សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន, ក្នុង​ពិធីផ្សព្វ​ផ្សាយ​លើក​ដំបូងនូវ​សៀវ​ភៅ​ជា​ខេមរ​ភាសា​ស្តីពី «ស៊ី ជីនភីង៖ អភិបាល​កិច្ច​ប្រទេស​ចិន»

 

  • ឯកឧត្តមជាំង ជានគ័រ (Jiang Jiauguo) រដ្ឋមន្ត្រីក្រុមប្រឹក្សាព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន
  • ឯកឧត្តមហ្សង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ក្មួយៗយុវជន សិស្ស-និស្សិត ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាស្តីពី «ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន»។ ជាបឋម ខ្ញុំសូមស្វាគមន៍ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ- អន្តរជាតិទាំងអស់ ជាពិសេស ឯកឧត្តម ជាំង ជានគ័រ ដែលបានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតចិនមកចូលរួមក្នុងពិធីនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រដ្ឋបាលបោះពុម្ភសៀវភៅជាភាសាបរទេសរបស់ប្រទេសចិន និងរាជបណ្ឌិត្យសភាកម្ពុជា ដែលបានជំរុញ និងលើកទឹកចិត្តដល់វិទ្យាស្ថានខុងជឺរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបកប្រែសៀវភៅដ៏សំខាន់នេះ ឱ្យទៅជាភាសាខ្មែរ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រជាជនខ្មែរយើង។ ជារួម សៀវភៅនេះ នឹងបង្ហាញឱ្យប្រជាជាតិខ្មែរយល់កាន់តែច្បាស់ពីគោលគំនិតរបស់ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតីចិន ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន សម្រាប់ឱ្យយើងទាំងអស់គ្នាបានរៀនសូត្រ និងក្រេបយកបទពិសោធន៍។ ពិធីនេះក៏បានឆ្លុះបញ្ជាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកាន់តែស្អិតរមួតពីមួយឆ្នាំទៅមួយឆ្នាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ។

ជាការពិត បច្ចុប្បន្ននេះ ប្រទេសចិនបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពនៃវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយសកលលោក។ ជាក់ស្តែង ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចចិនបានចូលរួមចំណែកជាមធ្យមក្នុងមួយឆ្នាំប្រមាណជិត ១/៣ នៃកំណើនសេដ្ឋកិច្ចសកលលោក។ ទន្ទឹមនេះ ក្នុងឆ្នាំ ២០១៦ ពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានឈានដល់ ៣,៧ ទ្រីលានដុល្លារឤមេរិក, ចូលរួមចំណែកប្រមាណ ១០,៥% ទៅក្នុងពាណិជ្ជកម្មសកលលោក, ខណៈទំហំវិនិយោគផ្ទាល់ក្រៅប្រទេសរបស់ប្រទេសចិន គឺមានទំហំរហូតដល់ ១៧០,១ ប៊ីលានដុល្លារឤមេរិក ក្នុង ១៦៤ ប្រទេស ក្នុងទ្វីបឤស៊ី, ទ្វីបឤហ្វ្រិក, ឤមេរិកខាងជើង និងខាងត្បូង និងអឺរ៉ុប ហើយបច្ចុប្បន្នប្រទេសចិនជាប្រទេសធំបំផុតទី ២ នៅលើពិភពលោក ក្នុងការវិនិយោគក្រៅប្រទេស។ ក្នុងនោះ ប្រទេសចិនក្លាយជាជន្ទល់ដ៏សំខាន់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ច និងការអភិវឌ្ឍជាសកល ក៏ដូចជាយុថ្កាក្នុងការថែរក្សានូវស្ថិរភាពនយោបាយនៅក្នុងតំបន់ និងសកលលោក។

ជាងនេះទៅទៀត ក្នុងឆ្នាំ ២០១៦ យើងឃើញកាន់តែច្បាស់នូវសារៈសំខាន់នៃតួនាទីរបស់ចិនក្នុងឆាកអន្តរជាតិ ។ ជាក់ស្តែង ខណៈដែលពិភពលោកយើងកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង, ជួបប្រទះនឹងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈម ដែលកាន់តែស្មុគស្មាញ និងមិនច្បាស់លាស់ ក្នុងដំណើរការសកលភាវូនីយកម្ម, ប្រទេសចិនបាន និងកំពុងដើរតួជំនួសប្រទេសលោកខាងលិចមួយចំនួន តាមរយៈការព្យាយាមការពារ និងលើកកម្ពស់ចរន្តសកលភាវូបនីយកម្ម ក៏ដូចជាការជំរុញការបើកចំហការធ្វើពាណិជ្ជកម្មសេរី ដើម្បីការអភិវឌ្ឍសកលប្រកប​ដោយចីរភាព និងបរិយាប័ន្ន។

ជាមួយនេះ ប្រទេសចិនបានប្រឹងប្រែងលើកកម្ពស់ជវភាព និងចីរភាពនៃកំណើនខ្ពស់សម្រាប់តំបន់ និងពិភពលោកទាំងមូលក្នុងពេលអនាគត តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមសំខាន់ៗលើការតភ្ជាប់ និងការលើកកម្ពស់សមត្ថភាពផលិតកម្ម ដែលរួមមានដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ, ការដាក់មូលនិធិយ៉ាងច្រើនដល់ធនាគារអភិវឌ្ឍ BRICS ,មូលនិធិផ្លូវសូត្រ និងធនាគារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឤស៊ី (AIIB) ជាដើម ។ ទន្ទឹមនោះ ប្រទេសចិនកំពុងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដើម្បីបង្កើតនូវបណ្តាញតភ្ជាប់ដែលរួមមានផ្លូវហាយវ៉េ, ផ្លូវរថភ្លើង, ផ្លូវទឹក, កំពង់ផែ និងផ្លូវឤកាស ឱ្យបានពេញលេញក្នុងតំបន់ឤស៊ី និង ខាងក្រៅតំបន់។ ជាការពិត ការស្ថាបនាស្ថាប័នទាំងនេះ បានបង្ហាញកាន់តែច្បាស់នូវតួនាទីថ្មីរបស់ប្រទេសចិន ក្នុងអភិបាលកិច្ច និងដឹកនាំការអភិវឌ្ឍសកលលោក ដើម្បីផលប្រយោជន៏រួម។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, អង្គពិធីទាំងមូល !

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលឹកដល់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះ ប្រទេសយើងទាំងពីរមានទំនាក់ទំនងមិនតិចជាង ២០០០ ឆ្នាំ នោះទេ នេះបើគិតពីដំណើរទស្សនកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង រាជទូតចិនដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសម័យហ្វូណន។ ក្រោយមកទៀត មានទស្សនកិច្ចរបស់លោក ជីវ តាក្វាន់ មកកាន់រាជធានីអង្គរ ដោយលោកនាំត្រឡប់ទៅកាន់ប្រទេសចិនវិញ នូវការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរ ដូចមានកត់ត្រាយ៉ាងច្បាស់ក្នុងឯកសាររបស់លោកដែលមានចំណងជើងថា ប្រពៃណីរបស់អ្នកស្រុកចេនឡា។ នេះគឺជាទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង មិនឤចកាត់ថ្លៃបានរវាងប្រទេសទាំងពីរ។ ឈរលើមូលដ្ឋាននេះ បានធ្វើឱ្យកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ក្នុងពេលបន្តបន្ទាប់កាន់តែរីកចម្រើន និងមានវិសាលភាពកាន់តែធំឡើង រួមទាំងផលិតកម្ម, ពាណិជ្ជកម្ម, សិល្បៈ និងវប្បធម៌។

ដោយឡែក ក្នុងសម័យទំនើបនេះ ក្រោមការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រធាន ម៉ៅ សេទុង ប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានាថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ រៀងរហូតមក។ ដើម្បីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ ខ្ញុំ និងថ្នាក់ដឹកនាំចិន បានពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីនេះ ឱ្យកាន់តែរឹងមាំ ហើយបានប្រកាសពីទំនាក់ទំនងជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ នៃមិត្តភាពរវាងប្រទេសយើងទាំងពីរចាប់ពីឆ្នាំ ២០១០ មក។ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ប្រទេសទាំងពីរមានភាពរីកចម្រើនជាលំដាប់ ទៅលើវិស័យជាច្រើនទាំងនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌ ដែលត្រូវបានឆ្លុះបញ្ចាំង តាមយៈការផ្លាស់ប្តូរបទពិសោធន៏, ការវិវឌ្ឍពាណិជ្ជកម្ម, ការវិនិ​យោគ និងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

ជាក់ស្តែង តាមរយៈការលើកម្ពស់ការតភ្ជាប់ផ្នែកទន់ និង រឹង, ទំហំពាណិជ្ចកម្មសរុបរវាងប្រទេសកម្ពុជា និងចិន បានកើនឡើងយ៉ាងឆាប់រហ័សជាមធ្យម ២៦% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានពង្រីកដល់ ៤,៨ ប៊ីលានដុល្លាឤមេរិក ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសចិន ៨៣០ លានដុល្លាឤមេរិក និងនាំចូលប្រមាណ ៣,៩ ប៊ីលានដុល្លាឤមេរិក។ ប្រទេសចិនក៏ជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់ ៥,១ ប៊ីលានដុល្លារឤមេរិក ដែលផ្តោតទៅលើវិស័យមួយចំនួនរួម មានវិស័យកម្មន្តសាល, សំណង់, វាយនភ័ណ្ឌ និងអគ្គិសនី។ ជាមួយគ្នានេះ ភ្ញៀវទេសចរ ចិនមកទស្សនាកម្ពុជាមានចំនួន ៨៣០ ពាន់នាក់ កើនឡើងប្រមាណ ២០% ប្រៀបទៅនឹងឆ្នាំ ២០១៥។

ចំណែកឯហិរញ្ញប្បទានអភិវឌ្ឍវិញ កម្ពុជាបានទទួលជំនួយអភិវឌ្ឍជាផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចីពី សាធារណរដ្ឋប្រជាមានិតចិនជាច្រើនរហូតដល់ ៤,២ ប៊ីលានដុល្លារឤមេរិក គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ដែលភាគច្រើនសម្រាប់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម, សុខាភិបាល, អប់រំ, សន្តិសុខសង្គម ជាដើម។ ចំពោះមុខ ក្រោមកិច្ចផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១, ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យមួយចំនួន សម្រាប់ជាប្រយោជន៍ដល់ការកែលម្អការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងចិន រួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្មទ្វេរភាគី, ទេសចរណ៍, ការវិនិយោគ និងការអភិវឌ្ឍវិស័យកសិកម្ម។

ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាល ចិន ដែលជាដៃគូដ៏វិសេសវិសាលរបស់កម្ពុជា ដែលតែងជួយដល់កម្ពុជានូវគ្រប់កាលៈទេសៈ ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍកម្ពុជា ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានបង្កនូវបរិយាកាស និងផលល្អប្រសើរ ជាពិសេស សម្រាប់ភាពលូតលាស់យ៉ាងឆាប់រហ័សនៃសង្គមកម្ពុជា។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, អង្គពិធីទាំងមូល !

សៀវភៅស្តីពី «ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន» នេះ បានផ្តោតលើគំនិតជាសារវន្ត និងប្រមូលផ្តុំនូវសមិទ្ធផលការងារសំខាន់ៗរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ដែលក្នុងនោះគោលការណ៍គ្រឹះ សម្រាប់ការអនុវត្ត គឺជាគោលនយោបាយសង្គមនិយមយ៉ាងពិតប្រាកដរបស់ប្រទេសចិន និងមានគុណតម្លៃសមស្របនឹងសង្គមរបស់ប្រជាជាតិចិន។ ជាក់ស្តែង ដើម្បីឱ្យទ្រឹស្តីទាំងនេះនៅតែមានអត្ថិភាពក្នុងសង្គមចិន និងលើកតម្កើងកម្រិតនៃការដឹកនាំ, ថ្នាក់ដឹកនាំចិនបានខិតខំរក្សាសុចរិតភាព និងតម្លាភាពនៃការអនុវត្តការងាររបស់ខ្លួន។ ទន្ទឹមនេះ គោលគំនិតនៅក្នុងសៀវភៅនេះ ក៏បានផ្តោតលើការពង្រីកនូវកិត្យានុភាពនៃវប្បធម៌ ៥០០០ ឆ្នាំ ដ៏រុង​រឿងរបស់ប្រទេសចិន ដោយជំរុញឱ្យក្តីសុបិនចិនក្លាយទៅជា គោលការណ៍គ្រឹះ ក្នុងការផ្តល់សុភមង្គលជូនដល់ប្រជាជនចិន។ ក្តីសុបិនចិននេះ ក៏បានរួមបញ្ចូលនូវការអភិវឌ្ឍអរិយធម៌ អេកូឡូស៊ី និងការរួមចំណែកជំរុញឱ្យមានសុខសន្តិភាពក្នុងតំបន់ និងពិភពលោក បន្ថែមពីលើសុខសន្តិភាពក្នុងប្រទេស ដែលចិនបានផ្តល់ជូនប្រជាជនរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៤៩ មក។

ព្រមជាមួយនេះ ក្នុងសៀវភៅនេះ ក៏បានរំលេចការខិតខំរបស់ប្រទេសចិនក្នុងការបង្កើនទំហំសេដ្ឋកិច្ចជាតិ និង ចូលរួមជាមួយពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងគោលដៅនេះ ចិនបាន និងកំពុងធ្វើការកែទម្រង់យ៉ាងខ្លាំងក្លាលើផ្នែកអភិបាលកិច្ច, ការលុបបំបាត់អំពើពុករលួយ, ការបង្កើនទំនុកចិត្តជាមួយប្រជាជន ទោះ​បីជាមាន ៥៦ ជនជាតិ និងមានវប្បធម៌ចម្រុះក៏ដោយ ក៏ចិនបានខិតខំក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងការគ្រប់គ្រងប្រទេស តាមបែបប្រទេសមួយ មានរបបគ្រប់គ្រងពីរ។ ចំណុចមួយទៀត ដែលខ្ញុំចាប់ឤរម្មណ៍ជាពិសេស គឺការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាអ្នកជិតខាងល្អ, ជាមិត្តល្អ និងជាមិត្តពិតប្រាកដជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។ ចិនបានក្លាយជា សមាជិកយ៉ាងសកម្មក្នុងការពន្លាតសន្តិភាពជូនដល់ពិភពលោក។ ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាគំរូដ៏ល្អដល់ប្រទេសដទៃទៀតផងដែរ។ ភាពរីកចម្រើន និង ឧត្តមភាពរបស់ប្រទេសចិនបានជួយយ៉ាងខ្លាំងដល់ពិភពលោក ដោយសារតែចិនបានប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន។

ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តឯកឧត្តម លោកជំទាវ លោក លោកស្រី, ក្មួយៗយុវជន, សិស្ស-និស្សិតទាំងអស់សូមយកសៀវភៅ ស៊ី ជីនពីន៖ អភិបាលកិច្ចប្រទេសចិន នេះ ទៅឤន ហើយខិតខំចម្រាញ់យកនូវទស្សនៈល្អៗជាធាតុផ្សំ ក្នុងការពង្រឹងអភិបាលកិច្ចល្អ, ស្របទៅនឹងស្ថានភាព និងបរិការណ៍អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា, ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិន, ក្រុមបោះពុម្ពផ្សាយអន្តរជាតិ និងគ្រឹះស្ថានបោះពុម្ពផ្សាយភាសាបរទេស ដែលបានជួយត្រួតពិនិត្យខ្លឹមសារអក្ខរាវិរុទ្ធ និងការបោះពុម្ពផ្សាយស្នាដៃដ៏មានតម្លៃនេះ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសផ្សព្វផ្សាយលើកដំបូងសៀវភៅជាខេមរភាសាស្តីពី ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន នាពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម ជាំង ជានគ័រ រដ្ឋមន្ត្រីក្រុមប្រឹក្សាព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន, គណៈប្រតិភូ, ឯកឧត្តម ហ្សង់ ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី, ក្មួយៗយុវជន, សិស្ស-និស្សិតទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ចរៀង​ៗខ្លួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...