សុន្ទរកថា ឯកឧត្តម ប៊ិន ឈិន ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨»

291

សុន្ទរកថា ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ ​សម្តេច អគ្គមហាសេនា​បតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨»

ថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១,  ក្រសួងបរិស្ថាន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧

  • ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាទីរាប់អាន!
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាមួយឯកឧត្តម លោក​ជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារ​ឆ្នាំ២០១៨»       ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់វិស័យបរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​។ ខ្ញុំសូមយកឱកាសនេះ​ ថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​​ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឆ្លៀតពេលដ៏​មមាញឹក​អញ្ជើញចូលរួមក្នុងពិធីនេះ ដែលញ៉ាំងឱ្យអង្គសន្និបាតទាំងមូលប្រព្រឹត្តទៅដោយភាពអធិក​អធម ក្នុង​បរិយាកាសរីករាយ។

ជាមួយគ្នានេះដែរ ខ្ញុំសូមសម្តែង​នូវការកោតសរសើរ និងវាយតម្លៃខ្ពស់​​ចំពោះថ្នាក់ដឹកនាំ មន្រ្តី​រាជការ​ និងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត បញ្ញា និង​ស្មារតី ក្នុង​​ការ​បំពេញតួនាទី ភារកិច្ច និងបេស​កកម្មរបស់ខ្លួន ដើម្បីបុព្វហេតុ​កិច្ចគាំ​ពារបរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព សំដៅធានាឧត្តមប្រយោជន៍​ជាតិ មាតុភូមិ និងប្រជាជនយើង។

ដូចឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព បានបញ្ជាក់ជូនអម្បាញមិញហើយថា​ ការជួបជុំ​គ្នាថ្ងៃនេះ​មិន​ត្រឹមតែជា​សក្ខីភាពបញ្ជាក់នូវការចូល​រួម​​អបអរសាទរចំពោះសមិទ្ធផលនានា ដែល​ក្រសួង និងក្រុមប្រឹក្សាជាតិ​សម្រេច​បានក្នុងឆ្នាំ២០១៧​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំង​ជាឱកាសសម្រាប់យើងទាំងអស់គ្នា​ចូលរួមពិនិត្យវាយតម្លៃវឌ្ឍនភាពការងារ ដែល​សម្រេច​​បាន​ក្នុងអំឡុងពេល​៤ឆ្នាំ គិតចាប់តាំងពីដើម​អាណត្តិ​រាជរដ្ឋាភិបា​ល​នីតិកាលទី៥នៃរដ្ឋសភា។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ​សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗជាច្រើន ដែល​ក្រសួង  និង​ក្រុមប្រឹក្សាជាតិ​​សម្រេច​បាន​រហូតមកដល់ពេលនេះ ហើយខ្ញុំក៏សូមយកឱកាសដ៏ប្រពៃនេះ សម្តែងនូវ​ការគាំទ្រ និង​លើក​ទឹក​ចិត្ត​ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នទាំងពីរ​បន្តខិតខំបំពេញភារកិច្ចរបស់​ខ្លួន​​​ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹង​បំណងជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការ​​កសាង​សង្គមកម្ពុជាឱ្យក្លាយទៅជាសង្គមទំនើប​មួយ ដែលមានបរិស្ថានល្អ​ស្អាត និងការរស់នៅ​ដោយ​ចីរភាព សម្រាប់ប្រជាជនគ្រប់ៗរូប និងគ្រប់ៗជំនាន់​។

ខ្ញុំ​​​​​សង្ឃឹម​ថា សន្និបាតរយៈពេលបីថ្ងៃនេះ នឹងផ្តល់ឱកាសគ្រប់គ្រាន់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ​នៃស្ថាប័នទាំងពីរ និងអ្នកពាក់ព័ន្ធបានពិនិត្យ ពិភាក្សា និងវាយតម្លៃលើលទ្ធផល​ការងារ​ និងស្វែង​រក​ជម្រើស​ដ៏ប្រសើរក្នុងការកំណត់ទិសដៅការងារ​ និង​ផែនការ​សកម្មភាពសម្រាប់ឆ្នាំ២០១៨ ក៏ដូចជា​ឆ្នាំបន្ត​បន្ទាប់ទៀត។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គសន្និបាតទាំងមូលជាទីមេត្រី!

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការងារបរិស្ថានជាកិច្ចការសកល និងមានលក្ខណៈ​​អន្តរវិស័យ ដែលត្រូវបានពិភពលោក​យកចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ជាកិច្ចការ​ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងក្រប​ខ័ណ្ឌ​ជាតិ តំបន់ និងពិភពលោក ក្នុងការ​រួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យ​បាននូវ​គុណភាព​បរិស្ថាន តុល្យភាព​នៃប្រព័ន្ធអេកូឡូស៊ី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដី។

ក្នុងក្របខណ្ឌជាតិ  ការងារបរិស្ថានទាមទារឱ្យមានការចូលរួមពីគ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិង​ធនធានធម្មជាតិ ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព។ នៅចំពោះមុខ​កិច្ចការដ៏ចម្បងនេះ រាជរដ្ឋាភិបាលបាន​ប្រកាន់​ខ្ជាប់នូវជំហរ​វិជ្ជមាន ក្នុងការពង្រឹង​ប្រសិទ្ធភាព​​​ការងារ​គ្រប់​គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយ​បានជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ បន្តចូល​រួម​អនុវត្តឱ្យបានជោគ​ជ័យនូវយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាល​ទី៣ របស់រាជរដ្ឋា​ភិ​បាល និងផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​ តាមរយៈការពង្រឹងតួនាទីរបស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយ​ចីរភា​ព ដែលជា​យន្តការសម្របសម្រួលការរៀបចំគោលនយោបាយ ផែនការ​យុទ្ធសាស្រ្ត ផែនការ​សកម្មភាព និង​លិខិត​បទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍ​ដោយចីរភាព។ល។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងដើរតួយ៉ាង​សំខាន់​ក្នុងនាមជាស្ថាប័ន​និយតករ ក្នុងការ​​រៀបចំ និងផ្តួចផ្តើមឱ្យមានការធ្វើកំណែទម្រង់សំខាន់ៗនៅ​ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ ក៏ដូចជា​ជំរុញឱ្យអ្នក​ពាក់ព័ន្ធ​ទាំងអស់ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានារក្សា​​ឱ្យបាននូវតុល្យភាព​រវាង​ការអភិរក្សនិងការអភិវឌ្ឍ​​។ តាមរបាយការណ៍ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញឱ្យឃើញថា សម្រាប់​រយៈ​ពេលជាង៤ឆ្នាំកន្លងមកនេះ ដោយមាន​កិច្ចខិតខំ​ប្រឹងប្រែងក្នុងការធ្វើទំនើបកម្មស្ថាប័ន ស្ថាប័ន​ទាំងពីរ​​សម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់នូវ​កំណែ​ទម្រង់ស្ថាប័ន គោលនយោបាយនិងច្បាប់ ការអនុវត្ត​ថវិកា​កម្មវិធី ការអនុវត្តវិមជ្ឈការនិង​វិសហ​មជ្ឈការ ការគ្រប់គ្រងធនធានមនុស្សនិងកិច្ចគាំពារ​សុខុមាលភាព​មន្ត្រីរាជការ ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធរូបវន្ត និង​​​ការផ្គត់ផ្គង់មធ្យោបាយ និងសម្ភារៈ ដែលជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់លើកកម្ពស់​កិច្ច​គាំពារបរិស្ថាន ការ​គ្រប់​គ្រ​ងធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និងការអភិវឌ្ឍ​ដោយចីរភាព។ ទន្ទឹមនឹង​នេះ ឯកឧត្តម​រដ្ឋមន្រ្តី​ក៏បានរំលេច​ឱ្យឃើញនូវ​ភាព​ចាំបាច់ក្នុងការពិនិត្យ ​ពិភាក្សា និង​រួមគ្នា​ស្វែងរក​ដំណោះ​ស្រាយ​លើ​បញ្ហា​ប្រឈម​នានា​ ដើម្បីជាត្រីវិស័យ​តម្រង់ទិស សម្រាប់​ពង្រឹង​ប្រសិទ្ធ​ភាព​​ការងារគ្រប់​គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ នៅ​ក្នុងព្រះរាជាណា​ចក្រ​កម្ពុជា​។ ទោះជាយ៉ាង​ណា​ក៏​ដោយ សមិទ្ធផលទាំងនេះ គឺពិត​ជា​​មិន​អាច​កាត់ផ្តាច់ចេញពីការចូលរួម​សហការ និងការគាំទ្រ​ពី​សំណាក់​​​ក្រសួង ​ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់​ក្រោមជាតិ អង្គភាព​​​​ជុំវិញខេត្ត ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​​ប្រជាសហគមន៍​មូលដ្ឋាន​នោះឡើយ។​

ការធ្វើទំនើបកម្មស្ថាប័ន គឺជាកិច្ចការដែលគ្រប់ក្រសួង ស្ថាប័នត្រូវបន្តធ្វើ និង​ធ្វើជាប់ជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ​ និង​ភាពប្រសើរឡើង​នៃការផ្តល់សេវាសាធារណៈ​ សំដៅឆ្លើយតបទៅ​នឹង​ដំណើរវិវឌ្ឍន៍នៃសង្គមជាតិ។

ជារួម ខ្ញុំអាចវាយតម្លៃបានថា ការធ្វើទំនើបកម្មស្ថាប័ននៅក្នុងវិស័យបរិស្ថាននិងធនធាន​ធម្មជាតិ​​ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព​នៃការ​​អនុវត្តកម្មវិធី​ជាតិកំណែ​ទម្រង់​រដ្ឋបាលសាធារណៈ ​កំណែ​​ទម្រង់​​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កំណែទម្រង់​​វិមជ្ឈការ និងវិសហ​មជ្ឈការ​របស់រាជរដ្ឋាភិបាល ជាពិសេសប្រសិទ្ធភាពគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងនាម​រាជរដ្ឋាភិបាល​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមាន​ជំនឿ​យ៉ាងមុតមាំថា ក្រសួង​ និងក្រុមប្រឹក្សាជាតិ នឹងបន្ត​ស្មារតី​ខិតខំ​ប្រឹងប្រែងក្នុងការ​ដឹកនាំ និងសម្រប​សម្រួល​ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ទាំង​កម្រិត​​គោល​នយោបាយ និងបច្ចេកទេស​។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គសន្និបាតទាំងមូលជាទីមេត្រី!

ស្របពេលដែលប្រទេស​ជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ​លើ​គ្រប់វិស័យ កំណើន​​ប្រជាជននៅតាមទីប្រជុំជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏មាន​ការ​កើន​ឡើង​យ៉ាងឆាប់រហ័ស ដែលបាននាំមកនូវបញ្ហាប្រឈមជាច្រើន និងបង្កឱ្យមានផលប៉ះពាល់​អវិជ្ជមានដល់​គុណ​ភាព​​​បរិស្ថាន ធនធានធម្មជាតិ តុល្យ​ភាព​ប្រព័ន្ធ​អេកូឡូស៊ី សោភ័ណភាពទីក្រុង និងសុខមាលភាព​សង្គម។ បណ្តា​​ទី​ប្រជុំជន​ក្រុង​ធំ​ៗ​​បា​ននិងកំពុងប្រឈមនឹងការកើនឡើងនូវបរិមាណសំណល់រឹង រាវ ការថយចុះ​គុណ​ភា​ពទឹ​​ក ដី និង​ខ្យល់ ការរំខានដោយសម្លេង បញ្ហាកកស្ទះចរាចរណ៍ កំណើនតម្រូវការថាមពល ក៏ដូចជា កង្វះលំហ​បៃតង ដែលតម្រូវ​ឱ្យ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរ​មានសមត្ថកិច្ចគ្រប់​លំដាប់​ថ្នាក់ ត្រូវពិចារណា​ស្វែង​រកដំណោះស្រាយឱ្យបាន​សមស្រប។  ទន្ទឹមនឹងនេះ បញ្ហានៃការប្រែប្រួលអាកាសធាតុ​ក៏បានរួមចំណែកជះ​ឥទិ្ធ​ពល​អវិជ្ជមាន​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីផងដែរ ដែល​ទាម​ទារ​​ឱ្យ​យើង​ទាំង​អស់គ្នាត្រូវបន្តសហការ​ឱ្យបានជិតស្និទ្ធ ក្នុងការស្វែងរកវិធានការដោះស្រាយ​។

ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យ​សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលមេត្តាយកចិត្តទុក​ដាក់​ស្តាប់​នូវបទបង្ហាញស្តីពីវឌ្ឍនភាពការងារ បញ្ហាប្រឈមចំពោះមុខ និងសំណូមពរ ដើម្បីរួមគ្នាស្វែង​រក​វិធានការ​សម​ស្រប និងកំណត់ទិសដៅការងារ សំដៅឆ្លើយ​តបទៅនឹង​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល ក្នុងការពង្រឹង​ប្រសិទ្ធភាពការងារ​គ្រប់​គ្រង​បរិស្ថាន ​និង​ធនធាន​ធម្មជាតិនៅកម្ពុជា។ ដើម្បី​ជា​មូលដ្ឋានសម្រាប់ឱ្យ​អង្គ​សន្និ​បាត​ពិនិត្យ ពិភាក្សា និងស្វែងរក​ដំណោះស្រាយ​លើបញ្ហាប្រឈម និងតម្រូវការចាំបាច់នានា​ ខ្ញុំសូម​ផ្តល់​​នូវអ​នុសាសន៍មួយចំនួនដូចខាងក្រោម៖

១. សម្រាប់ការងាររដ្ឋបាលនិងហិរញ្ញវត្ថុ និងការធ្វើទំនើបកម្មស្ថាប័ន

  • ក្រសួងបរិស្ថាន​ត្រូវបន្ត​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន និង​ធ្វើជាប់ជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាព​ការងារ​ ការកសាងទំនុកចិត្ត និង​ភាពប្រសើរឡើង​នៃការផ្តល់​សេវា​សាធារណៈ​ សំដៅ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​វិវត្តន៍ និងតម្រូវការជាក់ស្ដែងរបស់​សង្គម​ជាតិ​។
  • ក្រសួងបរិស្ថាន​ត្រូវ​បន្ត​​លើកកម្ពស់ និងជំរុញការអនុវត្តឱ្យ​បានទូលំទូលាយនូវ​គោល​​នយោ​បាយ​ គាំពារមន្រ្តី​រាជការ​ ដោយផ្អែក​លើ​លទ្ធភាពជាក់ស្តែង​។
  • ក្រសួងបរិស្ថានត្រូវបន្ដការកែលម្អការ​រៀប​ចំ​ផែនការ​​ថវិកា និង​ការគ្រោង​ថវិកាប្រចាំឆ្នាំ ព្រមទាំង​តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីឱ្យបានហ្មត់ចត់។
  • ក្រសួងបរិស្ថានត្រូវបន្ត​ផ្សព្វ​ផ្សាយ​លិខិតបទ​ដ្ឋាន​​គតិ​យុត្ត និងជំរុញការអនុវត្តមុខងារ​ ដែល​បាន​ផ្ទេរជូនរដ្ឋបាល​ថ្នាក់ក្រោមជាតិ​ពាក់ព័ន្ធនឹងកិច្ចគាំពារ​បរិស្ថាន អប់រំផ្សព្វផ្សាយបរិស្ថាន ​ការ​គ្រប់​​​គ្រ​ង​​​តំបន់ការពារធម្មជាតិនិងសហគមន៍តំបន់​ការពារធម្មជាតិ និងការប្រែប្រួល​អាកាស​ធាតុ។
  • ក្រសួងបរិស្ថានត្រូវសហការជាមួយក្រសួង ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ ក្នុងការអនុវត្ត «យុទ្ធ​សាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ២០១៦-២០២៣» ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ បន្ទាប់ពីរាជរដ្ឋាភិបាលអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
  • ក្រសួង​បរិស្ថានត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ ក្នុងការពន្លឿន​ការបញ្ចប់​​សេចក្តីព្រាង «ក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា» ដែល​ជាលិខិតូបករណ៍គតិយុត្ត និងជាឯកសារ​តម្រង់ទិសដ៏សំខាន់ សម្រាប់ការគ្រប់គ្រង​បរិស្ថាន និងធនធានធម្មជាតិ។

. សម្រាប់ការងារគាំពារបរិស្ថាន

  • ក្រសួងត្រូវដឹកនាំសម្របសម្រួលការរៀបចំនិងអនុវត្តផែនការសកម្មភាព និងការស្វែង​រក​កញ្ចប់ថវិកាសម្រាប់វិនិយោគលើគម្រោងស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ និងពិនិត្យ​លទ្ធភាពបង្កើនថវិកានៃកញ្ចប់សេវាអនាម័យបរិស្ថាន សម្រាប់ពង្រីកវិសាលភាព​ការងារ​គ្រប់គ្រង​សំណល់​ទីប្រជុំជន ជាពិសេ​សសហការជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុង​ការ​ជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់​រឹង​ទីប្រជុំជន ឱ្យកាន់តែមានប្រសិទ្ធភាពប្រកប​ដោយស្មារតី​ទទួលខុសត្រូវខ្ពស់។
  • ក្រសួងបរិស្ថានត្រូវបន្តជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ​ដើម្បី​ទប់​ស្កាត់ កាត់បន្ថយ និងស្តារការបំពុលបរិស្ថានពីសកម្មភាពអភិវឌ្ឍន៍នានា ជាអាទិ៍ ការវាយ​តម្លៃ​​ហេតុប៉ះពាល់បរិស្ថាននិងកិច្ចសន្យាការពារបរិស្ថាន ការចុះត្រួតពិនិត្យជាប្រចាំតា​ម​ប្រភព​​បំពុល និង​ការដោះស្រាយរាល់បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពី​ការបំពុលបរិស្ថាន។
  • ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំបង្កើតយន្តការ​​ត្រួត​ពិនិត្យការគ្រប់គ្រង និង​ការបញ្ចេញសំណល់ពីតំបន់​សេដ្ឋកិច្ច​ពិសេស និងតំបន់ឧស្សាហកម្ម ដើម្បីទប់ស្កាត់ការ​បំពុលបរិស្ថាន និងធានាការអភិវឌ្ឍដោយចីរភាព។
  • ក្រសួងបរិស្ថាន ត្រូវបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងវិស័យឯកជន ក្នុងការគៀរគធនធានសម្រាប់គាំពារបរិស្ថាន និងការការពារ​សុខភាព​​សាធារណៈ។

៣. សម្រាប់ការងារការពារ និងអភិរក្សធនធានធម្មជាតិ

  • ក្រសួងបរិស្ថានត្រូវ​បន្តពង្រឹង​ប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀង​អភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ តាមរយៈ​ការពង្រឹងការអនុវត្តច្បាប់និងលិខិត​បទ​ដ្ឋាន​គតិយុត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ និងត្រូវបន្តរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិចាំបាច់នានាបន្ថែមទៀត។
  • ក្រសួងបរិស្ថានត្រូវបន្តពង្រឹងការអនុវត្តការផ្ទេរមុខងារគ្រប់គ្រងតំបន់​ការពារធម្មជាតិ និង​សហគមន៍តំបន់ការពារធម្មជាតិ​ទៅ​ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
  • ក្រសួងបរិស្ថានត្រូវជំរុញការសិក្សា​កំណត់តំបន់គ្រប់គ្រង បោះបង្គោលព្រំ​តំបន់​ការពារ​ធម្មជាតិ និងរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យបានច្បាស់លាស់ ដើម្បី​ពង្រឹង​​ប្រសិទ្ធភាព​​ការងារ​​គ្រប់​គ្រងតំបន់ការពារធម្មជាតិ កាត់បន្ថយការទន្ទ្រានកាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់ កាត់បន្ថយទំនាស់​នៃ​ការប្រើ​ប្រាស់ដីព្រៃ និងទប់ស្កាត់បទល្មើសធនធាន​ធម្មជាតិ។
  • ក្រសួងបរិស្ថានត្រូវសិក្សាអំពីសក្ដានុពលធនធាន​ធម្មជាតិ ជីវៈចម្រុះ វប្បធម៌ និងប្រវត្តិ​សាស្រ្ត ដើម្បី​រៀបចំបង្កើតតំបន់ការពារ​ធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិបន្ថែម​ទៀត។
  • ក្រសួងបរិស្ថានត្រូវបន្ដពង្រឹងសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិ និងជំរុញការសិក្សា​កំណត់សក្តានុពលសហគមន៍​នីមួយៗ ដើម្បីជួយដល់សហគមន៍ក្នុងការរបង្កើត​មុខ​​របរ​ថ្មី​ ការអភិវឌ្ឍកសិកម្ម និងការផ្ដល់សេវាកម្ម​ទេសចរណ៍ធម្មជាតិ សំដៅលើកស្ទួយ​ជីវភាព​សហគមន៍​​​ ក៏ដូចជាការចូលរួមរបស់ពួកគាត់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
  • ក្រសួងបរិស្ថានត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរ​ធនធាន​ថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងការពារ និង​អភិរក្សធនធានធម្មជាតិ ពិសេសការអនុវត្ត​គម្រោង​រេដបូក និងគម្រោងជួយដល់សហគមន៍​មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ។

៤. សម្រាប់ការងារអភិវឌ្ឍន៍ដោយចីរភាព

  • ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាពត្រូវបន្តសម្របសម្រួល និង​សហការជាមួយគ្រប់​ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ​រៀបចំលិខិតបទ​ដ្ឋាន​គតិ​យុត្ត គោល​នយោបាយ​ ផែនការយុទ្ធសាស្រ្ត និង​ផែនការ​សកម្មភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍ​ដោយ​ចីរភាព សំដៅ​​ធានាបានតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។
  • ក្រុមប្រឹក្សាជាតិ​ត្រូវជំរុញការសិក្សាស្រាវជ្រាវបែប​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជា​មូលដ្ឋាន​​តម្រង់​ទិសការរៀបចំ ការអនុវត្ត និងការវាយតម្លៃគោលនយោបាយ និង​ក្របខណ្ឌ​គតិយុត្ត​ពាក់ព័ន្ធនឹង​ការ​អភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍដោយចីរភាព ជាពិសេស​ការ​រៀបចំ​និងអនុវត្ត «ផែនការអភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព»។
  • ក្រុមប្រឹក្សាជាតិត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការសិក្សាអំពី​លទ្ធភាព​​​នៃការពង្រីកការប្រើ​ប្រាស់​ថាមពលកកើត​ឡើង​វិញ​ ជាពិសេសថាមពលពន្លឺ​ព្រះអាទិត្យ​សម្រាប់​ផលិតអគ្គិសនី។
  • ក្រុមប្រឹក្សាជាតិត្រូវសិក្សារៀបចំគោលនយោបាយ «ការទូទាត់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី​» និង «កម្រៃ​លើ​ការបំពុល» ដោយផ្អែកលើបទពិសោធ​នៃការអនុវត្តគម្រោង​​សាកល្បង​ប្រភេទនេះ។
  • ក្រុម​ប្រឹក្សា​ជាតិត្រូវបន្ត​សម្របសម្រួល និងសហការជា​មួយគ្រប់ភាគី ក្នុងការអនុវត្ត​កិច្ច​ព្រម​ព្រៀង​​អន្តរជាតិឱ្យកាន់​តែ​មានប្រសិទ្ធភាព ​ដើម្បី​​លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការឆ្លើយ​តប​​នឹង​ការ​ប្រែ​ប្រួល​​អាកាសធាតុ ការអភិរក្សជីវៈចម្រុះ​ ការគ្រប់គ្រងជីវសុវត្ថិភាព និងការសិក្សា​ស្រាវ​ជ្រាវ​​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បៃតង។​​
  • ក្រុម​ប្រឹក្សាជាតិ​ត្រូវបន្ត​សម្រប​​​សម្រួល​និងសហការជាមួយគ្រប់​ភាគីពាក់ព័ន្ធ ក្នុងការ​បញ្រ្ជាប​​គោល​ការណ៍​អភិវឌ្ឍន៍បៃតង និងការ​ប្រែប្រួល​អាកាស​ធាតុទៅ​ក្នុង​ផែនការវិនិយោគ និង​អភិវឌ្ឍន៍ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ សំដៅរួមចំណែកដល់ការអនុវត្ត​ផែនការ​​យុទ្ធសាស្រ្ត​​ឆ្លើយ​តប​នឹង​​ការ​ប្រែប្រួល​អាកាសធាតុកម្ពុជា ​របាយការណ៍ស្តីពី​ការចូលរួម​របស់​កម្ពុជា​ ក្នុងការអនុវត្តអនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិស្តីពីការប្រែ​ប្រួល​អាកាសធាតុ និង​កិច្ច​ព្រម​​ព្រៀង​ទីក្រុងប៉ារីសស្តីពី​ការ​ប្រែប្រួលអាកាសធាតុ។

៥. សម្រាប់ការងារអប់រំផ្សព្វផ្សាយបរិស្ថាន

  • ក្រសួងបរិស្ថាន​ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានបរិស្ថាន សំដៅលើកកម្ពស់​ការយល់ដឹងជា​សាធារណៈ​អំពី​បរិស្ថាន​តាម​គ្រប់​មធ្យោបាយ​និង​រូបភាព ដើម្បី​កែប្រែទាំង​ផ្នត់គំនិត និង​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់​បរិស្ថាន និង​មានស្មារតី​ចូលរួម​ក្នុង​កិច្ចគាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ​និង​ការអភិវឌ្ឍដោយចីរភាព។
  • ក្រសួង​បរិស្ថាន​ត្រូវបន្ត​ពង្រឹង​​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋ​បាលថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ ជាពិសេស​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការពង្រឹង​សកម្មភាព​សិក្សា ស្រាវជ្រាវ អប់រំ​​ បណ្តុះបណ្តាល ផ្សព្វផ្សាយ ពិគ្រោះយោបល់ និង​បញ្រ្ជាប​ចំណេះដឹង​​ស្តីពី​​បរិស្ថាន​ឱ្យ​បានកាន់​តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ។
  • ​ក្រសួង​បរិស្ថានត្រូវបន្ដរៀបចំបង្កើតប្រព័ន្ធទិន្នន័យបរិស្ថាន និង​សេវាកម្មព័ត៌មានភូមិសាស្រ្ត ដើម្បី​ជាមូលដ្ឋានសម្រាប់ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាសម្រាប់រៀបចំ​គោលនយោបាយ ​យុទ្ធសាស្ត្រ​ និង​របាយការណ៍​ស្តីពីស្ថានភាព​បរិស្ថាន​ជាតិ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គសន្និបាតទាំងមូលជាទីមេត្រី!

ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈសន្និបាតរយៈពេលបីថ្ងៃនេះ យើងទាំងអស់គ្នានឹងទទួលបាន​នូវឱកាសយ៉ាងពេញលេញ ក្នុងការចូលរួមចែក​រំលែកចំណេះដឹង និងបទពិសោធ ក្នុងការងារ​គ្រប់គ្រង បរិស្ថាន និងធនធានធម្មជាតិ ដែលជាកិច្ចការដ៏ចម្បងចំពោះមុខ និងតម្រូវឱ្យយើងទាំងអស់គ្នា បន្តចូលរួម ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហាឱ្យបានកាន់តែប្រសើរថែមទៀត។ ខ្ញុំសូមស្នើឱ្យអង្គសន្និបាតទាំងមូល មេត្តា​​​​​យកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់បញ្ហាអាទិភាព ទិសដៅ​ការងារ និងផែនការ​សកម្មភាព សម្រាប់ ឆ្លើយ​តបតម្រូវការចំពោះមុខរបស់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយខ្ញុំសង្ឃឹមថា មន្រ្តីយើង​ទាំងអស់​គ្នា​នឹង​បន្តអនុវត្ត​ឱ្យ​បាន​​ជោគជ័យនូវរាល់ភារកិច្ច ដែលរាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​ឧត្តមប្រយោជន៍របស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

​​មុននឹងបញ្ចប់ ខ្ញុំសូម​ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ​បន្តនូវវប្បធម៌​សហការ​ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចគាំពារ​បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង​ការ​រស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរ​ ខ្ញុំក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធទាំងអស់ សូមបន្ត​ផ្តល់នូវកិច្ចសហការនិងការគាំទ្រដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​ឱ្យស្ថាប័នមួយ​នេះ​មាន​លទ្ធភាព ក្នុងការបញ្រ្ជាបការអភិវឌ្ឍដោយចីរភាព ទៅក្នុងគោលនយោ​បាយ ផែនការ​យុទ្ធសាស្រ្ត លិខិត​បទដ្ឋានគតិយុត្ត ផែនការ​សកម្មភាព​ និងទិសដៅការងារ​របស់ក្រសួង​ស្ថាប័ន​រៀងខ្លួន ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការប្រែប្រួល​អាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងជីវៈ​សុវត្ថិភាព។

ជាទីបញ្ចប់ ខ្ញុំសូម​​ជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ​និងអន្តរជាតិ​ទាំងអស់ សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខ​គ្រប់​ប្រការ និងសូម​ឱ្យអង្គសន្និបាតទាំង​មូលប្រព្រឹត្តិទៅប្រកប​ដោយភាពជោគជ័យ និងទទួលបាន​លទ្ធផល​ជាផ្លែផ្កា។

ខ្ញុំសូមប្រកាសបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារ​ឆ្នាំ២០១៨» ចាប់ពីពេលនេះតទៅ៕

សូមអរគុណ!

Download (PDF, 279KB)