ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម មៀន រ៉ាហ្សា រ៉ាបានី (Mian Raza Rabbani) ប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរាបជូនដល់ ឯកឧត្តម មៀន រ៉ាហ្សា រ៉ាបានី (Mian Raza Rabbani) ថា ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប៉ាគីស្ថាន នៅមានកម្រិតនៅឡើយនោះ សម្តេចចង់អោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត ជាពិសេសទំហំពាណិជ្ជកម្ម ការវិនិយោគព្រមទាំងវិស័យផ្សេងៗទៀត។
ចំពោះទំនាក់ទំនងរវាងកម្ពុជា និងប៉ាគីស្ថាន នាពេលបច្ចុប្បន្នកំពុងធ្វើការជាមួយគ្នា ទាំងកំរិតទ្វេភាគីផង និងក្នុងក្របខណ្ឌអាស៊ានផង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពេលបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្ដេចតេជោ ហ៊ុន សែន និង ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រដល់សំណើររបស់ប្រទេសប៉ាគីស្ថាន ដែលមានបំណងចូលជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន ដោយសារអាស៊ានជាអង្គការតំបន់មួយដ៏សំខាន់។ ហើយនាពេលកន្លងមក ប្រទេសប៉ាគីស្ថានគឺជាដៃគូរបស់អាស៊ានលើវិស័យមួយចំនួនប៉ុណ្ណោះ។ ឯកឧត្ដមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រប្រទេសប៉ាគីស្ថានក្នុងកិច្ចការនេះ ហើយឯកឧត្ដម ក៏នឹងគាំទ្រដល់ការជម្រុញធ្វើយ៉ាងណាអោយទំនាក់ទំនងរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែប្រសើរផងដែរ។ ទន្ទឹមនេះឯកឧត្ដមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានគោរពអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ត្រី បានជំរាបថា នឹងព្យាយាមរកពេលវេលា ដើម្បីទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន តាមការអញ្ជើញនេះ។
ជាងនេះទៀត នៅក្នុងជំនួបពិភាក្សាការងារនេះភាគីទាំងពីរ ក៏បានពិភាក្សាគ្នាលើបញ្ហាសភាពការណ៍ក្នុងតំបន់ ជាពិសេសការប្រយុទ្ធប្រឆាំងភេរវកម្មនៅលើពិភពលោកផងដែរ។
សូមបញ្ជាក់ថា ក្នុងភាពជាដៃគូរកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកន្លងមក ប្រទេសប៉ាគីស្ថាន បានជួយបណ្ដុះបណ្ដាល កសាងសមត្ថភាពមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លើផ្នែកការទូត ហើយប៉ាគីស្ថានសង្ឃឹមថា នឹងបន្តការងារបណ្តុះបណ្តាលនេះតទៅទៀត។ ក្នុនន័យនេះ ឯកឧត្ដមប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប៉ាគីស្ថានមានសាលា និងសាកលវិទ្យាល័យជាច្រើន ដូច្នេះ ប៉ាគីស្ថានស្វាគមន៍និស្សិតកម្ពុជា ដែលមានបំណងចង់ទៅសិក្សានៅទីនោះតែម្តង៕