ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រនានានៅតំបន់ទួលសង្កែ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា វត្តមានរបស់សម្តេចបានស្ថិតនៅជាប់គ្រប់ដំណាក់កាល នៃប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជា ៣០ឆ្នាំមកនេះ។ ក្នុងនោះពេលប្រទេសត្រូវរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ សម្តេចមានវត្តមាន នៅកងទ័ពជួរមុខ ដើម្បីជួបជាមួយកងទ័ពរំដោះជាតិ។

– ក្រោយរំដោះជាតិសម្តេចក៏មានវត្តមាននៅតាមតុចរចាដើម្បី ស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ បន្ទាប់មកទៀតគេក៏ឃើញវត្តមានសម្តេចនៅជំរុំកងទ័ព ខ្មែរក្រហមនៅតាមជាយដែន ដោយយកជីវិតធ្វើជាដើមទុន ដើម្បីយកកងទ័ពខ្មែរមករួមរស់ក្រោមដំបូល រាជរដ្ឋាភិបាល និងបញ្ចប់ភ្លើងសង្រ្គាម នៅកម្ពុជាទាំងស្រុង។ ក្រោយបញ្ចប់ភ្លើងសង្រ្គាម គេក៏ឃើញវត្តមានរបស់ សម្តេចនៅតាមវាលស្រែ ប្រឡាយទឹក​ ដើម្បីជំរុញវិស័យកសិកម្មរបស់កម្ពុជា ហើយនៅពេលបច្ចុប្បន្នគេក៏ឃើញវត្តមានរបស់សម្តេចនៅតាមរោងចក្រនានា ដើម្បីជំរុញវិស័យឧស្សាហកម្ម និងបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការដំឡើងប្រាក់ឈ្នួលអប្បបរិមារហូតដល់១៧០ដុល្លារនៅក្នុងឆ្នាំ២០១៨ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការឧបត្ថម្ភប្រាក់បន្ថែម ៥ដុល្លារសម្រាប់ប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០១៨ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ ដោយសារពន្យារការយកពន្ធកាន់ទុក និងការមិនយកប្រាក់កម្រៃលើការនាំចេញ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ទួលសង្កែក្នុងពេលកម្ពុជាជួបសង្រ្គាម តំបន់នេះគ្រាន់តែជាកន្លែងស្តុកគ្រាប់ ដើម្បីវាយប្រហារគ្នាតែប៉ុណ្ណោះ មិនមានរោងចក្រនោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ទម្រាំនាំកម្ពុជា មកដល់ស្ថានភាពដូចពេលបច្ចុប្បន្ននេះ។

– សម្តេចតេជោ ហ៊ុន សែន សមិទ្ធផលលើវិស័យការងារ ក៏ដូចជាភាពរីកចម្រើនរបស់ប្រទេសជាតិ មិនមែនបានមកពីការស្រែករបស់បក្សប្រឆាំងនោះទេ តែវាបានមកពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា និងជាការខិតខំប្រឹងប្រែងផ្ទាល់របស់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី។ ជាពិសេសរាជរដ្ឋាភិបាលតែងបានប្រឹងប្រែងទទូច និងសុំឲ្យបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន ហៅការជំរុញឲ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួលរបស់បក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ គឺជាការ «រុញឲ្យខ្លោច រោចឲ្យឆៅ» និងធ្វើឲ្យរោងចក្រនៅកម្ពុជាដួលរំលំ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា មិនអនុញ្ញាតឲ្យជនក្បត់ជាតិស្តាប់បង្គាប់បរទេសមកបំផ្លាញប្រទេសកម្ពុជានោះទេ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា មិនអនុញ្ញាតឲ្យជនក្បត់ជាតិស្តាប់បង្គាប់បរទេសមកបំផ្លាញប្រទេសកម្ពុជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានព្យាយាមប្រើប្រាស់កម្មករ ដើម្បីសម្រេចបដិវត្តន៍ពណ៌របស់ពួកគេ តែបំណងរបស់ពួកគេត្រូវបរាជ័យ ព្រោះបានរកឃើញ និងបង្រ្កាបបានទាន់ពេលវេលា។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅពេលគណបក្សសង្រ្គោះជាតិរំលាយ សម្តេចស្វាគមន៍ចំពោះតំណាងរាស្រ្ត ក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលផ្តាច់ខ្លួនចេញពីបក្ស ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តំណែងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងចៅសង្កាត់ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ គណបក្សសង្រ្គោះជាតិ នឹងរក្សានៅដដែលពេលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានហៅការផ្តល់ឱកាសនេះ គឺជាការអនុគ្រោះសម្រាប់សមាជិកគណបក្សសង្រ្គោះជាតិ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់អ្នកដែល មិនដឹងរឿង។ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធានាចំពោះការរក្សាតំណែងសម្រាប់អ្នកមករួមរស់។

– សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបការអនុវត្តន៍គោលការណ៍នេះ ប្រៀបដូចជាការអនុវត្តន៍នយោបាយឈ្នះឈ្នះ របស់សម្តេចជាមួយកងទ័ពខ្មែរក្រហមផងដែរ ព្រោះជើងក្រោមមិនបានប្រព្រឹត្តខុសនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំលាយគណបក្សនយោបាយដែលល្មើសច្បាប់មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺមានប្រទេសជាច្រើនបានអនុវត្តន៍បែបនេះចំពោះគណបក្សនយោបាយដែលធ្វើខុស។ សម្តេចបានលើកជាឧទាហរណ៍នៅក្នុងប្រទេសថៃ គណបក្សនយោបាយត្រូវបានរំលាយរហូតដល់ទៅពីរដង។

– សម្តេចតេជោ ហ៊ុន សែន បានហៅបាតុកម្មរបស់គណបក្សសង្រ្គោះជាតិក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺជារូបភាពនៃការធ្វើចលនាបះបោរបដិវត្តន៍ យ៉ាងពិតប្រាកដ។ សម្តេចតេជោថា ប្រសិនបើត្រឹមគោលបំណងទាមទារប្រាក់ឈ្នួលជូនកម្មករ គ្មានហេតុផលនាំបាតុករធ្វើបាតុកម្មម៉ោង ២រំលងអាធ្រាត្រនោះទេ។ សម្តេចបានគូសបញ្ជាក់ថា ប្រសិនបើគ្មានការទប់ស្កាត់ឲ្យជាប់នាពេលនោះទេ រហូតមកដល់ពេលនេះប្រហែលជាកម្មករ កម្មការិនី មិនអាចអង្គុយធ្វើការងារបាននោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រោងចក្រទាំងអស់ ដែលបានទទួលយកសំណើរបស់សម្តេចអនុញ្ញាតកម្មការិនី មានផ្ទៃពោះចេញពីធ្វើការបានមុនម៉ោងយ៉ាងតិច ១៥នាទី។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានប្រឹងប្រែងខ្លាំងណាស់ដោះស្រាយបញ្ហា ដើម្បីវឌ្ឍនភាពការងារ និងជួយឲ្យកម្មករ កម្មការិនីមានប្រាក់ឈ្នួលកាន់តែខ្ពស់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកកម្មករ កម្មការិនីថា បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យគ្រប់តួអង្គទាំងអស់ ដើម្បីការអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព បើគ្មានការចូលរួមទេមិនអាចធ្វើទៅបាននោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីអារម្មណ៍អាណោចអាធ័មចំពោះការនិរាស្រ្តព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងពេលប្រទេសជួបវិបត្តិសង្រ្គាម។ សម្តេចតេជោថា ប្រវត្តិសាស្រ្តបានបង្រៀនឆ្អែតឆ្អន់ហើយ ដែលត្រូវរួមគ្នាការពារឲ្យបាននូវសុខសន្តិភាព និងទប់ស្កាត់ភ្លើងសង្រ្គាម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាក់បៀវត្សរ៍នាពេលបច្ចុប្បន្នសម្រាប់កម្មករ កម្មការិនី មិនទាន់គ្រប់គ្រាន់ទេ ដែលទាមទារឲ្យមានការប្រឹងប្រែងរួមគ្នាទៀត ដើម្បីប្រាក់ឈ្នួលកាន់តែខ្ពស់ថែមទៀត។ សម្តេចបានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនេះនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ។

– ជាមួយការដំឡើងប្រាក់ឈ្នួលកាន់តែខ្ពស់ សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឲ្យកម្មករ កម្មការិនី ប្រឹងប្រែងបង្កើនសមត្ថភាព ពង្រីកចំណេះដឹងចំណេះធ្វើ ដើម្បីជំរុញការផលិតបានកាន់តែខ្ពស់ បានប្រាក់ឈ្នួលកាន់តែច្រើន។

– សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ម្ចាស់ផ្ទះជួលទាំងអស់ ដែលនឹងមិនដំឡើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ២០១៨ ដើម្បីឲ្យកម្មករ កម្មការិនី បានសល់ប្រាក់ឈ្នួលដែលរាជរដ្ឋាភិបាលដំឡើង។

– សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញពីការផ្តល់អត្ថប្រយោជន៍នានាសម្រាប់កម្មករ កម្មការិនីផងដែរ។ មានដូចជាអនុញ្ញាតឲ្យជិះរថយន្តក្រុង របស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ, ទទួលបានការចំណាយទាំងស្រុងពីថៅរោងចក្រ សហគ្រាសលើសេវាគាំទ្រសុខភាពប្រចាំខែ, ទទួលបានការពិនិត្យ និងព្យាបាលជំងឺតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ, កម្មការិនីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលសម្រាប់សម្រាលកូន១ ទទួលបាន ៤០ម៉ឺនរៀល សម្រាលកូនភ្លោះ២ ទទួលបាន ៨០រៀល ហើយសម្រាកបានកូនភ្លោះ៣ ទទួលបាន ១លាន ២០ម៉ឺនរៀល។ លើសពីនោះទៀតចាប់ពីឆ្នាំ២០១៩ទៅ អាចទទួលបានប្រាក់សោធននិវត្តន៍ដូចជាមន្រ្តីរាជការផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនអនុញ្ញាតឲ្យសុខសន្តិភាពដែលសម្តេចប្រឹងប្រែងរកមកបានដោយ លំបាកត្រូវបំផ្លាញដោយ ក្រុមជនក្បត់ជាតិនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង៩៖៣៤នាទី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...