ប្រសាសន៍​​សំខាន់ៗ​​របស់​សម្តេច​តេជោ ហ៊ុន សែន ថ្លែងនៅក្នុង​ពិធីអញ្ជើញ​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​នូវហេដ្ឋា​​រចនា​សម្ព័ន្ធ អាគារហ្វឹក​ហ្វឺន​ជំនាញ​ចារកម្ម

169

(FN)៖ នៅព្រឹក​ថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ អាគារហ្វឹកហ្វឺន​ជំនាញចារកម្ម និងបុកគ្រឹះ​សាងសង់​សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរ​បស់សម្តេចតេជោ ហ៊ុន សែន៖

– ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃសាលាហ្វឹកហ្វឺនផ្នែកចារកិច្ច សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកឡើងវិញ ពីកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពកាលពី ៣៨ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលនេះកាលពី៣៨ឆ្នាំមុន គឺកងទ័ពបាននិងកំពុងតស៊ូយ៉ាងអង់អាចក្លាហានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងទ័ពគ្រប់ប្រភេទ ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តន៍គោលការណ៍ឃឿនការពារជាតិ របស់ប្រជាជនឲ្យបានជាប់លាប់ និងម៉ឹងម៉ាត់បំផុត។

– សម្តេចបានថ្លែងថា បើគ្មានឃឿនការពារជាតិប្រជាជន ហើយកងទ័ពនៅដាច់ដោយឡែក ក៏នឹងគ្មានន័យអ្វីនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពជាកូនចៅរបស់ប្រជាពលរដ្ឋ ហើយកងទ័ពមិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះឡើយ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា របបប្រល័យពូជសាសន៍ ប៉ុលពត មានកម្លាំងកងទ័ពច្រើន តែទីបំផុតត្រូវបានរលាយក្រោមឥទ្ធិពលនៃឃឿន ការពារជាតិរបស់ប្រជាជន។

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅលោក សម រង្ស៊ី ថា ប្រសិនបើនៅក្នុងស្រុកអាចនឹងត្រូវកងទ័ពតបស្នងជាក់ជាមិនខាន ចំពោះការអំពាវនាវឲ្យកងទ័ពងើបបះបោរ។

– សម្តេចតេជោ ហ៊ុន សែន បានតាស់តឿនដល់កងទ័ព និងកម្លាំងប្រដាប់អាវុធទាំងមូល គឺជាឧបករណ៍របស់រដ្ឋ ដែលត្រូវតែការពាររដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បដិវត្តន៍នៅតាមបណ្តាប្រទេសជាច្រើនសម្រេចបានជោគជ័យ ដោយសារតែការអនុវត្តន៍អព្យាក្រឹត្យ តូបនីយកម្មកងកម្លាំងប្រដាប់អាវុធ។

– សម្តេចបានរំលឹកកងទ័ពទៀតថា អព្យាក្រឹត្យកងទ័ពធ្វើបានតែចំពោះមុខបក្សនយោបាយប៉ុណ្ណោះ តែមិនអាចអនុវត្តន៍ចំពោះរាជរដ្ឋាភិបាលនោះឡើយ។ សម្តេចតេជោ បន្តថា ក្នុងរបបប្រជាធិបតេយ្យ កងទ័ពបង្កើតឡើង ដើម្បីការពាររាជរដ្ឋាភិបាល ដូច្នេះកងទ័ពមិនអាចអព្យាក្រឹត្យចំពោះរាជរដ្ឋាភិបាល។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជាទៅកាន់កងទ័ពរបស់សម្តេចនាពេលបច្ចុប្បន្ន គឺក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងមិនមែនក្នុងនាមជាប្រមុខ គណបក្សប្រជាជនកម្ពុជានោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតាមបណ្តាប្រទេសជាច្រើនបានប្រើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីបង្កើតឡើងនូវបដិវត្តន៍ពណ៌ តែទីបំផុតការខូចខាតធ្ងន់ធ្ងរជាងអំពើភេរវកម្មទៅទៀត។

– សម្តេចតេជោ បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម គឺជារឿងចាំបាច់ទាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្មជាគោលនយោបាយអាទិភាពសម្រាប់រាជរដ្ឋាភិបាល និងវិស័យការពារជាតិរបស់កម្ពុជាផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងមិនត្រូវឲ្យមានអំពើរភេរវកម្មកើតមាននៅកម្ពុជានោះឡើយ ហើយកម្ពុជាក៏មិនចង់ឃើញអំពើភេរវកម្មនៅបណ្តាលើពិភពលោកដែរ។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានវាយបំបាក់ចលនាបដិវត្តន៍ពណ៌នៅកម្ពុជា តែក្រុមអ្នកផ្តួចផ្តើមមិនទាន់រលាយទាំងស្រុងនៅឡើយទេ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការវាយបំបែកអង្គការចាត់តាំងបដិវត្តន៍ពណ៌ គឺជាភាពជោគជ័យ មួយរបស់កម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកទាំងឡាយណាដែលកំពុងបញ្ជាបដិវត្តន៍ពណ៌ ឬបន្តរៀបចំគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា ទាំងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឬកំពុងបញ្ជាពីក្រៅប្រទេស គឺត្រូវតែបញ្ឈប់សកម្មភាពនេះជាដាច់ខាត និងជាបន្ទាន់!។

– បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកងទ័ពមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងថែមទៀត ទោះក្នុងតម្លៃណាក៏ដោយមិនអាច ឲ្យបដិវត្តន៍កើតមាននៅកម្ពុជានោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់មេបដិវត្តន៍ពណ៌ទាំងឡាយ ឲ្យបញ្ឈប់នូវសកម្មភាពពិសពុលរបស់ខ្លួន ព្រោះពលរដ្ឋកម្ពុជាបានឆ្អែតឆ្អន់ហើយ ដោយសារភ្លើងសង្គ្រាម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងធ្វើចារកម្ម គឺជារឿងសំខាន់។ អ្វីដែលសំខាន់ គឺការដែលគេមិនអាចប៉ាន់ស្មានដំណើររបស់យើងបាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកអាចនិយាយអ៊ីចេះអ៊ីចុះពីសម្តេច តែការឈរក្នុងតំណែងជាមេដឹកនាំកម្ពុជាជិត ៤០ឆ្នាំមកនេះ មិនមែនជារឿងលេងសើចនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ហេតុអ្វីបានជាសម្តេចអាចហៅមេដឹកនាំកំពូលៗរបស់ខ្មែរក្រហមមកចូលដល់ផ្ទះ ដើម្បីចរចាបញ្ចប់ចលនាខ្មែរក្រហម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ ការរត់ប្រណាំងផ្នែកសព្វាវុធនាពេលបច្ចុប្បន្ន គឺមានសភាពខ្លាំងក្លាជាសម័យសង្គ្រាមត្រជាក់ទៅទៀត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាត់ក្រុងហេរ៉ូស៊ីលឹម ឲ្យទៅអ៉ីស្រាលអែល គឺជារឿងដ៏ធំ ដែលទាមទារឲ្យតាមដានជាចាំបាច់។

– សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការតាមយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ទៅលើកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញការងារនៅលីបង់ ព្រោះខ្លាចមានការសងសងណាមួយពីសំណាក់ជនជាតិប៉ាឡេស្ទីន ឬ អ៉ីស្រាអែល។ សម្តេចស្នើកងទ័ពមួកខៀវកម្ពុជា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់របស់ប្រទេសកំពុងបំពេញ និងច្បាប់វិន័យរបស់អង្កការសហប្រជាជាតិ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបណ្តាប្រទេសមួយចំនួនធ្លាប់បានស្នើសុំកងទ័ពកម្ពុជាទៅកាន់ប្រទេសរបស់គេ តែត្រូវបានសម្តេចបដិសេធ ហើយរដ្ឋធម្មនុញ្ញកម្ពុជា អនុញ្ញាតឲ្យបញ្ជូនកងទ័ពចេញក្រៅតែក្រោមទង់របស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចង់ឲ្យការងារចារកម្ម ត្រឹមតែជាអ្នកផ្តល់ព័ត៌មាននោះទេ ចារកម្មត្រូវមានជម្រើសក្នុងការវិភាគទៅលើព័ត៌មាននានា ដែលព័ត៌មានខ្លះជាព័ត៌មានបំផ្លើស ហើយព័ត៌មានមិនពិតមិនគួរយកមកធ្វើការនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចសម្រេចបង្កើតសាលាហ្វឹកហ្វឺនចារកម្មដោយខ្លួនឯង គឺចៀសវាងការបែកធ្លាយអត្តសញ្ញាណ របស់អ្នកធ្វើចារកម្ម នៅពេលពួកគេទៅរៀនសូត្រនៅក្រៅប្រទេស។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសាលាហ្វឹកហ្វឺននេះ នឹងក្លាយទៅជាខ្នាតទូទាំងប្រទេស ដែលយកមកបណ្តុះបណ្តាលនៅទីនេះ ហើយមន្ត្រីនគរបាលផ្នែកចរាកម្មក៏អាចនឹងយកមករៀននៅទីនេះផងដែរ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការកាត់រំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងត្រឹមត្រូវ ព្រោះបើទុកឲ្យនៅ អាចនឹងមានបដិវត្តពណ៌នៅកម្ពុជា បំផ្លាញសន្តិភាពនៅកម្ពុជា

– សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកអំពីការបំប៉ោងព័ត៌មានថាសម្តេចស្លាប់ គឺចេញពីក្រុមប្រឆាំងរដ្ឋាភិបាល ដែលមានបំណងចង់បង្កអស្ថេរភាពនៅកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងជាមួយភេរវកម្ម ដែលជាពួកបិសាធដ៏សាហាវនៅលើពិភពលោក។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៩នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧៕