
ក្នុងន័យនេះ សម្តេចតេជោ បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយមនិងដៃគូនានា ត្រូវគិតគូរអោយបានល្អ ទាំងកត្តាបច្ចេកទេស និងការជ្រើសរើសប្រភេទដីសម្រាប់ដាំស្រូវពូជល្អផងដែរ។ ទន្ទឹមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវគំនិតថ្មីៗមួយចំនួនសម្រាប់បង្កើន គុណភាពស្រូវអង្ករកម្ពុជា ដូចជា ៖ ១. ការជម្រុញអោយកសិករធ្វើការដាំដុះបែបបច្ចេកទេសខ្ពស់ ដែលសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ២. ត្រូវទាក់ទាញវិនិយោគគិនបរទេស ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិកម្មស្រូវអង្ករ ខណៈដែលការកែច្នៃស្រូវអង្ករកម្ពុជា នៅមានកំរិតទាប មិនទាន់អាចធ្វើអោយមានតម្លៃបន្ថែមលើអង្ករសម្រាប់ការនាំចេញ ៣. ត្រូវធ្វើការសម្រួលថ្លៃប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទីកអោយមានកំរិតទាប ដែលអាចជួយអោយតម្លៃកសិផលមិនកើនខ្ពស់ពេក ៤. ត្រូវលើកកម្ពស់ការពិនិត្យគុណភាព និងផ្នែកភូតគាមអនាម័យ។ ស្របពេលដែលការបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាប្រឈមសម្រាប់ការដាំដំណាំនៅក្នុងពិភពលោកនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការរកឃើញពូជស្រូវថ្មី ដែលធន់នឹងអាកាសធាតុចំនួន២ប្រភេទ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ កសិកម្មកម្ពុជា ក្នុងឆ្នាំ២០១៦។ ពូជស្រូវទាំង២ប្រភេទនោះ គឺមានពូជស្រូវ ខា១៦ ដែលជាពូជស្រូវស្រាលមិនប្រកាន់រដូវ ធន់នឹងកម្តៅខ្ពស់ និងពូជស្រូវស្មាច់០២ ដែលជាពូជស្រូវធ្ងន់ប្រកាន់រដូវ សមស្របទៅនឹងប្រភេទទឹកជ្រៅខ្លាំងតំបន់ទំនាបរំពឹងទឹកភ្លៀង។
តាមការបញ្ជាក់របស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា បើទោះបីជាក្នុងឆ្នាំ២០១៦ មានអាកាសធាតុក្តៅនាដើមរដូវ និងជំនន់ទឹកភ្លៀងនាចុងរដូវក៏ដោយ ប៉ុន្តែជារួមផលដំណាំ ទិន្នផល ជលផល ត្រីធម្មជាតិ និងធនធានជីវចម្រុះ គឺមានភាពល្អប្រសើរ។ ឯកឧត្ដម វេង សាខុន បានបញ្ជាក់ថា វិស័យកសិកម្មបានរួមចំណែកប្រមាណ ២៦.៣% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៦ ខណៈដែលវិស័យឧស្សាហកម្មបានរួមចំណែក ៣១.៣% និងវិស័យសេវាកម្មប្រមាណ ៤២.៤%។ នៅក្នុងវិស័យកសិកម្ម ត្រូវបានបែងចែកជាអនុវិស័យចំនួន៤សំខាន់ គឺ ផ្នែកដំណាំ! ផ្នែកជលផល! ផ្នែកផលិតកម្មសត្វ! និងផ្នែកព្រៃឈើ។
ចំពោះផ្នែកដំណាំស្រូវ ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទិន្នផលស្រូវសរុបជិត១០លានតោន ហើយមានអតិរេកអង្ករនៅសល់ប្រមាណ ៣លាន២សែនតោន។ ក្នុងនោះបរិមាណអង្ករនាំចេញទៅកាន់ប្រទេសចំនួន៦៥ក្នុងឆ្នាំ២០១៦ មានចំនួនជាង៥៤ម៉ឺនតោន! ដែលការនាំចេញនោះគឺជាប្រភេទអង្ករក្រអូប មាន៥៦.៦ភាគរយ! អង្ករស គ្រប់ប្រភេទ មាន៣៤.៨ភាគរយ! អង្ករចំហុយ មាន៨.៦ភាគរយ។ នាពេលបច្ចុប្បន្ន សហគមន៌កសិកម្ម មានចំនួន៨៥៧ មានសមាជិកសរុបជាង៨ម៉ឺន៧ពាន់នាក់ និងមានទុនសរុបជាង២៤ពាន់លានរៀល។ ដោយឡែកចំពោះវិស័យជលផល ក្នុងឆ្នាំ២០១៦ ផលនេសាទទឹកសាបសរុប ទទួលបានជាង៥០ម៉ឺនតោន និងផលនេសាទសមុទ្រ ទទួលបាន ជាង១២ម៉ឺនតោន។ សហគមន៌នេសាទទូទាំងប្រទេស មានចំនួនសរុប៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាប មានចំនួន៤៧៥ និងសហគមន៍នេសាទទឹកប្រៃ មានចំនួន៤១៕









