កិច្ចប្រជុំកំពូលពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី បានប្រារព្វពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិស៊ីដនី ប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី១៨មីនា។ ប្រមុខរដ្ឋ រដ្ឋាភិបាល នៃបណ្តាប្រទេសសមាជិកអាស៊ាន និងអូស្រ្តាលី បានជួបជុំគ្នានៅទីក្រុងស៊ីដនី ប្រទសអូស្រ្តាលី ដែលជាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី លើកទី១ នៅប្រទេសអូស្រ្តាលី។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសពេញមួយព្រឹកថ្ងៃទី១៨មីនានេះ មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន-អូស្រ្តាលី បានឯកភាពគ្នាក្នុងការចេញនូវ សេចក្តីប្រកាស នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី លើសេចក្តីថ្លែងការណ៍ទីក្រុងស៊ីដនី មានចំនួន២៩ចំណុច ដែលក្នុងនោះមេដឹកនាំទាំងអស់ បានបញ្ជាក់ពីការ ឆ្លុះបញ្ចាំងនូវសករាជថ្មីមួយនៃ ទំនាក់ទំនងអាស៊ាន-អូស្រ្តាលី កាន់តែជិតស្និទ្ធ ដែលត្រូវបានតម្លើងទៅជាភាពជាដៃគូ យុទ្ធសាស្រ្ត នៅឆ្នាំ២០១៤។ មេដឹកនាំទាំងអស់ បានធ្វើជាការអះអាងសារជាថ្មីថា នូវភាពជាដៃគូដ៏សំខាន់ និងរឹងមាំក្នុងតំបន់មួយ ដែលកំពុងទទួលបាននូវ ការផ្លាស់ប្ដូរសំខាន់ៗជាច្រើន។ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានបេ្តជ្ញាពង្រឹងនូវការងាររួម ដើម្បីរួមចំណែកសម្រេចបាន នូវតំបន់មួយប្រកបដោយសុខសុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជន។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំទាំងអស់ បានអះអាងសារជាថ្មីអំពីការបេ្តជ្ញាចិត្តរបស់ខ្លួន ចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងការវិវត្ត នៃនិម្មាបនកម្មតំបន់ ដោយឈរលើមូលដ្ឋានច្បាប់ មានលក្ខណៈបើកចំហ តម្លាភាព និងបរិយាប័ន្ន និងលើកកម្ពស់នូវស្ថិរភាព និងវិបុលភាព តាមរយៈយន្តការនាំមុខរបស់អាស៊ាន។
ជាមួយគ្នានេះនាយករដ្ឋមន្រ្តី អូស្រ្តាលី បានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់អាស៊ាន នៅតែរឹងមាំ ឯកភាព និងនិវានុវត្តន៍ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងកំណើនជាបរិយាប័ន្ន ព្រមទាំងការរួមចំណែករបស់អាស៊ានជាង៥០ឆ្នាំមកនេះ ឆ្ពោះទៅរកតំបន់មួយប្រកបដោយសន្តិភាព និងវិបុលភាព។
ជាការឆ្លើយតប មេដឹកនាំអាស៊ាន បានកោតសរសើរនូវការចូលរួមចំណែករបស់អូស្រ្តាលី ចំពោះការកសាងសហគមន៍អាស៊ាន ដូចជាការគាំទ្រការអនុវត្តនូវអាស៊ាន២០២៥៖ វឌ្ឍនភាពរួមគ្នាឆ្ពោះទៅមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមេដឹកនាំអាស៊ាន-អូស្រ្តាលី បានប្តេជ្ញាចិត្តចូលរួមយ៉ាងមុតមាំ ចំពោះសន្តិភាព និងសន្តិសុខតំបន់ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី រួមមានការគោរពទាំងស្រុង នូវដំណើរការច្បាប់ និងការទូត ការប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ មិនគំរាម កំហែង ឬប្រើប្រាស់នូវកម្លាំង ស្របតាមគោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់តំបន់ និងអន្តរជាតិ ដោយផ្អែកលើច្បាប់ពិសេសទទួលស្គាល់នូវតួនាទីសំខាន់ នៃស្ថាប័នតំបន់ និងពហុតំបន់នានា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិភាព និងវិបុលភាព។
មេដឹកនាំទាំងអស់ ក៏បានអះអាងសារជាថ្មី នូវការគោរពគ្នាទៅវិញទៅមក នៃគោលការណ៍ អធិបតេយ្យភាព បូរណភាពទឹកដី សមភាព ការមិនជ្រៀតជ្រែក និងឯករាជ្យភាពផ្នែកនយោបាយ នៃរដ្ឋទាំងអស់ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបតិ្តការនៅតំបន់អាស៊ីអាគ្នេយ៍។ គោលការណ៍នៃផលប្រយោជន៍ទៅវិញ ទៅមក ការទទួលខុសត្រូវរួមដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចស្នូល ដើម្បីពង្រឹងថែមទៀត នូវភាពជាដៃគូយុទ្ធសាស្រ្ត។ លើបញ្ហា សន្តិសុខតំបន់ មេដឹកនាំអាស៊ាន-អូស្រ្តាលី ថ្កោលទោសយ៉ាងមុតមាំ ចំពោះអំពើ ភេរវកម្មគ្រប់ទម្រង់ និងរូបភាពទាំងអស់។
ពិសេសបានបញ្ជាក់ ទ្បើងវិញនូវការប្តេជ្ញាចិត្ត ធ្វើការជាមួយគ្នា ឱ្យកាន់តែស្អិតរមួតថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមមានទប់ស្កាត់ និងបង្រ្កាបលំហូរភេរវករបរទេសចូលក្នុងតំបន់ និងដោះស្រាយនូវកត្តាជាមូលដ្ឋាន និងលក្ខខណ្ឌនានា ដែលរួមចំណែកដល់ការកើនទ្បើង និងការរីកសាយភាយនៃអំពើហិង្សាជ្រុលនិយម និងរ៉ាឌីកាលនិយម។ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានចាត់ទុកដែរថា ការចុះអនុស្សារណៈយោគយល់គ្នារវាងអាស៊ាននិងអូស្រ្តាលី ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើភេរវកម្មអន្តរជាតិ ចុះហត្ថលេខានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ដែលនឹងធ្វើឲ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់យ៉ាងរឹងមាំ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាល នៃភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ រួមមានបញ្ហាអាវុធនុយក្លែអ៊ែរ និងកម្មវិធីកាំជ្រួញមីស៊ីលរបស់កូរ៉េខាងជើង ដែលបានគំរាមគំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
តាមរយៈនេះបណ្តាមេដឹកនាំទាំងអស់ បានទទូចយ៉ាងខ្លាំងក្លាឱ្យកូរ៉េខាងជើងគោរពជាបន្ទាន់ និងពេញលេញ នូវកាតព្វកិច្ចរបស់ខ្លួន ចំពោះសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) និងអំពាវនាវឱ្យប្រទេសសមាជិកអ.ស.ប ទាំងអស់ អនុវត្តឱ្យបានពេញលេញ នូវសេចក្តីសម្រេចចិត្តនានា របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន -អូស្រ្តាលី បានបញ្ជាក់រួមគ្នាសារជាថ្មី នូវការគាំទ្រចំពោះការលុបបំបាត់ នូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឱ្យបានទាំងស្រុង ត្រឹមត្រូវ និងគ្មានការវិលត្រលប់មកវិញ ដោយសន្តិវិធី ព្រមទាំងចំពោះគំនិតផ្តួចផ្តើមនានាសំដៅកសាងសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ។ មេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ នូវកិច្ចខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរទ្បើង នូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ។ តាមរយៈនេះមេដឹកនាំអូស្រ្តាលី បានស្វាគមន៍ នូវការត្រៀមខ្លួនរួចជាស្រេចរបស់អាស៊ាន ក្នុងការដើរតួនាទីស្ថាបនាដ៏សកម្ម ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព នៅឧបទ្វីបកូរ៉េ។ ដោយផ្អែកលើផលប្រយោជន៍តាមលំហសមុទ្រ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានអះអាងនូវទស្សនៈរួម ចំពោះសារសំខាន់នៃការប្រើប្រាស់ផ្លូវសមុទ្រ និងមហាសមុទ្រដោយសន្តិវិធី ដែលចាំបាច់ចំពោះសុខមាលភាពសេដ្ឋកិច្ច។ តាមរយៈនេះបណ្តាមេដឹកនាំទាំងអស់ បានអះអាងសារជាថ្មី អំពីសារសំខាន់នៃការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខលំហសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុងតំបន់ពិសេសបានសង្កត់ធ្ងន់ អំពីសារសំខាន់ នៃការមិនធ្វើយោធូបនីយកម្ម និងភាពចាំបាច់នៃការលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ការប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ក្នុងការធ្វើសកម្មភាពនានា និងជៀសវាងនូវសកម្មភាពទាំងទ្បាយណា ដែលអាចធ្វើឱ្យសភាពការណ៍ស្មុគស្មាញ។
មេដឹកនាំទាំងអស់ ក៏បានអះអាងសារជាថ្មី អំពីភាពចាំបាច់សម្រាប់រដ្ឋនានា ដើម្បីស្វែងរកនូវដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងអនុលោមទៅតាមស្តង់ដារពាក់ព័ន្ធ និងការអនុវត្តជាអនុសាសាន៍ ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ (ICAO) និងអង្គការលំហសមុទ្រអន្ដរជាតិ (IMO)។ ក្នុងន័យនេះ មេដឹកនាំទាំងអស់ បានគាំទ្រការអនុវត្តនៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ឲ្យបានពេញលេញ និងមានប្រសិទ្ធភាពទាំងស្រុង ហើយរង់ចាំការបញ្ចប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយប្រសិទ្ធភាព ក្នុងពេលឆាប់ៗនេះ។ មេដឹកនាំទាំងអស់បានប្តេជ្ញារួមគ្នា ក្នុងការបន្តលើកកម្ពស់ថែមទៀត នូវកិច្ចខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយនូវបញ្ហាលំហសមុទ្រ ដែលជាបញ្ហាស្មុគស្មាញ ដូចជា សន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅ ចោរកម្មសមុទ្រ ការប្លន់ប្រដាប់អាវុធប្រឆាំងនឹងនាវា និងឧក្រិដ្ឋកម្មនានា នៅដែនសមុទ្រ ជាមួយនឹងការពង្រឹងសមត្ថភាព និងសុវត្ថិភាពស្រាវជ្រាវរកនាវា ព្រមទាំងតាមរយៈការបន្តការអនុវត្ត នៃសេចក្តីប្រកាស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់លំហសមុទ្រ ដែលមានបំណង ក្នុងការបង្កើតនូវតំបន់ ដែលមានសុវត្ថិភាព និងស្ថិរភាព ដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាព។
សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូលពិសេស ក៏បានប្តេជ្ញាចិត្តជាថ្មីម្តងទៀត ចំពោះការពង្រឹងនូវកិច្ចសហប្រតិបត្តិការយូរអង្វែង ស្តីពីការអនុវត្តច្បាប់ គយ និងអន្តោប្រវេសន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងតំបន់ រួមមាន ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធខុសច្បាប់ ការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ព្រមទាំងបានអះអាងទ្បើងវិញនូវការបេ្តជ្ញាចិត្ត ដើម្បីពង្រីកកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស និងការលើកកម្ពស់សុវត្ថិភាព ទេសន្តប្រវេសន៍អោយបានត្រឹមត្រូវ និងស្របច្បាប់។
លើការពង្រឹងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ មេដឹកនាំទាំងអស់ បានបេ្តជ្ញាចិត្តលើកកម្ពស់ និងពង្រីកទំហំនិងគុណភាពនៃកិច្ចសហប្រតិបត្តិកិច្ចការគាំពារ ទាំងយន្តការទ្វេភាគី និងពហុភាគី រួមមានវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានការពារជាតិបូក។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ មេដឹកនាំទាំងអស់ បានអះអាងនូវការគាំទ្រដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការប្រឆាំង នឹងគ្រប់ទម្រង់នៃការគាំពារនិយម ដើម្បីពង្រឹងការអភិវឌ្ឍតំបន់និងវិបុលភាព ពិសេសប្តេជ្ញាចិត្តបើកចំហទីផ្សារសេរី និងយកចិត្តទុកដាក់លើ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់ជាមូលដ្ឋានសំខាន់។ ការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលីកាន់តែស៊ីជម្រៅ រួមមាន ការចែករំលែកនូវជំនាញបច្ចេកទេស និងវិធានការកសាងសមត្ថភាពនានា ការពង្រឹងនូវក្របខណ្ឌ កិច្ចសហប្រតិបត្តិការក្របខណ្ឌអនុតំបន់ ដែលជាឧបករណ៍ដើម្បីជំរុញការអភិវឌ្ឍ និងការអនុវត្ត នៃកិច្ចព្រមព្រៀងអាស៊ាននានា ពង្រឹងការចូលរួម ក្នុងការចរចាពាណិជ្ជកម្មតំបន់ ការពិនិត្យទ្បើងវិញដោយប្រសិទ្ធភាពចំពោះវិធានការបំបាត់ពន្ធគយ ដែលបង្កើត នូវឧបសគ្គមិនចាំបាច់នានាសម្រាប់វិស័យពាណិជ្ជកម្ម ស្របតាមកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ ដោយការបង្កើនសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន បរិយាកាសប្រកួតប្រជែង ធុរៈកិច្ច ការបង្កើតការងារ នវានុវត្តន៍ និងសហគ្រិនភាពក្នុងការគាំទ្រសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ដោយបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធើណេត កំពុងក្លាយជាកត្តាស្នូលមួយក្នុងការជំរុញសេដ្ឋកិច្ច មេដឹកនាំទាំងអស់ បានបេ្តជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ ស្ដីពីបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងពាណិជ្ជកម្ម ឌីជីថល ពិសេសមានការបេ្តជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់បរិស្ថានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលមានលក្ខណៈបើកចំហ សុវត្ថិភាព ស្ថិរភាព ដែលអាចទៅដល់និងដោយសន្តិវិធី ស្របទៅនឹងច្បាប់បទបញ្ញត្តិ ក្នុងស្រុក នៃប្រទេសនីមួយៗ។ មេដឹកនាំទាំងអស់ ក៏បានអះអាង នូវការបេ្តជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកស្ទួយស្ថិរភាពអន្តរជាតិសម្រាប់លំហប្រព័ន្ធអ៊ីនធើណេត ស្របតាមច្បាប់អន្តរជាតិដែលមានស្រាប់ ។ កិច្ចសហប្រតិបត្តិការ កសាងសមត្ថភាព វិធានការកសាងទំនុកចិត្តជាក់ស្តែង បទដ្ឋានឥរិយាបទទទួលខុសត្រូវ ដែលមានលក្ខណៈស្ម័គ្រចិត្ត និងមិនមានចំណងផ្លូវច្បាប់ ផ្អែកលើមូលដ្ឋាន នៃរបាយការណ៍ឆ្នាំ២០១៥ របស់ក្រុមអ្នកជំនាញផ្នែករដ្ឋាភិបាលរបស់អ.ស.ប ស្តីពីការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ក្នុងបរិបទ នៃសន្តិសុខអន្តរជាតិ។ យើងនឹងលើកកម្ពស់ផងដែរនូវកំណើនសេដ្ឋកិច្ច និងវិបុលភាព ប្រកបទៅដោយចីរភាព និងបរិយាប័ន្ន ដូចជាការគាំទ្រពាណិជ្ជកម្មឌីជីថល សហគ្រិនភាព ជួយកសាងនូវពលកម្មការងារលើវិស័យឌីជីថល ដែលមានត្រៀមរួចជាស្រេច និងលើកកម្ពស់ការធ្វើសមាហរណកម្មបន្ថែមទៀតចូលក្នុងទីផ្សារពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ មេដឹកនាំទាំងអស់ ក៏បានទទួលស្គាល់តួនាទីដ៏សំខាន់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ចីរភាព និងតម្លាភាព សម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងផែនការនគររូបនីយកម្មវៃឆ្លាត និងប្រកបដោយចីរភាព នៅក្នុងទីក្រុងដែលកំពុងរីកលូតលាស់ ដើម្បីលើកកម្ពស់វឌ្ឍនភាព សេដ្ឋកិច្ច និងការធ្វើសមាហរណកម្មនៅក្នុងតំបន់។
អាស៊ានស្វាគមន៍ការបន្ដគាំទ្ររបស់អូស្ត្រាលី សម្រាប់របៀបវារៈនេះ តាមរយៈការអនុវត្ដផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំទាំងអស់ក៏បានប្ដេជ្ញាបង្កើនការខិតខំប្រឹងប្រែង ក្នុងឆ្នាំ២០១៨ ឆ្ពោះទៅការបញ្ចប់ឱ្យបានឆាប់នូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ដែលមានគុណភាពខ្ពស់ ទូលំទូលាយ និងទំនើប នឹងជំរុញសេដ្ឋកិច្ចបើកចំហ ថាមវន្ត និងប្រជួតប្រជែង ដែលផ្ដល់ផលប្រយោជន៍រួមដល់ប្រជាជន និងលើកកម្ពស់អភិបាលកិច្ចល្អ តាមរយៈការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រី។ មេដឹកនាំទាំងអស់ ក៏បានសន្យាដែរថា នឹងធ្វើការរួមគ្នា ដើម្បីធានាឱ្យបានថា ពាណិជ្ជកម្ម និងវិនិយោគ នឹងលើកកម្ពស់ដល់វឌ្ឍនភាពប្រកបដោយចីរភាព និងបរិយាប័ន្ន។ អាស៊ានស្វាគមន៍ការបន្ដគាំទ្ររបស់អូស្ដ្រាលី ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្នុងប្រទេសអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។ មេដឹកនាំទាំងអស់ក៏បានអះអារសារជាថ្មីផងដែរ នូវការប្ដេជ្ញាចិត្ដរួមដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងស្វាគមន៍ការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ ភាពបំពេញឱ្យគ្នា រវាងចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អ.ស.ប។
មេដឹកនាំទាំងអស់ក៏បានធ្វើការសហការគ្នាដើម្បីអភិរក្ស និងប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ដោយអនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រ និងដោះស្រាយរាល់ការគំរាមកំហែងដល់ធនធានទាំងនេះ រួមទាំង ការនេសាទខុសច្បាប់ គ្មានការរាយការណ៍ និងគ្មានការត្រួតពិនិត្យតាមផ្លូវច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ មេដឹកនាំអាស៊ាន និងអូស្ដ្រាលី ចែករំលែកនូវទំនាក់ទំនងវប្បធម៌ សង្គមជាថាមវន្តដ៏យូរអង្វែង និងស៊ីជម្រៅ តាមរយៈប្ដេជ្ញាចិត្ដពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន ជាមួយការផ្ដោតជាពិសេសលើការវិនិយោគ ក្នុងចំណងទំនាក់ទំនងដ៏ឋិតថេរនាពេលអនាគតរវាងថ្នាក់ដឹកនាំ។
មេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ការរួមចំណែក នៃផែនការកូឡំបូថ្មី ក្នុងការបង្កើតទំនាក់ទំនងយុវជន និងប្ដេជ្ញាចិត្ដធ្វើឱ្យស៊ីជម្រៅនូវការអប់រំប្រកប ដោយជោគជ័យខ្ពស់ និងកម្មវិធីផ្លាស់ប្ដូរកីឡា រួមមាន ពានរង្វាន់អូស្រ្ដាលី អាហារូបករណ៍ និងកម្មវិធី ផ្សេងៗ នៅក្រោមក្រុមប្រឹក្សាអូស្ដ្រាលី-អាស៊ាន ពិសេសប្ដេជ្ញាចិត្ដចំពោះការលើកកម្ពស់តម្លៃរួម ដូចជា សន្ដិភាព សុខដុមរមនា ការយល់ដឹងអន្ដរវប្បធម៌ នីតិរដ្ឋ អភិបាលកិច្ចល្អ ការគោរព ទំនុកចិត្ដ ការអត់ឱន បរិយាប័ន្ន ការនិយមកណ្ដាល ទំនួលខុសត្រូវសង្គម និងភាពចម្រុះគ្នាមេដឹកនាំអាស៊ាន-អូស្រ្តាលី បានធ្វើការចែករំលែកការប្ដេជ្ញាចិត្ដលើកកម្ពស់ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក្នុងតំបន់ ដើម្បីសម្រេចឱ្យបាននូវសន្ដិភាព បរិយាប័ន្ន និងប្រកបដោយចីរភាព និងវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងលុបចោលនូវរបាំងនានា ដែលរារាំងដល់ការចូលរួមពេញលេញរបស់ស្រ្ដី ក្នុងវិស័យសេដ្ឋកិច្ច។
មេដឹកនាំអាស៊ាន-អូស្រ្តាលី បានប្តេជ្ញាលើការបន្តពង្រឹងតំបន់ទាំងពីរអោយកាន់តែរឹងមាំ ដោយធ្វើកិច្ចសហប្រតិបត្តិការលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងរួម ទាំងការដាក់ផែនការ រួមបញ្ចូលទាំងការគាំទ្រ នូវមជ្ឈមណ្ឌល សម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ យើងនឹងធ្វើការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង និងរាតត្បាត ដោះស្រាយបញ្ហាប្រឈមសុខភាពដែលកើនទ្បើង រួមបញ្ចូលនូវបញ្ហាវ័យចាស់ ព្រមទាំងលើកកម្ពស់ការត្រៀមទប់ស្កាត់នឹងជម្ងឺរាតត្បាត តាមរយៈការគាំទ្រប្រព័ន្ធការពារតាមដាន និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
មេដឹកនាំទាំងអស់ក៏បានគាំទ្រសកម្មភាពនានា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទិសដៅគោលដៅពាក់ព័ន្ធ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បន្តលើកស្ទួយការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងព្រៃឈើដោយចីរភាព ការប្រើប្រាស់ថាមពលកកើតទ្បើងវិញ និងថាមពលជំនួស និងបច្ចេកវិទ្យាព័ណ៌បៃតង ការគ្រប់គ្រងប្រកបដោយចីរភាពនៃបរិស្ថានឆ្នេរសមុទ្រ និងការអភិរក្ស និងការគ្រប់គ្រងជីវៈចម្រុះ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីក៏បានគំាទ្ររាល់កិច្ចខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការអនុវត្តកុងសង់ស៊ីស ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន។ លើកិច្ចសន្ទនា និងកិច្ចសហប្រតិបត្ដិការអនាគត មេដឹកនាំអាស៊ាន-អូស្រ្តាលីប្ដេជ្ញាចិត្ដបន្ដកិច្ចសន្ទនានយោបាយ ក្នុងកម្រិតប្រមុខរដ្ឋ រដ្ឋាភិបាល ដោយផ្អែកទៅលើកិច្ចសន្ទនាកម្រិតដ៏ទូលំទូលាយថ្នាក់រដ្ឋមន្ដ្រី និងឧត្ដមមន្ដ្រី តាមរយៈកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលអាស៊ាន-អូស្ដ្រាលី ២ឆ្នាំម្ដង នាពេលអនាគត តាមរយៈការពង្រឹងនិម្មាបនកម្មសន្ដិសុខតំបន់ ក្នុងការគាំទ្រសណ្ដាប់ធ្នាប់តំបន់ដោយផ្អែកលើច្បាប់ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាវេទិកាយុទ្ធសាស្រ្ដតំបន់ដឹកនាំដោយប្រមុខដឹកនាំ និងដើម្បីលើកកម្ពស់កិច្ចសហការក្នុងវេទិការតំបន់ និងអន្ដរជាតិ។ ពិសេសបន្ដសហការអនុវត្ដដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាព ដើម្បីអនុវត្ដភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-អូស្ដ្រាលី ឆ្នាំ(២០១៥-២០១៩)។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានស្វាគមន៍គំនិតផ្ដួចផ្ដើមលើកទ្បើងនៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលគ្របដណ្ដប់លើវិស័យនានា ដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សន្ដិសុខតាមប្រព័ន្ធអ៊ិនធើណេត និងពាណិជ្ជកម្មឌីជីថល ការពារជាតិ លំហសមុទ្រ សេដ្ឋកិច្ច នគរូបនីយកម្ម និងហេដ្ឋា- រចនាសម្ព័ន្ធ ការតភ្ជាប់ អប់រំ សុខុមាលភាព និងស្ដ្រី សន្ដិភាព និងសន្ដិសុខ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ដ្របន្ថែមទៀត។