សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២

ថ្ងៃទី ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅរសៀលថ្ងៃសុក្រនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ​កម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវាបង្កើត ការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។ លើសពីនេះទៅទៀត សម្តេច បានកត់សម្គាល់ឃើញថា តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និង ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជា ពិព័រណ៍ពិភពលោក (ដំណើរការរយៈពេល០៦ខែ) ពិព័រណ៍អន្តរជាតិ (ដំណើរការរយៈពេល០៣ខែ) និងពិព័រណ៍ចិន-អាស៊ានជាដើម ធ្វើឲ្យកម្ពុជាយើងមានកិត្តិយស ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេស បានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។ កត្តាសន្តិភាព និងសន្តិសុខ ក្នុងប្រទេស និងក្នុងតំបន់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។

ដូច្នេះការកសាង និងថែ រក្សាឲ្យខាងតែបាននូវសន្តិភាព និងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាម រយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា និងការរក្សាបាននូវសន្តិភាព និងសន្តិសុខ សង្គមទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មាន សម្រាប់ការកែទម្រង់ ទូលំទូលាយមួយ ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលជាឱកាសធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងកំណើនជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ។ ធនាគារពិភពលោកបានហៅកម្ពុជាថា ជាអត្តពលិកអូឡាំពិកនៃកំណើន ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតទី៦ លើពិភពលោក ជាមួយនឹងគោលនយោបាយវិនិ​យោគ​បើក​ចំហរបំផុតនៅក្នុងតំបន់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ថា​ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវកម្លាំងចលករសំខាន់ចំនួន៤ ដែលកំពុងតែជំរុញកំណើន​សេដ្ឋកិច្ច រួមមាន៖ ១- វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ២- វិស័យសំណង់ ៣- វិស័យទេសចរណ៍ និង ៤- វិស័យកសិកម្ម។ ដោយមានកម្លាំងពលកម្មដ៏ខ្លាំងក្លា និងធនធានដ៏សម្បូរបែប រួមជាមួយនឹងគោលនយោបាយច្បាស់លាស់ ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ នៅក្នុងឆ្នាំ២០១៦ កម្ពុជាបានទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស ក្នុងទុនវិនិយោគសរុបចំនួន ៣,៦០៩.៧០ លានដុល្លារ ក្នុងនោះ វិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន ៣៤%, វិស័យហេដ្ឋារចនាសម្ព័ន្ធ ១៥%, វិស័យកសិកម្ម ១៣% និងវិស័យទេសចរណ៍ ៣៨%។ ដើម្បីជំរុញឲ្យវិស័យទាំងបួនខាងលើកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្ន ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងសម្រេចបានគោលដៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ គោល​នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនេះ តម្រូវឲ្យ មានការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១២ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ និងកាត់បន្ថយចំណាយដឹកជញ្ជូន និងថាមពលអគ្គិសនី។ វិស័យពាណិជ្ជកម្មកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនទ្បើងជាលំដាប់។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៦ កម្ពុជាបាននាំចេញទំនិញទៅបរទេស គិតជាទឹកប្រាក់សរុបប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណ ១១% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរថា ដោយសារការរក្សាបាននូវសន្តិភាព សន្តិសុខសង្គម និងស្ថានភាពសេដ្ឋកិច្ច និងនយោបាយល្អ គ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា មានឱកាសបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរ។ ជាក់ស្តែងក្រសួងពាណិជ្ជកម្មបាន និងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងល្អក្នុងការបម្រើសេវាសាធារណៈជូនពាណិជ្ជករ អាជីវករ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មការងារចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដល់មន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែន បានអនុវត្តន៍គម្រោងការប្រើប្រាស់វិក្កយបត្រ សម្រាប់ធ្វើប្រតិវេទន៍ស្វ័យបញ្ជាក់ប្រភពដើមទំនិញក្នុងអាស៊ាន កែលម្អប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ រៀបចំប្រកាសរួមស្តីពីការកែប្រែទម្រង់សេវាសាធារណៈ (លុបចោលកម្រៃគ្រប់គ្រងការនាំចេញ)ដើម្បីជួយសម្រាលបន្ទុកដល់ម្ចាស់រោងចក្រក្នុងការដំឡើងប្រាក់ខែគោលជូនកម្មករ កម្មការិនីយើង។ ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ សម្តេចតេជោសូមលើកទឹកចិត្តឱ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ គប្បីចូលរួមនិងប្រើប្រាស់ឱ្យអស់ លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់យើង ដើម្បីទទួលបានជោគជ័យថ្មីៗ ថែមទៀតលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។ មុននឹងបញ្ចប់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរបងប្អូនអាជីវករ ម្ចាស់ក្រុមហ៊ុនានាដែលកំពុងធ្វើពាណិជ្ជកម្ម និវិនិយោគនៅកម្ពុជា សូមបានជោគជ័យ។ បន្ទាប់មកសម្តេចតេជោ បានអញ្ជើដើរមើលការតាំងពិពណ៍ទំនិញនៅក្នុងមណ្ឌលកោះពេជ្យ ។ ពិព័រណ៍នៅកោះពេជ្រគឺបើកជូនសាធារណៈជនចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែធ្នូ ២០១៧ នេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី៖ «កម្ពុជាត្រូវការប្រជាធិបត...

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោម ចំណង ជើងថា «កម្ពុជាត្រូវការ ប្រជាធិបតេយ្យ ដែលផ្អែក លើមូល ដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។