមានជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗតាំងពីដើមមកៗ រហូតមកដល់ក្មួយៗនាដំណាក់កាលនេះ។
នយោបាយឈ្នះឈ្នះ នាំមកសន្តិភាព ឯកភាពទឹកដី និងការងារ
សន្តិភាពដែលយើងរកបានដោយលំបាក បន្ទាប់ពីការដែលយើងបានរួមគ្នាវាយរំលំ ប៉ុល ពត។ ទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត យើងក៏បានបង្កើតឡើងនូវស្ថានភាព នៃនយោបាយឈ្នះឈ្នះ។ បង្កើតឡើងនូវស្ថានភាពធ្វើអោយប្រទេសរបស់យើង ពីប្រទេសដែលធ្លាប់មានការបែកបាក់ទៅជាចំរៀកៗ កម្ពុជាមួយដែលមានតំបន់ត្រួតត្រាច្រើន ទៅជាកម្ពុជាមួយដែលមានតំបន់ត្រួតត្រាតែមួយទេ។ ក្មួយៗ លើកលែងតែក្មួយៗ ផ្ទៃពោះនេះមួយចំនួន ប្រហែលជាចំពេលចូលឆ្នាំហ្នឹងតែម្តង ត្រូវឆ្លងទន្លេ។ ធ្វើម៉េចអាហ្នឹងរឿងវាធម្មតាអញ្ចឹង អាចមានឱកាសទៅលេងស្រុកកំណើត ដោយសារតែហេដ្ឋារចនាសម្ព័ន្ធល្អ សន្តិសុខល្អ មានមធ្យោបាយធ្វើដំណើរ ក៏ដូចជាមានប្រាក់កាស ដើម្បីធ្វើដំណើរផងដែរ។
… ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បានគាំទ្រពូយូរមកហើយ។ ឥឡូវ ដល់ដំណាក់កាលក្មួយៗ។ សង្ឃឹមថា ក្មួយៗនឹងបន្តរួមចំណែកជាមួយពូតទៅទៀត ដើម្បីរក្សាសន្តិភាពរបស់ប្រទេសនេះ។ មានសន្តិភាព ទើបធានាដល់ការអភិវឌ្ឍរយៈពេលវែងរបស់យើង។ ថ្ងៃនេះ ជាថ្ងៃទី ២១ ខែ មីនា ទើបនឹងហួស ៣ ថ្ងៃ នៃខួបលើកទី ៤៨ នៃរដ្ឋប្រហារដែលទម្លាក់ សម្តេចព្រះនរោត្តម សីហនុ។ ៤៨ ឆ្នាំមុន … ពួកគេបានបញ្ឆេះសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ទម្រាំតែយើងដោះស្រាយបាន តើប្រជាពលរដ្ឋរបស់យើងត្រូវស្លាប់ ត្រូវពិការ និងត្រូវព្រាត់ប្រាសនិរាសយ៉ាងណាខ្លះ? នោះជាសោកនាដកម្ម ដែលអតីតកាលបានបន្សល់ទុកអោយយើងដោះស្រាយ ហើយការដោះស្រាយនេះ ពូបានរួមចំណែកដឹកនាំនូវចលនាផ្តួលរំលំ ប៉ុល ពត ហើយក៏បានរួមចំណែកជាមួយថ្នាក់ដឹកនាំដទៃទៀត ដើម្បីដឹកនាំនូវការរកសន្តិភាព ការបង្រួបបង្រួមជាតិ រហូតទៅដល់ការអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព ហើយឯកភាពទឹកដីជាលើកដំបូង ដែលជាលក្ខខណ្ឌសំខាន់បំផុត បង្កើតអោយក្មួយៗមានឱកាសមានការងារធ្វើ មានប្រាក់ចំណូលកាន់តែច្រើន។
ក្នុងក្របខណ្ឌអាស៊ាន កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ដែលមានប្រាក់បៀវត្សអប្បបរមាខ្ពស់
ឆ្នាំទៅ យើងក៏បានអនុវត្តប្រាក់បៀវត្សរ៍ ១៥៣ ដុល្លារ(សហរដ្ឋអាមេរិក)។ ឆ្នាំនេះ ២ ខែ កន្លងផុតទៅហើយ ដែលក្មួយៗបានអនុវត្តនូវប្រាក់បៀវត្សរ៍ ១៧០ ដុល្លារ សហរដ្ឋអាមេរិក ដែលជាប្រទេសក្នុងចំណាត់ថ្នាក់ទី ៥ នៅក្នុងក្របខណ្ឌអាស៊ាន ដែលមានប្រាក់បៀវត្សខ្ពស់។ បន្ទាប់ពីសាំងហ្គាពួរ មានប្រ៊ុយណេ មានម៉ាឡេស៊ី មានថៃ ដែលមានប្រាក់បៀវត្សរ៍ខ្ពស់ជាងយើង រហូតមកដល់កម្ពុជាយើង។ នៅប្រទេសដទៃ ក្មួយៗអាចនឹងសិក្សាមើលដោយខ្លួនឯង។ ឥឡូវ មីយ៉ាន់ម៉ា អាចដូចជាឡើងដល់ ១០០ (ដុល្លារ សហរដ្ឋអាមេរិក) ហើយ។ នៅឡាវដូចជាឡើងដល់ ១២០-១៣០ (ដុល្លារ សហរដ្ឋអាមេរិក) របស់គាត់ដែរ។ ក៏ប៉ុន្តែ យើងបានឡើងដល់ ១៧០ ដុល្លារ សហរដ្ឋអាមេរិក ទៅហើយ។ នេះចាត់ទុកថា ជាសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ក្មួយជាកម្មករ/ការិនី បូកជាមួយនឹងការយកចិត្តទុកដាក់ទៅលើការវិនិយោគជាមួយនឹងវិស័យឯកជនជាម្ចាស់រោងចក្រ។ ជាពិសេស គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរកដំណោះស្រាយ ជម្រុញទៅដល់ការអភិវឌ្ឍ ពិសេស សម្រួលទៅដល់ការវិនិយោគ សម្រួលទៅដល់ការជម្រុញក្នុងទំនាក់ទំនងពាណិជ្ជកម្ម។
រួមគ្នារក្សាសន្តិភាព អោយខានតែបាន
ការកសាងផ្លូវ កសាងស្ពាន កសាងព្រលានយន្តហោះ កសាងកំពង់ផែ កសាងអគ្គិសនី អ្វីៗទាំងអស់នេះ គឺសុទ្ធតែបង្កើតឡើង សម្រាប់ការអភិវឌ្ឍប្រទេស បង្កើត(ភាព)ងាយស្រួលឲ្យទាក់ទាញការវិនិយោគមកក្នុងប្រទេសរបស់យើង។ ដូច្នេះ ភារកិច្ចធំ ដែលពូសុំអំពាវនាវចំពោះក្មួយៗនៅទីនេះ គឺខិតខំធ្វើយ៉ាងណារួមគ្នារក្សាសន្តិភាព ដែលយើងរកបានដោយលំបាកនេះអោយខានតែបាន។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍទេ។ គ្មានប្រទេសណាមួយមានការអភិវឌ្ឍ បើប្រទេសនោះស្ថិតនៅក្នុងស្ថានភាពជាប្រទេសដែលមានសង្គ្រាមទេ។ កម្ពុជាពីអតីតកាលបានផ្តល់មេរៀនដ៏ឈឺចាប់ សម្រាប់យើងហើយ។ ក្មួយៗអាចនៅសល់ចាស់ទុំ អាចនៅសល់ជីដូនជីតា ឪពុកម្តាយ អាចសួរនាំពីរឿងនេះបាន។ នៅប្រទេសដទៃ ក្មួយៗបានមើលទូរទស្សន៍ហើយ មានការបាញ់គ្នា ការសម្លាប់គ្នា មិនចេះតិចទេ ខុសពីប្រទេសយើងបច្ចុប្បន្ននេះ។
រួមចំណែកត្រឹមចាប់ឃាត់ តែមិនត្រូវប្រើហឹង្សាលើជនបង្កហេតុ
… ពូសុំយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋយើង។ ហិង្សាដែលបានកើតក្នុងប៉ុន្មានថ្ងៃមុន ទាក់ទិន ជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវស្វាគមន៍ទេ តែជារឿងដែលត្រូវថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត។ យើងពិតជាត្រូវការៗរួមចំណែករបស់ប្រជាពលរដ្ឋដើម្បីគោរពច្បាប់ចរាចរណ៍ ទប់ស្កាត់កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែយើងមិនត្រូវការប្រមូលមនុស្សដើម្បីវាយសម្លាប់មនុស្សនោះទេ។ សូមយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។ បើសិនជាថាអ្នកហ្នឹងបើករត់ បើសិនជាថាត្រឹមចាប់ឃាត់ ដើម្បីទុកអោយតុលាការ ទុកអោយខាងផ្នែកក្រសួងមានសមត្ថកិច្ចគឺអាចនឹងធ្វើបាន ព្រោះលឺថា បុករះពីត្រង់ណានោះ ហើយប្រឹងរត់ទៅត្រង់ណានោះ។ ឯយើងបែរជានាំគ្នាដេញវាយប្រហារសម្លាប់។ ឥឡូវនេះ មិនដឹងថា តើជីវិតរបស់គាត់អាចគង់វង្សបានរឺអត់? កម្ពុជាយើងមិនគប្បីមានស្ថានភាពបែបនេះទេ។ នេះមិនមែនជាសីលធម៌របស់មនុស្សទេ តែនេះគឺជាប្រភេទដែលយើងត្រូវតែជៀស កុំអោយក្លាយទៅជាប្រទេសដែលមានអនាធិបតេយ្យ ហើយមានការសម្លាប់មនុស្សក្រៅប្រព័ន្ធបែបនេះអោយសោះ។ ចោរលួច ចោរប្លន់ក៏ដូចគ្នាដែរ យើងត្រឹមរួមចំណែកចាប់ ប៉ុន្តែយើងគ្មានសិទ្ធិដើម្បីនឹងវាយទាត់ រឺក៏សម្លាប់នោះទេ។
កម្ពុជា ត្រូវតែមានសន្តិភាពដោយគ្មានស្នូរកាំភ្លើង និងខាងផ្លូវចិត្ត
ខ្ញុំពិតជាមានការសោកស្តាយ និងបង្ហាញនៅការឈឺចាប់។ តើហេតុអ្វីទៅបានកើតនូវសីលធម៌បែបនេះ ចំពោះមនុស្សមួយក្រុមតូចណាមួយនោះ? ឥឡូវ ចាប់ខ្លួនមួយចំនួនហើយ យើងនឹងបន្តស្វែងរកតាមចាប់ខ្លួនតទៅទៀត ដែលមិនត្រូវអោយជនពាលបែបនេះ បង្កើតឡើងនូវស្ថានភាពខ្វះការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ។ យើងខិតខំទាំងអស់គ្នា ដើម្បីធ្វើអោយប្រទេសរបស់យើងមានសន្តិភាព មិនមែនគ្រាន់តែសន្តិភាពដោយគ្មានស្នូរកាំភ្លើងទេ ក៏ប៉ុន្តែ សន្តិភាពខាងផ្លូវចិត្តផងដែរ។ សូម្បីតែការធ្វើដំណើរតាមដងផ្លូវ ក៏ត្រូវបញ្ចៀសកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ដែលវាកើតឡើងនូវស្ថានភាពនេះ។
បង្កើតភាពសុខដុមរមនាក្នុងរោងចក្រ គ្មានបងតូចបងធំ និងគ្រឿងញៀន
ខ្ញុំយល់ថា ក្មួយៗអាចរួមចំណែកបាន ជាពិសេស នៅតាមទីកន្លែងក្មួយៗដែលធ្វើការ កន្លងទៅនៅទីនេះ នៅក្នុងចំណោមនេះ ក៏មានជាង ១ ពាន់នាក់ ហើយដែលបានទៅជួបជាមួយពូនៅឯកោះពេជ្រ ដែលមិញក្មួយៗមួយចំនួនថា បានថតជាមួយពូពីរដងហើយ ថតនៅកោះពេជ្រម្ដង និងថតនៅនេះម្ដង។ ពូមានគោលដៅដើម្បីអោយក្មួយៗជាប្រធានរដ្ឋបាល ជាប្រធានផ្នែក ជាប្រធានក្រុម ដែលមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងចំពោះកម្មករ ធ្វើយ៉ាងម៉េចបង្កើតអោយមានសុខដុមរមនាជាមួយគ្នានៅក្នុងរោងចក្រ ដែលយើងធ្វើការជាមួយគ្នានេះ។ រឿងសន្តិភាពគឺជារឿងរួមរបស់យើងហើយ ក៏ប៉ុន្តែយើងក៏ត្រូវមានស្ថានភាពល្អទៅលើសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ ដែលហៅថា ភូមិឃុំមានសុវត្ថិភាព វាក៏មិនអាចកាត់ផ្ដាច់ចេញពីនៅក្នុងចំណោមរោងចក្រមួយដែលមានសុវត្ថិភាពនៅទីនោះ គ្មានបងតូចបងធំ ហើយក៏គ្មានគ្រឿងញៀននៅតាមរោងចក្រនោះទេ។ ធ្វើយ៉ាងដូច្នេះ ទើបបង្កើតបាននូវដែលមានសុវត្ថិភាព វហឹង្សានត្រូវវាយសម្លាប់ជនបង្កហេតុនោះទេឱកាសសុវត្ថិភាពសម្រាប់ក្មួយៗធ្វើការនៅទីនោះ។
… ឆ្នាំនេះ ពូចេញទៅប្រជុំពីរដង។ ជំនួបខួបអនុស្សាវរីយ៍នៃកិច្ចសន្ទនារវាងអាស៊ាន-ឥណ្ឌា នៅប្រទេសឥណ្ឌា និងជំនួបពិសេសអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី។ ប្រធានបទដែលលើកមកពិភាក្សា ទោះបីជាស្ថិតនៅក្នុងប្រជុំពេញអង្គក្ដី និងប្រធានបទនៃការប្រជុំចង្អៀតក្ដី គឺមិនដែលបោះបង់ចោលអំពីកត្តាសន្តិភាពនោះទេ កុំថាឡើយប្រទេសកម្ពុជា។ ដូចជាការទប់ស្កាត់ ប្រយុទ្ធប្រឆាំងភេរវកម្ម នេះសុទ្ធតែជាប្រធានបទក្ដៅ ដែលពិភពលោកកំពុងយកចិត្តទុកដាក់។ នៅប្រទេសយើងក៏ដូចគ្នាដែរ មិនត្រូវអោយមានអ្នកណាមួយបំផ្លាញសន្តិភាពសម្រាប់ប្រទេសកម្ពុជាទេ ហើយក៏មិនត្រូវអោយមានភេរវកម្ម ឬក៏ក្រុមចោរលួច ចោរប្លន់ កើតឡើងនៅក្នុងប្រទេសរបស់យើងនោះដែរ។ ពិតមែនហើយ ចោរលួច ចោរប្លន់ ប្រទេសណាក៏វាមានដែរ តែវាគ្រាន់តែមានតិច មានច្រើនតែប៉ុណ្ណោះ។
ត្រូវខិតខំទប់ស្កាត់បញ្ហានេះ តាមរយៈវិធានការជាច្រើន រាប់សំខាន់ជាងគេគឺវិធានការអប់រំនោះឯង។ សង្ឃឹមថា ក្មួយៗនៅតាមបណ្តារោងចក្រ នឹងខិតខំបន្តរួមចំណែកគ្នា សាមគ្គីគ្នានៅតាមរោងចក្រ រោងចក្រមួយគឺជាសហគមន៍ដែលមានសុខដុមរមនាជាមួយគ្នា។ ម្ចាស់រោងចក្រខិតខំយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ។ ឯកម្មករខិតខំធ្វើការងារបានល្អ វាបង្កើតនូវប្រាក់ចំណូលអោយម្ចាស់រោងចក្រ ហើយម្ចាស់រោងចក្រក៏បានទទួលផល ចែករំលែកដោយការបង្កើននូវបៀវត្សរ៍ អត្ថប្រយោជន៍ដទៃទៀតដល់កម្មករ …។
ត្រូវរកវិធានការ បង្ការថៅកែរត់ចោលរោងចក្រ
… មានបញ្ហាមួយ ដែលត្រូវតែរកវិធានការដោះស្រាយ។ នៅត្រង់ថា ដូចដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើង យើងទើបនឹងបានបញ្ចេញប្រាក់ ៤ លាន ៦ សែន ដុល្លារសហរដ្ឋអាមេរិក ជូនចំពោះកម្មករ ចំនួន ៤ ១៤៦ នាក់នៅ ៩ រោងចក្រ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺដែលបិទទ្វារដោយម្ចាស់រោងចក្រ។ ស្ថានភាពនេះបើយើងមិនដោះស្រាយ ថ្ងៃក្រោយរាជរដ្ឋាភិបាលរងគ្រោះតែម្ដង។ ព្រោះអ្វី? យើងសង្កេតឃើញប្រាក់ក្នុងចំណោមបៀវត្សកម្មករចំនួនជាង៤ ពាន់ នាក់ បៀវត្សកម្មករអត់ដល់ ១ លានទេ ប៉ុន្តែផ្ទុយទៅវិញ ស្តុក គេហៅថាស្តុកនៃប្រាក់អត្ថប្រយោជន៍របស់កម្មករបែរជាច្រើនទៅវិញ។ ការដោះស្រាយនៅឯតាខ្មៅ ដែលកាលមុនអោយខ្ចី ១២ លានបុរេប្រទានអោយចេញទៅមុន។ កម្មករខ្លះអោយជាង ១ ម៉ឺន កម្មករខ្លះ ៤ ពាន់ ៥ ពាន់។ ហេតុអ្វីបានជាថៅកែរោងចក្រទុកប្រាក់កម្មករច្រើនម្ល៉េះ? ចំណុចនេះ ខ្ញុំបានចារទៅលើចំណារអោយ ឯកត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំការប្រជុំដោះស្រាយបញ្ហា។
ឥឡូវជាប្រាក់បៀវត្សជំពាក់ ១ ខែមានស្អីច្រើន? វាអត់ច្រើនទេ ប៉ុន្តែបញ្ហាច្រើនជាងគេ គឺជំពាក់ប្រាក់អតីតភាព ប្រាក់នេះ ប្រាក់នោះ។ អញ្ចឹងរឿងនេះ ត្រូវដោះស្រាយយ៉ាងម៉េច? ឥឡូវ ឧទាហរណ៍បើគាត់មិនទាន់បើកអោយទេ គាត់រុញប្រាក់ហ្នឹងមកតំកល់នៅធនាគារមក។ ត្រូវរកអោយឃើញនូវវិធីសាស្ត្រដោះស្រាយ។ បញ្ហានេះហាក់ដូចជាបានយកប្រាក់របស់កម្មករ ទៅធ្វើដើមទុនមួយផ្សេងទៀត។ នេះជារឿងមួយ ដែលមិនសាមញ្ញ ហើយមិនធម្មតាទេ។ ត្រូវរកវិធីដោះស្រាយបញ្ហានេះ។ ហាក់ដូចជាបានជំពាក់កម្មករ លេងកម្មករខ្លះដល់ ១ ម៉ឺនដុល្លារឯណោះ កម្មករខ្លះដល់ទៅ ៣ ទៅ ៤ ពាន់ដុល្លារឯណោះ។ អញ្ចឹងពេលថៅកែរត់ចោល យើងទទួលខុសត្រូវ។ ថ្ងៃក្រោយរាជរដ្ឋាភិបាលរងគ្រោះ ទៅលើម្ចាស់រោងចក្រ។
កុំអោយក្លាយជាជំងឺធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល
… ម្ចាស់រោងចក្រខ្លះចាញ់ល្បែងរត់ចោល ដល់រត់ចោល យើងត្រូវទទួលខុសត្រូវ។ ឥឡូវឧទាហរណ៍ថា ប្រាក់អតីតភាព ត្រូវតែបញ្ចូនអតីតភាពហ្នឹងយកទៅដាក់កន្លែងមួយទៅ ហើយទូទាត់។ មានវិធីសាស្ត្រច្រើន ឧទាហរណ៍ថា ពីដើមទូទាត់ ១ ឆ្នាំម្តង ឥឡូវឲ្យអ្នកឯងទូទាត់ ២ ខែម្តង ឬ ៣ ខែម្តង បើមិនអញ្ចឹងទេ គឺត្រូវបញ្ជូនលុយហ្នឹងទៅទុកនៅធនាគារ។ យកល្អគឺទូទាត់ឲ្យបានលឿន ដើម្បីដោះស្រាយឲ្យកម្មករ ទទួលបានប្រាក់ហ្នឹង យកទៅប្រើប្រាស់។ សង្កេតមើល បើជំពាក់ខ្លះដល់ទៅ ១ ម៉ឺនដុល្លារ ខ្លះ ៥ ពាន់ដុល្លារ បានសេចក្តីថា ថៅកែយកលុយកម្មករទៅបង្វិលសិន។ រឿងហ្នឹងត្រូវមើលឲ្យឃើញ។ បើមិនដោះស្រាយបញ្ហាហ្នឹងទេ រឿងនេះហ្នឹងក្លាយជាជំងឺធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលរបស់យើង។ ឯកម្មករគ្នាក៏ត្រូវការប្រាក់ យកទៅធ្វើដើមទុនតទៅទៀតដែរ។ ប្រាក់អត្ថប្រយោជន៍ដទៃទៀតរហូតទៅដល់ខ្លះ ៥ ពាន់ ខ្លះ ៤ ពាន់ ខ្លះ ១ ម៉ឺន រហូតទៅដល់នៅឯតាខ្មៅមានដល់ ២ ម៉ឺនឯណោះ។
បើមានស្ថានភាពបែបនេះ បានសេចក្តីថា ថៅកែរោងចក្រយកប្រាក់កម្មករទៅបង្វិលសិន។ ស្ថានភាពនេះត្រូវដោះស្រាយ ហើយបើមិនអញ្ចឹងស្រាប់តែដល់ចេះតែស្តុកយូរទៅៗ បំណុលចំពោះកម្មករកាន់តែច្រើន បិទរោងចក្រ ប្រុច។ រត់ចោលទៅ។ មានទាស់ខុសអី អាម៉ាស៊ីនប៉ុន្មានគ្រឿង យកទៅលក់មិនបាន ២ ម៉ឺនដុល្លារផងហ្នឹង ហើយជំពាក់កម្មករដល់ទៅ ២ លានដុល្លារ។ អញ្ចឹងវាមិនងាប់រដ្ឋាភិបាលទៅហើយ? ត្រូវរកវិធីដោះស្រាយបញ្ហានេះ។ ខ្ញុំមើលឃើញថា នេះក៏ជាបញ្ហាមួយក្នុងចំណោមបញ្ហា ដែលយើងត្រូវដោះស្រាយបន្ត ដើម្បីកុំឲ្យកម្មករយើង និងរាជរដ្ឋាភិបាលរងគ្រោះដោយសារថៅកែខ្វះការទទួលខុសត្រូវ … យើងក៏ត្រូវធ្វើការជាមួយប្រទេសដែលមានអ្នកវិនិយោគមកក្នុងប្រទេសយើងផងដែរ។
គោលនយោបាយគាំពារសង្គម សំណាញ់សុវត្ថិភាពសង្គម កំពុងត្រូវបានអនុវត្ត
… ឥឡូវយើងបានមកដល់ថ្ងៃ ២១ (មីនា) … យើងគិតថាថ្ងៃ ៨០ ថ្ងៃ កើតបានកូន ១១ ៥៣៩ នាក់ អត់ទាន់គិតអាកើតយប់មិញ ហើយនិងអាកំពុងកើត។ រាជរដ្ឋាភិបាលក៏បានចំណាយប្រាក់ជាង ១ លានដុល្លារ រួចទៅហើយ ដើម្បីផ្តល់ជូនចំពោះកម្មការិនីឆ្លងទន្លេ។ ឯកម្មការិនីឆ្លងទន្លេរបស់យើង ក៏បានអនុវត្តរបបឈប់សម្រាករយៈពេល ៣ ខែ ដោយមានបៀវត្ស ១២០% ហើយដែរ។ តើនេះជាផលប្រយោជន៍ ឬក៏អ្វី? គោលនយោបាយគាំពារសង្គម ដែលខ្ញុំខិតខំថានឹងបង្កើតឡើងនូវសំណាញ់សុវត្ថិភាពសង្គម កំពុងត្រូវបានអនុវត្ត។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបន្តមើលកិច្ចការងារនេះ ហើយក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរចំពោះក្រសួងសុខាភិបាល និងបណ្តាគ្រូពេទ្យទាំងឡាយ ដែលរយៈពេលកន្លងទៅនេះ ទទួលពិនិត្យ និងព្យាបាលចំពោះកម្មករ/កម្មការិនីរបស់យើងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធដោយឥតគិតថ្លៃ។ យើងបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះតទៅទៀត។ ខ្ញុំនៅតែបន្តអំពាវនាវឲ្យតាមពិនិត្យមើលនូវកិច្ចការទាំងអស់នេះ ដែលជាកិច្ចការដែលយើងបានធ្វើរួចមកហើយ។
ជំរុញឲ្យមានការភា្ជប់ទឹក ភ្ជាប់ភ្លើង នៅតាមក្រុងភ្នំពេញ និងបណ្តាខេត្ត
មុននេះក្មួយៗត្រូវបង់ប្រាក់វិភាគទាន សម្រាប់ថែទាំសុខភាពចំនួន ៥០% ប៉ុន្តែ ចាប់តាំងពីឆ្នាំថ្មីកន្លងមកនេះ ២ខែរួចមកហើយ ដែលម្ចាស់រោងចក្រត្រូវបង់ជំនួស ដែលធ្វើឲ្យកម្មករ/កម្មការិនីរបស់យើងមានប្រាក់ចំណេញក្នុង ៨ ពាន់រៀល ទៅ ១ ម៉ឺន ៣ ពាន់រៀលក្នុង ១ខែ។ ក្រៅពីនោះយើងក៏ត្រូវការបន្តខិតខំ ដើម្បីជំរុញបន្តទៀតនូវការតទឹកតភ្លើង មិនមែនគ្រាន់តែនៅក្រុងភ្នំពេញទេ តែបណ្តាខេត្ត ដែលមានកម្មកររស់នៅ។ តំបន់ដែលមានកម្មកររស់នៅ ដែលមិនទាន់ភ្ជាប់ទឹកភ្ជាប់ភ្លើង ត្រូវបានបន្តដើម្បីរុញទឹករុញភ្លើង ឲ្យទៅដល់កម្មករ/កម្មការិនីរបស់យើង ហើយទទួលនូវការបង់ថ្លៃតិចជាងពេលមុន។ សូមតាមដានដោះស្រាយបញ្ហាទាំងឡាយបន្តទៀត។
ពង្រីកគិលានដ្ឋានតាមរោងចក្រ និងពិនិត្យដោះស្រាយបញ្ហាដួលសន្លប់
កែសម្រួលលក្ខខណ្ឌនៅតាមរោងចក្រនានា ដែលនៅសេសសល់ ធ្វើយ៉ាងណាធានាឲ្យនៅក្នុងរោងចក្រនីមួយៗ មានលក្ខខណ្ឌការងារកាន់តែល្អប្រសើរ ធានាសុវត្ថិភាពចំពោះកម្មកររបស់យើង។ ដូចជា មានគិលានដ្ឋាននៅក្នុងរោងចក្រ និងបាតុភាពដួលសន្លប់ទាំងឡាយ ត្រូវតែបន្តពិនិត្យមើលអំពីបញ្ហានេះតទៅទៀត។ ដើម្បីយើងរកវិធីដោះស្រាយធ្វើយ៉ាងម៉េច ធានាដល់សុវត្ថិភាពកម្មកររបស់យើង … ប៉ុន្តែ បើមានអ្នកឆ្លងទន្លេថ្ងៃហ្នឹង គឺថាល្អហើយ។ កាលពីមុន ខ្ញុំទៅតាមមើលដល់មន្ទីរពេទ្យ។ ក្មួយៗដែលពោះធំ ទៅសម្រួលឥរិយាបថទៅ កុំគិតថាអង្គុយចេះតែទ្រាំ។ សម្រួលឥរិយាបថទៅ ក្រោកឈរដើរអីអញ្ចឹងទៅ ព្រោះយើងអ្នកមានពោះធំ …។
ឡានដឹកកម្មករក៏ជាបញ្ហាត្រូវបន្តដោះស្រាយដែរ
ឡានដឹកកម្មករ ក៏នៅតែជាបញ្ហា ដែលយើងត្រូវតាមដានត្រួតពិនិត្យដែរ។ កន្លងទៅនេះ មានបាតុភាពឡានដឹកកម្មករបុក ឬក៏មានការខូតខាត ក្រឡាប់ … ត្រូវយកចិត្តទុកដាក់តាមពិនិត្យមើលអំពីបញ្ហានេះ ដើម្បីធានាថា កម្មកររបស់យើងរស់រានមានជីវិត កម្មកររបស់យើងមិនត្រូវបានរបួសស្នាម ដោយសារតែបញ្ហាទាក់ទិនជាមួយនឹងមធ្យោបាយធ្វើដំណើរ ឬក៏កិច្ចការនៅតាមរោងចក្រសហគ្រាសនោះទេ។ ខ្ញុំគិតថា ពេលវេលាដូចជាសមល្មម ដើម្បីនឹងកាត់បន្ថយការនិយាយ។ ឥឡូវនិយាយបានប៉ុន្មានហើយ? ជិតមួយម៉ោងហើយ។ … ប៉ុន្តែ យ៉ាងណាក៏ដោយថ្ងៃនេះ ភ្លៀងទៀត ឬមិនភ្លៀងមើល ចង់សាកមើល។ បើភ្លៀងអាហ្នឹង បាតុភូតកូននាគ និងសេ្តចនាគជួបគ្នាហើយ។ មេឃស្រទុំ អត់ក្តៅ ក៏ប៉ុន្តែ អត់មានព្រះអាទិត្យ ប៉ុន្តែពូបែកញើស។
មានអ្នកថា សង្គមនេះ ជាសង្គមស៊ីផឹក
… ឥឡូវជក់ហ្នឹង ស្អីអា Pocari Sweat មិញសួរ ថាអត់ដាក់មក។ អោយដាក់ទឹក ទឹកមែនតែម្តង ហើយយើងបែកញើសចង់ផឹកអាហ្នឹង។ បើសួរវាហើយ ប្រវែងហ្នឹងវាទៅរកទិញមិនបានអោយឯងផឹក? យ៉ាប់មែនហ្មង។ មាន អាជ័យ ច្រើនណាស់។ អោយទៅមើលគោ អានេះមើលតែគោ ត្រង់គោស៊ីស្អីឯណា ក៏វា(មិនមើល) … ពេលដែលយើងបែកញើស ផឹកទៅដូចរាងធូរបន្តិច … ចាក់ចូលក្នុងកែវ វាអស់ន័យហើយ វាមិនមែន Pocari Sweat គេឯណា? … ថ្ងៃក្រោយដាក់មកតាមខ្លួនមក វាទាស់ខុសអី វាធ្ងន់ស្អីវា? … ជួយទប់ ដល់យើងចេញញើសច្រើន ដាក់អាហ្នឹងមួយ ហើយអត់មានអោយយើងឈឺរមួលសាច់ដុំអីទេ។ ជួយឃោសនាអោយបន្តិចចុះ។ ត្រូវការការពារសុខភាព …។
ឥឡូវគេថា អញ្ចេះ សង្គមនេះគឺជាសង្គមស៊ីផឹក។ សូមផ្តាំទៅវិញ នៅលើលោកនេះ បើគ្មានការផឹកស៊ីទេ អត់មានការឈ្លោះគ្នាទំាងអស់។ ធ្វើការដើម្បីអី? ត្រូវការស៊ី។ គេថា ដោយសារតែយើងឃើញផ្សាយសុទ្ធតែគ្រឿងផឹក អីPocari Sweat, Bacchus, គោជល់, Ichitan គេថាសង្គមយើងសង្គមស៊ីផឹក។ ឱ! ព្រះអើយ នៅលើលោកនេះ ការផលិតពិតប្រាកដ គឺបម្រើអោយសេចក្តីត្រូវការរបស់មនុស្ស។ សេចក្តីត្រូវការរបស់មនុស្ស វាត្រូវការស៊ី វាត្រូវការផឹក វាត្រូវការស្លៀកពាក់ វាត្រូវការធ្វើដំណើរ។ ចុះម៉េចបានទៅមកបន្ទោសទៅជាថាសង្គមយើងស៊ីផឹក? មិនអោយស៊ីផឹក លោកឯងកុំស៊ីទៅ។ គេស៊ីកាន់តែទំនើបឥឡូវនេះ។ ឥឡូវស្អី គេសុទ្ធតែថា ទៅផឹកកាហ្វេស្អី កាហ្វេប្រ៊េនៗ។ លឺគេថា បើកកាហ្វេប្រ៊េនៗ។ ថ្ងៃណាទៅរកកាហ្វេប្រ៊េនៗហ្នឹងម្តង។ អាប្រ៊េនៗហ្នឹងក្រែងម៉ាកៗតើហី? ប៉ុន្តែមានម៉ាកនេះ ម៉ាកនោះ។
ខ្មែរយើងឥឡូវនេះ អាកន្លែងចេញម៉ាកហ្នឹងប្រមូលគ្នាទៅហើយ។ ទៅជាយើង អត់មានប្រ៊េនអីនឹងគេ។ ទំរំាតែរកឃើញអី Pocari Sweat នេះ។ ថ្ងៃនោះទៅវ៉ៃកូនហ្គោលទេ ឃើញតែគេលើកផឹក។ ដល់អញ្ចឹងផឹកអាហ្នឹង ដល់ផឹកទៅទំនង … ដូចជា ២៤ មីលីលីត្រ ១០ កំប៉ុងស្មើប៉ុន្មាន? ២ លីត្រ អញ្ចឹង ស្មើនឹងខ្ញុំចេញញើស ទប់គ្នាទៅវិញទៅមក។ ថ្ងៃនេះ ប៉ុណ្ណឹងទៅចុះ មិននិយាយបន្តទៅទៀត ដោយសារ ពូមានសុន្ទរកថាច្រើនពេក។ ល្ងាចនេះសុន្ទរកថាមួយ នៅលើវិស័យអប់រំ ស្អែកមានសុន្ទរកថាមួយពេលព្រឹកលើវិស័យអប់រំដែរ។ ល្ងាចទៅមហាផ្ទៃ។
សូមនំាគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ
សូមផ្តំាតាមរយៈក្មួយៗថ្ងៃ ២៩ ខែកក្តដា ឆ្នំា ២០១៨ ខាងមុខ សូមនំាគ្នាទៅបោះឆ្នោត។ សង្ឃឹមថា ក្មួយៗ រួមទំាងក្រុមគ្រួសារ បោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត ព្រោះអ្នកដែលមានលទ្ធភាពពិតប្រាកដដឹកនំារក្សានូវឯករាជ្យ អធិបតេយ្យភាព រក្សានូវសន្តិភាព ឯកភាពទឹកដី និងជម្រុញការអភិវឌ្ឍ គឺមានតែគណបក្សប្រជាជនមួយគត់ ដែលមានសមត្ថភាពធ្វើបែបនោះ។ ខ្ញុំមិននិយាយពាក់ព័ន្ធទៅនឹងរឿងអ្នកនេះថានេះ អ្នកនោះថានោះទេ ធុញទ្រាន់អារឿងបោកប្រាស់ … ហើយអ្នកខ្លះលើកពីរឿងនេះ លើកពីរឿងនោះ … ខ្ញុំនិយាយលេងបន្តិចទៅចុះ ខ្ញុំជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីគឺជាមនុស្សដែលស្រឡាញ់ចៅដូចគ្នា នៅឡាវពេលដែលជួបគ្នា ព្រោះគាត់ទើបនឹងធ្វើបាន ២ ឆ្នំាហ្នឹង។ ប្រជុំអាស៊ាននៅឡាវ អង្គុយស៊ីបាយជាប់គ្នា អោយតែយើងជួបគ្នានៅក្នុងអាស៊ីបូព៌ា ប្រ៊ុយណេនៅខាងស្តំា អូស្ត្រាលីនៅខាងឆ្វេង ខ្ញុំនៅកណ្តាល។ គាត់និយាយពីរឿងចៅគាត់។ អាមួយនេះ អាមួយនេះ អាមួយនេះ ដល់ទៅជួបគ្នានៅម៉ានីឡាឆ្នំាទៅនេះ ឆ្នំា ២០១៦ ជួបគ្នានៅវៀងចន្ទន៍ ឆ្នំា ២០១៧ នៅឯម៉ានីឡា ហ្វីលីពីន អួតចៅរៀងៗខ្លួន។
យើងមានទូរស័ព្ទមួយ សុទ្ធតែរូបចៅ គាត់ទូរស័ព្ទគាត់សុទ្ធតែរូបចៅ ដល់លើកនេះទៅដល់ថតរូប ថតអី ព្រោះធម្មតាមុនជួ បគេថតរូបមានទង់ជាតិខាងអូស្ត្រាលី ទង់ជាតិខាងកម្ពុជា ចាប់ផ្តើមទៅអង្គុយតុចរចារៀងខ្លួន។ ខ្ញុំចាប់ផ្តើមសួរគាត់ មុនដល់ការងារថា តំាងពីជួបគ្នានៅម៉ានីឡាមក តើឯកឧត្តមបានចៅប៉ុន្មានទៀតហើយ? គាត់រាប់ដៃចុះ រាប់ដៃឡើង គាត់ថានៅ ៣ ខែទៀត នឹងបានចៅមួយទៀតគ្រប់ ៤។ ខ្ញុំបានប្រាប់គាត់ថា តំាងពីយើងបានជួបគ្នានៅម៉ានីឡាមក ខ្ញុំបាន ២ ទៀត គ្រប់ ២០។ គាត់ចាប់ផ្តើមស្វាគមន៍ ដល់ស្វាគមន៍(រួច) គាត់ប្រកាសជំនួយតែម្តងថា អូស្រ្តាលីនឹងផ្តល់នូវជំនួយសម្រាប់កម្ពុជាចំនួន ៨៧ លានដុល្លារអាមេរិក។
តាមមើល សង្ឃ ម៉ារី ជាសង្ឃពិត ឬទែ?
… សូមផ្តាំបន្តិច អ្នកណានៅលើលោកនេះ ហ៊ានចាប់ ហ៊ុន សែន? សូមសាកល្បងលមើលទៅ។ ប៉ុន្តែ មនុស្សនៅក្នុងស្រុកខ្មែរនេះ ពូកែខាងភូត .. ខ្ញុំផ្តាំទៅអាម្នាក់ ដើម្បីឲ្យប្រយ័ត្នប្រយែងមាត់ក។ កុំភូតច្រើនពេក ហើយក៏កុំ(បោក)។ យើងបានស្គាល់លោកឯងហើយ លោកកុំហួសហេតុពេក។ នេះម្នាក់នេះទើបនឹងចូលបួស ហៅថា លោកសង្ឃ ម៉ារី។ ខ្ញុំផ្តាំទៅ លោកសង្ឃ ម៉ារី ទើបនឹងបួសទេ ឲ្យប្រយ័ត្នបន្តិច។ អានេះមេភូត ឪភូត ហើយឥឡូវហ្នឹងអត់មានវត្តពិតប្រាកដទេ ចល័តពីមួយកន្លែងទៅមួយកន្លែង។ ខ្ញុំបញ្ជាឲ្យតាមរកអាម្នាក់នេះ ឃើញទាំងមុខ មានទាំងរូបថតទៀតទៅហើយ។ យើងមានរូបថតមុនពេលបួស។ ផ្តាំទៅអាម្នាក់នេះ កុំទៅចល័តនិយាយផ្តេសផ្តាស។ កុំស្មានថា គេធ្វើដឹកនាំប្រទេស គេគ្មានបណ្តាញចារកម្មឲ្យសោះ។ ចល័តពីកែប ចូលកំពត ចេញពីកំពតចូលតាកែវ។ អានេះបួស ជួនកាលដាក់ស្បង់ពីលើ។ តាមមើលអាមួយហ្នឹង។ កែន សត្ថា អភិបាលខេត្តកែបតាមរកអាមួយហ្នឹងថ្ងៃហ្នឹង។ លោកសង្ឃពិតប្រាកដ ឬមិនមែន? ស្មានថា គេធ្វើមិនកើតឬយ៉ាងម៉េច? តាមមើល អាហ្នឹងជាសង្ឃពិតប្រាកដ ឬក៏អត់? បើថាមិនមែនលោកសង្ឃពិតប្រាកដ អាហ្នឹងក៏ស្រួលហើយ … បើថាវាភូតរឿងរបស់វាទៅ វាយករឿងសុទ្ធតែរឿងប្រទេសជាតិយកទៅភូត …។
តាមស្មាន អាចជាអ្នកលាក់ខ្លួនធ្វើចារកម្ម
ទៅយក Wikileak នៅអាមេរិក គ្រាន់តែបែកការណ៍ ចេញប៉ុន្មានលាន ប៉ុន្មានសែន។ កែន សត្ថា បានទទួលរូបអាហ្នឹងហើយ។ កែន សត្ថា រាយការណ៍ម្សិលថា ចល័តចេញពីកន្លែងនោះបាត់ ប្រហែលជាអាចមកតាកែវ។ តាមរក សង្ឃ ម៉ារី ហើយយើងមានរូបមុនពេលបួស សង្ស័យកោរត្រង៉ោលដាក់ស្បង់ ហើយចេះតែទៅតែម្តង អត់មានវត្តពិតប្រាកដ។ អានេះភូតប្រចាំត្រកូល ហើយភូតពីមួយថ្ងៃទៅមួយថ្ងៃ។ ពីមុន ភូតថា គេដល់ត្រង់នេះគេធ្វើអញ្ចេះ ដល់ត្រឹមនេះគេធ្វើអញ្ចុះ។ ថ្ងៃឯងចេញពី(អូស្រ្តាលី) វាថាឯងគេចចេញពីអ្នកកាសែត ហើយរត់ឡើងកប៉ាល់ហោះ។ ប្រជុំតាំងពីព្រឹក មនុស្សភាគច្រើនអត់ទៅសណ្ឋាគារវិញទេ ចេញពីកន្លែងអគ្គទេសាភិបាល ហើយប្រជុំចង្អៀត។ បន្ទាប់ពីការប្រជុំចង្អៀតហើយ ជិះកាណូតឆ្លងកាត់នៅស៊ីដនីនោះ ហើយបានឡើងហ្នឹងមកព្រលានយន្តហោះ ហើយហោះឡើងតែម្តង ហោះជាង ១០ ម៉ោង។ ដំបូងគេថា ម៉ោង ១២ ទើបមកដល់ ប៉ុន្តែ ចេះមកដល់ ពីត្រឹម Darwin មកចុះចាក់សាំងនៅ Darwin ពីត្រឹម Darwin មក ហោះលឿនជាង បានជាមកដល់ម៉ោង ១១។ វាតែប៉ុណ្ណឹងទៀត វានៅឯណេះ វាទៅភូតគេនៅឯណោះ វាភូតខ្មែរក្នុងស្រុកនេះ។ តាមការស្មានរបស់ខ្ញុំ អានេះមិនមែនលោកសង្ឃទេ … មិនមែនជាសិទ្ធិព័ត៌មានទេ អានេះធ្វើចារកម្ម។
មិនចរចាជាមួយក្រុមជាប់គុក និងក្រុមព្រហើនឡើយ
ខូចនោះខូច អាខ្លះខូចពេកតែម្តង។ ល្អហើយ ការដែលអ្នកឯងដុតរូបខ្ញុំ បានន័យថា អ្នកឯងបានវាយក្តារម្ឈូសបន្ថែម។ មុនទៅ(អូស្ត្រាលី) អាម្សៀនេះ វាបោកថា លោក ហ៊ុន សែន (នឹង)ត្រូវគេចាប់ ផុតពីគេចាប់ វាថាទៅចរចា។ ចាំតែចរចាតើ។ ហ៊ុន សែន អត់ត្រូវការចរចាជាមួយនរណាទេ។ ចរចាជាមួយអ្នកជាប់គុក គឺមិនចរចាទេ។ ក្រុមជាប់គុក ដែលត្រូវគេរំលាយបក្ស គឺគ្មានការចរចា។ អ្នកណាចង់ធ្វើអី ធ្វើទៅ។ ដឹងថា គន្លឹះនៅនឹងដៃ ហ៊ុន សែន ហើយទៅដុតរូប ហ៊ុន សែន។ មិនមែន ហ៊ុន សែន ដាក់អន្ទាក់ទេ អ្នកឯងទៅផុតគំនូសក្រហម។ អញ្ចឹងបានសេចក្តីថា អ្នកឯងស្ទើរភ្លើងខាងនយោបាយ។ អ្នកឯងគួរមានការអត់ធ្មត់ ហើយសុំទទូចចរចាល្អជាង។ ប៉ុន្តែ ដល់ទៅអ្នកឯងវាយតាមរបៀបដុតរូប ហ៊ុន សែន អញ្ចឹង ហ៊ុន សែន ថែមទៀតថា ដួងកែវ ហ៊ុន សែន នៅនឹងរូបនាគ ទាល់តែទៅវាយនាគនៅតាមព្រះវិហារលោកទាំងអស់ អាហ្នឹងទើបអាចសម្លាប់ ហ៊ុន សែន បាន … ពួកនេះវាចូលចិត្ត តែ(យើង)និយាយស្អី វាធ្វើហ្នឹង។ យើងថាស វាថាខ្មៅ អញ្ចឹងទេ ដល់យើងថា ទៅដុតរូប (មាន)រឿង អានេះវាទៅដុតរូបផ្ចាញ់មែន។
ចាំនាយករដ្ឋមន្រ្តីក្រោយលើកលែងទោសទៅ
… យល់ទេ? អាហ្នឹងនយោបាយ។ អ្នកឯងចិត្តអត់ត្រជាក់ អ្នកឯងចិត្តក្តៅ អ្នកឯងចិត្តភ្លើង ដូច្នេះ អ្នកឯងបិទទ្វារខ្លួនឯងទេតើ។ សូម្បីតែអាអ្នកជាប់គុកនៅភ្នំពេញនេះ ដែលសុំលើកលែងទោស ក៏ត្រូវតែជាប់គុកបន្ថែមដែរ គ្មានលើកលែងហ្អែងដែរ ដោយសារពួកចង្រៃនោះ វាធ្វើសកម្មភាពបែបហ្នឹង។ អញ្ចឹងសូមបន្តជាប់គុកតទៅទៀតទៅ។ អ្នកខ្លះសុំមកខ្ញុំ ផ្ញើតាមទូតផង ផ្ញើតាមអ្នកនេះផង។ ឯងដោះលែង ហុង សុខហួរ មួយ គេថា អាហ្នឹងសម្ពាធអន្តរជាតិ។ អើ! អញ្ចឹងបើកាលណានៅតែបន្តអាធុនហ្នឹង អញមិនលើកលែងឲ្យអ្នកណាទេ ប្រាប់ឲ្យហើយទៅ។ ជាប់គុកគ្រប់ ហើយមិនបាច់បញ្ចូលក្នុងអាអីលើកលែងទោសអីទេណា។ ខ្លះសាលក្រមអត់ទាន់ចូលស្ថាពរទេ នៅក្តីនៅឡើយទេ។ ទុកវានៅហ្នឹង ព្រោះមេវាព្រហើន។ យើងលើក(លែង)ឲ្យមួយ ដោយសារ(បាន)សុំទោសជាលាយលក្ខណ៍អក្សរ យើងលើកលែងទោសឲ្យ។ ប៉ុន្តែ អាមេវានោះ វាថា ដោយសារសម្ពាធអន្តរជាតិ អញ្ចឹង ទុកហ្អែងទាំងអស់នៅហ្នឹង។ អាណាជាប់គុកប៉ុន្មាន ជាប់ឲ្យគ្រប់ថ្ងៃ គ្រប់ខែទៅ កុំខ្វល់ពេក។ ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្រ្តី ក៏នៅតែជាប់គុកតទៅទៀត ព្រោះអាខ្លះដល់ទៅ ២០ ឆ្នាំឯណោះ ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តីត្រឹមតែ ១០ ឆ្នាំទៀតតើ។ ចាំនាយករដ្ឋមន្រ្តីក្រោយទៅ នាយករដ្ឋមន្រ្តីនេះអត់លើកលែងឲ្យហ្អែងទេ មកពីមេហ្អែងអាក្រក់ពេក …។
ចំរៀងសំរាប់កម្មករ
… ហើយថ្ងៃនេះ ក្មួយៗកម្មករ/ការិនី ដែលបានអញ្ជើញមកទីនេះ ចំនួន ១៥.៧៦៣ នាក់ ក្នុងម្នាក់ៗ ក៏សុំជូនថវិកា ២ ម៉ឺនរៀល ជាចំណងដៃ ក្មួយអើយ! តិចតួចទេ។ ហើយក្រុមតន្រ្តីសម័យ ៥ លានរៀល។ ហើយច្រៀងកំដរ។ បន្តិចទៀត យើងនឹងស្តាប់ កន្សែងក្រហម សំពោងផ្កាចារ ហើយមានច្រើនណាស់ចំរៀង។ បទលំនាំ ស្រណោះដៃប្តី ដូចជានិពន្ធ និងថតរួចហើយ ម្ចាស់អ្នកចម្រៀងដូចមកដែរ តើច្រៀងបានឬអត់? អើ! បន្តិចទៀត ដាក់អាហ្នឹង ទាក់ទងនឹងកម្មករដែរ។ វាមានកន្សែងក្រហម ពិសេសសម្រាប់កម្មករ សំពោងផ្កាចារ ពិសេសសម្រាប់កម្មករ ហើយនិងបទរបៀបបាសាក់មួយដែរ។ បន្តិចទៀត ដាក់បទហ្នឹងមុនគេ។ អ្នកភ្លេងសមវាបន្តិចទៅ អាហ្នឹងបទថ្មី។ ហ៊ុន ហេង គាត់និពន្ធ ព្រោះយើងបានប្រាប់ឲ្យគាត់និពន្ធ ហើយឥឡូវ គាត់និពន្ធរួចហើយ ដាក់ មួយទៅ។ ពីដើមវាមានបទ ស្រណោះដៃប្តី ឥឡូវ ដៃកម្មករនេះ។ យៗដែលមានផ្ទៃពោះនេះ ពូនឹងទៅចែកផ្ទាល់នៅទីនេះ។ សង្ឃឹមថា ឆ្នាំនេះ ក្មួយៗនឹងមានការសប្បាយរីករាយនៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលនឹងចូលមកដល់ខាងមុខនេះ។ ក្នុងឱកាសនេះ ក៏សូមជូនពរចំពោះក្មួយៗទាំងអស់ ឯកឧត្តម លោកជំទាវ ដែលបានមកចូលរួមក្នុងឱកាសនេះ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕