នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pornpetch Wichitcholchai ប្រធានសភាថៃ។
ឯកឧត្តម Pornpetch Wichitcholchai បានមានប្រសាសន៍ថា ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះគឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើអោយទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម Pornpetch Wichitcholchai បានបន្តថា នៅពេលនេះប្រទេសយើងទាំងពីរ កំពុងតែពង្រឹង និងពង្រីកនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃ គឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតរមួត ហើយធ្វើការទៅមករកគ្នាជាប្រចាំ រាល់កិច្ចប្រជុំទាំងឡាយ លើឆាកអន្តរជាតិ សភានៃប្រទេសទាំងពីរតែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំង ទំនាក់ទំនងទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយឯកឧត្តម Pornpetch Wichitcholchai អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ សម្តេចតេជោ មានមោទនភាព និងមានជំនឿជឿជាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការនឹងមានការរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា កន្លងមកនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវទំនាក់ទំនងសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំងពីជោគជ័យនៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរដែលកាលពីឆ្នាំ២០១៥ គឺទំហំពាណិជ្ជកម្មមានត្រឹមតែ៤,៣០០លានដុល្លារ តែប៉ុណ្ណោះ តែឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មបានកើនឡើងជាង៥,០០០លានដុល្លារ ។
ដោយឡែកទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសថៃក៏មានការកើនឡើងផងដែរ ហើយការរីកចម្រើនក៏បានឆ្លុះបញ្ចាំងអោយឃើញនូវការរៀបចំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះ ការទំនាក់ទំនងគ្នាទៅវិញទៅមក រវាងសភានៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាលក៏ដូច្នេះដែរ គឺមានការប្រាស្រ័យទាក់ទងគ្នា និងដោះស្រាយរាល់បញ្ហានានាបានល្អ។ សម្តេចតេជោ ក៏បានស្នើសុំអោយបន្តនូវអ្វីដែលបានធ្វើកន្លងមកនេះ ដែលជាផែនទីចង្អុលផ្លូវដូចមានចែងក្នុងផែនការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមគ្នាកាលពីពេលថ្មីៗកន្លងមកនេះផងដែរ៕