ប្រសាសន៍​សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​កម្មករមក​ពី​រោង​ចក្រ​ចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជា ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងគោរពស្រឡាញ់ដ៏កក់ក្តៅរបស់បងប្អូនកម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បន្តថា ការគោរពស្រឡាញ់នេះ គឺជាការផ្តល់កម្លាំងចិត្តឲ្យសម្តេចប្រឹងប្រែងធ្វើការងារកាន់តែខ្លាំងទៀតជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ការបន្ថែមប្រាក់ ៥ដុល្លារ ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួល ១៧០ដុល្លារនាឆ្នាំ២០១៨នេះ ធ្វើឲ្យរាជរដ្ឋាភិបាត់បាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការពន្យារយកពន្ធកាន់ទុកលើប្រាក់ចំណេញរហូតដល់ឆ្នាំ២០២២ និងការមិនយកប្រាក់កម្រៃលើសេវាកាំកុងត្រូល។

– សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់បងប្អូនកម្មករ កម្មការិនី គឺជាកម្លាំងចិត្តឲ្យសម្តេចបន្តចុះជួបបងប្អូនកម្មករ កម្មការិនីនៅគ្រប់កន្លែងទាំងអស់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលទទួលបាននេះ មិនមែនកើតចេញពីការសន្យាពេលបោះឆ្នោតឲ្យរួចតែពីមាត់ ដើម្បីបានការគាំទ្រដោយ មិនមានការគិតគូរឲ្យបានច្បាស់លាស់នោះទេ។ សម្តេចតេជោ បានថ្លែងថា មានមេដឹកនាំប្រទេសជាច្រើនបានសន្យាផ្តល់នេះផ្តល់នោះនៅអំឡុងពេលបោះឆ្នោត តែពេលជាប់ឆ្នោតហើយបែរជាធ្វើមិនបាន។

– សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា សម្រាប់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា គឺមានការគិតគូរម៉ត់ចត់ និងល្អិតល្អន់ ព្រមទាំងដាក់ចេញ គោលនយោបាយច្បាស់លាស់ មិនមែនចេះតែសន្យានោះឡើយ។

– សម្តេចតេជោបន្តថា សង្រ្គាមមិនត្រឹមតែបន្ទុចបង្អាក់ការអភិវឌ្ឍរបស់កម្ពុជានោះទេ ហើយក៏បានបំផ្លាញកម្ពុជាផងដែរ ហើយក៏គ្មានអ្នកវិនិយោគមកវិនិយោគនៅប្រទេសមានសង្រ្គាមនោះដែរ។

– សម្តេចតេជោ បន្តថា ការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ជារឿងចាំបាច់បំផុត។ សម្តេចនាយករដ្ឋមន្រ្តីថា មុននិយាយដល់សិទ្ធិដទៃទៀត គឺត្រូវនិយាយពីសិទ្ធិរស់រៀនមានជីវិត ដូច្នេះការផ្តួលរំលំរបបប៉ុលពត គឺជារឿងសំខាន់សម្រាប់ការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាម៉ាស់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិបានទទួលអាសនៈរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅអង្គការសហប្រជាជាតិក្នុងចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១។ សម្តេចនាយករដ្ឋមន្រ្តីថា ការទទួលស្គាល់នេះ គឺជាការចំអកឲ្យលទ្ធិប្រជាធិបតេយ្យ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំសង្ឃឹមរឿងកោះប្រជុំក្រុមប្រឹក្សាកិច្ចចរចាទីក្រុង ប៉ារីស​នោះ ព្រោះគ្រប់ភាគីទាំងអស់បានរលាយអស់ទៅហើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែង នៅពេលអស់បក្សប្រឆាំងមួយ នៅមានបក្សប្រឆាំង​៥​ទៀត​ ដែលនឹងកើតឡើងនាពេលឆាប់ៗនេះ។ សម្តេចតេជោ បានថ្លែងថា កម្ពុជា គឺជាឋាន​សួគ៌​លោ​កិយ​របស់គណបក្សនយោបាយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចរបស់កម្ពុជា មិនអាចពឹងផ្អែកតែលើវិស័យកសិកម្មតែមួយមុខ ដូចការកំណត់របស់ ប៉ុល ពត នោះទេ។ សម្តេចតេជោបន្តថា ដើម្បីអភិវឌ្ឍន៍ប្រទេស គឺត្រូវពឹងផ្អែកលើវិស័យដទៃជាច្រើនទៀត ដូចជាឧស្សាហកម្ម និងសេវា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅអំឡុងឆ្នាំ១៩៩៧ កម្ពុជា មានរោងចក្រប្រមាណ​តែ​៦៤ និងកម្មករ កម្មការិនី ជាង ៨ម៉ឺននាក់ ប៉ុន្តែបច្ចុប្បន្នមានជាង ១ពាន់រោងចក្រ និងមានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។

– សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត និងមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ គ្មានបាតដៃបក្សប្រឆាំងឡើយ។ ហើយមានតែការបន្ទុចបង្អាក់ទៅវិញ តាមរយៈការអំពាវនាវមិនឲ្យអ្នកបរទេសមកវិនិយោគមករកស៊ីនៅកម្ពុជា។ សម្តេចបានបន្ថែមថា ការសុំដំឡើងប្រាក់ឈ្នួល ឲ្យកម្មករ កម្មការិនី ពីសំណាក់បក្សប្រឆាំងគ្រាន់តែជាការដុតឲ្យខ្លោច រោចឲ្យឆៅតែប៉ុណ្ណោះ។

– សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងប្រតិកម្មជាមួយគណបក្សប្រឆាំងផងដែរ ដែលបានថ្លែងរិះគន់ថា សម្តេចដឹកនាំយូរៗទៅឲ្យពលរដ្ឋធ្វើតែជាបម្រើការងារឲ្យគេ។ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា លើពិភពលោកនេះ គ្មានប្រទេសណាដែលមានប្រជាពលរដ្ឋសុទ្ធជាសេដ្ឋីទាំងអស់ ឬ ថៅកែទាំងអស់នោះឡើយ។

– សម្តេចតេជោ បានថ្លែងថា សូម្បីតែប្រជាពលរដ្ឋអាមេរិក ក៏ត្រូវទៅស៊ីឈ្នួលធ្វើការឲ្យគេដែរ។ ដល់ចំណុចនេះសម្តេចតេជោ បានឲ្យដឹងថា មានជនជាតិអាមេរិក មួយចំនួនកំពុងបម្រើការងារឲ្យ ស្ថានីយទូរទស្សន៍បាយន្តរបស់លោកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់សម្តេច។

– សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នករិះគន់សម្តេចថា តើប្រទេសណា ដែលគ្មានប្រជាពលរដ្ឋស៊ីឈ្នួលបម្រើការងារឲ្យគេនោះ? សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា នៅលើពិភពលោកនេះ ក៏គ្មានប្រទេសណាដែលមានប្រជាពលរដ្ឋទៅធ្វើមន្រ្តីរាជការទាំងអស់នោះដែរ។ សម្តេចនាយករដ្ឋបានសួរទៀតថា បើប្រជាពលរដ្ឋគ្រប់គ្នាធ្វើជាមន្រ្តីរាជការ តើបាននរណាទៅធ្វើការងារលើវិស័យផ្សេងៗទៀត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងគ្រាប់បែកគីមីដែលអាវុធប្រល័យលោកបន្សល់ទុកពីអាមេរិក ត្រូវបានរកឃើញជាច្រើនកន្លែងទៀត រហូតដល់៩ទីតាំង នៅខេត្តស្វាយរៀង។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើការស្រាវជ្រាវទៅលើសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ព្រោះមានប្រជាពលរដ្ឋខ្មែរនៅតំបន់នោះរស់នៅជាមួយគ្រាប់បែកគីមីច្រើនឆ្នាំមកហើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍មន្រ្តីផ្នែកគីមីរបស់អាមេរិក ដែលបានចូលរួមធ្វើការបោសសំអាតគ្រាប់បែកគីមីនៅឯខេត្តស្វាយរៀង។

– តាមរយៈភាពសោកសៅពីអតីតកាលព្រោះការទម្លាក់គ្រាប់បែកអាមេរិកសម្លាប់ប្រជាពលរដ្ឋខ្មែ​រ​នោះ សម្តេចនាយករដ្ឋមន្រ្តី បានចោទសួរអាមេរិកថា តើសិទ្ធិមនុស្ស គឺជាការបាញ់សម្លាប់មនុស្សឬ? សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៀតថា ការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ចាត់ក្រុមបំផ្លាញសុខសន្តិភាពរបស់កម្ពុជា តើជារឿងខុសឆ្គងដែរឬ?

– សម្តេចតេជោ ហ៊ុន សែន បន្តថា ពេលអាមេរិកទម្លាក់គ្រាប់បែកសម្លាប់ខ្មែរ និងការពារបេក្ខភាពប៉ុលពតនៅអង្គការសហប្រជាជាតិ មានគិតដល់បញ្ហាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរដែរឬទេ? តើការសម្លាប់មនុស្ស គឺជាទង្វើបង្ហាញការគោរពសិទ្ធិមនុស្ស គោរពលទ្ធប្រជាធិបតេយ្យឬ?

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក្រោកឈរឡើង ដើម្បីការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង, ហើយសន្តិភាពនេះសម្រាប់ជាការអភិវឌ្ឍន៍របស់ប្រទេសយើង។

– សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងការងារគិតគូរពីរឿងសន្យាការងាររបស់កម្មករ កម្មការិនី ជាមួយរោងចក្រនានា ជាពិសេសគឺកិច្ចសន្យាការងាររយៈពេលខ្លី (៣ខែ)។

– ក្រៅពីការជិះរថយន្តក្រុងមិនអស់លុយ, សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កីឡាករ កីឡាការិនី ក៏នឹងទទួលបានសេវាថែទាំនិងពិនិត្យសុខភាពដោយមិនបាច់បង់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងសាទរចំពោះការចរចាគ្នាដោយឈរលើស្មារតីយោគយល់គ្នារវាងកម្មករ កម្មការិនី និងថៅកែរោងចក្រ ដើម្បីដោះស្រាយបញ្ហានានា ដែលបានកើតឡើងនាពេលកន្លងមក។ សម្តេចស្នើឲ្យរួមគ្នាធ្វើសុខដុមនីយកម្មក្នុងវិស័យការងារ ដើម្បីការរីកចម្រើនទាំងអស់គ្នា។

– សម្តេចតេជោ ហ៊ុន សែន ថា ការដំឡើងប្រាក់ឈ្នួលកម្មករមិនមែនឡើងត្រឹមឆ្នាំ២០១៨នោះទេ គឺឡើងជារៀងរាល់ឆ្នាំ ដូច្នេះត្រូវរួមគ្នារក្សាស្ថេរភាពការងារ។

– សម្តេចតេជោ ហ៊ុន សែន ថា សាមគ្គីគឺជាកម្លាំងសម្រាប់រោងចក្រមានដំណើរការនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តីថា បើរោងចក្រលែងដំណើរការកម្មករ កម្មការិនី ក៏លែងមានការងារធ្វើ និងលែងមានប្រាក់ឈ្នួលផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន កម្ពុជាជាប្រទេសឈរលំដាប់លេខ៤ បន្ទាប់ពីសិង្ហបុរី ម៉ាឡេស៊ី និងថៃ ដែលមានប្រាក់ឈ្នួលខ្ពស់។

– សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកពីការដកហូតមកវិញនូវផ្លូវវេងស្រេង ផ្លូវ២០០៤ ផ្លូវជាតិលេខ៤ ផ្លូវ និងស្ពានព្រែកព្នៅ ដែលជាការជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសគឺរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃ។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលកុំដំឡើងថ្លៃឈ្នួលផ្ទះ និងឈ្នួលបន្ទប់​។​ ជាពិសេសនៅក្នុងឆ្នាំ២០១៨ ដើម្បីធ្វើការតាមដានពីជីវភាពរបស់ប្រជាពលរដ្ឋ។

– ក្នុងជំនួបជាមួយកម្មករ កម្មការិនីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកពីការផ្តល់អត្ថប្រយោជន៍នានាជូនកម្មករ កម្មការិនីផងដែរ។ មានដូចជា ការជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយមិនបង់ប្រាក់រយៈពេលពីរឆ្នាំ, ចាប់ពីឆ្នាំ២០១៨ សេវាថែទាំសុខភាពត្រូវទទួលបន្ទុកដោយ ថៅកែរោងចក្រសហគ្រាស, ចាប់ពីឆ្នាំ២០១៩ កម្មករ កម្មការិនី ទទួលបានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ, កម្មការិនី មានផ្ទៃពោះអាចចេញពីធ្វើការមុនម៉ោងយ៉ាងតិច ១៥នាទី និងទទួលបានការឧបត្ថម្ភពេលឆ្លងទន្លេសម្រាប់អ្នកកូនមួយ ៤០ម៉ឺនរៀល កូនភ្លោះពីរ ៨០ម៉ឺនរៀល កូនភ្លោះបី បាន ១លាន ២សែនរៀល ជាពិសេសពេលសម្រាលត្រូវសម្រាករយៈពេល ៣ខែ ដោយទទួលប្រាក់ឈ្នួលក្នុងអត្រា ១២០ភាគរយ។ កម្មករ កម្មការិនី ក៏អាចទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋមិនគិតថ្លៃផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាការិនីដែលមានជំនាញពិតប្រាកដច្បាស់លាស់ ក៏ទទួលបានការឧបត្ថម្ភពេលឆ្លងទន្លេដូចកម្មការិនីផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស រៀបចំគិលានុបដ្ឋានសម្រាប់កម្មករ កម្មការិនី ដែលបច្ចុប្បន្ននៅសល់ប្រមាណតែ ១២ភាគរយទៀតប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់រោងចក្រ សហគ្រាសរៀបចំឲ្យមានកន្លែងស្រស់ស្រូបអាហារ និងទារកដ្ឋាន ដើម្បីធ្វើឲ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រ សហគ្រាស។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការពង្រីកការងារនៅក្នុងស្រុកហើយនោះ រាជរដ្ឋាភិបាល ក៏បានខិតខំពង្រីកការងារនៅក្រៅប្រទេសផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងប្រឹងប្រែង ជួយសម្របសម្រួលឲ្យពលរដ្ឋខ្មែរធ្វើការនៅក្រៅប្រទេស ដែលមិនទាន់ស្របច្បាប់ឲ្យក្លាយជាពលករស្របច្បាប់វិញ ហើយឲ្យទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចប្រជាពលរដ្ឋរបស់ប្រទេស​ទាំងនោះផងដែរ។

– ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បន្តលើកឡើងថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីយ៉ាងតិច១០ឆ្នាំទៀត ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋជាបន្តទៀត។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៥៣នាទីព្រឹកថ្ងៃដដែល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ