សុន្ទរកថាឯកឧត្តម ប៊ិន ឈិន ក្នុងពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការជាស្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ និងពិធីប្រកាសជាផ្លូវការដាក់​​​ឱ្យ​អនុវត្តន៍ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ​របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០

សុន្ទរកថាឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការជាស្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ និងពិធីប្រកាសជាផ្លូវការដាក់​​​ឱ្យ​អនុវត្តន៍ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ​របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨

នៅសាលសន្និសីទ C វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយស និង អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ជាស្ត្រី ក្នុង​​ឱកា​ស​ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍​ជាតិ” និងពិធី​ប្រកាសជាផ្លូវការ​ដាក់​ឱ្យអនុវត្តន៍នូវផែនការយុទ្ធសាស្ត្រ​បញ្ជ្រាប​​យេនឌ័រ នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ឆ្នាំ​២០១​៧-២០២០ នា​ពេល​នេះ។

តាមរយៈសេចក្តីថ្លែងហេតុរបស់លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី សុន្ទរកថា​ស្វាគ​មន៍ និងរបាយការណ៍របស់​លោក​ជំ​ទា​វរដ្ឋលេខាធិការ ឆាយ វ៉ាន់នឿន ប្រធានគណៈ កម្មការការពារផលប្រយោជ​ន៍​ស្ត្រី និងជាប្រធានក្រុមការងារបញ្ជ្រាប​យេន​ឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ខ្ញុំសូម​កោត​​សរសើរ​ចំពោះ​សមិទ្ធផលសំខាន់ៗទាំងឡាយ ដែលគណៈកម្មការការពារ​ផល​ប្រយោជន៍ស្ត្រី និងក្រុមការងារ​បញ្ជ្រា​ប​យេន​ឌ័រ នៃ​ទីស្តី​ការគណៈរដ្ឋមន្ត្រី សម្រេចបានជោគជ័យកន្លងមក។

ឆ្លៀតឱកាសនេះ ខ្ញុំសូមគាំទ្រនិងអនុវត្តន៍នូវអនុសាសន៍​​របស់ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ឱ្យបន្តអនុវត្តន៍អនុសាសន៍១១ចំណុចក្នុងឆ្នាំ២០១៧ និងសេចក្តី​សម្រេច​ ថ្មី​ៗ​​ចំនួន​៤​ចំណុច ដែលបាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូកសរុបការងារ ឆ្នាំ២០១៧ និង​​លើកទិសដៅផែនការ សកម្មភាពការងារ ឆ្នាំ២០១៨ របស់​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បីស្ដ្រី នាថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ និងសូមចូលរួមគាំទ្រផងដែរ លើប្រធានបទ ” ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” ក្នុងគោល​បំណង បន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាន​និងកំពុងគាំទ្រជំរុញ​ឱ្យមានការ​ចូល​រួមពីគ្រប់ស្ថាប័ន​ រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅ​លើកកម្ពស់សិទ្ធិ ​ស្ថានភាព​ ជីវភា​ព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់​ស្កាត់និងកាត់បន្ថយ​អំពើហិង្សា ព្រមទាំងដោះស្រាយ​ជម្លោះ​នានា ដោយសន្តិវិធី។

ជាការពិត សុខសន្តិភាពមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះ​បើ​មានសុខ​សន្តិ​ភាព មានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង។ ផ្ទុយទៅវិញ ជម្លោះនិងអំពើហិង្សា គឺជាឧបសគ្គ​នៃ​វឌ្ឍន​ភា​ព​សេដ្ឋកិច្ច​សង្គ​ម​របស់ប្រទេសយើង ហើយធ្វើឱ្យប៉ះពាល់ ​ដល់សុខុមាលភាពផ្លូវចិត្ត អារម្មណ៍និង​រាងកា​យ​របស់​បុគ្គ​ល ជាពិសេស អំពើ​ហិង្សាលើស្ត្រី​ គឺជាអំពើ រំលោភសិទ្ធិមនុស្សដែលផ្តល់ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង ទៅ​លើ​​ស្ត្រី​និង​កូន​ ដែលបន្សល់ទុកនូវ ផលវិបាករាប់ជំនាន់។

រួមជាមួយនេះ ដើម្បីចូលរួមចំណែកជួយដល់ស្ត្រីយើងដែលមានវត្តមាននៅទីនេះ ក៏ដូចនៅក្នុង ក្របខ័ណ្ឌទីស្តី​ការ​​​គណៈរដ្ឋមន្ត្រី ផែនការយុទ្ធសាស្ត្រ​បញ្ជ្រាប​​យេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០នេះ ពិត​ជាឧបករណ៍ដ៏ចាំ​បាច់​ សម្រាប់បេសកកម្មឆ្ពោះទៅរកការ​សម្រេច​ បាននូវសមភាពយេនឌ័រក្នុងទីស្តីការ​គណៈ​​រ​ដ្ឋ​មន្ត្រី តាមរយៈការបញ្ជ្រា​ប​យេនឌ័រក្នុងគោលនយោបាយ ផែនការ កម្មវិធី និងលិខិតបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធ​នានា ដើ​ម្បី​​បង្កើន​ចំនួនមន្ត្រីរាជការជាស្ត្រី និង ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ការ​កែ​ប្រែឥរិយាបថ​ដែល​រើសអើង​លើ​ស្ត្រី និងការ​រួមចំណែក សម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹម​នឹងនេះ ការ​ដាក់​ចេញនូ​វ​ផែន​ការ​​យុទ្ធសាស្ត្រនេះ ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  ផែនការ​យុទ្ធសាស្ត្រ​​អភិវឌ្ឍជាតិ ឆ្នាំ២០១៤-២០១៨ ផែនការយុទ្ធ​សាស្ត្រ​នារី​រតនៈទី៤ ឆ្នាំ២០១៤-២០១៨ និង​អនុសាសន៍ របស់​​ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ដែលបាន​ផ្តល់​ការ​ណែ​នាំឱ្យ​គ្រប់​ក្រសួង​ស្ថាប័នទាំងអស់​ យកចិត្តទុកដាក់ក្នុ​ង​​​ការ​បង្កើនចំនួនមន្ត្រីរាជការ ​ស៊ីវិលជាស្ត្រីដើម្បី​ចូលរួមបម្រើ​ការងា​រ​ក្នុង​វិស័យ​មុខងារសាធារណៈ ដោយកំណត់ពី ២០% ទៅ ៥០% សម្រាប់ស្ត្រី។

ជាការពិតណាស់ ការលើកកម្ពស់សមភាពយេនឌ័រនិងសិទ្ធិអំណាចស្ត្រី គឺជាការងារឤទិភាព​មួយនៃកម្មវិធី​នយោ​បា​យ​​របស់រាជរដ្ឋាភិបាល ក្នុងគោលដៅបន្តពង្រឹងស្ថានភាព និងតួនាទីដ៏សំខាន់ របស់ស្ត្រីក្នុងសង្គម។ រួម​ជាមួយ​នេះ​ ទីស្តីការ​គណៈរដ្ឋមន្ត្រីយើង​ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយលើក​កម្ពស់​សមភាព​យេនឌ័រ​​របស់រាជ​រដ្ឋា​ភិបាល ដូចជាការផ្តល់ឱកាស ដល់មន្ត្រីរាជការជាស្ត្រី តាមរយៈការប្រឡ​ង​ជ្រើសរើសមន្ត្រី​រាជកា​រ​ថ្មី ការដំឡើង​ឋានៈ​និង​តួនាទី ការ​កសា​ង​ សមត្ថភាព និងការចូលរួមវគ្គបណ្តុះបណ្តាល​ក្នុងនិងក្រៅប្រទេស ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ លទ្ធ​ផល នៃការខិតខំប្រឹងប្រែងទាំងនេះ នៅមាន​កម្រិត​នៅ​ឡើយ ជាពិសេស ក្នុងតួនាទី​នៃ​ការធ្វើសេចក្តីសម្រេច ហើយ​ខ្ញុំ​ក៏​ទទួលស្គាល់ដែរថា យើងក៏នៅ​ជួបប​ញ្ហា​ប្រ​ឈ​ម​ជាច្រើន ដូចដែល លោកជំទាវ ឆាយ វ៉ាន់នឿន បានរៀបរាប់​នៅ​ក្នុង​របាយការណ៍សង្ខេបរបស់លោកជំទាវ។  ក្នុង​ស្មារតីនេះ ដើម្បីចូលរួម​ដោះស្រាយ ​នូវ​បញ្ហាប្រឈមទាំងនោះ ខ្ញុំឯកភាព និង​សូមផ្តល់ជាអនុសាសន៍​មួយ​ចំនួ​ន ដូចខាងក្រោម ៖

១.  បន្តបង្កើនចំនួនសមាមាត្រមន្ត្រីរាជការជាស្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី និងក្នុងតួនាទី ធ្វើ​សេច​​​ក្តី​​សម្រេ​ចនៅគ្រប់ផ្នែកនិងកម្រិត តាមរយៈការជំរុញ រក្សានិងបង្កើនក្របខ័ណ្ឌរបស់ មន្ត្រី​រាជការ​ជាស្តី្រ​ពេល​មានការ​ប្រឡង​ជ្រើស​​រើ​ស​ក្របខ័ណ្ឌថ្មីជូនបេក្ខភាព​ជាស្ត្រី​​​ដដែល នៅ ពេល​ដែល​ពួកគាត់ ចូលនិវត្តន៍ ឬ បាត់បង់ដោយ​ប្រការ​ណា​មួយ និង​បង្កើ​ន​ចំនួន​ក្របខ័ណ្ឌ ជូន​បេក្ខជន​ជាស្ត្រី កំណត់យកគោលបំណង​បង្កើន​ចំនួនសមាមាត្រ​មន្រ្តី​រាជការ​ជា​ស្ត្រី​បម្រើ​​ការនៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ រក្សាឱ្យបាននិងបង្កើនឱ្យលើសពី ២៥% រហូតដល់​ឆ្នាំ​២០២០ និង​បង្កើន​ចំនួនមន្ត្រីជាស្ត្រី ដែល​មាន​តួនាទី​ធ្វើសេចក្តីសម្រេចចាប់ពី​អនុប្រធាន​ការិយាល័យ ដល់អគ្គនាយក​ កើនឡើង​ពី​ ២០,៦៨% ក្នុងឆ្នាំ២០១៧ ឱ្យដល់២៥%​ នៅ ឆ្នាំ២០២០។

២. បញ្ចូលប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ ឬតំណាងដែលមានសិទ្ធិសម្រេចក្នុងគណៈកម្មការ ជ្រើសរើ​ស​មន្ត្រីថ្មី និ​ង​ដំឡើងតួនាទី ឋានន្តរ​ស័ក្ដិ  ​និងផ្តល់គ្រឿង​ឥស្សរិយ​យសជូនមន្រី្ត។

៣. រក្សាមុខតំណែងរបស់មន្ត្រីរាជការជាស្ត្រីដែលចូលនិវត្តន៍ទុកជូនមន្ត្រីរាជការជាស្ត្រីផ្សេងវិញ និង​បន្ត​បង្កើ​ន​ការតែងតាំងតំណែងជូនស្ត្រី។

៤.  ផ្តល់អាទិភាពដល់បេក្ខនារីនៅពេលតែងតាំង ក្នុងករណីសមត្ថភាពប្រហាក់ប្រហែលគ្នានឹងបុរស។

៥. ជំរុញការតែងតាំងក្នុងថ្នាក់ដឹកនាំជូនដល់មន្ត្រីរាជការជាស្ត្រី យ៉ាងតិច១រូប នៅក្នុងអគ្គលេខា ធិការ​ដ្ឋាន​/​​អង្គភា​ព​/​​អគ្គនាយកដ្ឋាន/នាយកដ្ឋាន/ការិយាល័យនីមួយៗ។

៦.  បន្តបង្កើនការផ្តល់វគ្គបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេសជូនមន្ត្រីរាជការ ជាពិសេស មន្ត្រីរាជការ ជាស្ត្រី  ដើម្បី​បង្កើន​សមត្ថ​ភាព និងចំណេះដឹងបន្ថែម។

៧. ផ្តល់ឱកាសដល់មន្ត្រីរាជការជាស្ត្រីទៅចូលរួមប្រឡងដើម្បីសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

៩. ជំរុញឱ្យស្ត្រីត្រូវចេះជួយការពារ និងលើកទឹកចិត្តស្ត្រីគ្នាឯង។

១០.ក្រុមការងារបញ្ជ្រាបយេនឌ័នៃទីស្តីការគណៈរដ្ឋមន្ត្រីត្រូវខិតខំសិក្សាស្រាវជ្រាវអំពីការវិវត្តន៍ថ្មីៗ ដែលទាក់​ទងនឹ​ង​​​​យេនឌ័រ ដើម្បីផ្សព្វផ្សាយដល់មន្ត្រី និងថ្នាក់ដឹក​នាំ​នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

១១.ឯកភាពឱ្យមានការជួបជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការជាស្ត្រីនៃ ទីស្តីការគណៈ​រដ្ឋមន្ត្រី យ៉ាងតិចឱ្យបាន១លើក ក្នុង១ឆ្នាំ។

១២.គាំទ្រឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលជាបុរស ចូលរួមកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះ បណ្តាល ពាក់​ព័ន្ធ​នឹងការងារយេនឌ័រ។

១៣.ឯកភាពឱ្យមានបទបញ្ជាផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការស្លៀកពាក់​របស់ មន្ត្រី​រាជ​ការ​ឱ្យបានសមរម្យនិងថ្លៃថ្នូរ ក្នុងម៉ោងធ្វើការ។

     មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព និងនាយកដ្ឋានទាំងអស់ដែលចំណុះ ទីស្តីការ​គណៈរដ្ឋ​មន្ត្រី សូមបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ និងខិតខំបំពេញការងារឱ្យកាន់តែមាន ប្រសិទ្ធភាព ព្រមទាំងគាំទ្រ ​និង​អនុវត្តន៍ផែនការយុទ្ធសាស្ត្របញ្រ្ចាបយេនឌ័រ​នៃទីស្តី​ការ​​គណៈ​រ​ដ្ឋ​មន្ត្រី ឆ្នាំ២០១៧-២០២០នេះ ឱ្យបាន​ប្រកប​ដោយផ្លែផ្កាតាមការ​រំពឹងទុក។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តម ​លោកជំទាវ​ លោក លោកស្រី និង​​ក្រុមការងា​របញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈ​រដ្ឋ​មន្ត្រីទាំងអស់ សូមទទួលបានជោគជ័យ គ្រប់ភារកិច្ច និង​ជួប​ប្រទះ​នូវពុទ្ធ​ពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសជាផ្លូវការ​ដាក់​ឱ្យ​​អនុវត្តន៍​នូវ​ផែនការ​បញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី២០១៧- ២០២០នេះ ជាផ្លូវការ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ