សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាមកពីជុំវិញពិភពលោក

នៅរសៀលថ្ងៃទី០១ ខែធ្នូ ២០១៧នេះ បន្ទាប់ពីជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានាមកពីជុំវិញពិភពលោក នៅមហាវិមានប្រជាជនក្រុងប៉េកាំង។ នៅក្នុងកិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំមកពីគណបក្សជាង២០០ និងអង្គការនយោបាយនៅក្នុងបណ្តា ប្រទេស ជាង១២០ នៅជុំវិញពិភពលោក ។

នៅក្នុងពិធីបើកកិច្ចសន្ទនាកំពូលកាលពីល្ងាចមិញនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ថា ប្រជាជាតិទាំងអស់នៅលើពិភពលោក ត្រូវតែផ្តល់នូវសុខសន្តិភាពនិងផ្សាភ្ជាប់គ្នា ហើយផ្តល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ប្រទេសអ្នមាន ប្រទេសក្រ ពោលគឺរស់នៅ លើពិភពលោកតែមួយហើយមានឱកាសរួមគ្នា ដើម្បីធ្វើអោយជីវិតរស់នៅរបស់មនុស្សជាតិកាន់តែល្អប្រសើរ។ ការប្រជែងគ្នាដើម្បីអំណាច និងផលប្រយោជន៍សួនតួ គឺនាំមកនូវគ្រោះមហន្តរាយ។ អ្វីដែលកាន់តែមានសារៈសំខាន់បំផុតនោះគឺការចែករំលែកពីគ្នាទៅវិញទៅមកនូវសេចក្តីសុខ សេចក្ដីរីករាយ ដោយមិនយកគ្នាជាសត្រូវទោះបីយើងមានវប្បធម៍ អារ្យធម៍ខុសគ្នា គឺយើងជាគ្រួសារតែមួយ មានបំណងមូលដ្ឋានរួមតែមួយ ហើយរស់នៅលើផែនដីនេះតែមួយរួមគ្នា។ លោកប្រធានាធិបតីចិនបញ្ជាក់ផងដែរថា ចិនមិនតម្រូវអោយប្រទេសដទៃយកអ្វីពីចិនទៅអនុវត្តន៍តាមខ្លួនឡើយ ហើយប្រទេសដទៃក៏មិនត្រូវអោយយើងយកអ្វីពីប្រទេសនោះមកអោយយើងត្រូវតែធ្វើតាមដែរ។ ប៉ុន្តែយើងអាចចែករំលែកនូវបទពិសោធន៍ល្អៗអោយគ្នាទៅវិញទៅមកបាន ។ ជាពិសេស គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសចិន នឹងជួយតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាច្រើនក្នុងតំបន់ នឹងក្នុងពិភពលោកដែលនឹងជួយអោយជីវភាពរស់នៅរបស់មនុស្សជាតិកាន់តែប្រសើរឡើងមិនខាន។ លោកប្រធានាធិបតីចិនក៏បានបញ្ជាក់ផងដែរថា យើងត្រូវរួមគ្នាបំបាត់សង្រ្គាម បំបាត់ការជួញដូរមនុស្ស បំបាត់អំពើភេរវកម្ម ការពារសន្តិភាព ការពារស្រ្តីនិងកុមារដែលងាយរងគ្រោះ គឺយើងត្រូវខិតខំរួមគ្នាអោយពលរដ្ឋយើងចាកផុតពីភាពក្រីក្រ។

នៅក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់ ដែលប្រារព្វធ្វើឡើងពីថ្ងៃទី ២៩វិច្ឆិកា ដល់ថ្ងៃទី៣ធ្នូ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចសន្ទនាថ្នាក់ខ្ពស់ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍នៃ អនាគតរួម សម្រាប់មនុស្សជាតិនិងពិភពលោកស្រស់ស្អាត។ សូមភ្ជាប់នូវសុន្ទរកថាដើមទាំងស្រុងរបស់ សម្ដេចតេជោ ចំនួន០៤ទំព័រ។

បន្ទាប់ពីកិច្ចសន្ទនាកំពូលត្រូវបានបើកជាផ្លូវការរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយ លោក វ៉ាង ហូនីន សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យមជ្ឈឹមបក្សកុម្មុនីស្តចិន នៅក្នុងមហាវិមានប្រជាជនចិន។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ស្អែកនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ