កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្វពិធីបើកជាផ្លូវការហើយ កាលពីរៀលថ្ងៃទី២៥ មករា នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា។ ប្រមុខរដ្ឋប្រមុខរដ្ឋា ភិបាល នៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ក្រោមវត្តមាន នៃការធ្វើគារវកិច្ចពី ឯកឧត្តម រ៉ាំ ណាតកូវីន ប្រធានាធិបតី នៃសាធារណរដ្ខឥណ្ឌា និងលោកជំទាវ ឯកឧត្តម វេនកាយអាស ណៃឌូ អនុប្រធានាធិបតី និងលោកជំទាវ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា។ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្វធ្វើឡើង ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មាន សារសំខាន់នោះ មេដឹកនាំអាស៊ាន-ឥណ្ឌា បានប្តេជ្ញាក្នុងការបន្តខិតខំប្រឹងប្រែ និងសហការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) ឲ្យបានពេញលេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ មេដឹកនាំទាំងអស់ក៏បានបន្តគាំទ្រ និងចូលរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីពីសារសំខាន់នៃការថែរក្សា និងលើក កម្ពស់សន្តិភាព ស្ថិរភាព សុវត្តិភាព និងសន្តិសុខលំហរសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុង តំបន់ និងការប្រើប្រាស់ដែនសមុទ្រស្របច្បាប់ដទៃទៀត និងការធ្វើពាណិជ្ជកម្មក្នុងលំហរសមុទ្រដោយមិនមានការរារាំង ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី នៃជម្លោះ ស្របតាមគោលការណ៍ទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ទីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) និងស្តង់ដារពាក់ព័ន្ធនឹងការអនុវត្តដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)និងអង្គការលំហរសមុទ្រអន្តរជាតិ(IMO)។ ពង្រឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រ តាមរយៈយន្តការដែលមានស្រាប់ រួមទាំងវេទិកាទូលំទូលាយ ស្តីពីលំហរសមុទ្រអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនានា ពាក់ព័ន្ធនឹងបញ្ហាលំហរសមុទ្រ។ ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មគ្រប់ទម្រង់និងរូបភាព អំពើហឹង្សាជ្រុលនិយម និងរ៉ាឌីកាល់និយម តាមរយៈ ការចែករំលែកព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា លើការកសាងសមត្ថភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត និងការសម្របសម្រួលគោលនយោបាយ។ បង្កើនទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា បន្ថែមទៀត រួមទាំងការប្រើប្រាស់ ឲ្យបានពេញលេញ នូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា និងរងចាំការបញ្ចប់ឲ្យបានឆាប់ នូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ដែលទំនើបគ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ទៅវិញទៅមក។ ជំរុញថែមទៀត នូវកំណើនប្រកបដោយស្ថិរភាព និងចីរភាព សម្រាប់សហគ្រាសមីក្រូតូច និងមធ្យម តាមរយៈការផ្ទេរបច្ចេកវិទ្យា ការផ្សព្វផ្សាយ ការទទួលយក និងការសម្របខ្លួន ក៏ដូចជាការពង្រឹងការកសាងសមត្ថភាពជំនួញផ្នែកបច្ចេកទេស បណ្តាញចែកចាយ បរិក្ខារហិរញ្ញវត្ថុ ការទទួលបាននូវនវានុវត្តន៍ និងកាលានុវត្តភាព ដើម្បីធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់តម្លៃសកលលោកនិងតំបន់។ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខស្បៀងរយៈពេលវែង និងសន្តិសុខថាមពលក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងថាមពល។ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ បន្តពង្រឹងទំនាក់ទំនងលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទៅតាមផ្នែកពាក់ព័ន្ធ ស្របជាមួយ និងផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៦-២០២៥។ បន្តលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន និងពង្រឹងទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច តាមរយៈក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា និងលើកទឹកចិត្តដល់ព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផល និងសវាកម្មរបស់អាស៊ាន និងឥណ្ឌា ដើម្បីពង្រីកនិងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច។ យើងក៏រងចាំផងដែរនូវ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-ឥណ្ឌា។ ពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងវប្បធម៌ តាមរយៈការលើកម្ពស់វិស័យបវ្បធម៌ និងការលើកកម្ពស់រវាងប្រជាជន និងប្រជាជន តាមរយៈកម្មវិធីដូចជា កិច្ចសន្ទនាដែល បណ្តាញក្រុមអ្នកវិភាគអាស៊ាន-ឥណ្ឌា កម្រងបទឧទ្ទេសនាមរបស់ឥស្សរជនឆ្នើមអាស៊ាន វគ្គបណ្តុះបណ្តាលមន្រ្តីការទូត ក៏ដូចជាកម្មវិធីផ្លាស់ប្តូរសម្រាប់និស្សិត សមាជិកសភា កសិករ ប្រព័ន្ធឃោសនា និងកម្មវិធីយុវជនផ្សេងៗទៀត។ ពង្រឹងកិច្វសហប្រតិបតិ្តការអាស៊ាន-ឥណ្ឌា ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ រួមមាន ការគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបតែមួយ : អាស៊ានឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយទាំងក្នុងតំបន់ និងក្រៅតំបន់ ហើយបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូឥណ្ឌា ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងការសម្របសម្រួលលើការគ្រប់គ្រងគ្រោះ មហន្តរាយក្នុងតំបន់។ លើកកម្ពស់កិច្ចសន្ទនារវាងមន្រ្តីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់អាស៊ាន និងឥណ្ឌា ដើម្បីលើកម្ពស់ និងកាពារសិទ្ធិ ក៏ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងកុមារ និងលុបបំបាត់រាល់ទម្រង់នៃអំពើហឹង្សាលើពួកគេ។ បង្កើនកិច្ចសហប្រតិបត្តិការអភិរក្សា និងគ្រប់គ្រងជីវៈចម្រុះ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការធ្វើសកម្មភាពស្រាវជ្រាវរួម និងកម្មវិធីកសាងសមត្ថភាពដើម្បីដោះស្រាយការបាត់បង់នូវជីវៈចម្រុះ និងការសឹករេចរិលនៃប្រព័ន្ធអេកូឡូស៊ី រួមទាំងគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ជីវៈចម្រុះ។
បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ការបង្កើនការតភ្ជាប់រូបវន្ត និងឌីជីថល ស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពីបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់ឥណទាន ១ប៊ីលានដុល្លាអាមេរិក ដែលឥណ្ឌាបានប្រកាសដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត និងឌីជីថល។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន តាមរយៈការអនុវត្តផែនការ ការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។
ថ្លែងទៅកាន់បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សមិទ្ធផលដែលបានឡើងក្នុងរយៈពេល២៥ឆ្នាំកន្លងមក ជាមោទនភាពមួយសម្រាប់រូបសម្តេច ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណៈដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានស្នើឲ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការពិចារណាកំណត់នូវទិសដៅអនាគត លើការងារសំខាន់ៗចំនួន៦ ដែលជាទិសដៅ និងជាចក្ខុវិស័យដ៏ត្រចះត្រចង់ នៃ ទំនាក់ទំនងអាស៊ាន-ឥណ្ឌា។
សម្តេចតេជោ ក៏បានថ្លែងដែរថា កម្ពុជាគាំទ្រ និងបន្តចូលរួម ក្នុងសកម្មភាពនានា និងតាមរយៈយន្តការនានា ដែលមានស្រាប់នាំមុខដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រ ក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិង ចោរកម្មនៅក្នុងលំហសមុទ្រ។
ជាមួយគ្នានេះកម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលំហសមុទ្រ រវាងប្រទេសសមាជិកអាស៊ាននិងដៃគូសន្ទនា ក្នុងន័យបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា មេដឹកនាំអាស៊ាន-ឥណ្ឌា បានឈានទៅចេញសេចក្តីថ្លែងការណ៍ដែល្លី នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ឥណ្ឌា។