មេដឹកនាំកម្ពុជា និងវៀតណាម ជួបពិភាក្សាទ្វេភាគីដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ពិសេសលើការបោះបង្គោលព្រំដែន

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសនៃការស្នាក់នៅក្នុងទីក្រុងញ៉ូវដែល្លី ប្រទេស ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងអញ្ជើញបំពេញទស្សន កិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌារយៈពេល៥ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គម និយមវៀតណាម បានអញ្ជើញពិភាក្សាការងារ និងពិសារអាហារពេលព្រឹករួមគ្នា។

នៅក្នុងពិធីពិសារអាហារការងារពេលព្រឹកនេះ ឯកឧត្តម ង្វៀន សួនហ្វុក បានមានប្រសាសន៍សំដែង នូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ កម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដែលជាកិច្ច ប្រជុំដ៏មានសារៈសំខាន់។ ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចមានការរីករាយយ៉ាងខ្លាំង ក្នុងការធ្វើទំនាក់ទំនង ជាមួយឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម ក្នុងការបម្រើ ឱ្យផលប្រយោជន៍នៃប្រទេស និងប្រជាពលរដ្ឋទាំងពីរកម្ពុជា-វៀតណាម។

ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំទ្វេឡើង ពិសេសការខិតខំរួមគ្នាក្នុងជំរុញកំណើន នៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់ខែខ្ពស់ថែមទៀត។ ជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញគណៈកម្មាធិការព្រំដែន ធ្វើការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរឲ្យហើយរួចរាល់នាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនគោកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច។

ក្នុងជំនួបគ្នានោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ