ប្រសាសន៍​សំខាន់ៗ​របស់​សម្តេ​ចតេជោ ហ៊ុន សែន ក្នុងពិធី​អញ្ជើញ​សម្ពោធសមិទ្ធផ​លនានា​នៅក្នុង​វត្តឈូកវ៉ា ទើបសាង​សង់រួច ដែល​ចំណាយ​ជាទឹក​ប្រាក់​ប្រមាណ​តម្លៃជាង​៩១ម៉ឺនដុល្លារ​អាមេរិក

116

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបនឹងសាងសង់រួច។

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីអារាមជាទីជម្រកដ៏កក់ក្តៅសម្រាប់លោកយាយ លោកតា ក៏ដូចជាយុវជនសិស្ស និស្សិតរបស់កម្ពុជា។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា អាណាចក្រ និងពុទ្ធចក្រមិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ ពោលបើអាណាចក្រដាក់ចេញនូវបន្ទាត់ដឹកនាំមិនបានត្រឹមត្រូវនោះ ផ្នែកពុទ្ធចក្រក៏នឹងត្រូវប៉ះពាល់ផងដែរ ដូចជាក្នុងរបបខ្មែរក្រហមទីអារាមត្រូវបាត់គេបំបាត់ចោល។

* សម្តេចតេជោ បានរំលឹកថា ពីឆ្នាំ១៩៧០ ដល់៧៥ ទីអារាមក្លាយជាមូលដ្ឋានរបស់កងទ័ព ហើយក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីអារាមត្រូវបានបំបាត់ចោល ហើយក៏ត្រូវបានយកធ្វើជាកន្លែងពិឃាតមនុស្សផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះប្រជាពុទ្ធបិរស័ទនៅទូទាំងប្រទេស ក៏ដូចជាចំណុះជើងវត្តនិងសប្បុរសជននានា ដែលបានរួមគ្នាបរិច្ចាគថវិកាកសាងសមិទ្ធផលនានានៅវត្តឈូកវ៉ា ដើម្បីតម្កល់ទុកជាទីគោរពបូជា។ សម្តេចតេជោ បានថ្លែងថា នៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានវត្តជាង៤ពាន់វត្ត។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ព្រះពុទ្ធសាសនា ក៏បានរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋខ្មែរចូលរួមគោរពនូវច្បាប់របស់រដ្ឋផងដែរ តាមរយៈព្រះពុទ្ធោវាទអប់រំណែនាំឲ្យព្រះពុទ្ធបរិស័ទប្រព្រឹត្ត និងធ្វើតែអំពើល្អ។

* ឆ្លៀតក្នុងពេលមកសម្ពោធសមិទ្ធផលក្នុងវត្តឈូកវ៉ា ដោយមើលឃើញពីការខ្វះខាតអគារសិក្សារបស់សិស្សានុសិស្សនៅសាលាជាស៊ីមឈូកវ៉ានោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ស្មើនឹង៣០បន្ទប់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបើកបេះដូងសម្រាប់ចរចាជានិច្ច ប៉ុន្តែមិនចរចាជាមួយអ្នកមានទោសក្បត់ជាតិនោះជាដាច់ខាត។

* សម្តេចតេជោ បានបញ្ជាក់ថា គ្មានការចរចាជាមួយអតីតមេបក្សប្រឆាំង ដែលកំពុងជាប់ទោសទណ្ឌនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការទៅអូស្ត្រាលីរបស់សម្តេច នៅអូស្ត្រាលីមិនមែនទៅចូលរួមចរចាជាមួយពួកក្បត់ជាតិនោះទេ គឺទៅដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បេះដូងសម្តេចជាងកន្លះជីវិតប្រើសម្រាប់តែចរចាមិនមែនប្រើសម្រាប់ច្បាំងនោះទេ រហូតបានក្លាយជាអ្នកឯកទេសក្នុងការចរចា។ ប៉ុន្តែសម្តេចមិនចរចាជាមួយក្រុមក្បត់ជាតិ ដែលជាអតីតមេដឹកនាំបក្សប្រឆាំងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានព្រលយថា អ្នកត្រូវបានកាត់សិទ្ធិធ្វើនយោបាយមិនទាន់មានច្បាប់ណា ដើម្បីលើកលែងនោះទេ ផ្ទុយពីអ្នកជាប់ទោសដែលមានច្បាប់អនុញ្ញាតឲ្យ នាយករដ្ឋមន្រ្តីសុំលើកលែងទោសក្រោយសាលក្រមចូលជាស្ថាពរ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗថា មិនចរចាជាមួយអ្នកទោសក្បត់ជាតិជាដាច់ខាត។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា អតីតមេដឹកនាំបក្សប្រឆាំងមួយចំនួន ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយ បានសរសេរលិខិតមកសម្តេចសុំការអនុគ្រោះ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់បរទេសដែលចង់អន្តរាគមន៍ជួយមេដឹកនាំអតីតមេបក្សប្រឆាំង ឲ្យមើលពីមូលហេតុនាំឲ្យមានរឿងនេះ ពោលក្រុមអតីតបក្សប្រឆាំងបានប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយអំពាវនាវឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាល និងឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មនៅគ្រប់ទីកន្លែង។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចគ្មានតម្លៃគ្រប់គ្រាន់ក្នុងការចរចាជាមួយអតីតមេដឹកនាំបក្សប្រឆាំងនោះឡើយ។ សម្តេចតេជោ បានបន្ថែមថា លោក សម រង្ស៊ី និងអតីតមេដឹកនាំប្រឆាំងបានធ្វើឲ្យសម្តេចឆ្អែតឆ្អន់គ្រប់គ្រាន់ហើយ។

* សម្តេចបានព្រលយទៀតថា ប្រសិនបើសម្តេចបានឃើញវីដេអូដែលក្រុមអតីតបក្សប្រឆាំងនិយាយពីផែនការផ្តាច់ព្រ័ត្រ នៃការផ្តួលរំលំរាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៣នោះ សម្តេចនឹងកម្ទេចអតីតក្រុមបក្សប្រឆាំងនេះចោលតែម្តង។

* បុរសខ្លាំងរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអតីតមេដឹកនាំបក្សប្រឆាំងកុំសង្ឃឹមថា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើកទី២នោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដុតរូបសម្តេចរបស់ខ្មែរនៅអូស្ត្រាលី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលសម្តេចមិនអាចជួបចរចាជាមួយអតីតមេដឹកនាំបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គ្មានប្រទេសណាមួយមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដែលជារដ្ឋឯករាជ្យ និងមានអធិបតេយ្យមួយនោះឡើយ។

* ជាថ្មីម្តងទៀតសម្តេចតេជោ បានបញ្ជាក់ថា សម្តេចផ្តល់កិត្តិយសទៅចូលរួមកិច្ចប្រជុំនៅអូស្ត្រាលី ព្រោះអូស្ត្រាលីធ្លាប់មកសុំសម្តេចជួយសម្របសម្រួល ដើម្បីបានចូលជាដៃគូជាមួយអាស៊ានតាំងពីឆ្នាំ២០០២មកម្ល៉េះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ ក៏គ្មានការសុំលើកលែងទោសនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៤២នាទីព្រឹកថ្ងៃច័ន្ទនេះ, អរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ ៕