នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំឆ្នាំ(២០១៧-២០១៨) ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ តំណាងក្រសួង ស្ថានប័នពាក់ព័ន្ធ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ និងអង្គការ មិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញ ចូលរួមក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំឆ្នាំ(២០១៧-២០១៨) របស់ក្រសួងអប់រំយុវជន និងកីឡា និងបានវាយតំលៃខ្ពស់ចំពោះអង្គសន្និបាតនេះដែលទទួលបានលទ្ធផលល្អប្រសើរសម្រាប់វិស័យអប់រំក្នុងឆ្នាំបន្តបន្ទាប់ទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថាវិស័យអប់រំមានការរីកចម្រើនកន្លងមកនេះគឺដោយសារមានការចូលរួមពីដៃគូរពាក់ពន្ធ័នានាដែលបានជំរុញវិស័យនេះឲ្យកាន់តែមានលក្ខណៈល្អប្រសើរ។វិស័យធនធានមនុស្សក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិផងដែរពីព្រោះធនធានមនុស្សបានធ្វើឲ្យវិស័យផ្សេងៗទៀតមានការរីកចម្រើនទៅមុខទន្ទឹមគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអប់រំចាប់តាំងពីថ្នាក់បឋមសិក្សាទៅ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបណ្តុះធនធានមនុស្សឲ្យទទួលបាននូវចំណេះដឹងទូទៅ ដើម្បីឈានទៅដល់ថ្នាក់កំរិតខ្ពស់។ ដោយឡែកថ្នាក់ឧត្តមសិក្សា គឺជាផ្នែកដែលត្រូវចាប់យកចំណេះដឹង និងជំនាញដើម្បីឈានទៅការអនុវត្តការងារជាក់ស្តែងនៅក្នុងសង្គម។
នៅក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំនុច ក្នុងការអភិវឌ្ឍន៍វិស័យអប់រំឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៖
១) បន្តអនុវត្តការងារអប់រំឱ្យសកម្ម ធានាប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន និងលើកកម្ពស់ ផ្តល់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។ ក្នុងនោះ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីសិក្សា យើងត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាត រៀបចំបង្គន់អនាម័យសមរម្យ សួនធម្មជាតិក្នុងសាលារៀនអោយស័ក្តសមជាទីកន្លែងអប់រំ បណ្តុះគំនិត ឱ្យស្អាតស្អំ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយជាដើម ។
២) អនុវត្តឱ្យមានភាពរស់រវើក ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសម្រាប់គ្រឹះស្ថានសិក្សាការងារផែនការ ស្ថិតិអប់រំ ការពង្រាយគ្រូបង្រៀនឱ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ និងពង្រឹងអភិបាលកិច្ចឧត្តមសិក្សា ព្រមទាំងជំរុញការវិនិយោគលើការស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីសិក្សា ។
៣) អនុវត្តឱ្យសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឱ្យមានស្មារតីទទួលខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម បំផុសឱ្យសកម្មនូវកម្មវិធី «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» និងកម្មវិធីយុវជនស្ម័គ្រចិត្ត។ ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានាបន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញទន់សម្រាប់យុវជន សំដៅឆ្លើតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម ។
៤) អនុវត្តឱ្យសកម្មលើការងារកីឡា ដោយត្រូវអភិវឌ្ឍ សមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត ពង្រឹង និង ពង្រីកសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា បង្កើនការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារកីឡាគ្រប់ប្រភេទ ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យកុងការប្រកួតកីឡាសីហ្គេម លើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
៥)បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបតិការដោយត្រូវរៀបចំសកម្មភាពឱ្យឆ្លើយតបទៅនឹងឤទិភាពនៃការអភិវឌ្ឍជាតិ ផ្សាភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ផ្សាភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងការលុបបំបាត់រាល់ទម្រង់នៃការរើងអើងគ្រប់ប្រភេទក្នុងសង្គម ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីអប់រំ និងលោកគ្រូ អ្នកគ្រូដែលមានស្នាដៃល្អ ក្នុងវិស័យអប់រំកន្លងមក និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕