ឯកឧត្ដមបណ្ឌិត រដ្ឋមន្រ្ដីការបរទេស ​សិង្ហបុរី នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅ​រកម្ពុជា ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២១០៧

នាយកដ្ឋានព័ត៌មាន

សេចក្តីជូនព័ត៌មាន

តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០១៧ ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។

ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន នឹងចូលជួបសំដែងការគួរសមជា​មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជួបចរចាផ្លូវការជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងបន្តដោយពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ ។

ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៦៥ ប្រទេសទាំងពីរមានកិច្ចសហប្រតិ​បត្តិ​ការ​ល្អប្រសើរ ដូចដែលបានឃើញតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកំរិតខ្ពស់ និងកំណើនពាណិជ្ជកម្ម​ទៅវិញទៅមក ប្រចាំឆ្នាំ គួរឲ្យកត់សំគាល់។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបង្កើនការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។

រាជធានីភ្នំពេញ, ថ្ងៃទី    ខែតុលា ឆ្នាំ២០១៧

Download (PDF, 427KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ