សុន្ទរក​ថាស្វាគមន៍ និង​របាយការណ៍វឌ្ឍនភាពការងារ ឯកឧត្តម សាយ សំអាល់ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨»

745

សុន្ទរកថាស្វាគមន៍ និងរបាយការណ៍វឌ្ឍនភាពការងារ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨»

ថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស ២០៦១, រាជធានីភ្នំពេញ ថ្ងៃទី១១ ខែធ្នូ គ.ស ២០១៧

ជាបឋម ខ្ញុំបាទសូមគោរពឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព!

សូមគោរព ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការនៃព្រឹទ្ធសភា និងរដ្ឋសភា ដ៏ឧត្តុង្គឧត្តម!

ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភ្ញៀវកិតិ្តយសទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ខ្ញុំបាទមានកិត្តិយស និងសេចក្តី​សោមនស្សរីករាយ សូមគោរពស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការ​គណៈ​រដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតី​ក្នុង​ពិធី​បើក «សន្និបាត​បូកសរុបលទ្ធផលការងារបរិស្ថាន​ឆ្នាំ២០១៧ និងទិសដៅការងារ​ឆ្នាំ២០១៨» នាពេល​នេះ។ ខ្ញុំបាទសូមយកឱកាសនេះ​ គោរព​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ ដែល​បាន​ឆ្លៀតពេលដ៏មានតម្លៃ អញ្ជើញ​ចូលរួម​​ក្នុងពិធីបើកសន្និបាតនេះ ដែលញ៉ាំងឱ្យអង្គពិធីទាំងមូល​ប្រព្រឹត្ត​ទៅប្រកបដោយ​ភាពអធឹក​អធម​ក្រៃលែង។

ជាមួយគ្នានេះដែរ ជំនួសមុខឱ្យគណៈកម្មការរៀបចំសន្និបាត ខ្ញុំបាទក៏សូមគោរពស្វាគមន៍ និងថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការនៃព្រឹទ្ធសភា និងរដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នក​ពាក់ព័ន្ធទាំងអស់ ​ដែល​បានឆ្លៀត​ពេលដ៏មមាញឹក អញ្ជើញចូលរួមជាភ្ញៀវកិត្តិ​យស ក្នុង​ពិធី​បើកសន្និបាតដ៏មានសារៈសំខាន់នេះ។

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការជាទីគោរពដ៏ខ្ពង់ខ្ពស់!
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីគោរពរាប់អាន!

សន្និបាតបូកសរុបលទ្ធផលការងារ ជាកិច្ចការដែលគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យ​វាយតម្លៃវឌ្ឍនភាពការងារនិងសមិទ្ធផលសម្រេចបាន​ក្នុងឆ្នាំកន្លងមក ស្វែងរកដំណោះ​ស្រាយ​ចំពោះ​​​បញ្ហា​ប្រឈមនានា និងលើកទិស​ដៅការងារអាទិភាព​សម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ដោយឡែក សន្និបាតបូក​សរុបលទ្ធផលការងារបរិស្ថានឆ្នាំនេះ គឺមិនត្រឹមតែជាការបូកសរុបលទ្ធផលការងារ​ប្រចាំ​ឆ្នាំ២០១៧​​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាការពិនិត្យវាយតម្លៃវឌ្ឍនភាពការងារសម្រាប់រយៈពេល៤ឆ្នាំ ដែលក្រសួងបរិស្ថាន​សម្រេច​បានចាប់តាំងពីដើមអាណត្តិ​រាជរដ្ឋាភិបា​លនីតិកាលទី៥ នៃរដ្ឋសភា។

តាម​​​រយៈសន្និបាតឆ្នាំនេះ ក្រសួងបរិស្ថាននឹងដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ ផែនការសកម្មភាព និង​ទិស​ដៅ​​​ការងារអាទិភាព សម្រាប់ឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួងបរិស្ថានបន្តអនុវត្ត ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​ជាសាធារណៈអំពី​បរិស្ថាន សំដៅប្រមូលផ្តុំកម្លាំងមហាជនពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម​កាន់តែ​សកម្ម​បន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយចីរភាព​។ ជារួម សន្និ​បាតឆ្នាំ២០១៧នេះ មានចរឹត​​លក្ខណៈជាការបូកសរុបសមិទ្ធផលធំៗ ក្នុងវិស័យបរិស្ថាន និង​ធនធាន​ធម្មជាតិ ដើម្បីជាមូលដ្ឋាន​គ្រឹះសម្រាប់កំណត់ទិសដៅ​ការងារអាទិភាពក្នុង​វិស័យនេះនៅក្នុង​អាណត្តិ​បន្ទាប់ សំដៅ​ឆ្លើយតប​​ទៅ​នឹងដំណើរវិវត្តន៍នៃនិន្នាការនយោបាយ ស្ថានភាព​សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងនៅ​ថ្នាក់ជាតិ តំបន់ និងពិភពលោក ។​​

ខ្ញុំបាទសូមយកឱកាសនេះ គោរពជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងអង្គសន្និបាត​ទាំងមូលមេត្តាជ្រាបថា ដោយផ្អែកលើ «គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារ​មាតុភូមិ ឆ្នាំ២០១៣២០១៨ យុទ្ធសាស្រ្តចតុកោណដំណាក់​កាល​ទី៣ របស់រាជរដ្ឋាភិបាល និងមតិណែនាំដ៏​ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ របស់គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៣» ក្រសួងបរិស្ថានបាន​កំណត់​យក «ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្ស​​ជីវៈចម្រុះ និងការរស់នៅដោយចីរភាព» ជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំ​គោល​នយោ​បាយ ផែនការយុទ្ធសាស្រ្ត និង​ផែន​ការសកម្ម​ភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍ​ដោយចីរភាព ស្របតាមផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​ និងគោលដៅអភិវឌ្ឍន៍ដោយ​ចីរភាពរបស់អង្គការសហប្រជាជាតិ។

ជាក់ស្តែង គិតត្រឹមចុងឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានបានសម្រេចលទ្ធផលការងារសំខាន់ៗ​ដូចខាងក្រោម៖

១. ការធ្វើទំនើបកម្មស្ថាប័ន៖ ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់​រាជ​រដ្ឋាភិបាល និងជាមូលដ្ឋានសម្រាប់ពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរ​ភាព ក្រសួង​​បានធ្វើទំនើប​កម្មស្ថាប័ន ដោយផ្តោតការយកចិត្តទុក​ដាក់លើការងារ​ជាអាទិ​ភាព​ដូច​ខាង​ក្រោម៖

ក.  កំណែទម្រង់ស្ថាប័ន គោលនយោបាយ និងច្បាប់

  • ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធក្រសួងបរិស្ថាន រួម​មាន អគ្គនាយកដ្ឋានរដ្ឋបាល​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋាន​រដ្ឋ​បាល​​ការពារនិងអភិរក្ស​ធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន​បរិស្ថាន អគ្គាធិការ​ដ្ឋាន និងនាយកដ្ឋានសវនកម្ម​ផ្ទៃក្នុង តាមរយៈអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្ត​ទៅ​របស់​ក្រសួងបរិស្ថាន។ ទន្ទឹមនឹងនេះ ក្រសួង​​បរិស្ថានក៏បានពិនិត្យ និងកែសម្រួល​​ការ​រៀបចំ និងការ​ប្រព្រឹត្ត​ទៅ​របស់មន្ទីរ​បរិស្ថាន​​រាជធានី ខេត្ត ដើម្បីឆ្លើយតបទៅនឹង​តម្រូវ​ការ​​ជាក់ស្តែង។
  • ​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវបានបង្កើតឡើង តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤០៣ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ ដោយធ្វើសមាហរ​ណកម្ម​​តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង គណៈកម្មាធិការជាតិគ្រប់គ្រង​ការប្រែ​ប្រួល​​អាកាសធាតុ គណៈកម្មាធិការជាតិគ្រប់គ្រងជីវៈចម្រុះ និងគណៈកម្មាធិការ​ជាតិ​ជីវសុវត្ថិភាព ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការរៀបចំ និង​អនុវត្ត​គោល​នយោបាយជាតិ ផែនការ​យុទ្ធសាស្ត្រជាតិ និងការកៀរគរ​ធនធានថវិកា និងបច្ចេកទេស សម្រាប់​លើកកម្ពស់​ការអភិវឌ្ឍ​បៃតង ការឆ្លើយ​តបទៅនឹងការប្រែប្រួលអាកាសធាតុ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និងការអភិវឌ្ឍ​ដោយ​ចីរភាព សំដៅធានាបាននូវតុល្យភាពរវាង​ការអភិរក្ស និងការអភិវឌ្ឍ។
  • ក្រសួងបានរៀបចំ «យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣» ដែល​ជាផែនទីបង្ហាញផ្លូវសម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ច​គាំពារ​បរិស្ថាន ការគ្រប់​គ្រង​​​​​ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព តាមរយៈ ការជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធដាក់បញ្ចូលបញ្ហាបរិស្ថាន និងធនធានធម្មជាតិ​ទៅក្នុង​ផែន​ការ និង​កម្មវិធី​អភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
  • ក្រសួងក៏បានរៀបចំសេចក្តីព្រាង «ក្រមបរិស្ថាន និងធ​នធានធម្មជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា» ដែល​ជាក្របខណ្ឌ​គតិយុត្តមួយគ្របដណ្តប់លើវិស័យបរិស្ថាន និងធនធាន​ធម្មជាតិ ដោយ​​ធ្វើសមាហរណកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ខ.  ការអនុវត្ត​កំណែ​ទម្រង់​ហិរញ្ញវត្ថុសាធារណៈតាមថវិកាកម្មវិធី៖ ក្រសួងបានជំរុញការអនុវត្ត​កំណែ​ទម្រង់​ហិរញ្ញវត្ថុសាធារណៈតាមថវិកាកម្មវិធី ដោយបង្កើត​​​អង្គភាព​ថវិកា​ចំនួន​៣០ ដើម្បី​​​ធានា​គណនេយ្យ​ភាព តម្លាភាព ប្រសិទ្ធ​ភាព និងសង្គតិភាពថវិការដ្ឋ ក៏ដូចជា ការផ្តល់​សេវា​​សាធារណៈ​តាម​ការិយា​ល័យ​ច្រកចេញ​ចូលតែ​មួយ ព្រមទាំងដាក់​ឱ្យ​ប្រើ​​​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុបែប​ថ្មី សំដៅ​​​ធានាប្រសិទ្ធ​ភាពក្នុង​ការអនុវត្ត​ច្បាប់​លទ្ធកម្មសាធារណៈ និងការ​ពង្រឹង​​ការចុះ​បញ្ជីសារ​ពើភ័ណ្ឌ​ចលនទ្រព្យ និងអចលន​ទ្រព្យ​របស់រដ្ឋ។

គ. ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការផ្ទេរ​មុខងារ

  • ក្រសួងបានផ្ទេរ​មុខងារ​ចំនួន៥ ទៅឱ្យ​រដ្ឋបាល​​ថ្នាក់​​ក្រោមជាតិ រួមមាន ១. ការគ្រប់​គ្រង​សំរាម សំណល់​រឹងទីប្រជុំជន​ ២. ការគ្រប់គ្រង​​តំបន់​ការពារធម្មជាតិ ៣. ការគ្រប់​គ្រង​សហ​គមន៍​​តំបន់​ការពារ​ធម្មជាតិ ៤.ការ​បញ្ជ្រាប​ភាពធន់នឹង​អាកាស​ធាតុ និង ៥. ​ការ​ពង្រឹង​​​​ការងារ​អប់រំ​បរិស្ថាន។ ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៧នេះ ក្រុមការងារវិមជ្ឈការ និង​វិសហ​មជ្ឈការ​នៃ​ក្រសួង​បរិស្ថាន​បានចុះ​តាម​ដាន ​ត្រួត​ពិនិត្យ​ និង​ផ្តល់​ការគាំទ្រផ្នែក​បច្ចេកទេស​​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ​​​ក្នុង​ការ​អនុវត្ត​​​មុខងារ ដើម្បីធានា​ការអនុវត្ត​តាម​ច្បាប់​ លិខិត​បទដ្ឋាន​ និង​សេចក្តី​ណែ​​នាំ​​នានា​ក្នុង​ការ​ផ្តល់​​សេវាតាម​បែបវិមជ្ឈការ។
  • ក្រសួងក៏បានចុះត្រួតពិនិត្យ អង្កេតស្រាវជ្រាវ និងធ្វើអធិការកិច្ចលើករណី​បណ្តឹង និង​ភាព​មិ​នប្រក្រតី​នានា ដើម្បីពង្រឹងការគ្រប់គ្រង និងដឹកនាំនៅ​តាម​មន្ទីរ​បរិស្ថាន និង​តំបន់​​ការពារ​ធម្មជាតិ​ និងបានចុះធ្វើសវនកម្មលើអង្គភាពរងសវនកម្ម និងនៅ​តាមមន្ទីរ​បរិស្ថាន​រាជធានី ខេត្ត។

ឃ. ការគ្រប់គ្រងធនធានមនុស្ស និងកិច្ចគាំពារសុខុមាលភាពមន្ត្រីរាជការ

  • បានយកចិត្តទុកដាក់លើកិច្ចគាំពារមន្ត្រីរាជការ​ លើក​​ទឹក​ចិត្តមន្ត្រីសកម្ម និងគិតគូរជា​ចម្បង​​ដល់ជីវភាព និងទុក្ខលំបាករបស់មន្ត្រីរាជការ ដូចជា​ឧបត្ថម្ភសម្រាប់​ការរៀប​អាពាហ៍​ពិពាហ៍ ការសម្រាលបុត្រ​ ការចូល​និវត្តន៍ ការព្យាបាលជម្ងឺ មរណភាព​ និងជីវភាពខ្វះខាត។
  • ក្រសួងបានធ្វើជំរឿនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា​ ​និងរៀបចំប្រកាសទទួល​ក្របខណ្ឌ​មន្ត្រី​រាជការថ្មី​ មន្ត្រីផ្ទេរពីក្រសួងស្ថាប័នផ្សេងៗ និងការតែងតាំង​មន្ត្រីរាជការឱ្យបានត្រឹមត្រូវ ស្រប​តាម​​សមត្ថភាព​វិជ្ជាជីវៈ។​
  • ក្រសួងក៏បានកសាង និងពង្រឹងសមត្ថភាពមន្រ្តីរាជការក្នុងនិងក្រៅប្រទេស​ស្តីពីជំនាញ​រដ្ឋបាល-ហិរញ្ញវត្ថុ ជំនាញឯកទេស និងផ្តល់ឱកាសឱ្យទទួលបានអាហារូបករណ៍​ថ្នាក់​ឧត្តម និងក្រោយឧត្តម​នៅ​​ក្រៅ​ប្រទេស។

ង. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការផ្គត់ផ្គង់មធ្យោបាយ និងសម្ភារៈ

  • បានសាងសង់ទីស្តីការក្រសួងបរិស្ថានថ្មី «អគារមតរកតេជោ» ដោយបានសម្ពោធដាក់ឱ្យ​ប្រើប្រាស់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
  • បានបំពាក់រថយន្តចំនួន ១០៩គ្រឿង ដោយមិនប្រើប្រាស់ថវិការដ្ឋ និងបានចែកជូនចាប់ពី​​រដ្ឋលេខាធិការដល់ប្រធាននាយកដ្ឋាននៅថ្នាក់ជាតិ និងប្រធានមន្ទីរ​បរិស្ថាន​​​រាជធានី ខេត្ត។
  • បានទិញម៉ូតូចំនួន ៣០គ្រឿង ជូនតំបន់ការពារធម្មជាតិ និង ៣៥គ្រឿង អំណោយរបស់​ក្រុមហ៊ុន ទ្រី ភាព ជូនមន្ត្រីនាយកដ្ឋានចំណុះក្រសួង ដើម្បីប្រើប្រាស់។
  • បានបំពាក់សម្ភារៈការិយាល័យនានា ជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន និងនាយកដ្ឋាន ដូចជា Laptop Computer ចំនួន ៩២គ្រឿង Desktop Computer ចំនួន ២៨១គ្រឿង ម៉ាស៊ីន Printer ចំនួន ១១៨គ្រឿង និងម៉ាស៊ីនថតចម្លង ចំនួន ៣២គ្រឿង។
  • បានផ្តល់សម្លៀកបំពាក់ជាឯកសណ្ឋានជូនមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស។

. កិច្ចគាំពារបរិស្ថាន៖ ក្រសួងបានខិតខំអនុវត្តតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ដើម្បី​ធានាបរិស្ថានស្អាត និងបៃតង​ សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ដោយសម្រេច​បាននូវ​ភារកិច្ច​ស្នូលសំខាន់ៗមានជាអាទិ៍៖

  • បានជំរុញការអនុវត្ត ១.អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២.អនុ​ក្រឹត្យ​​​ស្តី​ពី​ការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ៣.អនុក្រឹត្យស្តីពី​ការបង្កើត​មូលនិធិ​បរិស្ថាន​​និង​សង្គម និង៤. អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទីក។
  • បានបញ្ចប់​សេចក្តី​ព្រាង៖ ១. ​អនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ​និងប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកកខ្វក់ ២. អនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យ​ការសាយ​ភាយនិង​បំលាស់​ទី​សារធាតុ​បំពុល។
  • បានបញ្ចប់សេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិគ្រប់គ្រងសំណល់នៅកម្ពុជា ២០១៧-២០៣០ ក្នុងគោលដៅធានាការគ្រប់គ្រងសំណល់តាមវិធីសាស្ត្រចម្រុះ​ ស្របតាម​ទស្សនា​ទាន «ការអភិវឌ្ឍ​ទីក្រុង​​ដោយនិរន្តរភាព»។
  • បានរៀបចំបង្កើត និងអនុវត្តកញ្ចប់​ថវិកា​សេវាអនាម័យ បរិស្ថាន សម្រាប់អនុវត្តមុខងារ​គ្រប់គ្រង​សំណល់រឹង-រាវ ​តាមក្រុង​គោលដៅចំនួន ២៦ ចាប់តាំង​ពី​ឆ្នាំ២០១៥ ដល់ឆ្នាំ​២០១៧ ដែល​មាន​ថវិកាសរុបចំនួន ២១ពាន់លានរៀល និងបានចុះតាមដាន ត្រួត​ពិនិត្យ វាយតម្លៃ និងតម្រង់ទិស​ការអនុវត្ត​ការផ្ទេរមុខងារ និងការប្រើប្រាស់ថវិកា​ឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព និងគណនេយ្យភាព។
  • បានពង្រឹងប្រសិទ្ធភាព និងពន្លឿនដំណើរការពិនិត្យផ្តល់យោបល់​លើរបាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​​បរិស្ថាននិងសង្គម និង​បានចុះតាមដានត្រួតពិនិត្យការអនុវត្ត​លិខិត​បទ​ដ្ឋាន​​គតិយុត្ត​បំពុល​បរិស្ថាន និងលក្ខខណ្ឌ​​​ដែល​បានកំណត់ក្នុងកិច្ចសន្យាការពារ​បរិស្ថាន និង​ផែនការគ្រប់គ្រង​បរិស្ថាន​។
  • បានតាមដានត្រួតពិនិត្យគុណភាពទឹក ដី ខ្យល់ និងកម្រិតអាស៊ីដបរិយាកាស​ នៅតាម​បណ្តា​ទីប្រជុំជន រាជធានី និងខេត្ត​គោល​ដៅ ដើម្បីធានាធ្វើការវាយតម្លៃពីស្ថានភាព​គុណភាពបរិស្ថាន។
  • បានសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ដើម្បី​ពង្រឹងសមត្ថភាព និងសុក្រឹត្យភាព​វិភាគ​របស់​មន្ទីរពិសោធន៍។
  • បាន និងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេស​ជាមិត្ត ក្នុងការរៀបចំ និង​អនុវត្ត​គម្រោង និងសកម្មភាពនានាពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន។

. ការងារការពារ និងអភិរក្សធនធានធម្មជាតិ៖ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធាន​ធម្មជាតិ​ ក្រសួងបរិស្ថានបានខិតខំអនុវត្តឱ្យសម្រេចបានជោគជ័យលើការងារអាទិភាពដូចខាងក្រោម៖

  • បានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាព​ការងារ​គ្រប់​គ្រង ទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិ ដែលរួមមាន៖ អនុក្រឹត្យ សារាចរ ប្រកាសរួម ផែនការយុទ្ធសាស្រ្តជាតិ និងគោលការណ៍ណែនាំផ្សេងៗ ដែលមានវិសាលភាព​គ្របដណ្តប់​លើ​ការ​គ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈ​ចម្រុះ។
  • បានអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរគម្រោងវិនិយោគអភិវឌ្ឍន៍​សម្បទាន​​ដី​សេដ្ឋកិច្ច​​​ចំនួន៧៣ ពីក្រសួងបរិស្ថានទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្ទេរ​តំបន់​ព្រៃការ​ពារ​​​ចំនួន ១៣កន្លែង និងព្រៃផ្តល់ផលចំនួន ៥កន្លែង ពីក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ មកក្រសួងបរិស្ថាន។
  • បានសហការជាមួយគណៈកម្មការជាតិ ​ដើម្បី​ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ និង​គណៈ​បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដឹកនាំ​សម្រប​សម្រួល និង​ចាត់​វិធានការ ស្របតាមគោលការណ៍ច្បាប់ក្នុងការទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ។​
  • បានយកចិត្តទុកដាក់បង្កើនប្រាក់ឧបត្ថម្ភប្រចាំខែដល់មន្រ្តីឧទ្យានុរក្ស ពី១៤ម៉ឺនរៀល​ ដល់​៤០ម៉ឺនរៀល និង​​បានជ្រើសរើសមន្ត្រីឧទ្យានុរក្សចំនួន ៣០០នាក់បន្ថែម តាមការសម្រេច​របស់​រាជរដ្ឋា​ភិ​បាល ព្រមទាំងបានបញ្ចូលមន្រ្តី​ឧទ្យានុរក្ស​ចំនួន ១.២៦០នាក់ ទៅក្នុង​ក្របខណ្ឌមុខងារ​សាធារណៈ។
  • បានបង្កើនតំបន់ការពារធម្មជាតិពី ២៣កន្លែង ដល់ ៥០កន្លែង និងបង្កើតរបៀងអភិរក្ស​ជីវៈចម្រុះ​​ប្រព័ន្ធ​​តំបន់​ការពារ​ធម្មជាតិ ៣កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧,៥ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃ​ប្រទេស។
  • បានសិក្សាស្រង់ទិន្នន័យ និងវាយតម្លៃសក្តានុពលជីវៈចម្រុះនិងធនធានធម្មជាតិ តំបន់​មួយចំនួន ដើម្បីបង្កើតតំបន់ការពារធម្មជាតិ​ថ្មីៗបន្ថែមទៀត។
  • បានយកចិត្តទុកដាក់ពង្រឹង​សមត្ថភាព​មន្ត្រីជំនាញ​​​​​​​​​​​​​​​ និងមន្រ្តីឧទ្យានុ​រក្ស ក្នុងការទប់ស្កាត់ និង​បង្រ្កាប​បទល្មើស​​ធនធាន​ធម្មជាតិគ្រប់ប្រភេទ ក្នុងតួនាទីជាមន្រ្តីនគរបាល​យុត្តិធម៌ និង​ជាភ្នាក់ងារ​មន្រ្តីនគរបាលយុត្តិធម៌ ស្រប​​តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និង​នីតិ​វិធី​នៃច្បាប់ជាធរមាន។
  • បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងជំរុញការផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារ​ធម្មជាតិ និង​សហគមន៍តំបន់ការពារធម្មជាតិ​​ទៅឱ្យ​ថ្នាក់​ក្រោមជាតិ ក្រោមការដឹកនាំរួមរបស់​គណៈបញ្ជា​ការ​ឯកភាព​​ខេត្ត ដោយមានមន្ទីរ​បរិស្ថានជាសេនាធិការ។
  • ​សហការជាមួយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការ​រៀបចំ​​ផែនទីឯកភាព សម្រាប់​ពង្រឹង​ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅដ្ឋាន សម្បទានដី​សេដ្ឋ​កិច្ច​ សម្បទានដី​សង្គមកិច្ច តំបន់អភិរក្ស និងតំបន់ការពារ​​ធម្មជាតិ។
  • បាននិងកំពុងសិក្សាប្រមូលទិន្នន័យព័ត៌មានភូមិសាស្ត្រ និងបកប្រែទិន្នន័យពី​ផ្កាយ​រណប ដើម្បី​ធ្វើបច្ចុប្បន្នភាព​ផែនទីតំបន់​ការពារធម្មជាតិឡើងវិញ។
  • បានរៀបចំកំណត់តំបន់គ្រប់គ្រង រៀបចំផែនការគ្រប់គ្រង និងបោះបង្គោល​ព្រំ​ប្រទល់​​តំបន់ការពារ​ធម្មជាតិ។
  • សហការរៀបចំនិងអនុវត្តគម្រោងរេដបូកជាមួយអង្គការដៃគូ រួមមាន៖ ១.អង្គការ​សមាគម​​អភិរក្ស​សត្វព្រៃ (WCS) នៅដែនជម្រកសត្វព្រៃ «កែវសីមា» ២.អង្គការអភិរក្ស​អន្ដរ​ជាតិ (CI) នៅដែន​ជម្រក​សត្វព្រៃ«ព្រៃឡង់» និង ៣.អង្គការសម្ព័ន្ធសត្វព្រៃ (WA) នៅ​ឧទ្យាន​ជាតិជួរ​ភ្នំ​​​​ក្រវ៉ាញ​ខាង​ត្បូង និងដែនជម្រកសត្វព្រៃតាតៃ ដើម្បីកៀរគរធនធាន​ថវិកា និង​បច្ចេកទេស សម្រាប់​ពង្រឹង​ការ​ការ​ពារ និងអភិរក្សធនធានធម្មជាតិ និងលើក​ស្ទួយ​ជីវភាពសហគមន៍មូលដ្ឋាន។
  • រៀបចំវេទិកាថ្នាក់ក្រោមជាតិស្តីពី ​«ការការពារនិងអភិរក្សធនធានធម្មជាតិ» រវាងរាជរដ្ឋា​ភិបាល និង គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការដៃគូ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ​គ្រប់គ្រងធនធាន​ធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន ព្រមទាំង​បានរៀបចំ​កិច្ចប្រជុំទូលាយ​សម្រាប់​ដោះស្រាយ​បញ្ហាប្រឈមនានា ដើម្បីកាត់បន្ថយ​ការលើកយក​បញ្ហាបរិស្ថានជារបៀបវារៈ​នយោបាយ និងបង្កើន​ប្រសិទ្ធភាព​ការគ្រប់គ្រងតំបន់ឆ្នេរ​សមុទ្រ តំបន់ព្រៃឡង់ និងតំបន់​ការពារ​ធម្មជាតិ​ភូមិភាគឦសាន។
  • បានធ្វើបច្ចុប្បន្នភាពសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៥២ និងកំពុងបន្ត​នីតិវិធី​បង្កើត​សហគមន៍​​​តំបន់​ការពារធម្មជាតិថ្មី​​ចំនួន ១៧បន្ថែមទៀត​។
  • ​បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ លក្ខន្តិកៈ និងយន្ដការសម្រប​សម្រួល​​សហ​គមន៍ ដើម្បី​​ចងក្រង​សហគមន៍​តំបន់ការពារ​ធម្មជាតិ​ឱ្យ​មាន​រចនាសម្ព័ន្ធគ្រប់គ្រង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោមជាតិ។
  • បាន​បណ្ដុះ​បណ្ដាលសមាជិកសហគមន៍តំបន់ការពារធម្មជាតិ​លើ​ផ្នែ​កកសិកម្ម ​​ចិញ្ចឹម​សត្វ សេវាកម្ម​​ទេសចរណ៍​ធម្មជាតិ ព្រមទាំងបានផ្តល់គ្រាប់ពូជបន្លែ ​ពូជសត្វ សម្ភារៈចិញ្ចឹម​សត្វ ​សម្ភារៈ​​ផ្ដល់​សេវា​​កម្ម​ទេសចរណ៍​ធម្មជាតិ ផ្ទាំងកញ្ចក់ពន្លឺព្រះអាទិត្យ ប្រព័ន្ធនិងអាងស្តុកទឹក​សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ល។ ​ដើម្បី​លើក​កម្ពស់​​​​ជីវភាព​សហគមន៍តំបន់ការពារ​ធម្មជាតិ។
  • បានផ្តល់គ្រាប់ពូជឈើដល់សហគមន៍ ដើម្បីបង្កើតថ្នាលបណ្តុះកូនឈើ និងដាំ​កូនឈើ​​ព្រៃ​ចំនួន ៥សែនដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និង​ទី​សាធារណៈនានា។
  • បានបំពេញនិតិវិធី​ច្បាប់ និងពង្រឹងការគ្រប់គ្រងគម្រោងវិនិយោគ​អភិវឌ្ឍ​ន៍​ទេសចរ​ណ៍​​ធម្ម​ជាតិ និង​សហគមន៍​ទេសចរណ៍ធម្មជាតិ ចំនួន៣០ទីតាំង។
  • បាន​ធ្វើបច្ចុប្បន្នភាពតំបន់មានសក្កានុពលទេសចរណ៍ធម្មជាតិចំនួន ៩៧​ កន្លែង និងកំពុង​​រៀបចំ​បង្កើត​របៀងទេសចរណ៍​ធម្មជាតិ​តំបន់ការពារធម្មជាតិ​។
  • បាននិងកំពុងសិក្សាប្រមូលទិន្នន័យទីតាំង​ប្រាសាទ និង​បុរាណស្ថានចំនួន ៦៥កន្លែង​ ក្នុងតំបន់​ការពារធម្មជាតិ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី​ចងក្រ​ង​​​សៀវភៅ​ «បញ្ជី​សារពើភណ្ឌនៃប្រាសាទបុរាណនិងបុរាណស្ថាន ឆ្នាំ២០១៩»។

៤.  ការអភិវឌ្ឍដោយចីរភាព៖ ដើម្បីធានាការអភិវឌ្ឍ ដែលមានតុល្យភាពរវាងបរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាននិងកំពុងផ្តោត​​ការ​យក​ចិត្តទុកដាក់​លើ​ការងារ ជាអាទិភាព​ដូចខាងក្រោម៖

  • ពង្រឹងសមត្ថភាពស្ថាប័នរបស់​ក្រុមប្រឹក្សាជាតិ តាមរយៈការរៀបចំ និងដំណើរការនូ​វអ​ង្គ​ភាព​​ចំណុះ​​អន្តរក្រសួង ក៏ដូចជារចនាសម្ព័ន្ធគ្រប់គ្រង​ការអភិវឌ្ឍដោយចីរភាពនៅថ្នាក់​ក្រោម​ជាតិ។
  • បន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ ផែនការសកម្មភាពឆ្លើយតបនឹង​ការប្រែប្រួលអាកាសធាតុតាមវិស័យ​របស់​ក្រសួង ស្ថាប័ន ចំនួន១៤ និងថ្នាក់ក្រោមជាតិ​ ដោយខិតខំ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ​ពី​ប្រភព​ក្នុង​ស្រុក និងអន្តរជាតិ។
  • សិក្សាវាយតម្លៃអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសេដ្ឋកិច្ចជាតិ នា​ពេល​​​អនាគត និងផ្តល់អនុសាសន៍សំខាន់ៗទាក់ទងនឹងវិធានការឆ្លើយតប។
  • សម្របសម្រួលការអនុម័តផែនការយុទ្ធសាស្ត្រទីក្រុងបៃតង សម្រាប់រាជធានីភ្នំពេញ ឆ្នាំ​២០១៦​-២០២៥ និងបន្តគាំទ្រកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតង ដោយផ្តោតលើ​ទីក្រុង​រដ្ឋបាល​​ចំនួន​៧ ជាជំហានដំបូង។
  • ផ្តល់ធាតុចូលពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតង ជាពិសេសការឆ្លើយតបនឹងការប្រែប្រួល​អាកាសធាតុ សម្រាប់​ឯកសារផែនការជាតិបន្តវេននៅដំណាក់កាលបន្តបន្ទាប់ ជាអាទិ៍ យុទ្ធសាស្រ្ត​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍជាតិ២០១៩-២០២៣។
  • បន្តសម្របសម្រួល និងកៀរគរធនធាន ដើម្បីអនុវត្តយុទ្ធសាស្ត្រ និងផែនការជាតិនានា ពាក់ព័ន្ធ​នឹង​ជីវៈចម្រុះ។
  • ជំរុញការអនុវត្តយុទ្ធសាស្ត្ររេដបូក (REDD+) ជាតិ ដើម្បី​កៀរគរធនធាន​សម្រាប់​លើក​កម្ពស់​​កិច្ច​ការពារព្រៃឈើ និងជីវភាពសហគមន៍។
  • រៀបចំគោលនយោបាយស្តីពី «ការទូទាត់ថ្លៃសេវាកម្ម​ប្រព័ន្ធ​អេកូ​ឡូស៊ី» ដោយផ្តោត​លើ​ធនធាន​ទឹក​ជា​ជំហានដំបូង និងតាមរយៈការអនុវត្តគម្រោងសាក​ល្បងនៅប្រភពទឹក​សំខាន់ៗ​មួយចំនួន
  • រៀបចំកម្មវិធីស្រាវជ្រាវថ្នាក់ជាតិដោយផ្តល់អាទិភាពលើប្រធានបទសំខាន់ៗ សម្រាប់គាំទ្រ​ការ​រៀបចំ​​​​គោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិ។
  • បន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី និងកម្ពុជា-ចិន ក្នុងការប្រើប្រាស់​បច្ចេកវិទ្យា​នុយ​ក្លេរអ៊ែរ​សម្រាប់​បម្រើឱ្យគោលបំណងសន្តិភាព ដោយផ្តល់អាទិភាព​លើ​ការ​កសាង​ធនធាន​មនុស្ស​​ជាជំហានដំបូង។
  • បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺ​ព្រះអាទិត្យ និង​បច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ដើម្បីគាំទ្រដល់សន្តិសុខថាមពលជាតិ​ ក៏ដូចជា​បង្កើន​អត្រា​ផ្គត់​ផ្គង់​អគ្គិសនីពីប្រភពថាមពលកកើតឡើងវិញ។
  • សម្របសម្រួលការអនុវត្តគម្រោងឥណទានកាបូនរួមគ្នាជាមួយភាគីជប៉ុន ក្នុងការតម្លើង​​អំពូលបំភ្លឺ​ផ្លូវ​ LED នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
  • ជំរុញការអប់រំ និងការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតង ការប្រែប្រួល​អាកាសធាតុ និងការអភិរក្សជីវៈចម្រុះ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយផ្តល់​អាទិភាព​ដល់​ការ​បង្កើតសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិមួយនៅរាជធានីភ្នំពេញ។

៥. ការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន៖ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ​ និងការអភិវឌ្ឍដោយចីរភាព ក្រសួង​បរិស្ថានបានយកចិត្តទុកដាក់លើការងារជាអាទិភាពដូចខាងក្រោម៖

  • បានសហការ​ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ​​ក្នុង​ការបញ្ចូល​ការអប់រំ​បរិស្ថាន​ទៅក្នុង​កម្មវិធី​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​គ្រប់កម្រិត អំពីសុខភាព​បរិស្ថាន ការគ្រប់គ្រង​សំណល់ ជីវៈសុវត្ថិ​ភាព ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព។
  • បានរៀបចំ និងជំរុញការអនុវត្ត​គោលការណ៍ណែនាំ​ជាតិ​ស្តីពី​សាលាមេត្រី​បរិស្ថាន​នៅ​តាម​​សាលា​រៀន​​ចំណេះទូទៅ​។
  • បាន​​រៀបចំកម្មវិធី និងព្រឹត្តិការណ៍បរិស្ថានជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងជា​សាធារណៈ​អំពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។
  • បានរៀបចំ​វគ្គបណ្តុះបណ្តាល​​កសាង​សមត្ថភាព​គ្រូបង្គោលអប់រំ​បរិស្ថាន ក្រុមអ្នក​និពន្ធ​​​​សៀវភៅ​សិក្សា​គោល​​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា និងជន​បង្គោល​​ព័ត៌មាន​បរិស្ថាន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោមជាតិ។
  • បានធ្វើប្រតិភូកម្ម​មុខងារ​អប់រំ​និងផ្សព្វផ្សាយ​ព័ត៌មាន​​បរិស្ថាន ​ជូនរដ្ឋបាល​រាជធានី ​ខេត្ត​ ទាំង​២៥ ដើម្បី​បង្កើនការងារអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន​ឱ្យបាន​ទូលំទូលាយ។
  • បានសហការជាមួយ​អង្គការជាតិ អន្តរជាតិ​ និងវិស័យឯកជន​ ក្នុងការរៀបចំ​ព្រឹត្តិការណ៍​បរិស្ថាន​ និងបានជ្រើសរើស​សាលាមេត្រី​បរិស្ថាន​ឆ្នើម​ចំនួន​២ ដើម្បីទទួលពាន​រង្វាន់​​សាលា​មេត្រី​បរិស្ថាន​​អាស៊ាន។
  • បាននិងកំពុងរៀបចំផែនទីប្រព័ន្ធអេកូឡូស៊ីចម្រុះ ដោយប្រមូលនិងចងងក្រងនូវទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្របរិស្ថាន ដើម្បីកសាងប្រព័ន្ធគាំទ្រសេចក្តី​សម្រេច​ចិត្ត សំដៅជួយ​សម្រួល​​ដល់​ការ​ប្រើ​ប្រាស់​ដីប្រកបដោយចីរភាព។
  • បានសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ក្នុងការប្រមូលទិន្នន័យ និង​ព័ត៌មាន​បរិស្ថាន ដើម្បីរៀបចំ​របាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិ។
  • បានរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រ​វិស័យបរិស្ថាន​។

សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការ​បំពេញ​​តួនាទី និង​​ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់លើកិច្ចការដ៏មាន​សារៈ​សំខាន់​នេះ។ សមិទ្ធផលទាំងនេះពិតជាមិនអាចសម្រេចបានដោយមិនមានការចូលរួម និងកិច្ចសហការ​​ពី​សំណាក់​ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព​​​​​ជុំវិញខេត្ត ដៃគូ​អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យ​ឯកជន និង​​ប្រជាសហគមន៍មូលដ្ឋាននោះឡើយ។​

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់!
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីគោរពរាប់អាន!

ក្នុងដំណើរការនៃសន្និបាតរយៈពេលបីថ្ងៃនេះ ក្រសួងបានរៀបចំសិក្ខាសាលា​បច្ចេក​ទេស​ចំនួន៦ ក្រោម ប្រធានបទខុសៗគ្នា ទៅតាមអង្គភាពនីមួយៗ​ចំណុះឱ្យក្រសួងបរិស្ថាន ដោយមានការដឹកនាំនិងសម្របសម្រួលពី​សំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកទទួលបន្ទុក។ សិក្ខាសាលា​ទាំង៦នេះនឹងប្រព្រឹត្តទៅនៅតាមទីកន្លែងរៀងៗខ្លួន ក្នុងពេលតែមួយ ក្នុងគោលបំណងពិនិត្យវាយតម្លៃ​របាយការណ៍​លទ្ធផលការងារតាមជំនាញរបស់ខ្លួន និងដើម្បីប្រមូលផ្តុំនូវគំនិត ទស្សនៈ មតិយោបល់ តាមរយៈការបើក​ឱ្យ​មាន​កិច្ចពិភាក្សា ផ្លាស់​ប្តូរ​ព័ត៌មាន ចំណេះដឹង មេរៀន និងបទពិសោធ រវាងអ្នកគូសវាសគោលនយោបាយ មន្រ្តី​ជំនាញ អ្នក​ស្រាវជ្រាវ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ដោយរំលេចឱ្យឃើញនូវវឌ្ឍនភាពការងាររយៈ​ពេល ៤ឆ្នាំ​កន្លងមក សម្រាប់ជាធាតុចូលនិងជាមូលដ្ឋានគ្រឹះតម្រង់ទិសដៅការងារអនុវត្តបន្តក្នុងឆ្នាំខាងមុខ។ ប្រធាន​បទ​​នៃសិក្ខាសាលាទាំង៦នោះ រួមមាន៖ ទី១. សិក្ខាសាលាស្តីពីកិច្ចគាំពារ​បរិស្ថាន ទី២. សិក្ខាសាលាស្តីពី​ការគ្រប់​គ្រងតំបន់ការពារធម្មជាតិ ទី៣. សិក្ខាសាលាស្តីពីការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព ទី៤. សិក្ខាសាលាស្តីពី​ការគ្រប់គ្រងចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និង​ទី៥. សិក្ខាសាលាស្តីពីការពង្រឹងអភិបាលកិច្ចល្អ និងទី៦. សិក្ខាសាលាស្តីពីការអភិរក្សតំបន់បេតិកភណ្ឌ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការលើកកម្ពស់​ជីវភាពសហគមន៍។

ដោយសន្និបាតឆ្នាំនេះ មានលក្ខណៈជាសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន៤ឆ្នាំ ក្នុងអាណត្តិ​រាជ​​រដ្ឋា​ភិបាល​​នីតិកាលទី៥នៃរដ្ឋសភា និងជាការត្រៀមលក្ខណៈបន្តនិរន្តរភាពដឹកនាំរបស់គណបក្សប្រជាជន​កម្ពុជា ខ្ញុំបាទសូមយកឱកាសនេះសម្តែងនូវសមានចិត្តគាំទ្រ និងសូមគាំទ្រលើកទឹកចិត្តឱ្យមានការចូលរួមកាន់​តែសកម្មថែមទៀតពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អញ្ជើញ​មកពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងការ​រួមចំណែកពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងចែក​រំលែក​បទពិសោធចំណេះដឹងឱ្យបានផុលផុស ​និងស៊ីជម្រៅលើការងារជំនាញនីមួយៗ ទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីឱ្យសិក្ខាសាលាបច្ចេកទេសទាំង៦នេះ ប្រព្រឹត្តទៅដោយភាពរលូន សម្រេច​បានលទ្ធផល​ជាផ្លែផ្កា និងជាឧត្តមប្រយោជន៍សម្រាប់ការប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត​​នីតិកាលទី៦ នៃរដ្ឋសភា។

មុននឹងបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ខ្ញុំបាទសូម​យកឱកាសនេះគោរព ថ្លែង​​អំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតចំពោះវត្តមាន​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​ លោកជំទាវ​ ​លោក​ លោក​​ស្រី​ ដែលបាន​ចំណាយពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ហើយខ្ញុំបាទក៏​សូម​ថ្លែង​អំណរគុណដល់គ្រប់​ក្រសួង​ ស្ថាប័ន​ រដ្ឋបាលថ្នាក់​ក្រោមជាតិ​ ដៃគូអភិវឌ្ឍន៍​ វិស័យឯកជន​ សហគមន៍​មូលដ្ឋាន​ និង​អ្នកពាក់ព័ន្ធទាំងអស់​ ដែលបានផ្តល់កិច្ចសហការ​យ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបុព្វហេតុ​បរិស្ថាន ពោលគឺកិច្ចសហការរួមគ្នា​ ដើម្បីកសាងសង្គមកម្ពុជាមួយ​ ប្រកបដោយ​បរិស្ថាន​ល្អស្អាត​ ស្រស់​បំព្រង​ សុខុមាលភាពសង្គម តុល្យ​ភាព​នៃប្រព័ន្ធអេកូឡូស៊ី​ និង​ការអភិវឌ្ឍ​​ដោយចីរភាព។​​

ជាទីបញ្ចប់​ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ខ្ញុំបាទសូមគោរព​ជូនពរ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​ សមាជិកា​ នៃ​អង្គពិធីទាំងមូល សូមប្រកបដោយ​ពុទ្ធពរទាំងបួនប្រការ សុខភាពល្អ ​សុភមង្គល​គ្រប់ក្រុមគ្រួសារ និងសម្រេចបានជោគជ័យ​គ្រប់ភារកិច្ច​ជូនជាតិ មាតុភូមិ និងប្រជាជនជាទីស្រឡាញ់នៃយើង។

ខ្ញុំបាទសូមគោរពអញ្ជើញ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តា​ថ្លែងសុន្ទរកថាគន្លឹះបើក «សន្និបាតបូក​សរុបលទ្ធផលការងារបរិស្ថាន​ឆ្នាំ២០១៧​ និងទិសដៅការងារ​ឆ្នាំ២០១៨»​ ដោយសេចក្តីអនុគ្រោះ​។

សូមអរគុណ!

Download (PDF, 328KB)