សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាង​សង់ស្ពានឆ្លងទន្លេមេគង្គ​ថ្មីតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ

នៅព្រឹក​ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការ​ដ្ឋាន​សាងសង់ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ថ្មីមួយ​ទៀត​តភ្ជាប់​ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់​ទឹកដី នៃខេត្តត្បូងឃ្មុំ ដែលស្ពាន​នេះ​មាន​ឈ្មោះថា «ស្ពានមិត្តភាព​កម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្នារ»។ ស្ពាន​ដែលត្រូវ​សាងស​ង់​នេះគឺចាប់​ផ្តើម​ពី​ត្រើយ​ខាងលិ​ច ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំព្រែកកក់ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ឆ្លង​កាត់​ទន្លេ​មេគង្គ ទៅត្រើយ​ខាងកើត ស្ថិតនៅ​ភូមិក្តុល​លើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្ពាននេះមានប្រ​វែង​សរុប ១,១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក។ ដែល​ត្រូវចំណាយ​គ្រោង​ចំណា​យថវិកា ចំនួន ៥៦, ៩៩៨ លាន​ដុល្លារ​អាមេរិក ជាហិរញ្ញ​ប្បទាន​សម្បទាន​ពីរដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកា​បដិភាគ របស់រាជរដ្ឋា​ភិបាលកម្ពុជា សម្រាប់ដោះ​ស្រាយ​ផល​ប៉ះពាល់ និងបោស​សំអាត​យុទ្ធភ័ណ្ឌមិ​នទាន់ផ្ទុះ។

សម្តេចតេជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្តីរីករាយ និងមាន​មោទ​នភាព​ចំពោះ​សមិទ្ធ​ផល​ស្ពាន​ថ្មីមួយ​នេះ ដែល​កើតមាន​ឡើង​ក្នុងស្រុក​កំណើត របស់សម្តេចផ្ទាល់ និងជាជំនួយរ​បស់​មិត្តចិន។ ការសាងសង់ស្ពាន​មិត្តភាព​កម្ពុជា-ចិនស្ទឹងត្រង់ក្រូចឆ្នារនេះ គឺស្ពានទី​៨ហើយដែល​កន្លងមក​មិត្តចិន​បានជួយសា​ងសង់​ស្ពាន នៅ​កម្ពុជា​ចំនួន​៧រួច ហើយ​ដូចជា​ស្ពានកោះធំ​ នៅខេត្តកណ្តាល ស្ពានជ្រោយ​ចង្វា២ ស្ពានសេ​កុង​ខេត្តស្ទឹងត្រែង ស្ពាន​ព្រែកក្តាម ស្ពានព្រែ​តាម៉ាក់ ស្ពាន​មេគង្គ​ស្ទឹងត្រែង និងស្ពាន​ព្រែក​សំរោងក្រុង​តាខ្មៅ។ ហើយស្ពានដែល​កំពុង​បើក​ការ​ដ្ឋាន​នេះ មិនមែន​ជាស្ពាន​​ចុង​ក្រោយ​ទេ រាជ​រដ្ឋា​ភិបាលត្រូវការស្ពានឆ្លង​កាត់ទន្លេចំ​នួន៣ទៀតយ៉ាងតិច ក្នុងតំណាក់កាល​ដែលកំពុងអភិវឌ្ឍន៍ ទី១) ស្ពានឆ្លងកាត់​ទន្លេមេគង្គទីរូមខេត្តក្រចេះ ទី២) ឆ្លងកាត់ទន្លមេគង្គជ្រោយចង្វា-ស្វាយ​ជ្រំ-អរិយក្សត្រ ទី៣) ស្ពាន​​ទន្លេ​​មេ​គង្គ​ក្រោមក្តីតា​កុយ-អរិយក្សត្រ សំរាប់បំរើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណចពោះ​រដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែ​ជួយ​​មកដល់​ប្រទេសកម្ពុជា ក្នុងការ​កសាង​​នូវហេដ្ឋារ​ចនាសម្ព័ន្ធ និងវិស័យផ្សេៗទៀតនៅក្នុងប្រទេសកម្ពុជា។ ទំនាក់ទំនង​ជាមិត្តភាព រវាង​កម្ពុជា និងចិន កាន់តែមាន​ភាព​​ជិត​ស្និទ្ធិ និងរឹងម៉ាំ​ទ្វេឡើង។ នៅឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាបានទទួល​​ភ្ញៀវទេសច​រណ៍​​ចិនមាន​ប្រ​មាណ១លាន ២សែន​នាក់ ហើយ​នឹង​​អាច​ទទួល​បាន​បានភ្ញៀវ​ទេសចរណ៍​ចិន២លា​ននាក់ក្នុងឆ្នាំនេះ ផងដែរ។

សម្តេច​តេជោ បានមានប្រសាសន៍​បញ្ជាក់ថាប្រជាពលរដ្ឋ​នៅទីនេះពិត​ជាមាន​ការលំបាក​ក្នុងការ​រស់នៅនៅពេល​ដែលមិនទាន់​មានស្ពាន ពីព្រោះពេលដែល​គាត់ត្រូវឆ្លង​កាត់នៅ​ត្រើយម្ខាង គឺត្រូវឆ្លង​សាឡាង និងត្រូវចំ​ណាយ​លុយ​កាក់យ៉ាង​ច្រើន​ផងដែរ។ ក៏ប៉ុន្តែនៅពេល​ដែល​ពួក​គាត់ទទួល​បានស្ពាន​ថ្មីនេះគឺពួក​គាត់​នឹងមាន​ភាពងាយ​ស្រួលក្នុង​ការ​ធ្វើដំណើរ ការដឹងជញ្ជូន​ទំនិញ​កសិផល និងការ​ទំនាក់ទំនងគ្នាកាន់តែមាន​ភាពល្អប្រសើរឡើង។ ទន្ទឹមនឹងការទទួល​បាននូវ​សមិទ្ធផ​លស្ពាន និងផ្លូវល្អ​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន បានអំពាវនាវ​អោយ​ប្រជាពលរ​ដ្ឋទាំងអស់ចូ​លរួម​គោរព​ច្បាប់​ចរាចរណ៍ បើកបរដោយ មានការ​ប្រុងប្រយ័ត្ន ជាពិសេស​ពេលស្រវឹងកុំបើកបរ។

មុននឹង​បញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បង​ប្អូនប្រជាពលរដ្ឋទាំងអស់ សូម ទទួលបាននូវ​សេចក្តីសុខចម្រើនគ្រប់ៗគ្នា ហើយបន្ទាប់មក សម្តេចតេជោ បានអញ្ជើញ​ចុច​ប៊ូតុង និងបញ្ជា​គ្រឿងចក្រ​ជានិមិត្ត​រូបបើកការដ្ឋាន​សាងសង់​ស្ពានមិត្តភាព​កម្ពុជា-ចិនស្ទឹងត្រង់​ក្រូចឆ្នារ ចាប់ពីថ្ងៃ​នេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ