សុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ
“ទីក្រុងស្អាតដើម្បីទាំងអស់គ្នា” និងពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី២ (សម្រាប់ឆ្នាំ២០១៨-២០២១)
សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
សូមគោរព៖
– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា-ណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
– សម្តេច ឯកឧត្ដម លោកជំទាវឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី!
– ឯកឧត្ដម លោកជំទាវ អគ្គរាជទូត អគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គសន្និបាត ជាទីគោរព និងជាទីមេត្រី!
ថ្ងៃនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងទេសចរណ៍ និងសមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល និងខ្លួនខ្ញុំបាទផ្ទាល់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា” និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ដ៏មានសារៈសំខាន់នេះ។
ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពរាយការណ៍ជូន សម្តេចតេជោ-នាយករដ្ឋមន្ត្រី និងអង្គសន្និបាតមេត្តាជ្រាបថា សន្និបាតលើកនេះ មានការចូលរួមពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកឯកជនពាក់ព័ន្ធ យុវជន អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ-អន្តរជាតិ និងអង្គទូតនានាសរុបប្រមាណ ១០០០នាក់។ ពិធីបើក
សន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហោ ណាំហុង ឧបនាយរដ្ឋមន្រ្តី ហើយអង្គសន្និបាតបានដំណើរការយ៉ាងសកម្មអស់រយៈ ០៣ពេល ចាប់ពីព្រឹកថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
អង្គសន្និបាតបានពិភាក្សាលើប្រធានបទមួយចំនួន ដែលពាក់ព័ន្ធនឹងចំណុចគន្លឹះសំខាន់ៗ ដូចខាងក្រោម៖
១. ការអភិវឌ្ឍផលិតផលទេសចរណ៍ ការជំរុញការវិនិយោគទេសចរណ៍ និងការផ្សព្វផ្សាយ
២. ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ពិសេសពិភាក្សា ស៊ីជម្រៅក្នុងការអនុវត្តសៀវភៅសស្តីពី China Ready និងប្រព័ន្ធបញ្ជាក់គុណភាព China Ready Accreditation System ដើម្បីត្រៀមទទួលទេសចរចិន ដែលកំពុងមានកំណើនខ្ពស់
៣. ការអភិវឌ្ឍធនធានមនុស្ស ពិសេសការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្លើយតបនឹង កិច្ចព្រមព្រៀងអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)
៤. ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ
៥. ការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ
៦. អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា”។
– សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
– សម្តេចឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទីមេត្រី!
ក្រោយពីបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នារួចមក ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពរាយការណ៍នូវលទ្ធផលអង្គសន្និបាត ដូចតទៅ៖
១. អង្គសន្និបាតរីករាយ ប្រកបដោយមោទនភាព និងសូមគាំទ្រយ៉ាងពេញ ទំហឹងចំពោះការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង នាំមកនូវសន្តិភាពជូនប្រទេស ជាតិ មាតុភូមិ និងប្រជាជន។ អង្គសន្និបាតសូមអបអរសាទរចំពោះការជ្រើសតាំង សម្តេចតេជោនាយករដ្ឋមន្ត្រី ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជា “មាសបៃតង”។
២. អង្គសន្និបាតបានឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្ដបន្ដឆ្នាំ២០១៨ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលធំៗដែលវិស័យទេសចរណ៍សម្រេចបាន និងអបអរសាទរចំពោះគម្រោងធំៗនានា ដូចជា គម្រោងពង្រីកកំពង់ផែទេសចរណ៍ ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ការកែលំអ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនៅរាជធានីភ្នំពេញ សៀមរាប ការសាងសង់អាគារអ្នកដំណើរថ្មីនៅច្រកទ្វារប៉ោយប៉ែតដែលកំពុងដំណើរការសាងសង់បច្ចុប្បន្ន និងការកសាង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវរថភ្លើង …។ល។
៣. អង្គសន្និបាតរីករាយ ដោយឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៥,៦លាននាក់ កើនឡើង ១១,៨% បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងតំណាងឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។
អង្គសន្និបាតឯកភាពគាំទ្រចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយម គឺកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,១លាននាក់ នៅឆ្នាំ២០១៨, ៧លាននាក់ នៅឆ្នាំ២០២០, ១១លាននាក់ នៅឆ្នាំ២០២៥ និង ១៥លាននាក់ នៅឆ្នាំ២០៣០ ព្រមជាមួយនឹងការរីកចំរើនខ្លាំងក្លានៃចលនាទេសចរក្នុងស្រុក។ កំណើនទេសចរណ៍នេះ នឹងបានចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ឈរលើទស្សនៈទាន “ទេសចរណ៍ជាមាសបៃតង” អង្គសន្និបាតបានទទួលស្គាល់កាល្លានុវត្តភាពថ្មីៗ ដែលកម្ពុជាអាចចាប់យកក្នុងបរិបទនៃការធ្វើសមាហរណ-កម្មតំបន់ និងសាកលភាវូបនីយកម្ម (Globalization) ពីព្រោះថា ផ្អែកលើស្ថានភាពភូមិសាស្រ្ត-នយោបាយ និងភូមិសាស្ត្រ-សេដ្ឋកិច្ចក្នុងពិភពលោក បានបង្ហាញឱ្យឃើញអំពីតួនាទីកាន់តែសំខាន់ឡើងរបស់ទ្វីបអាស៊ី ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចពិភពលោក។ ប្រការនេះ បានធ្វើឱ្យតំបន់អាស៊ី ពិសេសប្រទេសចិន ឥណ្ឌា កំពុងក្លាយទៅជាប្រភពទីផ្សារទេសចរណ៍ដ៏មានសក្តានុពល ដែលនឹងផ្តល់ “ឱកាសមាស” សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលនៃតំបន់ និងស្ថិតនៅជុំវិញដោយប្រទេសដែលមានចំនួនប្រជាជនច្រើន និងខណៈដែលអាស៊ានត្រូវបានមើលឃើញថាជាគោលដៅទេសចរណ៍ដែលបើកចំហរទូលាយ ធ្វើឱ្យអាស៊ានបានកំពុងក្លាយជាតំបន់មួយដែលកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគ និងទេសចរណ៍ដែលនឹងផ្តល់ឱកាសដល់កម្ពុជា ក្នុងការស្រូបយកភ្ញៀវទេសចរឱ្យមកទស្សនាកំសាន្ត កាន់តែច្រើនថែមទៀត ពិសេសទេសចរមកពីតំបន់អាស៊ាន (Intra – ASEAN Travelers) ស្របតាមយុទ្ធសាស្ត្រ “ASEAN for ASEAN” ទេសចរមកពីប្រទេស អាស៊ាន+៣ (ចិន ជប៉ុន កូរ៉េ) អាស៊ាន-ឥណ្ឌា ពិសេសប្រទេសចិន និងប្រទេសឥណ្ឌា ដែលជាប្រភពចំបងនៃទីផ្សារទេសចរណ៍អាស៊ាន។
៤. អង្គសន្និបាតក៏បានឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមនានា ដែលវិស័យទេស-ចរណ៍កម្ពុជាបាននិងកំពុងជួបប្រទះ។ អង្គសន្និបាតបានលើកឡើងអំពីភាពចាំបាច់នៃការបង្កើនឧត្តមភាពប្រៀបធៀប និងការប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ដោយបានលើកឡើងនូវគំនិតមួយចំនួន សំដៅបង្កើនភាពទាក់ទាញ និងផ្តល់បដិ-
សណ្ឋារកិច្ចល្អដល់ភ្ញៀវទេសចរ ក្នុងការមកទស្សនាកម្ពុជា ស្របតាមការទទួលស្គាល់ជាអន្តរជាតិ ដូចតទៅ៖
ទី១. អំពីការអភិវឌ្ឍផលិតផលទេសចរណ៍៖
– អង្គសន្និបាតគាំទ្រលើយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ពីតំបន់ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ តំបន់ជុំវិញសៀមរាប តំបន់ភ្នំពេញ ទៅកាន់តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ ដែលបាននិងកំពុងទាក់ទាញការវិនិយោគ ផលិតផលទេសចរណ៍ប្រកបដោយច្នៃប្រឌិត និងនិវានុវត្តភាពនាពេលបច្ចុប្បន្ន។
• តំបន់សៀមរាប-អង្គរ៖ អង្គសន្និបាតវាយតម្លៃខ្ពស់ចំពោះកំណើនទេសចរមកកាន់តំបន់សៀមរាប-អង្គរ និងគាំទ្រលើផែនការអភិវឌ្ឍទេសចរណ៍ប្រកប ដោយនិរន្តរភាពនៅតំបន់នេះ ទាំងនៅទីក្រុង ទាំងនៅតំបន់ប្រាសាទអង្គរ ដើម្បីត្រៀមទទួលទេសចរជាតិ អន្តរជាតិដែលកំពុងមានកំណើន។ អង្គសន្និបាតគាំទ្រឲ្យទីក្រុងសៀមរាប មានការរៀបចំបន្ថែមហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដូចជា ផ្លូវតូចៗ ការដាក់ភ្លើងបំភ្លឺផ្លូវឱ្យបានច្រើន ការរៀបចំចំណតរថយន្តធំៗ សណ្តាប់ធ្នាប់ ចរាចរសន្តិសុខ អានាម័យ និងភាពស្អាតក្នុងទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងបង្កើនសោភណ្ឌភាពទីក្រុង។ ទន្ទឹមនឹងនេះ អង្គសន្និបាតគាំទ្រនូវការអភិវឌ្ឍតំបន់អង្គរប្រកបដោយការប្រុងប្រយ័ត្ន និងចីរភាព ប៉ុន្តែសូមស្នើឱ្យមានការពិចារណាលើការបង្កើតព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍បន្ថែមទៀតនៅពេលរាត្រីក្នុងតំបន់អង្គរ។ អង្គសន្និបាតក៏បានស្នើឱ្យមានការខិតខំជំរុញពិពិធកម្មទេសចរណ៍ទៅកាន់តំបន់ជុំវិញ ដូចជា ទន្លេសាប ព្រែកទាល់ ភ្នំគូលេន ប្រាសាទព្រះវិហារ កោះកេរ បឹងមាលា តភ្ជាប់មកតំបន់បេតិកភណ្ឌសំបូរព្រៃគុក បង្កើតជាខ្សែទស្សនកិច្ចបេតិកភណ្ឌ (Heritage Network) ដើម្បីបង្កើនតម្លៃបន្ថែមនៃវិស័យទេសចរណ៍។
• តំបន់ភ្នំពេញ និងតំបន់ជុំវិញ៖ អង្គសន្និបាតវាយតម្លៃខ្ពស់ចំពោះកំណើននៃភ្ញៀវទេសចរមកកាន់តំបន់ភ្នំពេញ និងតំបន់ជុំវិញ។ ទន្ទឹមនឹងនេះ អង្គសន្និបាតស្នើឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត ពិសេសទេសចរណ៍ទីក្រុងផ្សារភ្ជាប់ជាមួយទេសចរណ៍តាមដងទន្លេមេគង្គ និងតំបន់ជុំវិញ។
• តំបន់ឆ្នេរសមុទ្រកម្ពុជា៖ អង្គសន្និបាតគាំទ្រចំណាត់ការរបស់គណៈកម្មា-ធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការរៀបចំផែនការជំរុញអភិវឌ្ឍតាមកោះ និងកែលំអការគ្រប់គ្រងឆ្នេរខ្សាច់ ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍មកកាន់តំបន់ឆ្នេរឱ្យបានកាន់តែច្រើនឡើង។ អង្គសន្និបាតអបអរសាទរ ចំពោះការរៀបចំឯកសារគតិយុត្តទ្រទ្រង់មួយចំនួន ជាអាទិ៍៖ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី “គោលការណ៍ណែនាំស្តីពីការអភិវឌ្ឍរមណីយដ្ឋានឆ្នេរ” ដោយក្នុងនោះ បានឯកភាពដាក់ចេញនូវការកំណត់ប្រភេទឆ្នេរនីមួយៗដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។ អង្គសន្និបាតស្នើរាជរដ្ឋាភិបាលបង្កើតសារៈមន្ទីរឆ្នេរសមុទ្រកម្ពុជា (Maison de la baie) ដូចបណ្តាឆ្នេរជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក។
• តំបន់អេកូទេសចរណ៍៖ អង្គសន្និបាតមានការកត់សំគាល់អំពីការរីកចំរើនជាបន្តបន្ទាប់នៃវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។ អង្គសន្និបាតគាំទ្ររាជរដ្ឋាភិបាលដែលបានបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានក្រសួងទេសចរណ៍ជាប្រធាន ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន។ អង្គសន្និបាតគាំទ្រការរៀបចំឯកសារបទដ្ឋានគតិយុត្តជាមូលដ្ឋាន រួមមាន៖ សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ សេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ សេចក្តីព្រាងគោលការណ៍ណែនាំអភិវឌ្ឍគម្រោងទេសចរណ៍ក្នុងតំបន់អភិរក្ស និងតំបន់ការពារ។ អង្គសន្និបាតសំណូមពរឱ្យមានការកំណត់តំបន់អេកូទេសចរណ៍ធំៗឱ្យបានរហ័ស។
អង្គសន្និបាតគាំទ្រឲ្យមានការបង្កើតតំបន់ទេសចរណ៍ពិសេស ដែលអាចអនុញ្ញាតឱ្យវិនិយោគិនទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងកិច្ចគាំពារបរិស្ថាន សង្គម និងក៏ដូចជាទាក់ទាញនូវទេសចរណ៍ប្រភេទផ្ទះទី២ មកកម្ពុជា។
អង្គសន្និបាតបានអបអរសាទរចំពោះព្រឹត្តិការណ៍បុណ្យទន្លេ បុណ្យសមុទ្រ និងព្រឹត្តិការណ៍កីឡាសំខាន់ៗ មានដូចជា៖ Angkor International Half Marathon, Ful Marathon, Ultra Trail ដែលពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការរីកចំរើន។ អង្គសន្និបាតគាំទ្រចំពោះគំនិតផ្តួចផ្តើមឱ្យមានការបង្កើតព្រឹត្តិការណ៍ កីឡាទេសចរណ៍ (Triathlon) នៅទីក្រុងកែបប្រចាំឆ្នាំ ហើយអង្គសន្និបាតក៏បានគាំទ្រ នូវគំនិតផ្តួចផ្តើមឱ្យមានការរៀបចំបុណ្យអេកូទេសចរណ៍ នៅតំបន់អេកូទេសចរណ៍ សំខាន់ៗផងដែរ។
អង្គសន្និបាតបានគាំទ្រឱ្យរួមគ្នា រៀបចំ និងផ្សព្វផ្សាយម្ហូបអាហារខ្មែរជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ក្នុងនោះ ស្នើបង្កើតឱ្យមានមហោស្របម្ហូបអាហារប្រចាំឆ្នាំ (Foods Festivel)។ អង្គសន្និបាតស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថានប័នពាក់ព័ន្ធ ជំរុញការត្រួតពិនិត្យគុណភាពម្ហូបអាហារឱ្យបានហ្មត់ចត់ ស្រាវជ្រាវម្ហូបអាហារដែលជាអត្តសញ្ញាណនៅតាមមូលដ្ឋានរបស់ខ្លួន ដោយគួររៀបចំឱ្យមានការលក់ដូរម្ហូបអាហារតាមដងផ្លូវ (Street Food) ឱ្យមានសណ្តាប់ធ្នាប់ អនាម័យល្អ ស្របតាមស្តង់ដា និងគោលការណ៍ទេសចរណ៍អាស៊ាន ព្រោះអាហារតាមដងផ្លូវជាអាហារកំពុងពេញនិយមរបស់ទេសចរ។
ទី២. អំពីគុណភាពសេវាកម្មទេសចរណ៍៖ អង្គសន្និបាតបានពិភាក្សាស៊ីជម្រៅស្តីពីការអនុវត្តសៀវភៅសស្តីពី China-Ready ហើយប្តេជ្ញាបន្តចូលរួម ក្នុងការវាយតម្លៃប្រព័ន្ធបញ្ជាក់គុណភាព (China Ready Accreditation System) ដើម្បីត្រៀមទទួលទេសចរចិនដែលកំពុងមានកំណើនខ្ពស់។ អង្គសន្និបាតបានឯកភាពចំពោះវឌ្ឍនភាពនៃការដាក់ចេញនូវយុទ្ធនាការ “សេវាមួយ ស្តង់ដាមួយ” ដែលជាការចាប់យកទស្សនៈទានថ្មីនៃទំនួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន (Corporate Social Responsibility-CSR)។ អង្គសន្និបាតគាំទ្រយន្តការជាកញ្ចប់របស់ក្រសួងទេសចរណ៍ក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយត្រូវគិតគូរលើការគ្រប់គ្រង (១). អាជ្ញាបណ្ណទេសចរណ៍ (២). ចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ និង (៣). ស្តង់ដាបៃតង។ អង្គសន្និបាតអបអរសាទរចំពោះក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានស្តង់ដាគុណភាពទេសចរណ៍ (ស្របតាមស្តង់ដាអាស៊ាន) ជាអាទិ៍ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ស្តង់ដាផ្ទះស្នាក់អាស៊ាន (ASEAN Green Home-Stay Standard) ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City Standard) ស្តង់ដាស្ប៉ាអាស៊ាន (ASEAN Spa & Wellness Standard) ស្តង់ដាបង្គន់សាធារណៈអាស៊ាន (ASEAN Public Toilet Standard) និងស្តង់ដាទេសចរណ៍សហគមន៍អាស៊ាន (ASEAN Community-based Tourism Standard) និងគោលការណ៍ណែនាំ (ASEAN Sustainable Tourism Award) ។ អង្គសន្និបាតបានអបអរសាទរ និងគាំទ្រចំពោះការរៀបចំឱ្យមានការប្រលងប្រណាំងភោជនីយដ្ឋាន រមណីយដ្ឋានគំរូប្រចាំឆ្នាំ និងអបអរសាទរចំពោះការបង្កើតស្តង់ដារបដិសណ្ឋារកិច្ចល្អ ស្តង់ដារធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍។
អង្គសន្និបាត មានការវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវស្តង់ដាបង្គន់
សាធារណៈកម្ពុជា និងស្នើឱ្យរៀបចំចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជាលើកទី១ ក្នុងឆ្នាំ២០១៨ ។
ទន្ទឹមនឹងនេះ អង្គសន្និបាតស្នើឱ្យមានការរៀបចំគោលនយោបាយហិរញ្ញប្ប-ទានទ្រទ្រង់គំរោងអាជីវកម្មទេសចរណ៍ខ្នាតតូចៗ និងសហគ្រាសធនតូច និងមធ្យម (SME’s) ក្នុងវិស័យទេសចរណ៍ និងបង្កើនសកម្មភាពបញ្ជ្រាបការយល់ដឹងជា
សាធារណៈឱ្យកាន់តែទូលំទូលាយថែមទៀត ដោយគាំទ្រឱ្យបង្កើតមូលនិធិទ្រទ្រង់គុណភាពទេសចរណ៍កម្ពុជា។ អង្គសន្និបាតគាំទ្រសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការគ្រប់គ្រង និងការចាត់ចែង “មូលនិធិទ្រទ្រង់ និងអភិវឌ្ឍគុណភាពសេវាកម្មទេសចរណ៍” និងការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការទ្រទ្រង់ និងអភិវឌ្ឍគុណភាពសេវាកម្មទេសចរណ៍។
ទី៣. ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍៖ អង្គសន្និបាតបានប្រមូលផ្តុំយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស “បុគ្គលិកម្នាក់ ជំនាញមួយ” ក្នុងវិស័យទេសចរណ៍ (ទាំងផ្នែកសាធារណៈ និងឯកជន) សំដៅជំរុញឱ្យអ្នកជំនាញទេសចរណ៍ទាំងអស់ មានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន (៥០% នៅឆ្នាំ២០២០ និង ១០០% នៅឆ្នាំ២០២៥)។
ពាក់ព័ន្ធមគ្គុទ្ទេសក៍ទេសចរណ៍៖ អង្គសន្និបាតអបអរសាទរលើវឌ្ឍនភាពនៃការអនុវត្តឯកសារយុទ្ធសាស្ត្រស្តីពី “ការបណ្តុះបណ្តាល និងគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ២០១៥-២០២០” និងបានអបអរសាទរលើការរៀបចំប្រព័ន្ធចុះបញ្ជីមគ្គុទ្ទេសក៍ទេសចរណ៍តាមប្រព័ន្ធអនឡាញ។ អង្គសន្និបាតអបអរសាទរចំពោះការធ្វើកំណែទម្រង់ស៊ីជម្រៅលើការប្រឡងជ្រើសរើសបេក្ខជនចូលរៀនវគ្គមគ្គុទ្ទេសក៍ទេសចរណ៍។
ទី៤. ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍៖ អង្គសន្និបាតសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងផ្នែកឯកជន ក្នុងការជំរុញសកម្មភាពឃោសនាផ្សព្វផ្សាយទេសចរណ៍ “កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” ពិសេសអបអរសាទរចំពោះជោគជ័យនៃការរៀបចំ ព្រឹត្តិការណ៍ពិពរណ៍ទេសចរណ៍កម្ពុជា (Cambodia Travel Mart-CTM 2017) នៅសៀមរាបកន្លងមក ហើយគាំទ្រឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ អន្តរជាតិ CTM នេះ ជារៀងរាល់ឆ្នាំ។
អង្គសន្និបាតស្នើឱ្យផ្នែកឯកជនលើកកម្ពស់ស្មារតី និងបង្កើនការទទួលខុសត្រូវចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ឆ្ពោះទៅកាន់ទីផ្សារយុទ្ធសាស្រ្តធំៗ ពិសេស យកចិត្តទុកដាក់ដល់ទីផ្សារទេសចរណ៍ដែលមានស្រាប់ (ដូចជា ទីផ្សារអាស៊ាន អាស៊ានបូកបី ទីផ្សារអឺរ៉ុប អាមេរិក មជ្ឈឹមបូព៌ា) និងទីផ្សារទេសចរណ៍លេចធ្លោ ដូចជាទីផ្សារចិន និងឥណ្ឌា។ អង្គសន្និបាតគាំទ្រលើសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ទី៥. ការផ្សព្វផ្សាយ និងជំរុញចលនាទេសចរណ៍ក្នុងស្រុក៖ អង្គសន្និបាតបានឯកភាពគាំទ្រចំពោះការផ្សព្វផ្សាយ និងជំរុញចលនាទេសចរណ៍ក្នុងស្រុក និងគាំទ្រលើកំណែទម្រង់របស់ក្រសួងទេសចរណ៍ក្នុងការបង្កើតឱ្យមានការីទេសចរណ៍ក្នុងស្រុក និងការរៀបចំឱ្យមានកម្មវិធីដំណើរកម្សាន្តក្នុងស្រុកដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិក កម្មករ ហើយគាំទ្រលើគំនិតផ្តួតផ្តើមបង្កើតឱ្យមានសេចក្តីព្រាងគោល-នយោបាយជាតិជំរុញទេសចរណ៍ក្នុងស្រុក២០១៨-២០៣០។ អង្គសន្និបាតគាំទ្រចំពោះការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍបញ្ជរពត៌មានទេសចរណ៍នៅគ្រប់រាជធានី-ខេត្ត។
ទី៦. ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ អង្គសន្និបាតប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយពិភពលោក និងតំបន់ ក្នុងក្របខណ្ឌអង្គការទេស-ចរណ៍ពិភពលោក (UNWTO), PATA, ASEAN, Mekong-Japan, Mekong-Ganga, Mekong-Langcang, និងក្របខណ្ឌពហុភាគី ទ្វេភាគី ។ល។
ទី៧. ការជំរុញការតភ្ជាប់ (Connectivity) និងសម្រួលការធ្វើដំណើរ
ទេសចរណ៍៖ អង្គសន្និបាតសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់
គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ដែលរួមមាន សមត្ថកិច្ចអន្តោរប្រវេសន៍ គយ ផ្នែកដឹកជញ្ជូន ផ្នែកចត្តាលីស័ក និងផ្នែកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ធ្វើការសម្របសម្រួល និងបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឱ្យការដឹកជញ្ជូន និងការធ្វើដំណើរទេសចរណ៍បានប្រព្រឹត្តទៅដោយងាយស្រួលនៅតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
អង្គសន្និបាតក៏បានស្នើសុំការពិចារណាក្នុងការជំរុញឱ្យមានការវិនិយោគរៀបចំស្ថានីយសំចត (Road Station) នៅតាមបណ្តាផ្លូវសំខាន់ៗដើម្បីសម្រួលការសំចតរបស់អ្នកដំណើរ និងភ្ញៀវទេសចរ។ អង្គសន្និបាតអបអរសាទរ និងគាំទ្រចំពោះការរៀបចំឲ្យមានជំនួបពិភាក្សាគ្នារវាងក្រសួងទេសចរណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងផ្នែកឯកជនឱ្យបានរហ័ស ស្តីពីការដោះស្រាយរបាំងមិនចាំបាច់នានាដែលពាក់ព័ន្ធនឹងការសម្រួលដការធ្វើដំណើរ ដូចជាបែបបទធានារ៉ាប់រង និមុត្តធានា ។ល។ អង្គសន្និបាតគាំទ្រជម្រុញ លើកទឹកចិត្ត ប្រភេទទេសចរបើកបរដោយខ្លួនឯង (Self Driving) ស្របតាមយុទ្ធសាស្ត្រ ASEAN for ASEAN។
អង្គសន្និបាតស្នើឱ្យមានការតភ្ជាប់ការហោះហើរបន្ថែមទៀតក្នុងតំបន់ ពិសេសការតភ្ជាប់ជាមួយប្រទេសឥណ្ឌនេស៊ី (កោះបាលី) និងភ្ជាប់ជាមួយប្រទេសឥណ្ឌា អូស្ត្រាលី និងអឺរ៉ុប។
ពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ចល្អ៖ អង្គសន្និបាតបានគាំទ្រលើការដាក់ចេញនូវចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ជារបៀបវារៈជាតិ (National Agenda) ឆ្ពោះទៅឆ្នាំ២០៣០ ដែលជាការចូលរួមដល់ការជំរុញ និងលើកកម្ពស់ការផ្តល់
សេវាប្រកបដោយភាពញញឹម រួសរាយរាក់ទាក់ និងកក់ក្តៅដល់ភ្ញៀវទេសចរ និងគោរពស្នើសុំឱ្យមានរង្វាន់ពិសេសប្រសិទ្ធនាម “រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់បដិសណ្ឋារកិច្ចល្អ” ដល់បេក្ខភាពដែលទទួលបានស្នាមញញឹមកម្រិតខ្ពស់។ អង្គសន្និបាតបានវាយតំលៃខ្ពស់ និងអរគុណប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានជួយផលិតកម្មវិធីទេសចរណ៍ និងជួយផ្សព្វផ្សាយស្ប៉ត ឯកសារ និងបទចំរៀងទេសចរណ៍នានា ឯកសារចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។
– សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
– សម្តេចឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទីមេត្រី!
ពាក់ព័ន្ធនឹងការងារទីក្រុងស្អាត៖ ជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់កម្ពុជា អង្គសន្និបាតបានអបអរសាទរទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ រួមមាន ទីក្រុងបាត់ដំបង ទីក្រុងកែប និងទីក្រុងសៀមរាប បានទទួលជ័យលាភីទីក្រុងទេស-ចរណ៍ស្អាតអាស៊ានលើកទី១ នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅនាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ កន្លងមក។
អង្គសន្និបាតក៏បានអបអរសាទរក្រុង/ខណ្ឌ ៣៨ ដែលទទួលបានជ័យលាភីទីក្រុងស្អាតលើកទី២ សុពលភាព ២០១៨-២០២១។
ព្រឹកម៉ិញនេះ អង្គសន្និបាតបានប្រកាសលទ្ធផលនៃការប្រឡងប្រណាំង
ទីក្រុងស្អាតលើកទី២ ដូចខាងក្រោម៖
ក. ផ្ការំដួល ៣ទង មាន ០៧៖ ០៦ក្រុង និង ០១ខណ្ឌ (កើនឡើងចំនួន ០២ ធៀបនឹងលើកទី១) ក្នុងនោះ៖
ក្រុង ០៤នៅរក្សាបានផ្ការំដួល ៣ទង (ដោយមានពិន្ទុកើនឡើង)៖
-ក្រុងបាត់ដំបង -ក្រុងកែប -ក្រុងកំពត -ក្រុងសៀមរាប
ខណ្ឌចំនួន ០១ នៅរក្សាផ្ការំដួល ៣ទង (តែពិន្ទុនៅដដែល)៖
-ខណ្ឌដូនពេញ
ចំពោះជ័យលាភីថ្មីដែលទទួលបានផ្ការំដួល ៣ទង មាន ០២៖
-ក្រុងកំពង់ចាម -ក្រុងព្រះសីហនុ
ខ. ផ្ការំដួល ២ទង មាន ១៧៖ ១៤ក្រុង និង ០៣ខណ្ឌ (កើនឡើង ០៥ធៀបនឹងលើកទី១) ក្នុងនោះ៖
ក្រុង ០៤ និងខណ្ឌ ០១ នៅរក្សាបានផ្ការំដួល ២ទង (ដោយមានពិន្ទុកើនឡើង)
-ក្រុងពោធិ៍សាត់ -ក្រុងតាខ្មៅ -ខណ្ឌទួលគោក
-ក្រុងដូនកែវ -ក្រុងក្រចេះ
ក្រុង ០១ នៅរក្សាផ្ការំដួល ២ទង តែពិន្ទុនៅដដែល៖
-ក្រុងកំពង់ឆ្នាំង
ក្រុង ០៣ និងខណ្ឌ ០១ នៅរក្សាផ្ការំដួល ០២ទង (ប៉ុន្តែពិន្ទុថយចុះ)៖
-ក្រុងស្ទឹងសែន -ខណ្ឌចំការមន -ក្រុងព្រៃវែង -ក្រុងសិរីសោភ័ណ
រីឯជ័យលាភីថ្មីដែលទទួលបានផ្ការំដួល ០២ទង មាន ០៧៖ ក្រុង ០៦ និងខណ្ឌ ០១៖
– ក្រុងសំរោង -ក្រុងបានលុង -ក្រុងសែនមនោរម្យ
– ក្រុងស្វាយរៀង – ខណ្ឌ៧មករា – ក្រុងប៉ោយប៉ែត
– ក្រុងខេមរភូមិន្ទ
គ. ផ្ការំដួល ១ទង មាន ១៤៖ ០៦ក្រុង និង ០៨ខណ្ឌ (ថយចុះចំនួន ០៣ ធៀបនឹងលើកទី១) ក្នុងនោះ៖
ក្រុង ០៣ នៅរក្សាបានផ្ការំដួល ១ទង (ដោយមានពិន្ទុកើនឡើង)៖
– ក្រុងស្ទឹងត្រែង – ក្រុងច្បារមន – ក្រុងបាវិត
រីឯជ័យលាភីថ្មី (បេក្ខភាពចាស់) ពីមុនគ្មានចំណាត់ថ្នាក់ផ្ការំដួល មកទទួលបានផ្ការំដួល ១ទង មាន ០១ក្រុង៖
– ក្រុងសួង
ជ័យលាភីថ្មី (បេក្ខភាពថ្មី) ដែលទទួលបានផ្ការំដួល ១ទង មាន ០៣ខណ្ឌ (ខណ្ឌថ្មី)៖
– ខណ្ឌព្រែកព្នៅ – ខណ្ឌច្បារអំពៅ – ខណ្ឌជ្រោយចង្វារ
ក្រុង ០២ និងខណ្ឌ ០៥ នៅរក្សាបានផ្ការំដួល ១ទង (តែពិន្ទុថយចុះ)៖
– ក្រុងប៉ៃលិន – ក្រុងព្រះវិហារ – ខណ្ឌពោធិ៍សែនជ័យ
– ខណ្ឌមានជ័យ – ខណ្ឌដង្កោ – ខណ្ឌសែនសុខ
– ខណ្ឌឬស្សីកែវ
ជារួម សម្រាប់ជ័យលាភីទីក្រុងស្អាតលើកទី២នេះ មិនមានក្រុង/ខណ្ឌ បេក្ខភាពណាមិនបានជ័យលាភីផ្ការំដួលទេ ប៉ុន្តែប្រការគួរឱ្យកត់សំគាល់ មាន ក្រុងខណ្ឌបេក្ខភាពខ្លះរក្សាបានចំណាត់ថ្នាក់ផ្ការំដួល ប៉ុន្តែពិន្ទុកើនឡើង ហើយ ក្រុងខណ្ឌខ្លះទៀតរក្សាបានចំណាត់ថ្នាក់ តែពិន្ទុថយចុះ។
–
ជារួម អង្គសន្និបាតទាំងមូលសូមសំដែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគិតគូរជាប់ជាប្រចាំដល់ជីវភាពនិងសុខទុក្ខមន្រ្តីរាជការ បានដំឡើងប្រាក់បៀវត្សរ៍ និងរៀបចំគោលនយោបាយនានា ព្រមទាំងខិតខំប្រឹងប្រែងយកអស់ស្មារតី កំលាំងកាយចិត្ត មិនខ្លាចនឿយហត់ ប្រកបដោយឆន្ទៈនយោបាយមោះមុត ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពជូនប្រទេសជាតិ និងប្រជាជន ដែលនេះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ អង្គសន្និបាតមានជំនឿជឿជាក់យ៉ាងរឹងមាំ និងកក់ក្តៅបំផុតចំពោះការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលបានជាប្រយោជន៍សំខាន់ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយឈរលើទស្សនៈទានជំរុញកំណើន និងនិរន្តរភាព។
អង្គសន្និបាតសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានអនុញ្ញាត ឱ្យក្រសួងទេសចរណ៍ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ASEAN Tourism Forum-ATF 2021) ដែលយើងទាំងអស់គ្នាប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង សេវាប្រកបដោយគុណភាពខ្ពស់ និងផ្តល់បដិសណ្ឋារកិច្ចល្អដល់ភ្ញៀវទេសចរ សំដៅចូលរួមអបអរ សាទរ ATF 2021 និងព្រឹត្តិការណ៍កីឡា SEA Games 2023។
ឆ្លៀតឱកាសនេះ តាងនាមអង្គសន្និបាតទាំងមូល និងខ្ញុំបាទផ្ទាល់ ខ្ញុំសូម
គោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កំលាំងខ្លាំងក្លា ដើម្បីបន្តដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ឆ្ពោះទៅកាន់ភាពសំបូររុងរឿង និងសុភមង្គលរបស់ប្រជាពលរដ្ឋ។
ដើម្បីបានជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងជាមូលដ្ឋានត្រីវិស័យក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ខ្ញុំបាទក្នុងនាមអង្គសន្និបាតទាំងមូលសូមគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាថ្លែងសុន្ទរកថាបិទអង្គសន្និបាត និងមេត្តាផ្តល់អនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់។
សូមគោរពអញ្ជើញ!