AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧–ប្រទេសកម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន បានចុះកិច្ចព្រមព្រៀង ជាមួយគ្នាដើម្បីជំរុញ កំណើនទេសចរចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅខេត្តហ៊ូប៉ី ប្រទេសចិន ឱ្យមាន កំណើនថែមទៀតបន្ទាប់ពីមានភ្ជាប់ជើងហោះហើរត្រង់ជាមួយ គ្នាតាំងពីឆ្នាំ២០១២មក។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយគ្នានេះបានធ្វើឡើងនៅក្នុង សិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកស្រី ហ៊ូលីវ យ៉ាន់ (Puliu Yan) នាយកគណៈកម្មាធិការអភិវឌ្ឍន៍ ទេសចរណ៍ ខេត្តហ៊ូប៉ី ប្រទេសចិនបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះនឹងជំរុញកំណើនទេសចរ ទ្វេភាគីបន្ថែមមួយកម្រិតទៀត ខណៈដែលចំនួនប្រជាជននៅក្នុងខេត្តហ៊ូប៉ីមានរហូត ដល់៦០លាននាក់ ជាមួយនឹងខេត្តហ៊ូប៉ីមានតំបន់ ទេសចរណ៍វប្បធម៌បៃតងជាច្រើនផងដែរ។
លោក ឆាយ ឃុនឡុង អគ្គនាយករងទទួលបន្ទុកផ្នែកឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍បាន អះអាងថាចំនួនទេសចរចិនមកកាន់កម្ពុជា អាចកើនឡើង ដល់១លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០១៧នេះ ដោយឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទេសចរបរទេសដែលបានមកដល់កម្ពុជាប្រមាណជិត
៥លាននាក់។
លោកបន្ថែមថា ការដែលមានកំណើនភ្ញៀវទេសចរពីប្រទេសចិននេះ ក៏អាស្រ័យ កម្ពុជាយើងមានការផ្តល់ ទំនុកចិត្ត និងសម្រួលទៅលើសេវាទេសចរណ៍ឆ្លើយតបតម្រូវការ របស់ទេសចរចិននៅតាមច្រកចេញចូល និងតំបន់ទេសចរណ៍នានា ដូចជានៅតំបន់ សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រតំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍វប្បធម៌ បៃតងផ្សេងៗទៀត។
ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងខិតខំទាក់ទាញនូវទេសចរចិនតាមរយៈបង្កើនមគ្គុទេសក៍ទេសចរណ៍ ចុងភៅចម្អិនអាហារ អ្នកបកប្រែ អ្នកបម្រើផ្នែកសេវាភោជនីយដ្ឋាន សណ្ឋាគារ និងផ្នែកទីផ្សារជាដើមសំដៅ ទាក់ទាញទេសចរណ៍មកកម្ពុជាកាន់តែច្រើន ហើយឱ្យគាត់ស្នាក់នៅកម្ពុជាកាន់តែយូរ។
លោកបន្តទៀតថា ផែនការទាក់ទាញភ្ញៀវទេសចរពីប្រទេសចិនត្រូវបានរំពឹងទុកថា នឹងកើនឡើងដល់ ២លាននាក់ នៅត្រឹមឆ្នាំ២០២០ បន្ទាប់ពីមានការបើកជើងហោះហើរត្រង់ នៅតំបន់ទេសចរណ៍មួយចំនួន នៃប្រទេសចិន និងកម្ពុជា រួមនិងកិច្ចខិតខំទាក់ទាញវិនិយោគ បន្ថែមទៀតទៅលើវិស័យទេសចរណ៍៕
ដោយ ប៉ាល់ សុង