សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីបើកពិព័រណ៍ផលិតផលនាំចេញ-នាំចូល និង ខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី ១២ ឆ្នាំ ២០១៧

169
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
  • ប្រតិភូពាណិជ្ជកម្មបរទេស ពាណិជ្ជករ សហគ្រិន វិនិយោគិន និងអង្គពិធីទាំងមូលជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី ១២ ឆ្នាំ ២០១៧» ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសំដែងការគាំទ្រ និងអបអរសាទរដល់ខួបលើកទី ១២ នៃការរៀបចំពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ នេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ ពាណិជ្ជកម្មបរទេស, ពាណិជ្ជករ, សហគ្រិន, វិនិយោគិន ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិ​ការណ៍ពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ។

ជាការពិត ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និង ខេត្ត ១ ផលិតផល ១ នេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម កម្រិតអន្តរជាតិដ៏សំខាន់របស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាសធុរកិច្ចល្អប្រសើរ និងសក្តានុពលខ្ពស់ក្នុងការវិនិយោគ ព្រមទាំងបង្ហាញអំពីសុឆន្ទៈ និងគោលនយោបាយនានា ពិសេសប្រព្រឹត្តកម្ម និងការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ទាំងការគាំពារការវិនិយោគ និងធុរកិច្ច។ ព្រឹត្តិ​ការណ៍ពាណិជ្ជកម្មនេះ ក៏នឹងចូលរួមចំណែកបន្ថែមដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា, ការបង្កើនផលិតភាព, បង្កើនតម្លៃបន្ថែមលើផលិតផល, ការពង្រឹងគុណភាពផលិតផល និងសេវា, បង្កើតឱកាសការងារថ្មីៗ ដែលកត្តាទាំងអស់នេះ នឹងជួយបង្កើនប្រាក់ចំណូលប្រជាជន, ជួយទប់ស្កាត់ការធ្វើចំណាកស្រុក ដែលមានហានិភ័យ និងជាការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លើសពីនេះទៀត ខ្ញុំបានកត់សម្គាល់ឃើញថា តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេស ដូចជាពិព័រណ៍ពិភពលោក ដែលត្រូវដំណើរការរយៈពេល ៦ ខែ, ពិព័រណ៍អន្តរជាតិ ដែលដំណើរការរយៈពេល ៣ ខែ និងពិព័រណ៍ចិន-ឤស៊ានជាដើម បានធ្វើឱ្យកម្ពុជាយើងកាន់តែមានកិត្តិយស ឈរដោយស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសនានាលើឆាកអន្តរជាតិ និងបង្កើតជាឱកាសដ៏ប្រសើរ សម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផល សក្តានុពលរបស់ខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេសបានចូលរួមចំណែកជួយផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

កន្លងមក កម្ពុជាក៏បានដាក់ឱ្យអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលជា «យុទ្ធសាស្ត្រកំណើនថ្មី» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យទៅមុខទៀត និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព, ការជំរុញពិពិធកម្មមុខទំនិញនាំចេញក្រៅពីសម្លៀកបំពាក់ និងជំរុញការនាំចេញកសិផលកែច្នៃ និងការគាំទ្រដល់សហគ្រាសខ្នាតតូច និង មធ្យមកម្ពុជា។

ជារួម វិស័យពាណិជ្ជកម្មកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញដល់កំណើនសេដ្ឋកិច្ច ហើយពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនទ្បើងជាលំដាប់ ដែលកាលពីឆ្នាំ ២០១៦ កម្ពុជាបាននាំចេញទំនិញទៅបរទេសគិតជាទឹកប្រាក់សរុបប្រមាណ ៨ ពាន់លានដុល្លារ កើនឡើងប្រមាណ ១១% ធៀបនឹងឆ្នាំ ២០១៥ ដែលជាការរួមចំណែកយ៉ាងធំធេងដល់កំណើនផលិតផលក្នុងស្រុកសរុប។ ទន្ទឹមនេះ កម្ពុជានឹងបន្តជំរុញការនាំចេញរបស់ខ្លួនឱ្យកាន់តែមានទំហំធំបន្ថែមទៀត ដើម្បីធានាដល់ការរីកលូតលាស់វិស័យឧស្សាហកម្ម និងចីរភាពនៃកំណើន។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា បណ្តាញផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក, ផ្លូវឤកាស, ប្រព័ន្ធដឹកជញ្ជូន, ប្រព័ន្ធឡូជីស្ទីកូ អគ្គីសនី៘ ដែលនឹងគាំទ្រដល់កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទាំងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់, វាយនភណ្ឌ និងស្បែកជើង, វិស័យសំណង់, វិស័យទេសចរណ៍ និងវិស័យកសិកម្ម។ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ កម្ពុជាក៏មានកម្លាំងពលកម្មវ័យក្មេង និងធនធានដ៏សម្បូរបែប, ឆន្ទៈខ្ពស់ រួមជាមួយនឹងគោលនយោបាយច្បាស់លាស់ជំរុញដល់វិស័យឯកជន ដោយបានកំណត់ថា វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន ដែលតាមរយៈនេះ តែងតែបានបង្កើននូវទំនុកចិត្តខ្ពស់ដល់វិនិយោគិនទាំងឡាយមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសសរុបចំនួន ៣.៦០៩,៧០ លានដុល្លារ ដោយការវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន ៣៤%, វិស័យហេដ្ឋារចនាសម្ព័ន្ធ ១៥%, វិស័យកសិកម្ម ១៣% និងវិស័យទេសចរណ៍ ៣៨%។ ជាងនេះទៀត កំណើននៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបង្ហាញឱ្យឃើញពីការទទួលបាននូវមូលធន, បច្ចេ​កវិទ្យា, ធនធានហិរញ្ញវត្ថុ, ជំនាញ, ចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប, បទពិសោធន៍សហគ្រិនភាព, ការបង្កើតការងារថ្មីៗសម្រាប់ប្រជាជន, ការពង្រីកផលិតកម្មក្នុងស្រុក ដែលឈានទៅរកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានសេដ្ឋកិច្ចដែលមាន និងការកសាងសមត្ថភាពការងារ ដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍផលិតកម្ម និងវិនិយោគនាពេលអនាគត។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធីទាំងមូល !

បន្ទាប់ពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ មក, ប្រជាជនត្រូវបានផ្តល់សិទ្ធិសេរីភាព ទាំងការរស់នៅ, ការប្រកបមុខរបរចិញ្ចឹមជីវិត ហើយវិស័យនីមួយៗត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងមានការអភិវឌ្ឍជាបន្តបន្ទាប់។ ដោយឡែក បន្ទាប់ពីកម្ពុជាសម្រេចបាននូវសុខសន្តិភាព ដែលគ្របដណ្តប់នៅទូទាំងប្រទេស នៅចុងឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ, កម្ពុជាយើងមានឱកាសកាន់តែខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត និងអរូបវន្ត, ជំរុញវឌ្ឍភាពសេដ្ឋកិច្ចរហូតសម្រេចបានកំណើនខ្ពស់ក្នុងរយៈពេលជាង ២ ទសវត្សរ៍។

ជាងនេះទៀត កម្ពុជាធ្លាប់ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុង ចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលឤចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច។ ទន្ទឹមនោះ កម្ពុជាក៏បានឆ្លងផុតពីចំណាត់ថ្នាក់នៃប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយបានរំដោះប្រជាជនរាប់លាននាក់ឱ្យចាកផុតពីអន្ទាក់នៃភាពក្រីក្រ, ផ្តល់នូវក្តីសង្ឃឹម និង ភាពជឿជាក់ខ្ពស់ ចំពោះវាសនាអនាគតរបស់ប្រជាជនម្នាក់ៗ, របស់គ្រួសារ និងប្រទេសជាតិទាំងមូល។

ជារួម ការសម្រេចបាន និងការរក្សាបាននូវសុខសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីៗ ពុំធ្លាប់មានទាំងសម្រាប់ការងារកែទម្រង់ស៊ីជម្រៅ, ការពង្រីកមូលដ្ឋានកំណើន ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុង និង ក្រៅប្រទស ។ ជាមួយនេះ សុខសន្តិភាព និងស្ថិរភាពនេះ គឺជាមូលដ្ឋានគ្រឹះមិនឤចខ្វះបាន សម្រាប់ការអភិវឌ្ឍ, ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា, គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពនៃការបង្កើតបទប្បញ្ញត្តិច្បាប់មួយចំនួន ដែលជាការសន្យារបស់កម្ពុជាស្របតាមអភិក្រមអង្គការពាណិជ្ជកម្មពិភពលោក។

ចំពោះមុខនេះ រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្តកសាងបរិយាកាស ប្រកបដោយលក្ខណៈអំណោយផលដល់ការរីកលូតលាស់ នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើន, ជំរុញការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥- ២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងសម្រេចបានគោលដៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ ក្នុងនោះ កម្ពុជានឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ពិសេសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងបង្កើតយន្តការសម្រួលពាណិជ្ជកម្ម និង វិនិយោគ, ការកែលម្អថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកសាងប្រព័ន្ធទ្បូជិស្ទីកដ៏រស់រវើក, ធានាឱ្យបាននូវការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ ជាមួយនេះ កម្ពុជានឹងបន្តផ្តល់ឤទិភាពក្នុងការពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់ថាមពលពីប្រភព កាន់តែថោក និងពង្រីកបណ្តាញចែកចាយ សំដៅធានាសន្តិសុខថាមពល, ភាពឤចទុកចិត្តបានក្នុងការផ្គត់ផ្គង់ថាមពល ព្រមទាំងថ្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍ។

ជាថ្មីម្តងទៀត ខ្ញុំសូមលើកទឹកចិត្តឱ្យពាណិជ្ជករ, សហគ្រិន, វិនិយោគិន, ធុរជន ទាំងក្នុង និងក្រៅប្រទេស ព្រមទាំង អ្នកទស្សនាពិព័រណ៍ពាណិជ្ជកម្មទាំងអស់ សូមចូលរួម និងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់យើង ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត លើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី ១២ ឆ្នាំ ២០១៧ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាច្រើនថែមទៀត។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និង ខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី ១២ ឆ្នាំ ២០១៧ នៅពេលនេះ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមទទួល បាននូវពុទ្ធពរ និងពរ ទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ !